មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ធ្វើបទបង្ហាញអំពី«ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ» ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិចំនួន ៣៣ ប្រចាំកម្ពុជា

2026/05/22 03:45:10 pm        129
ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញធ្វើបទបង្ហាញស្តីពី "ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ " ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា។ ការធ្វើបទបង្ហាញនេះ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖៣០នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អង្គទូតនិងអង្គការអន្តរជាតិប្រចាំកម្ពុជាដែលអញ្ជើញចូលរួមក្នុងការធ្វើបទបង្ហាញនេះមានចំនួន ៣៣។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ក្រសួងសូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។

សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្ត្រី​ជាន់​ខ្ពស់ ១៧៥រូប ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រសិទ្ធភាព​សេវាសាធារណៈ

2026/05/22 03:22:04 pm        125
ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាល នា​រសៀល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាព​ជា​អ្នក​ដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ជូនដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ១៧៥រូប។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដឹកនាំ ជំរុញការដោះស្រាយបញ្ហាតាមអភិក្រមថ្មីៗដែលជានវានុវត្តន៍ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមទិសដៅកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល។ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវ ឈី វិជ្ជរ៉ា លេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម្រាប់ជំនាន់ទី៨នេះ មានសិក្ខាកាមចូលរួមចំនួន ១៧៥នាក់ (ស្ត្រី ២៦នាក់) ដែលអញ្ជើញមកពី ៣២ ក្រសួង-ស្ថាប័នថ្នាក់ជាតិ និង ២០ រដ្ឋបាលរាជធានី-ខេត្ត។ លោកជំទាវបានបន្ថែមថា កន្លងមក សាលាភូមិន្ទរដ្ឋបាលធ្លាប់បានបណ្តុះបណ្តាលដោយជោគជ័យចំនួន ៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ១,១៧៨នាក់ (ស្ត្រី ១៩៦នាក់) សុទ្ធសឹងជាមន្ត្រីកាន់តួនាទីសំខាន់ៗ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានពីកម្រិតស្រុក-ខណ្ឌ ដល់ថ្នាក់អភិបាលរាជធានី-ខេត្ត។ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង-ស្ថាប័ន ក្នុងការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលយកបទពិសោធន៍ល្អៗ ដើម្បីដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន»។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការងារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក «មនុស្ស» ជាអាទិភាពទី១។ ទន្ទឹមនេះ ការពង្រឹងសមត្ថភាពមន្ត្រី គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញការងារវិភាគមុខងារ តាមពាក្យស្លោក «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។គួរបញ្ជាក់ផងដែរថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់កម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ៕

រាជរដ្ឋាភិបាលណែនាំ ៦ចំណុច ដល់ក្រសួង-ស្ថាប័ន​អំពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី

2026/05/22 03:13:33 pm        303
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសាភា ឆ្នាំ២០២៦នេះ ចេញសេចក្ដីណែនាំ ស្ដីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ក្រោយពីបានរៀបចំកែសម្រួលរចនាសម្ព័ន្ធរួចរាល់ តើក្រសួង ស្ថាប័ន ត្រូវតែងតាំងមន្ត្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធថ្មីយ៉ាងដូចម្តេចខ្លះ?គិតមកដល់ពេលនេះ ក្រសួង ស្ថាប័នចំនួន១៦ បាន និងកំពុងរៀបចំរចនាសម្ព័ន្ធថ្មីរបស់ខ្លួន ក្រោយពីបានពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធ បានរួចរាល់ ស្របតាមអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។ ដើម្បីឆ្លើយតបទៅនឹងការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន និងដើម្បីធានាដល់ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី បានត្រឹមត្រូវ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបានរៀបចំឡើងដោយកំណត់នូវ ៦ចំណុចធំៗ រួមមាន៖ (១)ការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (២)ការរៀបចំឡើងវិញមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី, (៣)នីតិវិធីអនុវត្តនិងការតាមដានត្រួតពិនិត្យ, (៤)ការរៀបចំសមាហរណកម្មមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី, (៥)ការរៀបចំរចនាសម្ព័ន្ធនៅក្រោមអង្គភាពកម្រិតនាយកដ្ឋានឬថ្នាក់ប្រហាក់ប្រហែល និង (៦)យន្តការតាមដាននិងជំរុញការអនុវត្ត។សូមអានសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលមានភ្ជាប់ជូន៕

ក្រសួងការងារ បើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ នៅពេលមានអាសន្ននៅក្រៅប្រទេស

2026/05/22 02:40:11 pm        420
(ភ្នំពេញ)៖ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន នៅក្រៅប្រទេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពី លោក Koen Everaert ប្រធានស្តីទីកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការ IOM ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អនុព័ន្ធការងារ, សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា, ទីភ្នាក់ងារជ្រើសរើសឯកជន, អង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការបង្ការ កាត់បន្ថយហានិភ័យ និងដោះស្រាយបញ្ហាដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស។ ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម តាំង ផេងរិទ្ធី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស ដែលជាជំហានដ៏សំខាន់មួយសម្រាប់ពង្រឹងយន្តការ ឆ្លើយតប និងសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត អង្គការដៃគូ និងវិស័យឯកជន ដើម្បីអាចផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដែលនៅក្នុងយុទ្ធសាស្ត្រទី៤ ស្តីពី “ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព” បានកំណត់ការរៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន ដែលស្របនឹងគោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពនេះ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមចូលរួមសិក្ខាសាលាកសាងសមត្ថភាពឱ្យយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងពិភាក្សា និងចែករំលែកព័ត៌មានជាក់លាក់តាមប្រទេសទទួលនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលការណ៍ណែនាំមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសផ្តោតសំខាន់លើដំណាក់កាលត្រៀមសម្រាប់មុនពេលមានអាសន្ន ការឆ្លើយតបបន្ទាន់នៅពេលមានអាសន្ន និងក្រោយពេលមានអាសន្ន។ ជាចុងបញ្ចប់ ឯកឧត្តម តាំង ផេងរិទ្ធី បានវាយតម្លៃខ្ពស់ចំពោះអង្គការ IOM ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អនិងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារនៅប្រទេសកម្ពុជា និងការការពារសិទ្ធិនិងសុខុមាលភាពរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕

យុទ្ធនាការផ្សព្វផ្សាយលើកលែងទិដ្ឋាការនៅប្រទេសចិនរំពឹងទាក់ទាញទេសចរចិនកាន់តែច្រើនមកកម្ពុជា

2026/05/22 02:15:21 pm        608
ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ និង​សហគ្រាស​ទេសចរណ៍ធំៗ នៅខេត្តហៃណាន ប្រទេសចិន ធ្វើការផ្សព្វផ្សាយយុទ្ធនាការលើកលែង​ទិដ្ឋាការ​សាកល្បង ឬការផ្តល់ VISA FREE ដល់ប្រជាជនចិន ទាក់ទាញទេសចរចិនមកទស្សនាកម្ពុជានារដូវកាលបៃតង ហើយបើតាមប្តេជ្ញាចិត្តរបស់សហគ្រាសទេសចរចិនថា នឹងនាំទេសចរចិនឱ្យបាន៥០ម៉ឺននាក់មកទស្សនាកម្ពុជា ក្នុងអំឡុងកម្ពុជាអនុវត្ត VISA FREEនេះ។ លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា នេះថា ក្នុងឆ្នាំកន្លងមក សហគ្រាស ការីទេសចរណ៍ខេត្តហៃណាន និងកម្ពុជា បានសហការគ្នាផ្លាស់ប្តូរការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ហៃណាន និងបានរួមចំណែកទាក់ទាញទេសចរចិន នៅខេត្តហៃណានមកទស្សនាកម្ពុជា បានក្នុងរង្វង់៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ហើយតាមរយៈដំណើរទស្សនកិច្ចឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ទៅកាន់ខេត្តហៃណាននោះ នឹងផ្សព្វផ្សាយ ធ្វើការពន្យល់ផ្ទាល់ឱ្យកាន់តែច្បាស់ថែមទៀតដល់ប្រជាជនចិន ឱ្យមកទស្សនាកម្ពុជា ពិសេសអំឡុងពេលកម្ពុជាអនុវត្តVISA FREE ដល់ប្រជាជនចិន។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ខេត្តហៃណានប្រទេសចិន គឺឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញជួបថ្នាក់ដឹកនាំរដ្ឋបាលខេត្តហៃណាន បានពិភាក្សាការងារ ពង្រីកកិច្ចសហប្រតិបត្តិការទេស ចរណ៍ ជំរុញសហការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ដោយមានការបញ្ចុះតម្លៃ កំណត់តម្លៃសមរម្យ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូរលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន អាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិនានា ជាមួយនឹងវត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរចិន និងកម្ពុជា ទៅវិញទៅមក ផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា  

អ្នកវិភាគ៖ MOU 2000 បានក្លាយជាសន្ធិសញ្ញាអន្តរជាតិ បើថៃហ៊ានលុប​នឹង​បំពាន​កាតព្វកិច្ច​អន្តរជាតិ

2026/05/22 01:58:53 pm        548
ជាថ្មីម្តងទៀត គណៈកម្មាធិការពិសេស នៃព្រឹទ្ធសភាថៃ បានអំពាវនាវ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ថៃ លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និងភាគីថៃ​ហៅ​MOU​43 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ សម្រាប់អ្នកវិភាគនៅកម្ពុជាយល់ឃើញថា ប្រសិន​បើ​ប្រទេសថៃលុបMOUឆ្នាំ2000នេះ នឹងបំពានច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៦ បាន​ប្រាប់​BTV​ឲ្យដឹងថា MOUឆ្នាំ២០០០ មិនមែនត្រឹមតែ​ជា​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-ថៃ​នោះទេ​ តែMOUនេះ បានក្លាយជាសន្ធិសញ្ញាអន្តរជាតិរួចទៅហើយ ព្រោះ​បាន​ចុះ​បញ្ជី​តម្កល់​ទុក​នៅអង្គការសហប្រជាតិជាតិ ម្លោះហើយប្រសិនប្រទេសថៃ សម្រេចលុប​MOU​2000​ជា​ឯក​តោ​ភាគី នឹងបំពានកាតព្វកិច្ចអន្តរជាតិ និងអាប់ឱនកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ និងម្យ៉ាង​វិញ​ទៀត ​បើថៃលុបMOUនេះចោល កម្ពុជានឹងងាកមកប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម។ បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ដែរ​ថា ​ព្រំដែនគោកកម្ពុជា-ថៃ ត្រូបានកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ហើយការ​ចុះ​MOU​២០០០ ​ក៏យោងទៅលើសន្ធិសញ្ញាបារាំង-សៀមដែរ អញ្ចឹងបើប្រទេសថៃគ្រោងលុបMOUនេះ ​គឺ​ជា​ការ​មិនគោរពច្បាប់អន្តរជាតិ។ ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​កំពុង​តាម​ដាន​យ៉ាងយកចិត្តទុកដាក់ចំពោះករណីប្រទេសថៃចង់លុបMOU2000។ គួរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និង​ភាគី​ថៃ​ហៅ​MOU​43 គឺជាកិច្ចព្រមព្រៀងទ្វេភាគីផ្លូវការស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក រវាង​ប្រទេស​កម្ពុជា និងប្រទេសថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០០០ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ មានតម្លៃស្មើនឹងសន្ធិសញ្ញាព្រំដែន ដោយ​សារ​ត្រូវ​បាន​ចុះបញ្ជី និងតម្កល់ទុកយ៉ាងត្រឹមត្រូវនៅអង្គការសហប្រជាជាតិ៕ អត្ថបទ៖ទូច សោភ័ណ 

ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

2026/05/22 01:04:20 pm        302
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់​លទ្ធភាព​ក្នុង​ការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់​ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍​ប្រើ​ប្រាស់​​ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដែលមានភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព។​កម្មវិធី Bakong Tourists គឺជាកម្មវិធីទូទាត់ប្រាក់ឌីជីថល ដែលបង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដែល​អនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិ​ស្កេន​បង់​ប្រាក់​នៅ​តាម​ទីតាំង​លក់​រាយ​រាប់​លាន​កន្លែងទូទាំងប្រទេសកម្ពុជា ដោយលុបបំបាត់តម្រូវការយកសាច់ប្រាក់ ឬការ​ប្តូរប្រាក់ សម្រាប់​ភ្ញៀវទេសចរ។​ភ្ញៀវទេសចរបរទេសដែលមកពីប្រទេស អេស្បាញ់ និងអូស្ត្រាលី បាន​មកដើរកម្សាន្ត និងទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី រាជធានីភ្នំពេញ​ បានផ្តល់បទសម្ភាសន៍ជាមួយ BTV ថា ជាធម្មតា ពួកគេ​បាន​បង់​ប្រាក់​ជាសាច់ប្រាក់សុទ្ធ​ទៅកាន់អាជីវករ និងពេលខ្លះគឺបង់ប្រាក់តាមរយៈការឆូតកាត់។​ នៅ​ពេល​ណែ​នាំអំពីការប្រើប្រាស់​​កម្មវិធី Bakong Tourists គឺពួកគេបានចាប់អារម្មណ៍ជាខ្លាំង ដោយ​ពួក​គេ​នឹងសាងល្បងប្រើប្រាស់កម្មវិធីនេះ ដើម្បី​ងាយស្រួលដល់ការទូទាត់របស់ពួកគេ​ក្នុង​អំឡុង​ពេលដំណើរកម្សាន្ត​នៅកម្ពុជា​។​សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ដោយ​បានដាក់ឱ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេចរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយភ្ញៀវទេសចរដែលមកកម្ពុជា អាចទាញយកកម្មវីធីបាគងទេសចរ និង ភ្ជាប់​ជា​មួយ​ប័ណ្ណទូទាត់អន្តរជាតិ ដូចជា Mastercard និង VISA ដើម្បីទូទាត់ទំនិញនិងសេវាផ្សេងៗ ជាមួយ KHQR របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់។ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនផ្លូវការ និង​ជំរុញការទូទាត់ឌីជីថល ក្នុងគោលបំណងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង​លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបាន​ដាក់​ឱ្យ​ដំណើរ​កា​រគម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​តាម ហ្សូអរកួត (QR) ជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន ជប៉ុន និងសិង្ហបុរី ហើយគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងទូទាត់​ឆ្លងដែន​ទ្វេភាគី​ជាមួយ​ប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ និងបានចុះអនុស្សរណៈយោគយល់ជាមួយឥណ្ឌូណេស៊ី ព្រមទាំង កំពុងពិភា​ក្សា​តភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ជាបន្ទាន់ពាក់ព័ន្ធនឹងការផ្ទុះអាវុធជាថ្មីហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់រវាងភាគីទាំងពីរ

2026/05/22 12:44:19 pm        428
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ជាបន្ទាន់ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវបទឈប់បាញ់រវាងភាគីទាំងពីរ ខណៈនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានឮស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់ សុចរិតនូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេសការអនុលោមតាមចំនុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ផែនការចំណាយថវិការដ្ឋឆ្នាំ២០២៧ ទាបជាងឆ្នាំ២០២៦បន្តិច ប៉ុន្តែផ្ដោតលើវិស័យការពារជាតិជាចម្បង

2026/05/22 12:30:18 pm        230
ក្នុងឆ្នាំ២០២៧ខាងមុខនេះ ចំណាយសរុបថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬថយប្រមាណ ១.៨% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ខណៈរដ្ឋគ្រោងចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប្រមាណ ២.៧១% ស្នើនឹងប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំ។ នេះបើយោងតាមសារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។យោងតាមសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ, សេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូង (headwind) ចំនួន២ចម្បងៗនោះគឺការដាក់ឱ្យអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធចំនួន២លើក។ ជាកុសលសម្រាប់កម្ពុជា, ការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ពុំបានរំលេចនូវបច្ច័យអវិជ្ជមានណាមួយធំដុំលើសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នោះទេ, ដោយផ្ទុយទៅវិញបានជំរុញការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក ដោយសារការពន្លឿនការនាំចេញ (Front-loading) មុនអត្រាផ្លូវការចូលជាធរមាន ពោលក្នុងឆមាសទី១ឆ្នាំ២០២៥។ ក្រៅពីនេះក្រោយអត្រាពន្ធគយបដិការ ១៩% ដែលជាកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តាប្រទេសក្នុងតំបន់ចូលជាធរមានចាប់តាំងពី អំឡុងខែ សីហា ឆ្នាំ២០២៥កន្លងមកក៏ពុំបានបន្ទច់បង្អាក់ដល់ការនាំចេញកម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិកនោះដែរ ពោលទាំងផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលទីផ្សារផ្សេងទៀត តួយ៉ាង សហភាពអឺរ៉ុប ក៏នៅតែមានស្ថានភាពល្អប្រសើរ។ បើតាមសារាចរដដែលបង្ហាញថាការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ និងភាពតានតឹងជុំវិញបញ្ហាព្រំដែនបានបង្កជាបច្ច័យអវិជ្ជមានគួរឱ្យកត់សម្គាល់មួយចំនួនដល់សកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្ដែទោះយ៉ាងនេះក្តី, កម្ពុជាមានការលេចចេញនូវនិន្នាការថ្មីៗគួរឱ្យកត់សម្គាល់មួយចំនួនរួមមាន៖ ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក និងការបង្កើនសមត្ថភាព និងកម្លាំង ផលិតកម្មក្នុងស្រុក, ការបង្វែរទិសដៅដឹកជញ្ជូន (Re-routing) និងការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន, និងការធ្វើពិពិធកម្មនៃច្រវាក់តម្លៃពីទីផ្សារថៃ ពោលទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ពិសេសទេសចរណ៍។ ដូចនេះ, ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, ការជំរុញអនុវត្តឱ្យសម្រេចបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ, គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៧-២០២៩ បានកំណត់អាទិភាពសំខាន់ៗ ដំបូង គឺការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងធានាស្ថិរភាពនយោបាយ និងម៉ាក្រូ-សេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់កិច្ចការការពារអធិបតេយ្យជាតិនិងបូរណភាព ទឹកដី, ការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច, សមិទ្ធផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ននានា ក្នុងសង្គម។ ក្នុងនោះ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណចំណាយប្រមាណ ២.៧១% ស្នើនឹងប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំ សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន, ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃយុត្តិធម៌៕  

ក្រសួងបរិស្ថាន ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល» នៅខេត្តកែប

2026/05/22 11:51:08 am        345
ខេត្តកែប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល»។ ទិវានេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាង៤០០នាក់។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ជីវៈចម្រុះជាប្រភពជីវិត និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្សជីវៈចម្រុះ ដូចជា ការពង្រីកតំបន់ការពារធម្មជាតិ ការដាំដើមឈើ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ការចូលរួមពីសហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ។ឯកឧត្តមក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវចូលរួមការពារព្រៃឈើ សត្វព្រៃ ប្រភពទឹក និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ព្រមទាំងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការអភិរក្សជីវៈចម្រុះ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយទេ ប៉ុន្តែគឺជាភារកិច្ចរបស់ពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល»។គួរបញ្ជាក់ឱ្យដឹងថា ទិវាអន្តរជាតិជីវៈចម្រុះ (International Day for Biological Diversity - IDB) ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនាថ្ងៃទី២២ ខែឧសភា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ជីវៈចម្រុះសម្រាប់ជីវិតលើផែនដី។ នៅប្រទេសកម្ពុជា ជីវៈចម្រុះមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ សេដ្ឋកិច្ច ជាតិ ជីវភាពប្រជាពលរដ្ឋ និងវប្បធម៌ជាតិ។ ទោះយ៉ាងណា ក៏មានបញ្ហាប្រឈមជាច្រើន ដូចជា ការបាត់បង់ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗដែលបង្កឡើងដោយសកម្មភាពមនុស្ស។ ដូច្នេះ ការចូលរួមរបស់សហគមន៍ និងភាគីពាក់ព័ន្ធគឺជាចំណុចសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ដោយចីរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM
ទីក្រុងគីវ កាន់ទុក្ខកុមារអ៊ុយក្រែន ៧០៧នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ ២០២២
06/05/2026 08:06 PM
WFP៖ ជម្លោះមជ្ឈិមបូព៌ា ជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន
06/05/2026 08:06 PM