អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

១សប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ

2026/01/16 09:30:25 am        210
ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថ​កិច្ច​នគរបាល​ជាតិ ​បានចុះបង្ក្រាបក្មេងទំនើងចំនួន ២១ករណី ឃាត់ខ្លួនមនុស្ស ៧៨នាក់ ខណៈ​ករណី​ល្បែង​ស៊ី​សង​បង្ក្រាប​បាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ២៣នាក់។ នេះ​បើ​តាម​លោក ​ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាល​បាន​អនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំ​រឿង​បញ្ជូន​ពួក​គេ​ទាំង​អស់​នោះ​ទៅ​តុលាការ ​ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និង​កំពុង​ស្វែង​រកចាប់ខ្លួន។សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះ​បង្ក្រាប​បាន​នោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តតាកែវ។លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និង​កម្លាំង​នគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំង​បទ​ល្មើស​ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។គួរកត់សម្គាល់ថាក្នុងសប្ដាហ៍ទី១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីក្មេង​ទំនើង​១៧​ករណី ឃាត់ខ្លួនមនុស្ស ៥០នាក់ បញ្ជូនទៅតុលាការ និងបាន​បង្ក្រាបក​រណី​ល្បែង​ស៊ី​សង​ចំនួន ៣ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន ៩នាក់ បញ្ជូនទៅតុលាការ៕

ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និង​ជួយលើកកម្ពស់ជីវភាព

2026/01/16 09:01:09 am        639
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាម​រយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំអភិវឌ្ឍន៍ផ្លូវនៅទីជនបទ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ធ្វើដំណើរស្រួលជាងមុន ហើយបានជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ។ក្នុង​ឱកាសអញ្ជើញជា​តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះ​ត្រួត​ពិនិត្យ វាយ​តម្លៃ​បញ្ច​ប់សុ​ពលភាពលើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង​ប្រព័ន្ធ​លូ ស្ថិតក្នុងឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា​ អនុវត្ត​ដោយនាយកដ្ឋានវិស្វកម្ម ក្រសួង​ការ​ពារ​​ជាតិនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ​អភិវឌ្ឍន៍​ជន​បទ​មានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់​បាន​នូវ​ការ​កសាង​ផ្លូវ​គមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាចំណែកដ៏សំខាន់ ក្នុង​ការ​ចូល​រួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​យុទ្ធ​សាស្ត្រ​​សំខាន់​របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជន​បទ​ប្រទា​ក់​ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និង​ផ្លូវ​ដី​ល្បាយ​ក្រួស​ទៅ​ជា​ផ្លូវ​ក្រាល​កៅ​ស៊ូពីរ​ជាន់ (DBST) និងផ្លូវបេតុង។ឯកឧត្តមលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លំាង លើ​ការ​ងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ តាមរយៈ​ការ​តភ្ជាប់​ផ្លូវ​ជន​បទ​ឱ្យ​មាន​ភាព​ប្រទាក់​ក្រឡា ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ច នៅជនបទឱ្យកាន់តែរីកចម្រើន ហើយ​ការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់​គាំទ្រ​នូវ​រាល់​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​ជន​បទ ដូច្នេះហើយបានជារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើ​ការ​អភិវឌ្ឍ​នៅ​តាម​ជន​បទ ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ប្រជា​ពលរដ្ឋរស់នៅអមផ្លូវបេតុងនេះ បានសម្ដែងនូវការសប្បាយរីករាយ ដោយ​សារ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គាត់​ មានផ្លូវធ្វើដំណើរល្អ និងស្រួលជាងមុន ខណៈដែលការអភិវឌ្ឍនេះ គឺត្រូវ​ចំ​នូវ​អ្វី​ដែល​ពួក​គាត់​ចង់​បាន​ ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ដែល​បានអភិវឌ្ឍន៍ទីជនបទ កាន់តែមានភាពរីកចម្រើន។គួរបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះ​គាំទ្រ​នូវ​រាល់​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅតា​មទីជនបទ ដោយរាជរដ្ឋាភិបាលកម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ លើការអភិវឌ្ឍន៍នៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និង​មណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជា ការ​ជំរុញ​បង្កើត​សុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង៕ អត្ថបទ បាន សុខរិទ្ធិ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចសាងសង់ផ្ទះ១ខ្នងជូនអតីតយុទ្ធជនជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង

2026/01/15 07:23:27 pm        333
អនុវត្តតាមអនុសាសន៍ដឹកនាំដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជន ឈ្មោះ អន សារី អាយុ ៦៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដីអត់ផ្ទះ និងជីវភាពខ្វះខាត។បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានសម្រេចសាងសង់ផ្ទះ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ អំណោយផ្ទះខាងលើនេះ នឹងសាងសង់លើដីរបស់អតីតយុទ្ធជន ដែលកំពុងរស់នៅសព្វថ្ងៃ ផ្អែកតាមសំណូមពររបស់លោក អន សារី។ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីប្រតិភូអម, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា

2026/01/15 05:27:58 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា ។ក្នុងពិធីនេះដែរ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភ (១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង(២)ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំផងដែរ ។កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា និងមានការលំបាកក្នុងការរស់នៅ ។ ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយនឹងបញ្ហាជម្លោះប្រដាប់អាវុធ វីរយុទ្ធជន ក្រុមគ្រួសារ និងជនភៀសសឹកជាច្រើនក៏ជួបប្រទះបញ្ហាបណ្តាលមកពីជម្លោះនេះដែរ ជាក់ស្តែងថ្នាក់ដឹកនាំរបស់ កាកបាទក្រហមកម្ពុជាបាននិងកំពុងចុះសួរសុខទុក្ខ ឧបត្ថម្ភ ជួយទំនុកបម្រុង និងសម្រួលដល់ការរស់នៅរបស់គ្រប់គ្នា ដោយធានាថា ជនរងគ្រោះទាំងអស់មិនស្លាប់ដោយដាច់ពោះ មិនរស់ដោយទុក្ខវេទនា ។ទន្ទឹមនឹងនេះដែរ សប្បុរសជនទាំងជាតិ ទាំងអន្តរជាតិ តែងតែចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជារួមមានជាថវិកា អំណោយ សម្ភារៈប្រើប្រាស់ ការបរិច្ចាគឈាមជាដើម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ឥតព្រំដែនរបស់ស្ថាប័នមួយនេះ។

ថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ

2026/01/15 04:44:37 pm        239
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនពីរ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងនៅរសៀលនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ផ្អែកតាមស្មារតីខាងលើ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនពីរ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖- នៅវេលាម៉ោង១៤:០៥នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។- នៅវេលាម៉ោង១៥:១៦នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចេញដំណើរ​ទៅចូលរួម​កម្ម​វិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ និងជប៉ុន លើកទី៤៩

2026/01/15 04:01:44 pm        425
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប តំណាងកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២៦ បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅ​កាត់​ថា ​SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់​ពី​ឆ្លង​កាត់​កម្ម​វិធី​បណ្តុះ​បណ្តាល​មុន​ចេញ​ដំណើរ​អស់​​រយៈ​ពេល ៩៥ថ្ងៃ។ តាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិ​ទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបាន​ឆ្លង​កាត់​ការ​ជ្រើស​រើស​ប្រកប​ដោយ​តម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តី​សម្រេច​ពី​អគ្គ​នាយក​ដ្ឋាន​យុវជន ដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ ជ្រើសរើសជា «យុវជនតំណាងកម្ពុជា» ចូល​រួម​ក្នុង​កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។ លោកជំទាវ បានលើកឡើងបន្តថា ក្នុងរយៈពេល៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ​២០២៥ រហួតដល់ថ្ងៃបិទបញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការ​ដឹក​នាំ​វគ្គ​បណ្តុះ​បណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និ​ង​ប្រាជ្ញា​ស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោល​ដៅ​ធ្វើយ៉ា​ង​ណា​ឱ្យ​ប្អូន​ៗ​ប្រតិភូ​យុវជន​មាន​ចំណេះ​ដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការ​ជា​ចាំ​បាច់​សម្រាប់​ប្រាស្រ័យ​ទាក់​ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយ​ជារួម។ លោកជំទាវប្រធានសមាគម សូមថ្លែងអំណរ​គុណ​ដល់​គណៈកម្មការ​ដឹកនាំ​វគ្គ​បណ្តុះ​បណ្តាល​មុន​ចេញ​ដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការ​លះ​បង់​ខ្ពស់​បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារស្ម័គ្រចិត្ត ពុំទទួលបាន​ប្រាក់​កម្រៃ ​និងនឿយហត់ខ្លាំងក៏ដោយ។ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រតិភូទាំងអស់នេះ នឹង​បង្ហាញទៅកាន់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ឱ្យដឹង​ថា​ប្រតិភូ​យុវជន​កម្ពុជា មានសមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌ គុណធម៌ មិន​ចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយប្រធានប្រតិភូ ១រូប នឹង​ចាប់​ផ្ដើម​ចូល​រួម​កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅ​ប្រទេស​ជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី មុន​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕

អាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ​ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ

2026/01/15 03:56:34 pm        116
ក្រោយមានការឈ្លានពានរបស់​ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា​ជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនាជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ​ ៣០ ម៉ឺន​នាក់ ក្នុងចំណោមប្រជាជនភៀសសឹកសរុបចំនួនជាង ៥៤ម៉ឺន​ នាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។ ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាននិងកំពុងប្រមូលយកទៅកម្ទេចចោលយុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាត ទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនភៀសសឹកមុនពេលពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ឆ្លៀតក្នុងឱកាសនោះផងដែរ តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រសួងស្ថាប័នជំនាញ ប្រតិបត្តិករបោសសម្អាតមីន កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធសកម្មភាពមីនដ៏ទៃទៀត ដែលបានចូលរួមគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះលើប្រជាជនភៀសសឹក។អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងតម្រង់គោលដៅបោសសម្អាតនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្រ្គាម ក្នុងការរួមចំណែកគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅដ្ឋានឡើងវិញជូនប្រជាជនរងគ្រោះ។អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅកម្ពុជា។

ក្រសួងការបរទេសតវ៉ាការរឹបអូសទូកនេសាទខ្មែរដោយកងទ័ពជើងទឹកថៃ និងជំរុញឱ្យគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់កម្ពុជា

2026/01/15 02:27:57 pm        427
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង11:30 ព្រឹក ថ្ងៃទី 6 ខែមករា ឆ្នាំ 2026 នៅចំណុចកូអរដោនេ លេខ 11°33'30"N និង 102°51'39"E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ។កម្ពុជា បានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព “រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា” ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាកសាងផ្ទះរបស់យើងឱ្យមានភាពស្អាត សម្រាប់ជីវិត និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យល្អប្រសើរ

2026/01/15 02:22:46 pm        325
«បរិស្ថានគឺជាជីវិត ដើម្បីឱ្យជីវិតយើងរស់នៅបានល្អ ក្នុងនោះចាំបាច់ត្រូវមានការចូលរួមសាមគ្គីគ្នា ដើម្បីរៀបចំសម្អាតផ្ទះរបស់យើង ឱ្យមានភាពស្អាត មានបរិស្ថានស្អាត ប្រជាពលរដ្ឋមាន​សុខភាព​ល្អ និងមានជីវភាពរីកចម្រើន»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍​លើក​ឡើង​បែប​នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីចុះ​ហត្ថ​លេខា​លើ​អនុ​ស្ស​រណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេក​ទេស​ពាក់​ព័ន្ធ​នឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រយៈពេល១០ឆ្នាំ ២០២៦-២០៣៦ រវាង​ក្រសួង​បរិស្ថាន និងក្រុមហ៊ុន Mizuda Group Co.,Ltd។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានរៀបចំឡើង បានឆ្លើយតបនឹងបន្តមរតកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ដែលមានការរីកចម្រើនគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែបភាពជាបងប្អូននៃប្រទេសទាំងពីរ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនMizuda Group Co.,Ltd នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់ការគ្រប់គ្រងនិងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម សម្រាប់ថាមពលអគ្គិសនីប្រើប្រាស់ជាដើម នៅតាមទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅតាមទីលានទុកដាក់សំរាមនៅតាមបណ្តាខេត្តនានា។ សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាត នៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត មានការទុកដាក់សំរាម ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត លើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)

2026/01/15 02:15:47 pm        480
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុនហុងដា ខា ហាកាតា ខូអិលធីឌី (Honda Cars Hakata Co., Ltd) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលនេះ កើតឡើងពីភាពជាដៃគូដែលបានចាប់ផ្តើមតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ITI និងក្រុមហ៊ុន ដែលបានបង្កើតជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលនេះ។ សមិទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងមូលធនមនុស្សដែលមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត។ កិច្ចសហការនេះ ក៏នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជន សិស្ស និងនិស្សិតកម្ពុជា ជាមួយប្រជាជនជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាពេលវេលាដ៏សមស្រប ដែលឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងរីកលូតលាស់ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង ជាពិសេសជំនាញតោន និងបាញ់ថ្នាំនេះតែម្តង។ មជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យសិស្សានុសិស្សអាចយកចំណេះជំនាញទៅបម្រើការងារនៅប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ITI ធ្វើការថែទាំមជ្ឈមណ្ឌលនេះឱ្យបានល្អ ដើម្បីដំណើរការដោយជោគជ័យ និងបន្តពង្រីកកិច្ចសហការជាមួយដៃគូដទៃទៀត។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំង ៤រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៣ខែ នៅប្រទេសជប៉ុននាពេលកន្លងមក ឱ្យខិតខំធ្វើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងទទួលបានឱកាសការងារដែលមានប្រាក់ខែខ្ពស់ ទាំងក្នុង និងក្រៅប្រទេស។តាមការបញ្ជាក់ពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងលោក កូស៊ីរ៉ូ មុតូ នាយកប្រតិបត្តិក្រុមហ៊ុន Honda Cars Hakata, ក្រុមហ៊ុនបានផ្តល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ការបំពាក់ឧបករណ៍ និងសម្ភារបរិក្ខារ សរុបជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ តាមផែនការ គ្រូបង្គោលសរុបចំនួន ១៦នាក់ នឹងត្រូវបណ្តុះបណ្តាលឱ្យបានក្នុងរយៈពេល ៤ឆ្នាំ (២០២៤-២០២៨)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM