គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

2026/07/11 11:59:11 pm        208
សៀមរាប៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមបន្ថែមថា ការនាំយកការងារក្នុងស្រុកដ៏សម្បូរបែបមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង។ ការងារក្នុងស្រុកនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គឺជាជម្រើសដ៏ប្រសើរ សម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ដូចមន្រ្តីរាជការដែរ។ សម្រាប់ស្រ្តីមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ជាច្រើនរហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ ទោះសង្គមគេស៊ីវិល័យ ប៉ុន្តែប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង មិនអាចរស់នៅជួបជុំគ្រួសារ និងការចំណាយក៏ច្រើន។ម្យ៉ាងវិញទៀត ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរី ជាដើម។ ទន្ទឹមនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ភេសជ្ជៈ និងផ្នែកសាឡនជាដើម។ សម្រាប់បងប្អូនមានបណ្ណសមធម៌(ក្រ១ ក្រ២) គឺរៀនហើយថែមទាំងបានប្រាក់ឧបត្ថម្ភថែមទៀត។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវមហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ ដោយឥតគិតថ្លៃសម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.៕

ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ

2026/07/11 11:34:15 pm        224
ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់​ជូនអតីត​ពលករ​ត្រឡប់​មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​បានផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះ​សីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ២,៥៩៦​កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​​រក​ការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួល​បានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរក​លេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេស​បងប្អូន​អតីត​ពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួងការងារដដែល៕

ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

2026/07/11 11:29:22 pm        118
ភ្នំពេញ៖ រាជធានីភ្នំពេញមានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៦,៣៩៨​កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំង​នោះស្ថិតក្នុង​វិស័យ​ឧស្សាហ​កម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់​ទំនង ឈ្មោះ​រោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

2026/07/11 11:24:41 pm        108
ស្វាយរៀង៖ ខេត្តស្វាយរៀងមានឱកាសការងារប្រមាណជាង ២ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ២,២៩២​កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំង​នោះស្ថិត​ក្នុងវិស័យ​ឧស្សា​ហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត​ប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួងការងារដដែល៕

ត្មាតផេះជាប្រភេទសត្វស្លាបកម្របានវិលត្រឡប់មករស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃលំផាត់វិញបន្ទាប់ ពីអវត្តមានអស់រយៈពេលជិតមួយទសវត្សរ៍

2026/07/11 10:42:14 pm        120
ប្រភេទត្មាតផេះនេះត្រូវបានពិភពលោកចាត់ទុកថា ជាប្រភេទបក្សីកម្រជិតផុតពូជបំផុត ត្រូវបានកត់ត្រាថា មានវត្តមានឡើងវិញ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា កាលពីអំឡុងពេល ធ្វើជំរឿនសត្វត្មាតទូរទាំងប្រទេសដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ។ក្នុងអំឡុងពេលធ្វើជំរឿន អ្នកជំនាញបានកត់ត្រា ត្មាតផេះ ចំនួន ០២ក្បាល នេះបង្ហាញថា វត្តមានរបស់វា នៅតំបន់នេះកំពុងមានសញ្ញាកើនឡើងវិញ ហើយការអភិរក្សបានស្តារប្រភេទនេះឱ្យមានការរស់នៅក្នុងតំបន់តំបន់ការពារធម្មជាតិ។ នេះជាលើកដំបូងដែលប្រភេទបក្សី នេះបានបង្ហាញខ្លួនឡើងវិញក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីការបាត់ខ្លួនតាំងពីឆ្នាំ២០១៦។លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាលផងដែរ ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ដូចនេះ ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹម សម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន “សត្វត្មាតនៅក្នុងប្រទេសកម្ពុជា​គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានមានតួនាទីដ៏សំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ការវិលត្រឡប់របស់វាបន្ទាប់ពី ១០ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមាន សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ជាមួយគ្នានេះ វត្តមានត្មាតផេះ ជាថ្មីនៅក្នុងតំបន់ការពារធម្មជាតិ ភាគឦសាននៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់។ ក្រសួងបរិស្ថានក៏ដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា បន្តលើកទឹកចិត្ត ការចូលរួមបន្ថែមទៀត ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា"។ សូមបញ្ជាក់ថា លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាត(ត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ) សរុបចំនួន១៦៣ក្បាល នៅឆ្នាំ២០២៥។

អគ្គិភ័យឆេះក្នុងរោងចក្រផលិតចានស្នោរបានរលត់វិញហើយ ក្រោយសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា

2026/07/11 09:32:34 pm        510
ភ្នំពេញ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ មានអគ្គិភ័យបានឆាបឆេះកម្ទេចកម្ទីក្នុងរោងចក្រផលិតចានស្នោរ មួយកន្លែងនៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចេញរថយន្តជួយអន្តរាគមន៍បាញ់ទឹកពន្លត់រលត់ទៅវិញ ដោយមិនបានរាលដាលកាន់តែធំ និងប៉ះពាល់ដល់ផ្ទះពលរដ្ឋនោះទេ។សមត្ថកិច្ចខណ្ឌដង្កោបានឱ្យដឹងថា អគ្គិភ័យនេះ មិនបានឆាបឆេះរោងចក្រនោះទេ គឺឆេះគំនរកម្ទេចកម្ទីដែលសេសសល់កាលពីអគ្គិភ័យកន្លងទៅ។សូមជម្រាបថា រោងចក្រផលិតចានស្នោរនេះ បានឆាបឆេះម្ដងហើយ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ហើយមកដល់រសៀលថ្ងៃទី១១ ខែកក្ដដាឆ្នាំ២០២៦នេះ ក៏មានអគ្គិភ័យឆាបឆេះកម្ទេចកម្ទីជាថ្មីម្ដងទៀត តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ដោយមិនរាលដាល និងបណ្ដាលឱ្យនរណាម្នាក់គ្រោះថ្នាក់នោះទេ៕ អត្ថបទ ៖ តារាវុទ្ធី

សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃចំនួន១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿងពាក់ព័ន្ធបទល្មើស online Scam

2026/07/11 08:54:56 pm        296
ក្រុមប្រតិបត្តិការជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងចំនួន២ទីតាំង ក្នុងក្រុងប៉ោយប៉ែត ទៅលើជនបរទេសស្នាក់នៅប្រមូលផ្តុំ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ៖ ទីតាំងទី១. ដោយមានការចូលរួមសហការពីតំណាងម្ចាស់អគារ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រុមប្រតិបត្តិការជំនាញបានត្រួតពិនិត្យជាក់ស្តែង អគារភ្លោះមួយកន្លែង កម្ពស់២៩ជាន់ និង ១៣ជាន់ មានបន្ទប់សរុបចំនួន ៣៣៨បន្ទប់ (បន្ទប់ស្នាក់នៅ ចំនួន៣២៥បន្ទប់ -បន្ទប់ដាក់សម្ភារ: ចំនួន១៣ ) -រកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន២០នាក់ ស្រី៤នាក់ -រកពុំឃើញមានសម្ភារ:សង្ស័យ ពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា (online Scam)ទេ។-ជនជាតិខាងលើជំនាញអន្តោប្រវេសន៍ ណែនាំដល់តំណាងម្ចាស់ទីតាំងបានត្រឹមត្រូវ និងអនុញ្ញាតអោយជនជាតិបរទេសស្នាក់នៅបន្ត។ ក្រុមការងារមិនបានបិទទីតាំងនេះទេ។ទីតាំងទី២. ក្រុមប្រតិបត្តិការជំនាញបានចុះត្រួតពិនិត្យទីតាំងអគារ មានកម្ពស់១២ជាន់ មានចំនួន១៣២បន្ទប់ (ជាបន្ទប់ស្នាក់នៅ និងធ្វើការ) ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត -រកឃើញជនជាតិថៃចំនួន១៤នាក់ ស្រី០១នាក់ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំយកទៅសាកសួរនិងបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោលលេខ៩១១ -សម្ភរដកហូតកុំទ្យូទ័ (All in one )ចំនួន០១គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន១២៣គ្រឿង -កុំទ្យូទ័រឡេបថប ចំនួន០១គ្រឿង- អាយផេត ចំនួន០៣គ្រឿង - លុយបាតមានចំនួន ៥៥៩.៩៥០ (ហាសិបប្រាំមុឺនប្រាំបួនពាន់ប្រាំបួនរយហាសិប)បាត -លុយដុល្លារ ១៥.៨៥៦$ (មួយមុឺនប្រាំពាន់ប្រាំបីរយហាសិបប្រាំមួយ)ដុល្លារ ។-សម្ភារផ្ទាល់ខ្លួនរបស់ជនជាតិថៃ កម្លាំងជំនាញមិនបានដកហូត។ ក្រុមប្រតិបត្តិការជំនាញបានសម្រេចបិទបន្ទប់​ស្នាក់នៅ និងធ្វើការ​ចំនួន៤បន្ទប់។សម្ភារវត្ថុតាងដកហូត កម្លាំងជំនាញបានសម្រចប្រគល់ជូន ឯកឧត្ដម ឧត្តមសេនីយ៍ឯក សម វណ្ណរីរៈ អគ្គស្នងការរងនគរបាលជាតិ ដើម្បីរក្សាទុក និងធ្វើនីតិវិធីបន្ត៕ អត្ថបទ វង្ស សុភាព

កម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2026/07/11 08:41:41 pm        194
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ខួប ១ឆ្នាំ នៃការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ។លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានមានប្រសាសន៍ថា៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង ជាពេលវេលាដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អស់រយៈពេលមួយឆ្នាំក្រោយការចុះបញ្ជី ក្រុមការងារអតីតមន្ទីរឃុំឃាំង ១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរួមគ្នាសម្រេចការងារដូចខាងក្រោម៖ ទី១. ការសម្របសម្រួលនិងគ្រប់គ្រងទីតាំង។ ទី២. ការស្រាវជ្រាវ និងការអភិរក្ស។ ទី៣. ការងារអប់រំផ្សព្វផ្សាយ។ ទី៤. ការងារសហគមន៍និងការចងចាំ។ ទី៥.កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។ ដើម្បីចូលរួមជាមួយព្រឹត្តិការណ៍អបអរខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្រុមការងារបច្ចេកទេស បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយដែលបង្ហាញពីសមិទ្ធផល ការងាររបស់ទីតាំងទាំងបី (អតីតមន្ទីរឃុំឃាំង១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក)។ ពិព័រណ៍នេះ ផ្តោតសំខាន់លើ៖ ១.គុណតម្លៃនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា, ២.ការងារអភិរក្ស, ៣.ការងារអប់រំផ្សព្វផ្សាយ, ៤.ការងារទាក់ទងនឹងការចងចាំ និងទី៥.បង្ហាញពីកិច្ចសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការនានាដែលផ្តោតលើការអប់រំសន្តិភាព។ទន្ទឹមគ្នានោះដែរ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ពិតជាមានកិតិ្តយសមែនទែន ដែលបានចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ទីនេះ គឺជាកន្លែងចងចាំ និងការប្រមូលផ្តុំនូវឯកសារសម្រាប់កម្ពុជា។ ហើយមិនមែនត្រឹមតែជាកន្លែងចងចាំប៉ុណ្ណោះទេ ក៏ជាកន្លែងអប់រំ ការបណ្តុះបណ្តាលផ្សេងៗ សម្រាប់ប្រមូលផ្តុំឯកសារកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះការងារខាងលើនេះជាមួយប្រជាជនកម្ពុជា ក៏មានការគាំទ្រពីអង្គការយូណេស្កូ ដែលបានជួយទៅលើវិស័យនេះផងដែរ។ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការដាក់បញ្ចូល “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យទី៦ របស់បេតិកភណ្ឌពិភពលោក គឺ”ជាទីតាំងពាក់ព័ន្ធផ្ទាល់ ឬជាក់ស្តែងទៅនឹងព្រឹត្តិការណ៍ ឬទំនៀមទម្លាប់រស់នៅជាមួយគំនិត ឬជំនឿ ប្រកបដោយស្នាដៃសិល្បៈ និងអក្សរសាស្ត្រ ដែលមានភាពលេចធ្លោបំផុតក្នុងសកល”។ ការណ៍នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វែងរកយុត្តិធម៌ ការបង្រួបបង្រួមនិងការផ្សះផ្សាជាតិ និងសន្តិភាព ហើយក៏ជាគំរូសម្រាប់ពិភពលោកចំពោះការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ដើម្បីប្រែក្លាយពីប្រទេសដែលញាំញីដោយសារអំពើឧក្រិដ្ឋកម្ម និងសង្គ្រាម មកជាប្រទេសដែលពោរពេញដោយសុខសន្តិភាពនិងការអភិវឌ្ឍ។ ហើយខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិយើង ដោយ ហេតុផលថាក្នុងវេលាខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ របស់កម្ពុជា បានត្រូវទទួលស្គាល់ និងចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន៖ ១.ប្រាសាទព្រះវិហារ ចុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ២. តំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដែលជារតនវត្ថុនៃប្រជាជាតិកម្ពុជា និងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៣. “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ បណ្ណសារសារមន្ទីរទួលស្លែង ក៏បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ដែលជា កម្មវិធីមួយមានតម្លៃស្មើនឹងបេតិកភណ្ឌរូបី និងអរូបីរបស់អង្គការយូណេស្កូ។ជាចុងក្រោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណជាថ្មីចំពោះការិយាល័យអង្គការយូណេស្កូ នៅភ្នំពេញ គ្រប់បណ្តាប្រទេសសហប្រធាន និងសមាជិករបស់ ICC-Angkor/Sambo Prei Kuk ICC-Preah Vihear/Koh Ker ព្រមទាំងដៃគូសហការទាំងជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិរក្សបេតិកភណ្ឌពិភពលោកនៅកម្ពុជា ដែលកិច្ចសហការទាំងនេះបានជួយជំរុញ សន្ទុះការងារអភិរក្សរបស់កម្ពុជាផង និងបានបង្ហាញអំពីការរួបរួមកម្លាំងដើម្បីបុព្វហេតុវប្បធម៌ផង និងសូមសម្តែងនូវសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរមែងគាំទ្រ និងផ្តល់អនុសាសន៍ដ៏មានតម្លៃជាប់ជាប្រចាំ ក្នុងការបំពេញបេសកកម្មលើវិស័យវប្បធម៌ជូនជាតិមាតុភូមិ៕អត្ថបទ រដ្ឋា 

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងកុះករនៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ

2026/07/11 07:58:33 pm        169
ព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ បានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ពិព័រណ៍ «ពន្លកបៃតង» បន្តទទួលបានការទាក់ទាញ និងការចូលរួមយ៉ាងខ្លាំងក្លាចូលទស្សនា និងមកទទួលយកកូនឈើចម្រុះទៅដាំ ពីសំណាក់មន្ត្រីរាជការ សិស្ស-និស្សិត និងសាធារណជនទូទៅ យ៉ាងច្រើនកុះករ។កូនឈើចម្រុះរួមមាន ប្រភេទឈើប្រណីត (ដូចជា បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោត ចំនួណជាង ១លានដើម បានរៀបចំចែកចាយជាបន្តបន្ទាប់នៅក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាថ្មីទៀត ដើម្បីលើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយ អ្នកចូលរួមក្នុងថ្ងៃទី២នេះនៃពិព័រណ៍«ពន្លកបៃតង» ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការចូលរួម ក្នុងពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ជាសក្ខីភាពនៃកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់ក្រសួងបរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់បង្ហាញ កូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹម នៃស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតង របស់ប្រទេសកម្ពុជាយើង។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញផែនការស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំបណ្តុះ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បង្កើតឡើងចំនួន៥កន្លែងនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង និងធ្វើការចែកចាយកូនឈើសរុបចំនួន ៥លានដើម នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ នេះ។ ក្រៅពីការចែកកូនឈើ ព្រឹត្តិការណ៍ឆ្នាំនេះ ក៏មានការប្រកាសបើកយុទ្ធនាការដាំដើមត្នោត ១លានដើម ផងដែរ។ព្រឹត្តិការណ៍ទន្ទឹមគ្នាសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាស្តង់ពិព័រណ៍ របស់មន្ទីរបរិស្ថានទាំង ២៥ រាជធានី-ខេត្ត ស្តង់ពីព័រណ៍អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានរដ្ឋ និងឯកជន និងពិព័រណ៍ភូមិ១ផលិតផល១ ការដាក់តាំងបង្ហាញសម្ភារៈមេត្រីបរិស្ថាន និងទទួលយកកូនឈើដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៕

ភ្ញៀវជាតិ អន្តរជាតិ នាំគ្នាទស្សនាបូជនីយដ្ឋាននៃការចងចាំ ជំរុញការផ្សព្វផ្សាយសន្តិភាពពីកម្ពុជាទៅកាន់ពិភពលោក

2026/07/11 07:22:29 pm        139
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ គឺថ្ងៃខួប១ឆ្នាំគត់ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយតាមរយៈ ទិវាខួប១ឆ្នាំនៃការចុះបញ្ជីនេះ គឺបានរួមចំណែកខ្លាំងផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្ពុជា ពិសេសទស្សនា បូជនីយដ្ឋាននៃការចងចាំនេះ។បើតាមភ្ញៀវ ជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃនេះដែរថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺពិតជាបានរួមគ្នាចំណែកនៃការផ្សព្វផ្សាយដ៏មានសារសំខាន់បំផុតក្នុងស្មារតីចងចាំជាសកល នូវការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺចាប់របស់កម្ពុជា ហើយរំពឹងថា បូជនីយដ្ឋាចងចាំនៃកម្ពុជានេះ នឹងក្លាយជាទីតាំងដែលមជ្ឈមណ្ឌលអន្តជាតិទូទាំងពិភពលោក នាំគ្នាមកមើលដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ដឹងកាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល និងការប្តូរផ្តាច់ដ៏មុតម៉ាំ ក្នុងការប្រែក្លាយកម្ពុជា ពីទឹកដីវាលពិឃាដ មកជាទឹកដីនៃសន្តិភាព។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន។អំឡុងពេលចុះបញ្ជីនោះដែរ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី រួមមាន៖មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និង អតីតមន្ទីរឃុំឃាំង ម-១៣ នៅខេត្តកំពង់ស្ពឺ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំនិងការការពារសន្តិភាព។អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM