ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នចំនួន៤ បន្តជួបប្រជុំពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននីមួយៗ

2026/01/14 02:38:03 pm        237
ពេញមួយថ្ងៃ ក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំរៀបចំកែសម្រួលការរៀបចំ ការប្រព្រឹត្តទៅ និងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួង ស្ថាប័នចំនួន៤ម្តងមួយៗដាច់ដោយឡែក តាមរយៈការជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសក្រសួង។ កិច្ចប្រជុំនីមួយៗ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ក្រសួងទាំង៤ ដែលបានជួបពិភាក្សាបន្តរៀបចំនាពេលនេះមាន (១)ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (២)ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៣)ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង (៤)ក្រសួងផែនការ។ កិច្ចប្រជុំនីមួយៗ គឺការពិភាក្សាកម្រិតបច្ចេកទេសលើកចុងក្រោយក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទាំង៤ ឱ្យទទួលបានទស្សនមតិរួម មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ឈរលើអភិក្រមរបស់សម្តេចធិបតី «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។មុននឹងបញ្ចប់ ឯកឧត្តមប្រចាំការ បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់។ ដូច្នេះ ការគាំទ្ររបស់ក្រសួង ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ជាចុងក្រោយ ឯកឧត្តមប្រចាំការ បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន និងបន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក៕

យុវជនជាច្រើនងាកមករៀនជំនាញចុងភៅ ខណៈរៀនឆាប់ចេះ និងឆាប់ទទួលបានការងារធ្វើ

2026/01/14 02:36:35 pm        348
យុវជនជនជាច្រើននាពេលបច្ចុប្បន្ននេះ បាននាំគ្នាបែរមករៀនជំនាញចុងភៅ ធ្វើម្ហូបអាហារ ខណៈ​ជំនាញនេះរៀនឆាប់ចេះ ចំណាយពេលខ្លី ហើយឆាប់ទទួលបានការងារធ្វើ និង​ទទួល​បាន​ប្រាក់​ខែ​សមរម្យ។ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដ​ល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET ១,៥ លាន​នាក់ លើជំនាញផ្នែកមុខម្ហូប ឬជំនាញចុងភៅ ​មាន​ការ​ចាប់អារម្មណ៍កា​ន់​តែ​ច្រើន​ឡើង​ពី​យុវជន ក៏ដូចជាសាធារណៈជនទូទៅក្នុងការវិស័យអាហារ។ក្នុង​ចំណោម​សិក្ខាកាមដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅ​វិទ្យា​ស្ថាន​ជាតិ​សហ​គ្រិន​ភាព និងនវានុវត្តន៍ កញ្ញា ញឹម ស្រីដា ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បាន​និយាយ​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការរៀនជំនាញនេះ មិនត្រឹមតែ​បាន​ស្វែង​យល់​ពី​មុខ​ម្ហូប​ដែល​ជា​អត្ត​សញ្ញាណ​របស់​ជាតិ​ប៉ុណ្ណោះទេ​ តែកញ្ញាក៏បានស្វែងយល់ពីការងារនៅក្នុងវិស័យអាហារផងដែរ។កញ្ញាបានរៀបរាប់ថា ដោយសារជាចំណង់ចំណូលចិត្តផង និងមាន​ក្តី​ស្រម៉ៃ​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ផង​ កញ្ញាបានសម្រេចចិត្តចូលរៀនជំនាញធ្វើម្ហូបខ្មែរ តាមរយៈ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ហើយរំពឹងថា នឹង​បើក​ហាង​តូច​មួយ​ជា​របស់​ខ្លួន​ឯង​ក្រោយ​បញ្ចប់​ការ​សិក្សា។ កញ្ញាបានចាត់ទុកកម្មវិធីដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ ពិត​ជា​មានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់ពីព្រោះថា ក្រៅពីរៀនដោយឥតបង់ថ្លៃហើយ ថែម​ទាំង​ទទួលបាននូវចំណេះជំនាញមួយពិតប្រាកដ ថែម​ទាំង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​គ្រូ​បណ្តុះបណ្តាលផងដែរ។ លោក ឃុន សារ៉េត គ្រូបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និង​នវានុវត្តន៍បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៣ ពោលគឺ ពីការចាប់​ផ្តើម​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី ធីវ៉េត ១,៥លាននាក់ រហូតមកដល់បច្ចុប្បន្ននេះ ឃើញមានការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្រុម​សិក្ខា​កាម ដោយសារការរៀនត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែទទួលបានចំណេះ ជំនាញ​មួយ​ពិត​ប្រាកដ ជាពិសេសបានជួយដល់ប្រជាពលរដ្ឋជាច្រើននាក់មកពីគ្រួសារក្រីក្រ និងងាយ​រ​ង​ហានិភ័យ ដែលកំពុងជួបការលំបាក និងគ្មានលទ្ធភាពបង់ថ្លៃសម្រាប់សិក្សា។លោកបានបញ្ជាក់ថា ជំនាញម្ហូបអាហារនេះ ប្រសិនបើតម្រូវឱ្យបង់ប្រាក់សម្រាប់សិក្សា គឺមា​ន​តម្លៃ​ដល់​រាប់​រយ​ដុល្លារយ៉ាងហោចណាស់ពី ៦០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុងមួយវគ្គ។ លោក​បន្ថែម​ទៀត​ថា ការរៀនសូត្រទាំងនេះ គឺដូចតែគ្នាទេ អាស្រ័យទៅលើគ្រូបង្ហាត់បង្រៀនម្នាក់ៗ មាន​ន័យថា ការរៀនបង់លុយ ឬមិនបង់លុយ គឺរៀនដូចគ្នា។ គិត​មក​ត្រឹមបំណាច់ឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1,5M) បានទទលការ​ចុះ​ឈ្មោះ​ដើម្បី​ចំនួន​ជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់​ការ​សិក្សា​ជំនាញ​ធីវ៉េត។ ជំនាញ ធីវ៉េត មានដូចជា៖ អគ្គិសនី, សំណង់, បរិក្ខាត្រជាក់, មេកានិច​រថយន្ត​, អេឡិចត្រូនិច, សម្អាងកាយ, ការផលិតភេសជ្ជៈ និងការផលិតនំជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ទេសចរអន្តរជាតិទទួលបទពិសោធន៍ៗល្អជាច្រើន និងសន្យាត្រលប់មកទស្សនាកម្ពុជាម្តងទៀត

2026/01/14 02:18:46 pm        367
នៅអំឡុងដើមខែមករាឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA គឺមានភាព​មមា​ញឹក​ខ្លាំង​ក្នុងការផ្តល់សេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ​ធ្វើដំណើរចេញចូលកម្ពុជា តាម​ផ្លូវ​អាកាស​ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងថា អំឡុង​ពេល​ស្នាក់នៅដើរកម្សាន្តនៅកម្ពុជា គឺគេទទួលបានបទពិសោធន៍ល្អជាច្រើន ហើយ​ទេសចរ​ទាំង​នោះ​​​សន្យាថា​នាំបងប្អូនសាច់ញាតិ និងមិត្តភក្តិមកទស្សនាកម្ពុជាម្តងទៀត។តាមភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមករានេះថា អំឡុង​ពេល​ដើរកម្សាន្តទេសចរណ៍នៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​អស់​ទទួលបានបទពិសោធន៍ និងស្នាមអនុស្សាវរីយ៍ល្អជាច្រើន ហើយ​ដោយ​មើល​ឃើញ​ពី​កត្តា​សុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពល្អនោះ ពេល​ត្រឡប់​ទៅ​វិញ ​គឺគេនឹងរៀបចំផែនការការបង្កើតមុខរបរ និងពង្រីកអាជីវកម្ម មកធ្វើការងារនៅកម្ពុជា។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាម​របាយការណ៍បឋមក្នុងរយៈពេលពេញមួយឆ្នាំពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ​២០២៥ តាមអាកាសយដ្ឋានអន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួល​បាន​អ្នក​ដំណើរ​អន្តរ​ជាតិ​ប្រមាណ​ជិត​ ៧លាននាក់ កើន១៣% ចំនួនជើងហោះហើរទេ្វរទិសហោះចេញចូលកម្ពុជា មាន​ប្រមាណ​ជាង ៥៨០០០ជើង កើនឡើង១១% និងមានទំនិញប្រមាណ៨ម៉ឺនតោន កើន១៩% បើ​ប្រៀប​ធៀប​រយៈ​ដូចគ្នា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ិន ចាន់សេវុត្ថា បន្តថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងមួយសប្តាហ៍ៗ មានកំណើន​ជើង​ហោះ​ហើរ​ចេញ​ចូល​ក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ​ជិត​៤០០​ជើង ហើយចំនួនគឺមានការកើនឡើងបន្តិចបន្តួច រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ៕ អត្ថបទ ស៊ុម សុខជា

កម្ពុជា ដាក់ឱ្យដំណើរការគម្រោង BRACE ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនៅក្នុងវិស័យអប់រំនៅកម្ពុជា

2026/01/14 01:51:19 pm        270
ភ្នំពេញ៖ ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF) និងភាពជាដៃគូ សកលសម្រាប់ការអប់រំ (Global Partnership for Education- GPE) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមគម្រោងដែលមានឈ្មោះថា BRACE ដែលជាគំនិតផ្តួច ផ្តើមមួយដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនៅក្នុងវិស័យអប់រំនៅកម្ពុជា។ ក្នុងខណៈពេលដែលប្រទេស    កម្ពុជាប្រឈមមុខកាន់តែខ្លាំងនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងរលកកំដៅ វិស័យអប់រំស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុទាំងនេះ។ គម្រោង BRACE នឹងនាំមកនូវលទ្ធផលជាវិជ្ជមាន ដល់សាលាបឋមសិក្សាចំនួន២៤០ ក្នុងខេត្តគោលដៅចំនួនបី រួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តកោះកុង តាមរយៈកិច្ចអន្តរាគមន៍ ជួយឱ្យសាលារៀនគោលដៅ រិតតែមានសុវត្ថិភាព ធន់នឹងឥទ្ធិពលនែការប្រែប្រួលអាកាសធាតុ។ សូមអរគុណចំពោះការវិនិយោគពីមូលនិធិ Green Climate Fund (GCF) និង Global Partnership for Education (GPE) លើគម្រោង BRACE ដែលនឹងដើរតួជាខែលការពារដ៏សំខាន់ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនេះ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលងាយរងគ្រោះ ដូចជា៖ − ការបំពាក់នូវឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្តល់ធាតុត្រជាក់− ការកែលម្អបរិក្ខាអនាម័យ (WASH) ដែលធន់នឹងទឹកជំនន់− ការគាំទ្រដល់សិស្សានុសិស្ស និងគ្រូបង្រៀនជាង ៣៩២,០០០ នាក់ (បីរយកៅសិបពីរពាន់នាក់) ឱ្យមានលទ្ធភាពបន្តការសិក្សាដោយសុវត្ថិភាព និងមិនមានក្តីបារម្មណ៍ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង BRACE នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបនឹងការទទួលបានការគាំទ្រថវិកាពីមូលនិធិធំៗចំនួន ០២ សម្រាប់ការប្រែប្រួលអាកាសធាតុ និងការអប់រំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ      យុវជន និងកីឡា បញ្ជាក់ថា៖ “ការដាក់ឱ្យអនុវត្តគម្រោង BRACE មានគោលដៅធានាសុវត្ថិភាពសិក្សា និងអនាគតល្អប្រសើរដល់កុមារកម្ពុជា ។ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បោះជំហានជាប្រវត្តិសាស្ត្រ។ តាមរយៈការបើកដំណើរការគម្រោង BRACE យើងមិនគ្រាន់តែជួយជួសជុលអគារប៉ុណ្ណោះទេ យើងបាននិងកំពុងរក្សានូវការសន្យារបស់យើងចំពោះកុមារគ្រប់ៗរូបថា សុវត្ថិភាព និងអនាគតរបស់ពួកគេគឺជាអាទិភាពចម្បង។ គម្រោងនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ទៅកាន់សង្គមដែលមានភាពធន់ និងផ្អែកលើចំណេះដឹង ដែលគ្មានសិស្សណាម្នាក់ត្រូវបានទុកចោល ដោយឥទ្ធិពលពីបរិស្ថាននោះទេ " ។ បន្ថែមលើសពីការធ្វើឱ្យប្រសើរឡើងផ្នែករូបវ័ន្ត គម្រោងនេះ មានរួមបញ្ចូលមេរៀនស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាជាតិ និងផ្តល់ឱកាសដល់ក្លឹបដែលដឹកនាំដោយសិស្ស ដើម្បីជំរុញសកម្មភាពបរិស្ថានក្នុងតំបន់។ ម៉្យាងវិញទៀត គម្រោងបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលភ្ជាប់សាលារៀនទៅសហគមន៍ ធានាបាននូវការឆ្លើយតបឆាប់រហ័ស ចំពោះគ្រោះអាសន្ន។ លើសពីនេះ គម្រោងនេះនឹងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានអាកាសធាតុ និងលើកកម្ពស់ការបង្កើតភស្តុតាង និងការចែករំលែកចំណេះដឹង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យអប់រំជាសកល។លោកស្រី Sarah Beardmore មន្ត្រីដឹកនាំក្រុមភាពជាដៃគូយុទ្ធសាស្ត្រ និងសមត្ថភាពរបស់ GPE បានបង្ហាញថា "ការគាំទ្រដល់កុមារ ឱ្យទទួលបានការអប់រំដោយមិនមានការរំខាន គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍ និងភាពជោគជ័យរបស់ពួកគេ ហើយសាលារៀនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផងដែរ ។ តាមរយៈការគាំទ្រយ៉ាងសកម្មដល់កុមារឱ្យចូលរួមក្នុងការវាយតម្លៃហានិភ័យ និងលំហាត់សមយុទ្ធនៅតាមសាលារៀន និងសហគមន៍ ស្វែងយល់អំពីការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីសិក្សា និងកែលម្អលទ្ធភាពទទួលបានប្រព័ន្ធប្រកាសឱ្យដឹងជាមុន។ គម្រោង BRACE នឹងពង្រឹងភាពធន់និងអាកាសធាតុនៅកម្រិតសហគមន៍ ។ ការវិនិយោគលើសមត្ថភាពពីមូលនិធិ Green Climate Fund (GCF) និង Global Partnership for Education (GPE) នឹងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នូវប្រព័ន្ធអប់រំដែលធន់នឹងវិបត្តិអាកាសធាតុ ជាមួយនឹងអត្ថប្រយោជន៍ ដ៏ទូលំទូលាយ សម្រាប់ប្រទេសដែលបានគូសបញ្ជាក់នៅក្នុង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC) ។"លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ការប្រែប្រួលអាកាសធាតុ បាននឹងកំពុងជះឥទ្ធិពលដល់សាលារៀន សហគមន៍ និងគន្លងអភិវឌ្ឍន៍របស់កម្ពុជារួចទៅហើយ។ ការដាក់ឱ្យអនុវត្តគម្រោង BRACE នៅកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈវិស័យអប់រំ។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children គម្រោង BRACE ជួយប្រែក្លាយអាទិភាពអាកាសធាតុថ្នាក់ជាតិ រួមទាំង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC3.0) និង ផែនការ    យុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលការពារការសិក្សារៀនសូត្រ និងកសាងភាពធន់រយៈពេលវែងសម្រាប់កុមារ និងសហគមន៍។”លោក ហុង រស្មី នាយកប្រចាំប្រទេសអង្គការ Save the Children នៅកម្ពុជា បានមានប្រសាសន៍ថា "អស់      រយៈពេលជាយូរមកហើយ ដែលអាកាសធាតុមិនអំណោយផលខ្លាំង បានរំខានដល់ក្តីសុបិន្តរបស់កុមារកម្ពុជា។ ក្រោមជំនួយឧបត្ថម្ភថវិកាពី GCF គម្រោង BRACE ផ្លាស់ប្តូរនិទានកថា ពីភាពងាយរងគ្រោះទៅជាការពង្រឹងសមត្ថភាព។ យើងមានមោទកភាពក្នុងការបំពេញការងារជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា សាលារៀនមិនត្រឹមតែមានសុវត្ថិភាពពីខ្យល់ព្យុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅពេលដែលយើងវិនិយោគលើសាលារៀនដែលមានភាពធន់ មានន័យថាយើងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភាពធន់ផងដែរ។"គម្រោងដែលមានរយៈពេល ៥ឆ្នាំនេះ សម្រេចទៅបានតាមរយៈកិច្ចសហការរវាង Green Climate Fund (GCF) និង Global Partnership for Education (GPE) រួមជាមួយហិរញ្ញប្បទានបន្ថែមពីអង្គការយូនីសេហ្វ (UNICEF) និងធនាគារពិភពលោក (World Bank)។ ការវិនិយោគទាំងនេះ នឹងធានាបាននូវការអប់រំដែលមិនមានការរំខាន និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ និងទីតាំងសាធារណៈ ឯកជន ផ្ទះសំបែងពលរដ្ឋរងផលប៉ះពាល់ដោយការវាយប្រហារពីកងទ័ពថៃ

2026/01/14 01:18:19 pm        703
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ រួមជាមួយនឹង ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ បានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ និងទីតាំងសាធារណៈ ឯកជន ផ្ទះសំបែងពលរដ្ឋរងផលប៉ះពាល់ដោយការវាយប្រហារពីកងទ័ពថៃ។លោក ម៉េត មាសភក្តី បានឱ្យដឹងថា ដំណើរការចុះពិនិត្យរបស់ក្រុម AOT ថ្ងៃនេះ គឺបានចុះទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងទីតាំងសាធារណៈ ទីតាំងឯកជន ផ្ទះសំបែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក។ លោកអភិបាលរងបានឱ្យដឹងថា៖«បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម AOT ខ្ញុំបានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌»៕

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦

2026/01/14 01:02:42 pm        343
ភ្នំពេញ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​រដ្ឋបាលរាជធានីភ្នំពេញ បានបើកនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅនៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាល​រាជ​ធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្រប​ទៅ​តាម​តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០២៥ មានដូចជា ការ​កសាង​អភិវឌ្ឍន៍ជាប្រចាំមាន ផ្លូវ ទឹកស្អាត អគ្គីសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពាន​អាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបាន​ធ្វើ​ឱ្យ​ការ​រំដោះ​ទឹក​នៅ​ក្នុង​រា​ជ​ធានី​ភ្នំពេញ​បាន​ល្អប្រសើរ បានកែលម្អរសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាង​ជើង​ក្រុង​ជា​ដើម​។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា ក្នុងឆ្នាំ២០២៥ដែរ ការថែរក្សាសន្តិសុខ សុវត្ថិភាព កម្លាំង​មាន​សមត្ដ​កិច្ច​បានអនុវត្តការងារបានល្អ ទាំងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយបង្ក្រាបបទល្មើសបាន ៤៦៣ករណី លើ៤៧៣ករណី ថយ​ចុះ​១០​ករណី បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)​បាន​ចំនួន​៤៤​ករណី​។ ចំ​ណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញ បានកែច្នៃតំបន់​ទេសចរណ៍​ឱ្យ​មាន​លក្ខ​ណៈ​សំបូរ​បែប ដោយទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ បានប្រមាណ៨ម៉ឺនទៅ១០ម៉ឺននាក់ សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាព​ល្បីល្បាញ និង​ទាក់​ទាញ​ដល់ឆាកអន្តរជាតិ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្ថែមទៀតថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋ​បាល​រាជធានីភ្នំពេញ បាននាំយកនូវអំណោយទៅជួរមុខបានចំនួន ៥០លើក (៣៥ រថយន្តធំ និង ៥៥ កុងតឺន័រ )មានសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមាន អំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាថវិកានិង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត តាមរយៈ​រដ្ឋបាលរាជធានីភ្នំពេញ និងអំណោយរបស់សប្បុរសជនមានថវិកា និងសម្ភារៈ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ទៀតផងដែរ។ ឯកឧត្ដម ឃួង ស្រេង បន្តថា ពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និង​លើក​ទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបានបែង​ចែក​ក្រុម​ពិភាក្សា​ចំនួន​៥ក្រុម ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយនិងរកធាតុចូល ធ្វើយ៉ាងណាឱ្យរាជ​ធានី​ភ្នំពេញ ​សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ៕

រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តខិតខំរក្សាការពារអធិបតេយ្យតាមផ្លូវការទូត និងច្បាប់អន្តរជាតិ

2026/01/14 12:20:59 pm        320
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ  ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់។ ឯកឧត្តម ចាន់ រតនា ថ្លែងថា ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល។ឯកឧត្តម គូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រសួងការបរទេស បាននិងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កម្រិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជាពិភពលោកទាំងមូល។ នៅកម្រិតតំបន់ កម្ពុជានឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធាន អាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ានដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន។ នៅលើវេទិកា អន្តរជាតិ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ សំខាន់ៗដូចជា ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្ស ជាដើម៕

ឯកឧត្តម ប៉ែន បូណា៖ សម្ដេចធិបតី បានអំពាវនាវខ្មែរគ្រប់រូបរួមគ្នាលុបបំបាត់រាល់បញ្ហាអសកម្ម និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា

2026/01/14 12:11:32 pm        240
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចឡើងវិញនូវ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានភ្ញើជូនចំពោះបងប្អូនជនរួមជាតិ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួបរួមគ្នាលុបបំបាត់រាល់បញ្ហាអសកម្ម និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញថា តាមរយៈសារពិសេសសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ សម្ដេចធិបតីក៏បានសង្គត់ធ្ងន់ថា ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះគឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សូមបញ្ជាក់ថា សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត៕

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យការងារដាំដុះដំណាំបន្លែ ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

2026/01/14 12:05:41 pm        316
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ អមដំណើរដោយលោក ហាន សុភក្ដ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោកប្រធាន លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្រ្តីកសិកម្មឃុំ សង្កាត់ បានអញ្ជើញចុះពិនិត្យការងារដាំដុះដំណាំបន្លែ មានដូចជាស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ នៅចម្ការកសិករ គល់ រ៉េន នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការ បានចុះពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) ដែលមានការដាំដុះដំណាំពូជដំឡូងបារាំង (hydroponics) និងស្ពៃក្ដោប នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ។ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំដល់កសិករឱ្យបន្តយកចិត្តទុកដាក់ក្នុងការដាំដុះ ដោយមានការរៀបចំផែនការច្បាស់លាស់ សមស្របទៅតាមតម្រូវការទីផ្សារ និងដើម្បីជៀសពីផលប៉ះពាល់ ឬខូចខាតដោយគ្រោះធម្មជាតិផ្សេងៗ៕ 

កម្ពុជា-កូរ៉េ កំពុងរួមគ្នាពង្រឹងការអនុវត្តច្បាប់ ការស៊ើបអង្កេត និងបង្ក្រាបបទល្មើសអនឡាញ

2026/01/14 11:57:11 am        309
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានបង្ហាញនូវជំហរជាថ្មី ដោយ​បន្តរួមគ្នាពង្រឹងការអនុវត្តផ្នែកច្បាប់ បទពិសោធន៍នៃការស៊ើបអង្កេតរកជនល្មើស និង​ការ​បង្ក្រាប​បទ​ល្មើសអនឡាញ ដែលពិភពលោកកំពុងព្រួយបារម្ភ ។ក្នុងជំនួបជាមួយឯកឧត្តម ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ មានប្រសាសន៍ថា ការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់​ប្តូរ​ទស្សន​កិច្ច​ ដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និង​ជំនាញ​ថ្មី​ៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា-កូរ៉េ គឺជាភាពចាំបាច់ នៃការបន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ។ឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ រវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងផ្ដល់ការ​គាំទ្រគ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ងារសន្តិសុខ ជាពិសេស ក្រោយការបង្កើតក្រុមការងារចម្រុះ គឺសម្រេច​បាន​លទ្ធផល​ជា​ច្រើន ​ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ពីកិច្ចសហប្រតិបត្តិការ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាមួយនឹងការជំរុញឲ្យបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និង​ត្រៀមជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាង ជាពិសេស ការងារបណ្តុះ​បណ្តាល​ចែក​រំលែក​បទ​ពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាព​ជំនាញ​កម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល។  ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​កូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ សំដៅ​ពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែក​ក្នុង​ការ​ក្នុង​បុព្វ​ហេតុ​នៃ​ការ​ថែ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់។ ជា​ការឆ្លើយតប ឯកឧត្តម KIM Chang Yong បានថ្លែងអំណរគុណក្រសួងមហាផ្ទៃផងដែរ ចំពោះ​ការ​ជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​ក្រសួង​ទាំង​ពីរ បង្កលក្ខណៈអំណោយផល ដល់ការបំពេញបេសកកម្ម ពង្រឹងការអនុវត្តច្បាប់ សំដៅ​រួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យគម្រោង និងផែនការសហប្រតិបត្តិការ ដែល​ស្ថាប័នទាំងពីរបានផ្តួចផ្តើមនាពេលកន្លងមក ជាពិសេស ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់​ពលរដ្ឋ​កូរ៉េ សម្រេចបានលទ្ធផលលើសការរំពឹងទុក៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM
លីបង់៖ ក្រុមហេសបូឡាត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ និងជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ
06/01/2026 03:06 PM
ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត
06/01/2026 02:06 PM
ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់
06/01/2026 02:06 PM
ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/01/2026 02:06 PM
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
06/01/2026 02:06 PM
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
06/01/2026 02:06 PM
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM