វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម

ព័ត៌មានជាតិ

ថ្ងៃស្អែកនេះ ប្រមុខការទូតកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅចិន

2025/12/27 12:46:23 pm        571
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួម ចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕

រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយជូនដល់វីរកងទ័ពព្រមទាំងក្រុមគ្រួសារ

2025/12/27 12:25:56 pm        464
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម ពិធីសំណេះសំណាល សួរ​សុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅ​មុខ​សាល​មហោស្រពកោះពេជ្រ ។សម្រាប់ពិធីជួបជុំនេះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និង​ដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុម​គ្រួសារ​របស់​វីរ​កងទ័ព​គ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនគ្រប់គ្នា ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូ​ន​សប្បុរស​ជន​ឆ្ងាយ​ជិត​ទាំងអស់ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវ​នាវ​ឱ្យ​បន្ត​ផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ៕

បទឈប់បាញ់បន្ទាន់ ចូលជាធរមានហើយ!

2025/12/27 12:09:35 pm        297
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បទឈប់បាញ់បន្ទាន់ រវាងកម្ពុជា និងថៃ បានចូលជាធរមានហើយដោយត្រូវអនុវត្តរួមគ្នារយៈពេល ៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ។ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិ បទឈប់បាញ់បន្ទាន់បានចូលជាធរមានហើយ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់នេះ (ម៉ោងក្នុងស្រុក) ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល​និង​នាំយក​ស្បៀង​ចែក​ជូន​គ្រួសារ​វីរកងទ័ព និង​ជនភៀសសឹកចំនួន ៥០៨គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

2025/12/27 11:54:45 am        456
‎ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន​ជួប​សំណេះសំណាល និងនាំយកស្បៀង​ចែក​ជូន​គ្រួសារ​វីរកង​ទ័ព និង​ជន​ភៀស​សឹក​ចំនួន​៥០៨គ្រួសារ នៅស្រុកបាកាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។‎ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​មាន​ក្តី​សោមនស្សរីករាយចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះម​ហា​ក្សត្រ​នៃ​កម្ពុជា និង​ជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែ​ល​បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រូសា​រ​វីរកងទ័ព និ​ង​ពលរដ្ឋ​ភៀស​សឹក ឆ្លុះបញ្ចាំ​ង​ឱ្យ​ឃើញ​អំពី​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បង​ប្អូន​គ្រួសារ​កង​ទ័ព និង​ពលរដ្ឋ​ភៀសសឹកទាំង៥០៨គ្រួសារនៅក្នុងស្រុកបាកាន ។ ឯកឧត្តម បានជម្រាបជូនថា គិត​មក​ដល់​ពេលនេះខេត្តពោធិ៍សាត់ទទួលបងប្អូនជនភៀសសឹកចំនួន៥០១៨គ្រួសារ ស្មើ​នឹង​១៤៨១០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរ មាន​ជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តប៉ៃលិន និង​ខេត្ត​ពោធិ៍សាត់​។ ជនភៀសសឹកនិងគ្រួសារវីរកងទ័ពត្រូវបានអាជ្ញាធរខេត្តនិងបានការចូលរួមជួយឧបត្ថម្ភ ថវិកា សម្ភារ ស្បៀងអាហារ ថ្នាំដង្កូវ ពីក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត និង​ក្រៅ​ប្រទេស ​បានចែកជូនជាបន្តបន្ទាប់ ជាក់ស្តែង​ថ្ងៃ​នេះ​នៅ​ស្រុក​បាកាន​ក្រោម​ការ​ឧបត្ថម្ភ​ផ្ទាល់​ជា​អំណោយ​របស់​សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តល់ជូនចំនួន ៥០៨គ្រួសារក្នុងនោះ​គ្រួសារ​វីរ​កងទ័ពចំនួន ២៦៥គ្រួសារ និងពលរដ្ឋភៀសសឹកចំនួន ២៣៤គ្រួសារ។សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការ​គិត​គូរ ​និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការ​ពារ​ជាតិក្នុ​ងការការពារខឿនការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក​ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និង​ពលី​ជីវិ​តនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់​មិន​អាច​កាត់​ថ្លៃបា​នចំពោះប្រជាជាតិ​កម្ពុជា​ទាំង​មូល​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ស្រឡាញ់​ដឹងគុ​ណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បាន​បន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារក​ង​ទ័ព​ទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខ​ណៈ​ដែល​ស្វាមី ​កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេច​កិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺ​ជា​ការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុង​បំពេញ​បេសក​កម្ម​នៅជួ​រ​មុខ​ឱ្យមា​ន​កម្លាំង​ចិត្ត​ និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។‎ក្នុងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជា​មួយ​ឯកឧត្ត​មតំ​ណាង​រាស្ត្រ​មណ្ឌលពោធិ៍សាត់ និង​លោក​ជំទាវ​អម​ដំណើរ​បាន​ចែក​ជូន​នូវ​អំណោយ​ដល់​គ្រួសារ​វីរកងទ័ព និង​ប្រជា​ពលរ​ដ្ឋភៀ​សសឹ​កចំ​នួន​ ៥០៨គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា១៥ម៉ឺនរៀល អង្ករ២០គីឡូក្រាម ឃីត១​កញ្ចប់​ព្រម​ទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕

កម្ពុជា-ថៃ ឯកភាពគ្នាដាក់ចេញយន្តការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹង ដោយ​ទទួលស្គាល់ និងឯកភាពពង្រឹងតួនាទីរបស់ក្រុម AOT ដើម្បីធានាថា បទឈប់បាញ់​នឹងត្រូវ​អនុវត្តឱ្យបាន និងមានប្រសិទ្ធភាព

2025/12/27 11:22:33 am        495
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាដាក់ចេញយន្តការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងដោយទទួលស្គាល់ និងឯកភាពពង្រឹងតួនាទីរបស់ក្រុម AOT ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន និងមានប្រសិទ្ធភាព។ លទ្ធផលនេះសម្រេចបាននៅក្នុង កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជា ណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។យន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងដែលភាគីទាំងពីរបានឯកភាពគ្នានោះរួមមាន៖ទី១ ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង ឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ទី២ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្ត ឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។ទី៣ ភាគីទាំងពីរនឹងរក្សាខ្សែបណ្តាញទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ រវាងរដ្ឋមន្ត្រីក្រសួង ការពារជាតិ និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបភ្លាមៗចំពោះ ស្ថានការណ៍បន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋាន។ ប្រសិនបើចាំបាច់ តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹង កន្លែងដោយប្រសិទ្ធភាព។ទី៤ ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀត ដើម្បីឱ្យបានដឹង និងដើម្បីសម្រួលដល់ប្រតិបត្តិការដោះមីន មនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នា ស្របតាមផែនការ សកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីធ្វើឱ្យប្រតិបត្តិការមានភាពរលូន ដោយគ្មានការរារាំង ឬ ការយល់ច្រឡំណាមួយឡើយ។ទី៥ ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំ និងដោយផ្ទាល់ ដើម្បីធានាបាននូវការទប់ស្កាត់ និងការគ្រប់គ្រងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាព។ ក្រុមសារព័ត៌មានផ្លូវការក៏នឹងធានានូវតម្លាភាព និងភាពត្រឹមត្រូវ នៃព័ត៌មាន និងរបាយការណ៍ផ្សេងៗ៕

TOP STORY | កម្ពុជា-ថៃ ឯកភាពគ្នា១១ចំណុច កាត់បន្ថយភាពតានតឹង និងឈប់បាញ់​ជា​បន្ទាន់​នៅ​ម៉ោង​១២​ថ្ងៃត្រង់​នេះ

2025/12/27 11:14:17 am        666
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃត្រង់នេះតទៅដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ។ លទ្ធផលនេះសម្រេចបាននៅក្នុង កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជា ណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។វិធានការកាត់បន្ថយភាពតានតឹងទាំង១១ ចំណុចនេះរួមមាន៖១. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគី ទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌ សីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមាន ជនស៊ីវិលរស់នៅ។៤. ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។៥. ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃទាំងមូល។ ការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹង ហើយបង្កឱ្យមានផលអវិជ្ជមាន ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។៦.ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើ ការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬ លេណដ្ឋានផ្សេងៗ នៅហួសពីទីតាំង របស់ខ្លួនឡើយ។៧. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។៨. ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បី កាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។៩. ភាគីទាំងពីរបញ្ជាក់សាជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ (អនុសញ្ញាអូតាវ៉ា)។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបាន ព្រមព្រៀងគ្នា ដើម្បីធ្វើឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់លើកិច្ចខិតខំប្រឹងប្រែងដោះមីនតាម បណ្តោយព្រំដែន។១០.ភាគីទាំងពីរឯកភាពគ្នាគោរពតាមតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត និងការជួញដូរ មនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ ដែលមានគោលបំណងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោះស្រាយបញ្ហានៃការប្រើប្រាស់ផ្ទាលឌីជីថលដែលមិនត្រឹមត្រូវ និងលើកកម្ពស់ព័ត៌មាន ដែលត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវ សំដៅរួមចំណែកដល់ជំនឿទុកចិត្ត ស្ថិរភាព និង ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។១១.ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង៕

កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹកនេះ ក្រោមវត្តមានប្រមុខការពារជាតិនៃប្រទេសទាំងពីរ

2025/12/27 10:14:24 am        386
កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៩:៣០នាទីព្រឹក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្ត​ប៉ៃលិន​ ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការ​សង្កេត​ការណ៍ពី​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​សហ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ​(GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាក​ផា​នីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC)។ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីស្វែងរកបទឈប់បាញ់ និងការបញ្ឈប់នូវរាល់អរិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងបង្កើតបាននូវបទឈប់បាញ់មួយដែលអាចអនុវត្តបាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចត្រលប់ទៅរកទីលំនៅរបស់ខ្លួនដែលស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព និងជំរុញឱ្យប្រទេសទាំងពីរបន្តអនុវត្តយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។

ទាហានឈ្លានពានថៃ​នៅតែបន្តបាញ់​ផ្លោង​ចូលក​ម្ពុ​ជា​បើ​ទោះ​បី​ថ្ងៃ​នេះ​មាន​កិច្ច​ប្រជុំ​ពិសេស GBC ដោយមានវត្តមានអ្នកសង្កេតការណ៍ AOTក្តី

2025/12/27 09:48:25 am        422
ទាហាន​ឈ្លានពានថៃនៅតែបន្តបាញ់ផ្លោងយ៉ាងកំរោលចូលមកលើដែនអធិបតេយ្យកម្ពុជាដដែល បើ​ទោះ​បី​ជាថ្ងៃនេះភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបើកកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃក៏ដោយ ខណៈការ​បាញ់​ប្រហារ​ដោយ​មិន​រើស​គោល​ដៅ​នេះ​បាន​ធ្លាក់​ចូល​ទី​ប្រជុំ​ជន​នៅខេត្តបន្ទាយ មានជ័យ និងគោលដៅជាច្រើនទៀតនៅតំបន់យោធភូមិភាគទី៤ និង​យោធភូមិភាគទី៥របស់កម្ពុជា។ក្នុង​សន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ដោ​យ​មិន​ខ្វល់​រឿង​កិច្ច​ប្រជុំ​GBC​ទាំង​ព្រឹក​ព្រលឹមថ្ងៃនេះទាហានឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភ​ចូល​ជ្រៅ​ក្នុង​ដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់​បែក​ចំនួន ១៦​គ្រាប់​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​បន្ទាយ​មានជ័យ ដោយបណ្តាលឲ្យសិស្សានុសិស្សកំពុងសិក្សា និងប្រជាពលរដ្ឋ​ស្លូត​ត្រង់​កម្ពុជា​មាន​ការភិតភ័​យ​នាំ​គ្នារ​ត់​រក​កន្លែ​ង​សុវត្ថិភាព​ និង​បន្ត​បាញ់​ផ្លោង​ជា​ច្រើន​គោល​ដៅ​ទៀត​នៅ​ភូមិ​សាស្រ្ត​យោធភូមិភាគីទី៤ និងយោធភូមិ ភាគទី៥របស់កម្ពុជា។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងទៀតថាគិតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥នេះគឺមានរយៈពេល២១ថ្ងៃហើយ ដែលទាហាន​ឈ្លាន​ពាន​ថៃ​បាន​ក្បត់ និង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយជាមួយកម្ពុជា ដោយបន្តបាញ់ផ្លោងចូលមកកម្ពុជា ដោយមិនរើសគោល​ដៅ​ចំ​លើ​ជន​ស៊ីវិលស្លូតត្រង់កម្ពុជាបានបណ្តាលឲ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់ និង​ជាង​​ប្រាំមួយសែននាក់បានកំពុងភៀសសឹក។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើក ឡើង​ទៀតថាបើទោះបីទាហានឈ្លានពានថៃ បន្តបាញ់​ផ្លោង​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​មិន​រើស​គោ​លដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្ត​ហោះ​ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងណាក្តី ក៏វីរកងទ័ព និង​វីរ​នគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធ​ប្រឆាំង​ជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែការបាញ់តបតរបស់វីរកងទ័ពកម្ពុជានេះ គឺ​សំដៅ​ទៅ​លើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហាន​ឈ្លាន​ពាន​ថៃ​បាញ់​ប្រហារ​ដោយមិ​ន​រើស​គោ​ល​ដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

BREAKING NEWS | ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់​គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុង​ភូមិ​សាស្រ្ត​សង្កាត់​កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

2025/12/27 08:09:48 am        812
ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅ​តែបន្តធ្វើសកម្មភាពបាញ់ប្រាហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភ​ចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រសួងការពារជាតិបានបញ្ជាក់ថា ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។   កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

សប្បុរសជនផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពង្រីកការរៀបចំថ្នាក់រៀននៅតាមជំរំភៀសសឹក

2025/12/26 09:40:39 pm        212
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ និងសប្បុរសជនដែលផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់ប្រើប្រាស់សមរម្យ និងគ្រប់គ្រាន់នៅតាមជំរំភៀសសឹក ឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់សិស្សភៀសសឹក ខណៈកម្ពុជាកំពុងបន្តរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ។តបតាមទទួលបានអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត លើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាកកូន កុមារតូច ការផ្គត់ផ្គង់ស្បៀង ការថែទាំសុខភាព ជាពិសេសជម្រកស្នាក់នៅ និងថ្នាក់រៀនបណ្ដោះអាសន្ន ក្រុមហ៊ុនខ្មែរ និងសប្បុរសជនជាច្រើនបានសហការជាមួយសមាគមអតីតនិស្សិតវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាពីប្រទេសចិន (China Alumni Association of Engineering and Architecture of Cambodia) ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសឹក។ ក្រុមហ៊ុនដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមាន ISI GROUP, មូលនិធិ ខេ អឹម អេច, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group និងក្រុមហ៊ុន Koolen Alpha ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលអាចធ្វើឱ្យសម្រេចបាននូវគម្រោង ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣០០០តង់ ។ ក្រុមការងារ រួមជាមួយសប្បុរសជន នឹងបន្តពិនិត្យលទ្ធភាពផ្តល់ជូនបន្ថែមក្នុងករណីមានសំណូមពរចាំបាច់ ដោយបានបញ្ជាក់នូវការឧបត្ថម្ភតង់ថ្នាក់រៀនបណ្ដោះអាសន្ននេះ ជូនក្រសួងអប់រំ យុវជន និងកីឡាចំនួន ៣០០តង់ ដើម្បីបែងចែកផ្តល់ជូនបន្តទៅដល់ទីតាំងភៀសសឹកដែលមានតម្រូវការបន្ទាន់។សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញឱ្យមានការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងនៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
06/01/2026 03:06 PM
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM