ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

2026/01/07 01:06:34 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំប្រតិភូរណសិរ្ស គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ នាព្រឹកថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ ដើម្បីរួមគ្នាបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿង ក្រោមម្លប់សន្តិភាពតរៀងទៅ៕

អ្នកនយោបាយ អំពាវនាវពលរដ្ឋរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព ដើម្បីឱ្យកម្ពុជាចាកផុតពីសង្គ្រាម

2026/01/07 12:15:33 pm        232
ភ្នំពេញ៖ ក្នុងទិវាជ័យជម្នះ ៧ មករា អ្នកនយោបាយ អំពាវនាវប្រជាពលរដ្ឋត្រូវរួបរួមគ្នាការពារសន្តិភាព ស្ថិរភាព ដើម្បីឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាម។ក្នុងឱកាសអបអរសាទរខួប៤៧ឆ្នាំ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៦ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនោះ មានបណ្តាអ្នកនយោបាយ បានលើកឡើងថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាប្រវត្តិសាស្រ្តមួយក្នុងចំណោមប្រវត្តិសាស្រ្តផ្សេងទៀត ដែលប្រជាជនខ្មែរចងចាំ និងឈឺចាប់បំផុតចំពោះការស្លាប់យ៉ាងរង្គាល និងការព្រាត់ព្រាសបងប្អូនសាច់ញាតិ។ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា ទិវាជ័យជម្នះ ៧ មករា ១៩៧៩ គឺថ្ងៃដែលប្រជាជនគ្រប់រូបបានចាប់ផ្តើមស្គាល់ពន្លឺនៃការរស់រានជាថ្មី ដែលកត្តានេះ ក្នុងនាមរូបលោកជាអ្នកនយោបាយ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទីត្រូវចូលរួមការពារសន្តិភាព និងស្ថិរភាពឱ្យបាន ដោយសារប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមកើតឡើងទៀតនោះទេ។ជាមួយគ្នា លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ លើកឡើងថា ការបង្រួបបង្រួមរបស់ប្រជាពលរដ្ឋគឺជាគ្រឹះដ៏រឹងមាំ ហើយបន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសសូមអំពាវនាវប្រជាពលរដ្ឋមិនត្រូវជឿលើការញុះញង់ បំបែកបំបាក់ ដែលរារាំងដល់ការបង្រួបបង្រួម។សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសអបអរសាទរ ទិវាជ័យជម្នះ ៧ មករា ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ក៏ដូចជាក្នុង និងក្រៅប្រទេស តែងតែប្រារព្ធឡើងដើម្បីរំលឹកដល់ការធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ លើសពីនេះ ការរៀបចំខួបទិវាជ័យជម្នះ មានគោលបំណងសំខាន់សម្រាប់ឱ្យយុវជនគួរស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្បាស់មុននឹងជឿជាក់លើព្រឹត្តិការណ៍អ្វីមួយដែលអាចឈានដល់បង្កជាវិនាសកម្មដល់សង្គមជាតិ៕

សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដឹកនាំប្រទេសកម្ពុជា មានសុខសុវត្ថិភាព សន្តិភាព

2026/01/07 12:08:43 pm        238
ក្នុងឱកាស ខួបទី៤៧ នៃថ្ងៃជម្នះ៧មករា ឆ្នាំ២០២៦នេះ សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសជាតិ មានសុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខ ហើយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។  អ្នកស្រី ភុំ ចិន្តា ពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ បានឱ្យ ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ ៧មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលអ្នកស្រីបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ គឺពិបាកខ្លាំងណាស់ ដែលមិនអាចបំភ្លេចបានអំពើភាពឃោរឃៅ សោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។ អ្នកស្រីលើកឡើងថា ទោះបីជាកើតមិនទាន់សម័យនោះពិតមែន ប៉ុន្តែតាមរយៈរូបភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃសព្វថ្ងៃនេះ ក៏បានមើលឃើញពីទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ក៏ដូចជាការតតាំងរបស់វីរកងទ័ព និងការរស់យ៉ាងវេទនាជាដើមរបស់ជនភៀសសឹកមកពីគ្រប់ទិសទី។ជាមួយគ្នានេះ កម្មការិនី ស៊ឺន ស្រីតូច បាននិយាយដោយភាពជឿជាក់ និងសង្ឃឹមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តដឹកនាំប្រទេសឱ្យមានសុវត្ថិភាព សន្តិភាព ដែលធ្វើឱ្យប្រទេសកម្ពុជាមានសិទ្ធិសេរីភាព មានការរស់នៅ មានការហូបចុក មានការងារធ្វើជាប្រចាំនិងប្រាក់ចំណូលទៀងទាត់ ជាពិសេសបានរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើង ក្រោយឆ្លងកាត់ពីភាពដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាមិនចង់ជួប ចង់ឃើញទៀតទេ និងស្អប់ណាស់ពាក្យថា “សង្រ្គាម” មាន៧មករា ឆ្នាំ៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ លោកបានបន្តថា អ្វីដែលលោកចង់បាន គឺសុខសន្តិភាពដែលកើតចេញពីការតស៊ូរបស់វីរជនខ្មែរដ៏អង់អាចក្លាហាន។ លោកបានអំពាវនាវសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ប្រទេសកម្ពុជាឱ្យទទួលបានសុខសន្តិភាពពេញលេញឡើងវិញ ខណៈដែលក្រុមយោធាថៃ បន្តការឈ្លានពានដែនអធិបតេយ្យភាពមកលើកម្ពុជា។សូមបញ្ជាក់ថា តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បង គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល៕អត្ថបទ៖ ឈិត បូរ៉ាវី  

រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី គ្មានការសម្បទានណាមួយឡើយ

2026/01/07 12:00:50 pm        256
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ជាថ្មីថា ជំហរច្បាស់លាស់ ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្អែកការទូតរបស់ថ្នាក់ដឹកនាំ ដែលសម្រេចបានលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់នាពេលកន្លងមកនេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគ្មានការសម្បទានណាមួយឡើយ។ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជូនជនរួមជាតិទៀត អំពីជំហរដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដោយមធ្យោបាយសន្តិវិធី ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។ឯកឧត្តមបានថ្លែងថា ដើម្បីបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាជូនដល់សហគមន៍អន្តរជាតិបានជ្រាបកាន់តែច្បាស់ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន ៣៣ ស្ថានតំណាង និងមានចំនួនសរុប ៥៥ រូប។ ក្នុងបទបង្ហាញនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់តាមរយៈសារទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥ ថា៖ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ៕ 

នគរបាលខណ្ឌដង្កោប្រមូលផ្តុំកម្លាំងប្រជុំជួរ ចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា

2026/01/07 11:17:52 am        86
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រមូលផ្តុំកងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ រួមមាន លោក-លោកស្រីអធិការរង លោកនាយ-នាយរងផ្នែកជំនាញ ព្រមទាំងលោកនាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ១២ ប្រជុំជួរ និងចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា ១៩៧៩-២០២៦ ។លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានលើកឡើងថា ការចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧ មករា (១៩៧៩-២០២៦) គឺ ជាថ្ងៃរំដោះ និងសង្គ្រោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ នៃប្រជាពលរដ្ឋខ្មែរ និងជា ដើមកំណើត នៃសន្តិភាពពិតប្រាកដសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ។ ហេតុដូច្នេះយើងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព សុវត្ថិភាពសម្រាប់ប្រទេសជាតិយើងតទៅមុខទៀត ។លោកអធិការខណ្ឌដង្កោ លើកឡើងបន្តថា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានតស៊ូ និងលះបង់គ្រប់បែប យ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសពីរណ្តៅមរណៈ នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ ថ្ងៃ ៧មករា គឺជាថ្ងៃ នៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតក នៃជីវិតប្រជាជនខ្មែរ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន និងជាពិសេសបានឲ្យគេស្គាល់ កម្ពុជាមិនត្រឹមតែវាលពិឃាតប៉ុណ្ណោះទេ គេស្គាល់កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ៕

សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​សម្រេច​សមិទ្ធផលជាច្រើនលើគ្រប់វិស័យ

2026/01/07 11:11:05 am        408
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទោះបីត្រូវ​ឆ្លង​កាត់​ឧបសគ្គ​មួយ​ចំនួ​នក្តី ក្នុងឆ្នាំ២០២៥ កម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ក្នុងការ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសរំឭកខួបទី៤៧ នៃ​ទិវា​ជ័យជម្នះ ៧ មករា, សម្ដេចតេជោ បានថ្លែងថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជន​កម្ពុជា​បាន​រួម​សាមគ្គី​គ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដើម្បីការពារការរ​ស់​ឡើង​វិញ​របស់​ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗ ពីគំនរផេះផង់​សម្រេច​បាន​សមិទ្ធ​ផល​ធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុង​បន្ត​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ សម្ដេចតេជោ បានរំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុតកម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុង សង្គម និងមាន​សេដ្ឋកិច្ច​ចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ នេះ​ជា​ការ​ផ្លាស់ប្តូរយ៉ាងធំធេងរបស់កម្ពុជា អាស្រ័យដោយ​មាន​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណប​ក្សប្រ​ជាជន​កម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត និងសហគមន៍អន្តរជាតិ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖«ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុត​ទៅ​នេះ​កម្ពុ​ជា​បាន​សម្រេច​សមិទ្ធ​ផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបាន ឈានចូលឆ្នាំ ២០២៦ ដែល​ជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធី នយោបាយ​របស់ខ្លួ​នឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារ ប្រជាជន និងបូរណភាពទឹកដី»។សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ទន្ទឹមនឹង​ការ​សម្រេច​បាន​ជោគ​ជ័យ​នានា​ប្រទេសជាតិ​យើង​នៅ​តែ​ត្រូវ ​ប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិន​ច្បាស់​លាស់​នៃ​សេដ្ឋកិ​ច្ច​សកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិ​ង​កំពុង​ជះ​ឥទ្ធិពល​មក​លើដំណើរវិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា​​នៅតាម បណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។ ដូច្នេះ​ក្នុងឱកាសទិវាជ័យជម្នះ ៧មករានេះ សម្ដេចតេជោ បានអំ​ពាវនាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​នៅគ្រ​ប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វ​ហេតុ​ដ៏​យុត្តិធម៌​របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់ យើងបានឡើយ។ សម្ដេចតេជោ មានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសរបស់បងប្អូនជន រួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅ​ប្រទេស​ក្នុង​ការ​ផ្តល់​ការ​គាំទ្រពេ​ញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូន​ប្រជា​ពលរ​ដ្ឋភៀ​សសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារ​តី​សាមគ្គី​ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ ប្រជាជនដ៏រឹងមាំ៕

គិតត្រឹមដើមខែមករាឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៤,២០% ហើយ

2026/01/07 09:49:10 am        319
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន ២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២  តួសសរស្ពាន ១២ រួចរាល់  សសរស្ពាន៥២ រួចរាល់  និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។ ៣/ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ៨៣  និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៦៦ )។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។ក្រុមការងារបានចុះពិនិត្យស្ថានភាពជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹម T ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិនៅគ្រប់ទិសទីបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា

2026/01/07 09:26:29 am        1127
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ជាលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសផ្ញើជូនជនរួមជាតិដោយក្នុងនោះ សម្តេចបានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌។នៅក្នុងសារលិខិតពិសេសរបស់ សម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងថា៖បងប្អូនជនរួមជាតិជាទីស្នេហា! យើងពិតជាមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យពូជសាសន៍ប៉ុល ពត ដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥។ នៅក្រោមរបបដ៏យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុង នូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត, ជាមួយគ្នានេះ រចនាសម្ព័ន្ធ សង្គមជាតិត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ ដែលបានរុញច្រានឱ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យ នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូ រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននៃជ័យជម្នះនេះ សាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើងដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ។ឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា និងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការវាយរំលំរបបដ៏យង់ឃ្នងនេះ។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ គួររំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុត យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គម និងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ នេះជាការផ្លាស់ប្តូរយ៉ាងធំធេងរបស់កម្ពុជា អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបាន ឈានចូលឆ្នាំ ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។បងប្អូនជនរួមជាតិជាទីស្នេហា ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍ របស់ជាតិយើង។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល មកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ។ សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌ ពិភពលោក។ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈ និងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្ដារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន។កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំ ដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើយ។ ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន។បងប្អូនជនរួមជាតិជាទីស្នេហា! នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នករំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង។ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីរំភើបឥតឧបមាដែលបានឃើញ ការចូលរួមដ៏ផុលផុសរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេសក្នុងការផ្ដល់ការគាំទ្រពេញទំហឹងទាំងខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ៕

កម្ពុជា-ប្រេស៊ីល ពង្រីងការធ្វើពាណិជ្ជកម្មទ្វេភាគី ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

2026/01/07 09:17:23 am        160
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានជួបពិភាក្សាយ៉ាងផុសផុល លើការពង្រឹង និង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ  បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ី ជម្រៅ។នៅក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាយ៉ាងផុសផុលលើការជំរុញ និង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឆ្លើយតបទៅនឹងសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ វិស័យជាអាទិភាពដែលត្រូវបានលើក យកមកពិភាក្សារួមមាន៖ (១) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើនការនាំចេញ-នាំចូលកសិផល និងការចែក រំលែកបច្ចេកទេសដាំដុះ, (២) ឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញវិនិយោគិនប្រេស៊ីលដែលមានបទពិសោធន៍ខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ, និង (៣) ឧស្សាហកម្មគ្រឿងអគ្គិសនី និង អេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាងខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជជែកពិភាក្សា អំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសប្រេស៊ីល។ បេសកកម្មនេះ រំពឹងថា នឹងក្លាយជាវេទិកាគោះទ្វារវិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វ ផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី, ការ ផ្សារភ្ជាប់ ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ, និងការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជំនួបនេះបានបញ្ចប់ដោយបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលជាការ បង្ហាញនៃបោះជំហានទៅមុខរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ប្រេស៊ីល ឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី 

ព្រះសង្ឃ និងបងប្អូនខ្មែរកំណើតខ្មែរក្រោមនាំយកអំណោយជូនពលរដ្ឋភៀសសឹកចំនួន ២៣៦ គ្រួសារមកពីភូមិបឹងត្រកួន

2026/01/07 09:04:07 am        219
ព្រះសង្ឃ និងបងប្អូនខ្មែរកំណើតខ្មែរក្រោម ចំនួន៣១ អង្គ/នាក់ ដឹកនាំដោយ ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាមិញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ក្រោមការសម្របសម្រួលដោយ ឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយជូនប្រជាពលរដ្ឋដែលជាជនភៀសសឹកចំនួន ២៣៦ គ្រួសារ មកពីភូមិបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹកភ្នំស្រុក។អំណោយរួមមាន៖ អង្ករពីរតោន និង៣៦០គីឡូក្រាម, មីជាតិ ២៣៦ កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ២៣៦យួរ និងសាប៊ូលាងចាន ២៣៦ដបប ព្រមទាំងនំត្រីខ្មែរចំនួន ២៣៦ កញ្ចប់។ នៅក្នុងពិធីចែកអំណោយនេះក៏មានការចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអជ្ញាធរ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM