ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព នៅខេត្តសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍

2026/01/16 07:24:34 pm        163
ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីអង្គរខេត្តសៀមរាប, នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ក្នុងឱកាសនៃពិធីបួងសួងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសកុសលជូនដល់វីរយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅរហូតមកដល់បច្ចុប្បន្ន ហើយសូមដួងព្រលឹងដូនតាខ្មែរ បន្ដអភិបាលគ្រងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឱ្យបានសុខសប្បាយ រីកចម្រើនជារៀងដរាប។ក្នុងឱកាសបួងសួងនាថ្ងៃនេះ សូមបារមីព្រះអង្គចេកព្រះអង្គចម និងលោកយាយទេព ព្រមទាំងទស្សបរមី វត្ថុស័ក្តិសិទ្ធិ ឬទ្ធិបារមីនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ សូមប្រសិទ្ធពរជ័យ តាមជួយបីបាច់គ្រងរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមជួបប្រទះតែនឹង ព្រះពុទ្ធមង្គលពរ ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សិង្ហបុរី ចាត់បញ្ជូននាយទាហានចំនួន ២រូប ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT

2026/01/16 07:09:29 pm        250
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានចំនួន ២រូប គឺ វរសេនីយ៍ត្រី Li Yiming និងព្រិន្ទបាលឯក Toh Wee Chiang មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អគ្គនាយកគយកម្ពុជាណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ,ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត

2026/01/16 07:07:21 pm        140
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖១. អនុវត្តតួនាទី និងភារកិច្ចដោយឈរលើគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។២. ហាមប្រើប្រាស់តួនាទី និងអំណាចផ្តល់ដោយច្បាប់ ស្តីពីគយទៅអនុវត្ត ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត។៣. ក្នុងពេលបំពេញការងារត្រូវពាក់ឯកសណ្ឋានត្រឹមត្រូវ និងហាមដាច់ខាតមិនត្រូវឲ្យមានជនស៊ីវិលដើរតួនាទីជំនួសទោះ ក្នុងរូបភាពណាក៏ដោយ។៤. ក្នុងពេលបំពេញការងារ ទាំងក្នុងការិយាល័យ និងទាំងក្នុងពេលជំរុញការអនុវត្តច្បាប់, ត្រូវមានអាកប្បកិរិយា និងពាក្យសំដីថ្លៃថ្នូរ។៥. ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។៦. ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការប្រជុំផ្សព្វផ្សាយ និងអប់រំណែនាំដល់មន្ត្រីភ្នាក់ងារក្រោមឱវាទ អំពីការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា ។៧. លេខាធិការដ្ឋាន (ការិយាល័យសវនកម្មផ្ទៃក្នុង) និងនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវតាមដានជាប្រចាំអំពីការអនុវត្តសេចក្ដីណែនាំនេះ។មន្ត្រីប្រព្រឹត្តល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជានឹងត្រូវរងវិន័យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធផ្សេងទៀតជាធរមាន៕

“ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឈ្នះមេដាយមាស នៅក្នុងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៦

2026/01/16 06:45:21 pm        170
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា - Cambodia Digital Social Protection Platform” ឈ្នះមេដាយមាស នៅក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ដែលរៀបចំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (The 6th ASEAN Digital Ministers’ Meeting – ADGMIN 2026) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ ប្រទេសសមាជិកអាស៊ានទាំង១១ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក រួមមាន៖ ១. ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២. ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣. ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤. ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥. ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦. ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។ ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក ជាលទ្ធផល “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ដែលអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ។គួរបញ្ជាក់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាថ្នាលឌីជីថលសម្រាប់ចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស និងពុលផ្សែងក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤

2026/01/16 05:50:47 pm        214
បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួននៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ, នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង

2026/01/16 05:38:02 pm        178
ក្រោយទទួលបានអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់យោធិន ឈ្មោះ ភឹម ផន អាយុ ៦៤ឆ្នាំ រស់នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។បន្ទាប់ពីពិនិត្យឃើញពីការលំបាក ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យគណៈកម្មាធិការសមាគមខេត្តដឹកនាំក្រុមការងារចុះសាងសង់ផ្ទះ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយផ្ទះខាងលើនេះ នឹងសាងសង់លើដីរបស់អតីតយុទ្ធជន ដែលកំពុងរស់នៅសព្វថ្ងៃ ផ្អែកតាមសំណូមពររបស់យោធិន និងក្រុមគ្រួសារ។ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីប្រតិភូអម, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឯកអគ្គរាជទូតចក្រភពអង់គ្លេសកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលប្រតិបត្តិការបង្ក្រាបទីតាំង និងក្រុមឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា

2026/01/16 04:58:44 pm        148
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស៍ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីប្រតិបត្តិការបង្ក្រាបទីតាំង និងមុខសញ្ញាសំខាន់ៗមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ពីជំហរម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើមេក្លោង និងបក្ខពួកដែលមានជាប់ពាក់ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសដែលពាក់ព័ន្ធ សំដៅធ្វើយ៉ាងណារួមគ្នា បង្ក្រាប បោសសម្អាត និងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនឆបោកឱ្យបានទូលំទូលាយ និងជាសកល។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលនៃប្រតិបត្តិការបង្ក្រាបទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធសំខាន់ៗមួយចំនួន នាពេលកន្លងមក ដែលលទ្ធផលនេះ គឺជាសក្ខីកម្មជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាការបង្ហាញទៅកាន់សកលលោកពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយភាពសកម្ម។ ភាគីអង់គ្លេស៍រីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។  ភាគីទាំងពីរបានបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព៕

អ៊ែរអេស៊ា ខេមបូឌា សហការជាមួយ​រោងភាពយន្ត លេជេន ដើម្បីពង្រីកវិសាលភាពទីផ្សារក្នុងស្រុក

2026/01/16 04:48:08 pm        118
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាផ្លូវការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា។ នេះគឺជា កិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗចំនួនពីរក្នុងវិស័យអាកាសចរណ៍ និងការកម្សាន្ត។  ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និងការរួបរួមរវាងក្រុមហ៊ុនទាំងពីរ តាមរយៈ គំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក (cross-promotional)។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះមានគោលបំណងបង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា។រយៈពេលមួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរនឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនយុទ្ធនាការកម្សាន្ត បែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្ន្កកទស្សនានិងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យពាណិជ្ជកម្មនៃប្រទេសកម្ពុជាផងដែរ។លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការសាទរ និងមានប្រសាសន៍ថា៖ “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់ទំនាក់ទំនងប្រជាជាតិទៅកាន់ពិភពលោក រីឯរោងភាពយន្ត លេជេន បានតភ្ជាប់ទំនាក់ ទំនងសាធារណជនទៅកាន់ការកម្សាន្តដែលមានគុណភាព។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់តែមានភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកវិសាលភាពទីផ្សារឱ្យកាន់តែទូលំទូលាយ” ។លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ​ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈ​សំខាន់នៃភាពជាដៃគូថា៖ “នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់រោងភាពយន្តលេជេន ក្នុងការសហការ ជាមួយក្រុមហ៊ុនដែលមានសេវាកម្មល្អ និងការទុកចិត្តពីអន្តរជាតិ។ កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេស វិសាលជូនដល់អតិថិជនរាប់លាននាក់ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស។ យើងជឿជាក់ យ៉ាងមុតមាំលើការរីកចម្រើនដ៏លេចធ្លោរវាងក្រុមហ៊ុនទាំងពីរ”។កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រដល់វិស័យអាកាសចរណ៍ និងការ កម្សាន្តនៅកម្ពុជា។​ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការ​កម្សាន្តដែលមានគុណភាព អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ។

ក្រុមហ៊ុន Orkide Development បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប ​ដ៏ធំផ្តាច់គេ ស្អាតជាងគេ និងដ៏មានសក្តានុពលបំផុត នៃគម្រោង Orkide The Botanic City ក្នុងតំបន់ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ

2026/01/16 04:37:40 pm        485
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន Orkide Development បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយទៀតនៃគម្រោង Orkide The Botanic City គឺ “មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប (The Botanic Sport Complex)” ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា ជា អគ្គនាយិកា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Orkide Development ព្រមទាំងវត្តមានអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ក្រុមហ៊ុន រួមទាំងអតិថិជននៃគម្រោងនេះផ្ទាល់ និងភ្ញៀវកិត្តិយសទាំងអស់។ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹប​ នឹងក្លាយជាគោលដៅនៃសកម្មភាពកីឡាគ្រប់ប្រភេទ និងលំហែកំសាន្តថ្មីមួយ ចូលរួមលើកកម្ពស់មុខ​មាត់ខណ្ឌជ្រោយចង្វាររបស់យើង។ មជ្ឈមណ្ឌលពហុកីឡានេះ ត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិ ស្ថាបត្យកម្មទំនើប ប្រកបដោយបរិយាកាសបៃតង និងភាពច្នៃប្រឌិត។​The Botanic Sport Complex ជាទីកន្លែងផ្តល់ជូននូវពហុកីឡា រួមមាន៖ តារាងបាល់ទាត់ បាល់ទះ បាល់បោះ វាយសី​ (Badminton) វាយកូនបាល់ (Tennis) វាយពីង​ប៉ុង  និងកីឡាដទៃទៀត។ មានទីលានបាល់ទាត់រហូតដល់ទៅ ៣ ដែលអាចបំពេញគ្រប់តម្រូវការប្រកួតទាំងខ្នាតតូច និងខ្នាតធំ បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីកីឡា ទីនេះក៏ជាទីកន្លែងលំហែកំសាន្ត រួមមាន៖ ផ្សារសហគមន៍ ហាងកាហ្វេ និងភោជនីយដ្ឋានផង   ដែរ។ The Botanic Sport Complex គឺជាផ្នែកមួយនៃគម្រោងមេ Orkide The Botanic City ដែលបាននិងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Orkide Development។ គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ ហិចតា   អមដោយទន្លេសងខាងធំៗពីរគឺ ទន្លេសាប និងទន្លេមេគង្គ ដែលផ្តល់នូវបរិយាកាសត្រជាក់ និងស្រស់ស្រាយ។ គម្រោងនេះត្រូវបានបែងចែកជាច្រើនផ្នែកទៀតរួមមាន៖ The Greenery, The Evergreen, The Garden, The Green Tree, Town Avenue, និងផ្នែក The Palace និង​សួនច្បារបៃតង អមដោយបឹងសិប្បនិម្មិតដ៏ធំផងដែរ។ នេះជាគម្រោងដ៏មានសក្តានុពល​ ស្អាតដាច់គេ​ ធំជាងគេ​នៅក្នុងតំបន់​ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធា រណៈសំខាន់ៗជាច្រើនខ្សែរួមមាន៖ មហាវិថីស៊ូកាណូ មហាវិថីឈ្នះៗ មហាវិថីអាលីអាឡាតាស និងផ្លូវជាតិលេខ៦អា ព្រមទាំងភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណប OCIC និងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។ ជាពិសេស​គម្រោង Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប ​និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោង ប្រមាណជាង ៣០០០គ្រួសារ។ក្នុងឱកាសកម្មវិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុកីឡាថ្មីនេះ គម្រោងក៏មានការផ្តល់ជូននូវលក្ខខណ្ឌ     ពិសេសៗ ជូនអតិថិជនគឺ ការទូទាត់ដោយឥតការប្រាក់រហូតដល់៣៦ខែ​ ព្រមទាំងសហការជា​មួយធនាគា​ដែរមានអត្រាការប្រាក់ទាបត្រឹមតែ6.2%ក្នុងមួយឆ្នាំរយះពេលដល់ទៅ២០ឆ្នាំ និងការផ្តល់ជូនកាដូ iPhone 17 Pro Max រាល់ការទិញគម្រោងណាមួយរបស់បុរី ការផ្តល់ជូននេះរហូតដល់ ថ្ងៃទី៣១ មករា ២០២៦។ សម្រាប់ពត៌មានលំអិតទំនាក់ទំនង ទូរសព្ទលេខ 098 733 333​ ឬហ្វេសបុក ៖ https://www.facebook.com/orkide.development ​

ក្រុមការងារក្រសួងកសិកម្ម និង ASPIRE-AT ចុះពិនិត្យវឌ្ឍនភាព និង​លទ្ធភាព​បន្ថែម​ទីតាំង​ផលិត​ស្បៀង​អាហារជូនជនភៀសសឹក និងកងទ័ពនៅសមរភូមិមុខ

2026/01/16 04:01:25 pm        296
ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ ២០២៦ ឯកឧត្ដម មាស ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជ​កម្ម​ផលិត​ផល​កសិកម្ម (ASPIRE-AT) អមដំណើរដោយ ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋ​លេខា​ធិការ និងក្រុមការងារកម្មវិធី ASPIRE-AT បានទៅពិនិត្យវឌ្ឍនភាព និងលទ្ធភាព​បន្ថែម​ទីតាំង​ផលិត​ស្បៀង​អាហារ (បន្លែត្រី សាច់ និងស៊ុត) ជូនជនភៀសសឹក និងកងទ័ពនៅសមរភូមិមុខ ព្រម​ទាំងរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាជន ដែលរងគ្រោះដោយសារសង្គ្រាម នៅខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ។ ក្រុមបេសកកម្មបានសិក្សា ស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងសក្តានុពល ដោយសហការ និងពិគ្រោះជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរ​ស្រុក និងឃុំ និងមន្ត្រីកសិកម្មឃុំ សង្កាត់ ហើយកំណត់ជម្រើសសមស្រប និង​មាន​និរន្តរភាព​មួយ​ចំនួន ឱ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនស្ទាក់ស្ទើរជួយលីបង់ទប់ទល់​ការឈ្លានពានខុសច្បាប់របស់អ៊ីស្រាអែលឡើយ
06/01/2026 07:06 PM
នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
06/01/2026 07:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
06/01/2026 07:06 PM
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល
06/01/2026 07:06 PM
EU ត្រៀមរួច​ជាស្រេច ដើម្បី​រួមចំណែក​ដល់​កិច្ចព្រមព្រៀងដែល​អាច​មាន រវាង​អាមេរិក និងអ៊ីរ៉ង់
06/01/2026 07:06 PM
សមាជិកព្រឹទ្ធសភាហ្វីលីពីន ប្រគល់ខ្លួនជូនសមត្ថកិច្ច ក្រោយការចោទប្រកាន់ករណីពុករលួយ
06/01/2026 07:06 PM
អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែលព្រមានអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ
06/01/2026 07:06 PM
ចិនចូលរួមរំលែកទុក្ខចំពោះហេតុការណ៍ផ្ទុះគ្រាប់សម្លាប់មនុស្ស ៥៥នាក់នៅមីយ៉ាន់ម៉ា
06/01/2026 07:06 PM
ម៉ាឡេស៊ី​ហាម​កុមារអាយុក្រោម ១៦ឆ្នាំ មិន​ឲ្យ​បង្កើត​គណនី​បណ្ដាញ​សង្គម
06/01/2026 07:06 PM