កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សម្រេចបានសមិទ្ធផលសំខាន់ជាច្រើន

2025/12/19 07:14:23 pm        142
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ដែលសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងាររៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥, ការងារលើកកម្ពស់ផលិតផលខ្មែរនិងជំរុញការនាំចេញ, ការតាមដានការអនុវត្តគោលនយោបាយជាតិ ជាពិសេសគោលនយោបាយជាតិ ស្តីពីដំឡូងមី និងស្វាយចន្ទី និងការរៀបចំសេចក្តីព្រាងគោលនយោបាយ/យុទ្ធសាស្រ្តថ្មី រួមមាន៖ ម្រេច ស្វាយ និងពាណិជ្ជកម្មឌីជីថល និងការរៀបចំផែនការថវិការបស់អគ្គនាយកដ្ឋានសម្រាប់ឆ្នាំ២០២៦ ផងដែរ។កិច្ចប្រជុំនេះ រៀបចំឡើងក្នុគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅខែបន្ទាប់ ព្រមទាំងចែករំលែកព័ត៌មាន និងវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស។គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/19 07:10:08 pm        188
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច រហូតដល់ម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទើបមានសភាពស្ងប់ស្ងាត់។ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៩:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភ្នំ៣៣៣។- ម៉ោង ៩:៥០នាទី យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រគោល៨។- ម៉ោង ១៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនអត្តឃាតចូលមកភូមិសាស្ត្រ ប្រាសាទតាមាន់, ថ្មដូន និងដំណាក់ស្តេច។- ម៉ោង ១៥:២០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំនៅភូមិសាស្ត្រភ្នំត្រង៉ោល។- ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:២៨នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។- ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។- ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៩:៣៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១០:៣៤នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅភូមិសាស្ត្រភ្នំប្រាក់។- ម៉ោង ១៣:៣៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៣:៤០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ១៤:០២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។- ម៉ោង ១៤:១០នាទី យោធាថៃបានបន្តបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិចំការគ។- ម៉ោង ១៤:២០នាទី យោធាថៃបានបន្តបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តភូមិចំការគ។- ម៉ោង ១៤:២៧នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ១៤:៣២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៤:៤៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរសួស្ដី។- ម៉ោង ១៥:២៣នាទី យោធាថៃបានបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តបឹងត្រកួន។- ម៉ោង ១៥:៤០នាទី យោធាថៃបានបាញ់ផ្លោងចំការ៉ាស់សាំងតេលាមួយកន្លែងដែលជាទីតាំងរបស់ប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៦:១៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តបឹងត្រកួន។- ម៉ោង ១៦:៤៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ 

កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់

2025/12/19 06:36:20 pm        116
ភ្នំពេញ ៖ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ចងក្រងច្បាប់មួយនេះឱ្យមានប្រសិទ្ធភាព លើការ គ្រប់គ្រងទំនិញគ្រោះថ្នាក់គ្រប់ប្រភេទនៅកម្ពុជា។​ឯកឧត្តម កែ គី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ច្បាប់គឺជាយុទ្ធតូបករណ៍មួយ ឬ ជាឧបកណ៍រមួយ ដែលផ្តល់ជាបន្ទាត់ ឬជាក្បួនខ្នាតសម្រាប់ធ្វើការប្រៀបធៀប វាស់វែង និងវាយតម្លៃទៅលើការប្រតិបត្តិ និងការអនុវត្ត ដោយបុគ្គលគ្រប់រូប និងជាបរិធានមួយសម្រាប់ធ្វើការវិនិច្ឆ័យ និងផ្ដល់នូវតម្លាភាពដល់អ្នកប្រតិបត្តិគ្រប់រូប។ ជាក់ស្តែងសេចក្តីព្រាង ច្បាប់នេះផ្ដោតជាគោលសំខាន់ ទៅលើយន្តការនៃការគ្រប់គ្រង ការត្រួតពិនិត្យ ការចាត់ចែង និងការរៀបចំទំនិញគ្រោះថ្នាក់ ប្រកប ដោយគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាព ដែលកត្តាទាំងនេះត្រូវចូលរួមអនុវត្តដោយវិស័យឯកជន និងសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងតាំងពីឆ្នាំ២០១៦មកម្ល៉េះ និងត្រូវបាន ឆ្លងដំណាក់កាលនៃការពិភាក្សាច្រើនលើកច្រើនសារ ដោយគណៈកម្មាធិការសម្របសម្រួលអន្តរគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះ ថ្នាក់ ដែលមានស្ថាប័នចំនួន១៧ ជាសមាជិក និងគណៈកម្មការអន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី "ការគ្រប់គ្រងទំនិញ គ្រោះថ្នាក់” ដែលមានសមាសភាពចំនួន២៦រូប។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនិញគ្រោះថ្នាក់ គឺសំដៅដល់ទំនិញគ្រប់ប្រភេទ ដែល អាចបង្កហានីភ័យ និងគ្រោះមហន្តរាយដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខនិងសេដ្ឋកិច្ចសង្គម។ ដូច្នេះ ក្នុងនាមជាអ្នកឧស្សាហកម្ម អាជីវកម្ម និងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ និងស្វែងយល់ ពីឫសគល់បញ្ហានៃទំនិញដែលបានផលិត បានដឹកជញ្ជូន ការចែកចាយលក់ និងបានស្ដុក និងត្រូវស្វះស្វែងរក និងរៀបចំយន្តការដើម្បីការពារនូវហានីភ័យ និងគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យច្បាប់មួយមានតម្លៃគ្រប់គ្រាន់ក្នុងការអនុវត្ត គឺតម្រូវឱ្យមានការចូលរួមផ្ដល់ជា យោបល់ និងទស្សនៈពីវិស័យឯកជនផងដែរ។ ដូច្នេះសូមឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលទៅលើទិដ្ឋភាពទូទៅ នៃសេចក្តីព្រាងច្បាប់ បូករួមទាំងទិដ្ឋភាពទូទៅ និងទិដ្ឋភាពរួម នៃការប្រតិបត្តិច្បាប់ ពាក់ព័ន្ធនឹងដំណើរការផលិតកម្ម អាជីវកម្មសេវា កម្ម រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។ ធាតុចូលរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អរសេចក្តីព្រាងច្បាប់ និងអាចប្រើប្រាស់ជាយន្តការសម្រាប់ ការរៀបចំនីតិវិធីប្រតិបត្តិនា ពេលខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

ជំរំសុវត្ថិភាពកម្ពុជា មានដល់ ១៤ខេត្ត រួមជាមួយជនភៀសសឹក ជិត ៥០ម៉ឺននាក់

2025/12/19 06:21:03 pm        216
គិតពីថ្ងៃទី៧ ខែធ្នូនេះមក អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុង បាងកក និងយោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៨នាក់ របួស ៧៩នាក់ ជនភៀសសឹក ជិត ៥០ម៉ឺននាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកទៅកាន់តំបន់សុវត្ថិភាព ទាំងនៅក្នុងខេត្តរងការឈ្លានពាន និង បណ្តាខេត្តផ្សេងៗទៀត។យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៩ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖ ១- ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ។២- ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង សៀមរាប កំពត កែប កំពង់ធំ ក្រចេះ កំពង់ស្ពឺ កណ្តាល និងខេត្តកំពង់ចាម មានជន ភៀសសឹកសរុប ៤៩៨ ២២៨នាក់ ក្នុងនោះស្រ្តី ២៦០ ២២៩នាក់ និងកុមារ១៥៨ ២៩៤នាក់។ តួលេខនេះ អាច មានការប្រែប្រួលជាបន្តបន្ទាប់ទៀត។៣- ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតផ្ទះពលរដ្ឋ២ខ្នងបន្ថែមទៀត នៅខេត្ត ព្រះវិហារ។ ដូច្នេះ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៧៣ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារឯកជន៨ទីតាំង សណ្ឋាគារ៣ទីតាំង មណ្ឌល កសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ស្ពានបុរាណ១កន្លែង ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន២៥គ្រឿង ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១ទីតាំង ។ ក្រៅពីនេះ សេវា ជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។

បេក្ខជនជាង ២ម៉ឺននាក់ ដាក់ពាក្យប្រឡង ជាសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល

2025/12/19 05:35:32 pm        213
នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំការប្រឡងប្រជែងលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុមការងារទទួលពាក្យ បានរាយការណ៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញមានចំនួនជាង ២ម៉ឺននាក់។ ដោយឡែក មានតែបេក្ខជនចំនួន ១៦ ៤២៥នាក់ ប៉ុណ្ណោះ ដែលបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង។ កិច្ចប្រជុំនារសៀលនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ជាច្រើនរូប។ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី១) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងចំនួន៤៖ ១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ២.វិទ្យាស្ថានជាតិអប់រំ(NIE) ៣.សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ៤.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE) លើវិញ្ញាសា៖ សំណួរពហុចម្លើយពាក់ព័ន្ធចំណេះដឹងទូទៅ។ សូមជម្រាបថា បេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី២ ចំនួន ២០៥នាក់ នឹងត្រូវអនុញ្ញាតចូលរួមសិក្សានៅសាលាភូមិន្ទរដ្ឋបាល រយៈពេល១២ ខែ។ បន្ទាប់ពីបញ្ចប់កម្មសិក្សារួចរាល់ សិស្សមន្ត្រីជ័យលាភី នឹងចូលបម្រើការងារនៅតាមគោលដៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០២៧។

ឯកអគ្គរដ្ឋទូត បញ្ជាក់ មិនមានពលរដ្ឋរុស្ស៊ីបម្រើការ ជាទាហានស៊ីឈ្នួលនៅកម្ពុជា

2025/12/19 05:34:18 pm        146
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិតដែលបានចោទថា មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការ ជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ។ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមិនរើសមុខជាបន្តបន្ទាប់ពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួស ព្រមទាំងបង្កការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការភៀសសឹករបស់ប្រជាពលរដ្ឋជិតកន្លះលាននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី ដែលបានគាំទ្របទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានចូលរួម រំលែកទុក្ខជាមួយប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការវិលត្រឡប់ទៅរកការសន្ទនា និងការចរចាស្របតាមគោលការណ៍នៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ នៅតែមានសុពលភាព ហើយភាគីទាំងពីរត្រូវតែវិលត្រឡប់ទៅរកការសន្ទនា និងចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិតដែលបានចោទថា មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការ ជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ។គួររម្លឹកថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញមកបដិសេធព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលថា ពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍ បានចាត់ទុកការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ថាជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់។ ការអះអាងដោយគ្មានមូលដ្ឋានបែបនេះ និងបើតាមស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ ទំនងអាចជាកើតចេញពីប្រភពខាងក្រៅតំបន់ ដែលមានបំណងរំលោភលើសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលមកទស្សនាប្រទេសថៃក្នុងនាមជាអ្នកទេសចរ ឬដើម្បីធ្វើអាជីវកម្ម។ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបារម្ភថា ការចុះផ្សាយចោទប្រកាន់បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរុស្ស៊ី និងថៃ៕

សហគ្រាសក្នុងស្រុកកំពុងមមាញឹក ក្នុងដំណើរការផលិត និងវេចខ្ចប់ផលិតផលរុញចូលទីផ្សារ

2025/12/19 05:18:39 pm        154
ភ្នំពេញ ៖ សហគ្រាស និងសិប្បកម្មកែច្នៃ កំពុងមានភាពមមាញឹក នៅក្នុងកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ផលិត និងវេចខ្ចប់ ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកជំនួសការនាំចូល ជាពិសេសលើផលិតផលសម្រាប់ការហូបចុកប្រចាំថ្ងៃ ដើម្បីចូលរួមផ្គត់ផ្គត់ និងដោះ ស្រាយបញ្ហាកំពុងជួបប្រទះ។​ម្ចាស់សហគ្រាស និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ ផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលក្នុងទីផ្សារ នេះថា ជុំវិញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម រួមផ្សំនិងការ យកចិត្តទុករបស់ម្ចាស់អាជីវកម្ម តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ជាផលិតផលដែលមានអនាម័យ និងគុណភាព បាននិង កំពុងឆ្លើយតបនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ម្ចាស់អាជីវកម្មទាំងនេះ លើកឡើងបន្ថែមថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ ផលិតកម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ និងបានបង្ហាញ ឱ្យឃើញនូវភាពរឹងមាំ ក្នុងកិច្ចដំណើរការអាជីវកម្ម ជាពិសេសផលិត និងវេចខ្ចប់ផលិតផលបម្រើដល់ការហូបចុកប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគផ្សេងៗជាដើម ព្រមទាំងការជំរុញបង្កើតនូវផលិតផល ថ្មីៗឱ្យកាន់តែសម្បូរបែប ដើម្បីភាពរីកម្រើននៅក្នុងប្រទេស។លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្ក ឡើងដោយប្រទេសជិតខាងនេះ សម្រាប់សហគ្រាសក្នុងស្រុក បានកំពុងប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ដល់ ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រដល់ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើងយ៉ាងខ្លាំង បើធៀបទៅរយៈពេលមុន វិបត្តិ ស្របពេលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកំពុងមានសម្ទុះខ្លាំងក្លា។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

រសៀលនេះទាហានថៃបន្តប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែកនិងបាញ់ផ្លោងជាច្រើនកន្លែងទៀតនៅតាមព្រំដែន

2025/12/19 05:14:58 pm        535
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ និងប្រើប្រាស់ដ្រូន អាវុធធុនធ្ងន់បាញ់ផ្លោងលើ ដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងទៀតនៅភូមិសាស្រ្តយោធភូមិភាគីទី៤ និងភូមិភាគទី៥។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្នភាពនៃទង្វើ ឈ្លានពានរបស់ទាហានថៃនោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថានៅម៉ោងជាងបីរសៀលនេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ បន្តបាញ់កាំភ្លើងធំចូលអូរភ្លុកដំរី ឃុំថ្មដា ខេត្តពោធិ៍សាត់ និងបាញ់ចូលផ្ទះប្រជាជនស៊ីវិលនៅភូមិសាស្រ្ត បឹងត្រកួន ភូមិសាស្រ្តស្វាយគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាញ់ចូលផ្ទះអ្នកភូមិនៅព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀតផងដែរ។​នៅក្នុងសន្និសីទព័ត៌មានខាងលើនេះដែរ លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ៕

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិសាលភាព នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2025/12/19 05:06:18 pm        131
កម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៃក្រសួងការបរទេសជប៉ុន ក្នុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះ រាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយន័យស្ថាបនាជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសជប៉ុន។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន និងការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលនៃជំនួបពិភាក្សា ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ទិសដៅរួមនៃកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗនៃផលប្រយោជន៍ទៅវិញទៅមក និងបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីការកោតសរសើររបស់កម្ពុជាចំពោះតួនាទីប្រកបដោយន័យស្ថាបនារបស់ជប៉ុនក្នុងកិច្ចការតំបន់ និងការគាំទ្រយូរអង្វែងរបស់ជប៉ុនចំពោះការអភិវឌ្ឍរបស់កម្ពុជា។ជំនួបនេះបានបញ្ជាក់ជាថ្មីអំពីមិត្តភាពជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ស្ថានឯកអគ្គរាជទូតកម្ពុជា ទន្ទឹងរង់ចាំក្នុងការបន្តការចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជនទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកជំទាវអនុរដ្ឋមន្ត្រី Ayaono ផងដែរ អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាចំពោះសន្តិភាព ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។

ប្រមុខការទូតកម្ពុជាអរគុណចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដំណើរការសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា និងថៃ

2025/12/19 04:49:09 pm        136
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយពេញលេញ ព្រមទាំងបានលើកឡើងពីស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ ដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជិតកន្លះលាននាក់។លោកជំទាវ Seema Malhotra បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសចំពោះគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការប្រយុទ្ធគ្នា។ លោកជំទាវបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងបំណងរបស់ចក្រភពអង់គ្លេសក្នុងការដើរតួនាទីក្នុងការធ្វើឱ្យមានស្ថិរភាព ដោយរួមសហការជាមួយអាស៊ាន និងដៃគូនានា ហើយព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃការបន្តចូលរួមក្នុងក្របខ័ណ្ឌកិច្ចការអាស៊ានផងដែរ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
06/02/2026 06:06 PM
អាមេរិកបញ្ចេញរូបភាពរូងផ្លូវក្រោមដីដ៏ស្មុគស្មាញមួយប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនពីម៉ិកស៊ិក
06/02/2026 06:06 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយថា សង្គ្រាមថ្មី ជាមួយសហរដ្ឋអាមេរិក គឺ​ «ចៀស​មិនរួច» ទេ
06/02/2026 06:06 PM
UN ព្រមានពីហានិភ័យក្តៅខ្លាំងពីបាតុភូតអែល នីញ៉ូ និងជំរុញការត្រៀមខ្លួន
06/02/2026 05:06 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់
06/02/2026 05:06 PM
លោក Guterres៖ ការរក្សាកងកម្លាំង UN នៅលីបង់ គឺសំខាន់​ ក្រោយការ​ចាក​ចេញ​របស់​កងរក្សាសន្តិភាពបច្ចុប្បន្ន
06/02/2026 05:06 PM
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
06/02/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
06/02/2026 05:06 PM
គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
06/02/2026 05:06 PM
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
06/02/2026 04:06 PM