គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

បារាំង-កម្ពុជា ត្រូវពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត

2026/07/11 02:54:34 pm        215
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងថា បារាំង-កម្ពុជា ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យបន្ថែមទៀត ដូចជា ការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាលំដាប់សម្រាប់រយៈពេលវែង ។ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានថ្លែងដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅកម្ពុជា។​ ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរពិតជាមានសំខាន់ណាស់នាពេលនេះ ដោយសារបច្ចុប្បន្ននេះ ពិភពលោកកំពុងតែរស់​នៅនិងជួបប្រទះបញ្ហាជម្លោះប្រដាប់អាវុធជាច្រើន ដូចជា នៅអ៊ុយក្រែន ជាដើម​ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក​។ ប្រទេសបារាំងចង់ចូលរួមចំណែក និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងរយៈពេលវែង ដើម្បីប្រទេសទាំងពីរអាចវិវត្តន៍នៃទំនាក់ទំនងពាណិជ្ជកម្មមួយដ៏ល្អប្រសើរ។ ឯកឧត្តម បន្ថែមទៀតថា បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរបស់​កម្ពុជា បារាំងត្រូវធ្វើឱ្យប្រសើរជាងមុននូវកិច្ចសហប្រតិបត្តិការ​ទ្វេភាគីតាមរយៈការពង្រឹងសេដ្ឋកិច្ចបែបឈ្នះឈ្នះ រវាងប្រទេសទាំងពីរ ហើយ​បារាំងបានផ្តោតសំខាន់លើគម្រោងយុទ្ធសាស្រ្តជាច្រើនជាមួយកម្ពុជាដែលជាការចូលរួមចំណែករបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​។ ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជាសម្រេចបានផ្លែផ្កាជាច្រើនគួរជាទីពេញចិត្ត។ការប្តេជ្ញារបស់បារាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានាពេលនេះ ត្រូវធ្វើឡើង បន្ទាប់ពីឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកកាន់ប្រទេសកម្ពុជា​ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលវត្តមានរបស់ឯកឧត្តមសង្ឃឹមថា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងបារាំង-កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដែលមានចំនួន ១,៧៥ពាន់លានអឺរ៉ូ កើនឡើង ១៧,៥% បើធៀបនឹងឆ្នាំ២០២៤។ ចំណែក ការវិនិយោគផ្ទាល់ពីបរទេស (FDI)របស់ប្រទេសបារាំងមកកម្ពុជា បានកើនដល់ ៦៩២លានអឺរ៉ូ នៅចុងឆ្នាំ២០២៤ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៣។ ប្រទេសបារាំងនាំចូលផលិតផលសំខាន់ៗពីកម្ពុជា រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ កង់ និងអង្ករ ខណៈបារាំងនាំចេញមកកម្ពុជាវិញនូវយន្តហោះ ដឹកអ្នកដំណើរប្រភេទ RTAជាច្រើនគ្រឿង, ផលិតផលឱសថ, និង ផលិតផលកសិ-ឧស្សាហកម្ម ជាដើម។អត្ថបទ៖ ធូ វិរៈ  

គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ

2026/07/11 01:25:49 am        139
បន្ទាយមានជ័យ ៖ ក្នុងពេលកំពុងស្នាក់នៅភូមិរងចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សិ​​ស្សា​​នុសិ​​​​​​​​ស្ស ត្រូវបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ស្របពេលបរិយាកាសសិក្សាក៍​​​​ល្អជាងការ​​​​ស្នាក់នៅជំរំភៀសសឹកផងដែរ។លោកនាយក និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយមានឬទិ្ធ ស្ថិតនៅភូមិរងចាំ នៅរសៀលថ្ងៃទី១០ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ទោះស្ថិតក្នុងពេលណាក៍ដោយ ជាពិសេសក្នុងពេ​​លប្រ​​​​ទេសកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ ការអប់រំនៅតែមានសារៈសំខាន់ ដើម្បីកងសាងមូលធ​នម​នុ​​ស្សរួមចំណែកការសាងប្រទេសជាតិឱ្យរីកចម្រើន នឹងមានភាពរឹកមាំ ម្លោះហើយជារៀងរាល់ថ្ងៃនេះ គឺបា​​នយកចិត្តទុ​​ក​​​ដា​​​ក់អ​​​ប់រំ ទាំងចេះដឹង និងសីលធម៌ ដល់សិស្សានុសិស្សកំពុងស្នាក់នៅភូមិរងចាំ។​សិស្សានុសិស្សបានលើកឡើងដែរថា ពេលមករៀននៅសាលាក្នុងភូមិរងចាំ គឺបរិយាកាសល្អជាងជំ​​រំ​​ភៀ​​ស​​​សឹក ហើយលោកគ្រូ អ្នកគ្រូ ក៍នៅតែបន្តយកចិត្តទុកដាក់អប់រំដូចជា៖ ការអាន សរសេរ គណិតវិទ្យា និងការផ្តល់ដំបូន្មានល្អជាងច្រើនទៀត។ សិស្សានុសិស្សទាំងនោះបន្តថា ទោះបីលូវមានសាលាល្អជាងមុនក្តី​​​​ តែ​​ចិត្តនៅតែនឹងផ្ទះសំបែង និងសាលារៀនធ្លាប់រៀននៅភូមិកំណើត។បើតាមរបាយការណ៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែកក្កដានេះ នៅ​​ភូមិរងចាំ ចាប់ពីទី១ដល់ទី៦ មានសាលារៀនចំនួនប្រាំ ចាប់ពីបឋមសិក្សារហូតដល់អនុវិទ្យាល័យ ដោ​​យ​​​​​មា​​​ន​​​សិស្សានុសិស្សសរុបចំនួនជាង១ពាន់៧រយនាក់ ក្នុងនោះស្រីមានចំនួនជាង៨ពាន់នាក់។អត្ថបទ៖ទូច សោ​ភ័ណ​​

ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ

2026/07/11 01:19:15 am        181
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) ដែលផ្តោតលើការជួយលើគ្រួសារក្រីក្រ ដើម្បីគាំទ្រលើការដាំដុះបន្លែ និងការចិញ្ចឹមសត្វ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កម្មវិធីសិក្ខាសាលា នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយមានរយៈពេល៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ គ្របដណ្តប់លើខេត្តគោលដៅចំនួន១៦ និងក្រុង/ស្រុក ចំនួន២៥ ហើយគម្រោងនេះផ្តោតលើការជួយលើគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២ម៉ឺន ៦ពាន់គ្រួសារ រួមមាន៖ ការគាំទ្រការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ប្តេជ្ញាចិត្តក្នុងការដាក់នូវធនធានរួម មធ្យោបាយរួមអនុវត្តការងារគម្រោងនេះ ប្រកបមានភាពបុរេសកម្ម យល់ច្បាស់ពីគោលដៅអនុវត្តការងារ ការធ្វើផែនការអាជីវកម្មដល់កសិករ ធ្វើយ៉ាងណាអនុវត្តអោយឱ្យប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មានប្រាក់ចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ច៕អត្ថបទ៖ ឈិត បូរ៉ាវី 

នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ

2026/07/11 01:15:34 am        146
កំពង់ស្ពឺ ៖ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​​កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ដោយអនុវត្តស្មារតី​បេះដូង​មនុស្ស​ធម៌ និងទំនួល​ខុស​ត្រូវ​ខ្ពស់​ស្របតាម​តួនាទី​ភារកិច្ចស្នូលគឺ “បង្ការ បង្ក្រាប និងសង្គ្រោះ” នាយទាហាន នាយទាហានរង និងពលទាហាននៃមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ខាងមុខនេះ​​។លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិ ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។ លោកឧត្តម​សេនីយ៍​ត្រី​មេបញ្ជាការ​ បានបន្តថា យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបាន តាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង ហើយពេលនេះគឺជាលើកទី៣ហើយ ដែលនាយទាហាន នាយទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារមជ្ឍមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបានកោតសរសើរដល់មេបញ្ជាការរង នាយសេនាធិការរង​ប្រធាន-អនុប្រធាន នាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧ កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ​​ មេបញ្ជាការ-រង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ​​​ ព្រមទាំង​​ប្រជា​ពលរដ្ឋ​ដែលមានចិត្តសប្បុរសធម៌បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះ​​ផងដែរ។សូម​បញ្ចាក់​​ថា​ ក្នុងរយៈ​ពេល​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ បានចាត់ក្រុមការងារជាតំណាងធ្វើការសហការជាមួយ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​​ ដើម្បី​ទទួល​បាន​ឈាម​ ក្នុងការអន្តរាគមន៍ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាព​ខ្វះខាត​ មានជំងឺប្រចាំកាយ ​ហើយត្រូវការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយក្នុងការព្យាបាលជំងឺ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

2026/07/10 11:26:49 pm        348
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅឯទីតាំងតម្កល់សពស្ថិតនៅ បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។តាមរយៈសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា និងក្រុមគ្រួសារ, សម្ដេចតេជោ និងភរិយា បានសម្ដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក និងលោកស្រី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងភរិយា បានចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។សម្ដេចតេជោ និងភរិយា បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ៕

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

2026/07/10 11:09:49 pm        156
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO' SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញនូវការបន្តប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT បន្តសហការ និងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO' SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាឡេស៊ី លើការពង្រឹងនូវទំនាក់ទំនងនៅលើវិស័យយោធានៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់លទ្ធផលជាផ្លែផ្កា នៃជំនួបទ្វេភាគីរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយនិងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្លាស់ប្តូរទស្សនៈជាច្រើនជាមួយគ្នា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងម៉ាឡេស៊ី ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះម៉ាឡេស៊ី ដែលបានដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ប្រកបដោយរលូន។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះការសម្របសម្រួល ជាពិសេសចំពោះការគាំទ្រទៅលើសន្តិភាព និងការដោះស្រាយបញ្ហាមួយចំនួនរវាងកម្ពុជា និងថៃ ។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះម៉ាឡេស៊ី ដែលបានសម្របសម្រួល និងចាត់បញ្ជូនក្រុមការងារ AOT មកប្រចាំការនៅកម្ពុជា ជាពិសេសអនុព័ន្ធយោធាម៉ាឡេស៊ីបានចូលរួមយ៉ាងសកម្មលើកិច្ចការនេះ។ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានពាំនាំនូវសារសួរសុខទុក្ខពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ។ ឯកឧត្តម បានជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺមានគោលដៅចម្បងមួយដើម្បីជួបជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសំដែងការគួរសមជាមួយនិងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពយើងទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានជម្រាបផងដែរ អំពីលទ្ធផលនៅក្នុងជំនួបទ្វេភាគីជាមួយនិងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយគ្នាដែលមានស្រាប់ និងស្វែងរកនូវទិសដៅបន្ថែមទៀត ដើម្បីពង្រឹងនៅក្នុងកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើលំហាត់រួមគ្នា ការហ្វឹកហ្វឺន ការធ្វើជាអ្នកសង្កេតការណ៍ផ្សេងៗ ក្នុងន័យពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ដល់កងទ័ពទាំងពីរផងដែរ។ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា ទោះបីអាណត្តិ AOT របស់ម៉ាឡេស៊ីត្រូវបានផ្ទេរជូនទៅដល់ហ្វីលីពីន ក្នុងពេលដែលហ្វីលីពីនធ្វើជាប្រធានអាស៊ាន ប៉ុន្តែម៉ាឡេស៊ីនៅតែបន្តប្តេជ្ញា ក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT បន្តសហការនិងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ពាក់ព័ន្ធទៅនឹងការដោះស្រយបញ្ហា ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះភាគីកម្ពុជា ដែលបានប្តេជ្ញាចិត្តនៅក្នុងការអង្គុយចុះដើម្បីពិភាក្សាគ្នាជាមួយភាគីថៃ តាមរយៈយន្តការដែលមានស្រាប់ ដូចជា GBC និងJBC សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយសង្ឃឹមថាកម្ពុជាថៃនឹងអាចដោះស្រាយគ្នាបានតាមរយៈវេទិកា និងកិច្ចប្រជុំ ADMM និង ADMM-Plus ៕

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ

2026/07/10 11:03:29 pm        141
បន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គ្រោងរួចរាល់នៅអំឡុង២០២៧ខាងមុខ។សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ជាពិសេសកាត់បន្ថយការហុយដីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕

ប្រមុខការទូតកម្ពុជា និងតំណាង​ OHCHR ថ្មី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយគ្នា​

2026/07/10 10:56:16 pm        94
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោកជំទាវ Matilda Bogner ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ ​ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Matilda Bogner និងអបអរសាទរចំពោះការតែងតាំង លោកជំទាវ ជាតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ថ្មី ប្រចាំកម្ពុជា។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ OHCHR ដែលឆ្លុះបញ្ចាំង តាមរយៈវត្តមានរបស់ការិយាល័យនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ​ធ្វើឱ្យការិយាល័យប្រចាំប្រទេសរបស់ OHCHR មានអាយុកាលយូរបំផុតនៅលើពិភពលោក។លោកជំទាវ Matilda Bogner បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពីការត្រៀមខ្លួនរួចស្រេចក្នុងការបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចូលរួមកិច្ចខិតខំកសាងសមត្ថភាព​​ និងផ្តល់ជំនួយបច្ចេកទេស​ ស្របតាមតម្រូវការ​ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ហើយបានសម្តែងការកោតសរសើរចំពោះការចូលរួម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាបន្តបន្ទាប់របស់ការិយាល័យ OHCHR ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងសិទ្ធិមនុស្សស្របតាមអាទិភាពជាតិរបស់ខ្លួន៕

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”

2026/07/10 10:45:42 pm        86
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានរៀបចំពិព័រណ៍ដ៏មានអត្ថន័យនេះឡើង និងចំពោះការបន្តភាពជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយជូនដល់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះមិនត្រឹមតែអបអរសាទរចំពោះផ្លែឈើតាមរដូវកាលរបស់កម្ពុជាដែលមានឱជារស និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរនូវដំណើរវិវត្តន៍របស់ផលិតផលកម្ពុជា ផ្តើមចេញពីចម្ការ មកដល់ទីផ្សារ និងរហូតដល់មានវត្តមាននៅលើតុអាហារនៅជុំវិញពិភពលោកជាបន្តបន្ទាប់ ដែលដំណើរវិវត្តន៍នេះអាចសម្រេចទៅបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់បងប្អូនកសិករ ការផ្តល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ តួយ៉ាង ក្រុមហ៊ុន អ៊ីអន ខេមបូឌា។លោកជំទាវរដ្ឋមន្ត្រី បន្តថា កសិកម្មផ្តល់នូវទិន្នផល ប៉ុន្តែទីផ្សារផ្តល់នូវវិបុលភាព ដូច្នេះ ទំនួលខុសត្រូវរបស់យើង គឺមិនត្រឹមតែជួយកសិករក្នុងការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបន្តជួយពួកគាត់ក្នុងការធ្វើពាណិជ្ជូបនីយកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើតតម្លៃបន្ថែមពីគ្រប់ទិន្នផលដែលប្រមូលបាន និងធានាថាផលិតផលកម្ពុជាដែលមានគុណភាព បានទៅដល់ដៃអតិថិជនប្រកបដោយទំនុកចិត្ត។ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរ ក្នុងនោះមានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia, យុទ្ធនាការផលិតផលស្ត្រី #MadeByHer, ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, ការជំរុញអនុលោមភាពផលិតផល និងសិទ្ធិអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព, ការសិក្សាបង្កើតផ្សារលក់ដុំ ឬកន្លែងប្រមូលផ្តុំផលិតផល, ការចុះបញ្ជីជាផ្លូវការម៉ាកសមូហភាព (Collective Mark) «ទុរេនបែកអន្លូង», និងការបន្តចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្មជាតិ (Certification Mark) ជាដើម។គួរជម្រាបជូនផងដែរថា “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ៕

កសិករដាំទុរេន ១២០០ដើម នៅខេត្តមណ្ឌលគិរី កំពុងទទួលភាពជោគជ័យខ្លាំង ខណៈទុរេន១ដើម រកចំណូលបានខ្ទង់១លានរៀល

2026/07/10 10:31:10 pm        253
មណ្ឌលគិរី៖ ដីក្រហមនៃខេត្តមណ្ឌលគិរី មិនត្រឹមតែអំណោយផលលើដំណាំកម្រជាច្រើនប្រភេទនោះទេ ប៉ុន្តែបច្ចុប្បន្ន ដំណាំទុរេននៅទីនេះកំពុងតែលូតលាស់យ៉ាងល្អ និងមានរសជាតិផ្អែមល្មួតឆ្ងាញ់ប្លែក មិនចាញ់ទុរេនខេត្តកំពតនោះឡើយ។ អ្វីដែលពិសេស អាកាសធាតុដ៏ត្រជាក់ប្រចាំខេត្តមណ្ឌលគិរី បានធ្វើឱ្យទុរេននៅតំបន់នេះមានលក្ខណៈខុសប្លែកពីគេ ដោយសារវាផ្តល់ផលយឺតជាងទុរេននៅបណ្តាខេត្តដទៃទៀតពី ៣០ ទៅ ៤០ថ្ងៃ ឯណោះ ។ លោក ចឹង សុចន្ថា ម្ចាស់ចម្ការទុរេនទំហំ ១២ ហិកតា ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានចែករំលែកបទពិសោធន៍ដ៏ជោគជ័យថា ចម្ការរបស់លោកមានផ្ទៃដីសរុបប្រមាណ ៣០ ហិកតា ដោយមានដាំដំណាំចម្រុះជាច្រើនដូចជា ឫស្សី សាវម៉ៅ និងមឃុត។ ប៉ុន្តែដំណាំយុទ្ធសាស្ត្រស្នូលក្នុងចម្ការ គឺទុរេន ដែលមានរហូតដល់ ១,២០០ ដើម (ស្មើនឹង ១២ហិកតា)ក្នុងចំណោមនោះ មានដើមទុរេនចំនួន ៨០០ ដើមហើយ ដែលកំពុងប្រមូលផល ។ ម្ចាស់ចម្ការរូបនេះបានបង្ហើបពីតួលេខចំណូលដ៏គួរឱ្យទាក់ទាញថា ទុរេននៅក្នុងចម្ការរបស់លោកមានពីរប្រភេទគឺ ពូជឱខាក និងពូជម៉ាន់ថង។ ជាមធ្យម ក្នុងទុរេនមួយដើមអាចផ្តល់ផលបានប្រហែល ១២០ គីឡូក្រាម ហើយបើគិតជាចំណូលវិញ គឺអាចរកលុយបានប្រហែល ១ លានរៀលក្នុងមួយដើម។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលក់ លោក ចន្ថា មិនផ្ដោតលើការលក់ឱ្យឈ្មួញកណ្តាលដែលមកប្រមូលទិញទាំងអស់នោះទេ ពោលគឺលោកបើកទ្វារចម្ការឱ្យប្រជាពលរដ្ឋ ឈ្មួញ ឬភ្ញៀវទេសចរ អាចដើរចូលមកមើល កាត់ និងថ្លឹងគីឡូជាក់ស្តែងផ្ទាល់ពីលើដើមតែម្តង។ ចំណែកទុរេនដែលនៅសល់ លោកលក់ផ្ទាល់ទៅឱ្យអ្នកបញ្ជាទិញតាមបណ្តាញសង្គម ដោយមានការវិចខ្ចប់ផ្ញើជូនដល់កន្លែង។ លោកបានធានាថា តម្លៃទុរេននៅក្នុងចម្ការរបស់លោកគឺសមរម្យខ្លាំងណាស់ ដើម្បីឱ្យអ្នកទិញយកទៅលក់បន្តអាចចំណេញបានទាំងអស់គ្នា។ ទោះជាយ៉ាងណា លោក ចន្ថា ក៏បានប្រាប់ពីបញ្ហាប្រឈមខ្លះៗដែរថា ដំណាំទុរេនទាមទារការថែទាំខ្ពស់ណាស់ ពិសេសគឺទឹក ព្រោះវាខ្វះទឹកមិនបាន ហើយក៏មិនអាចដាំនៅលើដីជាំទឹកបានដែរ។ ការថែទាំត្រូវដុតដៃដុតជើងខ្លាំងក្នុង ៣ ដំណាក់កាល ចាប់តាំងពីពេលវាចេញផ្កាមកភ្លាមៗ ប្រសិនបើយើងថែទាំផ្កា ឬត្រួយវាមិនបានល្អពីដំបូងទេ នោះទុរេននឹងមិនសូវបានផលច្រើនឡើយ។ លោក ចឹង សុចន្ថា បានផ្តល់ការណែនាំថា សម្រាប់អ្នកមានដីធំគួរដាំកៅស៊ូ ព្រោះមិនសូវហត់ថែទាំ ប៉ុន្តែបើអ្នកមានដីតូច គឺគួរតែដាំទុរេន ព្រោះដីតូចតែអាចរកចំណូលបានខ្ពស់ ។លោក ចន្ថា បានបញ្ជាក់បន្ថែមពីគោលដៅនៃការមកដាំទុរេននេះថា ពីដើមឡើយលោកជាមន្ត្រីរាជការ ដោយបារម្ភខ្លាចពេលចូលនិវត្តន៍ទៅមិនមានចំណូល ទើបសម្រេចចិត្តមកធ្វើកសិកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយលោកបានប្រៀបធៀបថា ទុរេនតែប៉ុន្មានផ្លែ គឺលក់បានលុយស្មើសាវម៉ៅមួយកន្ត្រក់ធំទៅហើយ ។ ក្នុងនាមជាកសិករខ្មែរម្នាក់ លោករំពឹងថា ក្រោយពេលបិទព្រំដែនជាមួយប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រទុរេនខ្មែរយើងកាន់តែច្រើន ព្រោះជាទុរេនដែលមានសុវត្ថិភាពខ្ពស់ក្នុងការបរិភោគ និងបានជួយដល់កសិករខ្មែរគ្នាឯងផងដែរ។សក្តានុពលដីក្រហម និងអំណោយផលអាកាសធាតុនៃខេត្តភូមិភាគឦសានមួយនេះ កំពុងតែទាក់ទាញចិត្តកសិករ និងអ្នកវិនិយោគកាន់តែច្រើន ឱ្យងាកមកដាំដុះដំណាំហូបផ្លែឈ្ងុយឆ្ងាញ់ប្រភេទនេះ ដែលវាមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តនិងជាតិផងដែរ ៕ អ៊ិត ភីរុណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM