គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជាថៃនៅតែ​ជាកិច្ច​ការងារ​ការទូត​សកម្ម​របស់​រាជរដ្ឋាភិបាល

2026/07/10 10:19:29 pm        357
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​តាមរយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្ថានការណ៍វិវត្ត​ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅ​តែ​​​ជា​កិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​​ដើម្បី​ការពារ​អធិប​តេយ្យ​ភាព​ បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែង ក្នុងជំនួប​ទទួល​សម្តែង​ការ​គួរ​សម​ពី​ភារធារី​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនា​អំពី​ស្ថាន​ការណ៍​វិវត្ត​ថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់​សាជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេរ​បស់​កម្ពុជា​ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយ​អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ច​ព្រម​ព្រៀង​ទ្វេភាគីដែលមានស្រាប់។ ប្រមុខការទូតកម្ពុជា​ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និង​ការ​ចូលរួមប្រកបដោយស្ថាបនានៅក្នុងតំបន់។ លោក​ស្រីភា​រ​ធារី​ស្តីទី​ស្ថាន​ទូត​អាម៉េរិក​បាន​បញ្ជាក់​សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់សហរដ្ឋអាម៉េរិកចំពោះស្ថានការណ៍វិវត្តនៅតាមបណ្តោយ​ព្រំដែនកម្ពុជាថៃ និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនានិងការទូត។ ដោយឡែក ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក៏បានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ប្រាប់ដៃគូសន្ទនា​ដែរ។ ជាក់ស្តែង ការ​ព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង(fait accompli)តាម​រយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យរបស់កម្ពុជា។ ជាពិសេសនោះគឺ បើទោះជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលនេះ ជនភៀសសឹកជាង ២ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានទេ ដោយសារការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងពីសំណាក់​កងកម្លាំងថៃ។ ចំណែក អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានបញ្ជាក់ថា ការិយាល័យ​របស់អង្គការសហប្រជាជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងក៏បានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកពួកគេ៕

អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល

2026/07/10 09:59:42 pm        309
គិតចាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយ​ឥត​គិតថ្លៃ កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ ជូនដល់ប្រជាពលរដ្ឋទូទៅ ជា​ពិសេស​អតីត​ពលករ​មក​ពីថៃ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម។ គិតមកដល់ពេលនេះ បេក្ខជនចំនួនប្រមាណជាង ៥ ៤០០នាក់ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ​ជា​ផ្លូវ​ការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹង​កាលពីល្ងាចថ្ងៃទី៩ ខែកក្កដាកន្លងទៅ តាមសារអេឡិចត្រូនិកដឹងថា កម្មវិធី​ការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញពីមុន (RPL) ដែលជួយដល់អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​តាមរយៈការទទួលស្គាល់សមត្ថភាព​ និងបទពិសោធពីក្រៅប្រទេស ឱ្យទៅជាវិញ្ញាបនបត្រ​ជា​ផ្លូវ​ការ ​គិតមកដល់ពេលនេះ មានអ្នកដាក់ពាក្យដើម្បីចូលរួមប្រឡង មានប្រមាណជិត ៦ពាន់បេក្ខជន។ លោកអ្នកនាំពាក្យ បានបន្តទៀតថា ជាការកត់សម្គាល់បានមើលមើលឃើញថា បេក្ខជនមានភាពរីករាយខ្លាំងមែនទែន ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពួកគាត់ ដែលធ្វើឱ្យពួកគាត់មានសមត្ថភាពខ្ពស់ ហើយឱ្យគេធ្វើបញ្ជាក់ពីសមត្ថភាព ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជាបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។ លោកបានបន្ថែមថា ដោយឡែក វិស័យឯកជនទៀតសោតក៏រីករាយដែរ ពីព្រោះពេលដែលមានការបញ្ជាក់សញ្ញាប័ត្រពីរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋដែលមានជំនាញវិស័យសំណង់ ធ្វើឱ្យពួកគាត់មានកម្មករដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ និងមានផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ពួកគាត់ផងដែរ។ ពាក់ព័ន្ធកម្មវិធីខាងលើនេះ ក្រុមអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបានមកធ្វើតេស្ត RPL បានឱ្យ ប៊ីធីវី ដឹងថា ពិតជាមានអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំង ដោយសារធ្លាប់ធ្វើការងារក្នុងវិស័យសំណង់នេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលិខិតបញ្ជាក់ជាផ្លូវការណាមួយទេ ពីអ្នកជំនាញ ឬពីក្រុមហ៊ុនជាដើមដើម្បីទទួលស្គាល់ជំនាញ។ ក្រុមអតីតពលករ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបង្កើតកម្មវីធីដ៏ល្អនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអតីត​ពលករខ្មែរ​ដែល​ធ្លាប់​មាន​បទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ អាចមានអាទិភាពខ្ពស់ជាងមុន ​ក្នុង​ការស្វែង​រកការ​ងារ​សម​រម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។ សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ក្នុងវិស័យសំណង់នេះ ផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ជប៉ុនស្នើដល់កម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន

2026/07/10 09:51:43 pm        220
ភ្នំពេញ៖ ប្រទេសជប៉ុនបានស្នើដល់រដ្ឋាភិបាលកម្ពុជា​ឱ្យពិនិត្យលទ្ធភាព​ផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ហើយជប៉ុន​សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាពលរដ្ឋ​ជប៉ុន។​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា​ បានស្នើសុំដូចនេះ ទៅកាន់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។​ក្នុង​ជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស, ការផ្សព្វផ្សាយទេសចរណ៍, និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ហើយឯកឧត្តម ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការជូនដល់ភ្ញៀវទេសចរជប៉ុនដែលអញ្ជើញមកទស្សនាកម្ពុជា។ជាកិច្ចឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេស ក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា។ ព្រមទាំង គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។របាយការណ៍ក្រសួងទេសចរណ៍ បញ្ជាក់ថា គិតចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជប៉ុន​ចំនួន ៣៧ ៥៨៩ នាក់ នៃចំនួនភ្ញៀវទេសចរបរទេសសរុបចំនួនជិត ១,៦ លាននាក់ មកទស្សនាប្រទេសកម្ពុជា​។​ ភ្ញៀវ​ទេសចរ​ជប៉ុន ស្ថិត​នៅ​ចំណាត់​ថ្នាក់ទី ៨ ​បន្ទាប់​ពី​ប្រទេសចិន, វៀតណាម, អាមេរិក, ចក្រភព​អង់គ្លេស, បារាំង ឥណ្ឌូនេស៊ី, និងអូស្ត្រាលី៕អត្ថបទ៖ ធូ វិរៈ  

ជប៉ុនចែករំលែកគន្លឹះសំខាន់ៗដើម្បីជាធាតុចូល សម្រាប់រៀបចំផែនការមេស្របតាមស្តង់ដារអន្តរជាតិ

2026/07/10 09:45:27 pm        169
ប្រធាន JDI ចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិដល់កម្ពុជា ដើម្បីបានជាធាតុចូល សម្រាប់ការរៀបចំផែនការមេ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុត ក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបទៅតម្រូវការរបស់វិនិយោគិនពី ប្រទេសជប៉ុន ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្រ។លោកបណ្ឌិត Shoichi Kobayashi ស្ថាបនិក និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) ជាស្ថាប័នសិក្សាស្រាវជ្រាវ និង ពិគ្រោះយោបល់ឯករាជ្យ មានឯកទេសលើវិស័យអភិវឌ្ឍន៍អន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ក្នុងនោះភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រ លើ វិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងការទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជប៉ុន ឱ្យមកពិចារណាពិនិត្យលទ្ធភាព និងសម្លឹងមើល ឱកាសក្នុងការបណ្តាក់ទុនលើគម្រោងតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលមួយនេះ។លោកបណ្ឌិត ក៏បានចែករំលែកនូវកត្តាគន្លឹះ និងបទពិសោធន៍អន្តរជាតិសំខាន់ៗមួយចំនួន ជូនដល់ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ក៏ដូចជាអង្គពិភាក្សាទាំងមូល ដើម្បីបានជាធាតុចូលសម្រាប់ការរៀបចំផែនការមេដ៏រឹងមាំមួយ ស្របតាមស្តង់ដារអន្តរជាតិ ប្រកបដោយភាពទាក់ទាញបំផុតក្នុងការបង្កើតទំនុកចិត្តខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិនពីប្រទេសជប៉ុន ក្នុងការ សម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្រមួយក្នុងតំបន់។ លោកបណ្ឌិតប្រធាន JDI បានសម្តែងនូវការកោត សរសើរខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងបានបញ្ជាក់ឡើងវិញថា JDI ត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់បណ្តាញអ្នកជំនាញ ការសកល ដើម្បីគាំទ្រគម្រោងនេះ ឱ្យលេចចេញជារូបរាងការងារជាក់ស្តែង។ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណ ចំពោះវិទ្យាស្ថាន JDI សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់ធាតុចូលបច្ចេកទេសនាពេលកន្លងមក។ ឯកឧត្តមបានរំលេចឡើងវិញ អំពី សាវតានៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន» ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជំនួបទ្វេភាគីជាមួយ ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលដៅបង្កើនភាព ទាក់ទាញ ដើម្បីទទួលស្វាគមន៍ និងគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់វិនិយោគិន និងធុរជនពីជប៉ុន មកកាន់ប្រទេសកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី  

អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​

2026/07/10 09:38:08 pm        230
ក្រុមការងារជំ​នាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុង​​រងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុល​ដំណាក់កាលទី៦នេះ ​បាន​ចាប់ផ្តើមតាំង​​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោង​នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើង​របស់​ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ន​នេះ ​រចនា​សម្ព័ន្ធ​ស្រះ​ទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បាន​​រងការខូចខាត​ មានកំណកដីច្រើន ធ្វើឱ្យបាត់​រូបរាងដើម​របស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់​ក្នុងដី ថ្មច្រាំងខ្លះ​ក៏​ខូចខាត​ដោយសារតែ​បៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំង​រង​កម្តៅថ្ងៃជាមួយនិង​ទឹក​​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​​ងាយ​នឹង​បាក់បែក។ កន្លែង​ខ្លះ​បាន​បាត់​ថ្ម ធ្វើ​ឱ្យ​មាន​ចន្លោះ​​​ប្រហោង ជាហេតុ​​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះក៏មាន​​។ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយ​​រុះ​រើ​ថ្ម​ជាស្រទាប់ៗ ហើយ​រំកិល​ទៅ​ដាក់នៅ​ទីតាំង​ផ្សេង ដើម្បី​ងា​យ​ស្រួល​ក្នុង​ការ​ជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់​ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។ ការ​ជួសជុល​ពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ការងារ​​ស្រាវ​ជ្រាវ​​តាំង​ពី​​ឆ្នាំ​២០១៩​មក។ ​មុន​នឹងធ្វើការជួសជុល​ដំណាក់កាលនីមួយៗ គឺ​ក្រុម​អ្នក​ជំនាញ​​ បាន​​រៀបចំការងារ​ជាច្រើន ដូចជា​ កំណាយ​សិក្សាស្រាវជ្រាវពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ សិក្សា​ប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏​បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕

គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បន្តចុះអនុវត្តនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នទី១៤

2026/07/10 09:37:34 pm        73
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី កំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំ នៅទីតាំងផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។ ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនផ្ទាល់ពី ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចូលរួមសហការអនុវត្ត និងបានបង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។ សូមជម្រាបថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺជាស្ថាប័នទី១៤ ដែលគណៈកម្មការ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី។ ការធ្វើជំរឿនមន្ត្រីរាជការនាពេលនេះ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រី ដែលកំពុងបម្រើការងារពិតប្រាកដ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕ 

ករណី Online Scams ៖ សមត្ថកិច្ចកម្ពុជាបណ្តេញជនជាតិថៃ ៧៩នាក់បណ្ដេញចេញពីកម្ពុជា

2026/07/10 09:32:06 pm        222
នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការ បណ្តេញ ជនជាតិថៃ សរុបចំនួន ៧៩នាក់ ស្រី៣៤នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព 

ក្នុង​ដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេច​តេជោសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនតាមបណ្តាខេត្តនីមួយៗ

2026/07/10 09:26:17 pm        212
​ក្នុង​ដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី ៦ ដល់​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរ​និងកោតសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោម​កិច្ចខិតខំប្រឹងប្រែងរបស់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។ទន្ទឹមនឹងនោះ សម្តេចតេជោ​ក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹក​អាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេ​​​បានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ដូច្នេះ អាជ្ញាធរ​​ត្រូវទទួលបានការតបស្នងសងគុណ តាមរយៈការយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានសមរម្យ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនលំអៀង​ និងត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងត្រូវចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្ថិរភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាឱ្យបាន​។ សម្ដេចតេជោក៏បានរំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅ នោះគឺ៖ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង

2026/07/10 09:19:58 pm        364
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។ ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។ ឯកឧត្តម អគ្គនាយក បន្ថែមថា ឋិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលឃុំឃាំង និងពន្ធនាគារ គឺជាដើមចម នៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ មានជាអាទិ៍ ជួបការលំបាកច្រើនដល់ការរៀបចំឃុំឃាំង មិនអាចអនុវត្តពេញលេញតាមគោលការណ៍ច្បាប់ ឬបទដ្ឋានកំណត់ក្នុងការបែងចែកឃុំតាមប្រភេទបទល្មើស , តាមចំណាត់ថ្នាក់សន្តិសុខ , ការឃុំឃាំងបែបអ្នកមានជម្ងឺឆ្លង និងបង្កផលប៉ះពាល់បញ្ហាសន្តិសុខដល់ជនជាប់ឃុំ ជាដើម ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំនៅទូទាំងប្រទេសមានសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមាន ៤,៥៣០នាក់ ។ ជនត្រូវចោទមាន២២ភាគរយ , ជនជាប់ចោទ១០ភាគរយ , ពិរុទ្ធជន ៣៧ភាគរយ និងទណ្ឌិតចំនួន៣១ភាគរយ ។ ក្នុងនោះដែរ អនីតិជនមានចំនួន ៣,០៤៧នាក់ និងជនបរទេសមានចំនួន ៧,៤៣៤នាក់ដែលមាន៤៧សញ្ជាតិ ។ បទល្មើសស្គេមអនឡាញមានចំនួន ២,៥៥៤នាក់ និងក្មេងទំនើងមានចំនួន ៣,០១០នាក់ ៕ អត្ថបទ ៖ លីហេង

ពលរដ្ឋនៅតំបន់ថ្មដា ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា

2026/07/10 09:08:04 pm        92
ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា។ ពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ពេលឃើញយោធាថៃបានដាក់ទូរកុងតឺន័រ បន្លាលួស និងពង្រាយកងទ័ពនៅតំបន់ថ្មដាគឺមានអារម្មណ៍ឈឺចាប់ ព្រោះទីនេះជារបស់ទឹកដីកម្ពុជា។លើសពីនេះ ពលរដ្ឋទាំងនោះ ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយងាកមកដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។ (ពលរដ្ឋបានបង្ហាញអារម្មណ៍សោកស្ដាយដែលបាត់បង់ទីកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ឥឡូវប្រែជាស្ងាត់ ការលក់ដូរក៏ស្ងាត់ដែរ។ ចង់ឱ្យពួកថៃយកទូកុងទីន័រ បន្លាលួសចេញវិញ ដើម្បីពលរដ្ឋអាចរកស៊ីបានដូចដើមវិញ តែមិនដឹងថាពេលណាពួកថៃនឹងយកចេញនោះទេ។ ប្រជាពលរដ្ឋខ្មែរនៅតំបន់នេះឥឡូវពិបាកណាស់ ដោយសារថៃវាធ្វើបាបរហូត ពលរដ្ឋរស់នៅក្រោមហានិយភ័យ ។ ពលរដ្ឋមានតែរង់ចាំលទ្ធផលនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ ជឿជាក់ថារាជរដ្ឋាភិបាល នឹងអាចដោះស្រាយបញ្ហានេះបានដោយសន្តិភាព ដើម្បីប្រជាពលរដ្ឋមានឱកាសរកស៊ីបន្តទៅមុខកែប្រែជីវភាពឡើងវិញ។) គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់ កម្លាំងនោះឡើយ។អត្ថបទ៖ទូច សោភ័ណ  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM