ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី

2026/01/17 12:26:13 pm        184
ដោយមានអារម្មណ៍សោកសៅជាពន់ពេកនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ត​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​វីរកងទ័​ព​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​សព​ នៅក្នុងមូលដ្ឋានខេត្តក្រចេះ។ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួល​ដល់​ការ​រស់​នៅប្រចាំថ្ងៃ៕

អាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់​យក​វត្ថុ​តាង​ជាង ៣០ម៉ឺនគ្រឿង

2026/01/17 12:20:12 pm        282
ភ្នំពេញ៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដែល​ក្មេង​ៗ​សិស្ស​សាលា​មួយចំ​នួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវ​លេខ​១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទ​ប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមាន​ការ​សម្រប​សម្រួល​នីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​បង្ក្រាប​កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន ២៦៨៥០៤ ម៉ាស៊ីន ក្បាលជក់ចម្រុះម៉ាក ចំនួន ៦៩៦១៥ក្បាល ទឹកVape (វេប) ចំនួន ៧៩២ ដប និងម៉ាស៊ីនកិនកញ្ឆា ចំនួន ៤៤៣ម៉ាស៊ីន ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើ​ការ​ទប់​ស្កាត់ និង​បង្ក្រាប​ជា​ច្រើន​កន្លែង​មក​ហើយ​។សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់​ប្រភេទ​ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយ​ពាណិជ្ជ​កម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះ​ស្រាយ​បញ្ហា​ឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាព​សាធារណៈ ​ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕ តារាវុទ្ធី

ទូតកម្ពុជាប្រចាំកូរ៉េ លើកទឹកចិត្តក្រុមហ៊ុន​AI បញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រ ជួយ​សម្រួល​ការ​លំបាក​ពលរដ្ឋខ្មែរ​ដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា

2026/01/17 12:00:38 pm        271
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ​បានលើកទឹកចិត្តដល់ក្រុមហ៊ុន AI ឱ្យ​បញ្ជៀប​សេវា​របស់​ខ្លួន​ទៅដល់ម្ចាស់រោងចក្រនានា ដើម្បីជួយសម្រួលដល់ការលំបាក​ដល់​បង​ប្អូន​ខ្មែរ​ដែល​ជួប​ប្រទះប​ញ្ហាក្នុ​ងការប្រើប្រាស់ភាសា។នៅ​ថ្ងៃ​ទី​១៦ ខែមករា​ ឆ្នាំ​២០២៦នេះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក NITISH KUMAR ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MEDNAATH ។ក្រុមហ៊ុន MEDNAATH ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការ​បក​ប្រែ​ភា​សាដោយផ្ទាល់ពេលដែលដៃគូសន្ទនាកំពុងនិយាយគ្នាតាមទូរស័ព្ទ ។ កម្មវិធី​នេះអា​ច​ជួយ​សម្រួល​ដល់​រនាំងភាសាសម្រាប់ជនបរទេសដែលនិយាយភាសាពីរផ្សេងគ្នា ដែលវា​មាន​សមត្ថភាព​បក​ប្រែបានរហូតដល់ ១៥០​ ភាសា ក្នុងនោះក៏មានភាសាខ្មែរផងដែរ។ ឯកឧត្តម ឯកអគ្គរាជទូត បានកោតសរសើរ​ចំពោះ​ក្រុម​ហ៊ុន​ដែល​បង្កើត​បាន​នូវ​បច្ចេក​វិ​ទ្យា​ដ៏​ល្អ​មួយ​ ដែលជួយសម្រួលដល់ជនបរទេស ពិសេសជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ ដែល​ពួក​គាត់​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ជន​ជាតិ​កូរ៉េ។​ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រនានា ដើម្បី​ជួយសម្រួលដល់ការលំបាកដល់បងប្អូនខ្មែរដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា ៕

កម្ពុជា-អង់គ្លេស ផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ពាក់ព័ន្ធការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/17 11:38:58 am        258
កម្ពុជា និងអង់គ្លេស បានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព។ការផ្លាស់ប្ដូរទស្សនៈ និងផែនការនេះ ធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស៍ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីប្រតិបត្តិការបង្ក្រាបទីតាំង និងមុខសញ្ញាសំខាន់ៗមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ពីជំហរម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើមេក្លោង និងបក្ខពួកដែលមានជាប់ពាក់ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសដែលពាក់ព័ន្ធ សំដៅធ្វើយ៉ាងណារួមគ្នា បង្ក្រាប បោសសម្អាត និងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនឆបោកឱ្យបានទូលំទូលាយ និងជាសកល។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលនៃប្រតិបត្តិការបង្ក្រាបទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗមួយចំនួននាពេលកន្លងមក ដែលលទ្ធផលនេះ គឺជាសក្ខីកម្មជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាការបង្ហាញទៅកាន់សកលលោកពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយភាពសកម្ម។ ភាគីអង់គ្លេសរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយប្រជាជនភៀសសឹកជាង ២ពាន់​គ្រួសារ​នៅ​ស្រុកក្រឡាញ់

2026/01/17 10:07:42 am        356
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២២០៥ គ្រួសារ មកពីតាមបណ្តាខេត្តចំនួន៥ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក​បាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរស​ជន​ជា​ច្រើន​រូប​បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់​អំណោយ​មនុស្ស​ធម៌ ជូនប្រជាជនភៀសសឹកចំនួន២២០៥គ្រួសារ (ស្មើនឹង៦៧៤៦នាក់) ដែល​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះមានមកពីខេត្ត ឧត្តរមានជ័យចំនួន១.៩១៧គ្រួសារ, បន្ទាយមានជ័យ​១៧៤​គ្រួសារ, បាត់ដំបង១៨គ្រួសារ, ប៉ៃលិន៤គ្រួសារ និង ព្រះវិហារ១គ្រួសារផងដែរ។  យោងតាមរបាយការណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារភៀសសឹកសរុបចំនួន ២០៩៦គ្រួសារ ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិតសម្រាល មាតា និងទារកសរុបចំនួន១០០៨នាក់ ដោយបានផ្តល់ជូនអំណោយជាសម្ភារៈ និង ថវិកាមួយចំនួន។ ដូច្នេះការរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជានាថ្ងៃនេះ គឺពិតជាបានបញ្ជាក់ឱ្យឃើញនូវសមានចិត្ត ការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចប្រធាន កាកបាទក្រហមកម្ពុជា សម្រាប់ប្រជាជនភៀសសឹកកំពុងស្នាក់នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប ហើយវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសដ៏វិសេសវិសាលនេះ គឺជាការលើកទឹកចិត្ត ក្នុងស្មារតីមនុស្សធម៌ ដើម្បីបម្រើឧត្តមប្រយោជន៍សេវាសាធារណៈស្របតាមផែនការរបស់រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និង សូមសម្តែងនូវកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះវីរៈភាព និង សកម្ម ភាពមនុស្សធម៌ សម្រាប់ប្រជាជនកម្ពុជា នាពេលកន្លងមក និងទៅថ្ងៃអនាគតពុំអាចកាត់ថ្លៃបាន។មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាជនភៀសសឹកទាំងអស់នាឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែង ចំពោះលោកយាយ លោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែង ព្រាត់ប្រាសក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បាននាំនូវព្រះរាជបន្ទូល និង ព្រះសវណីយ៍ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ របស់បង-ប្អូនប្រជានុរាស្ត្រ នៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួប លោកយាយ លោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធានបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយ រាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹក រស់នៅតាមបន្ទាត់ព្រំដែន ដែលធ្វើឱ្យបាត់បង់សេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងការសិក្សារបស់កូនៗ ចៅៗ។ ដោយមើលឃើញពីទុក្ខលំបាកទាំងអស់នេះហើយ ទើបថ្ងៃនេះ កក្រក បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនជូនបងប្អូន ដើម្បីជួយសម្រាលជីវភាពបានមួយគ្រាផងដែរ។ពាក់ព័ន្ធនិងបញ្ហាសុខភាពវិញ សម្ដេចកិត្តិព្រឹទ្ធ ប៊ុនរានី ហ៊ុនសែន បានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅតាមតំបន់ភៀសសឹក ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអានាម័យ និងពិសារទឹកដាំឆ្អិនជានិច្ច។ ត្រូវប្រយ័ត្នចំពោះកុមារតូចៗលេងទឹក ដែលមាននៅជិតៗកន្លែងស្នាក់នៅ នាំឱ្យគ្រោះថ្នាក់ជាយថាហេតុ ម្យ៉ាងទៀត រដូវនេះជារដូវរងា ត្រូវស្លៀកពាក់ និងដណ្តប់ភួយ រុំកន្សែង រឺក្រមា ឱ្យកូនៗតូចៗ រឺចាស់រាជ ខ្លាចក្រែងកើតជំងឺផ្តាសសាយ សូមប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារប្រសើរជាងព្យាបាល»។ ចំពោះសុខភាពមាតា និងទារកវិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យផ្ទៃពោះ តាមការកំណត់របស់ពេទ្យ យ៉ាងតិចបួនដងមុនពេលសម្រាល បើទោះបីជាខ្លួន ធ្លាប់បានសម្រាលកូនទី១ ឬ ទី២ ឬទី៣ មិនមានបញ្ហាអីក៏ដោយ ត្រូវទៅរកគ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ដើម្បីការពារអាយុជីវិត និងសុខភាពម្តាយ និងកូន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ នៅពេលដែលត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។ប្រជាពលរដ្ឋភៀសសឹកទាំងអស់ មានក្តីរំភើបនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់ពួកគាត់ ដោយមិនមានការរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែងដូចក្នុងឱកាសនេះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ឆៃប៉ូវ២កំប៉ុង (ស្មើនឹង ២គីឡូក្រាម), ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា១ដប, ភេសជ្ជៈបាកាស៦កំប៉ុង, ឃីត (សារុង១ ក្រមា១ មុង២ ភួយ២) ១ឃីត, នំប៉័ង ១ដើម, ទឹកបរិសុទ្ធ១ដប និងថវិកា៣ម៉ឺនរៀល។ដោយឡែកបន្ថែមពីលើការផ្តល់អំណោយជូនប្រជាជនភៀសសឹកចំនួន ២២០៥គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ស្បៀង និង សម្ភារ ៧៩៥ឈុត (ស្មើនឹង ៧៩៥គ្រួសារ), ភួយចំនួន ៣០០០ភួយ, មុងអង្រុតចំនួន ៥០០មុង, ទឹកបរិសុទ្ធ វី-អាកទីវចំនួន ៣០០០កេស និងភេសជ្ជៈ វី-កូឡា ចំនួន ៣០០០កេស ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ទៅតាមការចាំបាច់ផងដែរ ដែលពិធី ប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ នៅសាលាខេត្តសៀមរាប។សូមបញ្ជាក់ថា ស្បៀង សម្ភារ និង ថវិកាខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ ភួយ ជាអំណោយរបស់ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC), មុងអង្រុត និងភួយ ជាអំណោយរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា, ភេសជ្ជៈបាកាស ជាអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង និង លោកជំទាវ ស៊ីម សុនិមល, នំប៉័ងនិងទឹកសុទ្ធ ជាអំណោយរបស់ សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។សូមជម្រាបជូនផងដែរថា ឆ្លៀតក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនេះដែរ       សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ ក៏បានអញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅក្នុង វត្តបូទុម្មរតនញ្ញាណ (ហៅវត្តស្រណាល) ដែលនៅជិតនោះ ក្នុងនោះទេយ្យទានសម្រាប់ប្រគេនវត្តរួមមាន៖ អង្ករ២០០គីឡូក្រាម, មី២០កេស, ត្រីខ៣កេស, សាច់ក្រក១០គីឡូក្រាម, ត្រីងៀត១០គីឡូក្រាម, ឆៃប៉ូវ២០កំប៉ុង (ស្មើនឹង២០គីឡូក្រាម), ប្រេងឆា២កេស (ស្មើនឹង២៤ដប), ស្ករស២០គីឡូក្រាម, ទឹកដោះគោខាប់២កេស, កាហ្វេហ្គោរូស១០ថង់ (ស្មើនឹង៥០០កញ្ចប់តូច), តែ១០គីឡូក្រាម, ភេសជ្ជៈ វី-កូឡា១០កេស, ទឹកបរិសុទ្ធ វី-អាកទីវ១០កេស, និងថវិកា៥លានរៀល។ ដោយឡែកប្រគេនព្រះចៅអធិការវត្ត សាដក១ និងបច្ច័យ១លានរៀល, ប្រគេនព្រះសង្ឃគង់អម៦អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ៤០ម៉ឺនរៀល ព្រមទាំងជូនតាអាចារ្យ៤នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល និងជូនតាជីយាយជី១៣នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា៥ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំង ក្នុងការតាមដាន និងលុបបំបាត់ការឆបោកអនឡាញ (on-line scams)

2026/01/16 08:24:17 pm        178
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសរុបចំនួន៩៥នាក់ មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឯកឧត្តមបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌបឹងកេងកងទាំងអស់ ដែលខិតខំផ្តល់សេវាសាធារណៈសន្តិសុខ សុវត្ថិភាព និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ការខិតខំរបស់អាធរសង្កាត់ និងខណ្ឌ បានធ្វើឱ្យខណ្ឌបឹងកេងកង ជាខណ្ឌសម្បូរទៅដោយតំបន់ទីប្រជុំជន ហាងអាហារចំរុះជាតិសាសន៍ និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំងក្នុងការតាមដាន និងលុបបំបាត់ការឆបោកអនឡាញ (on-line scams) ។ ការឆបោកអនឡាញនេះ កើតឡើងនៅច្រើនប្រទេស ទាំងនៅអាស៊ី អាម៉េរិក អាហ្រ្វិក និងមានយូរណាស់មកហើយ។ ដូច្នេះយើងត្រូវរួមគ្នា លុបបំបាត់អំពើឆបោកនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ទេសចរ មកកំសាន្តនៅប្រទេសយើងច្រើនថែមទៀត។ ឯកឧត្តមបណ្ឌិត បានបន្ថែមថាក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាទាំងកត្តាខាងក្រៅ និងខាងក្នុង យើងត្រូវរួបរួមសាមគ្គីភាព និងខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីធានាប្រក្រតីភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។ ជាពិសេសត្រូវខិតខំសម្រេចឱ្យបានតាមការសន្យាទាំង៧ ចំណុច ដែលបានឃោសនាបោះឆ្នោតកន្លងមក និងមាននៅក្នុងគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ឆ្នាំ២០២២-២០២៧។ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ និងអ្នកចូលរួម នូវចំណុច ៣ សំខាន់ៗ៖• សុខសុវត្ថិភាព៖ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសលុបបំបាត់ការឆបោកអនឡាញ។• សុខភាព៖ កម្ពុជាបានឈានហួសពីដំណាក់កាលនៃការហូបដើម្បីឆ្អែត ទៅជាការហូបដើម្បីភាពមាំមួននៃរាងកាយ និងខួរក្បាល។ • សមត្ថភាព៖ ត្រូវបង្កើនសមត្ថភាពភាសាបរទេសដល់កុមារកម្ពុជា ដូចជាភាសាអង់គ្លេសជាដើម ដែលជាស្ពានចម្លងទៅឱកាសដ៏ទូលំទូលាយក្នុងពិភពលោក។

លោកជំទាវបណ្ឌិត អញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់គោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី និងវីរនគរបាលជាតិពលី

2026/01/16 08:12:50 pm        250
ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលជាតិ ដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងទឹកចិត្តសោកសៅជាពន់ពេកចំពោះការបាត់បង់នូវធនធានរបស់ជាតិ ។ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ជាតម្លៃតបស្នង រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង ។សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗរហូតដល់បញ្ចប់បរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ និងការរៀបចំគម្រោងមូលនិធិសម្រាប់ជួយជីវភាពដល់ក្រុមគ្រួសារនៃវីរយុទ្ធពលី។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕

កម្ពុជាជាប់ចំណាត់ថ្នាក់សកល លេខ១១៨ ខណៈឆ្នាំ២០២៤ លេខ១៤៥ អំពីបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

2026/01/16 08:07:45 pm        173
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញ សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវលើការចាប់យកបញ្ញាសិប្បនិម្មិតជាឧបករណ៍យុទ្ធសាស្ត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រឹងមូលធនជំនាញ ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តអំណោយផល ការលើកទឹកចិត្តផ្នែកនវានុវត្តន៍និងធុរកិច្ចថ្មី និងការជំរុញប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក.ប.ទ. និងក្រសួង ស្ថាប័នពាក់ព័ន្ធសម្រេចបានសមិទ្ធផលសំខាន់ៗ មានដូចជា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ការដាក់ចេញនូវរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ការរៀបចំឯកសារសំខាន់ៗ ដូចជា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្មវិធីបកប្រែ TranslateKH កម្មវិធីសារិកា (Sarika) កម្មវិធីម៉ាស៊ីនបកប្រែខ្មែរប្រៃយ៍ (Khmer Braille) កម្មវិធីបំប្លែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer ASR) កម្មវិធីខ្មែរ Fastype និងថ្នាលបញ្ញា សិប្បនិម្មិតកម្ពុជា (https://ai.gov.kh)។ ក.ប.ទ. សង្ឃឹមជឿជាក់ថា កម្ពុជានឹងអាចទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរបន្ថែមទៀតនៅពេល ដែលមជ្ឈមណ្ឌលទិន្នន័យជាតិ និងម៉ូឌែលភាសាខ្មែរធំ (Khmer LLM) ត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។ ក.ប.ទ. សូមអំពាវនាវដល់គ្រប់តួអង្គនៃប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត ចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ឱ្យបានកាន់តែសកម្មថែមទៀតដើម្បីរក្សាគន្លងលទ្ធផលវិជ្ជមាននេះព្រមទាំងរួមចំណែកពន្លឿនដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ ទទួលឱវាទសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ពីពាក្យថាស្រឡាញ់ជាតិ ត្រូវមានបញ្ញា

2026/01/16 08:03:14 pm        164
សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ និងឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចូលរួមស្តាប់ឱវាទសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា ពីពាក្យថា ស្រឡាញ់ជាតិ ត្រូវមានបញ្ញា ហើយក្នុងនាមជាយុវជន ត្រូវតែមានបញ្ញាទើបអាចជួយប្រទេសជាតិបាន។ មានសង្ឃដីកាដល់ប្រតិភូយុវជនោះជំរំជាសកលលើកទី១១ នៅជើងភ្នំគូលែន និងឯកឧត្តម    បណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ដើម្បីស្រឡាញ់ប្រទេសជាតិបាន លុះត្រាយុវជនម្នាក់ៗ ត្រូវមានបញ្ញាជ្រៅជ្រះ ព្រោះបញ្ញាជាពន្លឺបង្ហាញផ្លូវជីវិតសម្រាប់ថ្ងៃអនាគត ហើយប្រទេសជាតិមួយដែលអាចរីកចម្រើន និងមានសុខសន្តិភាព លុះត្រាប្រជាជនមានបញ្ញា ហើយបញ្ញានេះសំខាន់ណាស់ ដូចនេះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឱ្យយុវជនទំាងអស់ ត្រូវខិតខំរៀនសូត្រឱ្យក្លាយជាបណ្ឌិត ដែលមានបញ្ញាជួយបម្រើប្រទេសជាតិ ហើយកាលណាមានបញ្ញា នឹងមិនមានសត្រូវណាមកមាក់ងាយឡើយ ក្នុងនោះត្រូវតែចេះរួបរួមសាមគ្គីគ្នា ដូចជាក់ស្តែងកាលពីកន្លងមកនៅពេលប្រទេសថៃ ឈ្លានពានប្រទេសកម្ពុជា ឃើញប្រជាជន យុវជន ព្រះសង្ឃ និងប្រជាជាតិខ្មែរចេះរួបរួមសាមគ្គីគ្នាល្អណាស់ ការរួបរួមសាមគ្គីគ្នា មិនមានសត្រូវឯណាមកបំផ្លាញប្រទេសជាតិយើងបានឡើយ ត្រូវរួបរួមគ្នាឱ្យក្លាយជាកូនខ្មែរតែមួយ៕ សូមបញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយកម្មវិធីបោះជំរំនេះ នឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី១៧ មករា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមនឹងអន្តរក្រសួង៕

គណៈអភិបាលខេត្តឧត្ដរមានជ័យ ប្រជុំវាយតម្លៃសុវត្ថិភាព ដើម្បីទទួលពលរដ្ឋសង្កាត់អូរស្មាច់ ត្រឡប់មកលំនៅឋានវិញ

2026/01/16 07:54:33 pm        168
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅគេហដ្ឋានវិញដោយភាពកក់ក្ដៅ។ឯកឧត្ដម មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាថាគ្រប់ច្រកល្ហកក្នុងសង្កាត់អូរស្មាច់ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព គ្មានការរំខាន ឬហានិភ័យណាមួយកើតឡើងជាថ្មី ជាពិសេសពិនិត្យមើលស្ថានភាពផ្ទះសំបែង និងការផ្គត់ផ្គង់ទឹក-អគ្គិសនី ដើម្បីឱ្យការរស់នៅឡើងវិញរបស់ពលរដ្ឋមានភាពងាយស្រួល និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការបង្ការនានា ប្រសិនបើមានតម្រូវការចាំបាច់ក្នុងអំឡុងពេលពលរដ្ឋត្រឡប់មកវិញផងដែរ។ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវឈរជើងប្រចាំការ ២៤/២៤ម៉ោង ដើម្បីការពារសន្តិសុខជូនបងប្អូន។ ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺជាបន្ទុកដែលអាជ្ញាធរត្រូវដោះស្រាយភ្លាមៗ ដោយមិនត្រូវទុកឱ្យបងប្អូនមានអារម្មណ៍ភ័យខ្លាច ឬឯកោឡើយ"។គួរបញ្ជាក់ផងដែរថា ការសម្រេចឱ្យប្រជាពលរដ្ឋត្រឡប់មកលំនៅឋានវិញនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដើម្បីធានាថាមិនមានការគំរាមកំហែងណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM
អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM