ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន

2025/12/24 05:29:52 pm        121
ខេត្តតាកែវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន។នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់នៅគេហដ្ឋានរបស់សពដែលកំពុងធ្វើបុណ្យតាមប្រពៃណីនៅក្នុងទឹកដីខេត្តតាកែវ។ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។

ក្រសួងការបរទេសឱ្យទូតកម្ពុជានៅបរទេសទាំងអស់ជូនដំណឹងអ្នកដំណើរចៀសវាងឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន

2025/12/24 05:17:37 pm        794
ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញសេចក្ដីណែនាំឱ្យទូតកម្ពុជានៅបរទេសទាំងអស់ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងទង្វើរបស់ថៃ បានបង្កការលំបាកដល់ការធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃ។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជម្រាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស ថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។សេចក្ដីជូនដំណឹងរបស់ក្រសួងការទេសកម្ពុជាបានបញ្ជាក់ថា «ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»៕

កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត

2025/12/24 05:04:28 pm        121
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ(Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុនដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានាដល់កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។ជាការឆ្លើយតប ឯកឧត្តម សាកាហ្គុឈិ ណោតុ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃការគ្រប់គ្រងពលកររបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តមនឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។ឯកឧត្តមក៏បានសន្យាផងដែរថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន GBC ចាប់ផ្តើមកិច្ចប្រជុំហើយនារសៀលនេះនៅច្រកអន្តរជាតិព្រំ-ផាកកាតខេត្តប៉ៃលិនទល់នឹងខេត្តច័ន្ទបុរី

2025/12/24 04:53:38 pm        340
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន GBC ចាប់ផ្តើមកិច្ចប្រជុំហើយនារសៀលនេះនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។

មន្ទីរអប់រំខេត្តបាត់ដំបង សម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ បណ្ដោះអាសន្ន

2025/12/24 03:47:37 pm        204
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញ សេចក្តីណែនាំ ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្នមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុង ស្រុកបាណន់ ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។

ឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគចំនួន ៦៣០ មានទុនសរុបជាង ១០ ពាន់លានដុល្លារ

2025/12/24 03:42:14 pm        171
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគប្រមាណ ៦៣០ គម្រោង មានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងក៏ជាការបំបែកឯកកត្តកម្ម ជាបន្តបន្ទាប់ទៀតរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វ ផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជាឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ទាក់ទងនិងគម្រោងវិនិយោគ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង រួមជា មួយជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ដែលបានកំពុងធ្វើឱ្យចំនួនវិនិយោគនៅក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់មានចំនួន ២៦៨ គម្រោង, ឆ្នាំ២០២៤មានចំនួន ៤១៤គម្រោង។ ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះ គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន ៦២៦ គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃ ទៀតនេះ រំពឹងថា នឹងទទួលបានចំនួន ៤ គម្រោងបន្ថែមទៀត ដែលធ្វើឱ្យគម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ២០២៥ មានចំនួន ៦៣០ គម្រោង ដែលមានទុនវិនិយោគជាង ១០ ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារជាង ៤០ ម៉ឺនកន្លែង ដែលនេះគឺជា ប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមិនធ្លាប់ទទួលនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។    ជុំវិញគម្រោងវិនិយោគនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារ ថ្មីៗបន្ថែមទៀតដូចជា នៅប្រទេសរុស្សីជាដើម និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា បន្ថែមទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន, ហើយឯកឧត្តមក៏រំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ កម្ពុជានឹងទទួលបានភាព ជោគជ័យដ៏ត្រចះត្រចង់ នៃលំហូរវិនិយោគិនបរទេសចូលមកកម្ពុជា បង្កើតរោងចក្រផលិតសម្រាប់ទីផ្សារនាំចេញ និងបង្កើតការងារ៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការទូតកម្ពុជាប្រាប់រដ្ឋមន្រ្តីការបរទេសបារាំងអំពីការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ និងការខូចខាតនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជាដោយសារថៃឈ្លានពាន

2025/12/24 03:27:07 pm        380
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជាក្នុងពេលមានអរិភាពនេះ។ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕

មន្ទីរអប់រំខេត្តបាត់ដំបង សម្រេចផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ បណ្ដោះអាសន្ន

2025/12/24 03:19:56 pm        501
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញ សេចក្តីណែនាំ ស្តីពី ការផ្អាកដំណើរការបង្រៀន និងរៀន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា ដោយមានការឈ្លានពានពីសំណាក់យោធាថៃមកលើ ភូមិសាស្ត្រស្រុកបាណន់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុង ស្រុកបាណន់ ផ្អាកដំណើរការបង្រៀន និងរៀន បណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់។ព័ត៌មានពិស្ដារ៖ សេចក្ដីណែនាំ

គ.ស.ម.ក.៖«ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជា​ឧក្រិដ្ឋកម្ម​នៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភ​សិទ្ធិមនុស្ស​កាន់តែធ្ងន់ធ្ងរ»

2025/12/24 03:11:05 pm        469
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការ បន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរង របួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ។ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យភាព និងបូរណភាពដែនដី របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជា ជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យ សម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ ទង្វើបាញ់ ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេស គោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធ ដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឱ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។ការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែន និងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត ដោយ គ្មានមូលហេតុដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression)។ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Against Humanity)។ ទង្វើដែលមិនអាចទទួលយកបានទាំងនេះ ត្រូវតែ មានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់រដ្ឋាភិបាលនិង យោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគី ពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ជាបន្ទាន់និងយ៉ាងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់ សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើ ប្រទេសកម្ពុជា។គួររម្លឹកផងដែរថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសា មកលើកម្ពុជា ដោយ ប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50TH ចូលយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យ ភាពរបស់កម្ពុជា បានបង្ហាញថា ជាការឈ្លានពានយ៉ាងច្បាស់ មិនមែនជាបញ្ហាជម្លោះព្រំដែនឡើយ ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ ជាងនេះទៀត ថ្មីៗនេះ ឯកឧត្តម Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រទេស ថៃជាអ្នកចាប់ផ្តើមឈ្លានពានមកលើប្រទេសកម្ពុជាមុន» ហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការ ឈ្លានពានរបស់ថៃ និងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។គ.ស.ម.ក. អំពាវនាវយ៉ាងទទួចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការ សិទ្ធិមនុស្សអន្តរជាតិនិងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់គ្រប់យន្តការ និងសម្ពាធផ្សេងៗ ដើម្បីបង្ខំឱ្យប្រទេសថៃបញ្ឈប់ភ្លាមៗនូវទង្វើឈ្លានពាន ការប្រើកម្លាំងយោធា និងការបាញ់ប្រហារលើជន ស៊ីវិល ក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះ។គ.ស.ម.ក. បញ្ជាក់ជាថ្មីថា សន្តិភាព សុវត្ថិភាព និងការគោរពសិទ្ធិមនុស្ស មិនអាចកើតមានបានឡើយ ក្រោមជម្រើសនៃការប្រើប្រាស់សព្វាវុធ និងអំពើហិង្សាហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយ ត្រូវ តែត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ និងដោះស្រាយដោយយុត្តិធម៌ ដើម្បីការពារសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋទាំងឡាយរបស់ប្រទេសថៃ៕

រដ្ឋមន្រ្ដីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា

2025/12/24 02:22:17 pm        228
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពព្រំដែន និងការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយដាក់ចេញនូវផែនការសកម្មភាពយុទ្ធសាស្ត្រច្បាស់លាស់ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពធន់របស់និស្សិតកម្ពុជា។ ក្នុងទិសដៅនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធ រៀបចំសិក្ខាសាលាសំខាន់ៗស្តីពីការការពារបេតិកភណ្ឌជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិក្ខាសាលាស្តីពីច្បាប់អន្តរជាតិពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិដល់បញ្ញវន្តជំនាន់ក្រោយ ព្រមទាំងយកឱកាសនេះដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្ថែម។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តជំរុញការធ្វើកំណែទម្រង់ឧត្តមសិក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។ ក្នុងក្របខណ្ឌនៃឧត្តមភាពអប់រំ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវកំណត់ឱ្យបានច្បាស់លាស់នូវភាពខ្លាំង និងជំនាញឯកទេស (Specialization) របស់ខ្លួន ដើម្បីផ្តោតការវិនិយោគឱ្យចំគោលដៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការ និងក្រុមការងារពាក់ព័ន្ធចំពោះរាល់មតិយោបល់ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ក្នុងកិច្ចប្រជុំនេះ ដោយជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការបំប្លែងយុទ្ធសាស្ត្រទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយនវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តរាល់ផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីធានាថាប្រព័ន្ធឧត្តមសិក្សាកម្ពុជា គឺជាថ្នាលបណ្តុះធនធានមនុស្សដែលមានទាំងសមត្ថភាពបច្ចេកទេស និងឧត្តមគតិស្នេហាជាតិដ៏មាំមួន ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM