សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams

ព័ត៌មានជាតិ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវចូលជួបសម្តែងការគួរសម និងជម្រាបលា

2026/01/12 12:45:47 pm        255
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលបញ្ចប់អាណ្ណត្តិការងាររបស់ខ្លួនចូលជួបសម្ដែងការគួរសម និងជម្រាបលា។ក្នុងជំនួបនៅថ្ងៃទី១២មករា ឆ្នាំ២០២៦ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបតែងតាំងជំនួសថ្មី ណែនាំដល់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ នៅអគ្គបញ្ជាការដ្ឋាន។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នៅកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធានការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។ឯកឧត្តមអគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន, កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។ក្នុងឱកានោះដែរ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រធានការិយាល័យអនុព័ន្ធថ្មីចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ ដែលបានជួយសម្របសម្រួល គាំទ្រកន្លងមក ធ្វើឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ។លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក មានភាពល្អប្រសើរ ក្នុងនោះកិច្ចប្រជុំគណៈកម្មការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ បានដំណើរការល្អ ជាស្ពាននៃចំណងសាមគ្គីភាព មិត្តភាព ក្នុងនាមប្រទេសជិតខាង ជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ៕

រាជរដ្ឋាភិបាលកំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹក ខណៈជាង ៤៨ម៉ឺន​នាក់​បាន​ត្រឡប់​ទៅ​លំនៅ​ឋានវិញ

2026/01/12 12:38:44 pm        308
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តខិតខំជួយពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសំបែងវិញ និង​កំពុងបន្តស្នាក់នៅជំរំ ខណៈមកទល់ពេលនេះពលរដ្ឋភៀសសឹកជាង ៤៨ ម៉ឺននាក់​បាន​ត្រឡប់​ទៅ​លំនៅឋានវិញ និងជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។ នេះ​បើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា រាជ​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ជា​សេនា​ធិការ​បាន​និង​កំពុង​ដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីជួយដល់បងប្អូនជនភៀសសឹក​នៅ​តាម​បណ្តាយ​ព្រំដែន។​ សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរ​មាន​សមត្ថកិ​ច្ចបា​នជួយជ្រោមជ្រែង និងសម្រួលពួកគាត់​ឱ្យ​បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ដ្ឋាន​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាមដែលអាចធ្វើបានដោយគិតគូរយ៉ាងម៉ត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខ​មាល​ភាព​របស់ពួកគេ។ ចំណែក​អ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅ​ឡើយ​ក៏​ទទួល​បាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជ​រដ្ឋាភិបាល​ក្នុង​ការ​មើល​ថែ​ពួក​គាត់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព។ ឯកឧត្តមបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹក​ប្រមាណ​ជា​៤៨ម៉ឺន​នាក់​ហើយ​ដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ នៅសល់ជនភៀសឹកជាង១៦ ម៉ឺននាក់ទៀតកំពុងប​ន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅឡើ​យ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅ​កាន់​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជា​បន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​នានា​ក៏​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​បងប្អូ​ន​ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។ សូមបញ្ជាក់ជូនថា ការវិលត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​រប​ស់ពលរដ្ឋ​ភៀស​សឹក​មាន​ចែង​ក្នុង​ចំណុច​ទី​៤​នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលមានសេចក្តីថា ភាគីទាំង​ពីរ​ឯក​ភាព​អនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡ​ប់​ទៅ​ផ្ទះ​សម្បែង​ និង​ប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និង​ដោយ​មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​តែង​តាំង​សមា​ស​ភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ដែលមាន​ភារកិច្ច​រៀប​ចំ​ និង​គ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ភាគី​ថៃ​។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ច​នេះ​កំពុង​ចុះ​វាយ​តម្លៃ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល ក៏ដូចជា​ផលប៉ះពាល់​ជាក់​ស្តែង​លើ​ជីវភាព​របស់​ប្រជាពលរ​ដ្ឋ​ដើម្បី​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​អន្ត​រាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេ​ដ្ឋា​រចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេចបវរធិបតី នាយក​រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុម​ការងារ​ចំពោះ​កិច្ច​កំពុង​សិក្សា​ និង​វាយ​តម្លៃ​លើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និង​ការ​ស្តាឡើ​ងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជាទឹកស្អាត អគ្គិសនី និង​ទូរ​គមនាគម​ន៍​ជា​ដើម​។ ក្រៅពីនោះ ការបោសសម្អាត​កាក​សំណ​ល់ និង​យុទ្ធ​ភ័ណ្ឌមិន​ទាន់​ផ្ទុះ​ក៏​ជាកិ​ច្ច​ការ​ដ៏​សំខាន់​មួយដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ភៀស​សឹក​មុន​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​វិល​ត្រឡ​ប់​ទៅ​កាន់​លំនៅ​ឋា​នវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺ​ជូនពលរដ្ឋភៀសសឹកផងដែរ។ក្រៅពី​ការ​យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរស​ជន​នានា​តាម​រយៈ​ការ​ផ្តល់​ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឆ្លៀត​ឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូ​អភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបាន​បរិច្ចា​គធ​នធា​ន​ដើម្បី​ចូល​រួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ ។ សូមបងប្អូនជនរួមជាតិ និងសប្បុរស​ជន​គ្រប់​ទិស​ទី​បន្ត​សកម្ម​ភាព​សប្បុរ​ស​ធម៌​នេះ​ត​ទៅ​ទៀ​ត​ដើម្បី​បង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាកដែលជាកម្លាំងស្នូលនៃសង្គមខ្មែរ និងក៏ជាការបង្ហាញពីស្មារតីគាំទ្រសន្តិភាព និងលើកទឹក​ចិត្ត​ដ​ល់កា​រដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ពីព្រោះសង្គ្រាមតែងបង្កវិនាសកម្ម និងទុក្ខ​សោក​គ្រប់​បែប​យ៉ាង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ដូច​ដែលយើងធ្លាប់បានហែលឆ្លងកាត់រួចមកហើយ៕

រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជន​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស

2026/01/12 12:25:51 pm        277
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មាន​ទេសចរ​អន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និង​ឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីក​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍នៅតាមបណ្តាប្រទេសនានា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មក​ដល់​ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ​របស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយ​គោល​ដៅទេ​សចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំ​កញ្ចប់​ទេសចរណ៍​ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយ​គ្រប់​ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់​ទ​ល់​ភាព​ប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់វិស័យទេសចរណ៍ផងដែរ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តា​ទី​ភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ភាព​ជា​មួយ​ទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និង​តាម​បណ្តាប្រ​ទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំ​កញ្ចប់​ទេសចរណ៍ ​និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​មកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរ​ក្នុង​ស្រុក​ចេញ​ដើរ​កម្សាន្ត​ប្រមាណ​ជិត​២៤លាននាក់ ខណៈ តាមរបាយការណ៍​ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបាន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​បាន​ប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុង​ឆ្នាំ​២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាបញ្ជូនរបាយការណ៍វាយតម្លៃការខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយសារ​ការឈ្លាន​ពាន​របស់ថៃ ​ទៅយូណេស្កូ, ICC-Preah Vihear និងសហគមន៍អន្តរជាតិ

2026/01/12 12:14:56 pm        882
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃ ការ​ខូច​ខាត​នៅ​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារជាទីសក្ការៈ ដោយសារការឈ្លានពានរបស់ថៃ ទៅអង្គការ​យូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និង​សហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីអំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និង​តំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ​ឆ្នាំ​២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកត់​ត្រា​ចង​ក្រង​ពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គ​ប្រាសាទព្រះវិហារ ចំនួន១៤២ កន្លែង និងតំបន់ជុំវិញចំនួន ៤២ កន្លែង រួមបញ្ចូល​ទាំង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលា​រៀន ​វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន ១៤.៨៣២​នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជា​ផ្លូវ​ការ​ដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។ក្រសួងក៏បាន កត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញ​អំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោង​តាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុ​ង​ពេល​បេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្ម​សំខាន់​ៗ​ស្ទើរ​តែ​ទាំង​អស់​នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និង​ជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាត​ទាំង​នេះ​គឺ​បណ្តាល​មក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែក​ពីលើ​អាកាស​ចេញ​ពី​យន្ត​ហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅ​ផ្ទាល់​មក​លើ​តំបន់​បេតិក​ភណ្ឌ​ពិភពលោកប្រាសាទព្រះវិហារ។ជាមួយគ្នានេះ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​ការងារ អភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួល​រង​ការ​ខូច​ខាត​ទាំង​ស្រុង ​ដូចជា៖ គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហ​ប្រតិបត្តិការ​កម្ពុជា​-សហរដ្ឋអាមេរិក)៖ ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និង​ផ្នែក​ទាំង​ឡាយ​ដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយ​អគារនិងសម្ភារអភិរក្សនិងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។ គម្រោងអភិរក្ស និង​ជួសជុលគោបុរៈទី៥ (កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា)៖ ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួល​រង​ការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់​ការ​ជួស​ជុល​ប្រាសាទ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។សំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន) ៖ ការខូចខាត​ទី​តាំង​នេះ មានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារ​ឱ្យ​មាន​ការ​សិក្សា​លម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយ​លទ្ធផលសិក្សា កន្លងមកមិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ។ក្រសួង​បានបញ្ជាក់ថា ជារួមការវាយប្រហារទាំងពីរលើករបស់យោធាថៃមកលើប្រាសាទព្រះវិហារ បាន​ធ្វើ​ឱ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រម​ទាំង​ផ្នែក​ទាំង​ឡាយ​នៃ​ប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារ​បច្ចេក​ទេស​នានា​ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំង ដល់ដំណើរការ​ខិតខំ​ប្រឹង​ប្រែង​អភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញផ្សា​យ​ជាផ្លូ​វ​ការ​នូវ​របាយ​ការណ៍ វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំង​ពីរ​លើក​នេះ ​ចងក្រងដោយអាជ្ញាធរជាតិ ព្រះវិហារ ព្រមទាំងរបាយការណ៍សង្ខេបស្តីពីការបោសសម្អាត និង​ការ​ពិនិត្យអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចងក្រង ដោយមជ្ឈ​មណ្ឌ​លស​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​។«ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះទៅអង្គការយូណេស្កូ គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏អំពាវនាវដល់អង្គការ និង​សហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការ​ពារ​ប្រាសាទ​ពី​ការ​វាយ​ប្រហារ​បន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួស​ជុល​ស្តារ​ប្រាសាទ​ឡើងវិញ»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តអំពាវនាវឱ្យមានការគោរពដល់ច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងពិធីសារទីពីរ ឆ្នាំ១៩៩៩ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលសុទ្ធតែជាច្បាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងសម្រាប់ ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកល។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងបន្តស្រាវជ្រាវ ចងក្រងឯកសារលម្អិតស្តីពីការខូចខាត ព្រមទាំង ធ្វើទំនាក់ទំនងជាប់មិនដាច់ជាមួយស្ថាប័នជំនាញជាតិ-អន្តរជាតិ ដោយរួមទាំងទៅលើទិដ្ឋភាពបច្ចេកទេស ការទូត និងផ្លូវច្បាប់ សម្រាប់ភាពយុត្តិធម៌ ការការពារ និងការស្ដារឡើងវិញនូវប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា៕

អាជីវករនៅផ្សារដើមគរចាស់ បង្ហាញនូវការពេញចិត្តចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មី

2026/01/12 11:53:10 am        200
អាជីវករលក់បន្លែ និងផ្លែឈើ បានទទួលយក និងបង្ហាញនូវការពេញចិត្ត ដោយ​បាន​ចាប់​ឆ្នោត​ជ្រើស​រើស​តូបលក់ដូរយ៉ាងផុលផុស បន្ទាប់ពីការទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អាស៊ាន​-អន្តរជាតិ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្តៅ ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ។អាជីករលក់បន្លែនិងផ្លែឈើ នៅក្នុងវិធីសំណេះសំណាលជាមួយអាជីវករ និង​ទស្សនា​ទីតាំង​លក់​ដូរ​ថ្មី​នៅ​មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​នៅចុងសប្តាហ៍កន្លងមកថា ពួកគាត់មានមុខរបរលក់ដូរនៅផ្សារ ដើមគរចាស់​ជាយូរ​ឆ្នាំ​មក​ហើយ និងក៏បានទទួលស្គាល់អំពីផលពិបាក នៅក្នុងការលក់ដូររបស់ពួកគាត់ផងដែរដូចជា ការ​លក់ដូរនៅ លើផ្លូវពុំមានសណ្តាប់ និងទីតាំងច្បាស់លាស់ និងរងនូវហានីភ័យខ្ពស់ និង​ការ​ប៉ះ​ពាល់​ដល់បរិស្ថាន នៃសោភ័ណភាពទីក្រុងជាដើម។ក្រុមអាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការលក់ដូរនេះ ពួកគាត់​គឺ​ចង់​បាន​កន្លែង​លក់​ដូរសមរម្យផងដែរ តែ ដោយសារជីវភាពរស់នៅ ទើបពួក​គាត់​បាន​បន្ត​លក់​ដូរ​ដូច​ដែល​បាន​រៀប​រាប់ខាងលើ, ប៉ុន្តែបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានសម្រប សម្រួល ជាពិសេស​មាន​គោល​នយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ជួយសម្រាលបន្ទុក និងគាំទ្រដល់​អាជីវកម្ម​របស់បងប្អូនអាជីវករនេះ ពួកគាត់បានថ្លែងនូវការពេញចិត្ត ស្របពេ​ល​អាជីវករ​រាប់​រយ​នាក់​ បានសម្រេចចិត្តមកលក់ដូរនៅទីតាំងថ្មីនេះ។លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ចំពោះការ​លក់​ដូរ​នៅ​ផ្សារ​ដើម​គរចាស់ ឃើញថា មានបញ្ហាប្រឈមជាច្រើន ហើយអ្វីដែលជា​ចម្បង​គឺ​ការ​កក់​ស្ទះច​រាចរណ៍ ការប៉ះពាល់បរិស្ថាន តាមរយៈការបោះចោលសំរ៉ាមពាស់ វាលពាស់កាល បាន​បង្កើត​ជា​ក្លិន​ស្ទុះ និងការកក់ស្ទះលូជាដើម ដោយធ្វើឱ្យប៉ះពាលដល់ការរស់នៅប្រជាពលរដ្ឋ, បញ្ហានេះ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយ​មិន​មាន​ការ​អនុ​គ្រោះទៀ​ត​នោះឡើយ។ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​និងកំពុងបន្ត ដោះស្រាយបញ្ហាខាងលើនេះយ៉ាងសកម្ម តាមរយៈកា​រ​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះពា​ល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់​រំលោភ​ចិញ្ចើម​ផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យ នៅតំបន់ជុំវិញផ្សារដើមគរ ចាស់​ និងតំបន់ផ្សេងៗទៀត ដែលកំពុងលក់ដូរនៅតាមផ្លូវវដោយគ្មានសណ្តាប់ធ្នាប់ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគាត់មកដល់ដូរនៅតំបន់ ដែលបានរៀបចំ ដើម្បីឱ្យរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សំដៅសម្រួលភាពស្ទះចរាចរណ៍ នៅកណ្តាល​ទី​ក្រុង​ កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញជាដើម។សូម​បញ្ជាក់ថា ចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រប​សម្រួល និងឱ្យមានគោលនយោបាយ លើកទឹកចិត្ត គាំទ្រដល់បង​ប្អូន​អាជីវករ​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់​ប្ដូរ​ទៅ​កាន់​ផ្សារដើមគរថ្មីរួមមាន៖ ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃ ឈ្នួលរយៈ​ពេល​២​ឆ្នាំ​ពេញ​ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ ៣០ ដុល្លារក្នុងមួយខែ ដោយ​ពុំ​មានប្រាក់ កក់, ការប្រើប្រាស់ទឹកនិងភ្លើងដោយឥតគិតថ្លៃរយៈពេល៦ខែ, មិន​គិត​ថ្លៃ​សេវា​កម្ម​សម្អាតអនាម័យនិងថ្លៃប្រមូលសំរ៉ាម, និងការផ្ដល់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា៖ ភ្លើង​បំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រម​ទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពីគម្រោងមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានៅតែស្រូបយកឱកាសវិនិយោគ បង្កើតការងារ និងការនាំចេញ ទោះ​ជួប​បញ្ហា​ប្រឈម​ក៏​ដោយ

2026/01/12 11:38:52 am        249
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីកម្ពុជាប្រឈមនឹងបញ្ហាព្រំដែន កម្ពុជា​នៅ​តែ​ស្រូប​យកឱកាសវិនិយោគ បង្កើតផលិតកម្ម និងការងារក្នុងស្រុកកាន់តែច្រើន និងបាន​កំពុ​ង​ជំរុញ​ការ​នាំចេញមានកំណើនខ្ពស់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ច ក្នុងស្រុក។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​ពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៅវត្ត​ចាក់​អង្រែ​លើ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ម្សិលមិញ នេះថា ជុំវិញការវិនិយោគ រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការជាដៃគូពាណិជ្ជកម្ម និងការទៅផ្សព្វផ្សាយអំពីគោលនយោបាយ និងគៀង​គរ​វិនិយោគិ​ន​បរទេសឱ្យមកបណ្តាក់ទុន ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុង នេះ កម្ពុជាកំពុង​ទទួល​បាន​ជោគ​ជ័យ​គួរកត់សម្គាល់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ទាក់ទិនការវិនិយោគនេះ នៅក្នុងបំណាច់ឆ្នាំ២០២៥, គណៈ​កម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបាន​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​ចំនួន​សរុប ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណជាង ១០ ប៊ីលានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារបានប្រមាណ ៤៣៨ ពាន់កន្លែង ដែលនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែល​ទទួល​បាន គម្រោងវិនិយោគច្រើនមិនធ្លាប់មាន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមទៀតថា ចំពោះ​ការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​ខាង​លើនេះ​ បាននិងកំពុងជំរុញ បង្កើតនូវមូលដ្ឋានផលិតកម្មនៅកម្ពុជាកាន់តែសម្បូរបែប និង​បាន​គាំទ្រ​ដល់​ការនាំចេញរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ មានទឹកប្រាក់សរុបប្រមាណជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៥ ភាគ​រយ បើធៀបនិងឆ្នាំ២០២៤។ បញ្ហានេះ កម្ពុជានៅតែបន្តបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បី​ជំរុញ​ដល់​ការ​នំាចេញទំនិញឱ្យកាន់តែផុលផុស ខណៈបច្ចុប្បន្ន​ផលិត​ផល​ជា​ច្រើន​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​នាំចេញដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើ ដំណើរ កៅស៊ូ និង​ផលិត​ផលធ្វើពីកៅស៊ូ និងការនាំចេញកង់ ដោយមួយឆ្នាំៗកម្ពុជាបាននាំចេញកង់ជិត ១ ពាន់​លាន​ដុល្លារ​ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សមាជិករដ្ឋសភា អញ្ជើញសួរសុខទុក្ខ និងនាំយក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង

2026/01/12 11:26:53 am        206
ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងជា​សមាជិក​គណៈ​កម្មការ​ទី​៥​រដ្ឋសភា ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងជា​សមាជិក​គណៈកម្មការ​ទី​៩​រដ្ឋសភា និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាន យុវជន CMYA នា​រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣០០គ្រួសារ នៅសាលា​បឋម​សិ​ក្សា​រស្មី​សាមគ្គី ស្ថិតក្នុងភូមិ៤ សង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្ត និងគណៈប្រតិភូដែលបានចូលរួមក្នុងកម្មវិធីនោះ បាន​នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូន អ៊ំ ពូមីង ក្មួយៗ និងចៅៗ​ជា​ជន​ភៀស​សឹក​ទាំង​អស់​ដែល​កំពុង​ស្នាក់​អាស្រ័យ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាមួយគ្នានោះ ឯកឧត្តម និងគណៈប្រតិភូ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូម​មានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងវៃឆ្លាតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានា ដើម្បី​ការពារ បូរណភាពទឹកដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃ ដែល​បាន​ចូល​ឈ្លាន​ពាន​បូរណភាពទឹកដីកម្ពុជា ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវស្ថិរភាព សន្តិសុខ សន្តិភាព និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពជូនជាតិមាតុភូមិនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល

2026/01/12 10:58:12 am        261
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជាជយយគាំទ្រដល់ការរៀន និង​បង្រៀន​នៅ​សាលា​រៀន​បណ្ដោះ​អាសន្ន បឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃ​ក្រសួង​អប់រំ សហការជាមួយដៃគូនានា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថល តាម​សាលា​រៀន​មួយចំនួន។ចំពោះដំណោះស្រាយបច្ចេកវិទ្យាបន្ទាន់ដែលបានដាក់ឱ្យប្រើប្រាស់រួមមាន បណ្ណាល័យ​ឌីជីថល​ក្រៅ​បណ្ដាញ (Offline Content Server និង Local Wi-Fi Hotspot) ដែលជាឧបករណ៍​ផ្ទុក​មាតិកា​សិក្សា​ទំហំ ២តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយក​សៀវភៅ​ជាង​ ៣,០០០ ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប ដោយមិនចាំបាច់មានអ៊ីនធឺណិត។ បំពាក់​កុំព្យូ​ទ័រ​យួរដៃ ១ គ្រឿង សម្រាប់គ្រូបង្រៀន កុំព្យូទ័រ KOOMPI ចំនួន ១០ គ្រឿង ដើម្បីឱ្យ​សិស្សានុ​សិស្សអ​នុវត្តបំណិនឌីជីថលផ្ទាល់។ ថាមពលបៃតង (Solar Power System) ដំឡើង​ប្រព័ន្ធ​សូឡា ១ ឈុត ដែលអាចរក្សាថាមពល ១៥ គីឡូវ៉ាត់ម៉ោង ធានាដល់ការប្រើប្រាស់​កុំព្យូទ័​រដែល​បាន​បំពាក់ និងឧបករណ៍អេឡិចត្រូនិកបានទៀងទាត់ ទោះបីស្ថិតក្នុង​តំប​ន់ដា​ច់​ស្រយាល​ក៏ដោយ។​ក្រុមការងារបច្ចេកទេស ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ២០ នាក់ ដែលនឹងបង្រៀន សិស្សានុសិស្សចំនួន ៧៥៧ នាក់ និងអាណាព្យាបាល និងអ្នករស់នៅ​ជុំវិញ​សាលា ពីរបៀបប្រើប្រាស់ឧបករណ៍ និងការទាញយកមេរៀនពីប្រព័ន្ធ Local Wi-Fi Hotspot ក្នុងបរិវេណសាលា៕

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារបន្ដ

2026/01/12 10:44:04 am        260
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បាន​បើក​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ក្រោម​អធិបតី​ភាព​ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ថ្លែង​នៅក្នុងពិធីបើកនៃសន្និបាតនោះឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារ​គ្រប់​គ្រង​អន្តោ​ប្រវេសន៍​បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាម​រយៈ​ការ​ខិតខំ​បំពេញ​តួនាទី​ភារ​កិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេស​លើ​ការ​ត្រួត​ពិនិត្យ​ដំណើរចេញ-ចូលប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារ​គ្រប់​គ្រង​ហត្ថ​ពលករ​បរទេស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និង​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ស្រាវ​ជ្រាវ​ស៊ើបអ​ង្កេត​ស្វែង​រក​ឧក្រិដ្ឋ​ជន​បរទេស​ដែល​ចូល​មក​សំងំ​លាក់​ខ្លួន ​និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការ​ខុស​ច្បាប់​ក្នុង​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និង​បាន​រៀបចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ងារ​អន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការ​វិវត្ត​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន​។ ព្រមជាមួយនេះអគ្គនាយកដ្ឋាន ក៏បានរៀបចំ​កសាង​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​អន្តោ​ប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួល និងឆាប់​រហ័ស​ដល់​ការ​ងារ​ជំនាញ​ប្រចាំ​ថ្ងៃ និង​ប្រកបដោយ សុវត្ថិភាពខ្ពស់។ សំដៅធានានូ​វ​ការ​បំពេញ​តួនាទី​ជា​សេនា​ធិការ​ជូន​ក្រសួង​មហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ ហើយអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ រយៈពេល៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅ​ចូ​លរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការ​ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម​» ​នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការ​លើក​កម្ពស់​ការ​គ្រប់​គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយ​បាន​ដាក់​ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដោយក្នុងនោះរួមមាន១៖ ពង្រឹងការ​គ្រប់​គ្រង​ការ​ចូល ចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។ ទី២៖ ពង្រឹង​ប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោ​ប្រវេសន្ត និង​ជន​ភៀស​ខ្លួន​ ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។ ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី៤៖ ពង្រឹង​សមត្ថ​ភាព​អគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍ និងទី៥៖ ពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមកការផ្លាស់ប្តូរព័ត៌មាន និង​បទ​ពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា​ជា​ដើម​៕ អត្ថបទ៖ បាន ចក់

គ.ជ.គ.ម. បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

2026/01/12 10:30:59 am        141
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ក៏បានកោតសរសើរ និងផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តី ដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន, ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង, ទីប្រឹក្សា និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
06/01/2026 10:06 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM