អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនិងមន្ត្រីការទូតកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់

2026/01/13 01:33:30 pm        198
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត។ ឯកឧត្តមបានថ្លែងថា៖«ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល»។ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ ទន្ទឹមនេះយើងក៏បន្តជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនចូលលំនៅដ្ឋាន ក៏ដូចជាការអនុវត្តវិធានការនានាដើម្បីពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលគេបានប្រើកម្លាំងដណ្តើមកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណកម្មការចំរុះខ័ណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ឯកឧត្តម ចាន់ រតនា បានថ្លែងបន្ថែមថា ក្នុងគោលដៅនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន និងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កំរិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជាពិភពលោកទាំងមូល។ នៅកំរិតតំបន់ យើងនឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធាន អាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ានដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន។ នៅលើវេទិកា អន្តរជាតិ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ  សំខាន់ៗដូចជា ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្ស ជាដើម។

សហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ

2026/01/13 01:28:46 pm        237
សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែង​កម្ពុជា​គ្រប់​កាលៈ​ទេសៈ​ទាំង​នយោបាយ​ការ​ទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់​សេចក្តី​ត្រូវ​ការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ប៉ែន បូណា បានថ្លែថា ចាប់តាំង​ពី​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃម​ក បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្តជាច្រើនបាន ឈរនៅជាមួយកម្ពុជា និង​ជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ, ជាក់ស្ដែង នៅ ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ បានផ្តល់ជំនួយឥសសំណងជាទឹកប្រាក់ចំនួន ១១.៣ លាន​ដុល្លារ​សម្រាប់​ការ​អនុវត្ត​គម្រោង​សមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់​កាល​ទី​៣) និងទឹកប្រាក់ ៧.៦ លានដុល្លារ ផ្សេងទៀតសម្រាប់​អនុវត្ត​គម្រោង​ជំនួយ​ម៉ាស៊ីន​ស្គែន​កុង​តឺន័រ​នៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កៅពីនេះ កាលពីអំឡុងខែសីហាឆ្នាំ ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា ១.៨ លាន​ដុល្លារ​តាម​រយៈ​អង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹង​សេចក្តី​ត្រូវ​ការ​បន្ទាន់​សម្រាប់​ជន​ភៀស​សឹក​នៅតាមបណ្តោយព្រំដែនកម្ពុជាថៃដែរផងដែរ។ ចំណែក សហរដ្ឋអាម៉េរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញ​សន្តិភាព​យូរ​អង្វែង​រវាង​កម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារសម្រាប់​ការ​គាំទ្រ​ដល់​ជន​​ភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់ ១០​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ការ​ដោះ​មី​ន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ រីឯ សាធារណរដ្ឋប្រជាមានិតចិនក៏ ក្រៅពីផ្តល់​ការ​គាំទ្រ​ដល់​អាទិភាព​ជា​បន្ទាន់​លើ​ការ​ធានា​ឱ្យ​បាន​រឹងមាំ​នូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនបានផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដែល​មាន​តម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាស​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​សម្រាប់​តម្រូវ​ការ​ចិញ្ចឹម​ជីវិត​របស់​ជន​ភៀស​សឹក​នៅ​តាម​តំបន់​ព្រំដែន​ដែល​រង់​ផលប៉ះពាល់។ ជាមួយគ្នានេះ សាធារណរដ្ឋស៊ែប៊ីក៏បានផ្តល់ជំនួយមនុស្សធម៌ ៥០​ម៉ឺន​ដុល្លារ​អាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។ ក្រៅពីនោះនៅមានប្រទេសជាមិត្តជាច្រើនទៀត រួមទាំងដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក៏​បាន​បផ្តល់​ជំនួយ​មនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបាន​ចេញ​សារ​អបអរ​សាទរ​ចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជាថៃ) នឹង​សម្រេច​បាន​នូវ​ការ​ស្តារ​សន្តិភាព​ឡើង​វិញ និង​រក្សា​សន្តិភាព​នោះ​ឱ្យ​បាន​យូរ​អង្វែង​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទាំងអស់នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា សហគមន៍អន្តរជាតិឈរនៅ​ជាមួយ​កម្ពុជា និង​ជួយ​ជ្រោម​ជ្រែងក​ម្ពុជា​គ្រប់​កាលៈ​ទេសៈ​ទាំង​នយោបាយការទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយ​សម្រាប់​សេចក្តី​ត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។តាមរយៈសារទៅកាន់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសជាមិត្ត ព្រមទាំង​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​ឡាយ​ដែល​បាន​ជួយជាសម្ភារៈនិងហិរញ្ញប្បទានដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងជំនួយ​ពី​ប្រទេស​ជា​មិត្ត និងដៃគូអ​ភិវឌ្ឍន៍​ដើម្បីស្តា​រ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ទាំង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ភៀស​សឹក​ក្រោយពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក៏ដូចជាហេដ្ឋរចនា​សម្ព័ន្ធ​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញដោយគ្រាប់បែករបស់ទាហានថៃ៕

រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត

2026/01/13 01:08:42 pm        221
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​ខិតខំ​ការពារ​អធិប​តេយ្យ​ភាព​ជាតិ និង​បូរណភាពទឹកដី​ក្នុង​ដែន​អធិបតេយ្យ​ស្រប​ច្បាប់​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដោយ​មធ្យោបាយ​សន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។ឯកឧត្តមបានថ្លែងថា ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ​រយៈ​ពេល​ជិត​៣​ទសវត្សរ៍​ចុង​ក្រោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រើ​ប្រាស់​កាលា​នុវត្ត​ភាព​នៃ​សន្តិភាព ដើម្បី​ជំរុញល្បឿនការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់​ការ​ពឹង​លើកម្លាំងខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និង​មហាជន​ខ្មែរ​គ្រប់​ទិសទី បានប្រមូលផ្តុំ​គ្នា​ជា​កម្លាំង​កាន់​តែ​ខ្លាំង​ដែល​នឹង​ធ្វើ​ឱ្យកា​រ​ស្តារ​ជីវភាព​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនា​សម្ព័ន្ធ​ដែល​រងការ​ខូចខា​ត​ទាំង​ឡាយ​ប្រព្រឹត្តទៅ​បាន​ឆាប់​រហ័ស​ក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ន​នានាជាសនាធិការ។ឯកឧត្តមបានបញ្ជាក់ថា ខណៈដែលដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​រងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និង​បូរណភាព​ទឹក​ដី​ក្នុង​ដែន​អធិបតេយ្យ​ស្រប​ច្បាប់​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដោយ​មធ្យោ​បាយ​សន្តិ​វិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម​ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ​។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

វិស័យសំខាន់ៗចំនួនបួននៅកម្ពុជា កំពុងមានតម្រូវការការងារខ្ពស់ប្រមាណជាង ៨ម៉ឺនកន្លែង

2026/01/13 12:08:41 pm        186
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះ ឱកាស​ការ​ងារ​នៅ​កម្ពុជាមានចំនួនប្រមាណជាង ៨ម៉ឺនកន្លែង។ ក្នុងនោះ តម្រូវការកម្លាំង​ពលកម្ម​ដែល​មាន​ច្រើន​ជាង​គេមក​ពីវិស័យធំៗចំនួន៤ រួមមាន៖ ឧស្សាហកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, សេវាកម្ម និងទេសចរណ៍។មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រសួងនៅ​តែ​ធ្វើ​ការ​យ៉ាង​ល្អ​ជាមួយភាគីពាក់ព័ន្ធមកពីនិយោជក និងអ្នកដែលស្វែងរកការងារធ្វើ ដោយសារ​ទំនុក​ចិត្ត​មក​លើ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាជាមួយក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈផ្ទាល់តែម្តង។ លោកបានបន្តថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ជា​អតីត​ពលករ​ដែល​វិលត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតដើមវិញ ទទួលបានឱកាសការងារជាង ៥០​ម៉ឺន​កន្លែង តាមរយៈយន្តការរបស់ក្រសួងការងារ រួមជាមួយដៃគូពាក់ព័ន្ធផ្សេងៗទៀត។ លោក​អ្នកនាំពាក្យ បានឱ្យដឹងទៀតថា សម្រាប់កម្ពុជា មានឱកាស​ការងារ​ច្រើន​ដែល​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មបន្ថែមទៀត ដោយសារការវិនិយោគនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែល​គិតត្រឹមឆ្នាំ២០២៥កន្លងទៅ មានប្រមាណជាង ៦០០គម្រោង និងផ្តល់​ឱកាស​ការងារ​ចំនួន​ប្រមាណ ៤០ម៉ឺនកន្លែងបន្ថែមទៀតទៅលើការងារដែលកំពុងមានប្រមាណជាង ៨ម៉ឺនកន្លែង។ទាក់​ទិនទៅនឹងតម្រូវការកម្លាំងពលកម្មនៅកម្ពុជានេះ លោក ឌី ចាន់ធី រដ្ឋបាលរោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈកិច្ច​សហការ​ជាមួយ​ក្រសួងការងារ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដេរ ធ្វើឱ្យរោងចក្រ​ដំណើរ​ការ​បាន​កាន់​ល្អ​ជាងមុន ដោយសារទទួលបានកម្លាំងពលកម្មបន្ថែមដែលឆ្លើយតបតាមតម្រូវការខ្វះខាត។ លោកបានបញ្ជាក់ថា នៅពេលនេះ ខាងរោង​ចក្រ​ក៏​នៅ​តែ​ត្រូវ​កា​រ​កម្លាំង​ពលកម្ម​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម ក្នុ​ង​នោះ​ត្រូវ​ការជំនាញផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម។ លោកបានបន្ថែមថា ក្រៅពីប្រាក់​ឈ្នួល​អប្បបរ​មាកម្មករនិយោជិត នឹងទទួលបានការបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់​រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅ និងធ្វើដំណើរជាដើម។សូមបញ្ជាក់ថា ដើម្បីជួយសម្របសម្រួល និងផ្គូរផ្គងការងារភ្លាមៗជូនដល់អ្នកស្វែងរកការងារធ្វើ ជា​ពិសេសសម្រាប់អតីតពលករត្រឡប់មកពីថៃ បច្ចុប្បន្ននេះក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ និងរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ និងកណ្តាល បាន​បើក​ផ្តល់​វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃ ទៅដល់ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​ជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃ ដែលមានបំណង​ចង់​ចូល​បំពេញ​ការ​ងារ​ក្នុង​វិស័យ​កាត់​ដេរ តែគ្មានបទពិសោធន៍ការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវិធានការអនុវត្តគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥

2026/01/13 11:41:24 am        145
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវិធានការអនុវត្តគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់នាំក្រសួងជាច្រើនរូបទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យលើវិធានការនានា ដើម្បីជាការតម្រង់ទិសដៅការងារ ជូនដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការអនុវត្តនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ចេញឱ្យអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០២៥កន្លងទៅ។ សូមជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដាក់ចេញនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” តាមរយៈយុទ្ធសាស្ដ្រសំខាន់ៗចំនួន ៥ និងមានគោលបំណងធ្វើឱ្យ “ប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ” ៕

កម្ពុជាប្រកាសមិនចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៦ នៅប្រទេសថៃ

2026/01/13 11:40:19 am        179
កីឡាជនពិការកម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅខេត្តនគររាជសីមា ប្រទេសថៃ ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦។នៅក្នុងលិខិតផ្លូវការរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ផ្ញើជូនលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) កាលពីសប្តាហ៍មុននេះបានឱ្យដឹងថា «ក្នុងនាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) សូមជម្រាបជូនថា ដោយសារកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់អត្តពលិកនឹងមិនអាចចូលរួម ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម លើកទី១៣ ខាងមុខនេះបានទេ។ NPCC សូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ APSF, NPC នៃប្រទេសថៃ និងគណៈកម្មាធិការរៀបចំកីឡាថៃ (THASOC) ក្នុងការរៀបចំ និងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី១៣។ NPCC សូមថ្លែងអំណរគុណដល់ប្រទេសអាស៊ានទាំង១០ ដែលតែងតែគាំទ្រ NPCC និងសូមជូនពរឱ្យ NPC ទាំងអស់មកពីតំបន់នេះ ទទួលបានពេលវេលាដ៏អស្ចារ្យក្នុងការចូលរួមក្នុងការប្រកួត»។ការបង្ហាញក្តីបារម្ភរបស់កម្ពុជា ដោយប្រកាសមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការដ៏ធំប្រចាំតំបន់អាស៊ាន ដែលប្រារព្ធធ្វើឡើងជារៀងរាល់២ឆ្នាំម្តងនេះ គឺដោយសារសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់ល្អប្រសើរ បើទោះមានបទឈប់បាញ់ក្តី។ជាមួយគ្នានេះ សហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) ក្នុងនាមជាម្ចាស់ និងជាស្ថាប័នគ្រប់គ្រងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានក៏បានចេញសេចក្តីថ្លែងការរបស់ខ្លួនដែរថា ខ្លួនបានទទួលលិខិតផ្លូវការមួយពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដោយជូនដំណឹងជាផ្លូវការដល់ APSF ថា កម្ពុជានឹងមិនចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានលើកទី១៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ទេ។ APSF ទទួលស្គាល់ខ្លឹមសារនៃលិខិតនេះ និងកត់សម្គាល់ពីជំហរផ្លូវការដែលបានបង្ហាញដោយ NPC កម្ពុជា។ APSF សម្តែងការសោកស្តាយចំពោះអវត្តមានរបស់កម្ពុជាពីការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១៣ ហើយ APSF បានគោរពយ៉ាងពេញលេញចំពោះការសម្រេចចិត្តរបស់ NPC កម្ពុជា ប៉ុន្តែ APSF នៅតែគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដកខ្លួនរបស់ NPCC។ កម្ពុជាជាសមាជិកដ៏មានតម្លៃនៃសហគមន៍កីឡាប៉ារ៉ាហ្គេមអាស៊ាន និងការចូលរួមរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងតួនាទីរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងលើកកម្ពស់កីឡាជនពិការនៅក្នុងតំបន់ផងដែរ៕ អត្ថបទ៖ គង់ ហួន

កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា

2026/01/13 11:34:46 am        251
កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុង ប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយ តែមួយកន្លែង ដើម្បីលើក​កម្ពស់​ដល់​ការ​វិនិយោគនៅកម្ពុជា។ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើកា​រក្រុមសហបង្កើត ធុរកិច្ច (BCT) នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ការ​បង្កើត BCT គឺជាលទ្ធផលដ៏សំខាន់បំផុត ខណៈដែលសម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់​ប្រទេស​ជប៉ុន​ ក្នុងនាមជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រ​ជុំកំពូលត្រូវបានធ្វើឡើងជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេល​នោះ​)។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់​នេះ​មាន​គោល​បំណងសម្របសម្រួលកិច្ច សហប្រតិបត្តិការ​លើ​ការ​ធ្វើពិ​ពិធ​កម្ម​ដៃ​គូរ​ធុរកិច្ច​របស់​កម្ពុជា ​និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា ការបង្កើត BCT នេះ នឹងជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុម​ហ៊ុន​ដែល​កំពុងប្រតិបត្តិការនៅ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន​ដែល​កំពុង​ពិចារណា​លើ​ការ​វិនិយោគ ​អាចទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះ ស្រាយតែមួយកន្លែង។ យន្តការនេះត្រូវបានបង្កើតឡើង ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នឹងកាន់​តួនាទី​របស់​ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់​នៅ​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុម BCT ត្រូវបានបង្កើតឡើង ជា​ក្រុម​អន្តរ​ក្រសួង ហើយនឹងផ្ដល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែល​កំពុងពិចារណា វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ​ការ​ងារគ្រប់​គ្រង​ការ​វិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្ត ខិតខំជំរុញ​ការ​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ។ ចំណែកទាក់ទងនិងការវិនិយោគ, ជប៉ុនគឺជាដៃគូ​ដ៏​សំខាន់​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយជប៉ុនក៏បានគាំទ្រដល់ទីផ្សារ នាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៥ ទីផ្សារអាម៉េរិកស្រូបយកទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១២,៧ ពាន់លានដុល្លារ

2026/01/13 11:16:06 am        165
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១២,៧ ពាន់លាន ដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤២ ភាគរយ នៃ​ការ​នាំ​ចេញសរុបរបស់ម្ពុជា ដោយបានបន្តរក្សាកំណើនល្អប្រសើរ នៃការ ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​នៃកា​រ​ធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៦៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ ធៀបនិង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៤ គាំទ្រដោយទំនិញសំខាន់មួយចំនួនដូចជា ការនាំចេញសម្លៀកបំពាក់, ស្បែក​ជើង​, វត្ថុធ្វើពីស្បែកនិងបរិក្ខាធ្វើពីរោមសត្វ, គ្រឿងសង្ហារឹម, ប្រដាប់ក្មេងលេង, យានក្រៅ​អយស្ម័យ​យាន​, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ ក្រៅពីនេះនៅមាន​ប្រភេទ​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ដែលបានទ្រទ្រង់ដល់ការនាំចេញរបស់កម្ពុជា។ជុំវិញ​ពាណិជ្ជកម្មនៃការនាំចេញវិញ នៅក្នុងបំណាច់ឆ្នា២០២៥ នេះដែរ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​សំខាន់​ៗទៅកាន់ទីផ្សារ អន្តរជាតិ មានទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើន​ឡើងប្រមាណជិត ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទឹកប្រាក់សរុបជាង ១៣,១ ពាន់​លាន​ដុល្លារ កើនឡើងប្រមាណជាង ២៨ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះប្រភេទ​ទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញទៅទីផ្សារអាមេរិកមាន សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការ​ធ្វើ​ដំណើរ​ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។   ចំណែកការនាំចូលពីអាម៉េរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់សរុបជាង ៤១៧ លាន​ដុល្លារ​ កើនជិត ៥៨ ភាគរយ ខណៈការនាំចូលនៅក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ត្រឹម ២៦៤ លាន​ដុល្លារប៉ុណ្ណោះ, ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាម៉េរិក មានដូចជា យានយន្ត គ្រឿង​បង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។សូមប​ញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ឃើញថា នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានកំណើនកើនឡើងជាបន្តបន្ទាប់ ជា​ពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមរិក បាន ឈរលំដាប់ទី១ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

2026/01/13 10:42:12 am        308
អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ពីប្រទេសម៉ាសេដូនីខាងជើង បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលផ្នែកមនុស្សធម៌ ការតស៊ូមតិជាយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូនៅក្នុងទូទាំងតំបន់ និងបរិបទចម្រុះ ថ្មីៗនេះ លោកស្រីធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)។

ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង

2026/01/13 09:40:51 am        208
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង និងក្រុមការងារ បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​វីរកងទ័ព​ជួរ​មុខ​ឈរ​ជើង​​ការ​ពារ​ព្រំដែន វីរនគរបាលការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៤៥០គ្រួសារ នៅក្រុងបាត់ដំបង។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំគ្រ​ប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយ​មិន​ទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភ​ទំនុក​បម្រុង​មិន​ឱ្យ​ជួប​ការ​ខ្វះ​ខាត​ឡើយ​។ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំ​ឱ្យ​បង​ប្អូន​វីរ​កងទ័ព​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុមគ្រួសារ សាច់ញាតិ​ ព្រោះវីរកងទ័ពត្រូវមាន​កាតព្វកិច្ច​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា​។បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកដល់ពលរដ្ឋ ត្រូវយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ថែ​រក្សា​អនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និង​កាត់​បន្ថយ​ការ​ប្រើ​ឧបករណ៍​បំពង់​សំឡេង​ខ្លាំង​ក្នុង​ភូមិ​ឋាន​ដែល​បង្ក​ការ​រំខាន​ដោយ​សំឡេង​ប៉ះ​ពាល់​ការ​រស់នៅ ​របស់ពលរដ្ឋ និងភ្ញៀវទេសចរ។ឯកឧត្តម បានលើកឡើងពីគម្រោងស្ថាបនាផ្លូវ ដោយនៅក្នុងឆ្នាំ២០២៦នេះ គម្រោង​នៅ​ប៉ែក​ខាង​លិច​ស្ទឹង​សង្កែ​នឹងត្រូវបន្តដោយសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ​១០​គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់។ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង សង្កាត់ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រំដោះ​ទប់​ស្កាត់​ការ​រំលោភ​ដី​ចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរុះរើសំយ៉ាបមុខផ្ទះ ដើម្បីបម្រើផល​ប្រយោជន៍​បង​ប្អូន​ប្រជាពលរដ្ឋទៅថ្ងៃអនាគត និងស្នើពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ។ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូល​រួម​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ហើយជឿជាក់​លើ​ព័ត៌មាន​ពិត​ដែល​មាន​ប្រភព​ច្បាស់​លាស់​ពី​អង្គភាព​ព័ត៌មាន​របស់​រដ្ឋាភិបាល​។ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ពលរដ្ឋ​ដែល​មាន​សាច់​ញាតិ ​ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់​អាច​ក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខ​ទុក្ខ​ប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 12:06 PM
យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM