រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ

ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ១២៣ លានដុល្លារ

2026/01/12 04:26:44 pm        284
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំកិច្ចពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងចំនួន ៥ ដែលវិនិយោគលើ វិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ១ ៧០០ កន្លែង នៅខេត្តមណ្ឌលគីរី ។ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិភាក្សាពិភាក្សា លើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគចំនួន ៥ ក្នុងខេត្ត មណ្ឌលគីរី ដែលវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងមាន សក្តានុពលអាចបង្កើតការងារ ប្រមាណ ១ ៧០០ កន្លែង។ឯកឧត្តមអនុប្រធាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួលក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និងផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ។ ក្នុងន័យនេះ, ក.វ.ឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយវិនិយោគិនក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម, និងបន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់នេះ សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ាដើម។បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបពិភាក្សាផ្ទាល់ ជាមួយតំណាង ក្រុមហ៊ុននៃគម្រោងទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ កាហ្វេ និងការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ នៅតាមទីតាំង គម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើសុំ ដើម្បីពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជាសំណើ និងបញ្ហា ប្រឈមដែលក្រុមហ៊ុនបានលើកឡើង។ ជាមួយគ្នានេះ, ឯកឧត្តមអនុប្រធាន បានដឹកនាំក្រុមការងារ ដើម្បីចុះជួបវិនិយោគិនដល់ ទីតាំងផ្ទាល់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងស្តាប់ពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពរ របស់ក្រុមហ៊ុនចំនួន ២ រួមមាន៖ ទី១. ក្រុមហ៊ុន វាសនា កសិកម្ម ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងទី២. ក្រុមហ៊ុន ណេង ណា ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី ប្រេងខ្យល់ នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនបន្តផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១១ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោង «សមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣»

2026/01/12 04:21:05 pm        398
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចផ្លាស់ប្តូរពិធីសារ (exchange of note) រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «សមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣» Integrated Mine Clearance and Victim Assistance (Phase3) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ដែលមានទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង ១១ លានដុល្លារអាមេរិក។ គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦ - ១៥ មករា ២០២៨។ គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMACត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីនALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម៕

ឆ្នាំ២០២៥ ខេត្តតាកែវ មានក្រុមហ៊ុនរោងចក្រសហគ្រាស មកបណ្ដាក់ទុនវិនិយោគចំនួន ៩៥ក្រុមហ៊ុន

2026/01/12 04:14:30 pm        289
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអោយដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តតាកែវ មានក្រុមហ៊ុនរោងចក្រសហគ្រាស មកបណ្ដាក់ទុនវិនិយោគ នៅទូទាំងខេត្តតាកែវ មានចំនួន ៩៥ក្រុមហ៊ុន។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃ ច័ន្ទ ទី ១២ ខែ មករា ឆ្នាំ ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា «ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវ មាន គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ៖ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹង ឆ្នាំ២០២៤ កើនឡើង១២០%។ ក្នុងនោះដែរ អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២%»។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថាលទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕ 

អភិបាលខេត្តបាត់ដំបង ជំរុញអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​គ្រួសារ​កង​កម្លាំង​ជួរ​មុខ

2026/01/12 04:09:21 pm        280
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តបាត់ដំបង បានជំរុញទៅកាន់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់ខ្ពស់ចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខ។ការជំរុញរបស់ឯកឧត្តម សុខ លូ បានធ្វើ​ឡើង​ក្នុង​ឱកាស​ឯកឧត្តម​អញ្ជើញ​ជា​គណៈ​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា កងកម្លាំងជួរមុខមានភារកិច្ចការពារបូរណភាពទឹកដី ដូច្នេះ​ក្រុម​គ្រួសារ​របស់កងកម្លាំងជួរមុខមិនអាចជួបប្រទះបញ្ហាខ្វះខាតដោយអាជ្ញាធរមិនដឹងនោះទេ។ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែង​តែ​យក​ចិត្ត​ទុក​ដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ចដោយមិនទុកបងប្អូនចោលឡើយតែងតែមើលថែ ឧបត្ថម្ភ​ទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។សូមរំលឹកថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី​បាន​នាំ​យ​​កអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ព និង​វីរនគរបាលជួរមុខជាបន្តបន្ទាប់។ក្នុង​កិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះដែរ ឯកឧត្តម សុខ លូ ក៏បាន​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង រំដោះ​ដី​ចំណី​ផ្លូវ​ និងត្រូវបន្ត​អនុវត្តន៍​យុទ្ធនាការ​ផ្ទះ​មួយ​ខ្នង​ដើម​ឈើ​មួយ​ដើម​ដោយ​បង្កើន​ការ​ដាំ​ដើម​ឈើ​នៅ​តាម​ទីប្រជុំជន និងទីសាធារណៈឱ្យបានច្រើនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ត្រូវ​អប់រំ​ផ្សព្វ​ផ្សាយ​ទៅកា​ន់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយ​មិន​ត្រូវ​ដុត​សំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយកា​រ​ប្រើ​ឧបករណ៍​រំពង​សំឡេង​ខ្លាំង​ក្នុង​ភូមិ​ឋាន​ដែលបង្កការរំខានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ៕ 

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែម​នៅឆ្នាំនេះ

2026/01/12 03:58:24 pm        376
ភ្ញៀវទេសចរអន្តរជាតិ បន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែមនៅឆ្នាំនេះ។ ទេសចរអន្តរជាតិ ក៏បានធ្វើការ​អំពាវនាវ​ដល់​ទេសចរ​អន្តរជាតិ​ដទៃ​ទៀត​ មកលេងកម្ពុជា ដែលជា ប្រទេសមានប្រជាពលរដ្ឋរួសរាយរាក់ទាក់។ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី និងអូស្ដ្រាលី ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បាន​អំពាវ​នាវ​ដល់​អ្នកទេសចរលើពិភពលោក ឱ្យទៅទស្សនារមណីយដ្ឋានអង្គរខ្មែរ ដោយពួកគេ​លើក​ឡើង​ថា ​តំបន់ទេសចរណ៍រមណីយដ្ឋានអង្គរ មានសន្ដិភាព និងសុខសុវត្ថិភាពពេញលេញ បើ​ទោះ​បី​កម្ពុជា​មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ប្រាសាទអង្គរវត្ដ មានភាពស្រស់ស្អាត ប្រជាជន​ខ្មែរមា​នភាពរួសរាយទាក់ទាក់ ។សូមរំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជា តាមរយៈការ​ដាក់​ចេញ​នូវ​ព្រឹត្តិការណ៍ "ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា" កន្លងមក និងកំណើនភ្ញៀវ​ទេសចរ​ឥណ្ឌា​ដ៏​ច្រើន​មកទស្សនាកម្ពុជា នាប៉ុន្មាន ខែចុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានត្រៀម​លក្ខណៈ​ជា​ស្រេច ​ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៦ ​តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិ សណ្ឋារកិច្ច​ដ៏​រួស​រាយ​រាក់​ទាក់​ដូចជាបងប្អូនបង្កើតរួមវប្បធម៌ អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕ អត្ថបទ៖ សាវី 

ពលរដ្ឋនៅសហគមន៍ភូមិកោះថ្មី ឃុំកោះសូទិន រួមគ្នាធ្វើត្រីឆ្អើរត្រៀមយកជូនវីរៈកងទ័ពជួរមុខ

2026/01/12 03:03:18 pm        277
សហគមន៍ត្រីឆ្អើរកោះថ្មីរបស់អ្នកភូមិកោះថ្មី ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម បាន​រួម​គ្នា​ធ្វើ​ត្រី​ឆ្អើរ​ ៣០០០​ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមយកជូនវីរៈកងទ័ពជួរមុខ។ ដោយ​មើលឃើញក្នុងស្មារតីខ្មែរជួយខ្មែរ នឹងដើម្បីជាតិខ្មែរ ខ្មែរមានសាមគ្គីភាពគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមថវិកាឲ្យអ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុក​កោះ​សូទិន បង្កើតសហគមន៍ធ្វើត្រីឆ្អើរ ខណៈបច្ចុប្បន្នរដូវនេះជារដូវរំហើយ និងតាម​ដង​ទន្លេ​មេគង្គ​សំបូរ​ត្រី​ផង​ដែរ។ ប្រជាពលរដ្ឋនៅភូមិកោះថ្មីនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមធ្វើត្រីឆ្អើរនេះ គឺ​ដោយ​យកត្រីស្លឹកឬស្សី ឬត្រីរៀលមកធ្វើដែលប្រជានេសាទបានពីទន្លេមេគង្គ ក្នុងគោល​ដៅ​ធ្វើ​ត្រី​ឆ្អើរ​យកទៅផ្តល់ជូនកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា។ តំណាងប្រ​ជាពលរដ្ឋរស់នៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន នៃស្រុកកោះសូទិន បានថ្លែង​អំណរ​គុណ​ដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដដែលបានផ្តួច​ផ្តើម​ចង​ក្រង​ជា​សហគមន៍​ត្រីឆ្អើ​រ និងផ្តល់ថវិកាទិញត្រីធ្វើឆ្អើរជូនដល់កងទ័ពនេះគឺបង្ហាញឲ្យឃើញថា កម្លាំង​សាមគ្គី​ជួរ​ក្រោយ​នៅ​តែលើកទឹកចិត្តទាំងថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់​ផ្សេង​ៗ​ ក្នុងការផ្តល់ដល់វីរៈកងទ័ពខ្មែរយើង ដែលកំពុង​ឈរ​ការពារ​បូរណ​ទឹក​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ។ ក្នុងការចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុក​កោះសូទិននេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រង​ឲ្យ​ភូមិ​នៅ​តំបន់​នេះ​បង្កើតជាសហគមន៍ត្រីឆ្អើរ ដោយបានដាក់ឈ្មោះថា សហគមន៍ត្រីឆ្អើរកោះថ្មី ដោយ​ឃើញ​ពី​សក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និង​អ្នក​ភូមិ​សាមគ្គី​ភាព​គ្នា​ល្អ​ទៀត​ផង​។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានផ្តល់ថវិកា ដើម្បីទិញត្រីធ្វើត្រីឆ្អើរឲ្យបាន ៣០០០ ចង្កាក់ ដើម្បី​ត្រៀមផ្តល់ជូនវីរៈកងទ័ពជួរមុខ​ដែល​បាន​នឹង​កំពុង​ខិតខំ​តស៊ូ​ការពារ​នៅតា​ម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​៕

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត នៅក្រុងបាវិត

2026/01/12 02:47:59 pm        224
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតសំកង់រថយន្តមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា ក្រោមទុនវិនិយោគដំណាក់កាលដំបូងជិត ៣០០លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សា និង​ប្រមូល​ធាតុ​ចូល​សេចក្តី​ព្រាង​ច្បាប់ស្តីពីនីតិសមុទ្រ

2026/01/12 02:45:06 pm        278
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៦ បានជួបប្រជុំគ្នា ដើម្បីពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​អនុ​សញ្ញា​អង្គ​ការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។ភាគីរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិ​ការ​អន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធា​ន​គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃ​រដ្ឋសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការ​ទី៦​)​ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញទាំង១០ របស់​រដ្ឋសភា។ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន ​ព្រមទាំងឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និង​ឯក​ឧត្តម​តំណាង​ក្រសួងយុត្តិធម៌។ឯកឧត្តម សួស​ យ៉ារ៉ា ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺមិនមែនជាវេទិកាសាកសួរដេញដោលនោះទេ គឺធ្វើឡើងក្នុងគោល​បំណង​ចែក​រំលែក ​និងប្រមែប្រមូលនូវធាតុចូល ដើម្បីពិនិត្យរួមគ្នាធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ អនុម័ត​ចេញ​ទៅទទួលបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម​ប្រធាន​អង្គ​ប្រ​ជុំ​​ក៏ដូ​ច​ជា​អន្ត​​រ​គណៈ​ជំនាញ​របស់រដ្ឋសភាជ្រាបថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេស​ហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្តថា បានអនុសញ្ញា​នេះ​កំណត់​អំពី​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​នៃកា​រ​កំណ​ត់​ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ច​របស់​រដ្ឋភាគី​ក្នុង​​ការ​ប្រើប្រា​ស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រម​ទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ដែលជាការ​ចង​ក្រង​នូវ​វិធា​ន​ទំនៀម​ទម្លាប់​អន្តរជាតិ ក្នុងវិស័យសមុទ្រព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ និង​យន្តការដោះស្រាយវិវាទនីតិសមុទ្រ មួយវិញ​ទៀត​ការ​​ផ្តល់​សច្ចាប័ន​អនុ​សញ្ញា​អង្គកា​រ​សហ​ប្រជា​ជាតិ​ស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សមុទ្រ​ ដូចខាងក្រោម៖- ទទួលបាននូវ​ក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ ក្នុងនាម​ជា​ប្រទេស​ជាប់​សមុទ្រ។- ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជា​៖ ការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រសមុទ្រ ជាដើម។- ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុង​ការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និង​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិ​នីតិសមុទ្រផងដែរ។- ទទួលបាននូវកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់​ព័ន្ធនឹងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគី និង​ស្ថាប័ន​អន្តរ​ជាតិ​នានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។ក្រោយពីបាន​ពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ ដោយមានការសួរ បកស្រាយបំភ្លឺយ៉ាងក្បោះក្បាយលើចម្ងល់មួយចំនួនរួចមក ឯកឧត្តម សួស យ៉ារ៉ា បានថ្លែង​អំណរ​គុណ ​និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​បាន​ខិត​ខំ​យក​ចិត្តទុកដាក់ធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីរក្សាសុ​ខ​សុវត្ថិភាព​ក្នុង​ដែន​សមុទ្រ​របស់​ព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា សម្រេចឯក​ភាព​ជាមួ​យ​តំណាង​រាជ​រដ្ឋាភិបាលហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា និង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀប​វារៈ​ស​ម័យប្រជុំពេញអង្គ នាពេលខាងមុខ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹក ក្នុងខេត្តព្រះវិហារ

2026/01/12 02:34:03 pm        213
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តទៅលើការរៀបចំ និងការផ្គត់ផ្គង់ជាគ្រឿងឧបភោគ បរិភោគគ្រប់គ្រាន់ជូនជនភៀសសឹក។

ត្រឹមឆ្នាំ២០២៥ កម្មវិធីបណ្ដុះបណ្ដាលជំនាញ ១,៥ លាននាក់មានអ្នកចុះឈ្មោះចូលរៀនជិត១៥ម៉ឺននាក់

2026/01/12 12:56:40 pm        406
គិតមកត្រឹមបំណាច់ឆ្នាំ២០២៥, កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឬហៅថា TVET 1,5 M បានទទលការចុះឈ្មោះជិត ១៥ម៉ឺននាក់ ក្នុងនោះយុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញនេះ។ឯកឧត្តម ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះចូលរៀនទាំងនេះ មានសិស្សកំពុងរៀនសរុបជាង ៧ពាន់នាក់, សិស្សកំពុងរង់ចាំចូលរៀនចំនួនជាង ១ម៉ឺន ៥ពាន់នាក់, សិស្សបញ្ចប់ការសិក្សាចំនួនជិត ៨ម៉ឺននាក់ និងសិស្សមានការងារធ្វើសរុបចំនួនជាង ៥ម៉ឺន ១ពាន់នាក់។ ឯកឧត្តម បានបន្តទៀតថា កម្មវិធីនេះឃើញថា យុវជន ក៏ដូចជាកម្មករនិយោជិត និងបុគ្គលិក នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះឈ្មោះចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលជំនាញ ធីវ៉េត ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិនេះ ដែលដឹកនាំដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺលោកបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងនោះ មានកម្មវិធី TVET ១,៥លាននាក់ ដែលបានដាក់ឱ្យអនុវត្តបន្ទាន់មួយ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការអនុវត្តគោលនយោបាយនេះ។ឯកឧត្តម បានបន្តថា សិក្ខាកាមដែលចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET នេះ គឺមិនមែនត្រឹមតែទទួលបានជំនាញច្បាស់លាស់នោះទេ តែពួកគាត់ទទួលបានសញ្ញាបត្រជំនាញមួយ ដែលពួកគាត់អាចបន្តការសិក្សាជំនាញបន្ថែមទៀតបាន ហើយបន្ថែមពីនេះទៀត សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារក្រីក្រអាចទទួលបានប្រាក់ឧត្ថម្ភមួយខែចំនួន ២៨ម៉ឺនរៀល ផងដែរ។ ឯកឧត្តមឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៦នេះ ដើម្បីជំរុញការចុះឈ្មោះចូលរៀនរបស់យុវជនដែលមកពីគ្រួសារក្រីក្រនិងរងហានិភ័យ ក្នុងកម្មវិធី ធីវ៉េត ១,៥លាននាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំរៀបចំជាសកម្មភាព និងផែនការដើម្បីផ្សព្វផ្សាយដោយធ្វើយ៉ាងណាឱ្យព័ត៌មានបានទៅដល់គោលដៅឱ្យពួកគាត់យល់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ អ្នកស្រី រៀម ម៉ាលិះ មានស្រុកកំណើតមកពីខេត្តកំពត បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ និងជាសិក្ខាកាមរៀនជំនាញផ្នែកផលិតនំ បាននិយាយឱ្យដឹងថា ការរៀនជំនាញនេះ ក្រៅពីមិនបង់ថ្លៃសិក្សា គឺមានការយកចិត្តទុកដាក់យ៉ាងល្អពីគ្រូបណ្តុះបណ្តាល និងមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់នៅពេលរៀនផងដែរ ពោលគឺមិនតម្រូវឱ្យចាយប្រាក់សូម្បីតែមួយរៀល។ អ្នកស្រី បានអំពាវនាវដល់អ្នកមិនទាន់មានជំនាញ ឬជាជនភៀសសឹកក្តី និងជាពិសេស អតីតពលករត្រឡប់មកពីប្រទេសថៃក្តី អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕អត្ថបទ៖ ឈិត បូរ៉ាវី  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM
Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia
06/01/2026 11:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
06/01/2026 11:06 AM
ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM