ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង នាំយកអំណោយ ជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន

2026/01/02 07:02:32 pm        134
នៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន និងគ្រួសារវីរនគរបាលការពារព្រំដែន នៅស្រុកសំឡូត ចំនួន៤៣២គ្រួសារ និងស្រុករតនមណ្ឌល ចំនួន១៦៩គ្រួសារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិតទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចតែងយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារកងទ័ពជានិច្ច។

ក្រសួងអប់រំអនុញ្ញាតឱ្យសាលានៅកោះកុងបើកឡើងវិញ និងណែនាំឱ្យជីកលេណដ្ឋាននៅតាមសាលាបន្ថែម

2026/01/02 05:46:56 pm        170
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានចេញនូវសេចក្តីជូនដំណឹងមួយឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន។​តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានជម្រាបទៅគណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានជ្រាបអំពីស្ថានការណ៍ព្រំដែន ដែលមានសភាពប្រសើរកាន់តែច្រើននៅក្រោយកម្ពុជា-ថៃបានចុះកិច្ចព្រៀមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។ស្ថានភាពបែបនេះហើយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សូមចូលបម្រើការងារនៅអង្គភាពឡើងវិញ។ ចំពោះសាលាទាំងអស់ដែលបានផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ននោះត្រូវបើកដំណើរការបង្រៀន និងរៀនឡើងវិញ។ ក្រៅពីនេះត្រូវរៀបចំជីកលេណដ្ឋាន(ត្រង់សេ)រួមមួយនៅតាមសាលារៀង ៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។កោះកុងទោះមិនមានសង្គ្រាមទ្រង់ទ្រាយធំ តែក៏ទទួលរងការបាញ់ប្លោងពីយោធាថៃនៅអំឡុងសង្គ្រាម ជាថ្មីចាប់ពីអំឡុងថ្ងៃទី៧ ខែធ្នូ មកទល់នឹងម៉ោង ១២ ថ្ងៃត្រង់នៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ៕ដោយ៖ គង់ ឌិន

អគ្គមេបញ្ជាការទទួលជួបសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប បន្ទាប់ពីបាននិវត្តន៍មកដល់មាតុភូមិវិញ

2026/01/02 05:01:30 pm        192
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបចំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង ១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែលបានមកជួបជុំជាមួយគ្រួសារ។ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មាន ព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជន ចំពោះវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវជាប់នៅក្នុងប្រទេសថៃមិនទាន់បានដោះលែងមកវិញ ជាការព្រួយបារម្ភ ជាការយកចិត្តទុកដាក់ជាច្រើន និងរង់ចាំរហូតដល់បច្ចុប្បន្នរយៈពេល ១៥៥ថ្ងៃ ទើបត្រូវបានដោះលែងមកវិញ។ក្នុងមតិសំណេះសំណាល ឯកឧត្តមបានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក។ ទន្ទឹមនេះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ៕

ជនភៀសសឹកជាង ១៥ ពាន់នាក់ទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ នៅសល់ជិត ៤០០ ពាន់នាក់

2026/01/02 04:27:02 pm        103
តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ដោយយោងតាមរបាយការណ៍បឋម គិតពីម៉ោង ៦ល្ងាច ថ្ងៃទី១ ដល់ម៉ោង ១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក ១៥ ៦២៤នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៣៩៣ ៦៤០នាក់ ក្នុងនោះស្ត្រី ២០៦ ៧៨៣នាក់ និងកុមារ ១២៦ ១៩៦នាក់។គួរបញ្ជាក់ថា វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបាន វិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការងារ ឱ្យកម្មករប្ដឹងករណីនិយោជកមិនបើកប្រាក់ឈ្នួល ២ដង/១ខែ និងប្រាក់បំណាច់អតីតភាព ២ដង/១ឆ្នាំ

2026/01/02 03:18:35 pm        481
ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចេញសេចក្តីណែនាំ ដោយ លើកទឹកចិត្តឱ្យ កម្មករ និយោជិតជូនដំណឹងមកអធិការការងារ ករណី និយោជក មិនអនុវត្ត បើកប្រាក់ឈ្នួល ២ដង ក្នុង១ខែ និង ប្រាក់បំណាច់អតីតភាពការងារ ២ដង ក្នុង១ឆ្នាំ។យោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងប្រកាសលេខ២១៤/២៥ ក.ប/ប្រ.ក.ខ.ល ចុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទ ការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស ក្រុមហ៊ុន រោងចក្រនោះ យ៉ាងតឹងរ៉ឹងតាម ច្បាប់ជាធរមាន។ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ ក្រសួងការងារ លើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករ និយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធ Hotline លេខ “១២៨៦” ឬតាមរយៈប្រអប់បណ្តឹងអនាមិក របស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាង ការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕ព័ត៌មានពិស្ដារ៖ សេចក្ដីណែនាំ ក្រសួងការងារ

ឯកឧត្តម ហេង សួរ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកចុងកាល់

2026/01/02 02:32:30 pm        136
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត តាមរយៈ យុវជនគណបក្សថ្នាក់កណ្តាល ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នាឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាពនិងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ ថវិកា ២ម៉ឺន/១គ្រួសារ, អង្ករ, សាច់ក្រក, សាច់មាន់ផាត់, ត្រីងៀត, ឆៃប៉ូវ, សៀង, ត្រីខ, មីកញ្ចប់, ទឹកភេសជ្ជៈ, ទឹកសុទ្ធ, ទឹកដោះគោ, នំថង់, អាវមនុស្សធំ/កូនក្មេង និងឈុតសៀវភៅប៊ិចសម្រាប់ក្មេង។ជាទីបញ្ចប់ ឆ្លៀតក្នុងឱកាសសួស្តីឆ្នាំសកល ២០២៦ នេះ ឯកឧត្តម ក៏បានជូនពរឱ្យបងប្អូនជនភៀសសឹកទាំងអស់ សូមឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រទ្បប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ។

សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយថវិកា អង្ករ និងសម្ភារសប្បុរជន សម្រាប់ចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក

2026/01/02 01:03:34 pm        194
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ជាថវិកានិងសម្ភារមួយចំនួនពី លោកជំទាវឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆាមពាននិងស្វាមី ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិ មហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកជំទាវឧកញ៉ា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។ អំណោយសប្បុរសដែល លោកជំទាវឧកញ៉ា សុខ សុភាព ប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាឱកាសនេះ មានថវិកា៣០លានរៀល អង្ករ៣តោន ភេសជ្ជ ៥០០កេស។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចបានលើកទឹកចិត្ត លោកជំទាវឧកញ៉ា សុខ សុភាព ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ដោយរិះរកគ្រប់មធ្យោបាយនៅក្នុងការពង្រីកចង្វាក់ផលិតកម្ម ផលិតជាសម្ភារ និងគ្រឿងឧបភោគបរិភោគនានាឱ្យបានច្រើន ផ្គត់ផ្គង់ក្នុងស្រុកជំនួសផលិតផលនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំបាច់ដ៏ធំធេងរបស់វីរយុទ្ធជននៅក្នុងកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌ក្នុងមហាគ្រួសារខ្មែរនាពេលនេះ ជាឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក និងលោកស្រី ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ ក្នុងស្មារតីសមរភូមិក្រោយគំាទ្រនិងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការរដ្ឋសភា ព្រមទំាងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខនិងចែកអំណោយសប្បុរសធម៌ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។ ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។រដ្ឋសភានៅតែបន្តទទួលអំណោយសម្បុរធម៌ ហើយធ្វើការបែងចែកអំណោយទាំងអស់នោះតាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕

វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦ ដល់ការធ្វើធុរកិច្ច វិនិយោគ និងការប្រកួតប្រជែង ដើម្បី​ចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ចជាតិ

2026/01/02 12:52:20 pm        232
វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦នេះ តាមរយៈពង្រីក និងពង្រីកចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋាន​គ្រឹះ​ឈាន​ទៅ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ឱ្យ​កាន់​តែ​ខ្លាំងក្លា សម្រាប់ទីផ្សារប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ដើម្បី ចូលរួម​ចំណែក​ក្នុង​ចលនា​សេដ្ឋកិច្ច។ វិស័យឯកជនក្នុងឆ្នាំ២០២៦នេះ នឹងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗ តាម​រយៈ​រៀប​ចំ​វេទិកា​ជំនួប​អាជីវកម្ម ផ្គូផ្គង ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងជាដៃគូរ ការ​ទាក់​ទាញ​វិនិយោគ និងការធ្វើពាណិជ្ជកម្មជំរុញការនាំចេញជាដើម ដើម្បីចូលរួម​ក្នុង​ចលនា​សេដ្ឋ​កិច្ច​ តាមរយៈការលើកកម្ពស់សហគ្រិនក្នុងស្រុក ការពង្រីង និងពង្រីក ចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការគ្រប់គ្រងនៅក្នុងផែនការសកម្មភាពអាជីវកម្ម ដល់​ការ​ធ្វើ​ធុរកិច្ច វិនិយោគ និងការប្រកួតប្រជែងនៅ កម្ពុជា។ជុំវិញបញ្ហានេះដែរ, ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅ​ឆ្នាំ​២០២៦នេះ, សមាគម សហគ្រិនវីម៉ូកម្ពុជា មានគម្រោងជាច្រើន ដើម្បីជំរុញ​លើក​កម្ពស់​ដល់​សហគ្រិនដែលជាសមាជិក និងសហគ្រិនដែលបានចូលរួម ផ្សេងៗទៀត អាចចាប់​យក​ឱកាស​ដ៏​មានតម្លៃ ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬ​សហ​គ្រាស របស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈនៃការផ្លាស់ប្តូរនូវផ្នត់គំនិត នៅ​ក្នុង​ការ​ធ្វើ​ការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បីពង្រឹង និងពង្រីក​អាជីវកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បាននិង កំពុង​បន្ត​មាន​កំណើន និងស្របពេល​ដែល​កម្ពុជា​ក៏​កំពុង​ស្រូប​យក​ឱកាស​វិនិយោគ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ ជុំវិញការធ្វើពាណិជ្ជកម្មវិញនេះ ឃើញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៥៨ ពាន់លានដុល្លារអាម៉េរិក កើន​ឡើង​ជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៧ ពាន់​លាន​ដុល្លារ កើនឡើង ១៤ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជិត ៣០ ពាន់លាន​ដុល្លារ​កើនឡើងជាង ១៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។សូមបញ្ជាក់ថា ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភព​ថ្មី​នៃ​កំណើន​សេដ្ឋ​កិច្ច​ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និង​ភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និង​តំបន់​ពាណិជ្ជ​កម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិត​ហិរញ្ញ​វត្ថុ​សម្រាប់​គាំ​ទ្រ​ដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

[វិចារណកថា] រដ្ឋមន្រ្ដីក្រសួងបរិស្ថាន៖ សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់ជីវិតសត្វព្រៃ ជីវៈចម្រុះ និងផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព

2026/01/02 12:39:12 pm        277
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានសរសេរវិចារណកថាមួយពាក់ព័ន្ធនឹង សង្គ្រាម និងបរិស្ថាន ដោយបានសង្គត់ធ្ងន់ថា សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន, បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងទីជម្រកធម្មជាតិ, ការបំពុលដី អាកាស ទឹក និងសំឡេង, ការធ្វើអាជីវកម្ម និងការរំលោភបំពានធនធានធម្មជាតិ, ផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះ, ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព។ឯកឧត្តមបានលើកឡើងថា សង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធា ដើម្បីរំលោភបំពានបូរណភាពទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀតគឺមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែជាអំពើឧក្រិដ្ឋប្រឆាំងនឹងបរិស្ថានផងដែរ។ សកម្មភាពទាំងអស់នេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាននិងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំ និងមានលក្ខណៈយូរអង្វែង ហើយឈានដល់មិនអាចស្តារមកវិញបានឡើយ។ ផលប៉ះពាល់ទាំងនេះ មិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេ ប៉ុន្តែអាចបន្តរយៈពេលជាច្រើនជំនាន់។ ការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះ គឺទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាននិងធនធានធម្មជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះ រួមទាំងបន្ថែមនូវការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយនិងពេលអនាគត។១. ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងទីជម្រកធម្មជាតិប្រតិបត្តិការយោធា ដែលបង្កជាសង្គ្រាម គឺជាមូលហេតុសំខាន់មួយនាំឲ្យមានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងទីជម្រកធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់សព្វាអាវុធធន់ធ្ងន់ ការបាញ់ផ្សែងពុល ការបំផ្ទុះគ្រាប់បែក និងសកម្មភាពយោធានានា បានបំផ្លាញព្រៃឈើ ដីស្រែ ទន្លេ និងតំបន់សមុទ្រ ដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្ស សត្វព្រៃ និងមច្ឆជាតិ។ ពេលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញ សមតុល្យធម្មជាតិក៏ដួលរលំបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះ និងការផុតពូជសត្វនិងរុក្ខជាតិជាច្រើនប្រភេទ។ ក្រៅពីការបំផ្លាញដោយផ្ទាល់ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ សំណល់អាវុធ សារធាតុគីមី ប្រេង និងសម្ភារៈយោធាផ្សេងៗ អាចជ្រៀតចូលទៅក្នុងដី និងប្រភពទឹក បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វ។ ការបំផ្លាញទីជម្រកធម្មជាតិ ធ្វើឲ្យសត្វព្រៃខ្វះជម្រករស់នៅ និងអាហារ បង្ខំឲ្យមានការផ្លាស់ទី ឬត្រូវស្លាប់បាត់បង់។ ជាមួយគ្នានេះ សហគមន៍មនុស្សដែលអាស្រ័យលើធនធានធម្មជាតិ ក៏រងផលប៉ះពាល់ដូចគ្នា ដោយបាត់បង់ដីធ្លីកសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ផលវិបាកទាំងនេះអាចបន្តពីជំនាន់មួយទៅជំនាន់មួយ បង្កជាបញ្ហាបរិស្ថាន សង្គម និងសេដ្ឋកិច្ចយ៉ាងស្មុគស្មាញ។២. ការបំពុលដី អាកាស ទឹក និងសំឡេងសង្គ្រាមឈ្លានពានជាមូលហេតុដ៏សំខាន់មួយដែលបង្កការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ ជាពិសេស លើ ដី ដែនអាកាស និងទឹក។ ការប្រើប្រាស់អាវុធ ការបំផ្ទុះគ្រាប់បែក សកម្មភាពយោធា និងសំណល់សង្គ្រាម បានបញ្ចេញសារធាតុពុលចូលទៅក្នុងធម្មជាតិ បង្កផលប៉ះពាល់យូរអង្វែងដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍។ - ការបំពុលដី កើតឡើងពីសំណល់អាវុធ គ្រាប់មិនទាន់ផ្ទុះ សារធាតុគីមី និងប្រេងពីយានយន្តរបស់យោធា។ សារធាតុទាំងនេះអាចជ្រៀតចូលទៅក្នុងដី បំផ្លាញគុណភាពដីកសិកម្ម ធ្វើឲ្យដំណាំលូតលាស់មិនបានល្អ និងបង្កហានិភ័យដល់សុវត្ថិភាពអាហារ។ នៅតំបន់ជាច្រើន ការបំពុលដីដោយសំណល់សង្គ្រាម អាចបន្តរាប់សិបឆ្នាំ ហើយពិបាកសម្អាតឲ្យស្អាតវិញ។- ការបំពុលអាកាស កើតឡើងពីលម្អង និងឧស្ម័នគីមីពុលដែលបានបាញ់ស្រោចពីយន្តហោះចម្បាំង ឬបញ្ចេញពីការបំផ្ទុះ និងការដុតសម្ភារៈយោធា។ ផ្សែងពុល និងធូលីល្អិតអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមនឹងបង្កជំងឺរ៉ាំរ៉ៃ។ ការបំពុលអាកាសក៏អាចរាលដាលឆ្ងាយពីតំបន់  សង្គ្រាម តាមរយៈខ្យល់ បង្កផលប៉ះពាល់ដល់តំបន់ជិតខាងផងដែរ។- ការបំពុលទឹក គឺជាបញ្ហាធ្ងន់ធ្ងរមិនអាចមើលរំលងបាន។ ប្រេង សារធាតុគីមី និងសំណល់  សង្គ្រាមអាចហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលមនុស្សនិងសត្វពឹងអាស្រ័យ ដូចជាទន្លេ បឹង និងសមុទ្រ បំផ្លាញជីវិតសត្វទឹក និងធ្វើឲ្យប្រភពទឹកស្អាតក្លាយជាមិនសុវត្ថិភាពសម្រាប់ប្រើប្រាស់។ សហគមន៍ដែលអាស្រ័យលើទឹកសម្រាប់ផឹក កសិកម្ម និងនេសាទ តែងរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងមានហានិភ័យជំងឺឆ្លងផ្សេងៗ។- ការបំពុលដោយសំឡេង គឺជាបញ្ហាបរិស្ថានមួយដែលកើតឡើងនៅពេលមានសំឡេងខ្លាំងលើសកម្រិតធម្មតា ហើយប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។ ក្នុងស្ថានភាពសង្គ្រាម ការបំពុលដោយសំឡេងកើតមានយ៉ាងខ្លាំង ពិសេសពីការបំផ្ទុះគ្រាប់បែក កាំភ្លើងធន់ធ្ងន់ និងការហោះហើររបស់យន្តហោះចម្បាំង។ ការបំផ្ទុះគ្រាប់បែក ស្នូរកាំភ្លើងធន់ធ្ងន់ និងសំឡេងយន្តហោះចម្បាំង បង្កសំឡេងខ្លាំងបំផុត ដែលអាចឮឆ្ងាយជាច្រើនគីឡូម៉ែត្រ។ សំឡេង បែបនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច ធុញថប់ ស្ត្រេស និងបាត់បង់សមត្ថភាពស្តាប់ជាបណ្ដោះអាសន្ន ឬយូរអង្វែង។ ចំពោះសត្វព្រៃ សំឡេងផ្ទុះអាចរំខានដល់ការរស់នៅធម្មតា បណ្តាលឲ្យពួកសត្វព្រៃរត់គេចចេញពីទីជម្រក បាត់បង់ទីកន្លែងស្វែងរកអាហារ និងការបន្តពូជ។៣. ការធ្វើអាជីវកម្ម និងការរំលោភបំពានធនធានធម្មជាតិកងកម្លាំងទ័ពឈ្លានពាន ជាញឹកញាប់លួចយក ឬប្រើប្រាស់ធនធានធម្មជាតិ ដូចជាសត្វព្រៃ ឈើ រ៉ែ ប្រេង និងទឹក ដើម្បីគាំទ្រប្រតិបត្តិការយោធា ឬរកប្រាក់ចំណេញ។ ការកាប់ឈើខុសច្បាប់ ការជីករ៉ែដោយគ្មានការត្រួតពិនិត្យតាមបទដ្ឋាន និងការទាញយកប្រេង បង្កឲ្យបរិស្ថានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការដកហូតធនធានចាំបាច់ពីសហគមន៍មូលដ្ឋាន ដែលធ្វើឲ្យជម្លោះសង្គ្រាមអូសបន្លាយមិនចេះចប់។ ការការពារនិងចូលរួមថែរក្សាធនធានធម្មជាតិ ក្នុងពេលសង្គ្រាម គឺជាការធានានូវអាយុជីវិតរស់នៅរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី បន្តរហូតដល់ជំនាន់ក្រោយ បន្ទាប់ពីពេលសង្គ្រាមត្រូវបានបញ្ចប់។៤. ផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះការរំខានដោយសំឡេងអាវុធយោធា ការបំផ្លាញទីជម្រក និងការផ្លាស់ទីប្រជាជន នឹងបង្កឲ្យមានការភ័យខ្លាចដល់ការរស់នៅរបស់សត្វព្រៃ និងផុតពូជសម្រាប់ប្រភេទងាយរងគ្រោះនិងជិតផុតពូជ ដែលសកម្មភាពទាំងអស់នេះនឹងបង្កឲ្យពួកគេគេចខ្លួន ឬឈានដល់ការស្លាប់។ តំបន់ការពារធម្មជាតិ និងឧទ្យានជាតិ ដែលជារបៀងអភិរក្ស ជារឿយៗត្រូវបានក្លាយជាសមរភូមិ ឬតំបន់គ្មានសណ្តាប់ធ្នាប់ និងពិបាកក្នុងការគ្រប់គ្រងនិងការពារ ដែលជាទូទៅបណ្តាលឲ្យមានការលួចបាញ់សត្វ និងការបាត់បង់ប្រភេទសត្វកម្រច្រើន។ ការបាត់បង់ជីវៈចម្រុះទាំងអស់នេះ នឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីចុះខ្សោយ ហើយពិបាកស្តារឡើងវិញ។ សង្គ្រាម គឺជាបញ្ហាធ្ងន់ធ្ងរមួយដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស សង្គម និងបរិស្ថាន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបង្កការបាត់បង់ជីវិតមនុស្សទេ ប៉ុន្តែថែមទាំងបំផ្លាញសត្វព្រៃ និងជីវៈចម្រុះយ៉ាងធ្ងន់ធ្ងរ ដែលមានឥទ្ធិពលយូរអង្វែងលើប្រព័ន្ធអេកូឡូស៊ី។ សង្គ្រាមបណ្តាលឲ្យមានការបំផ្លាញទីជម្រកធម្មជាតិរបស់សត្វព្រៃ។ ការបំផ្ទុះគ្រាប់បែក ការសាងសង់មូលដ្ឋានយោធា និងការកាប់ព្រៃ បានធ្វើឲ្យព្រៃឈើ ដីសើម និងតំបន់ការពារធម្មជាតិជាច្រើនត្រូវរងការខូចខាត។ យោងតាម UNEP ការបាត់បង់ទីជម្រកធម្មជាតិ ជាមូលហេតុសំខាន់ដែលធ្វើឲ្យសត្វព្រៃជាច្រើនប្រភេទថយចុះ ឬជិតផុតពូជ។ បន្ថែមពីនេះ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ សំណល់អាវុធ សារធាតុគីមី និងប្រេងឥន្ធនៈពីសកម្មភាពយោធា អាចបំពុលដី ទឹក និងខ្យល់។ ឯកសាររបស់ UNEP បានបញ្ជាក់ថា ការបំពុលទាំងនេះធ្វើឲ្យសត្វទឹក និង រុក្ខជាតិជាច្រើនស្លាប់ ហើយបំផ្លាញខ្សែសង្វាក់អាហារនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះទៀត សង្គ្រាមធ្វើឲ្យការគ្រប់គ្រងធនធានធម្មជាតិ និងតំបន់អភិរក្សអសកម្ម។ នៅតំបន់មានជម្លោះ អាជ្ញាធរមិនអាច   អនុវត្តច្បាប់ការពារសត្វព្រៃបានល្អ ដែលបណ្ដាលឲ្យមានការប្រមាញ់ និងជួញដូរសត្វព្រៃខុសច្បាប់កើនឡើងនឹងនាំឲ្យជីវៈចម្រុះបាត់បង់យ៉ាងឆាប់រហ័ស។៥. ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាពការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីសកម្មភាពនៃសង្គ្រាម បានរួមចំណែកដល់ការ ប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលតាមរយៈការកាប់បំផ្លាញព្រៃឈើក្នុងការបម្រើក្នុងសកម្មភាពយោធា ភ្លើងឆេះព្រៃនិងសម្ភារៈសឹកសង្គ្រាម ការដុតប្រេងឥន្ទនៈ និងអាវុធផ្ទុកសារធាតុគីមីនិងវិទ្យុសកម្ម ការប្រើប្រាស់យន្តហោះចម្បាំង រថក្រោះ និងនាវាចម្បាំង ការទម្លាក់គ្រាប់បែកបានបង្កឲ្យមានវិបត្តិអាកាសធាតុ រួមមានគ្រោះធម្មជាតិ គ្រោះរាំងស្ងួត កង្ខះខាតធនធាន(ជីវជាតិដី ទឹក បំពុលខ្យល់ រំខានដល់ស្រទាប់អូស្សូន ការកើនឡើងនូវកម្តៅរបស់ផែនដី) និងបង្កឲ្យមានហានិភ័យនៃជំងឺកម្រិតធ្ងន់ និងស្រួចស្រាល ដូចជាជំងឺមហារីក ពិការភាពពីកំណើត ជំងឺសើស្បែកធ្ងន់ធ្ងរ ជំងឺផ្លូវដង្ហើម ខូចតម្រងនោម ជំងឺផ្លូវចិត្ត ប្រព័ន្ធការពាររាងកាយចុះខ្សោយ ការផ្លាស់ប្តូរហ្សែននិងកោសិកា ជំងឺឆ្លង កង្វះអាហារូបត្ថម្ភជាដើម។ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ លំនៅដ្ឋាន ដោយសារសង្គ្រាមឈ្លានពានបង្កឲ្យមានកង្វះអាហារ និងកង្វះទឹកស្អាត អនាម័យ និងជំងឺ បានដាក់បន្ទុកបន្ថែមលើប្រទេសអភិវឌ្ឍន៍តិចតួចដូចជាប្រទេសកម្ពុជា ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។៦. ការរំលោភកាតព្វកិច្ចការពារបរិស្ថាន បទដ្ឋានគតិយុត្តអន្តរជាតិស្តីពីបរិស្ថានទាំងឡាយ មិនត្រូវបានគោរពនៅពេលមានការឈ្លានពានដោយប្រដាប់អាវុធ ដើម្បីសម្រេចគោលដៅយោធារបស់គេ។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ប្រទេសនានាគួរតែគោរពច្បាប់អន្តរជាតិ ពង្រឹងការយកចិត្តទុកដាក់លើបរិស្ថាន ទោះស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ។ ការការពារបរិស្ថាន គឺជាការការពារជីវិត និងអនាគតរបស់មនុស្សជាតិទាំងមូល។៧.ច្បាប់ និងគោលការណ៍អន្តរជាតិទាក់ទងនឹងបរិស្ថាន និងសង្គ្រាមច្បាប់អន្តរជាតិផ្តល់ការការពារសំខាន់ៗសម្រាប់បរិស្ថានធម្មជាតិក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ការការពារទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងគោលការណ៍បរិស្ថានសំខាន់ៗ ដូចដែលបានរៀបរាប់ខាងក្រោម៖ក.ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law - IHL)ក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ ពិធីសារបន្ថែមទី I (1977) នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ 1949 ផ្តល់នូវការការពារជាក់លាក់សម្រាប់បរិស្ថានធម្មជាតិ។- មាត្រា ៣៥(៣): ត្រូវបានហាមឃាត់ ការប្រើប្រាស់វិធីសាស្ត្រ ឬមធ្យោបាយសង្គ្រាមដែលមានចេតនា ឬដោយការរំពឹងទុក ដែលនឹងបង្កការខូចខាតយ៉ាងទូលំទូលាយ ដល់បរិស្ថានធម្មជាតិរយៈពេលវែង និងធ្ងន់ធ្ងរ។- មាត្រា៥៥(១)៖ ត្រូវយកចិត្តទុកដាក់ក្នុងពេលសង្គ្រាម ដើម្បីការពារបរិស្ថានធម្មជាតិពីការខូចខាតរយៈពេលវែង និងធ្ងន់ធ្ងរដោយសារសង្រ្គាម។ ការវាយប្រហារប្រឆាំងនឹងបរិស្ថានធម្មជាតិតាមរយៈការសងសឹកត្រូវបានហាមឃាត់។ខ. ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Law - ICL)យោងតាមមាត្រា 8(2)(ខ)(iv) នៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ការបើកការវាយប្រហារដោយចេតនាដោយដឹងថាការវាយប្រហារបែបនេះនឹងបណ្តាលឲ្យមានការបាត់បង់ជីវិត ឬរបួសដោយចៃដន្យដល់ជនស៊ីវិល ការខូចខាតដល់សម្ភារៈរបស់ជនស៊ីវិល ឬការខូចខាតខ្ទេចខ្ទីនិងធ្ងន់ធ្ងររយៈពេលវែងដល់បរិស្ថានធម្មជាតិ ទាក់ទងនឹងអត្ថប្រយោជន៍យោធាជាក់ស្តែង និងផ្ទាល់ដែលបានរំពឹងទុក គឺជាឧក្រិដ្ឋកម្មសង្គ្រាម។គ. គោលការណ៍បរិស្ថាន (Environmental principles)គោលការណ៍ទី 24 នៃសេចក្តីប្រកាសទីក្រុងរីយ៉ូ ស្តីពីបរិស្ថាននិងការអភិវឌ្ឍ (ឆ្នាំ 1992) ទទួលស្គាល់ថា សង្គ្រាមគឺជាការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ រដ្ឋនានាត្រូវបានតម្រូវឲ្យគោរពច្បាប់អន្តរជាតិ ដែលផ្តល់ការការពារបរិស្ថានក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ និងត្រូវសហការក្នុងការអភិវឌ្ឍបន្ថែមទៀត តាមការចាំបាច់។៨. សេចក្ដីសន្និដ្ឋាន និងការអំពាវនាវជាសារវ័ន្ត សង្គ្រាមមិនដែលនាំមកនូវផលវិជ្ជមានដល់បរិស្ថានទេ វាតែងបង្កនូវវិនាសកម្មទាំងសត្វ និងទាំងមនុស្សជាតិទាំងមូល។ ក្នុងន័យនេះ រាល់ជម្លោះទាំងអស់ គប្បីប្រើយន្តការចរចា និងគោលការណ៍ច្បាប់ មកដោះស្រាយដោយសន្តិវិធី ដើម្បីរក្សាឱ្យខាងតែបាននូវសន្តិភាព និងសុខដុមរមនីយកម្ម រវាងមនុស្សនឹងមនុស្ស និងមនុស្សនឹងធម្មជាតិ។ ការការពារបរិស្ថានក្នុងពេលមានជម្លោះ មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជា កាតព្វកិច្ចមនុស្សធម៌។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់អន្តរជាតិ និងបង្កើនការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព៕

កម្ពុជាបន្តដាក់ឲ្យអនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass ជំនួសឲ្យ​ការ​ប្រើប្រាស់​ត្រាជំនាញ​អន្តោប្រវេសន៍ ឬស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ចូល-ចេញ កម្ពុជា

2026/01/02 12:34:20 pm        294
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងស្តីពីការបន្តដាក់ឲ្យ អនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឲ្យការប្រើប្រាស់ត្រាជំនាញ អន្តោប្រវេសន៍ ឬ ស្លឹកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញ ព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។ អ្នកដំណើរបរទេស អាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖ ១.ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail) , ២.គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh), ៣.កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM