ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/25 08:05:38 pm        273
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។- ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ម៉ោង ១:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងបានបន្តបាញ់ផ្លោងកាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។  - ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបាញ់កាំជ្រួចហ្វូងប្រភេទ DTI-2 និងSR4 មកលើប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ, គោល៨ ព្រមទាំងវាយប្រហារចូលដល់ទីប្រជុំជនរបស់ស្រុកស្រអែម, ពាក់ស្បែក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រអូរស្មាច់ ខេត្តឧត្តរមានជ័យ។- ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំជ្រួចហ្វូង DTI-2 មកលើភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជំាតែ និងគោល៨ ព្រមទាំងបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។- ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ - ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។- ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួនទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។- ចាប់ពីម៉ោង ៦:១៣នាទី ដល់ម៉ោង ១៥:៣៥នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ១២៥គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃចាន់។ - ចាប់ពីម៉ោង ៦:១៨ ដល់ម៉ោង ៦:៤៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ - ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកថ្មពួក។- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំចំនួន ៩៩គ្រាប់, ផ្សែងពុល និងបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចំនួន ៤លើកក្នុងភូមិសាស្ត្រភូមិជោគជ័យ។- ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១៥:១១នាទី យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។- ម៉ោង ១៦:៥៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះ និងរថពាសដែកបានព្យាយាមរុលចូលភូមិសាស្ត្រចំការគ ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ។កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់ការបូកសរុបការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៥ មានលក្ខណៈល្អ និងកំពុងបន្តឈរលើផ្លូវនៃវឌ្ឍនភាពដ៏វិជ្ជមានជាបន្តបន្ទាប់

2025/12/25 07:46:43 pm        144
ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តើមដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្រ្តីសុខាភិបាលទូទាំងប្រទេស តាមរយៈថ្នាក់ដឹកនាំ និងជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងសស្រាក់សស្រាំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ឆន្ទៈ ក្តីករុណា រឹងមាំ និងអង់អាចក្លាហាន ក្នុងការបម្រើសេវាសុខាភិបាលគ្រប់ស្ថានភាព ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ បានណែនាំ និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ដោយ៖ ១)ត្រូវបន្តនិរន្តរ៍ភាពការងារប្រចាំថ្ងៃដែលជាបេសកកម្មរួមតែមួយ ក្នុងវិស័យសុខាភិបាល ២)បន្តការសហការគ្នា ស្មោះត្រង់ សាមគ្គីទំនាក់ទំនងល្អ ៣)ត្រូវមានការជួបប្រជុំ បំពេញការងារជាក្រុមឱ្យបានសកម្ម ៥)សូមធ្វើការដោយភាពទៀងទាត់ជាទម្លាប់ គំរូ និងសុក្រឹត្យភាព ៦)ត្រូវមានភាពហ្មត់ចត់ក្នុងការតាមដាន វាយតម្លៃ ណែនាំ ពន្យល់ បង្ហាត់បង្ហាញ និងការងារដល់ក្រុមការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ៧)បន្តពង្រឹង និងពង្រីកការអនុវត្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ និង ៨)ត្រូវបង្កើនការយកចិត្តទុកជាអាទិភាព ការងារព្រំដែន ដោយមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការព្យាបាលនោះទេ។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងប្រាជ្ញាវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ៕អត្ថបទ រដ្ឋា

កម្ពុជាជម្រាបជូនរដ្ឋមន្ត្រីក្រសួងអឺរ៉ុប របស់បារាំង អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការឈ្លានពានពីថៃ

2025/12/25 07:28:15 pm        116
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការបន្តគាំទ្រ ឥតងាកររបស់បារាំង ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងការគោរពច្បាប់ អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគី បារាំងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃអរិភាពដែលកំពុងបន្តកើតមាន ដែលតម្រូវឱ្យមានការជម្លៀសជនស៊ីវិល កម្ពុជាប្រមាណជាងកន្លះលាននាក់ និងការបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី មានប្រសាសន៍ថា ការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការខូចខាតយ៉ាងដំណំដល់ប្រាសាទបុរាណកម្ពុជាមួយចំនួន រួមទាំងតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរអាក្រក់ទៅ ដោយបានកត់សម្គាល់ថា ការវាយប្រហាររបស់យោធាថៃ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានវាតទីចូលជ្រៅមកក្នុងទឹកដីកម្ពុជារហូតដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន ដែលជាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជារដ្ឋសមាជិកអាស៊ានដូចគ្នា។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបញ្ឈប់ជាបន្ទាន់ នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ពីសំណាក់ប្រទេសថៃមកលើកម្ពុជា។

កម្ពុជាបង្ហាញ៥ចំណុច ស្តីពីការវិវត្តស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូតនៅភ្នំពេញ

2025/12/25 07:17:12 pm        243
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូតចំនួន២១ នៅរាជធានីភ្នំពេញ សរុប ២៤រូប ស្តីពី ការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើង ៥ចំណុចសំខាន់អំពី៖ ១. លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (Special AMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ  ២. អំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC); ៣. ស្ថានភាពនៃការវាយប្រហារដោយប្រដាប់អាវុធយ៉ាងគឃ្លើនដោយកងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីកម្ពុជា ៤. បញ្ហាមីន ដែលប្រទេសថៃប្រើប្រាស់ជានិទានកថា ដើម្បីបំភាន់ភ្នែកអន្តរជាតិ ចំពោះទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា  ៥. ការថ្កោលទោសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះការវាយប្រហារដ៏ឃោរឃៅ និងមិនរើសទីតាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើតំបន់ដែលមានប្រជាជនរស់នៅរបស់កម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។ឯកឧត្តម នង សាកល បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះបទឈប់បាញ់ភ្លាមៗ និងការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងអនុវត្តការអត់ធ្មត់ជាអតិបរមា និងបន្តផ្តល់អាទិភាពលើកិច្ចសន្ទនា ការទូត និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ មានដូចជា បទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។

យូនីសេហ្វ កំពុងដឹកជញ្ជូនសម្ភារសិក្សា នៅតាមទីតាំងភៀសសឹកនានាក្នុងខេត្តចំនួន៧

2025/12/25 07:15:48 pm        121
ក្រសួងអប់រំ យុវជន និងកីឡា នៅរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ យូនីសេហ្វ (UNICEF) កំពុងដឹកជញ្ជូនសម្ភារសិក្សា និងសម្ភារបង្រៀនជាង ៤០០កេះ ជូនដល់កុមារ និងលោកគ្រូអ្នកគ្រូ នៅតាមទីតាំងភៀសសឹកនានាក្នុងខេត្តចំនួន៧។ យូនីសេហ្វ ក៏គាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំថ្នាក់មត្តេយ្យសិក្សាបណ្តោះអាសន្ន ដើម្បីឱ្យកុមារតូចអាចបន្តការសិក្សាបានក្នុងអំឡុង ពេលមានវិបត្តិ។ សម្ភារជំនួយបន្ថែមទៀតកំពុងត្រូវបានបញ្ជូនទៅជាបន្តបន្ទាប់។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន Japan - The Government of Japan ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន CIDCA និងម្ចាស់ជំនួយដទៃទៀត សម្រាប់ការគាំទ្រក្នុងការជួយឲ្យកុមារមានមានអារម្មណ៍ធូរស្រាល និងប្រសើរឡើងវិញ អាចបន្តការសិក្សា និងលូតលាស់។ សូមចូលរួមជាមួយយូនីសេហ្វក្នុងការផ្តល់ជំនួយចាំបាច់ និងទាន់ពេលវេលាដល់កុមារ និងគ្រួសារដែលរងគ្រោះ តាមរយៈការគាំទ្រមូលនិធិជំនួយបន្ទាន់៕

ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញមូលហេតុ ៤ចំណុច ដែល តំបន់ និងពិភពលោកត្រូវថ្កោលទោសថៃ

2025/12/25 06:53:30 pm        221
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គម ដោយលើកឡើងនូវ មូលហេតុ ៤ចំណុច ដែល តំបន់ និងពិភពលោកត្រូវថ្កោលទោសថៃ។១. សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាស៊ីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាន នៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» «អានេះវ៉ៃអានោះ» ស្រេចតែអំពើចិត្ត។២. «សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ គឺ ជាព្រៃយុទ្ធសាស្ត្រមួយ ដែលនៅក្នុងនោះ គេបោះចោល ក្នុងធុងសំរាមប្រវត្តិសាស្ត្រ នូវ ប៊ិចសរសេរ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីផ្លូវការ ដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញ ដោយប្រើប្រាស់ កម្លាំងបាយ, យន្តហោះចម្បាំងF-16, T-50TH, Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, រថក្រោះ, រថពាសដែក…។ ៣. «សង្គ្រាមថៃឈ្លានពានកម្ពុជា» នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះនៃ អសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល។ វានឹងអាចបំផ្លាញ យ៉ាងលឿនរហ័ស លទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការ បង្កើត ពង្រឹងពង្រីក និង រក្សាបាននូវ លំហតំបន់មួយនៃ កិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។ ហេតុអ្វី? ពីព្រោះចង់ ឬមិនចង់ ស្ថាបត្យកម្មអាស៊ានផ្តើមបែកប្រេះឆារួចស្រេចបាត់ទៅហើយ ខណ:ដែល តាំងពីថ្ងៃ៧ធ្នូ២០២៥មក ប្រទេសសមាជិកមួយវាយឈ្លានពានប្រទេសសមាជិកមួយទៀត។ ៤. តើបណ្តាប្រទេសជិតខាងដទៃរបស់ថៃដែលសុទ្ធតែជាសមាជិក អាស៊ាន អាចកក់ក្តៅចិត្តដែរ ឬទេ នៅពេលដែលឃើញថៃវាយប្រហារកម្ពុជា ទាំងនៅលើដី ពីលើអាកាស និងពីនាវាចម្បាំង? ដូចគ្នា គេគួរសាកល្បងមមៃមើលថា តើសសរគ្រឹះនៃសហភាពអឺរ៉ុបនឹងរង្គោះរង្គើខ្លាំងក្លាបែបណា បើសិនជាប្រទេសសមាជិកអឺរ៉ុបមួយចូលឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀត? ម្ល៉ោះហើយ ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណមតិតំបន់និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»។

អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈ ចំនួន៤ ពាក់ព័ន្ធវិស័យអាកាសចរណ៍ និងផ្លូវអាកាស

2025/12/25 06:41:55 pm        169
នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១០រូប។អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ចំនួន៤ ពាក់ព័ន្ធវិស័យអាកាសចរណ៍ និងផ្លូវអាកាស ដោយទទួល បានចំនួន ១១១ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ អង្គសភាបានបន្តនីតិវិធី ទៅតាមរបៀបវារៈទាំង៤ នៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ដែលមាន លទ្ធផលដូចតទៅ៖១. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។២. ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិក របស់ខ្លួន។៣. ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិ ហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។៤. ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យា ទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

វិស័យឯកជននៅកម្ពុជា​ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

2025/12/25 06:26:43 pm        138
វិស័យឯកជននៅកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។តាមរយៈញត្តិថ្កោលទោសនេះ បានបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ប្រភពដដែលបន្តថា ភាគីថៃម្តង ហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ជាមួយគ្នានេះ វិស័យឯកជនទាំងនោះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។បន្ថែមពីនេះ វិស័យឯកជននៅកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ក្រសួងឧស្សាហកម្មបាននិងកំពុងប្រែក្លាយសហគ្រាសទៅជាវិស័យស្នូល ជួយរុញកំណើនសេដ្ឋកិច្ច

2025/12/25 05:45:20 pm        102
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុង ការប្រែក្លាយអនុវត្តវិធីសាស្ត្រ «ស៥» ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យ ការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អ ផលិតភាព។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីប្រគល់ពានរង្វាន់ សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី, បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា នៃការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់។  ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីនៃផលិតភាព ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកំណើន សេដ្ឋកិច្ចពិសេស ខណៈដែលតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាព កំពុងបន្តកើនឡើងខ្ពស់ ក្នុងនោះការអនុវត្តវិធីសាស្ត្រ ផលិតភាព «ស៥» មានគុណសម្បតិ្ត មិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ បង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាព ផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំ ឱ្យក្រុមហ៊ុន-សហគ្រាសបង្កើនប្រាក់ចំណេញ។វិធីសាស្រ្តដំបូងរបស់ផលិតភាព «ស៥» ផ្តើមចេញពី “ស” ទាំង៥រួមមាន៖ សម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ជាវិធីសាស្រ្តសាមញ្ញដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស។ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុងការប្រែក្លាយ ការអនុវត្តវិធីសាស្ត្រនេះ ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យ ការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អផលិតភាព។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងផងដែរថា ម្ចាស់ជ័យលាភីពានរង្វាន់ សមិទ្ធផលផលិតភាព «ស៥» ទាំងនេះ គឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួត ប្រជែង ដែលរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ។សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលផលិតភាព ជាតិនៃកម្ពុជា បានរៀបចំកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ជារៀងរាល់ឆ្នាំ ដែលមានរោងចក្រ សហគ្រាស និងសិប្បកម្ម ចូលរួមសរុបចំនួន ៨៩៤ នៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួនបី ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់ សមិទ្ធផលផលិតភាព «ស៥» រួមមាន៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក, បូវឃើ រហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និង ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក៕អត្ថបទ៖ សុន រ៉ាឌី

សមាគមខ្មែរនៅកូរ៉េ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ​ចំពោះសង្គ្រាមឈ្លានពាន​របស់ថៃមក​លើអធិបតេយ្យភាព​​នៃព្រះរាជាណាចក្រកម្ពុជា

2025/12/25 04:26:09 pm        435
សមាគមខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។តាមរយៈញត្តិថ្កោលទោសនេះ បានបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ប្រភពដដែលបន្តថា ភាគីថៃម្តង ហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សី របស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ជាមួយគ្នានេះ សមាគមខ្មែរនៅកូរ៉េបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។បន្ថែមពីនេះ សមាគមខ្មែរនៅកូរ៉េក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយសារជំងឺអេបូឡា
06/01/2026 07:06 PM
ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ
06/01/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឲ្យវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសលីបង់
06/01/2026 07:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅហាងកាហ្វេតំបន់ហ្កាហ្កា
06/01/2026 07:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនស្ទាក់ស្ទើរជួយលីបង់ទប់ទល់​ការឈ្លានពានខុសច្បាប់របស់អ៊ីស្រាអែលឡើយ
06/01/2026 07:06 PM
នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
06/01/2026 07:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
06/01/2026 07:06 PM
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល
06/01/2026 07:06 PM