ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

គ.ស.ម.ក.ដាក់ពាក្យបណ្តឹងទៅ UN ទាមទារឱ្យចាត់វិធានការចំពោះការរំលោភសិទ្ធិពលរដ្ឋកម្ពុជាពីកងកម្លាំងយោធាថៃ

2026/01/06 09:16:43 am        912
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ច ប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ទាហានថៃបានគាស់និងលុកលុយទន្ទ្រានចូលក្នុង លំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។គ.ស.ម.ក.បញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភ លើ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១(១)) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៧) អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ (មាត្រា៤៦និង៤៧) អនុសញ្ញាទីក្រុងហ្សឺណែវ (មាត្រា៣៣) និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស(មាត្រា១៧)។ ច្បាប់អន្តរជាតិទាំងអស់នេះ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ និងត្រូវបានការពារពីការជ្រៀតជ្រែកលើលំនៅឋាន ការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ។ដោយមានការណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់ ឯកឧត្តម Volker Türk ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណីដូចបានរៀបរាប់ខាងលើ។នៅក្នុងពាក្យបណ្តឹងនោះ គ.ស.ម.ក. បានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និង ការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យនិងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។ ២. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិល ត្រឡប់ចូលលំនៅឋានវិញ។ ៣. ស្នើឱ្យប្រទេសថៃដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹក កម្ពុជា។ ៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្តឹង និងរបាយការណ៍នានា ថាជាករណីមួយនៃការរំលោភ យ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។ ៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។គ.ស.ម.ក. បញ្ជាក់ជាថ្មីថា សិទ្ធិមានលំនៅឋាន គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនជាគោលដៅ យោធាឡើយ ហើយការបំផ្លិចបំផ្លាញលំនៅឋានស៊ីវិលនិងការបណ្តេញចេញដោយបង្ខំ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីគ្រប់ យន្តការពាក់ព័ន្ធ និងពីសហគមន៍អន្តរជាតិ។គ.ស.ម.ក. ដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្ស UN ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជាពីកងកម្លាំងយោធាថៃចំពោះភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃ មកលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារ សិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាន និទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែង ដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។គ.ស.ម.ក. អំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយដែលបង្កឡើងដោយកងកម្លាំងយោធាថៃ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផែនការយុទ្ធសាស្រ្ត «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» បានដាក់ចេញនៅក្នុងឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

2026/01/06 08:27:09 am        185
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញផែនការសកម្មភាពជាអាទិភាព របស់ក្រសួងបរិស្ថានសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ គឺ «ឆ្នាំសកម្មភាព ជាមួយលទ្ធផលជាក់ស្តែង» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា។ ផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នឹងធ្វើការជំរុញសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ឱ្យទទួលបានលទ្ធផលល្អថែមទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ ក្នុងឆ្នាំកន្លងមក បានខិតខំបំពេញការងារដោយកម្លាំងកាយ កម្លាំងចិត្ត និងបេះដូង បម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងការអប់រំ ផ្សព្វផ្សាយ ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។ «ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនេះ គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការងារឱ្យមានប្រសិទ្ធភាពនិងសមិទ្ធផលខ្ពស់ ថែមទៀត ដើម្បីកម្ពុជាកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព ដែលកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែម ក្នុងវេទិកា៕

រថយន្តធុនធំទាំងអស់បើមិនរាងចាល នៅតែបន្តល្មើសបើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ កម្លាំងសមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ជាធរមាន

2026/01/05 08:26:48 pm        235
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះអនុវត្តច្បាប់ តាមរយៈការចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកដែកធុនធំទាំងឡាយ ដែលបានធ្វើចរាចរណ៍ក្នុងចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់ ពោលមុនម៉ោង២១យប់។ ការចាប់ឃាត់នេះ គឺដើម្បីធ្វើការអប់រំជាលើកទី១ប៉ុណ្ណោះ ដោយពុំមានការផាកពិន័យនោះឡើយ ប៉ុន្តែក្នុងករណីម្ចាស់យាន្តមិនរាងចាល និងមិនគោរពកិច្ចសន្យា ហើយនៅតែបន្តល្មើសធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ជាលើកទី២ម្តងទៀត នោះសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។ គួរបញ្ជាក់ថា ៖ រថយន្តធុនធំដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់យកមកធ្វើកិច្ចសន្យាអប់រំទាំងអស់ គឺសុទ្ធតែបានចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញ ដោយមិនគោរពតាមបំរាមហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីជាកន្លងទៅ កម្លាំងសមត្ថកិច្ចបានចុះរឹតបន្តឹងច្បាប់នៅតាមព្រំប្រទល់រាជធានីជាប់ខេត្តនានា តាមរយៈការហាមឃាត់រាល់រថយន្តធុនធំទាំងឡាយ ឲ្យពង្រាងទិសដៅចរាចរណ៍បកត្រឡប់ទៅវិញ ក្នុងម៉ោងដែលមិនមានការអនុញ្ញាតឲ្យមានការចរាចរណ៍ចូល ក៏ដោយ ។ គួររំលឹកថា ៖ កម្លាំងសមត្ថកិច្ចផែនចរាចរណ៍រាជធានីភ្នំពេញ ក្រោមបទបញ្ជា និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការការចុះរឹតបន្តឹងច្បាប់តាមរយៈការផ្សព្វផ្សាយអប់រំពលរដ្ឋដែលល្មើសច្បាប់ ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥មកម្លេះ ដោយពុំមានការផាកពិន័យជាប្រាក់នោះឡើយ ដើម្បីឲ្យពលរដ្ឋអ្នកដំណើរចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ក្នុងគោលដៅរក្សាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ , រក្សាទ្រព្យសម្បត្តិ និងការពារអាយុជីវិត ទាំងអស់គ្នា ៕ លីហេង

ផ្លូវជនបទនៅស្រុកបរកែវ បានកំពុងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2026/01/05 06:55:25 pm        57
ភ្នំពេញ ៖ ផ្លូវជនបទនៅក្នុងស្រុក ស្រុកបរកែវ ខេត្តរតនគិរី ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានស្ដារឡើងវិញប្រកបដោយ គុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់បានយូរអង្វែង និងជាការលើកកម្ពស់កម្រិតជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះ និងអ្នកធ្វើដំណើរឆ្លងកាត់នានាជាដើម។​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងាររាវមីនលើផ្ទៃដីទំហំ ២៨១ ពាន់ម៉ែត្រការ៉េ, ជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដី ល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ១ ៨៤០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកបរកែវ ខេត្តរតនគិរី នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង ជួសជុលផ្លូវជនបទ ជាពិសេសការប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមទៅជាក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងជាដើម ព្រោះផ្លូវមានសារៈ សំខាន់ណាស់ មិនថាផ្លូវនៅក្នុងមូលដ្ឋានខាងលើនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាម នៃសេដ្ឋកិច្ច។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានកំពុង លើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿនដូចជា មានផ្លូវ ទឹក ភ្លើង ផ្លូវ ស្ពាន មណ្ឌលសុខភាព និងសាលារៀនជាដើម ដែលជាការបង្កើតនូវមូលដ្ឋានគ្រឹះកាន់តែរឹងមាំ សម្រាប់ការរស់ នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រឹងប្រែងលើការងារស្ថាបនាផ្លូវបញ្ចប់ ១០០ ភាគរយ ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះឯកឧត្តមក៏បានលើកឡើងពីគុណបំណាច់ របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការ កាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំ ប្រជុំពិនិត្យសេចក្តីព្រាងស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

2026/01/05 06:36:00 pm        142
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យសេចក្តីព្រាងស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោយឱវាទក្រសួង។មុនឈានចូលកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំតម្រង់ទិសក្រុមការងារជំនាញ និងកិច្ចពិភាក្សាដោយគួរផ្តោតលើ ការរៀបចំឱ្យមានស្តង់ដារួមតែមួយសម្រាប់គ្រប់គម្រោងអប់រំ ដោយផ្អែកលើស្តង់ដាសាលារៀនគំរូ ( លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងការរៀន, អភិបាលកិច្ច និងគណនេយ្យភាពសាលារៀន, ប្រតិបត្តិការ និងរដ្ឋបាលសាលារៀន,និង ការចូលរួមរបស់សហគមន៍) ដើម្បីងាយស្រួលក្នុងការវិនិយោគ និងកែលម្អឱ្យកាន់តែប្រសើរ។ ស្តង់ដាសេវាអប្បបរមា និងស្តង់ដាសាលារៀនគំរូ មានគោលដៅរួមក្នុងការបន្តលើកកម្ពស់គុណភាព ប្រកបដោយសមធម៌ និងគណនេយ្យភាព, ប្រើប្រាស់វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយផ្អែកលើស្តង់ដា សមាសភាគ និងសូចនាករ, ផ្តោតសំខាន់លើដែនវិស័យស្នូល ដូចជាការបង្រៀន និងការរៀន ប្រតិបត្តិការសាលារៀន សុខុមាលភាពសិស្ស និងការចូលរួមពីភាគីពាក់ព័ន្ធ ,និង មានសង្គតភាពជាមួយគោលដៅ និងគោលនយោបាយជាតិ។ក្របខ័ណ្ឌស្តង់ដាសេវាអប្បបរមា គឺជាការកំណត់នូវបទដ្ឋានជាក់លាក់ ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពអប់រំ, ការបែងចែកធនធានតាមគោលដៅដែលភ្ជាប់ទៅនឹងស្តង់ដាទាំងនេះ ធានាថាការផ្តល់មូលនិធិដោះស្រាយគម្លាតសំខាន់ៗ ដូចជាកង្វះគ្រូ បង្រៀន លទ្ធភាពទទួលបានធាតុចូល និងធនធានសមស្រប , បង្កើតយន្តការគណនេយ្យភាពពហុកម្រិត (សាលារៀន ស្រុក ខេត្ត) ដើម្បីត្រួតពិនិត្យអនុលោមភាព និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ គោលការណ៍ចំនួនបួនជាគ្រឹះនៃក្របខណ្ឌស្តង់ដាសេវាអប្បបរមា៖ សមធម៌ និងបរិយាបន្ន, គុណភាព និងភាពពាក់ព័ន្ធ, ប្រសិទ្ធភាព និងគណនេយ្យភាព, តម្រឹម ប្រទាក់ក្រឡា Alignment and coherence និងសុខដុមនីយកម្មជាមួយស្តង់ដានានាដែលក្រសួងកំពុងអនុវត្ត។បន្ទាប់ពីកិច្ចពិភាក្សាលើស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារជំនាញ រួមមាន៖ ១) សូមរៀបចំជាក្របខណ្ឌរួមមួយ សម្រាប់សាលារៀនដែលសម្រេចស្តង់ដាអប្បបរមា និងសូមឱ្យដូចគ្នានឹងស្តង់ដាសាលារៀនគំរូ សម្រួចសូចនាករ ដើម្បីជំរុញការវាស់ស្ទង់ឱ្យមានភាពជាក់ស្តែង ២) រៀបចំក្របខណ្ឌគោលនយោបាយអប់រំ ឆ្លុះបញ្ជាំងពីស្ថានភាពជាក់ស្តែង ៣) សូមឱ្យក្រុមការងារជំនាញ ចុះទៅដល់សាលារៀនដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់រវាងសាលាដល់ស្តង់ដាអប្បបរមា និងសាលាដែលមិនទាន់បំពេញលក្ខខណ្ឌស្តង់ដាបាន ដើម្បីវាយតម្លៃការកែលម្អ និងវិនិយោគ ៤) ក្រសួងនឹងធ្វើការវាយតម្លៃសាលារៀនទូទៅ ដើម្បីរកចំនួនជាក់លាក់ សាលារៀនធម្មតា មិនដល់ស្តង់ដា និងសាលារៀនដល់ស្តង់ដាអប្បបរមា ៥) រៀបចំជាប្រព័ន្ធវាយតម្លៃ និងប៉ាន់ប្រមាណការវិនិយោគដើម្បីកែលម្អគុណភាពអប់រំ។សូមបញ្ជាក់ថា ស្តង់ដាសេវាអប្បបរមា ឬ Minimum Service Standard (MSS) ត្រូវបានបង្កើតឡើង ដើម្បីធានាថាសាលាទាំងអស់មានស្តង់ដាមូលដ្ឋានក្នុងការផ្តល់សេវាអប់រំ ដោយផ្តោតលើធនធាននៅសាលារៀនដែលទន់ខ្សោយ ប្រែក្លាយគោលនយោបាយទៅជាការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់រៀន។ MSS មានធាតុស្នូលសំខាន់ ៣៖ ១) ស្តង់ដា – កំណត់ថាតើសាលារៀនត្រូវមានអ្វីខ្លះ (ជាប់ស្តង់ដាពេញលេញ ជាប់ស្តង់ដា និងជាប់ស្តង់ដាអប្បបរមា) ២) សមាសធាតុ – ធាតុចូល/ធនធានដែលត្រូវមានដើម្បីសម្រេចស្តង់ដា ៣) សូចនាករ – គឺជាការវាស់វែងតាមបែបគុណវិស័យ និងបែបបរិមាណវិស័យ ដែលផ្តល់នូវភស្តុតាងជាក់ស្តែង៕

ថៃស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ខណៈកម្ពុជាស្នើជាថ្មីប្រជុំនៅសប្តាហ៍ទី២ឬទី៣ ខែមករានេះ

2026/01/05 06:32:36 pm        168
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ជាការឆ្លើយតប ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួន ដូចខាងក្រោម៖១- ពិភាក្សាលើការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃបាននិងកំពុង ធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។៣- ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។៤- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តា ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៩៤០,៣២១ តោន គិតជាទឹកប្រាក់ បានចំនួន ៦០២.៤១ លានដុល្លារសហរដ្ឋអាមេរិក

2026/01/05 04:49:29 pm        129
ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២៧៣ ៦៥៧ តោន គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩៦ ១២២ តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២% អង្ករសរីរាង្គចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩% ។ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក ៕គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្រុមគ្រូ និងបុគ្គលិកសុខាភិបាលនៅភ្នំពេញបន្តចុះទៅព្យាបាលពលរដ្ឋក្នុងសហគមន៍តាមព្រំដែនខេត្តព្រះវិហារ

2026/01/05 04:44:48 pm        207
ភ្នំពេញ ៖ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ នៃមនី្ទរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចូលរួមចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ក្នុងសហគមន៍តាមបណ្តោយព្រំដែនខេត្តព្រះវិហារ។​លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត នាយកមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះថា មនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានរៀបចំក្រុមការងារចុះពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹកនៅជំរុំសុវតិ្ថភាពចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ។ ជាក់ស្តែងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ស្អែកនេះ ក្រុមការងារគ្រូពេទ្យ ក៏បន្តដំណើរ ដោយប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹក នៅតាមបណ្តោយព្រំដែន ដែលឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកបានចាត់ចែងក្រុមការងារជាបន្តបន្ទាប់។ចំណែកលោកគ្រូពេទ្យ ម៉ឺន សំណាង គិលានុបដ្ឋាក នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ដែលត្រូវចេញដំណើរ និងប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចផ្តល់សេវាជូនបងប្អូនជនភៀសសឹក នៅទិសព្រះវិហារ នាថ្ងៃស្អែក ទី៦ ខែមករា ឆ្នាំ២០២៦ មានមោទនភាព និងកម្លាំងចិត្តរឹងម៉ាំ ដែលថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែក បានចាត់មន្រី្តសុខាភិបាល ចុះជួយផ្តល់សេវាជូនបងប្អូនជនភៀសសឹក និងវីរៈកងទ័ពរបស់យើង ដែលស្នាក់នៅតំបន់ខេត្តព្រះវិហារ ដើម្បីលើកស្ទួយ និងថែទាំសេវាសុខភាពជូនពួកគាត់ឲ្យកាន់តែល្អប្រសើរ។ជាចុងក្រោយ ក្នុងនាមជាមន្រី្តសុខាភិបាល ក៏ដូចជាប្រជាជនកម្ពុជាមួយរូប លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត ក៏ដូចជាថ្នាក់ដឹក បុគ្គលិកសុខាភិបាលទាំងអស់ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជូនវីរៈកងទ័ពជួរមុខ ក៏ដូចជាក្រុមគ្រួសារកងទ័ព និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់វីរៈកងទ័ព ឲ្យមានទំនុកចិត្ត និងហ៊ានលៈបង់កម្លាំងកាយ កម្លាំងចិត្ត គោរពតួរនាទីភារកិច្ច ក្នុងការការពារបូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស ជារៀងរហូត ជៀសផុតពីការឈ្លានពានពីប្រទេសថៃ៕អត្ថបទ ៖ រដ្ឋា

ប្រមុខការទូតកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ UN នៅកម្ពុជា ខណៈតម្លៃនៃសន្តិភាពមិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍជាតិ

2026/01/05 04:35:43 pm        227
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាតំណាង អ.ស.ប. នានា នៅកម្ពុជា ដើម្បីគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្ដម ចូ សូយ័រ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ។ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និង អ.ស.ប. ស្របទៅតាមវិស័យអាទិភាពនៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា។

លទ្ធផលមួយទៀតដែលចេញមកពីការវិភាគមុខងារក្រសួង ស្ថាប័ន គឺ «ការរៀបចំ​មុខ​ងារ​បណ្តុះ​បណ្តាល​ នៃគ្រឹះស្ថានចំណុះក្រសួង ស្ថាប័ននីមួយៗ»

2026/01/05 04:01:06 pm        378
ក្រោយបានអនុវត្ត ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួង​មុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល​ទទួល​បន្ទុក​លើ​ការ​ងារ​​កែ​ទម្រង់រដ្ឋបាលសាធារណៈ បានរកឃើញស្ថានភាពជាបន្តបន្ទាប់ ដែលទាមទារឱ្យសិក្សា ពិភាក្សា និងកែលម្អកាន់តែប្រសើរ។ បន្ថែមលើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នីមួយៗ ការរៀបចំអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន រួមទាំងការរៀបចំមុខងារគាំទ្រនានា ដែល​ជា​សិមទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សញ្ញាណ​មួយ​ទៀត​ដែល​ក្រុមការងារវិភាគមុខងារបានសង្កេតឃើញគឺ «ការរៀបចំមុខងារបណ្តុះបណ្តាល របស់​គ្រឹះ​ស្ថាន​បណ្តុះបណ្តាល នៅតាមក្រសួង ស្ថាប័ន»។ក្រុមការងារបច្ចេកទេសបានរកឃើញថា ក្រសួង ស្ថាប័នមិនតិចជាង២៧ នោះទេ ដែល​មាន​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាលចំណុះ ក្រសួង ស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រោយ​បាន​សិក្សា​ពិនិត្យ​ជាក់​ស្តែង គ្រឹះស្ថាន​បណ្តុះបណ្តាល​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​អនុវត្ត​ការងារ​ជាន់​ភារ​កិច្ច​គ្នា ឬការបណ្តុះបណ្តាលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ឬប្រកួតប្រជែងគ្នា និងមិន​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា មិនគាំទ្រគ្នា ខណៈការកំណត់សមត្ថកិច្ច មុខងារ និងរចនាសម្ព័ន្ធ​ក៏​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅឡើយ។ ទន្ទឹមនោះ មានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តមុខងារ​ដែល​ជា​សមត្ថកិច្ច​របស់ខ្លួន ឬអនុវត្តមុខងារច្រើនក្នុងពេលតែមួយ ដែលប្រឈមជាមួយ​ការ​ធានា​គុណ​ភាព​ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងទាមទារការចំណាយច្រើនលើបន្ទុកបុគ្គលិក និង​ប្រតិ​បត្តិការប្រចាំថ្ងៃជាដើម។ ទាំងនេះជាហេតុផលត្រួសៗមួយចំនួន ដែលតម្រូវឱ្យមានការសិក្សា ពិភាក្សា​ជាចាំបាច់ ក្នុងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈកា​រ​ដាក់​ចេញ​នូវ​វិធាន​ការ​នានា ទាំងរយៈពេលខ្លី និងរយៈពេលវែង។គួររម្លឹកដែរថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នជាផ្នែក​មួយ​នៃ​ការ​អនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការ​ពង្រឹង​សម​ត្ថ​ភាព​ និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM