ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចងចាំ​ជានិច្ចនូវ​វីរភាព​អង់​អាច​របស់​វីរកងទ័ព​បូជា​ជីវិត​ការពារ​ទឹកដី

2026/01/19 11:28:48 am        278
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា  ការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំពោះវីរកងទ័ព និង​វីរនគរបាលជាតិ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ បានសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់​ដឹក​នាំ​នៃ​យើង និងប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ជានិច្ច​នូវ​វីរភាព​ដ៏​អង់​អាច​ក្លាហាន​របស់​វីរ​កង​ទ័ព និងវីរនគរបាលជាតិ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និង​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្ដែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៤ខ្នងទៀត ជូន​ក្រុម​គ្រួសា​រ​វីរ​ក​​ង​ទ័ពពលីក្នុងនោះផ្ទះថ្មី១ខ្នងត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និង​ផ្ទះ​ថ្មី​៣​ខ្នង​ទៀត​ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តមបន្តថា នេះជាសកម្មភាពជាបន្តបន្ទាប់ក្នុងចំណោមសកម្មភាពមនុស្សធម៌គ្រប់ទម្រង់ ដែ​ល​លោកជំទាវទី១របស់កម្ពុជាតែងតែធ្វើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។ ប៉ុន្តែ​អ្វីដែលគួរឱ្យកត់សម្គាល់ គឺរយៈ​ពេល​ចុង​ក្រោយ​នេះ​សកម្មភាព​ដ៏​លេច​ធ្លោ​មួយ​របស់​សម្តេ​ច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី, វីរ​យុទ្ធ​ជន​រងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរ​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ​ និងពលរដ្ឋភៀសឹក។ ឯកឧត្តម ប៉ែន បូណា រម្លឹកថា តមតាមការអំពាវនាវរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​សម្រេច​លើក​លែង​ការ​ប្រាក់​សរុប​មាន​ចំនួន ១០,៦ លានដុល្លារអាម៉េរិកស​ម្រាប់​គ្រួសារ​ជន​ភៀស​សឹក​ ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​មាន​ស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុប​ចោល​បំណុល​(ទាំង​ប្រាក់​ដើម ​ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិន​រង​របួស​ និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ ផងនិង​ជួយ​សម្រួល​ជីវភាព​ក្នុង​ពេលដែលពួកគេបាត់បង់ចំណូលផង។ នៅក្នុងសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏​បាន​សម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និង​វីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការ​បំពេញ​ភារកិច្ច​ដ៏​ឧត្តុង​ឧត្តម ដើម្បី​ការពារ​អធិប​តេយ្យ​ជាតិ ​និងបូរណភាពទឹកដី។ គុណូបការៈទាំងនេះពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយ​នឹង​ត្រូវបា​នចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់៕

ក្រសួងបរិស្ថានកម្ពុជា បដិសេធការ​ចុះផ្សាយ​របស់ថៃ​ថា​ការ​បំពុល​ខ្យល់​នៅ​ទីក្រុង​បាង​កក​មាន​ប្រភព​មក​ពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា

2026/01/19 11:00:38 am        158
ភ្នំពេញ៖ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន បដិសេធចំពោះការផ្សាយចោទប្រកាន់របស់កាសែតថៃ The Nation ដែលបាន លើកឡើងថា ការបំពុលខ្យល់នៅទីក្រុងបាងកក មាន​ប្រភព​មក​​ពី​ភ្លើង​ឆេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ក្រសួងបរិស្ថានកម្ពុជាបានលើកឡើងថា ឆ្លើយតបទៅនឹងអត្ថបទដែលមានចំណងជើងថា «​វិបត្តិ​នៃ​ការ​កើន​ឡើង​កម្រិត​ភាគ​ល្អិត​និចល PM2.5 នៅទីក្រុងបាងកក គឺ​ជា​ការ​រួម​ចំណែក​ពី​ភ្លើង​ឆេះ​ដែល​កើត​ឡើង​នៅក្នុ​ងប្រទេស​កម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia's Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលបាន​លើក​ឡើង​ថា ការបំពុលខ្យល់នៅទីក្រុងបាងកកគឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះ ដែល​កើត​មាន​នៅ​ក្នុងប្រទេសកម្ពុជា។ក្រសួងបរិស្ថាន បានបំភ្លឺដល់ស្ថាប័នសារព័ត៌មាន ជាពិសេស សារព័ត៌មាន The Nation និង​សាធារណ​ជន​ជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការយល់ដឹងត្រឹមត្រូវ និងស្ថាន​ភាព​នៃ​ការ​បំពុល​ខ្យល់​នៅ​ក្រុងបាងកក ដោយផ្អែកលើភស្តុតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយម ដូច​ខាង​ក្រោម៖១-ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺ​កើត​ឡើង ​ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុង​នោះ​ទី​ក្រុង​បាង​កក​មាន​ចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយ​ពី​សកម្មភាព​ឧស្សាហ​កម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។ ប្រភពទាំងនេះ រួម​ផ្សំ​ជាមួ​យ​នឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែល មិនអំណោយផល ដូចជាបាតុភូត​បញ្ច្រាស់​សីតុណ្ហ​ភាព​ (Temperature inversion) និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទី​យ៉ាង​សំខាន់​​ធ្វើ​ឱ្យ​សារធាតុ​បំពុល​ដែលមា​ន​ប្រភព​ក្នុង​ស្រុក​ប្រមូល​ផ្តុំ និងមានការកើនឡើងបង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។២-យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែ​នេះ​មិន​មានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១) កម្ពុជា​កំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មាន​ន័យ​ថា ​ទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅ​ក្នុង​ផែន​ទី​ទិស​ខ្យល់​របស់​មជ្ឈ​មណ្ឌល​ឧតុ​និយម​អាស៊ាន (ASMC) (២) អំឡុងពេលដែល ទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជា​បាន​និងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការ​ជួប​ប្រទះ​នឹង​ខ្យល់​ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបាន​រយៈ​ចម្ងាយ​ឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងនៃការដាក់លិខិតប្រកាសពន្ធប្រាក់ចំណូល ឆ្នាំជាប់ពន្ធ ២០២៥

2026/01/19 10:47:48 am        216
អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូនដំណឹងដល់លោក-លោកសី ជាអភិបាល បណ្ណាធិការ ឬ​កម្ម​សិទ្ធិ​ករ​របស់សហគ្រាស ជាអ្នក ជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ ការដាក់​លិខិតប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធ ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សេចក្តីជូនដំណឹង ស្តីពីការដាក់លិខិតប្រកាសពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​ជាប់​ពន្ធ២០២៥ ដល់អ្នកពាក់ព័ន្ធបាន​ជ្រាប អំពីកាតព្វកិច្ចដាក់លិខិតប្រកាស និង​បង់​ពន្ធ​លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ រួមមាន៖ សហគ្រាសត្រូវ ដាក់លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income- ToI e-Filing) តាមរយៈ​តំ​ណ​ភ្ជាប់​ www.tax.gov.kh/km/e-service ដោយត្រូវដាក់លិខិតប្រកាស និង​បង់ប្រាក់​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់​លិខិត​ប្រកាស ​និងបង់ពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយ​ពី​ដំណាច់​ឆ្នាំ​ជាប់ពន្ធ។ សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាស ពន្ធលើប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងគ្រប់សាខាទាំងអស់។ សហ​គ្រាស​ត្រូវ ប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ និងតារាងទ្រព្យ​សកម្ម​រយៈ​ពេល​វែង​របស់សាខានីមួយៗ ដោយវាយបញ្ចូល ទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហ​គ្រាស​ក្នុង​ស្រុក​។ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារ ដែល​ទទួល​បន្ទុ​ក​ការងារដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំ​ខែ​ប្រចាំឆ្នាំជំនួសមុខឱ្យអ្នក ជាប់ពន្ធ ត្រូវភ្ជាប់ (Upload) ចូលទៅ​ក្នុង​ប្រព័ន្ធ​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន​បុគ្គលិក ចំពោះបុគ្គលិកសហគ្រាស ឬលិខិតប្រគល់សិទ្ធិជា លាយលក្ខណ៍អក្សរ ពីអ្នក​ជាប់​ពន្ធ​ចំពោះ​ភ្នាក់​ងារសេវាកម្មពន្ធដារ។ គ្រប់សហគ្រាសទាំងអស់ ដែលមានកាតព្វ​កិច្ច​ដាក់​លិខិត​ប្រកាស ​និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំត្រូវភ្ជាប់ (Upload) ចូលទៅក្នុង​ប្រព័ន្ធ​នូវ​តារាង​តុល្យ​ការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)៕ អត្ថបទ៖ សុន រ៉ាឌី

អបអរសាទរបេក្ខជនជ័យលាភីសំណេរអង្គរ៣រូប អាយុ ១៨ឆ្នាំចុះក្រោម ឆ្នាំ២០២៦

2026/01/19 10:45:17 am        166
សៀមរាប៖ បេក្ខជន៣រូបអាយុ១៨ឆ្នាំចុះ ជាប់ជ័យលាភីសំណេរអង្គរលើកទី៣ នៅថ្ងៃទី១៨ មករា ២០២៦។ ក្នុងនោះ លោក សំ សក្តា មកពីខេត្តកណ្ដាល លេខ១ ដោយទទួលបានពានមាសសំណេរអង្គរ និងថវិកា៥លានរៀល។ ព្រះតេជគុណ សុខ សុវណ្ណបញ្ញា មកពីខេត្តបាត់ដំបង លេខ២ ទទួលបានពានប្រាក់មួយ ថវិកា៣លានរៀល និងលោក អ៊ិន សុវណ្ណារ័ត្ន មកពីខេត្តត្បូងឃ្មុំ លេខ៣ បានពានសំរឹទ្ធមួយ និងថវិកា២លានរៀល៕

អបអរសាទរដល់បេក្ខជនអាយុ១៩ឆ្នាំឡើង៣រូប ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦

2026/01/19 10:37:26 am        143
សៀមរាប៖ បេក្ខជន៣រូប អាយុ១៩ឆ្នាំឡើង ជាប់ជ័យលាភីសំណេរអង្គរលើកទី៣ នៅថ្ងៃទី១៨ មករា ២០២៦។ ក្នុងនោះ លោក វ៉ន វីដា មកពីខេត្តក្រចេះ ជាប់ជ័យលាភីលេខ១ ដោយទទួលបានពានមាសសំណេរអង្គរ និងថវិកា៥លានរៀល។ បេក្ខជនរូបនេះ ក៏ធ្លាប់ជ័យលាភីលេខ២ កាលពីរដូវកាលទី១ ឆ្នាំ២០២៤ផងដែរ។បេក្ខជន ម៉ក់ ខេមរិន្ទ ជ័យលាភីលេខ២ មកពីខេត្តសៀមរាប (អ្នកតំណាងឡើងទទួលពានជំនួស) ទទួលបានពានប្រាក់មួយ ថវិកា ៣លានរៀល ។ បេក្ខជន នូ សុវិទូ មកពីភ្នំពេញ ជ័យលាភីលេខ៣ បានពានសំរឹទ្ធមួយ និងថវិកា ២លានរៀល៕

ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីសម្រេចលើរបៀបវារៈចំនួន៣

2026/01/19 09:37:32 am        248
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បាន​អញ្ជើញ​ដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ​សម្រេច​លើ​របៀបវារៈ​ចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។២-ពិនិត្យ និងសម្រេចអំពីនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៣-ផ្សេងៗ។ឆ្លងតាមការពិនិត្យ​ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចខាងក្រោម៖ ១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ទៅឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងនាំយកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំពេញអង្គព្រឹទ្ធសភា។២-ការបោះឆ្នាតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា ខេត្តកោះកុង

2026/01/19 09:16:16 am        231
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​អនុ​ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បាន​អញ្ជើញ​សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន និងនិវត្ត​ជន​កម្ពុជា​ខេត្ត​កោះកុង​ចំនួន ៣០៣នាក់។ ក្នុង​ឱកាសនោះ សម្តេចក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន និងនិវត្តជន ក្នុងម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ១០ម៉ឺនរៀល អង្ករចំនួន១បាវតូច ស្មើ២៥គីឡូក្រាម និងក្រមាចំនួន១ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៦ រយៈពេលពីរថ្ងៃ នៅប្រទេសវៀតណាម

2026/01/19 08:49:54 am        239
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting - ADGMIN) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់រដ្ឋសមាជិកអាស៊ាន និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក ព្រមទាំងរវាងរដ្ឋសមាជិកនិងដៃគូ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥និងផែនការឆ្នាំ២០២៦។ ជាពិសេស នៅឆ្នាំនេះកិច្ចប្រជុំបានពិនិត្យរបាយការណ៍អនុវត្តផែនការមេឌីជីថលអាស៊ាន២០២៥ ព្រមទាំងអនុម័តនិងដាក់ឱ្យប្រើជាផ្លូវការផែនការមេឌីជីថលអាស៊ាន២០៣០ (ASEAN Digital Masterplan 2030) ដែលនឹងក្លាយជាឯកសារគោលសម្រាប់កិច្ចសហការឌីជីថលក្នុងតំបន់រយៈពេល៥ឆ្នាំទៅមុខ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយបណ្ដាប្រទេសរួមមានប្រទេសម៉ាឡេស៊ី ជប៉ុន វៀតណាម ទីម័រឡេស្តេ និងឡាវ ព្រមទាំងទទួលជួបជាមួយវិស័យឯកជននានា រួមមានការធ្វើទស្សនកិច្ចទៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន វៀតធែល។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការរដ្ឋាភិបាលឌីជីថលជាមួយ ឯកឧត្តម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងកំណត់ហេតុប្រជុំរួម ជាមួយ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូទាំងពីរក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យឌីជីថល រួមមានបញ្ញាសិប្បនិម្មិត ទូរសព្ទចល័តជំនាន់ទី៥ ប្លុកឆេន ក្លោដ និងរដ្ឋាភិបាលឌីជីថល។ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់កិត្តិយសផ្ដល់ពានរង្វាន់ឌីជីថលអាស៊ាន លើផ្នែកសេវាសាធារណៈ ដែលឆ្នាំនេះថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជាបានទទួលមេដាយមាស គួរជាទីមោទនៈ សម្រាប់បរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។គួរកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានជាកិច្ចប្រជុំធំបំផុតប្រចាំឆ្នាំផ្នែកឌីជីថលក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពីក្រសួងឌីជីថលរបស់គ្រប់សមាជិកអាស៊ាននិងដៃគូ ដើម្បីពិភាក្សាលើការវិវឌ្ឍនៃវិស័យឌីជីថលនិងកិច្ចសហការវិស័យឌីជីថល។ 

ផែប៉ុស្តិ៍សុខភាពចល័តភូមិព្រែកក្រ លើបឹងទ្លេសាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ សម្រួលការលំបាកប្រជាពលរដ្ឋ

2026/01/18 05:42:13 pm        177
ពោធិ៍សាត់៖ ផែប៉ុស្តិ៍សុខភាពចល័តព្រែកក្រ ស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិបណ្តែតទឹកព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) តាមរយៈឯកឧត្តមបណ្ឌិត ទី ថានីអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ត្រូវបានធ្វើពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមជួយលើកកម្ពស់សុខមាភាពនិងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ប្រជានេសាទ ដែលនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជនស្រុកបាកាន ។ពិធីប្រគល់-ទទួល សម្ពោធផែប៉ុស្តិ៍សុខភាពចល័តនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយស្រុកបាកាន លោក ចន និងភរិយារួមនិងក្រុមគ្រួសារ ដែលជាម្ចាស់ជំនួយ និងដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុកបាកាន លោកអភិបាលស្រុកបាកាន លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ផែប៉ុស្តិ៍សុខភាពចល័ត ដែលធ្វើពិធីប្រគល់-ទទួល និងសម្ពោធ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះសុខុមាលភាព របស់បងប្អូន ទោះបីជាបងប្អូនរស់នៅលើផ្ទះបណ្តែតទឹកដែលនៅឆ្ងាយពីដីគោកយ៉ាងណាក្តី ។ ភូមិសាស្ត្រតំបន់បឹងទន្លេសាប ជាពិសេសតំបន់ភូមិអណ្តែតទឹកនេះ មានភាពលំបាកបន្តិច សម្រាប់ការធ្វើដំណើរទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅលើគោក។ កត្តានេះហើយ ដែលធ្វើឱ្យបងប្អូនមួយចំនួន ជាពិសេសចាស់ជរា និងកុមារ ជួបការលំបាកក្នុងការ ទទួលបានការថែទាំសុខភាពឱ្យបានទាន់ពេលវេលា ។ មើលឃើញពីទុក្ខលំបាកនេះ ទើបរាជរដ្ឋាភិបាល ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរខេត្ត បានខិតខំសម្រេចឱ្យមាន ផែប៉ុស្តិ៍សុខភាពចល័ត នេះឡើងដោយមានមន្ត្រីសុខាភិបាលនិងគ្រូពេទ្យ ប្រចាំការ ។ ចាប់ពីពេលនេះតទៅ ប៉ុស្តិ៍សុខភាពនេះនឹងដើរតួនាទី យ៉ាងសំខាន់៖ ១. ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅបឋមជូនបងប្អូននៅមូលដ្ឋាន ២. ផ្តល់សេវាថែទាំសុខភាព មាតា និងទារក ព្រមទាំងថ្នាំបង្ការ ៣. ជាកន្លែងសង្គ្រោះបឋម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងករណី ធ្ងន់ធ្ងរ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ការទទួលបាននូវផែចល័តដែលជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តាមរយះ ឯកឧត្តមបណ្ឌិត ទី ថានី ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ដោយបង្ខិតសេវាអោយកាន់តែជិតប្រជាពលរដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋត្រូវបន្តទៅស្វែងរកសេវាថែទាំសុខភាពផ្សេងៗ រឺសម្រាលកូន នៅមណ្ឌលសុខភាពមេទឹកនារដូវវស្សា និងតំបន់ផ្សេងៗដូចជា ខេត្តសៀមរាប និង មណ្ឌលសុខភាពរាំងទិលនារដូវប្រាំង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះត្រូវចំណាយថវិកាច្រើនក្នុង ការទៅស្វែងរកសេវាថែទាំសុខភាពដែលស្ថិតនៅឆ្ងាយ និងប្រជាពលរដ្ឋមួយចំនួនសម្រាលកូន នៅទីនេះដោយឆ្មបបុរាណ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ហើយក៏មិនមានប្រព័ន្ធបញ្ជូនអ្នកជំងឺច្បាស់លាស់ទាន់ពេល ប្រកបដោយសុវត្ថិភាពដល់អ្នកជំងឺនៅឡើយ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) ដែលមានលោក ចន និងភរិយា រួមនិងក្រុមគ្រួសារ ដែលជាម្ចាស់អំណោយ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រួលការលបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលនេះគឺកាយវិការមនុស្សធម៌ដ៏មានតំលៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី (JGG) បានចូលរួមសកម្មភាពមនុស្សធម៌ក្នុងខេត្តពោធិ៍សាត់ កន្លងមកអង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទី តែងតែចូលរួមឧបត្ថម្ភ ផ្តល់អំណោយ និងកសាងសមិទ្ធផលនានាលើវិស័យអប់រំនៅខេត្តពោធិ៍សាត់ ។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រួមនិងក្រុមការងារចុះជួយស្រុកបាកាន បានប្រគល់ជូន ឈុតភ្លើងសូឡា និងទូកសម្រាប់ធ្វើដំណើររបស់ប៉ុស្តិ៍ផែសុខភាពចល័តព្រែកក្រ ងាយស្រួលផ្តល់សេវានិងជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

2026/01/18 04:38:39 pm        185
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្តបន្ទាយមានជ័យ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងការកោតសរសើរចំពោះការខិតខំរបស់ ឯកឧត្តម ឌិត ទីណា និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ដូចជា ការផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់ជាបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM