ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិសាលភាព នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2025/12/19 05:06:18 pm        131
កម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៃក្រសួងការបរទេសជប៉ុន ក្នុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះ រាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយន័យស្ថាបនាជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសជប៉ុន។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន និងការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលនៃជំនួបពិភាក្សា ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ទិសដៅរួមនៃកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗនៃផលប្រយោជន៍ទៅវិញទៅមក និងបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីការកោតសរសើររបស់កម្ពុជាចំពោះតួនាទីប្រកបដោយន័យស្ថាបនារបស់ជប៉ុនក្នុងកិច្ចការតំបន់ និងការគាំទ្រយូរអង្វែងរបស់ជប៉ុនចំពោះការអភិវឌ្ឍរបស់កម្ពុជា។ជំនួបនេះបានបញ្ជាក់ជាថ្មីអំពីមិត្តភាពជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ស្ថានឯកអគ្គរាជទូតកម្ពុជា ទន្ទឹងរង់ចាំក្នុងការបន្តការចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជនទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកជំទាវអនុរដ្ឋមន្ត្រី Ayaono ផងដែរ អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាចំពោះសន្តិភាព ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។

ប្រមុខការទូតកម្ពុជាអរគុណចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដំណើរការសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា និងថៃ

2025/12/19 04:49:09 pm        136
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយពេញលេញ ព្រមទាំងបានលើកឡើងពីស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ ដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជិតកន្លះលាននាក់។លោកជំទាវ Seema Malhotra បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសចំពោះគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការប្រយុទ្ធគ្នា។ លោកជំទាវបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងបំណងរបស់ចក្រភពអង់គ្លេសក្នុងការដើរតួនាទីក្នុងការធ្វើឱ្យមានស្ថិរភាព ដោយរួមសហការជាមួយអាស៊ាន និងដៃគូនានា ហើយព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃការបន្តចូលរួមក្នុងក្របខ័ណ្ឌកិច្ចការអាស៊ានផងដែរ ។

មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ ដកហូតបង្គារ ៦គីឡូក្រាម​ដោយសារ​លក់​បង្គារ​មាន​សារ​ធាតុ​គីមី

2025/12/19 04:40:00 pm        580
ព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធាន​សាខា​ការពារ​អ្នក​ប្រើ​ប្រាស់​​កិ​ច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ( ក.ប.ប) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០២៥ មន្ត្រីសាខា (ក ប ប) ខេត្តព្រះសីហនុ បានចុះធ្វើការដកហូតបង្គារ ៦គីឡូក្រាម ពី​អាជីវករលក់គ្រឿងសមុទ្រនៅអូរ២ ដោយសារលួចដាក់ចាហួយនៅក្នុងក្បាលបង្គារ (មាន​សារ​ធាតុ​គីមី)។ សកម្មភាពនេះមន្រ្តី​សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែង​បន្លំ ​( ក.ប.ប) ខេត្តព្រះសីហនុ នៅសប្ដាហ៍ក្រោយនឹងចុះស្រាវជ្រាវរកប្រភពដើមបន្តទៀត ដើម្បី​បង្ការ​ទប់ស្កាត់ម្ហូបអាហារហាមឃាត់ឲ្យអស់។ជាមួយគ្នានេះមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត​ព្រះសីហនុ​ សូមសំណូមពរបងប្អូនអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជាពិសេស អាជីវករ​លក់​គ្រឿង​សមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ​ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ​រប​ស់​សាខា​ការពារ​អ្នក​ប្រើប្រា​ស់ កិ​ច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខ​ភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕ តារាវុទ្ធី

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ

2025/12/19 04:27:23 pm        129
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដោយបាននិងកំពុងបង្កើតបរិយាកាសផ្នែកសេដ្ឋកិច្ច និងសង្គម ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ នៅទូទាំង ប្រទេស។​ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់ សុពលភាព លើការងាស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៤ ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសំណង់ផ្សេងៗ ស្ថិតនៅឃុំ ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ បាននិងកំពុងជំរុញនៅលើការងារស្ថាបនា ស្តារ ឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីគុណភាព និងធានាចីរភាពផ្លូវនៅជនបទ។ជាក់ស្តែងបណ្តាញផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា និងបានថែទាំ របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រហូតដល់បញ្ចប់សុពលភាព ដោយបាន រក្សានូវគុណភាពផ្លូវល្អប្រសើរ, នេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅ តាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយការវិនិយោគអស់ថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតបរិយាកាស និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃគម្រោងខាងលើនេះដែរ, ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការងារជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដើម្បីជំរុញ ការអភិវឌ្ឍផ្លូវនៅតាមជនបទ ឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឡាវ ដាក់ឱ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

2025/12/19 04:26:17 pm        129
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ សម្រាប់ ប្រជាជនឡាវធ្វើដំណើរមកកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេច ឃ្យូអរកូត (KHQR Codes)។​លោកជំទាវបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារ កណ្ដាលឡាវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២៖ ឡាវស្កេនខេអេច ឃ្យូអរកូត)នៅរាជធានីភ្នំពេញ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា២ដំណាក់កាល ក្នុងនោះ សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយ ស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត។ សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវដែលធ្វើ ដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេចឃ្យូ អរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាស ប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផលកម្រិតបច្ចេក ទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពល ក្នុងដូចជា ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការទូទាត់ឌីជីថលដែលសុវត្ថិភាព, ការពង្រឹងវិស័យ ទេសចរណ៍ តាមរយៈការរៀបចំដំណើរការទូទាត់ដែលងាយស្រួល, និងការលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។លោកជំទាវ Bounkham Vorachit បានលើកឡើងផងដែរថា ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែន តាម ឃ្យូអរកូត រវាងប្រទេសកម្ពុជានិងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផលប្រកបដោយផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ដែលមានលទ្ធភាព ក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ ឌីជីថល ធនាគារកណ្ដាលទាំងពីរ មានបំណងដោះស្រាយបញ្ហាប្រឈម ក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញ ទៅមក រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕អត្ថបទ៖ សុន រ៉ាឌី

BREAKING NEWS | នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ​

2025/12/19 04:21:15 pm        229
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះ នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ក្រសួងការងារ នាំយកអំណោយរបស់ម្ចាស់សហគ្រាស រោងចក្រ និងសប្បុរសជន ជូនជនភៀសសឹកខេត្តបន្ទាយមានជ័យ

2025/12/19 04:16:21 pm        400
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសន្យាថានឹងខិតខំជួយកៀរគរជំនួយបន្ថែមទៀតដើម្បីជួយទទួលបន្ទុកដោះស្រាយលើតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋភៀសសឹកទាំង៧០០ គ្រួសារនៅមណ្ឌលនេះ។តាមរយៈជំនួយតាមបណ្ដាម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយឯកឧត្តម ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹកនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមានចំនួន ១ ១០៦ កញ្ចប់ ដែលរួមមាន៖ ថវិកាចំនួន២ម៉ឺនរៀលក្នុង១កញ្ចប់, អាវចំនួន១, ខោចំនួន២, កញ្ចប់ថ្នាំ(ថ្នាំរាក១ប្រអប់, ថ្នាំប៉ារ៉ា១ប្រអប់, ប្រេងកូឡា ១ប្រអប់), មីចំនួន១០កញ្ចប់, ទឹកបរិសុទ្ធចំនួន១កេស និងអង្ករចំនួន១០គីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានប្រគេនថវិកាចំនួន៤០លានរៀលជូនដល់ព្រះចៅអធិការ ដើម្បីដោះស្រាយជួយសម្រួលការលំបាកផ្សេងៗ៕

រាជរដ្ឋាភិបាលកម្ពុជា ស្នើយុវជនប្រែក្លាយកំហឹងទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី​ឈ្នះ​សត្រូវ​ក្នុង​រយៈពេលវែង

2025/12/19 04:08:10 pm        308
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាបានកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន ស្នើ​ឱ្យ​យុវជន​ខ្មែរ ប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បី​ឈ្នះ​សត្រូវ​ក្នុងរយៈពេលវែង។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីសាកលវិទ្យាល័យ​ខេមតិច កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែល​បាន​ខិតខំ​សិក្សា​រហូត​បញ្ចប់​ដោយ​ជោគជ័យ និងបានមានប្រសាសន៍ថា ថ្ងៃនេះ ក្មួយៗមិនគ្រាន់តែទ​ទួល​បាន​សញ្ញា​បត្រ​ប៉ុណ្ណោះទេ ថែមទាំងកំពុងបោះជំហានទៅមុខជាអ្នកដឹកនាំជំនាន់ក្រោយ វិស្វករ អ្នក​ស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិន និងអ្នកច្នៃប្រឌិត​ក្នុង​ការចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ឱ្យសម្រេចបានស្របតាមចក្ខុវិស័យកម្ពុជា២០៥០។ ឯកឧត្តម បានសង្កត់​ធ្ងន់​ដោយ​បំផុស​ស្មារតី​ដល់ប្រជាជនគ្រប់រូប ឲ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុង​ការ​កែប្រែ​ជោ​គវាសនារបស់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ​ឱ្យ​កាន់​តែ​ល្អប្រ​សើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដើម្បីចូលរួមជាមួយរា​ជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រទេស​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាល នៃ​សាកល​វិទ្យាល័យ​ខេមតិច បានមានប្រសាសន៍ ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ថ្ងៃនេះ​ជា​សមិទ្ធ​ផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និង​ស្រប​តាម​ផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ​ដាក់​ការអ​ប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ខេមតិច បាន​បង្កើត​ដោយ​ជោគជ័យ​នូវ​មន្ទីរ​ពិសោធ​ន៍​បញ្ញា​សិប្ប​និមិត្ត​សម្រាប់​ការ​អប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និ​ង​អនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យា AI។ លោកស្រី បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យ ដែលមានដូចជា“ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល គឺប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឲ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។លោក សុខ សំណាង ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត បានឱ្យដឹងថា គ្រួសាររបស់លោកតែងតែឲ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលឃើញសព្វថ្ងៃនេះ គឺបានរំឭកឱ្យដឹងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន - ជាអ្វីដែលមិនអាចដកហូតបាន។ លោកបញ្ជាក់ថា ខេមតិច មិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ គឺមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលលោកធ្លាប់បានស្រម៉ៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម វង សូត អនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរង នៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ចូលជួបសម្តែងការគួរសម

2025/12/19 03:53:23 pm        360
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរងនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង និងគណៈប្រតិភូ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងជាយូរណាស់មកហើយ រហូតក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឈានទៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តម ជឿជាក់ថា តួនាទីរបស់វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន បានជម្រាបឯកឧត្តមអនុប្រធានទី២រដ្ឋសភាថា វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងទីក្រុង ហៃណាន គឺបង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ដល់រដ្ឋាភិបាល ដើម្បីរួមចំណែកបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាដៃគូនានា។ លោកសាស្រ្តាចារ្យ បានជម្រាបជូនបន្ថែមអំពីសក្កានុពលរបស់ទីក្រុង ហៃណាន ដែលជាទីក្រុងមួយទទួលបានលក្ខខណ្ឌគយឯករាជ្យពីរដ្ឋាភិបាលចិន។ ទីក្រុងហៃណាន មានទីតាំងភូមិសាស្រ្តនៅជិតប្រទេសកម្ពុជា និងមានអាកាសធាតុស្រដៀងគ្នា ដែលធ្វើឱ្យទីក្រុងនេះមានលក្ខណៈអំណោយផលដល់ការធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយគ្នា។ លោកសាស្រ្តាចារ្យបានបន្ថែមថា វិទ្យាស្ថានតែងតែអញ្ជើញអ្នកស្រាវជា្រវរបស់កម្ពុជា ដើម្បីទៅទស្សនកិច្ចការងារនៅទីក្រុងហៃណាន និងទទួលយកនូវធាតុចូលផ្សេងៗ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសគឺជួយជំរុញ អ្នកវិនិយោគ និងអ្នកទេសចរណ៍កាន់តែច្រើន មកកម្ពុជា។ ជាអាទិ៍ វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង បានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នខួរក្បាល របស់កម្ពុជាជាច្រើន ដូចជារាជបណ្ឌិតសភាកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដើម។ ឯកឧត្តម វង សូត បានថ្លែងអំណរគុណមិត្តចិន ដែលតែងតែជួយគាំទ្រកម្ពុជា តាំងពីដំណាក់កាលកម្ពុជាទើបចាកផុតពីសង្គ្រាម ជាពិសេសគឺការគាំទ្រកម្ពុជាជ្រើសរើសតាមមាគ៌ារបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភាបានបញ្ជាក់ថា ក្នុងដំណាក់កាលនេះកម្ពុជាត្រូវការបំផុតនោះគឺសន្តិភាព។ ការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ក្នុងពេលបច្ចុប្បន្ននេះ គឺកើតឡើងពីចេតនាឈ្លានពានពីប្រទេសថៃ ដែលបានប្រើអាវុធធន់ធ្ងន់ រួមទាំងយន្តហោះ F16 គ្រាប់បែកចង្កោម និងប្រើប្រាស់ផ្សែងពុលមកលើកម្ពុជាជាដើម បង្ករការបំផ្លិចបំផ្លាញភូមិឋានប្រជាជនស្លូតត្រង់ សាលារៀន វត្តអារ៉ាម និងប្រាសាទបុរាណដែលជាបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ សកម្មភាពឈ្លានពានរបស់ថៃ ធ្វើឱ្យកម្ពុជាពុំមានជម្រើសអ្វីផ្សេង ក្រៅតែពីការតបត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ដែលយកចិត្តទុកដាក់ចំពោះសង្គ្រាមរវាងកម្ពុជា-ចិន និងបានខិតខំសម្របសម្រួលបញ្ឈប់ការប្រឈមមុខដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តម សង្ឃឹមថា ការប្រឈមមុខនេះ នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ ក្រោមការសម្របសម្រួលពីមិត្តចិន ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងសងខាង។ ឯកឧត្តម ក៏បានសម្តែងការត្រេកអរចំពោះគម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិន មកកាន់កម្ពុជា ដោយឯកឧត្តម ជឿជាក់ថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងជាពិសេសជួយលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ផ្តល់អនុសាសន៍ដល់ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ក្នុងនាមនាយករងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ធ្វើការសហការឱ្យបានកាន់តែជិតស្និទ្ធជាមួយអ្នកស្រាវជ្រាវកម្ពុជា និងស្ថាប័នសង្គមស៊ីវិលផ្សេងៗរបស់កម្ពុជា សិក្សាលើទិដ្ឋភាពនានា រួមទាំងទិដ្ឋភាពច្បាប់ ដើម្បីជួយជំរុញដល់បរិយាសកាន់តែងាយស្រួលដល់ការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹកតាមបណ្តាខេត្ត

2025/12/19 03:11:58 pm        469
នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ តាមបណ្តាយព្រំដែន។ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក
06/02/2026 07:06 PM
យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន
06/02/2026 06:06 PM
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
06/02/2026 06:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើ​អ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិត​
06/02/2026 06:06 PM
លោក Putinសន្យាសងសឹក ក្រោយអ៊ុយក្រែនវាយប្រហារតំបន់ Luhansk
06/02/2026 06:06 PM
មនុស្ស ២នាក់ស្លាប់​ អំឡុង​ការតវ៉ានៅ​​កេនយ៉ា ប្រឆាំងការបង្កើត​កន្លែង​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ សម្រាប់អ្នក​ជំងឺ Ebola
06/02/2026 06:06 PM
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
06/02/2026 06:06 PM
សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា កូរ៉េខាងជើងប្រារព្ធទិវាកុមារនៅទីក្រុងព្យុងយ៉ាង
06/02/2026 06:06 PM
របាយការណ៍៖ លោក Trump រិះគន់លោក Netanyahu ធ្ងន់ៗ ជុំវិញការបង្កើន​ភាពតានតឹង នៅលីបង់
06/02/2026 06:06 PM
អ៊ីរ៉ង់អះអាងការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅកំពង់ផែជិតទីក្រុង Umm Qasr របស់អ៊ីរ៉ាក់
06/02/2026 06:06 PM