គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

អាស៊ាន-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យ STI

2026/07/11 06:57:02 pm        98
សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញា ចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបិទសន្និសីទ អ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ នៅល្ងាចថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០២៦ នេះថា ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មាន ឥទ្ធិពលបំផុតសម្រាប់កូនៗ, ដូច្នេះការផ្តល់ភាពអង់អាចដល់ស្ត្រី នឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គម ជាតិ។ នៅពេលដែលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមិន ត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ គឺយើងកំពុងផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗ ដែលមនុស្សជាតិកំពុងជួបប្រទះ។ជាក់ស្តែងសន្និសីទរយៈពេល៣ថ្ងៃនេះ មានវគ្គពិភាក្សាតាមប្រធានបទចំនួន ១០ និងវគ្គបង្ហាញគំនិតនវានុវត្តន៍ ដែលអ្នក វិទ្យាសាស្ត្រស្ត្រីចំនួន ៥៥ រូប បានប្រកួតប្រជែងដោយបង្ហាញដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិស័យសន្តិសុខស្បៀង ថាមពល ប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។ អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន និងឥណ្ឌា ទាំងនេះ ក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងភាពជាដៃគូរវាងស្ថាប័នផងដែរ។ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ចំពោះការរៀប ចំសន្និសីទនេះ ដោយបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ ឯកឧត្តម បន្ថែមថា សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និង ជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងឥណ្ឌា ហើយឥណ្ឌាក៏ត្រៀមលក្ខណៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ- ការបន្ត លើការកសាងសមត្ថភាព នវានុវត្តន៍ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវផងដែរ។ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា សន្និសីទនេះពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម បន្ថែមថា នេះមិនត្រឹមតែជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ រវាងអ្នកស្រាវជ្រាវនវានុវត្តន៍ករ សហគ្រិន និងយុវជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់ កំណើនប្រកបដោយ បរិយាបន្ន ចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអាស៊ាននិងឥណ្ឌា។អង្គសន្និសីទនេះ បានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ ពង្រឹងបណ្តាញ វិជ្ជាជីវៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅទូទាំងតំបន់៕អត្ថបទ៖ សុន រ៉ាឌី

អភិបាល​ខេត្ត​កំពង់ស្ពឺ​ ចុះពិនិត្យស្ថានភាពផ្លូវខូច តាមមូលដ្ឋានដើម្បីរៀបចំផែនការជួសជុល

2026/07/11 06:39:47 pm        113
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូច នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។‎ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចៗនោះឡើយ។‎ឯកឧត្តមបានបន្តថា មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាន និងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះទឹកជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។ ជាមួយគ្នានោះដែរ ភាគីពាក់ព័ន្ធត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីរឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ខ្សែផ្លូវក្នុងខេត្ត ដោយត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់។‎ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិរដ្ឋទាំងអស់គ្នា ជាពិសេសការមិនផ្ទុកទម្ងន់លើសទម្ងន់កំណត់ ដើម្បីរក្សាខ្សែផ្លូវទាំងនោះឱ្យនៅល្អស្អាត សម្រាប់ជាប្រយោជន៍រួមក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។‎គួរបញ្ជាក់ផងដែរថាក្នុងដំណើរចុះពិនិត្យនោះរួមមាន៖ ក្នុងស្រុកសំរោងទង ខ្សែផ្លូវលេខ ១៤៤០ ចេញទៅផ្លូវជាតិលេខ៤ (ម្តុំមុខបុរីសុវណ្ណ) តភ្ជាប់រវាងស្រុកសំរោងទង និងក្រុងច្បារមន មានប្រវែង ១០ គីឡូម៉ែត្រ។ ‎ខ្សែផ្លូវលេខ ១៤០ ពីផ្លូវជាតិលេខ៤ តាមផ្សារព្រៃផ្តៅ ទៅដល់វត្តស្រះឃ្លាំង មានប្រវែង ៩,៩ គីឡូម៉ែត្រ។ ‎ខ្សែផ្លូវតភ្ជាប់ពីផ្លូវលេខ៥១ មានប្រវែង ៨,៤ គីឡូម៉ែត្រ ចាប់ពីមុខវត្តអង្គខ្មៅ ដោយតភ្ជាប់ពីផ្លូវបេតុងចាស់ (លេខ ១៦១០៣ ទទឹង ៨៣) ស្ថិតនៅក្នុងឃុំសំបូរ និងឃុំត្រពាំងគង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រសាព្រីណា។ ស្រុកគងពិសីខ្សែផ្លូវតភ្ជាប់ចន្លោះពីផ្លូវជាតិលេខ ៤១ ទៅដល់ផ្លូវជាតិលេខ ៣ មានប្រវែង ៨,៦ គីឡូម៉ែត្រ។ និងស្រុកបសេដ្ឋ ខ្សែផ្លូវពីផ្សារប័ង្គសី មកផ្សារស្លាបលែង៖ ផ្លូវមួយខ្សែនេះរងការខូចខាតច្រើន ដោយកាត់តាមឃុំចំនួន២ គឺឃុំស្តុក និងឃុំភារីមានជ័យ មានប្រវែងសរុប ១២ គីឡូម៉ែត្រ។សរុបខ្សែផ្លូវសំខាន់ៗដែលត្រូវបានចុះពិនិត្យ និងវាយតម្លៃដើម្បីត្រៀមស្តារ និងជួសជុលឡើងវិញនៅក្នុងស្រុកទាំង៤ នេះមានប្រវែងសរុបប្រមាណជិត ៤៩ គីឡូម៉ែត្រ ៕ 

រដ្ឋបាលខេត្តបាត់ដំបង បើកដំណើរការពិព័រណ៍ផ្លែឈើប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ

2026/07/11 06:30:45 pm        111
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ប្រកបដោយភាពអធិកអធម​ មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយនិងធានាបាននូវ​សន្តិសុខ​សុវត្ថិភាព​។ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យកសិកម្មជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។ឯកឧត្តម សង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ផ្លែឈើគឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។ឯកឧត្តម ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ពិតជាមានលក្ខណៈច្នៃប្រឌិតខ្ពស់ និងទទួលបានការអបអរសាទរយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។ឯកឧត្តម ថ្លែងថា ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងប្រកបដោយស្មារតីរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយក្រោមចក្ខុវិស័យរួមគឺការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺការចូលរួមក្នុងការរិះរកគ្រប់យុទ្ធសាស្រ្តដើម្បីលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋហើយព្រឹត្តិការណ៍នេះពិតជាបានផ្ដល់ឱកាសឱ្យកសិករបាននាំយកកសិផលក្នុងស្រុកគ្រប់ប្រភេទមកតាំងបង្ហាញ និងលក់ដូរសំដៅលើកស្ទួយវិស័យកសិកទេសចរណ៍។សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ធ្វើឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ មានសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង,ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤,បុហ្វេទុរេន និងការភ្លក់រសជាតិផ្លែឈើបាត់ដំបង,ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក,កម្មវិធីសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗ។កម្មវិធីបុហ្វេទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀត៕

ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

2026/07/11 06:00:51 pm        133
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុង​រង់ចាំបងប្អូន​អតីត​ពលករត្រឡប់​មកពី​ប្រ​ទេ​សថៃ និងអ្នកកំពុងស្វែងរក​ការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មី​ៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,៤៩៣ កន្លែងនៅ​តាមណ្ដា​រាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញ​ចិត្តបាន​តាមរយៈខិត្ត​ប័ណ្ណការ​ងាររបស់​ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់​ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទ​ងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងកា​រ​ងារជួយ​សម្រប​សម្រួល​ស្វែង​រក​ការងារជូន​ផងដែរ។ នេះបើតាម​ក្រសួងការងារដដែល៕

សម្តេចតជោ ហ៊ុន សែន មើលឃើញទំនាក់ទំនងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់

2026/07/11 05:38:18 pm        242
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងវិស័យការពារជាតិរវាង កម្ពជា និងម៉ាឡេស៊ីកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលម៉ាឡេស៊ី ក្នុងឱកាសពេលធ្វើប្រធានអាស៊ានប្តូរវេន បានខិតខំខ្នះខ្នែងជួយសម្របសម្រួលលើជម្លោះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ ថ្លែងក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយឧត្តមសេនីយ៍តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍តាន់ ស្រី បានពិភាក្សាគ្នាជាច្រើនស្តីពីទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ហើយសម្តេចតេជោក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ ដោយសម្តេចបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាមិនងាក់រេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិជាដើម។ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍តាន់ ស្រី ថា ជាផ្នែកមួយនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីនិយាយជារួម ហើយនិយាយដោយឡែកគឺនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានថ្លែងអំ ណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសម ហើយឯកឧត្តមបានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ីផងដែរ ខណៈដំណើរទស្សនកិច្ច របស់ឯកឧត្តមនាយឧត្តមសេនីយ៍មកកម្ពុជានាពេលនេះក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា ប្រទេសកម្ពុ ជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នា ជាពិសេសក្នុងក្របខណ្ឌទំនាក់ទំនងនៃកងទ័ពកម្ពុជា និងម៉ាឡេស៊ីនេះតែម្តង៕

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

2026/07/11 05:20:24 pm        158
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS។នៅក្នុងពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាមានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការប្តេជ្ញាចិត្ត និងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធ រវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រលើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕អត្ថបទ៖ ឈិត បូរ៉ាវី ,

អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន-ឥណ្ឌា កំពុងពង្រឹងភាពជាដៃគូឆ្លងដែន ក្នុងវិស័យ (STEM)

2026/07/11 05:14:37 pm        117
  អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន-ឥណ្ឌា ធ្វើទស្សនកិច្ចសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងការប្រកាសពីមូលនិធិគាំទ្រ បានកត់ សម្គាល់ការបញ្ចប់នៃសន្និសីទ AIWSC លើកទី២ ដោយផ្តោតលើការកសាងសហគមន៍ STI បរិយាបន្ន និងការលោតផ្លោះផ្នែក បច្ចេកវិទ្យា និងការពង្រឹងភាពជាដៃគូឆ្លងដែនក្នុងវិស័យ STEM។       គណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសឥណ្ឌារួមមាន អ្នកវិទ្យាសាស្ត្រស្ត្រីស្រាវជ្រាវ និងអ្នករៀបចំ គោលនយោបាយជាស្ត្រីប្រមាណ ១០០រូប នៅថ្ងៃទី១១ ខែកក្កដានេះ បានអញ្ជើញទស្សនកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខ របស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឆ្លងដែន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ សន្និសីទរយៈពេលបីថ្ងៃនេះ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា មានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសឥណ្ឌា ដែលផ្តោតសំខាន់លើការលើកកម្ពស់សហគមន៍វិទ្យាសាស្ត្រប្រកបដោយបរិយាបន្ន។           ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលនិស្សិតដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មក្នុងនោះចំនួន ៥០% គឺជាស្ត្រី។ គណៈប្រតិភូបានស្វែងយល់ពីហេដ្ឋារចនា សម្ព័ន្ធ AI របស់សាកលវិទ្យាល័យរួមមាន៖ "Boramy Chatbot" (បូរមីឆាតបូត) និងប្រព័ន្ធដាក់ពិន្ទុដោយស្វ័យប្រវត្តិ, ការកើនឡើង ចំណាត់ថ្នាក់យ៉ាងគំហុករបស់កម្ពុជា នៅក្នុងសន្ទស្សន៍ត្រៀមលក្ខណៈផ្នែក AI របស់វិទ្យាស្ថាន Oxford Insights (Oxford Insights AI Readiness Index) ដោយបានហក់ឡើងពីចំណាត់ថ្នាក់លេខ ១៤៥ មកលេខ ១១៨ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រព័ន្ធដំណើរការភាសាធម្មជាតិជាភាសាខ្មែរ គឺជាមោទនភាពជាតិ និងជា កិច្ចការពារវប្បធម៌ខ្មែរ។ លើសពីនេះគណៈប្រតិភូក៏បានពិនិត្យមើលវឌ្ឍនភាពផ្នែករ៉ូបូត (Robotics) និងប្រព័ន្ធមេកានិចផងដែរ។ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីគម្រោងពហុជំនាញ ដែលឆ្លើយតបនឹងតម្រូវការសហគមន៍ ដូចជាដំណោះ ស្រាយវិស្វកម្ម សម្រាប់តំបន់ជនបទក្នុងខេត្តកំពង់ស្ពឺ ដែលបង្ហាញពីរបៀប ដែលក្រុមនិស្សិតអនុវត្តគំនិតបច្ចេកវិទ្យាជាន់ខ្ពស់ ទៅដោះ ស្រាយបញ្ហាក្នុងស្រុក។           ចំណែកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) អ្នកវិទ្យាសាស្ត្របានផ្តោតយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងថាមពល ប្រកបដោយចិរភាព។ ដំណើរទស្សនកិច្ចនេះបានរួមបញ្ចូលការពិនិត្យ៖ អង្គភាពស្រាវជ្រាវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Research Unit), ឧបករណ៍ និងកន្លែងកែច្នៃជីវម៉ាស (Biomass Conversion Facilities), ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ ITC ក្នុងការអភិវឌ្ឍដំណោះស្រាយក្នុងស្រុកដើម្បីចិរភាពក្នុងតំបន់។           សន្និសីទនេះបានបិទបញ្ចប់ទៅវិញជាមួយនឹងការប្រកាសពីមូលនិធិគាំទ្រសំខាន់ៗ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាព ទាំង នេះឱ្យទៅជាស្ថាប័នផ្លូវការ ក្នុងនោះកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើត «មូលនិធិ ស្រាវជ្រាវជាតិ» (National Research Foundation) ដែលនឹងផ្តល់អាទិភាពដល់គម្រោងរួមគ្នាកម្រិតអន្តរជាតិ ស្រដៀងគ្នានេះដែរ ប្រតិភូឥណ្ឌាបានប្រកាសពីគម្រោងផ្តល់មូលនិធិរួមគ្នាថ្មីមួយ ដែលរៀបចំឡើងដើម្បីគាំទ្រដល់បណ្តាញសហប្រតិបត្តិការ រវាងបណ្តា ប្រទេសជាសមាជិកអាស៊ាន និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ឥណ្ឌា៕អត្ថបទ៖ សុន រ៉ាឌី

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងជួយបង្កើតឱកាសបង្កើនទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង

2026/07/11 05:06:41 pm        121
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ នៅរាជធានីភ្នំពេញ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំនេះ ដែលឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូល។ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសិន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញថា សមាជិកហ្វ្រង់កូហ្វូនី ទាំងអស់តំណាង ១៦% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពិភពលោក និងមានទំហំសេដ្ឋកិច្ចសរុប ២០% របស់ពិភពលោក។ឯឧត្តមបន្តថា កិច្ចប្រជុំកំពូលឆ្នាំនេះ នឹងមានប្រធានបទ«ការវិនិយោគឡើងវិញទៅលើសន្តិភាព ដើម្បីវិបុលភាពរួមគ្នា និងស្ថិរភាពរយៈពេលយូអង្វែង»។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាមិនត្រឹមតែមានកិច្ចសហប្រតិបត្តិការតែជាមួយប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែជាមួយបណ្តាប្រទេសនិយាយភាសាបារាំងជាច្រើនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នាក្នុងការឈានទៅរកការរីកចម្រើនរួមគ្នា។

កម្ពុជា បន្តតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ជីកដីលើកទំនប់ និងរាយបន្លាលួស ត្រង់បង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់

2026/07/11 04:03:18 pm        130
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុងទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរ លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី២ និងចំណុចទី៦ នៃរ៉ូម៉ាំង I (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃនោះឡើយ ហើយសកម្មភាពខាងលើនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហារបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បន្តស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ តាំងពីឆ្នាំមុនមក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះ ស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ក្រសួងការបទេសកម្ពុជាបញ្ជាក់ថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ»៕រូបលិខិតក្រសួងការបរទេស+រូបរូបសកម្មភាពថៃឈ្លានពាន ដាក់បន្លាលួស ជីកលេនដ្ឋាន ដាក់ទូកុងតឺន័រ៕

ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព

2026/07/11 03:00:59 pm        263
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញថា ប្រទេសបារំាងបានគាំទ្រការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ឯកឧត្តម បន្ថែមទៀតថា ប្រទេសបារាំងក៏គាំទ្រប្រទេសទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ហើយប្រទេសបារាំងក៏ជូនឯកសារបណ្ណាសារ ដែលបារាំងត្រៀមដាក់ជូនទៅប្រទេសទាំងពីរទាក់ទងនឹងគំរូព្រំដែន។ លើសពីនេះ ប្រទេសបារាំងប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួននៅទីនេះ ដើម្បីជួយប្រទេសទំាំងពីរក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិភាព ដោយយោគយល់គ្នា និងមានការពិភាក្សាគ្នា ហើយបារាំងជំរុញឱ្យប្រទេសទាំងពីរត្រូវស្វែងរកកិច្ចពិភាក្សាគ្នាតាមបែបការទូត ដូច្នេះ ប្រទេសបារាំងមិនលូកដៃចូលទៅក្នុងជម្លោះនោះទេ ប៉ុន្តែបារាំងនឹងបើកទូលាយដើម្បីជួយគាំទ្របន្ថែម។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM