ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

យុវជនបោះជំរំជាសកលលើកទី១១ សោកស្តាយចំពោះទង្វើថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារ និងតាក្របីកម្ពុជា

2026/01/16 03:59:58 pm        295
យុវជនបោះជំរំជាសកលលើកទី១១ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រាសាទព្រះវិហារ និងប្រាសាទតាក្រីរបស់កម្ពុជា ដែលប្រទេសថៃ ពិសេសគឺយោធាថៃ ដែលបានបាញ់បំផ្លាញ ហើយពួកគេពិតជាឈឺចាប់ និងសូមថ្កោលទោសចំពោះទង្វើអសីលធម៌បែបនេះ។បញ្ជាក់ប្រាប់ BTV ខណៈប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានទៅទស្សនាប្រាសាទមេបុណ្យខាងកើត ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តំណាងយុវជន២រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ពេលបានឃើញប្រាសាទមេបុណ្យខាងកើត ដែលមានភាពអស្ចារ្យ និងស្រស់ស្អាត ក្នុងនោះពេលបានទស្សនាប្រាសាទកម្ពុជាបែបនេះ ពួកគេបានសម្តែងការសោកស្តាយជាពន់ពេក ចំពោះ ទង្វើសាហាឃោរឃៅ ដែលបានបាញ់ និងទម្លាក់គ្រាប់បំផ្លាញប្រាសាទព្រះវិហារ និងប្រាសាទតាក្របីរបស់កម្ពុជា ហើយពួកគេពិតជាឈចាប់ និងសោកស្តាយជាខ្លាំង ដូចនេះពួកគេសូមថ្កោលទោសចំពោះទង្វើសាហាវឃោរឃៅ អមនុស្សធម៌ និងស្នើសូមឱ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និងផ្ទល់យុត្តិធម៌ឱ្យកម្ពុជាវិញផង។ក្នុងថ្ងៃជាមួយគ្នានេះផងដែរប្រតិភូបោះជំរំជាសកលលើកទី១១ ក៏បានទៅធ្វើកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាមេបុណ្យ ដោយបានចូលទៅរៀបចំទីធ្លាសាលា រៀបចំធ្វើអនាម័យ ជួយបង្រៀនសិស្សានុសិស្សពីបញ្ហាអនាម័យ សុខភាពមាត់ធ្មេញ លើកទឹកចិត្តឱ្យសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ពិសេសបានផ្តល់ជានំ សៀវភៅ និងតុក្កតាសម្រាប់សិស្សានុសិស្សម្នាក់ៗផងដែរ ក្នុងគោលបំណងលើកទឹកចិត្តឱ្យសិស្សានុសិស្សក្នុងសាលាបឋមសិក្សាមេបុណ្យខិតខំរៀនសូត្រ និងចេះចូលរួមជួយសង្គមជាតិនៅថ្ងៃខាងមុខ៕ ផលិត គង់ រ៉េន

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ

2026/01/16 03:52:53 pm        313
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្តដែលបានខិតខំយកចិត្តទុកដាក់ និងដោះស្រាយនូវតម្រូវការចាំបាច់នៃការស្នាក់នៅមណ្ឌលសុវត្ថិភាព ការផ្តល់តង់ ស្បៀង និងបន្ទប់ទឹកស្អាត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធី​អបអរសាទរ​ការ​វិនិយោគទំហំ ៥០០លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ លើការចិញ្ចឹម​ស្វា​សម្រាប់ការនាំចេញ

2026/01/16 03:50:36 pm        327
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជាផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Charles River Laboratories - CRL ដែលបានសម្រេចចិត្តវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។ គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ដូចនេះគម្រោងវិនិយោគដ៏ធំនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួម សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសអនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ (Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា គម្រោងនេះក៏ជាសញ្ញា ឬ សារជូនទៅសមាគមវិនិយោគិនអន្តរជាតិថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគល្អៗ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំងផ្ដល់ប្រព្រឹត្តិកម្មស្មើៗគ្នា ដោយមិនរើសអើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានកសាងមូលដ្ឋានគ្រឹះសម្រាប់ការពូនជ្រំសមិទ្ធផលជាតិ និងជំរុញសម្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឥតឈប់ឈរ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែប្រកាន់យកនូវគោលនយោបាយគាំទ្រធុរកិច្ច (pro-business policy) ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលសម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បើទោះបីជាក្នុងបរិការណ៍ដែលពិភពលោកមានភាពមិនច្បាស់លាស់ ភាពតានតឹងកាន់តែខ្លាំងនៃភូមិសាស្រ្តនយោបាយ ការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ច និងការកើតឡើងនូវសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាងក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានភាពធន់ ដោយសម្រេចបាននូវកំណើនល្អប្រសើរ​ដែលឆ្លុះបញ្ចាំងដោយកំណើនខ្ពស់នៃការវិនិយោគផ្ទាល់ពីបរទេស និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក។ ជាក់ស្តែង វត្តមានក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គូសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនអាម៉េរិក ក្នុងការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មដែលមានតម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់ ក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ការសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមកនេះ គឺពិតណាស់មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់សហរដ្ឋអាម៉េរិកបាននោះទេ ពិសេសលើវិស័យពាណិជ្ជកម្ម ព្រោះសហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន CRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រមសីលធម៌វិទ្យាសាស្ត្រ, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRL ដែលបានចុះ MOU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគោរពច្បាប់ ការរក្សាភាពស្អាតស្អំ តម្លាភាព និងការបដិសេធរាល់អំពើពុករលួយ ព្រមទាំងមានការទទួលខុសត្រូវសង្គម (CSR) ខ្ពស់។ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុនឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា។ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRL ដែលបានបង្កើតកញ្ចប់ថវិកា CSR ប្រចាំឆ្នាំ ចំនួន២៥០ ០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងកម្មវិធីអភិវឌ្ឍយុវជន ក្នុងខេត្តកំពង់ធំ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនបង្កើនកញ្ចប់ថវិកា CSR ឱ្យកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន ដើម្បីចែករំលែកផលប្រយោជន៍ដល់សហគមន៍ជុំវិញ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគនេះ៕

កម្ពុជា-កាណាដា ប្តេជ្ញាជំរុញការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម និងពង្រីក​ហិរញ្ញប្បទាន​សហប្រតិបត្តិការ

2026/01/16 03:41:56 pm        293
កម្ពុជា-កាណាដា ប្តេជ្ញាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​រយៈ​ការ​ជំរុញ​នូវ​ការ​វិនិយោគក្នុងវិស័យដែល មានសក្ដានុពល ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និង​ពង្រីក​ហិរញ្ញប្ប​ទាន​សហប្រតិបត្តិការក្នុងវិស័យអាទិភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងសម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​ប្រទេស​កាណាដា​ប្រចាំកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាន នៃស្ថានទូតប្រចាំនៅកម្ពុជាវិញ។ គិត​ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៤, កាណាដា​បាន​ផ្តល់​ហិរញ្ញប្បទា​ន​ឥត​សំណង​មក​កម្ពុជា​ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និង​សមភាពយេនឌ័រ។ កិច្ច សហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់កាណាដា ក្នុងការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​រវាង​កម្ពុជា​-កាណាដា។ឯកឧត្តម Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង សង្គម នៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ ចំពោះ​ការ​រីក​ចម្រើន នៃទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ទាំងក្នុង ក្របខណ្ឌទ្វេភាគី, អាស៊ាន, និង​អន្តរជាតិ​ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្មជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្រប​ទៅមុខ​ជាមួយនឹ​ង​ទំនាក់ទំន​ងកាន់​តែ​ជ្រាល​ជ្រៅ​ខាង​នយោបាយ និងការទូត។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិ​ច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ ​និងបង្កើនកិច្ច សហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ទ្វេភាគី ​ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់ មួយរបស់កម្ពុជា។ ជាក់​ស្ដែង​ក្នុង​រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើន​ឡើង​ជា​លំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើង​ប្រមាណ ១៥% ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាល កម្ពុជាក៏កំពុងយកចិត្តទុកដាក់ និងជំរុញ​លើក​ទឹក​ចិត្ត​បន្ថែមទៀត ដល់ការវិនិយោគវិនិយោគិនកាណាដាមកដាក់ទុកវិនិយោគនៅកម្ពុជា។ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញ​នូវ​ការ​វិនិយោគ​ក្នុង​វិស័យដែលមានសក្ដានុពល បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីក ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ ក្នុងវិស័យអាទិភាព ព្រមទាំងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀង ស្ដីពីការ​ជំរុញ​ និង​ការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា​ជាដើម ។រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើ កិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជ​កម្ម​សេរី អាស៊ាន-កាណាដាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញប្រែក្លាយវិស័យកសិកម្មឱ្យកាន់តែខ្លាំងក្លា

2026/01/16 03:35:05 pm        312
សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញ​ប្រែក្លាយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ​តាមរយៈការសម្រប សម្រួល លើកកម្ពស់កសិករ ការគៀងគរកសិ-ពាណិជ្ជករ សេវាករ​ធ្វើ​ការ​រួម​គ្នា ការជំរុញធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ផលិតភាព កសិកម្ម និង​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​អាជីវកម្មជាដើម។ លោកជេត ភិរម្យ អនុប្រធានសមាគមបណ្តាញកសិករតេជោ លើក​ឡើង​ក្នុង​ការ​ចូល​រួម​ជា​វា​គ្មិន​កិត្តិយស លើការចែករំលែក គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម នេះ​ថា សមាគមបណ្តាញកសិករតេជោ បានដាក់ចេញនូវគោលដៅ យ៉ាង​ច្បាស់​លាស់​លើកា​រ​អភិវឌ្ឍ​វិស័យ​កសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនផលិភាព និងធ្វើពិពិធកម្មកសិកម្ម កសិ-ពាណិជ្ជ​កម្ម តាមរយៈការផ្តល់នូវបច្ចេកទេស និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។លោកលើកឡើងបន្ថែមថា កសិកម្មគឺជាឆ្នាំងបាយនៃប្រទេសជាតិ និង​ជា​ឆ្នាំង​បាយ​របស់​ពិភព​លោក ​ហើយយើងមាន មោទនភាពក្លាយជាកសិករ ចំណែកសមាគមក៏បានមោទនភាពផងដែរ ដែល​បាន​ធ្វើការជាមួយកសិករ បម្រើកសិករ។ ជុំវិញកសិករ នេះឃើញថា បច្ចុប្បន្នមាន​ការ​នៅ​រាយ​ប៉ាយ ដែលជាចំណុចធ្វើឱ្យកសិករមិនខ្លាំង ដែលតាមរយៈនេះ, សមាគមបណ្តាញ​កសិករ​តេជោ ​ដើរតួជាអ្នកសម្របសម្រួល និងការកសាងជាក្រុមខ្សែច្រវាក់ផលិតកម្មនីមួយៗ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងពីដៃគូធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម។ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងថា ជុំវិញ​វិស័យ​កសិកម្ម​នេះ កម្ពុជាបាន និងកំពុងដើរទៅមុខ ប៉ុន្តែដើម្បីជំរុញឱ្យ​កសិកម្ម​កាន់​តែ​ដើរ​លឿន​បន្ថែម​ទៀត ​ការធ្វើកសិកម្មត្រូវផ្សាភ្ជាប់និងបច្ចេកវិទ្យា ដើម្បីពង្រឹង គុណភាពផលិតផល និង​ការ​ធ្វើ​ឱ្យ​ថ្លៃ​ដើមប្រសើរឡើងជាងមុន។ បញ្ហានេះ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រផ្សេងៗ ការ​ចាប់​យក​បញ្ញាសិប្បនិម្មិត Ai ក៏ជារឿងសំខាន់មួយផងដែរ សម្រាប់ជាជំនួយស្មារតីបន្ថែម ទាំង​លើ​ការ​ដាំដុះ និងការធ្វើអាជីវកម្មជាដើម។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៦នេះ, បើយោងតាមក្របខ័ណ្ឌច្បាប់ ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយចរន្តវិស័យសេដ្ឋកិច្ច ប្រមាណ ១ ៨៥៨ ប៊ីលានរៀល ដែលថវិកានៃវិស័យនេះបានផ្ដល់ការគាំទ្រទៅលើ កម្មវិធី និង​សកម្ម​ភាព​ការ​ងារ​ជាអាទិភាពរួមមាន៖ ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយគ្រួសារកសិករ ក្នុង​ការ​លើក​ស្ទួយ ផលិតផលកសិកម្ម តាមរយៈការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប និងការ​ពង្រាយ​មន្រ្តី​បច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស។ ការ​លើក​កម្ពស់​ផលិត​ភាព​ស្រប​តាម​ស្តង់ដា និងតម្រូវការទីផ្សារ តាមរយៈការផលិតគ្រាប់ពូជស្រូវ ដំណាំ ផលិតកម្ម បន្លែ ផលិត​កម្ម​កៅស៊ូ និងការពង្រឹងយន្តការទីផ្សារ ព្រមទាំងការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំដូចជា បន្លែ​សុវត្ថិភាព ម្រេច និង ដំណាំ ស្វាយជាដើម ដើម្បីជំរុញការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជ​បនីយ​កម្ម​។ ក្រៅពីវិស័យកសិកម្ម គម្រោងថវិកាខាងលើនេះ ក៏ត្រូវបាន​យក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗមួយចំនួនទៀត ដែលគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនមកពីចិន ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគ បង្កើត​រោងចក្រ​ផលិត​ស្រោម​ដៃ​ពេទ្យ​នៅ​កម្ពុជា

2026/01/16 01:42:21 pm        198
ក្រុមហ៊ុនឈានមុខគេដ៏ធំមួយ មកពីប្រទេសចិន បាន​មក​សិក្សា​ឈ្វេងយល់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ និងស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដែល​មាន​ខ្សែ​ច្រវាក់ផលិតកម្មចំនួន១០ខ្សែ ផលិតសម្រាប់ទីផ្សារនំាចេញ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​សហការី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក តាយ ស៊ូមីង (Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក្រោមការសម្របសម្រួល ពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, ក្នុងនោះជំនួបនោះ ឯកឧត្តម​អគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបាន​សម្តែង​នូវ​សេចក្តី​សោម​នស្ស រីករាយដែលលោក តាយ ស៊ូមីង បានដឹកនាំគណៈប្រតិភូ​មក​ទស្សន​កិ​ច្ច​នៅ​ព្រះរា​ជា​ណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់សមាគមសហគ្រិនចិន ជាំងស៊ូនៅកម្ពុជា ដែល​បានខិតខំជំរុញ និងទាក់ទាញវិនិយោគិនចិនមកពីខេត្តជាំងស៊ូ មកបណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។ លោក តាយ ស៊ូមីង បានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺ​ជា​ក្រុម​ហ៊ុន​ឈានមុខគេ ដ៏ធំមួយនៅប្រទេសចិន ដែលមានបទពិសោធន៍ប្រមាណ ៣០ ឆ្នាំ ក្នុង​ការ​ផលិត​ស្រោម​ដៃពេទ្យនាំចេញទៅទីផ្សារអាម៉េរិក និង សហគមន៍អឺរ៉ុប។ នេះគឺជាលើកទី២ហើយ ដែល​ក្រុមហ៊ុនបានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះ ក្រុម​ហ៊ុន​មាន​បំណង​ស្វែងរកទីតាំង ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយ​មាន​ខ្សែច្រវាក់ផលិតកម្មចំនួន ១០ខ្សែ។ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ Shijiazhuang Hongray Group Co., Ltd. និងបានស្នើដល់​ក្រុម​ហ៊ុន​ឱ្យ​ធ្វើកា​រ​គិត​គូរ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅ ទាក់ទាញអ្នក​វិនិយោគ​ក្នុង​កន្សោម​ឧស្សា​ហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើស ទី​តាំង​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយ​រក​ទីតាំង​ណាដែ​លពុំសូវមាន ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែល​បណ្តាល​មក​ពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវ​មាន​ការ​គិត​គូរ​ពី​ប្រភព​នៃវត្ថុធាតុដើមដូចជា កំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនី ផ្គត់​ផ្គង់​ដល់​ខ្សែ ​ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

កុមារតូចៗ សប្បាយចិត្តដែលអាចរួមចំណែកដាំបន្លែ សម្រាប់ផ្ដល់ជូនដល់វីរកងទ័ព និងជនភៀសសឹក

2026/01/16 12:52:19 pm        593
បច្ចុប្បន្នសាលារៀនមួយចំនួន ទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ត បាន​ធ្វើ​ការ​ដាំ​ដុះ​បន្លែ ក្នុងគោលដៅសំខាន់រួមមួយ គឺដើម្បីផ្គត់ផ្គង់ទៅវីរកងទ័ពជួរមុខ ក៏ដូចជាជួយឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ភៀសសឹក។ ការដាំដុះនេះមានទាំងនៅតាមបឋមសិក្សា ក៏ដូចជាតាមវិទ្យាល័យ។ សម្រាប់កុមារតូចៗ ដែលបានចូលរួមក្នុងការដាំដុះបន្លែ បង្ហាញក្ដីសប្បាយចិត្ត ដែល​ខ្លួន​អាច​ចូល​រួម​ធ្វើ​ការ​ងារមួយចំនួនដើម្បីជាតិមាតុភូមិ។តាមសាលារៀនមួយចំនួន ដែលបានធ្វើការដាំដុះបន្លែសម្រាប់ជួយដល់កងទ័ព និងប្រជា​ពលរដ្ឋ​ភៀសសឹក បានត្រៀមក្នុងការប្រមូលផលឆាប់ៗខាងមុខ។ ការត្រៀមប្រមូលផល​ក៏ស្រប​ពេលដែល ដំណាំទាំងនោះកំពុងរីកលូតលាស់ខៀវស្រងាត់ និងដល់អាយុកាលត្រូវកាត់ផងដែរ។ ជាក់ស្ដែង សម្រាប់សាលាបឋមសិក្សាភ្នំពេញថ្មី ត្រៀមប្រមូលផលបន្លែ នៅថ្ងៃ អាទិត្យខាងមុខតែម្ដង។ជារៀងរាល់ថ្ងៃ ពិសេសពេលព្រឹក និងពេលល្ងាច ក្នុងម៉ោងសម្រាក នៅទីតាំងរោងបន្លែ ក្នុងសាលាបឋមសិក្សាសិក្សាភ្នំពេញថ្មីនេះ មានទាំងនាយកសាលា មានទាំងគ្រូបង្រៀន ពិសេសគឺវត្តមានសិស្សជាកុមារតូចៗ បានប្រមូលផ្ដុំគ្នា ស្រោចទឹកបន្លែ ចាប់ដង្កូវ ដើម្បីឱ្យបន្លែលូតលាស់បានល្អ។ កុមារម្នាក់ៗ ជួយគ្នាទៅវិញទៅមកទាំងសិស្សប្រុសទាំងសិស្សស្រី។ ពួកគាត់លើកឡើងពីភាពសប្បាយចិត្ត។ សប្បាយចិត្តដែលខ្លួនអាចចូលរួមចំណែក ទៅតាមលទ្ធភាពដាំដុះបន្លែដើម្បីឧបត្ថម្ភទៅដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយខេត្តជាប់ព្រំដែន។ពាក់ព័ន្ធនឹងការដាំបន្លែនេះដែរ លោក ឆិល សុវណ្ណារិទ្ធ ជានាយកសាលាបឋមសិក្សាភ្នំពេញថ្មី លើកឡើងថា ក្រោយប្រមូលផលរួចរាល់ សាលានឹងធ្វើការដាំដុះជាថ្មី។ សាលានឹងបន្តគម្រោងដាំបន្លែនេះ ជានិរន្ត។ ជាក់ស្ដែង សាលាក៏កំពុងសាងសង់រោងបណ្ដុះពូជ ដើម្បីបម្រើដល់ការដាំដុះនេះផងដែរ។ការដាំដុះបន្លែនេះជាការអនុវត្តតាមចលនា “យើងរួមគ្នាដើម្បីជាតិ” ដែលផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងបំផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និងពលរដ្ឋភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា៕ អត្ថបទ៖ គឹមហុក 

ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំងចំនួនបី សុទ្ធតែជាទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ

2026/01/16 12:40:17 pm        421
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។ នេះបើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យបានលើកឡើងពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថាចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ផ្អែកតាមស្មារតីខាងលើ ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖- នៅវេលាម៉ោង ៩:១២នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។- នៅវេលាម៉ោង ១០:២០នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅមណ្ឌលសុខភាពហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។- នៅវេលាម៉ោង ១០:៤០នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតំបន់ព្រំដែននៅច្រកជ័យជំនះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

ទេសចរអន្តរជាតិអះអាងថា ភ្នំពេញពិតជាទីកន្លែងល្អបំផុតសម្រាប់ទេសចរមកទស្សនា ឈ្វេងយល់

2026/01/16 12:24:11 pm        177
បណ្តាភ្ញៀវទេសចរអន្តរជាតិបាននាំគ្នាអះអាងថា រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា គឺ​ពិតជាគោលដៅទេសចរណ៍ល្អស្អាត និងមានភាពទាក់ទាញខ្លាំងបំផុត ហើយ​វា​ពិត​ដូច​ការ​ផ្សាយ​របស់​បណ្តាញសារព័ត៌មានអន្តរជាតិ BBC ដែលបានដាក់ចំណាត់ថ្នាក់ រាជធានីភ្នំពេញ ជា​ទី​កន្លែងមួ​យ នៅក្នុងចំណោមទីកន្លែងទាំង២០ នៅលើពិភព​លោក​ដែល​អោយ​ដើរ​កម្សា​ន្ត​នៅ​ក្នុង​ឆ្នាំ២០២៦។បើតាមទេសចរអន្តរជាតិមកពីអង់គ្លេស អាមេរិច និងបណ្តាប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ខែមករានេះ ថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ល្អប្រណិតច្រើនកន្លែងណាស់ ក្នុងនោះអំឡុងពេលស្នាក់នៅដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ គឺគ្រប់គោលដៅដែលបានដើរកម្សាន្តទាំងអស់ មានទាក់ទាញខ្លាំង ពលរដ្ឋផ្តល់ញញឹមរាក់ទាក់ ម្ហូបអាហារឆ្ងាញ់ ហើយតាមគោលដៅទេសចរណ៍មាន ព្រះបរមរាជវំាង ផ្សាររាត្រី សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯកជាដើម គឺពិតផ្តល់នូវចំណេះដឹងល្អៗ ហើយតាមរយៈការទទួលបទពិសោធន៍នេះ ភ្ញៀវអន្តរជាតិនានានោះក៏បានផ្តល់ពិន្ទុល្អជាងBBCផ្សាយ ហើយភ្ញៀវក៏អំពាវនាវទេសចរអន្តរជាតិនានានាំគ្នាមកទស្សនាកម្ពុជា។លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀបចំផែនការស្នាក់នៅដើរកម្សាន្តរយៈពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូកកម្សាន្តពេលរាត្រី ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណីការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីជាដើម។លោក បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងគិតគូររៀបចំគោលដៅទេសចរណ៍ កន្លែងដើរកម្សាន្ត ផ្លូវថ្មើរជើងច្រើនកន្លែងទៀត សំដៅធ្វើយ៉ាងណាទាក់ទាក់ភ្ញៀវទេសចរអន្តរជាតិនានា ដើរកម្សាន្ត ស្នាក់នៅរាជធានីភ្នំពេញ បានយូរថ្ងៃបន្ថែមទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៥ ជូនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ

2026/01/16 12:17:29 pm        150
កំពង់ស្ពឺ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ចំនួន៥ ជូនអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ ជាសម្រង់ខ្លឹមសារត្រួសៗដូចខាងក្រោម៖ ទី១ គឺពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ៖ ត្រូវការពារ ថែរក្សាការពារឱ្យបានគត់ហ្មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយត្រូវរក្សារួមគ្នាជាធ្លុងមួយ និងគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ក៏ត្រូវចូលរួមលើកកម្ពស់សិទ្ធ យុត្តិធម៌ និងប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងបង្ការ ទប់ស្កាត់ និងបង្រ្កាបទង្វើប៉ុនប៉ងបំបែកសាមគ្គីភាពជាតិតាមរយៈព័ត៌មានមិនពិតជាដើម។ ទី២ គឺត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៖ ត្រូវខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ដើម្បីបង្កើននូវកម្លាំងប្រមូលផ្តុំនៅក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ដោយត្រូវចាត់ទុកថា ការកសាងភូមិ ឃុំ សង្កាត់របស់ខ្លួនឱ្យមានសុវត្ថិភាព គឺជាករណីយកិច្ច និងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលគួរចូលរួម។ទី៣ គ្រប់គ្រងរដ្ឋបាល ដែនដីដោយការទទួលខុសត្រូវខ្ពស់៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការដឹកនាំ គ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួន ប្រកប ដោយការទទួលខុសត្រូវ និងគំនិតច្នៃប្រឌិតផ្អែកតាមគោលនយោបាយ និងស្តង់ដាដែលបានកំណត់ដោយថ្នាក់ជាតិ និងតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាននីមួយៗ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវានានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ទី៤ ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព៖ ត្រូវពង្រឹងយន្តការ និងរបៀបរបបការងារនៅក្នុងការសម្របសម្រួល ណែនាំ និងតម្រង់ទិសដល់មន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តនៅក្នុងការចាត់ចែង និងអនុវត្តមុខងារតាមវិស័យដែលខ្លួនទទួលខុសត្រូវឱ្យទទួលបានលទ្ធផលល្អរួមចំណែកដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងការប្រមូលចំណូលចូលក្នុងថវិកាជាតិ ព្រមទាំងខិតខំសម្របសម្រួល និងធ្វើសមាហរណកម្ម និងសុខដុមនីយកម្មគម្រោងនានា ដែលឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ទី៥ អភិវឌ្ឍមូលដ្ឋានក្នុងរយៈពេល ៥ឆ្នាំទៅមុខ៖ ត្រូវខិតខំសម្រេចឱ្យបាននូវទិសដៅ និងលទ្ធផលរំពឹងទុកសំខាន់ៗដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដោយត្រូវពិនិត្យ និងជ្រើសរើសគម្រោងអាទិភាព ដែលជួយទ្រទ្រង់ និងជំរុញដល់កំណើនសេដ្ឋកិច្ច កំណើនការងារ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយភាពក្រីក្រ និងជួយដោះស្រាយតម្រូវការចំបាច់នៅមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អង្គសន្និបាតទាំងមូល ត្រូវពង្រឹងវិធានការ និងយន្តការការងារនៅក្នុងការគ្រប់គ្រង និងលើកកម្ពស់ការងារ វិនិយោគ ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម មុខរបរ ការងារ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយភាពជាម្ចាស់ មានភាពធន់ និងមានចីរភាព។ ឯកឧត្តមសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ស្ពឺ នឹងយកអស់ប្រាជ្ញា ស្មារតី អនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២៦នេះ ដើម្បីការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្តកំពង់ស្ពឺជាបន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីហុងគ្រី គំរាមចាត់វិធានការតាមផ្លូវច្បាប់ បើសិនប្រធានាធិបតីបដិសេធន៍មិនព្រមលាលែងពីតំណែង
06/01/2026 06:06 PM
អ៊ីរ៉ង់៖ ជំហរផ្ទុយ​ពី​អាមេរិក និងការវាយប្រហារររបស់​អ៊ីស្រាអែល នៅ​លីបង់ កំពុងពន្យឺតដំណើរការ​ការទូត
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះក្នុងរោងចក្ររបស់ក្រុមហ៊ុនអវកាស Hanwha របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
កូវ៉ែតថ្កោលទោសការវាយប្រហារដ៏សាហាវយង់ឃ្នង និងម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់
06/01/2026 06:06 PM
លោកMACRON៖ កងទ័ពជើងទឹកបារាំងបើកប្រតិបត្តិកាឃាត់នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្នុងអគ្គិភ័យនៅរោងចក្រ Hanwha Aerospace របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
ទូរទស្សន៍ Al Jazeera៖ ក្រុមហេសបូឡាបានបាញ់មីស៊ីលជាង ២០គ្រាប់ ទៅលើភាគខាងជើងអ៊ីស្រា អែល
06/01/2026 06:06 PM
អង្គការWHO ជំរុញឱ្យមានទំនុកចិត្តនិងបើកព្រំដែន ខណៈកុងហ្គោ ខំប្រឹងទប់ស្កាត់ការផ្ទុះឡើងជំងឺអេបូឡា
06/01/2026 06:06 PM
លោកTrump ព្រលះអ្នករិះគន់ ដោយអះអាងថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នឹងល្អសម្រាប់អាមេរិកនិងអ្នកដែលនៅជាមួយយើង
06/01/2026 06:06 PM