ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការ​បាញ់​ប្រហារ​ឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងទី៥ គិត​មក​ដល់​ថ្ងៃ​នេះមានរយៈពេល១៨ថ្ងៃហើយ

2025/12/24 10:50:15 am        231
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៨ ហើយ។ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។ - ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។ - ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។- ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។ ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។ - គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។- គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។- ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យត្រឡប់មកធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរ ព្រោះគ្រប់ទង្វើទាំងអស់របស់យោធាថៃ គឺបានបង្ហាញកាន់តែច្បាស់នូវចេតនារបស់ភាគីថៃក្នុងការរំលោភ ឈ្លានពានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ សកម្មភាពទាំងនេះ ជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។

BREAKING NEWS | ម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង

2025/12/24 10:30:37 am        697
ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នោវេលាម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។  

បេសកជនពិសេសចិន៖ ភារកិច្ចបន្ទាន់ គឺត្រូវ​បញ្ឈប់​ការ​បាញ់​ប្រហារ​គ្នា​ឱ្យ​បាន​ឆាប់​ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

2025/12/24 10:25:22 am        277
អំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងថៃ ដើម្បី​សម្រប​សម្រួល​ឱ្យ​មាន​ការ​ឈប់​បាញ់​ក្នុង​ជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដម Deng Xijun មន្ត្រី​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​នៃ​ក្រសួង​ការ​បរទេសចិនបានលើកឡើងថា ភារកិច្ចបន្ទាន់ គឺត្រូវ​បញ្ឈប់​ការ​បាញ់​ប្រហារ​គ្នា​​ឱ្យ​​បាន​ឆាប់​ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពិន ឯក​​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងពេលបំពេញទស្សនកិច្ច មន្ត្រី​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​នៃ​ក្រសួង​ការ​បរទេស​ចិនបានបញ្ជាក់ថា ភារកិច្ចបន្ទាន់ គឺ​ត្រូវ​បញ្ឈប់​ការ​បាញ់​ប្រហារ​គ្នា​ឱ្យបានឆាប់ ចាប់​ផ្តើម​សន្ទនា​​ឡើង​វិញ និងដោះស្រាយ​ជម្លោះ​ព្រំដែនដោយសន្តិវិធី។ឯកឧត្ដមបន្តថា ភាគី​ចិន​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្របសម្រួលរបស់អាស៊ាន និង​គាំទ្រ​តួនា​ទី​​ដ៏​សំខាន់រ​បស់​ក្រុម​សង្កេតកា​រណ៍​អាស៊ាន​ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើត​លក្ខ​​ខណ្ឌ​ឡើង​វិញ​ និង​ផ្តល់​វេទិកា​សម្រាប់​ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ សង្ឃឹមថា កម្ពុជានិងថៃនឹងរួម​ដំណើរ​គ្នា​បន្ត​ទៅ​មុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាង​សន្តិភាព​ឡើង​វិញ​តាម​បណ្តោយ​ព្រំដែន​។

អ្នកនាំពាក្យ៖ យោធាថៃនៅបន្តបាញ់ចូលកម្ពុជាឥតឈប់ឈរ តាំងពីយប់រហូតមកដល់ពេលនេះ នៅតំបន់យោធភូមិភាគី៤ និងយោធភូមិភាគ៥

2025/12/24 10:14:04 am        206
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជា បានឲ្យដឹងថា ចាប់តាំងពីយប់ថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តបាញ់ប្លោងកាំភ្លើងធំយ៉ាងសន្ធប់រាប់រយគ្រាប់ចូលភូមិសាស្រ្តបឹងត្រកួន ជោគជ័យ ព្រៃចាន់ និងភូមកររបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនកន្លែងទៀត នៅខេត្តបន្ទាយមានជ័យ និងបន្តបាញ់ប្រហារភូមិសាស្ត្រប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតនៅយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ របស់កម្ពុជា។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីបច្ចុប្បន្នភាពរបស់ទាហានឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា មកដល់ពេលនេះ គឺមានរយៈពេល១៨ហើយដែលទាហានឈ្លានពានថៃបានក្បត់នឹងកិច្ចព្រមព្រៀងបទឈប់ បាញ់ និងក្បត់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបន្តធ្វើការបាញ់ផ្លោងមកលើដែនអធិបតេយ្យ កម្ពុជាយ៉ាងកំរោលចូល នៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា។ ដោយរហូតមកដល់ ពេលនេះភូមិសាស្រ្តខ្លះទាហានឈ្លានពានថៃនៅបន្តបាញ់យ៉ាងសន្ធប់នៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វីរកងទ័ពកម្ពុជាបានបន្តប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន និងស្វាហាប់បំផុតតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់គោលដៅទាំងអស់។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតដល់ពេលវេលានេះវីរកងទ័ព និងវីរនគរបាលកម្ពុជា បានកំពុងតស៊ូយ៉ាងស្វិតស្វាញ អង់អាចក្លាហាន និងមោះមុតបំផុតប្រយុទ្ធប្រឆាំងជាមួយចោរឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ ហើយអ្នកនាំពាក្យក្រសួងការពារជាតិក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើងក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណ ភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។តាមរយៈសន្និសីទសារព័ត៌មាននេះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ និងធ្វើការថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ដែលកំពុងបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងកំរោលចូល ទៅកាន់ទីកន្លែងរស់នៅរបស់ជនស៊ីវិលកម្ពុជាផងដែរ។ មួយវិញទៀតអ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា ទង្វើឈ្លានពានរបស់ថៃមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ​ ថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សកលលោកផងដែរ រួមទាំងបំពាននឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ថែមទាំងផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិជាដើម៕ អត្ថបទបាន ចក់

BREAKING NEWS | ម៉ោង៩:៤០នាទី យោធាថៃបានបាញ់ផ្លោង ១គ្រាប់ ដែល​បណ្តាលឱ្យ ពលរដ្ឋ​រងរបួស ២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

2025/12/24 09:56:48 am        312
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ​នៅ​តែប​ន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ១គ្រាប់ ដែល​បណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិត​ផ្លូវ​ជាតិ​លេខ៥ ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបានជួយសង្គ្រោះប្រជាពលរដ្ឋដែលបានរងរបួសនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

BREAKING NEWS | ម៉ោង៩:១២នាទី យោធាថៃបានបាញ់ផ្លោង ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត ដោយ ១គ្រាប់ធ្លាក់នៅជិតរង្វង់មូល៥៨ និង១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត

2025/12/24 09:48:07 am        268
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាមប​ន្ទាត់ព្រំ​ដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទី​តាំ​ង​ប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តក្រុ​ង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៩:១២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់​ចូល​ក្នុង​ភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយចំនួន ១គ្រាប់ធ្លាក់នៅជិតរង្វង់មូល៥៨ និង ចំនួន ១គ្រាប់​ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ក្រសួងការពារជាតិ៖ ម៉ោង៥:០៥នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធ​បំពាក់​លើ​រថក្រោះ និង​រថពាស​ដែក​វាយប្រហារ​មក​លើទីតាំង​អគារ​ពាណិជ្ជកម្ម​ឯកជន​របស់​ប្រជាជន​ស៊ីវិល​មួយក​ន្លែង នៅភូមិសាស្ត្រអូរស្មាច់

2025/12/24 09:30:10 am        271
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែល​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​ចូល​ទី​តាំង​ប្រជាជន​ស៊ីវិ​លកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៥:០៥នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាស​ដែក​វាយ​ប្រហារ​មក​លើ​ទីតាំង​អគារ​ពាណិជ្ជ​កម្ម​ឯកជន​របស់​ប្រជាជ​នស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

ពលរដ្ឋខ្មែររស់នៅអូស្រ្តាលីប្រមូលផ្តុំគ្នាស្នើរដ្ឋាភិបាលអូស្រ្តាលីជួយបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលេីកម្ពុជា និងគោរពបទឈប់បាញ់

2025/12/24 08:39:52 am        253
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី បានប្រមូលផ្តុំគ្នាដេីម្បីស្នេីសុំឱ្យរដ្ឋាភិបាលអូស្រ្តាលីជួយបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលេីកម្ពុជា និងគោរពតាមសេចក្តីថ្លែងការស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី ប្រមាណ ២០០នាក់ (ក្នុងនោះមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមន៍ខ្មែរទាំង២ប្រចាំរដ្ឋឃ្វីនស្លែនដ៏) បានប្រមូលផ្តុំគ្នានៅ King George Square នាទីក្រុងប្រិសបិន ដេីម្បីស្នេីសុំឱ្យរដ្ឋាភិបាលអូស្រ្តាលីជួយបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលេីកម្ពុជា និងងាកមកអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពតាមសេចក្តីថ្លែងការស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ កម្ពុជា-បង់ក្លាដែស ផ្ដោតលើនយោបាយ និងការអភិវឌ្ឍវិស័យមួយចំនួន

2025/12/23 09:37:19 pm        160
នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយការបរទេស - The 1st FOC (The First Foreign Office Consultation) រវាងកម្ពុជា-បង់ក្លាដែស។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីទំនាក់ទំនងនយោបាយទ្វេភាគី និងការអភិវឌ្ឍនៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការតភ្ជាប់ ទេសចរណ៍ សុខាភិបាល ការអប់រំ និងការការពារជាតិ, និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានសក្កានុពលបន្ថែមទៀតរវាងប្រទេសទាំងពីរ។កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និង ឯកឧត្តមបណ្ឌិត Md. Nazrul Islam លេខាធិការ និងជាអគ្គអធិការកិច្ច នៃក្រសួងការបរទេសបង់ក្លាដែស ជាសហប្រធាន៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/23 09:20:54 pm        184
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ​-    ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ ដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។-    ម៉ោង ៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ។-    ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។-    ចាប់ពីម៉ោង ៧:០០នាទី​ ដល់ម៉ោង ៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ និងបន្តបាញ់កាំភ្លើងធំ, រថក្រោះ និងប្រើប្រាស់ដ្រូនចូលភូមិសាស្ត្រប្រាសាទតាមាន់។-    ម៉ោង ៨:២៣នាទី យោធាថៃបានសម្រុកបាញ់កាំភ្លើងធំ និងរថក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។-    ចាប់ពីម៉ោង ១០:០០នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ, រថក្រោះ រួមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការណ៍ និងទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។-    ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។-    ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំ និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់អត្តឃាតបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងតាថាវ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។-    ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។-    គិតត្រឹមម៉ោង ១៧:០០នាទី យោធាថៃនៅតែបន្តផ្លោងកាំភ្លើងធំ, រថក្រោះបាញ់បុក, ដ្រូនទម្លាក់គ្រាប់អត្តឃាត និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រជប់គគីរ។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥-    ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។-    ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រទីប្រជុំជនស៊ីវិលរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥-    ចាប់ពីម៉ោង​ ១:១៦​នាទីរំលងអាធ្រាត្រ​ រហូតដល់​ម៉ោង​ ១:៤០នាទី យោធាថៃបានបាញ់ផ្លោង​ចំនួន​ ១៣គ្រាប់​ចូលក្នុងភូមិសាស្ត្រឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង។-    ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ៨០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។-    ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ១០០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។-    ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:០០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក។ -    ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។-    ម៉ោង ៨:០០នាទី​ ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ ៦១គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យ។-    ចាប់ពីម៉ោង ៨:០១នាទី ដល់ម៉ោង ១៦:១០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣៣គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត។ -    ចាប់ពីម៉ោង ៩:៤៣នាទី ដល់ម៉ោង ១៥:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥៩គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។ -    ម៉ោង ១០:៤៥នាទី ដល់ម៉ោង ១១:២៣នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៦គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។-    ម៉ោង ១០:៥៤នាទី យោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្រ្តបឹងត្រកួន។ -    ម៉ោង ១៥:៣០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំង, រថពាសដែក និងរថក្រោះចូលភូមិ សាស្រ្តច្រកជ័យជំនះ។កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM