ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ជនភៀសសឹកជាង ៥ពាន់នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ នៅសល់ជាង ៥០០ពាន់នាក់

2026/01/01 06:51:16 pm        131
តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ដោយយោងតាមរបាយការណ៍បឋម គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀលថ្ងៃនេះ មានជនភៀសសឹក ៥ ១៩២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៥១២ ២៦៣នាក់ ក្នុងនោះស្ត្រី ២៦៧ ០៦៣នាក់ និងកុមារ ១៦១ ៩៨៩នាក់។គួរបញ្ជាក់ថា គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជន កម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅ លំនៅឋានវិញជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង ១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាម សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិ ព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

ក្រសួងកសិកម្ម គាំទ្រទុនប្រមាណ ១៣ លានដុល្លារដល់កសិករផលិតស្រូវ នៅខេត្តចំនួន៤

2026/01/01 04:34:15 pm        416
ក្រសួងកសិកម្ម កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង ១២លានដុល្លារ និងជំនួយឥតសំណងជិត ១លានដុល្លារ ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង ១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)៕

សិក្ខាកាម ធីវ៉េត ១,៥លាននាក់ អំពាវនាវអតីតពលកររៀនជំនាញមួយពិតប្រាកដ ដើម្បីមានប្រាក់ចំណូលសមរម្យ

2026/01/01 12:47:37 pm        472
ក្រុមសិក្ខាកាមកំពុងរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់ (TVET 1,5M) ដោយឥតគិតថ្លៃដែលជាកម្មវីធីផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យអតីតពលករ ក៏ដូចជាជនភៀសសឹក ដែលមិនទាន់មានជំនាញ សូមចុះឈ្មោះរៀនដើម្បីមានជំនាញមួយប្រចាំជីវិត ឆ្លើយតបទីផ្សារការងារ និងអាចរកប្រាក់ចំណូលបានសមរម្យផងដែរ។ អ្នកស្រី ខឹម ស្រីល័ក្ខ មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃបានកំពុងរៀនជំនាញផ្នែកសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា មកដល់ពេលនេះបានរៀនជំនាញសម្អាងកាយរយៈពេល ២សប្តាហ៍មកហើយ និងមានអារម្មណ៍សប្បាយរីករាយ ពីព្រោះមិននឹកស្មានថា ការចុះឈ្មោះដើម្បីរៀនជំនាញរបស់រាជរដ្ឋាភិបាលពិតជាមិនអស់ប្រាក់ពិតប្រាកដមែន ខណៈការផ្តល់នេះគឺមានរយៈពេលយូរឆ្នាំហើយដែរ។  អ្នកស្រី បានរៀបរាប់ដោយទឹកមុខញញឹមទៀតថា ក្រៅពីការរៀនឥតគិតថ្លៃ អ្វីដែលមើលឃើញទៀតនោះ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់ក្នុងពេលសិក្សាក៏ល្អៗ ជាពិសេសទទួលបានការយកចិត្តទុកដាក់ពីសំណាក់គ្រូបណ្តុះបណ្តាលថែមទៀត ដែលមានអារម្មណ៍ថាកក់ក្តៅ និងមិននឹកស្មានដល់ពីព្រោះថា កន្លងមកក៏ធ្លាប់ចំណាយប្រាក់ច្រើនដើម្បីរៀនជំនាញមួយនេះ ប៉ុន្តែលទ្ធផលមិនសូវល្អ និងមិនមានការយកចិត្តទុកដាក់ពីគ្រូបង្រៀន។ក្រុមសិក្ខាកាម បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ ជាពិសេសទៅកាន់អតីតពលករ និងជនភៀស អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ ដោយឡែក យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រៅពីទទួលបានការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) មានអាយុកាលជាង ២ឆ្នាំ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធី TVET 1,5M នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕អត្ថបទ៖ ឈិត បូរ៉ាវី

ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញចូលក្រាបថ្វាយបង្គំគាល់

2026/01/01 11:32:42 am        1561
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ចាន់ សំដារិន្ទ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមនេះផងដែរ។ឋិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេមានសេចក្តីសោមនស្សរីករាយ បានទទួលជួបសំណេះសំណាលជាមួយអស់លោកជាវីរយុទ្ធជន ១៨រូប នៃប្រជាជាតិកម្ពុជាយើង ដែលត្រូវបាន រាជរដ្ឋាភិបាលនៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំឃាំងនៅប្រទេសថៃអស់មួយរយៈពេលកន្លងមកនេះ។នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាននៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។ បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕

សម្ដេចតេជោ រំភើបស្រក់ទឹកភ្នែកពេលវីរយុទ្ធជនទាំង១៨រូប បានមកដល់មាតុប្រទេសវិញ និងកម្លាំងសាមគ្គីពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន

2026/01/01 11:21:14 am        508
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរកងទ័ពទាំង១៨នាក់ និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានថ្លែងឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ក្រោយឋិតក្រោមការឃុំគ្រងរបស់ភាគីថៃ អស់រយៈពេល១៥៥ ថ្ងៃកន្លងមក ហើយត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបានមកដល់រាជធានីភ្នំពេញជួបជុំក្រុមគ្រួសារ និងសាច់ញាតិវិញកាលពីម្សិលមិញនេះ។សម្ដេចតេជោ ក៏បានបង្ហាញនូវអារម្មណ៍ទុក្ខសោកអំពីការព្រាតប្រាស់គ្នារបស់វីរៈកងទ័ពទាំង ១៨រូប ជាមួយនឹងក្រុមគ្រួសារ ដោយសារសម្ដេចតេជោផ្ទាល់ធ្លាប់បានឆ្លងកាត់នូវការព្រាតប្រាស់គ្រួសារកាលពីពេលដែលសម្ដេចយកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ដូច្នេះសម្ដេចតេជោបានយល់ច្បាស់អំពីការលំបាករបស់ក្រុមគ្រួសារ និងទុក្ខលំបាករបស់វីរៈយុទ្ធជនយើង។ នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអរគុណជាអនេកដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់វីរៈយុទ្ធជនរបស់យើង។ សម្ដេចតេជោបានថ្លែងថា សម្ដេចផ្ទាល់បានយកចិត្តទុកដាក់ និងតាមដានជាប្រចាំអំពីស្ថានភាព ទុក្ខលំបាករបស់ក្រុមគ្រួសារ និងទុក្ខលំបាករប់សវីរៈយុទ្ធជនរបស់យើងផងដែរ។ ជាពិសេសនោះសម្ដេចតេជោ បានរំលេចថា ព្រះមហាក្សត្រនៃយើង និងសម្ដេចម៉ែ ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខវីរៈយុទ្ធជនរបស់យើងទាំង១៨រូប រួមទាំងវីរៈយុទ្ធជនរបស់យើងដែលបានការពារនៅតាមបន្ទាត់ព្រំដែនផងដែរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើប ដោយកាលពីថ្ងៃម្សិលមិញ ក្នុងឱកាសដែលវីរៈយុទ្ធជនរបស់យើងបានមកដល់មាតុប្រទេសវិញដោយមានការទទួលស្វាគមន៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងអស់ គ្របមជ្ឈដ្ឋានហើយសម្ដេចក៏មានក្ដីរំភើបរហូតស្រកទឹកភ្នែក។ សម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្មារតីនៃសាមគ្គីភាពរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនយើងទាំង១៩នាក់ និងស្មារតីសាមគ្គីភាពគាំទ្រដល់វីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ។សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទីបំផុតកម្ពុជាបានទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រសារមកវិញដោយជោគជ័យកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មិនដែលទុកបងប្អូនវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធកម្ពុជាម្នាក់ណាចោលឡើយ។ សូមបញ្ជាក់ដែរថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូបមកកម្ពុជាវិញនេះ ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផងដែរ។ ការដោះលែងយោធិនរបស់យើងទាំង១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕

សហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ

2026/01/01 10:14:05 am        403
លោក THOMAS "TOMMY" PIGOTT អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាស ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ។សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ។យើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា»។

ស្ថានភាព​ជួរ​មុខបន្តមាន​សភាព​ស្ងប់ស្ងាត់ ​ខណៈកងកម្លាំងកម្ពុជាបន្តតាមដាន ​និងគោរព​បទ​ឈប់​បាញ់​

2026/01/01 09:57:30 am        400
​លោកជំទាវ ម៉ាលី សុជាតា ​អ្នកនាំពាក្យក្រសួងការពារជាតិ ​មានប្រសាសន៍តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមករា ​ឆ្នាំ ២០២៦​ថា ​នៅក្នុងសេចក្ដីប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំ​ដែន​ទូរ​ទៅ​កម្ពុជា-ថៃ ​(GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងវិធានការកាត់​បន្ថយ​ភាព​តានតឹង ត្រង់ចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែង​ក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយ​មតិសាធារណៈអវិជ្ជមាន លើកកម្ពស់​កិច្ច​សន្ទនា​ដោយសន្តិវិធី។លោកជំទាវបន្តថា ​រាជរដ្ឋាភិបាលកម្ពុជា ​កងម្លាំងប្រដាប់អាវុធ ​បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ ស្មោះត្រង់ ​សុចរិត​ក្នុង​ការ​គោរព និងអនុវត្តពេញលេញនូវ​លខក្ខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ​ដែលបាន​ចុះ​ហត្ថ​លេ​ខា​កាលពីថ្ងៃទី ២៨ ​ខែកក្កដា ​ឆ្នាំ ២០២៥ ​និងសេចក្ដីថ្លែងការណ៍រួម​ស្ដីពីកិច្ចព្រមព្រៀង​សន្តិ​ភាព​រវាង​កម្ពុជា-ថៃ ​ដែលភាគីទាំងពីរ​បានចុះហត្ថលេខា​កាលពីថ្ងៃទី ២៦ ​ខែ តុលា ​ឆ្នាំ ២០២៥, សេចក្ដី​ប្រកាសរួម​នៃកិច្ចប្រជុំពិសេសលើកទី ៣ និងគណៈម្មាធិការព្រំដែនទូរទៅព្រំដែន​កម្ពុជា-ថៃ ​ដែល​បាន​ចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗទៀត ​ដើម្បី​ឆ្ពោះ​ទៅការធ្វើឱ្យប្រសើរឡើងិវញ​ឱ្យបានឆាប់​រហ័ស ​និងវិលទៅរកប្រក្រតីភាព ​សន្តិភាព និងសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​ដែលរស់នៅតាម​បណ្ដោយ​ព្រំដែននៃប្រទេសទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប នៅវិមាន៧មករា

2026/01/01 09:35:49 am        743
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព​ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ចិន-តៃវ៉ាន នឹងស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍

2025/12/31 08:47:28 pm        506
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងស្វែងរកមធ្យោបាយសមស្របក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍។តាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ "ស្ដីពី ការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់” បានបង្ហាញ ២ចំណុចសំខាន់ថា៖១. ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពី ការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុង តំបន់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងស្វែងរកមធ្យោបាយសមស្របក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍។២. កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន កម្ពុជាចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ជំរុញឱ្យមន្ត្រីបង្កើនសកម្មភាពអនុវត្តវិធានការសន្តិសុខ និងប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់

2025/12/31 08:14:50 pm        180
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងអាហារសាមគ្គី នៅទីស្តីការមជ្ឈមណ្ឌលជាតិ បច្ចេកវិទ្យាព័ត៌មាន។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បី បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារ ឆ្នាំ២០២៦ ខាងមុខ។នៅក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃស្ថាប័នទាំងពីរ បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើគន្លឹះយុទ្ធសាស្ត្រ និងបង្កើនសកម្មភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ស៊ើបបញ្ជាក់ ដើម្បីឈានទៅបង្ក្រាប បង្ការទប់ស្កាត់បទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងក្របខណ្ឌនៃ យុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនពីកម្ពុជា។  ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកទឹកចិត្តដល់ មន្ត្រីទាំងអស់ពង្រឹងសមត្ថភាព ក្នុងការងារជំនាញជាប្រចាំ តាមរយៈការទទួលការបំពាក់បំប៉នពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឯកទេស លើជំនាញការងារតាមវិស័យពាក់ព័ន្ធ ព្រមទាំងជំរុញឱ្យបង្កបរិយាកាស សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសម្នាក់ៗត្រូវ ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព យន្តការការងារជាប្រព័ន្ធជាស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងពង្រីក កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។សូមបញ្ជាក់ថា បន្ថែមលើយន្តការប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចុះ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹង បំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM