គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ

ព័ត៌មានជាតិ

BREAKING NEWS | ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់​គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុង​ភូមិ​សាស្រ្ត​សង្កាត់​កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

2025/12/27 08:09:48 am        812
ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅ​តែបន្តធ្វើសកម្មភាពបាញ់ប្រាហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភ​ចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រសួងការពារជាតិបានបញ្ជាក់ថា ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។   កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

សប្បុរសជនផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពង្រីកការរៀបចំថ្នាក់រៀននៅតាមជំរំភៀសសឹក

2025/12/26 09:40:39 pm        212
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខ្មែរ និងសប្បុរសជនដែលផ្តល់ថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្តោះអាសន្នសម្រាប់ប្រើប្រាស់សមរម្យ និងគ្រប់គ្រាន់នៅតាមជំរំភៀសសឹក ឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់សិស្សភៀសសឹក ខណៈកម្ពុជាកំពុងបន្តរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពាននៅតាមព្រំដែនពីសំណាក់ប្រទេសថៃ។តបតាមទទួលបានអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត លើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាកកូន កុមារតូច ការផ្គត់ផ្គង់ស្បៀង ការថែទាំសុខភាព ជាពិសេសជម្រកស្នាក់នៅ និងថ្នាក់រៀនបណ្ដោះអាសន្ន ក្រុមហ៊ុនខ្មែរ និងសប្បុរសជនជាច្រើនបានសហការជាមួយសមាគមអតីតនិស្សិតវិស្វកម្ម និងស្ថាបត្យកម្មកម្ពុជាពីប្រទេសចិន (China Alumni Association of Engineering and Architecture of Cambodia) ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសឹក។ ក្រុមហ៊ុនដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមមាន ISI GROUP, មូលនិធិ ខេ អឹម អេច, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន GGEAR Group និងក្រុមហ៊ុន Koolen Alpha ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលអាចធ្វើឱ្យសម្រេចបាននូវគម្រោង ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នចំនួន ៣០០០តង់ ។ ក្រុមការងារ រួមជាមួយសប្បុរសជន នឹងបន្តពិនិត្យលទ្ធភាពផ្តល់ជូនបន្ថែមក្នុងករណីមានសំណូមពរចាំបាច់ ដោយបានបញ្ជាក់នូវការឧបត្ថម្ភតង់ថ្នាក់រៀនបណ្ដោះអាសន្ននេះ ជូនក្រសួងអប់រំ យុវជន និងកីឡាចំនួន ៣០០តង់ ដើម្បីបែងចែកផ្តល់ជូនបន្តទៅដល់ទីតាំងភៀសសឹកដែលមានតម្រូវការបន្ទាន់។សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញឱ្យមានការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងនៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕

កម្ពុជា-បង់ក្លាដែស ជំរុញកិច្ចសហប្រតិបត្តិការ វិស័យ ពាណិជ្ជកម្ម និង វិនិយោគ ទេសចរណ៍ សុខាភិបាល កសិកម្ម

2025/12/26 09:34:54 pm        128
កិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាង ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ូហាម៉ាដ ណាហ្សេរុល អ៊ីស្លាម (Md. Nazrul Islam) អនុរដ្ឋមន្ត្រីការបរទេសទទួល បន្ទុកកិច្ចការទ្វេភាគី និងជាអគ្គាធិការទទួលបន្ទុកស្ថានបេសកកម្មបង់ក្លាដែស នៃក្រសួងការបរទេស បង់ក្លាដែស បានពិភាក្សាយ៉ាងទូលំទូលាយអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត និងបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអទិភាព រួមមានពាណិជ្ជកម្ម និង វិនិយោគ ទេសចរណ៍ សុខាភិបាល កសិកម្ម និងនេសាទ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តនយោបាយ និង សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជាសាទរចំពោះ ការលើកឡើងរបស់ភាគីបង់ក្លាដែស ស្តីពីវឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅរកការចាកចេញពីឋានៈជាប្រទេស អភិវឌ្ឍន៍តិចតួចបំផុត (LDC) ដែលរំពឹងទុកនៅឆ្នាំ២០២៦ និងបានសម្តែងការកោតសរសើរចំពោះការចែក រំលែកពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសបង់ក្លាដែស។

សមាគមខ្មែរក្រោមបន្តនាំយក អំណោយប្រគេនព្រះសង្ឃភៀសសឹក ១០៣ អង្គ គង់នៅវត្តខ្សាច់ស ខេត្តកោះកុង

2025/12/26 08:40:06 pm        184
លេខាធិការដ្ឋាន នៃអង្គការសមាគមខែ្មរក្រោម រួមមាន ៩ សមាគម ខ្មែរក្រោមជាសមាជិក ដឹកនាំ ដោយលោក សឺន យឿង រួមនិង ព្រះសង្ឃខ្មែរមានកំណើតខ្មែរ ក្រោមចំនួន ៥ អង្គ គង់នៅវត្ត សាមគ្គីរង្សី ហៅវត្តខ្មែរក្រោម នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយប្រគេនព្រះសង្ឃភៀសសឹក ចំនួន ១០៣ អង្គ និង ប្រជាពលរដ្ឋភៀសសឹកចំនួន ៣០ គ្រួសារ ដែលកំពុងគង់ និងស្នាក់នៅវត្តព្រះពុទ្ឋទានារាម ហៅវត្ត ខ្សាច់ស ស្ថិតនៅភូមិស្ទឹង ឆាយ ឃុំបឹងព្រាវ ស្រុក  ស្រែអំបិល ខេត្តកោះកុង។អំណោយរួមមាន ថវិកាចំនួន  ៣.៨៦០.០០០ រៀល, អង្គ ១តោនកន្លះ , មី ៤០ កេះ , ត្រី ខ កំប៉ុង ៤កេសធំ , ទឹក បរិសុទ្ធ ១០កេស, ទឹក ក្រូច ២០កេស, ពងមាន់ ១០០០ គ្រាប់ ។ នៅក្នុងពិធីប្រគេន និង ចែកអំណោយនេះក៏មានការ ចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីព្រះចៅអធិការវត្ត ខ្សាច់ស ផងដែរ ៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/26 08:13:11 pm        169
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីថ្ងៃល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។- ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។- ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។- ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១៣:០០នាទី យោធាថៃនៅបន្តបាញ់ពីចម្ងាយ ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម, ដ្រូន និងកាំជ្រួចហ្វូង ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងប្រាសាទតាមាន់។ - ម៉ោង ១៣:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ - ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមវាយសន្ធាប់យ៉ាងខ្លាំង ដោយប្រើប្រាស់កាំភ្លើងពីចម្ងាយ និងរថក្រោះនៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងប្រាសាទតាមាន់។- ម៉ោង ១៤:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រអូរកូនតឹង ស្រុកវ៉ារិន ខេត្តសៀមរាប។- ម៉ោង ១៦:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ និងកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ម៉ោង ១៧:០០នាទី យោធាថៃបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ និងភ្នំខ្មោច និងបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់, ជប់គគីរ និងក្រុងសំរោង។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ។ - ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។- ចាប់ពីម៉ោង ៧:២០នាទី ដល់ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ - ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១៣:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៤៦គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។- ចាប់ពីម៉ោង ៨:២២នាទី ដល់ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១៣:៥៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ចាប់ពីម៉ោង ១៣:៣២នាទី ដល់ម៉ោង ១៤:១២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។- ម៉ោង ១៤:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។​

ក្រសួងកសិកម្ម ជូន ផ្ទះសំណាញ់១ខ្នង និងប្រព័ន្ធស្រោចស្រព សម្រាប់ដាំដុះបន្លែជូនជនភៀសសឹក

2025/12/26 07:47:40 pm        126
ជាផ្នែកមួយនៃយន្តការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានផ្តល់ផ្ទះសំណាញ់ចំនួន១ខ្នង ទំហំ១០ម៉ែត្រ x ២៥ម៉ែត្រ និងប្រព័ន្ធស្រោចស្រព ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សម្រាប់សហការជាមួយ សហគមន៍កសិកម្មតាសីសាមគ្គី ធ្វើការដាំដុះផលិតបន្លែជូនជនភៀសសឹក ដោយសហគមន៍ បានរួមចំណែកផ្តល់ម៉ាស៊ីនវាយដីចំនួន ១គ្រឿង និងកូនបន្លែមួយចំនួន។

កម្ពុជា-បារាំង ឯកភាពលើតម្រូវការក្នុងការពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សាកម្ពុជា

2025/12/26 07:44:48 pm        124
ក្នុងសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង, កម្ពុជា បារាំង បានឯកភាពលើតម្រូវការក្នុងការ ពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សានៅកម្ពុជា។យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហាញថា ក្នុងឱកាសកិច្ចប្រជុំពិគ្រោះខាងលើនេះផងដែរ សហប្រធានទាំងពីរ បានឯកភាពលើតម្រូវការក្នុងការ ពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវិស្វកម្ម។ ភាគីទាំងពីរក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត យូរអង្វែងរបស់ខ្លួនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ការសន្ទនាដោយសន្តិវិធី និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោក ក៏ដូច ជាការវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ កម្ពុជាទៅលើការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែល បានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយសុឆន្ទៈខ្ពស់ បំផុត។គួរបញ្ជាក់ថា សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ៕

បារាំង គាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា

2025/12/26 07:37:21 pm        444
ក្នុងសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង, ភាគីបារាំង បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយបានបង្ហាញថា សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានសម្តែងមតិរួមគ្នា លើសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ លោក Benoît GUIDÉE បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងសម្តែងការអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងទាំងផ្នែកបច្ចេកទេស សមត្ថភាព និងភាសាដល់កងកម្លាំងមួកខៀវកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍បារាំងចំពោះការ បន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដោះមីននៅកម្ពុជា ជាពិសេសការរួមចំណែកដ៏សំខាន់ក្នុងការសម្រេចឱ្យ បាននូវ គោលដៅ «កម្ពុជាគ្មានមីន នៅឆ្នាំ២០៣០»។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ក្នុងន័យ ស្ថាបនាលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ដែលជាអាទិភាពរួម ព្រមទាំងកិច្ចសហការ កាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។គួរបញ្ជាក់ថា សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ៕

រដ្ឋសភា បន្តចូលរួមសស្រាក់សស្រាំបរិច្ចាគថវិកា និងសម្ភារ ឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក

2025/12/26 07:22:25 pm        122
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ពីមន្រ្តីនិងថ្នាក់ដឹកនាំអង្គភានានាចំណុះ អគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ប្រគល់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ឯកឧត្តបណ្ឌិត បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនោះមាននាយកដ្ឋានស្រាជ្រាវកិច្ចការអន្តរជាតិ នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ ដែលបានចូលរួមបរិច្ចាគថវិកា ក៍ដូចជាកម្លាំងកាយចិត្ត ក្នុងការរួមចំណែកគាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ចលនាស្នេហាជាតិបានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងផុលផុសបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ និងបានឈរយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ បានចូលរួមយ៉ាងសស្រាក់សស្រំា ទាំងថវិកា សម្ភារ និងស្មារតី ជាមួយ សម្តេចប្រធានរដ្ឋសភា និងសមាជិករដ្ឋសភាទាំងអស់ ជាធ្លុងមួយ ជាមួយមហាគ្រួសារខ្មែរ តតំាងជាមួយក្រុមចោរឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ដែលបានចូលរួមឧបត្ថម្ភ គំាទ្រដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក ជាមួយថ្នាក់ដឹកនាំ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថាកន្លងមកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា"ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ដល់ជនភៀសសឹក និងគាំទ្រដល់វីរកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។"សូមជម្រាបថា កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា សម្តេចរដ្ឋសភាធិបតី បានធ្វើការបែងចែក ជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។រដ្ឋសភានៅបន្តទទួលជំនួយមនុស្សធម៌ហើយនឹងធ្វើការបែងចែកជាបន្តបន្ទាប់ជូនដល់វីរយុទ្ឋជន ក្រុមគ្រួសារវីរយុទ្ឋជន នៅសមរភូមិននិងដែលបានពលី ក៏ដូចជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់ទៀត។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រដ្ឋសភានៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

រដ្ឋមន្ត្រីសុខាភិបាល «សុខភាពរបស់ប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់»

2025/12/26 07:08:15 pm        120
ឆ្លៀតឱកាសចុងឆ្នាំសកលនេះ ខណៈពេលសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល សូមអរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM
រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស
06/01/2026 04:06 PM
តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់
06/01/2026 04:06 PM
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM