ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រសួងការងារ និងវិទ្យាស្ថាន ITE សិង្ហបុរី គ្រោងចុះ MoU ជំរុញអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/12/17 09:21:23 pm        123
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Chong Leong Fatt នាយករងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និងសហការី នៅទីស្តីការក្រសួង។ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Chong Leong Fatt ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ITE ។ កិច្ចសហការនេះបានផ្តល់នូវលទ្ធផលជាផ្លែផ្កានាពេលកន្លងមកសម្រាប់បណ្តុះបណ្តាល កសាងសមត្ថភាពជាក់ស្តែងដល់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កិច្ចសហប្រតិបត្តិការនេះគាំទ្រយ៉ាងមុតមាំដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការទាក់ទាញអ្នកវិនិយោគ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការជឿជាក់ថា ជំនួបនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITE ឱ្យកាន់តែត្រូវបានពង្រឹងនិងពង្រីក សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញបន្ថែមទៀតនាពេលខាងមុខ។ជាការឆ្លើយតប លោក Chong Leong Fatt បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញរបស់កម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ ទន្ទឹមនិងនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទកភាពដែលបានឃើញការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស ស្តង់ដាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែពង្រឹងនិងពង្រីកថែមទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយនៅដើមឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕

កម្ពុជា ថ្លែងអំណរគុណសហភាពអឺរ៉ុប ក្នុងវិស័យអភិវឌ្ឍន៍កម្ពុជា និងជំនួយសប្បុរសធម៌ជនភៀសសឹក

2025/12/17 08:16:35 pm        188
នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ ខាចា ខាឡាស់ បានចូលរួមរំលែកទុក្ខ និងសមានចិត្ត ចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋស៊ីវិល និងទុក្ខវេទនាដែលមានក្នុងអំឡុងពេលវិបត្តិនេះ។ លោកជំទាវ បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ថែម និងគាំទ្រដល់ដំណោះស្រាយសន្តិភាពចំពោះវិវាទតាមរយៈការសន្ទនា។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព ដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ឯកឧត្តម ក៏បានផ្លាស់ប្តូរយោបល់ជាមួយលោកជំទាវ ខាចា ខាឡាស់ អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

រដ្ឋសភា ថ្កោលទោស ចំពោះការឈ្លានពានរបស់ថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ

2025/12/17 07:43:07 pm        237
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានដោយ ប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមានការប្រើប្រាស់យន្តហោះ ចម្បាំង អេហ្វ-១៦ (F-16) រ៉ុកកែត ឌី.ធី.អាយ-២ (DTI-2) នាវាចម្បាំង ដូនពិឃាត កាំភ្លើងធំ ១០៥ ម.ម និង១៥៥ ម.ម រថពាសដែក គ្រាប់បែកចង្កោម និងផ្សែងពុល ជាដើម មកលើទីតាំងជាច្រើននៅតាមបណ្តាខេត្ត ជាប់ព្រំដែន កម្ពុជា-ថ និងចូលយ៉ាងជ្រៅប្រមាណ ៨០-៩០ គីឡូម៉ែត្រ ក្នុងទឹកដីកម្ពុជា។ សកម្មភាពឈ្លានពានដ៏គឃ្លីន ដែល កំពុងបន្តកើតមានឡើងឥតឈប់ឈរនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមកលើអធិបតយ្យ និងបូរណ ភាពទឹកដីរបស់កម្ពុជា ព្រមទាំងបំពានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតី នសហគមន៍អាស៊ាន ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ និងសកល។ការវាយប្រហារដ៏សាហាវឃោរឃៅ យង់ឃ្នង និងអមនុស្សធម៌បំផុតមកលើកម្ពុជានេះ មិនត្រឹមតែជា ប្រតិបត្តិការយោធាលើមូលដ្ឋានទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតគោលដៅលើជន់ស៊ីវិលស្លូតត្រង់ ដែល បណ្តាលឱ្យបាត់បង់ជីវិតចំនួន ១៧នាក់ និងរងរបួសជនស៊ីវិលចំនួន ៧៧នាក់ ព្រមទាំងមានការជម្លៀសប្រជាជន ជាង ៤០០ ០០០នាក់។ ការវាយប្រហារនេះបានបង្កការខូចខាត និងបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ រួមមានប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងប្រាសាទផ្សេងទៀតជាច្រើន ដែលមានតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានផ្នែកវប្បធម៌ សាសនា និងមនុស្សជាតិ។ លើសពីនេះ ការវាយប្រហារដោយសព្វាវុធធុនធ្ងន់ និងការប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារយ៉ាងជ្រៅចូលក្នុងទឹកដីកម្ពុជា បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលសំខាន់ៗជា ច្រើនអនេក ដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ វត្តអារាម សណ្ឋាគារ កាស៊ីណូ ការិយាល័យរដ្ឋបាល ស្ពាន ថ្នល់ ជាដើម ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ ច្បាប់និងកាតព្វកិច្ចអន្តរជាតិ ក្នុងការ ការពារជនស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌។រដ្ឋសភាកម្ពុជា អំពាវនាវដល់ភាគីថៃឱ្យដកកងម្លាំងយោធារបស់ខ្លួន ចេញពីតំបន់មួយចំនួននៃទឹកដី កម្ពុ ជា និងបញ្ឈប់ជាបន្ទាន់ដោយឥតលក្ខខណ្ឌនូវការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទឈ្លានពានលើកម្ពុជា និង ប្រតិបត្តិការយោធាណាមួយ ដែលបង្កហានិភ័យដល់ជនស៊ីវិល ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យ បានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដ៏សាហាវព្រៃផ្សៃ ខុសច្បាប់ និងអមនុស្សធម៌ជាទីបំផុតរបស់ថៃ ដោយទាមទារឱ្យថៃត្រូវ ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់អន្តរជាតិ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពាន ទង្វើរំលោភបំពាន និងការ បំផ្លិចបំផ្លាញដែលថៃបានប្រព្រឹត្តមកលើកម្ពុជា៕

ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ លើការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន

2025/12/17 07:25:46 pm        150
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បានសហការរៀបចំពីធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅវិទ្យាស្ថានជាតិអប់រំ។ មានប្រសាសន៍ចំណាប់អារម្មណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ ដោយបានគូសបញ្ជាក់ជូនអង្គពិធីទាំងមូលឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងពេញលេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ដោយចាប់ផ្តើមពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅការិយាល័យស្រុកប្រតិបត្តិចតុមុខ និងបន្តទៅការិយាល័យស្រុកប្រតិបត្តិផ្សេងៗទៀត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍រួមប្រជាជនឱ្យកាន់តែល្អប្រសើរ។ ក្នុងដំណើរការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នឹងត្រូវអនុវត្តជាបន្តបន្ទាប់តាមផែនការសកម្មភាព ឯកឧត្តមសាស្ត្រាចារ្យ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការ និងផ្តល់ការគាំទ្រឱ្យបានពេញទំហឹងដល់គណៈកម្មការជំរឿនរបស់ក្រសួងមុខងារសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក។ ជាមួយគ្នានេះ ឯកឧត្តមសាស្តាចារ្យ បានលើកឡើងថា “ផ្អែកលើបទពិសោធដែលធ្លាប់អនុវត្តក្នុងការធ្វើជំរឿនមន្ត្រីកន្លងមក ជាពិសេសបទពិសោធនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ និងភារកិច្ចដែលបានកំណត់ក្នុងសារាចររាជរដ្ឋាភិបាល លេខ១០ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងត្រូវអនុវត្តចាប់ពីប្រកាសបើកនាពេលនេះ និងទទួលបានលទ្ធផលជាផ្លែផ្កាតាមការរំពឹងទុក។”

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តចាត់តំណាងចុះសួរសុខទុក្ខដល់វីរកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

2025/12/17 07:19:27 pm        141
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បាន អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នក នយោបាយសភាស្ត្រីបានចុះសួរ សុខទុក្ខដល់វីរកងទ័ពដែលបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួងដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពារពីការឈ្លានពានរបស់សត្រូវខ្មាំងសៀមលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ឡោក ខេង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់វិរកងទ័ពទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។  លោកជំទាវ ឡោក ខេង បានលើកទឹកចិត្ត និងថ្លែងកោតសសើរចំពោះការលះបង់អស់ពីកម្លាំងកាយចិត្តចំពោះវីរភាពដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាវីរកងទ័ពប្រចាំទិសជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារយ៉ាងប្ដូរផ្ដាច់ចំពោះអធិបតេយ្យភាពជាតិ បូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវខ្មាំងសៀម នៅតែធ្វើការបន្តវាយប្រហារចូលបូរណភាពដែនដីនៅកម្ពុជាឥតឈប់ឈរដែលមានចម្ងាយ៨១៧ គីឡូម៉ែត្រ និងចំណុចប្រយុទ្ធគោលដៅរបស់ខ្មាំងសៀមមាន ២១គោលដៅមកលើទឹកដីកម្ពុជា។លោកជំទាវ បានជូនពរដល់វីរ កងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ចូលអង្គភាពវិញដើម្បីបន្តបេសកកម្មការពារ ប្រទេសជាតិ និងឆាប់បានវិលជួបជុំក្រុមគ្រួសារ។ ជាពិសេសលោកជំទាវ ក៏បានថ្លែងអំណរអរគុណដល់ក្រុមកងទ័ពអាវស "លោកគ្រូអ្នកគ្រូពេទ្យសប្បុរសធម៌" ដែល បានលះ បង់អស់ពីកម្លាំងកាយចិត្តព្យាបាលវីរកងទ័ពឱ្យឆាប់បានជាសះស្បើយ ដើម្បីបន្តបេសកកម្មចំពោះមុខក្នុងការកាពារបូរណភាពទឹកដីពីការ ឈ្លានពានរបស់សត្រូវសៀម។ជាការឆ្លើយតប តំណាងវីរកងទ័ពក៏ បានគោរពសូមថ្លែងអំណរ គុណ គោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ ឡោក ខេង ក៏ ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង ចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួល បាននូវពុទ្ធពរទាំងបួនប្រការគឺ: "អាយុ វណ្ណៈ សុខៈ និងពលៈ" កុំបីឃ្លៀងឃ្លាតឡើយ។ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ បាននាំយកនូវថវិកាមួយ ចំនួនជូនដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាថវិកា របស់សម្តេច ប្រធានរដ្ឋសភា ចំនួន៩លាន៤០មុឺនរៀល៕

គណ:កម្មការជំនាញនៃរដ្ឋសភា ជួបប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៣ ជាមួយតំណាងរាជរដ្ឋាភិបាល

2025/12/17 07:12:04 pm        178
គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានស្តីទីគណ:កម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណ:កម្មការទី៥)ដោយសហការជាមួយគណ:កម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណ:កម្មការទី៩)ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណ:កម្មការ មានការចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៣ រួមមាន: ១-សេក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ឯកឧត្តម នឹម ច័ន្ទតារា មានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំង៣នេះ មិនមែនជាវេទិការសួរដេញដោលអ្វីនោះទេ គឺជាការរួមគ្នាពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាពេលដែលសេចក្តីព្រាងច្បាប់ទាំង៣នេះ អនុម័តចេញទៅធ្វើការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍បម្រើដល់វិស័យអាកាសចរណ៍ស៊ីវិលទទួលបានលទ្ធផលល្អសម្រាប់ប្រជាជន និងប្រទេសជាតិ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើរាយការណ៍អំពីគោលបំណង ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ទាំង៣នេះ គឺធ្វើការពន្យល់ម្តងមួយៗ ដោយសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន គឺមានអត្ថប្រយោជន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋសមាជិកអាស៊ានបង្ហាញពីសុច្ឆន្ទៈល្អ និងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាននិង រដ្ឋសមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ-ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិង ប្រជាជននៃតំបន់ទាំងពីរ ជាពិសេសរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប-ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ ដោយ អនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរ ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ-បង្ហាញការធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុតនៅព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន-ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប-បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខសុវត្ថិភាព ផាសុខភាពប្រើប្រាស់រយៈពេលខ្លីនិងចំណាយតិច រវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។ រីឯសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺព្រះរាជាណាចក្រកម្ពុជាទទួលបាននៅអត្ថប្រយោជន៍ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិវិនិយោគសេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិនរួមទាំងអាស៊ាននិងចិន។- ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀតលើ ការអនុវត្តសិទ្ធិហោះហើរទី៥ រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិបង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខសុវត្ថិភាព និងផាសុខភាពទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន- រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ច ព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ព្រះរាជាណឆចក្រកម្ពុជាយើងទទួលបានអត្ថប្រយោជន៍ ដោយបំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ច អាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាស ចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ទាក់ទាញបន្ថែមទៀតនៃការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តា ប្រទេសសមាជិកអាស៊ាន។នៅក្នុងការពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ មានការសួរ បកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។ ឯកឧត្តម នឹម ច័ន្ទតារា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានធ្វើនូវសេចក្តីព្រាងច្បាប់ទាំង៣នេះឡើង ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសធ្វើឱ្យវិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើននៅការបើកចំហរជើងមេឃ ដើម្បីស្រូបយកនៅភ្ញៀវទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចំរើន។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនាពេលខាងមុខនេះ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣២៤គ្រួសារ នៅខេត្តសៀមរាប

2025/12/17 07:04:06 pm        161
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣២៤គ្រួសារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។  ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនជនភៀសសឹក និងការយកចិត្តទុកដាក់របស់សម្ដេច លើការដោះស្រាយទុក្ខលំបាករបស់បងប្អូន ដែលកំពុងភៀសខ្លួននាពេលនេះ។សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាព និងការជួយសម្រួលជូនដល់បងប្អូនភៀសសឹក។ សម្តេចបានបន្តទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន ក៏បានធ្វើឲ្យចលនាជាតិនិយមបានកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។ ទន្ទឹមនឹងនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា។សូមជម្រាបជូនថា អំណោយដែលបានយកមកចែកជូនដល់ជនភៀសសឹកចំនួន ៣២៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ មី ១កេស កញ្ចប់គ្រឿងទេស និងសម្ភារប្រើប្រាស់ ១កញ្ចប់ ចេក ពងមាន់ ពងទា និង ថវិកា ៥ម៉ឺនរៀល កូនក្មេងទទួលបានថវិកា ៥ពាន់រៀល ចំណែកឯស្ត្រីមានផ្ទៃពោះទទួលបានថវិកា ១០ម៉ឺនរៀល៕

គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា

2025/12/17 06:59:48 pm        186
នៅថ្ងៃទី១៥និង១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៨០០០កញ្ចប់ទៀត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំភៀសសឹក ដោយថ្ងៃទី១៥ធ្នូ ចែកដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៣០០០គ្រួសារ និងថ្ងៃទី១៦ធ្នូ បន្តចែកដល់ប្រជាពលរដ្ឋចំនួន៥០០០គ្រួសារ។ហើយគិតត្រឹមថ្ងៃទី១៦ធ្នូនេះ អំណោយចំនួន២២៦០០កញ្ចប់ ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា។ បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖*ក្នុងកញ្ចប់ថង់១-ថ្នាំដុសធ្មេញ២-ច្រាសដុសធ្មេញ៣-សាប៊ូដុំ៤-ប្រេងខ្យល់៥-ប្រេងកូឡា៦-អង្រឹង ៧-អាវភ្លៀង៨-ពិល៩-កន្សែងធំ១០-ក្រមា ១១-ធូបមូស ១២-ថ្នាំពេទ្យ (៤មុខ)១៣-ទឹកដោះគោ (២កំប៉ុង)១៤-នំលីលី ១៥-កន្ទេល ១៦-ម៉ុង១៧-ភួយ ១៨-សារ៉ុង១៩-សំឡីអនាម័យ២០-សាប៊ូម្សៅ២១-ខោអាវឈុត*ដាក់ខាងក្រៅ២២-អង្ករ២៣-ទឹកសុីវអុីវ២៤-មី២៥-ត្រីខ២៦-តង់២៧-ធុងទឹក។ ក្រៅពីអំណោយជាកញ្ចប់ខាងលើនេះ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ផ្ដល់ឱ្យតាមរយៈអាជ្ញាធរទុកបន្តចែកដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ តាមចំនួនពលរដ្ឋភៀសសឹកនៃខេត្តនីមួយៗ។ ក្នុងនោះរួមមាន កញ្ចប់អំណោយរបស់សម្ដេចតេជោ,ទឹកសុីអុីវ,ត្រីខ,មី,តង់,ធុងទឹក,ទឹកសៀង,ទឹកម្ទេស,ត្រីងៀត,,សាច់ក្រក,ឆៃពៅ,ខោទឹកនោមកូនក្មេង,ម្សៅទឹកដោះគោ,ដបទឹកដោះគោកូនក្មេង,ទឹកដោះគោជូរ,និងស្ករគ្រាប់។ *សម្ភារៈសម្រាប់កងទ័ពរួមមាន៖អំបុក,ត្រីងៀត,សាច់ក្រក,ឆៃពៅ,នំUN,កាពិឆា,និងពងមាន់ស្ងោរ៕

ទូតកម្ពុជាប្រចាំនៅបារាំងប្រាប់តំណាង UNESCO ថ្មី អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ប្រាសាទខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក

2025/12/17 06:49:19 pm        222
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានប្រាប់ អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានារបស់កម្ពុជា ជាពិសេសប្រាងប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភព។ ឯកឧត្តម លុយ ដាវីត បានថ្លែងថា នៅថ្ងៃនេះ ឯកឧត្តមា បានទទួលជួបលោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមបាន អបអរសាទរដល់លោក Flavio Bonetti ចំពោះការទទួលតំណែងថ្មីនេះ និងបានជូនពរអោយទទួលបានជោគជ័យក្នុងភារកិច្ចនៅកម្ពុជា។ ឯកឧត្តម លុយ ដាវីត បានថ្លែងថា ឆ្លៀតឱកាសនោះឯកឧត្តមក៏បានជម្រាបជូននូវព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ដែលអូសបន្លាយរយៈពេល១០ថ្ងៃមកហើយ ។ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 មកបំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសប្រាងប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ឯកឧត្តម លុយ ដាវីត ថ្លែងថា៖«ប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានទៅរកទីតាំងសុវត្ថិភាព។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ថៃមានមហិច្ចតាឈ្លានពានមកលើប្រទេសកម្ពុជាមែន»។ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា កម្ពុជាមានការខកចិត្តចំពោះភាពយឺតយ៉ាវក្នុងការការពារប្រាសាទទាំងនោះ និងបានស្នើឱ្យអង្គការ UNESCO ចាត់វិធានការជាក់ស្ដែង និងមានប្រសិទ្ធភាពឱ្យថៃបញ្ចប់ការបំភ្លេចបំផ្លាញនេះជាបន្ទាន់។ UNESCO ត្រូវដើរតួនាទីជាស្នូលដើម្បីដាក់សម្ពាធទៅលើប្រទេសថៃ អោយទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញ់សម្បត្តិវប្បធម៌មនុស្សជាតិនេះ ស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ ក្នុងករណីមានជម្លោះប្រដាប់អាវុធ៕

រដ្ឋមន្រ្តីសុខាភិបាល «ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាលទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ព»

2025/12/17 06:40:09 pm        151
ភ្នំពេញ ៖ នាថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំការប្រជុំតាមដានវឌ្ឍនភាពនៃការថែទាំព្យាបាល ដោយក្រុមគ្រូពេទ្យឯកទេសពហុជំនាញមន្ទីរពេទ្យ ឈរលើការឆ្លុះបញ្ចាំងពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ដំណើរវិវត្តន៍នៃជំងឺ និងប្រសិទ្ធភាពនៃការព្យាបាល។ កិច្ចប្រជុំផ្តោតសំខាន់ផងដែរលើ តម្រូវការផ្សេងៗ ជាជំនួយបច្ចេកទេស សមត្ថភាពដឹកនាំ គ្រប់គ្រង រាប់ពីការទទួលអ្នកជំងឺតាំងពីដំបូង រហូតការសម្រេចបញ្ជូន និងផ្តល់ការបម្រើថែទាំព្យាបាលកម្រិតពហុឯកទេស នៅមន្ទីរពេទ្យជាតិ ចំពោះករណីស្មុគស្មាញ។ឯកឧត្តមសាស្រ្តាចារ្យ បានឆ្លៀតពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ជូនពរជ័យពីបងប្អូនសាធារណជន ក្រុមគ្រួសារអ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ ដល់គ្រប់វីរយុទ្ធជនយើង ទាំងកំពុងទទួលការថែទាំព្យាបាល ទាំងកំពុងឈរជើងជួរមុខ។ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំជាពិសេសនូវពរសព្ទសាធុការរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់វីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលគ្រប់ៗរូប ឆាប់ជាសះស្បើយ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM