ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អនុប្រធានទី២ រដ្ឋសភាផ្តល់អនុសាសន៍ឱ្យយុវជនតូ្រវបន្តខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍ កសាងជាតិ

2026/01/06 12:23:23 pm        227
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ចំនួន ១៧នាក់ នៅវិមានរដ្ឋសភា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលក្មួយៗនឹងធ្វើដំណើរទៅកាន់ប្រទេសចំនួន២ គឺ ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី។ លោក សុះ សលីហ៊ីន តំណាងប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងជប៉ុន ចំនួន១៧នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសសឹង្ហបុរី។ ឯកឧត្តម វង សូត បានសម្តែងនូវក្តីសោមនស្សរីករាយដែលត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្តល់ឱកាសឱ្យជួបសារជាថ្មីជាមួយក្មួយៗ ព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំង១៧រូប តំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នៅពេលនេះ។ ក្នុងឱកាសនេះ ឯកឧត្តម វង សូត បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាមានយុវជនភាគច្រើន (៦០%) ដែលជាកូនចៅនៃជនរងគ្រោះក្រោមរបបប្រល័យពូជសាសន៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយអភិវឌ្ឍយុវជនជាតិចាប់តាំងពីឆ្នាំ២០១១។ ឯកឧត្តម ក៏បានលើកឡើងការងារសំខាន់ៗរបស់រដ្ឋសភា ពិសេសការបង្កើតក្រុមសមាជិកសភាវ័យក្មេង ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអន្តរជាតិ។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយត្រូវតែដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែលសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានពន្យល់ពីតួនាទីសំខាន់របស់យុវជនក្នុងការរក្សាសាមគ្គីភាពជាតិ ជាពិសេសក្នុងបរិបទបញ្ហាព្រំដែន ដែលកំពុងប្រឈម ហើយត្រូវជឿជាក់លើរដ្ឋាភិបាល ក្នុងដោះស្រាយតាមយន្តការច្បាប់ រួមមានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ឯកឧត្តមអំពាវនាវឱ្យយុវជនរួមគ្នាការពារសាមគ្គីភាព ប្រយ័ត្នចំពោះព័ត៌មានមិនពិត និងចូលរួមការពារផែនការជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណ និងសរសើរចំពោះការចូលរួមរបស់បណ្តាញយុវជននានា ដែលបានបង្ហាញនូវស្មារតីស្រឡាញ់ជាតិ និងសាមគ្គីភាពដ៏រឹងមាំ។ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សាឥរិយាបទ និងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមកជាមួយយុវជនប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាព និងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិ។ ឯកឧត្តម វង សូត បានផ្តល់អនុសាសន៍យ៉ាងជាក់លាក់ដល់យុវជន ដូចជា៖ សិក្សាប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិឱ្យច្បាស់ មុនពេលផ្សព្វផ្សាយទៅកាន់អន្តរជាតិ។ ត្រូវរួមគ្នាលើកកិត្តិយសជាតិ តាមរយៈការចែករំលែកអំពីអរិយធម៌ដ៏រុងរឿង។ ត្រូវពង្រឹងសាមគ្គីភាព និងផ្សព្វផ្សាយវប្បធម៌ជាតិ ដើម្បីជំរុញទេសចរណ៍។ ពិសេសក្នុងនាមយុវជនត្រូវពង្រឹងនូវសមត្ថភាពផ្នែកបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តម វង សូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានចូលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ជាមួយគ្នានេះប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អ្នកវិនិយោគចិននៅកម្ពុជា នាំយកអំណោយសប្បុរសធម៌ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់​ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

2026/01/06 12:11:59 pm        242
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញតជូន គណៈប្រតិភូធុរជនចិនដែលវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកស្រី ខារី លីវ នាយកប្រតិបត្តិមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍និងបានប្រគល់អំណោយសប្បុរសធម៌ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរយុទ្ធជននៅសមរភូមិមុខនិងពលរដ្ឋភៀសសឹក។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់គណៈប្រតិភូ ដែលជាអ្នកវិនិយោគបរទេសនៅកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយពលរដ្ឋខ្មែរ នៅក្នុងគ្រាដ៏លំបាក ដែលកម្ពុជាបានកំពុងជួបប្រទះនេះ។ សម្តេចបានគូសបញ្ជាក់ថាកាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចំាងយ៉ាងច្បាស់ពីចំណងមិត្តដែកថែកម្ពុជានិងចិន ដែលបានចាក់ឬសយ៉ាងជ្រៅនៅគ្រប់ប្រទាប់វណ្ណៈ រវាងប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ និងរវាងស្ថាប័ននិងស្ថាប័ន។ កាយវិការមនុស្សធម៌នៅក្នុងឱកាសនេះ បង្ហាញពីចំណងមិត្តភាព ស្មារតីមនុស្សធម៌ សាមគ្គីដ៏ស្មោះសររវាងប្រជាជននៃប្រទេសទំាងពីរ ដូចពាក្យស្លោកថា “មិត្តល្អជួយគ្នានៅគ្រាមានការលំបាក”។សកម្មភាពមនុស្សធម៌នេះ ស្របតាមការលើកឡើងរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសាឆ្នាំ២០២៥ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។សម្តេចរដ្ឋសភាធិបតី បានជម្រាបពីស្ថានការណ៍សង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតីភាពកម្ពុជានិងបានថ្លែងអំណរគុណជូនរដ្ឋាភិបាលប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព តាមរយៈជំនួបត្រីភាគី រវាងរដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ ក្រោមការសម្របសម្រួល របស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសប្រទេសចិន កាលពីថ្ងៃទី២៨ ដល់ទី២៩ ខែធ្នូ នៅខេត្តយូណាន។ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរដល់មិត្តចិន ដែលបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ២០លានយន់ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយជនស៊ីវិលភៀសខ្លួនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។ លោកស្រី ខារី លីវ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូវិនិយោគចិននៅកម្ពុជានាឱកាសនេះ។ លោកស្រីបានបញ្ជាក់ថា គណៈប្រតិភូដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភាពេលនេះ ជាអ្នកបានវិនិយោគក្នុងវិស័យផ្សេងៗគ្នា ហើយពួកគាត់ម្នាក់ៗ បោះទុនវិយោគនៅកម្ពុជាក្នុងរយៈពេលលើសពី១០ឆ្នាំ មកហើយ។ កម្ពុជាបានផ្តល់នូវឱកាសល្អសម្រាប់ការវិនិយោគនិងការរស់នៅ ដូច្នេះការចូលរួមចំណែកបរិច្ចាគជួយសង្គមកម្ពុជានាឱកាសនេះ ជាការតបស្នងសងគុណដល់ប្រទេសនិងប្រជាជនកម្ពុជាវិញ។ លោកស្រីបានសម្តែងការកោតសរសើរចំពោះសមត្ថភាពនិងពេទ្យកោសល្យដឹកនាំស្ថាប័នរដ្ឋសភារបស់  សម្តេចប្រធាន ដោយបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាស្រ្តីគំរូ របស់ពួកគាត់។ អំណោយដែលគណៈប្រតិភូវិនិយោគចិននៅកម្ពុជា បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាពេលនេះ មានអង្ករ១០តោន ទឹកបរិសុទ្ធ៥០០កេស នំចំនួន១៥កេស មីកំប៉ុងចំនួន២៥០កេស។ គណៈប្រតិភូបានបញ្ជាក់ថានឹងកៀរគរអំណោយមនុស្សធម៌ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភាជាបន្តបន្ទាប់ទៀត។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគបរទេសនៅកម្ពុជា ដែលមានការជឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅគ្រាដែលកម្ពុជាមានការលំបាកបែបនេះ អ្នកវិនិយោគចិន បន្តស្នាក់នៅកម្ពុជាហើយថែមទំាងបានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ប្រការនេះ កើតមានបាន អាស្រ័យលើការមាននំនុកចិត្ត ជឿជាក់លើការដឹកនាំច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សម្តេចរដ្ឋសភាធិបតី បានស្នើសូមដល់អ្នកវិយោគទំាងអស់នៅកម្ពុជា ប្រែក្លាយឱកាស ដែលកម្ពុជាមានការលំបាកនេះ ជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងមុខជំនួញរបស់ខ្លួន ដើម្បីការរីកចម្រើនទំាងអស់គ្នាពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការវិនិយោគពីបរទេស ។ កម្ពុជានៅមានសក្តានុពលជាច្រើនទៀត ដែលគេអាចពង្រីកនិងបោះទុនវិនិយោគបន្ថែមបាន៕

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញឱ្យមន្រ្តីនៅតាមតំបន់ការពារធម្មជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសឡធ្យូង ដែលប៉ះពាល់ដល់ធនធានធម្មជាតិនិងព្រៃឈើ

2026/01/06 12:08:25 pm        134
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់ ក្នុងតំបន់ការពារ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានលើកដំបូង សម្រាប់ឆ្នាំថ្មី នៅថ្ងៃទី៥ មករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីនៅតាមតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន បានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងបានធ្វើការបង្រ្កាបឡដុតធ្យូង ចំនួន២ទីតាំង ដែលមានឡធ្យូងចំនួន៥ កន្លែង ត្រង់ចំណុចស្រែជើងវ៉ាន់ និងចំណុចស្រែអញ្ចាញម៉ាត់អូរព្រះ ក្នុងឃុំអូរគ្រៀង.ស្រុកអូរគ្រៀងសែនជ័យ.ខេត្តក្រចេះ។ ប្រតិបត្តិការនេះធ្វើឡើងកាលពី ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព ជាពិសេសវិធានការជំរុញ «ភាពបៃតង» ដែលជាសសរស្តម្ភទី២ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ ជំរុញការពង្រីកគម្របបៃតង និងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ៕

កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

2026/01/06 12:01:24 pm        137
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ចាប់តាំងពីការអនុវត្តបទឈប់បាញ់កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក មានលទ្ធផលជាវិជ្ជមានដ៏គួរឱ្យកត់សម្គាល់មួយចំនួន ក្នុងនោះមានការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក និងជំហានបន្ទាប់គឺការឈានទៅវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ឯកឧត្តមបានថ្លែងថា ក្នុងកិច្ចព្រមព្រៀងកម្ពុជា និងថៃ បានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។យោងស្មារតីនៃចំណុចទី៣នេះ កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែ សំណើរនេះត្រូវបានភាគីថៃសុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរជាលើកទី២ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលក្នុងខេត្តសៀមរាប។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។ ក្នុងស្មារតីនេះ កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិដើម្បីកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕

សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់

2026/01/06 11:55:08 am        172
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ហារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី៕

ក្រោយមានបទឈប់បាញ់ ពលរដ្ឋភៀសសឹកកម្ពុជាជាង៤០ម៉ឺននាក់ ហើយបានវិលទៅផ្ទះសំបែងវិញ

2026/01/06 11:51:20 am        95
គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៤០ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោមការគិតគូរ និងជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងឡាយ។ ដូច្នេះចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង២០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ក្នុងនោះអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមករានេះថា ចាប់តាំងពីការអនុវត្តបទឈប់បាញ់កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ(GBC)មក មានលទ្ធផលជាវិជ្ជមានដ៏គួរឱ្យកត់សម្គាល់មួយចំនួនក្នុងនោះ ការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក គឺជាលទ្ធផលធំមួយក្នុងចំណោមលទ្ធផលលេចធ្លោផ្សេងៗទៀត។ឯកឧត្តមបានបញ្ជាក់ថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។ ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដីនិងក្រុមការងារពាក់ព័ន្ធ ក្នុងនោះ ក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺពួកគេដោយផ្ទាល់ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់៕

ឯកឧត្តម កែវ រតនៈ៖ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០​មេហ្កាវ៉ាត់​ជា​ប្រវត្តិ​សាស្ត្រ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុងឆ្នាំនេះ

2026/01/06 11:50:31 am        241
តាមរយៈបណ្ដាញសង្គម​នាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និងថាមពល បានបង្ហើបដោយដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០​មេ​ហ្កាវ៉ាត់​ជា​ប្រវត្តិ​សាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧ ដូច​ផែន​ការ​របស់​រាជ​រដ្ឋាភិបាល។ ឯកឧត្ដមបន្តថា គម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹង​សន្តិសុខ​ថា​មពល​ជាតិ ​និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។សូមជម្រាបថា គម្រោងនេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០ មេហ្គាវ៉ាត់ ជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន វិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ គម្រោងថាមពលអគ្គិសនីនេះ មិនត្រឹមតែជានិម្មិតរូបនៃការសហការគ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង៕ 

BREANKING NEWS | កងកម្លាំងកម្ពុជា រងរបួសធ្ងន់-ស្រាល ២នាក់ ក្រោយមានការផ្ទុះគ្រាប់ចេញ​ពី​គំនរ​​សំរាម​ក្នុង​ពេល​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​មូលដ្ឋានឈរជើងរបស់ខ្លួន ក្នុងភូមិសាស្ត្រមុំបី ខេត្ត​ព្រះវិហារ នៅព្រឹកនេះ​

2026/01/06 11:36:23 am        407
នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់ និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី

2026/01/06 11:29:46 am        357
នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីអនុញ្ញាតឱ្យឯកឧត្តម Mohammed Ismaeil A. Dahlwy ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារព្រឹទ្ធសភាថ្មី ដែល​បាន​បញ្ចុះ​បឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រx៤៧ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និងជម្រាបលា

2026/01/06 09:32:49 am        253
នៅព្រឹក​ថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM