ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ៧មករា ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤

2025/12/24 01:09:48 pm        96
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា រួមជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់និងវាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ សម្រាប់សុពលភាពឆ្នាំ២០២៦ដល់ឆ្នាំ២០២៩របស់បេក្ខភាពខណ្ឌ៧មករា។កិច្ចប្រជុំវាយតម្លៃនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈប្រតិភូ និងក្រុមការងារទាំងអស់ នៃ នាយកដ្ឋានវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ ក្រសួងទេសចរណ៍ លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ។ក្នុងនោះដែរ ឯកឧត្តម ឈុន មករា អគ្គនាយក គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានលើកឡើងផងដែរថា ដើម្បីលើកកម្ពស់ទីក្រុងស្អាត ទីក្រុងបៃតងទៅបាន តាមមូលដ្ឋានត្រូវជំរុញដាំដើមឈើ តាមសួន ជាពិសេសតាមចិញ្ជើមផ្លូវមហាវិថីធំ និងចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងកណ្ដាលរាជធានីភ្នំពេញដូច្នេះមិនមានសល់ទីតាំងដីទូលាយនោះទេ ក៏ប៉ុន្តែ មន្រ្តីអាជ្ញាធរមូលដ្ឋានត្រូវរៀបចំ ឲ្យមានទីតាំងបៃតងល្អនិង បរិស្ថានអនាម័យសណ្ដាប់ធ្នាប់ល្អ។ឯកឧត្តម ឈុន មករា បានបន្តលើកឡើងជាមតិយោបល់បន្ថែមទៀត ក្នុងមូលដ្ឋានខណ្ឌ៧មករា ជាបណ្ដុំប្រជាពលរដ្ឋរស់នៅច្រើន ជាពិសេសមានការលក់ដូរតាមដងផ្លូវច្រើន លោកលើកចិត្តនិងជំរុញដល់អាជ្ញាធរខណ្ឌគួររៀបចំទីតាំងលក់ដូតាមដងផ្លូវ (វិថីអាហារ)ឲ្យមានរបៀបរាបរយ ដើម្បីភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិផងដែរ។លោក កេត ឧត្តម អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានលើកឡើងផងដែរក្នុងកិច្ចប្រជុំ បានឲ្យដឹងថា មូលដ្ឋានខណ្ឌ៧មករា សម្រាប់ការងារគ្រប់គ្រងសំណង់រឹង បានធ្វើយន្តការត្រួតពិនត្យតាមដានលើភ្នាក់ងារប្រមូលសំរាមដោយរួមមានការចុះកិច្ចសន្យារវាងគណៈអភិបាលខណ្ឌ ចៅសង្កាត់ទាំង៨ ក្រុមហ៊ុនប្រមូលសម្រាម MIZUDA អំពីវេនបោស សម្អាតនិងដឹកជញ្ជូនសំរាម បានចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំអំពីការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ និងបញ្ជេញសម្រាមតាមកាលម៉ោងកំណត់ឲ្យបានត្រឹមត្រូវក្នុងនោះផងដែរ ក៏បានដាក់ធុងសំរាមនៅតាមសួនច្បារនិងដេប៉ូសំរាម នៅតាមផ្សារផងដែរ។លោក កេត ឧត្តម បានបន្ថែមឲ្យដឹងថា ចំពោះការងារអប់រំផ្សព្វផ្សាយ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីព្រះសង្ឃ និស្សិតនិងយុវជន ស.ស.យ.ក និងយុវជនកាយរិទ្ធ សម្អាតសំរាមនៅតាមបណ្តាសួន និងដងផ្លូវនានា។ក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌបានជួលជុលផ្លូវខូច ផ្លាស់ប្ដូរការ៉ូឡាចាស់ចេញ ដាក់ការ៉ូឡាថ្មីតាមដងផ្លូវជាច្រើនក្នុងមូលដ្ឋាន ជាពិសេសនោះការរក្សាបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការបំរើសេវាសាធារណៈជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ៖ កុម្ភៈ

សម្តេច ម៉ែន សំអន នាំយកស្បៀងចែកជូនជនភៀសសឹកចំនួន ១១៨០គ្រួសារ នៅខេត្តព្រះវិហារ

2025/12/24 12:49:12 pm        180
‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកស្បៀងចែកជូនជនភៀសសឹកចំនួន ១.១៨០គ្រួសារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។‎ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។‎សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ ‎សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។‎ក្នុងថ្ងៃនេះផងដែរ ប្រជាពលរដ្ឋចំនួន ១១៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន ១ឃីត ភួយ ១, ប្រហុក ១គីឡូក្រាម, ឆៃប៉ូវ ១គីឡូក្រាម, អំបិល ១គីឡូក្រាម, កេសសម្ភារៈចំនួន៩មុខ (សាប៊ូដុស ខ្លួន ១ដុំ, សំឡីអនាម័យ ១ដុំ, មី៥កញ្ចប់, នំផ្អែមប្រៃ ១ កញ្ចប់, ទឹកដោះគោខាប់ ១កំប៉ុង, ខោទឹកនោម១ដុំ, ក្រដាស់សើម១ដុំ, ម្សៅទឹកដោះគោ ១កំប៉ុង, ក្រម៉ា ១) អង្ករ ២៥គីឡូក្រាម និងថវិកា ៥ម៉ីនរៀល៕

BREAKING NEWS | ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

2025/12/24 12:42:18 pm        224
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៥ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។  

ក្រសួងការពារជាតិ៖ ម៉ោង១០:២៨នាទី យោធាថៃបានបាញ់ផ្លោង ២៦គ្រាប់ ចូល​ភូមិ​សាស្ត្រ​ឃុំ​សំពៅលូន ក្នុងនោះក៏មានគ្រាប់បានផ្លោង​ចូលវត្តចាន់ដែងផងដែរ

2025/12/24 12:36:46 pm        262
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជន​ស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តឃុំ​សំពៅ​លូន​ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ១០និង២៨នាទី យោធាថៃ​បាន​បាញ់​ផ្លោង​ចំនួន ​២៦គ្រាប់ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុង​នោះ​ក៏​មាន​គ្រាប់​បាន​ផ្លោង​ចូលវត្តចាន់ដែងផងដែរ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ១៥០ គ្រួសារ ទទួលបានអំណោយពីក្រុមការងារ​គណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម

2025/12/24 12:32:02 pm        252
ក្រុមការងារគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដឹកនាំដោយគុណម្ចាស់ព្រះគ្រូយ៉ាន់ ថាត ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម និងជាព្រះចៅអធិការវត្តអង្គតាមិញ រួមជាមួយលេខាធិការដ្ឋាន អង្គការសមាគមខ្មែរក្រោម ដែលមាន ៩ សមាគម ដឹកនាំដោយលោក សឺន យឿង បានចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១៥០ គ្រួសារ ដែលកំពុងសម្រាកនៅវត្តដងរុន ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ក្នុងពិធីចែកអំណោយនេះ មានការចូលរួមពីបងប្អូនខ្មែរក្រោម និងព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន ៩ អង្គ និមន្តមពីវត្តអង្គតាមិញ, វត្តសាមគ្គីរង្សី, វត្តតាំងក្រសាំងខាងជើង, វត្តបុទុមវត្តី និងវត្តនាគវ័ន្ត ព្រមទាំងមានការសម្របសម្រួលពីក្រុមការងាររបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះចៅអធិការវត្តដងរុន និងលោកមេឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យផងដែរ។សូមជម្រាបជូនថា អំណោយដែលចែកជូនប្រជាពលរដ្ឋភៀសសឹករួមមាន អង្កមួយតោនកន្លះ, មី ១៥០ កេស, ទឹកត្រី ១៥០ យួរ, ទឹកស៊ីអ៊ីវ ១៥០ យួរ, ថវិកា ១ លាន ៥០ ម៉ឺន រៀល, ពងទា ១០០០ គ្រាប់ និងនំខ្មែរលីលីច ១៥០ កញ្ចប់៕

អូស្ត្រាលីជំរុញឱ្យកម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់​បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស

2025/12/24 12:12:46 pm        331
រដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើង រួមទាំងការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ទំហំ​ និង​ភាព​តាន​តឹង​នៃ​ជម្លោះ ​ការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់​ផ្នែក​មនុស្ស​ធម៌​ដែល​កំពុង​កើន​ឡើង​ចំពោះ​ភាគី​ទាំងពីរ។ នេះបើតាមសេចក្ដីថ្លែងការណ៍។ តាមសេចក្ដីថ្លែងការណ៍អូស្រ្ដាលី បានសូមចូលរួមរំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ចំពោះ​ក្រុម​គ្រួសារ​ដែល​បាន​បាត់​បង់សមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយសូម​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​ពីរ​ធានាឲ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង​បេតិក​ភណ្ឌ​វ​ប្បធម៌។«យើ​ង​ជំរុញឱ្យភាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ កាត់​បន្ថយភាពតានតឹង ចាត់វិធានការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីបញ្ឈប់អរិភាព រួម​ទាំងអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ»។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាលអូស្ត្រាលី។រដ្ឋាភិបាលអូស្ត្រាលី បន្តលើកទឹកចិត្ត​ឱ្យភាគី​ទាំង​ពីរ​ចូល​រួម​ក្នុង​ការ​ចរចា​ដោយ​ស្មារតី​ស្មោះ​ត្រង់​ក្នុង​កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដើម្បីសម្រេចបាននូវ​ដំណោះស្រាយ​យូរ​អង្វែង និង​សន្តិភាព​។ អូស្ត្រាលី ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ាន ម៉ាឡេស៊ី និង​សហ​រដ្ឋ​អាមេរិក​ក្នុង​ការគាំទ្រដល់ការបញ្ចប់ជម្លោះនេះ៕

BREAKING NEWS | ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប

2025/12/24 11:54:53 am        283
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង (T-50TH) ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា  ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៤ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

១៨ថ្ងៃនៃការឈ្លានពានរបស់ថៃ សម្លាប់ជនស៊ីវិលកម្ពុជា ២១នាក់ របួស ៨៣នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់

2025/12/24 11:32:07 am        404
គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១៨ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារជាលើកទីពីរ ចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅបំផុតបាញ់ប្រហារមិនរើសគោលទៅចូលទីតាំងពលរដ្ឋស្លូតត្រង់កម្ពុជាតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ២១នាក់ របួស ៨៣នាក់ និងភៀសសឹកជាង ៦០ម៉ឺននាក់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ពលរដ្ឋកម្ពុជាបានភៀសសឹកកើនឡើងដល់ជាង៦០ម៉ឺននាក់ ក្នុងនោះស្ត្រីជាង ៣១ ម៉ឺននាក់ និងកុមារជិត ២០ម៉ឺននាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវមិត្តបរទេស ជាពិសេសអាម៉េរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមការឈ្លានពានរបស់ថៃមកលើកម្ពុជា និងនាំមកនូវសន្តិភាពជាអចិន្ត្រៃយ៍ដែលជាបំណងប្រាថ្នាតាំងពី ដើមរបស់កម្ពុជា ក៏ដូចជាបំណងរួមរបស់ប្រជាជនថៃ និងមនុស្សជាតិទូទៅ។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិឯកជន អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ប្រេង១ទីតាំង រថយន្ត ម៉ូតូ និងការខូចខាតទ្រព្យសម្បត្តិសាធារណៈដូចជាសាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ស្ពាន ផ្សារ កន្លែង និងផ្លូវ។ ខណៈមកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារ កំពុងរង់ទុក្ខ បន្ទាប់ពីបង្ខំចិត្តចាកចោល ផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ៕ 

អ្នកនាំពាក្យ៖ ទង្វើរបស់​យោធាថៃ​បង្ហាញ​ច្បាស់​នូវ​ចេតនា​ឈ្លានពាន​ទឹកដី​កម្ពុជា​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ

2025/12/24 11:20:53 am        361
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ត​ទាម​ទារ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់ទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះ​ហើយ​ដើម្បី​បិទ​បាំង​សកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈ​ទង្វើ​ទាំង​អស់​របស់​យោធាថៃបង្ហាញយ៉ាងច្បាស់នូវចេតនាឈ្លានពានទឹកដីកម្ពុជាផ្ទុយពីច្បាប់អន្តរជាតិ។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​បញ្ជាក់ តាមរយៈសន្និសីទ នៅព្រឹកថ្ងៃទី២៤ធ្នូ​នេះ​ ដោយ​បន្ត​អំពាវ​នាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពាន​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និង​សកម្មភាព​ឧក្រិដ្ឋ​កម្ម​ សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយ​ដក​កម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និង​ចៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​គំរាម​កំហែង​ដល់​សន្តិភាព និងស្ថិរ​ភាពនៅក្នុងតំបន់។ អ្នក​នាំ​ពាក្យក្រសួងការពារជាតិកម្ពុជា​បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុង​ការ​គោរព​ និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា និងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុ​សញ្ញា ​និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹម​ត្រូវ​​យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរព​នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

ដំរីញីចំនួន១ក្បាល និងកូនទើបកើតចំនួន ១ក្បាល ស្លាប់ដោយសារ​អំបែង​គ្រាប់​ផ្ទុះ​របស់​ចោរ​ឈ្លាន​ពាន​សៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ

2025/12/24 11:09:05 am        1947
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បាន​រាយ​ការណ៍​ថា​បាន​ប្រទេះ​ឃើញ​សត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វ​ដំរី​ញី​១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បាន​ស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និង​បាន​រលូត​កូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្ត​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ចាត់វិធានការបន្តទៀត ចំពោះសពដំរី។កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសការអញ្ជើញធ្វើបឋកថានៅរាជបណ្ឌិតសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សង្រ្គាមឈ្លានពានមកលើអធិបតេយ្យកម្ពុជា បានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតមនុស្ស ទ្រព្យសម្បត្តិ វាបានបំផ្លិចបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។ ការឈ្លានពាននិងរំលោភដែនអធិបតេយ្យរបស់កម្ពុជា បានផ្ទុយនឹងច្បាប់អន្តរជាតិ ដែលមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធម្មជាតិនោះទេ។ សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។ តាមការស្រាវជ្រាវ ដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួនដូចជាភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗបង្ហាញថា ដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង៦០០ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ដំរីអាស៊ីត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបស្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM