ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សហគមន៍កសិកម្មទំនើបចំនួន៩ ទទួលបានកម្ចីឥណទានការប្រាក់ទាប ដើម្បីពង្រីកដើមទុនដាំដុះ

2026/01/03 04:00:15 pm        249
តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ទទួលបានការអនុម័ត និងចុះកិច្ចព្រមព្រៀងលើកម្ចីឥណទានការប្រាក់ទាបចំនួន ១២លានដុល្លារ និងជំនួយឥតសំណងជិត ១លានដុល្លារ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅចុងឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង ១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង ១៥ ០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)។សូមបញ្ជាក់ជូនថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងកសិកម្ម អះអាងថា ត្រៀមខ្លួនជាស្រេច ដើម្បីជួយកសិករក្នុងការចងក្រងសហគមន៍កសិកម្មទំនើប

2026/01/03 03:39:10 pm        321
ភ្នំពេញ៖ សូមចូលរួមអបអរសាទរ! មកដល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចផែនការថ្មីមួយថែមទៀត លើកិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤លានដុល្លារ» ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យ នៃខេត្តបន្ទាយមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូបក្នុងបរិមាណជិត ១០ ០០០តោន ក្នុងអំឡុងពេល ៤ខែខាងមុខទៀត។ ក្រសួងកសិកម្ម បានលើកឡើងបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករ ជាពិសេសតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម។សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ទទួលបានការអនុម័ត និងចុះកិច្ចព្រមព្រៀងលើកម្ចីឥណទានការប្រាក់ទាបចំនួន ១២លានដុល្លារ និងជំនួយឥតសំណងជិត ១លានដុល្លារ ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង ១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង ១៥ ០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញផ្តល់កិត្តិយស ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

2026/01/03 02:04:44 pm        202
កំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ៕

កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅតំបន់ខ្លះយោធាថៃចូលហួសពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ

2026/01/03 01:47:44 pm        363
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានចេញ សេចក្តីថ្លែងការណ៍រ តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា ជម្រាបទៅសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួនរួមមាន ដូចជា៖ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួនខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់ សិទ្ធិមនុស្សអន្តរជាតិ រួមទាំង៖ មាត្រា ២ (៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះ ស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត។ មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើដែលពុំមានហេតុផល យោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់កំពុងនៅជាធរមាន។ មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិដែល ត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំង នឹងការរំលោភបំពាន់របស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌ សីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយ កងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជា មូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើ ប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅ នឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដី ដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើត ចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែល ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាង ខ្ជាប់ខ្ជួនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ការវាយកម្ទេចសំណង់ស៊ីវិលដោយកងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះពីវឌ្ឍនភាព ដែលសម្រេចបានដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែនត្រង់ បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែនដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាព មានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។ក្រសួងការបរទេសកម្ពុជា កម្ពុជាទាមទារឱ្យប្រទេសថៃ៖ ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។ ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។ គ. គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់ កម្លាំងនោះឡើយ។ កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះ ព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មានស្រាប់៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចូលរួមចែកអំណោយជំនួយរបស់រដ្ឋាភិបាលចិនជូនជនភៀសសឹកជាង ១,០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

2026/01/03 01:38:09 pm        247
បន្ទាយមានជ័យ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីចែកអំណោយរបស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ពិធីចែកអំណោយនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត, អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមកកម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តចិនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ

2026/01/03 12:53:56 pm        193
បាត់ដំបង៖ លោក ហោ សុខហេង អនុប្រធានតំណាងឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលបានភៀសខ្លួនពីតំបន់ព្រំដែនមកស្នាក់នៅផ្ទះសាច់ញាតិ ក្នុងមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។តំណាងរដ្ឋបាលស្រុកបាណន់​ និងរដ្ឋបាលឃុំបាយដំរាំ បានថ្លែងអំណរគុណ​ដល់ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាយដំរាំ ដែលមានឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធាន​ដែលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។ប្រជាពលរដ្ឋភៀសសឹក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ​ក្រុមការងារចុះមូលដ្ឋាន និង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រជាស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាបន្តបន្ទាប់មិនបណ្ដោយ​ឱ្យប្រជាពលរដ្ឋភៀស​សឹកជួបបញ្ហាខ្វះខាតឡើយ។ប្រជាពលរដ្ឋភៀសសឹក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលប្រទេសកម្ពុជា និងថៃបានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង»ដែលបានចូលជាធរមានចាប់ពីម៉ោង ១២ និង០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសង្ឃឹមយ៉ាងមុតមាំថា សន្តិភាពនឹងកើតមាន​យូរអង្វែងតទៅមុខ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បានរស់នៅ និងប្រកបមុខរបររកស៊ីជាប្រក្រតីឡើងវិញ។ប្រជាពលរដ្ឋភៀសសឹក ជឿជាក់និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបាន​ខិតខំប្រឹងប្រែង​ស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិឡើងវិញ។​ជាមួយគ្នានោះ ប្រជាពលរដ្ឋ​ភៀសសឹក បានបង្ហាញការអបអរសាទរ និងគាំទ្រដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស​យកការ​ចរចាបទឈប់បាញ់ប្រកាន់យកមាគ៌ាសន្តិភាព ​និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់​ប្រជាជនជាអាទិភាព​ចម្បងបំផុត៕

អគារថ្មីនៃស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព

2026/01/03 12:23:53 pm        364
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃស្នាក់ការគណបក្សស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អគារស្នាក់ការថ្មីដ៏ស្រស់ស្អាតនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ អគារនេះមានទំហំ ១៧ម៉ែត្រ x ៤៨ម៉ែត្រ (ធំជាងអគារចាស់ ២៤៦ ម៉ែត្រការ៉េ) ដែលអាចផ្ទុកអ្នកចូលរួមបានចន្លោះពី ៦០០ ទៅ ៨០០នាក់។ ការសម្រេចសាងសង់អគារថ្មីនេះឡើង គឺដើម្បីជំនួសអគារចាស់ដែលបានកសាងតាំងពីឆ្នាំ២០០៤ (មានទំហំត្រឹមតែ ១៥ម៉ែត្រ x ៣៨ម៉ែត្រ) ដែលមានសភាពទ្រុឌទ្រោម និងមិនអាចឆ្លើយតបទៅនឹងកំណើនសមាជិកបក្សនាពេលបច្ចុប្បន្ន។ គម្រោងសាងសង់រួមទាំងសម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៥៥០.០០០ ដុល្លារអាមេរិក។ថ្លែងក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមកិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ចំពោះសមាជិកសមាជិកាបក្សទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះផងដែរ។ បន្ថែមលើនេះ លោកអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ដែលបានរួមសាមគ្គីគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សបានយ៉ាងល្អប្រសើរ។ លោកអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលដែលកើតមានឡើង គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងបន្តវេនដោយសម្តេចធិបតី។ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអង្ករ ៤០ តោន និងថវិកាមួយចំនួនមកចែកជូនអង្គភាព ព្រមទាំងសមាជិកសមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធី ដែលសរុបជាថវិកាអស់ប្រមាណ ៤០០ លានរៀល៕

ឯកឧត្តម អ៊ុក សីហា តំណាងឯកឧត្តម វង្សី វិស្សុត នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ៣

2026/01/03 12:13:03 pm        414
នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុក សីហា រដ្ឋលេខាធិការតំណាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ៣។ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូរអមដំណើរ និងមេបញ្ជារងជាច្រើនរូប នៅបរិវេណរដ្ឋបាលសាលាខេត្តព្រះវិហារ។ឯកឧត្តម អ៊ុក សីហា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនចំពោះ វីរកងទ័ពជួរមុខ និងក្រុមគ្រួសារមានសមាជិកពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

ឯកឧត្តម ហេង សួរ នាំយកអំណោយសប្បុរសជននានា ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ

2026/01/03 11:08:07 am        213
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនឯកឧត្ដម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។អំណោយដែលបានយកប្រគល់ជូននាពេលនេះ មានដូចជា៖ ថវិកាចំនួន ២០លានរៀល, ម៉ូតូ(Wave)ចំនួន ២គ្រឿង, អំបុកចំនួន ៣តោន, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ត្រីងៀតចំនួន ៨០០គីឡូក្រាម, ភេសជ្ជៈវីកូឡាចំនួន ១ ០០០កេស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត។ ដោយឡែកអំណោយ ដែលត្រូវផ្តល់ជូនកងទ័ពប្រចាំទិសខេត្តបន្ទាយមានជ័យរួមមាន៖ ថវិកាចំនួន ១៣០លានរៀល(សម្រាប់អង្គភាពចំនួន ១៣) និងម៉ូតូ(Wave)ចំនួន ១៣គ្រឿងជាដើម។ បន្ថែមពីនេះ ក៏មានអំណោយសម្រាប់ប្រគល់ជូន ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងផងដែរ។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបានជួយដោះស្រាយទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាពនិងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការតស៊ូអត់ធ្មត់ និងការខិតខំយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តដែលកំពុងមានភារកិច្ចក្នុងការថែរក្សាជនភៀសសឹកនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយបង្កើនទឹកចិត្ត និងរក្សាក្តីសង្ឃឹមនៅជាប់ជាមួយបងប្អូនជានិច្ច ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ដែលធ្វើឱ្យបងប្អូនភៀសសឹកមិនមានអារម្មណ៍ឯកោឡើយ។ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននាំមកជាអំណោយនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹកនៅក្នុងខេត្តចំនួន៥​

2026/01/03 09:54:24 am        170
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៥ ​ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន និងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងរយៈពេល៣ថ្ងៃ នៅខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ កំពុងតែមានជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ​ ត្រូវបានជម្លៀសចេញ ពីផ្ទះសម្បែង​ទៅរកទីទួលសុវត្ថិភាព។ ក្នុងដំណាក់កាលនោះ ជនភៀសសឹកទាំងអស់មិនអាចរក​ទទួលទានបាននោះទេ ដូច្នេះក្នុងនាមស្មារតី (ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ) ប្រជាពលរដ្ឋនៅទូទាំងប្រទេស​ក្នុងនោះដែរប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសស្រាក់សស្រាំនូវធនធានផ្ទាល់ខ្លួន​ ដើម្បីជួយទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ​ របស់បងប្អូនជនភៀសសឹកដែលរស់បាននិងកំពុងស្នាក់នៅតាមជំរំភៀសខ្លួន​ ។ ឯកឧត្តម​អភិបាល​ខេត្ត បានបន្ថែម​ថា​ ក្រោមកម្លាំងសាមគ្គីជាតិខ្មែរ ប្រជាពលរដ្ឋ សប្បុរសជននានា បានរួមសហការគ្នានាំយកនូវថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ ដើម្បីឱ្យរដ្ឋបាលខេត្តមានលទ្ធភាពធ្វើជាភស្តុភារសមរភូមិក្រោយ បន្តនាំយកទៅជួយ ដល់សមរភូមិមុខនិងដល់ដៃពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពជួរមុខ ។នៅក្នុងជំនួបជាមួយបងប្អូនជនភៀសសឹកនៅតាមជំរុំភៀសខ្លួន អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត បានគូសបញ្ជាក់ថា បងប្អូនពិតជាប្រឹងប្រែងក្នុងការអត់ធ្មត់ជាមួយរាជរដ្ឋាភិបាល ក្នុងការ​ស្វែងរក សុខសន្តិភាពមកជូនប្រទេសជាតិវិញ និងបានជឿជាក់លើវីរភាពរបស់វីរកងទ័ព​យើង​ក្នុងការឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ​ដែលភាពអត់ធ្មត់ និង​ការជឿជាក់របស់បងប្អូនលើថ្នាក់ដឹកនាំ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ​ជម្លោះព្រំដែន​ពិតជាត្រឹមត្រូវ និងច្បាស់លាស់ ជម្លោះត្រូវបានដោះស្រាយបញ្ចប់​នាំមកនូវ​បទឈប់បាញ់ វីរកងទ័ពចំនួន១៨នាក់ ដែលកងទ័ពសៀមចាប់ទៅ ត្រូវបានដោះលែងឱ្យវិលត្រឡប់​មកកាន់មាតុប្រទេសខ្លួន ជួបជុំគ្រួសារវិញផងដែរ៕ អត្ថបទ​បាន​សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM