អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

ប្រទេសបារាំងវាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ

2025/12/28 02:11:18 pm        107
ភ្នំពេញ៖ ប្រទេសបារាំង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ពាក់ប័ន្ធនឹង ប្រទេសកម្ពុជា និងថៃ បានចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បញ្ជាក់ថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។ ក្រសួងអឺរ៉ុប និងការបរទេសបារាំង អះអាងថា ដូចអ្វីដែលលោករដ្ឋមន្ត្រីការបរទេសបារំាងបានធានាជូនសមភាគីថៃ និងកម្ពុជា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ប្រទេសបារំាងស្ថិតនៅក្បែរប្រទេសទាំងពីរ និងប្រធានអាស៊ានដើម្បីផ្តល់ការជួយជ្រោមជ្រែង៕

ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ បរិច្ចាគថវិកាជាង ១០០លានរៀល និងសារ៉ុងជាង ២ពាន់ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចុះសួរសុខទុក្ខកុមារ

2025/12/28 12:54:32 pm        179
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងសហការី ក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកយ៉ាងជ្រាលជ្រៅ។បន្ទាប់ពីពិធីប្រគល់ និងទទួល ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់តាមគ្រែសម្រាកព្យាបាល ដើម្បីសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ និងកុមារៗ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូនសារ៉ុង និងថវិកា ដល់អាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាល។ឯកឧត្តម ឃួន ផុនរតនៈ បានមានប្រសាសន៍លើកឡើងថា ការចូលរួមនាពេលនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាបង្អែកដ៏សំខាន់ក្នុងការផ្ដល់ក្តីសង្ឃឹម និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ ឯកឧត្តមសង្ឃឹមថា អំណោយទាំងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិ។សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខភាពសាធារណៈ ជាពិសេសការរួមចំណែករក្សានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជាគ្រប់រូប ៕ អត្ថបទ​បាន​សុខរិទ្ធិ

សម្តេច ម៉ែន សំអន បានអញ្ជើញសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ

2025/12/28 12:48:46 pm        134
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ។ មានវត្តមានអមសម្តេចអនុប្រធានគណបក្សនាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រៃ្ដគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សរាជធានី ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ ៥០០ នាក់ចូលរួម។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានជូនដល់គណៈអធិបតីនាឱកាសនោះ។ មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ ទន្ទឹមនឹងនេះពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី លើការការពារបូរណភាពទឹកដី និងសុខទុក្ខរបស់កងទ័ព។ ក្នុងស្មារតីការពារអធិបតេយ្យជាតិទប់ទល់នឹងការឈ្លានពាន សម្តេចបានសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការទូត តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ។ ជាទីបញ្ចប់ សម្តេចបានអំពាវនាវឱ្យរចនាសម្ព័ន្ធចលនាមហាជន បន្តពង្រឹងជំនឿចិត្តពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន នៅខេត្តយូណាន

2025/12/28 12:00:51 pm        347
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

ពលរដ្ឋភៀសសឹកបានរួបរួម​ និងសាមគ្គីគ្នាដាំដុះបន្លែនៅតាមទីតាំងសុវត្ថិភាពរៀងៗខ្លួន​ ខណៈទទួលបានផលបន្លែឆាប់ៗក្រោមការថែទាំ​ ដាក់ជីធម្មជាតិ​ និងស្រោចទឹក​យ៉ាងដិតដល់

2025/12/28 11:31:30 am        172
ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥ នៅរោងកសិកម្មរបស់ខ្លួន​ បងប្អូនភៀសសឹកបាននឹងកំពុងថែទាំ​ ដាក់ជីធម្មជាតិ​ និងស្រោចទឹកយ៉ាងសកម្ម​នូវការដាំដុះ​នៅទីតាំងសុវត្ថិភាពរបស់ខ្លួន​ ដេីម្បីផ្គត់ផ្គង់អាហារប្រចាំថ្ងៃតាមតម្រូវ​ចាំបាច់​។ ជាមួយនឹងការដាំដុះនេះ​ បងប្អូនភៀសសឹកក៏បានប្រាប់ដល់ក្រុមការងារថា​ ក្រោយពីទទួលគ្រាប់ពូជពីក្រុមការងារនៅតាមមណ្ឌលរួចមក​ បងប្អូនដែលបានភៀសសឹកបានរៀបចំថ្នាល​ និងដាំបន្លែងទាំងនេះនៅតាមរោងនីមួយៗ។ បន្ទាប់ពីការដាំបានជិតមួយសប្តាហ៍​ ពេលនេះបន្លែកំពុងលូតលាស់យ៉ាងល្អ​ ក្រោយការមេីលថែ​ ស្រោចទឹក​ ដាក់ជីរបស់ពួកគាត់​ ហេីយមិនយូរប៉ុន្មានទៀត​ យេីងនឹងទទួលបានផល ហេីតផលទាំងនេះ​ ក៏បានជួយសម្រាលបន្ទុករបស់ថ្នាក់ដឹកនាំខេត្ត​ ស្រុកបានមួយចំនួនផងដែរ។ បងប្អូនភៀសសឹកក៏បានបញ្ជាក់ថា​ ការរៀបចំដាំដុះនេះ​ អនុវត្តតាមណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។បងប្អូនក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំខេត្ត​ទាំងការយកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប​ ដោយផ្គត់ផ្គង់ទាំងសម្ភារ​ គ្រឿងឧបភោគបរិភោគ​ ពិសេសបានផ្តល់ពូជដល់ពួកគាត់ក្នុងការដាំដុះថែមទៀត។ ម្យ៉ាងទៀត​ បងប្អូនក៏មិនបំភ្លេចបាននូវការផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា​ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យដំណើរការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី២)

2025/12/28 11:25:07 am        158
ភ្នំពេញ ៖ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ អនុគណៈកម្មការតាក់តែងវិញ្ញាសាកំពុងដំណើរការរៀបចំតាក់តែងវិញ្ញាសាយ៉ាងសម្ងាត់ដោយសាស្ត្រចារ្យជំនាញ និងមានការចូលរួមសង្កេតដំណើរការប្រព្រឹត្តទៅនៃមណ្ឌលប្រឡងចាប់តាំងពីព្រឹកព្រលឹម ដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា តំណាងសាធារណជន និងតំណាង ស.ស.យ.ក។ជាការអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែអញ្ជើញត្រួតពិនិត្យដំណើរការ និងធ្វើការជ្រើសរើសប្រធានវិញ្ញាសាដោយសម្ងាត់ មុនវិញ្ញាសាទាំងនោះត្រូវបានរៀបចំនិងថតចម្លង ដើម្បីឈានទៅអនុវត្តនីតិវិធីជាបន្តបន្ទាប់។សូមជម្រាបថា វិញ្ញាសាដែលតាក់តែងសម្រាប់ការប្រឡងប្រជែងលើកទី២នេះ រួមមាន៖ វិញ្ញាសាអធិប្បាយលើប្រធានវិញ្ញាសាអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ពលរដ្ឋ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌ ព្រមទាំងភាសាអង់គ្លេស ឬភាសាបារាំង។

មកទល់ព្រឹកនេះ ស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់

2025/12/28 10:40:59 am        204
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម គិតចាប់ពីម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៨ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្ដែកងកម្លាំងរបស់កម្ពុជា នៅបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបគូសបញ្ជាក់ថា សេចក្ដីប្រកាសរួមបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ កាលពីម្សិលមិញនេះ គឺជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងឯកការព្រមព្រៀងផ្សេងៗទៀត។ លោកជំទាវបន្តថា ភាគីទាំងពីរទទួលស្គាល់ និងវាយតម្លៃ អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ លោកជំទាវបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ៕

សហគមន៍អន្តរជាតិស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញឱ្យខិតខំអនុវត្តឱ្យបានពេញលេញ

2025/12/28 10:12:45 am        176
ភ្នំពេញ ៖ក្រោយ កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់ដែលបានចូលជាធរមានកាលពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC), សហគមន៍អន្តរជាតិនានា និងបណ្ដាប្រទេសជាមិត្ត និងប្រទេសមហាអំណាច បានចេញស្វាគមន៍ចំពោះលទ្ធផលបទឈប់បាញ់ជាវិជ្ជមានមួយនេះ និងជំរុញឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉កថាអគ្គលេខាធិការអង្គការសហប្រជាជាតិ សូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍រវាងកម្ពុជា និងថៃ។ អង្គការសហប្រជាជាតិ ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ចំណែកលោក Anouar El Anouni អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប កាលពីម្សិលមិញក៏បាន ប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប បានអំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។ សហភាពអឺរ៉ុបប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់នានា។ ជាមួយគ្នានេះ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែធ្នូនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះលទ្ធផលនៃបទឈប់បាញ់បន្ទាន់រវាង កម្ពុជា និងថៃ ដែលលទ្ធផលនេះបានបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ។ ប្រមុខការទូតអាមេរិក បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។ចំណែក ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសចិន បានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងប្រទេសថៃដែលយល់ព្រមលើបទឈប់បាញ់ ជាមួយការលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។ ប្រមុខការទូតចិនបានលើកឡើងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចគោលដៅនេះ។ ចិនត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកានិងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ ឱ្យការធ្វើទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន។ជាមួយគ្នានេះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន ក្រោយទទួលបានបទឈប់បាញ់ភ្លាមៗ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍ចំពោះបទឈប់បាញ់រវាង កម្ពុជា-ថៃ និងប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព និងអនុវត្តដោយពេញលេញ។ចំណែកប្រទេសអូស្ត្រាលីក៏បានប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ជាមួយគ្នា រវាងកម្ពុជា និងថៃនេះ ដើម្បីការពារជនស៊ីវិល និងឈានទៅការវាសវែងកំណត់ព្រំដែនដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រទេសជប៉ុន ក៏បានប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។ចំណែក រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់ លោកបណ្ឌិត Johann Wadephul ក៏បានប្រកាសស្វាគមន៍ និងចាត់ទុក បទឈប់បាញ់រវាងកម្ពុជា និងថៃ នេះ គឺជាការផ្តល់ក្តីសង្ឃឹម។ លោកថ្លែងថា «បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។ រីឯ លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏បានចេញមុខស្វាគមន៍ចំពោះលទ្ធផលនៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។

ប្រទេសចិន​ ស្វាគមន៍ចំពោះ បទឈប់បាញ់ កម្ពុជា និងថៃ ហេីយថានឹងបន្តដេីរតួនាទីស្ថាបនាដេីម្បីពង្រឹងបទឈប់បាញ់នេះ

2025/12/28 09:54:23 am        125
ប្រទេសចិនបានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលយល់ព្រមលើបទឈប់បាញ់ ជាមួយការលេីកឡេីងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន នាយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ក៏បានលេីកឡេីងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅនេះ។ ចិន ត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ ឱ្យការធ្វេីទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន។លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ស៉ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅខេត្តយូណាន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ហើយតំណាងយោធានៃប្រទេសទាំង ៣ ក៏នឹងចូលរួមផងដែរ។ប្រទេសចិន នឹងដើរតួនាទីសំខាន់ក្នុងន័យស្ថាបនាសម្រាប់កម្ពុជា-ថៃ ដើម្បីពង្រឹងបទឈប់បាញ់ បន្តការផ្លាស់ប្តូរ កសាងទំនុកចិត្តនយោបាយឡើងវិញ សម្រេចបាននូវការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាពក្នុងតំបន់៕

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងជំរុញឱ្យអនុវត្តឱ្យបានពេញលេញ

2025/12/28 09:21:09 am        131
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា "យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ"។សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 12:06 PM
យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM