កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០

ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សហការជាមួយស្ថាប័នចំនួន១០ ដើម្បីពង្រឹងជំនាញបច្ចេកទេស និងឱកាសការងារឱ្យកាន់តែសម្បូរបែប

2026/01/13 08:23:50 am        185
ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាសរុបចំនួន ១០ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូពាក់ព័ន្ធសរុបចំនួន ១១០នាក់។កិច្ចសហការទ្រង់ទ្រាយធំនេះ ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាល ចាប់តាំងពីការរៀបចំកម្មវិធីសិក្សាតាមតម្រូវការក្រុមហ៊ុន ការផ្តល់កន្លែងចុះកម្មសិក្សា រហូតដល់ការជ្រើសរើសបុគ្គលិក និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីបច្ចេកទេស។ លើសពីនេះ ស្ថាប័នដៃគូនឹងបញ្ជូនអ្នកជំនាញមកធ្វើជាគ្រូឧទ្ទេស និងវាគ្មិន ដើម្បីចែករំលែកបទពិសោធផ្ទាល់ក្នុងថ្នាក់រៀន និងការដឹកនាំសារណា ខណៈដែលគ្រូរបស់វិទ្យាស្ថានក៏មានឱកាសចុះអនុវត្តការងារផ្ទាល់ក្នុងវិស័យឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះ ភាគីទាំងអស់នឹងសហការគ្នាក្នុងការស្រាវជ្រាវ និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដាក្រសួង។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាន និងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារ៖ ទីមួយ. ត្រូវរួមគ្នាស្រាវជ្រាវបង្កើតផលិតផលដែលមានប្រយោជន៍សម្រាប់វិស័យយោធា និងតំបន់ព្រំដែន។ ទីពីរ. ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកតាមដានការអនុវត្ត MoU ជាមួយដៃគូឱ្យបានហ្មត់ចត់។ និងទីបី. ត្រូវរៀបចំផែនការសកម្មភាពប្រតិបត្តិឱ្យច្បាស់លាស់ ដោយមានការប្រជុំត្រួតពិនិត្យរៀងរាល់ត្រីមាស៕

ស្ថានទូត​កម្ពុជាប្រចាំ​នៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ

2026/01/13 08:15:58 am        205
នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ និងសហការី បានអញ្ជើញទៅមជ្ឈ​មណ្ឌល​គាំពារ​ពលករ​បរទេស​នៅ​តំបន់​ឆាង​វ៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើជាសហប្រធានរៀបចំកម្មវិធី "2026 Migrants' Arirang Multicultural Festival" និង សួរសុខទុក្ខបងប្អូនប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់នេះ ។ ក្នុង​​ឱកាស​នោះ​ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ លោក Lee Choul Seoung ប្រធានមជ្ឈមណ្ឌលគាំពារពលករតំបន់ឆាំងវ៉ុន ដែល​លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រប​សម្រួល និងដោះស្រាយបញ្ហាការងារផ្សេងៗរបស់បងប្អូនពលករក្នុងតំបន់​។ឆ្លៀតក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បាន​បង្ហា​ញ​ពី​បំណង​រៀប​ចំ​កម្ម​វិធី​ពិនិត្យ​សុខភាព​ដោយឥតគិតថ្លៃជូនបងប្អូនខ្មែរ ដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន និងបានស្នើ​សុំ​លោក​ប្រធាន​មជ្ឈ​មណ្ឌលសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ។ ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌល បានយល់ស្របក្នុងការផ្តល់ទីតាំង និងជួយ​សម្រប​សម្រួល​កម្ម​វិធីពិនិត្យសុខភាពដែលនឹងប្រពឹត្តទៅនៅតំបន់ឆាំងវ៉ុននាពេលខាងមុខនេះ ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

កម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០

2026/01/12 08:13:53 pm        199
ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានយល់ឃើញដូចគ្នាអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើយន្ដការដែលមានស្រាប់នាពេលកន្លងមក។ការយល់ឃើញដូចគ្នាបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អនុញ្ញាតឲ្យលោក ង្វៀន ម៉ាញ គឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នាសាលសវនាការរបស់លោកសន្ដិបណ្ឌិត អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរចំពោះបក្ស និងរដ្ឋាភិបាលវៀតណាមចំពោះការសម្រេចសមិទ្ធផលធំៗជាច្រើន លោកបានបញ្ជាក់ថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នា ជាពិសេសមានកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកនៅពេលជួបវិបត្តិ ហើយប្រទេសទាំងពីរបានឆ្លងកាត់សង្គ្រាមច្រើនដំណាក់កាល និងមិនចង់ឃើញសង្គ្រាមកើតឡើងទៀតឡើយ។ជាមួយគ្នានោះ លោក ង្វៀន ម៉ាញ គឿង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយសង្កេតឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា មានការវិវត្តគួរឲ្យកត់សម្គាល់។លោកអនុរដ្ឋមន្ដ្រី ក៏បានយល់ឃើញដែរថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានប្រវត្តិយូរអង្វែងដែលជាទ្រព្យមួយដ៏មានតម្លៃសម្រាប់ប្រជាជន គណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ដោយមើលឃើញពីសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងទ្វេភាគី លោកអនុរដ្ឋមន្ដ្រីបានលើកឡើងថា ភាគីទាំងពីរត្រូវបន្តសហការគ្នាឲ្យកាន់តែស្អិតរមួត ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្សឲ្យរឹងមាំសម្រាប់ជំរុញការអភិវឌ្ឍទៅមុខ។ ទន្ទឹមនឹងនោះ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម ផងដែរ។ទាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកអនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ការងារចំពោះមុខ និងការងារយូរអង្វែង ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០៕

កម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន

2026/01/12 06:53:49 pm        143
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានជួបប្រជុំតាមអនឡាញជាមួយ លោកជំទាវ Eunice M. Tembo Luambia ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃប្រទេសហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំលើកទី២៣ នៃរដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU)។តាងនាមឱ្យ សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្ដម បានសម្តែងការអបអរសាទរចំពោះការចូលកាន់តំណែងជាប្រធានអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តពេញលេញចំពោះភាពជាអ្នកដឹកនាំ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សាសុចរិតភាពមនុស្សធម៌នៃអនុសញ្ញា។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសង្កត់ធ្ងន់លើការអនុលោមភាពតាមអនុសញ្ញាយូរអង្វែងរបស់កម្ពុជា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាចំពោះសកម្មភាពមីនសកល ខណៈពេលដែលបានគូសបញ្ជាក់ថា អនុសញ្ញានេះត្រូវតែនៅតែជាឧបករណ៍មនុស្សធម៌។ឯកឧត្ដមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្ដម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិអំណាច ភាពជឿជាក់ និងភាពសុចរិតនៃអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងពិភពលោកដែលគ្មានមីន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវភាពជោគជ័យនៃអាណត្តិប្រធានអនុសញ្ញាអូតាវ៉ារបស់ប្រទេសហ្សំប៊ី។

គ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2026/01/12 06:47:18 pm        151
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រួសារអតីតយុទ្ធជនពលី មានដី មានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោកស្រី ឱក ឡាត់ បានរៀបរាប់ថា៖ កូនរបស់គាត់ឈ្មោះ ឡាន ដៀប ធ្លាប់បានចូលបម្រើការក្នុងជួរនគរបាលA៣ ហើយត្រូវបានពលីជីវិតនៅសមភូមិស្ទោង ឆ្នាំ១៩៩២ ។ បច្ចុប្បន្នលោកស្រី មានអាយុ ៧៨ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម ។ លោកស្រី ឱក ឡាត់ បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសាររបស់គាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៩ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកស្រី ឱក ឡាត់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះទៀតផង។

កម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព

2026/01/12 05:31:02 pm        244
ភ្នំពេញ៖កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ICRC ចំពោះតួនាទីដ៏មានសារៈសំខាន់ ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨ រូប នៅអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។ ការថ្លែងអំណរគុណជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិទទួលជួបសម្តែងការគួរសម និងពិភាក្សាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ។កិច្ចជំនួបនេះភគីទាំងពីរបានផ្តោតលើការផ្លាស់ប្តូរយោបល់អំពីបញ្ហាដែលមានចំណាប់អារម្មណ៍រួម ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ជាពិសេសការតាមដានបន្តរបស់ ICRC លើការធ្វើមាតុភូមិនិវត្តន៍របស់វីរៈកងទ័ពកម្ពុជា ១៨រូប ព្រមទាំងការរៀបចំ និងអនុវត្តបេសកកម្មមនុស្សធម៌របស់ ICRC តាមគម្រោងផែនការនៅក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ដោយអរិភាពនាពេលថ្មីៗនេះ។ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ICRC ចំពោះតួនាទីដ៏មានសារៈសំខាន់ ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨ រូប នៅអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។ ការចូលរួមរបស់ ICRC បានចូលរួមយ៉ាងសំខាន់ក្នុងការធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការការពារសិទ្ធិ និងសុខុមាលភាពរបស់កងទ័ព។ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់៕

ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា

2026/01/12 05:09:11 pm        195
កែប៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា ដើម្បីតម្រង់ទិស និងដាក់ចេញនូវគម្រោងគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ កម្មវិធីចិញ្ចឹមជីវិត ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ ការកែច្នៃផលិតផលជលផលនិងទីផ្សារ សេវាកម្មទេសចរណ៍ និងការពង្រឹងសមត្ថភាពអាជីពមុខរបរ ក្នុងភាពជាដៃគូរវាងដៃគូរអភិវឌ្ឍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ គម្រោងនេះ នឹងចូលរួមប្រែក្លាយជីវិតថ្មីរបស់សហគមន៍ ហើយរក្សាបាននូវការប្រើប្រាស់ធនធានជលផលសមុទ្រដោយចីរភាព សុវត្ថិភាពស្បៀង ពង្រឹងភាពធន់ និង លើកកម្ពស់ប្រាក់ចំណូលរបស់សហគមន៍ ព្រមទាំងទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចតំបន់ឆ្នេរឱ្យកាន់តែមានភាពរឹងមាំសម្រាប់ជាជន្ទល់ដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ។

មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការវាយ​តម្លៃ​ការ​វិនិយោគ នៃប្រព័ន្ធធារាសាស្ត្រនៅក្នុងប្រទេសកម្ពុជា

2026/01/12 04:49:49 pm        303
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការចាប់ផ្តើមអនុវត្តគម្រោង «ការវាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី មកពីនាយកដ្ឋានពាក់ព័ន្ធ សរុបប្រមាណ៤០រូប។សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ពីគម្រោងការវាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដែលអនុវត្តស្របតាមចក្ខុវិស័យនៃរាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំអន្តរក្រសួងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងស្របតាមផែនទីបង្ហាញផ្លូវកម្មវិធីគ្រប់គ្រងធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា ហើយដែលផ្តល់ភារកិច្ចឱ្យក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំការវាយតម្លៃគ្រប់ជ្រុងជ្រោយលើការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រ និងពង្រឹងការសម្របសម្រួលអន្តរក្រសួងលើកិច្ចការសន្តិសុខទឹក។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះដឹកនាំអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈភាពជាដៃគូទឺកអូស្ត្រាលី(AWP) និងជំនួយបច្ចេកទេសពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន(ICEM) ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹង៖ ១)ពង្រឹងដល់ការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ក្នុងការគ្រប់គ្រងធនធានទឹក ២)បង្កើតវិធីសាស្រ្ដ និងអនុវត្តសាកល្បងលើការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសារពើភណ្ឌប្រព័ន្ធធារាសាស្ត្រ ៣)ពង្រឹងការសម្របសម្រួលប្រព័ន្ធគ្រប់គ្រងទិន្នន័យធារាសាស្ត្រ ៤)វាយតម្លៃការវិនិយោគនៃប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងដែលកំពុងរៀបចំ ៥)ពង្រឹងប្រតិបត្តិការ ការថែទាំ និងការសងថ្លៃ (Cost Recovery) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និង ៦)បញ្ចូលភាពធន់នឹងអាកាសធាតុ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន ក្នុងការរៀបចំផែនការធារាសាស្ត្រ។ សូមបញ្ជាក់ថា លទ្ធផលនៃការវាយតម្លៃនេះនឹងគាំទ្រដោយផ្ទាល់ដល់ការរៀបចំយុទ្ធសាស្ត្រ និងផែនការមេធនធានទឹកជាតិ ដោយធានាថា ការវិនិយោគនាពេលអនាគតត្រូវផ្អែកលើទិន្នន័យជាក់លាក់ វាយតម្លៃពីហានិភ័យនៃអាកាសធាតុ និងមាននិរន្តរភាពយូរអង្វែង។ គម្រោងនេះមានរយៈពេល ១៣ខែ ហើយការវាយតម្លៃនេះនឹងផ្ដល់នូវការតម្រង់ទិសក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គាំទ្រការរៀបចំផែនការអន្តរក្រសួង និងបង្កើតបណ្តាញគម្រោងវិនិយោគនៃប្រព័ន្ធធារាសាស្ត្រជាតិប្រកបដោយភាពជឿជាក់ ព្រមទាំងជាជំហានដ៏មានសារៈសំខាន់មួយក្នុងការពង្រឹងសន្តិសុខទឹក និងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ រោងចក្រ​ផលិត​សម្បក​កង់រថយន្ត វ៉ាន់លី ថាយអឺ ខេត្តស្វាយរៀង នឹងផ្តល់ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា

2026/01/12 04:42:13 pm        274
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វីជ្ជា​ជីវៈ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ​ជា​ច្រើនរូប។ ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ គួរឱ្យកត់សម្គាល់ថា ត្រឹមតែរយៈពេលមួយឆ្នាំគត់ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីសន្ទុះនៃការអភិវឌ្ឍ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយទទួលបានបុព្វសិទ្ធិពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើជាអធិបតីក្នុងពិធីសម្ពោធដ៏មហោឡារិកនាឱកាសនេះ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដេលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។គួរប្ញជាក់ដែរថា៖ ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖ (១)ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, (២)ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣) ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់, និង (៤) កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។ ឯកឧត្តម ក៏បានរំឡេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ (១)ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង (២)ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕

កម្ពុជា ទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែនពី UNFPA

2026/01/12 04:32:32 pm        192
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីជាមួយលោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលកញ្ចប់  សម្ភារៈបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែន។​ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាពនៅតែបន្តកើតមាន។ កញ្ចប់សម្ភារទាំង ៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងការបន្តការលើកកម្ពស់សុខភាពសាធារណៈ ដោយប្តេជ្ញាចិត្តមិនបោះបង់នរណាម្នាក់ចោល មិនទទួលបានការថែទាំនោះទេ ក្រសួងសុខាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការធានាថា សេវាសុខភាពបន្តដំណើរការជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមសាស្រ្តាចារ្យ បន្ថែមថា ជំនួយនាថ្ងៃនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ឆ្លើយតបទៅនឹងសសរស្តម្ភគន្លឹះទាំង៤ រួមមាន ការពង្រឹងសុខភាពមាតា និងទារក ការបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាល ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់អភិបាលកិច្ច និងការសម្របសម្រួល។ ភាពជាដៃគូយូរអង្វែង ការគាំទ្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពឆ្លើយតបសង្គ្រោះបន្ទាន់របស់ UNFPA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការជាង ៣ ទសវត្សរ៍កន្លងមក។លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្តេជ្ញាធានាឱ្យបាននូវការបែងចែកសម្ភារទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ទៅកាន់មូលដ្ឋានសុខាភិបាល និងសហគមន៍ដែលកំពុងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយដ៏រឹងមាំ អាចការពារគ្រប់ជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ដែរថា កញ្ចប់សម្ភារបរិក្ខារសម្រាប់សុខភាពបន្តពូជចំនួន ៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត រួមមាន៖ ១) កញ្ចប់សម្ភារសម្រាប់ការសំអាតនិងអនាម័យ (Kit-2B): ១៩ កញ្ចប់ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរុំភៀសសឹក និងក្នុងសហគមន៍។ ២) ឧបករណ៍ជំនួយក្នុងការបង្កើតកូន (Kit-6A & Kit-6B): ១៨ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៩) ផ្តល់ទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល ៣) កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់និងថែទាំផ្នែកសម្ភព (Kit-11A & Kit-11B): ៦ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៣) ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។៤) កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗ៖ រួមមានឧបករណ៍សម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន (៩ កញ្ចប់) ដេរបួសនៃការដាច់រហែកមាត់ស្បូននិងទ្វារមាស (៩ កញ្ចប់) និងឧបករណ៍បូមជប់សម្រាប់បង្កើតកូន (៩ កញ្ចប់) ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM