ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ

2025/12/17 04:16:19 pm        124
ឯកឧត្តម និង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ បានចេញខ្លឹមសារសង្ខេប អំពីបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងការទូតដែលកម្ពុជាកំពុងបន្តធ្វើដើម្បីដោះស្រាយស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការពិតមួយចំនួនទាក់ទង នឹងការវិវត្តនៃសភាពការណ៍នាពេលថ្មីៗនេះ។ចំពោះ “កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ” ឯកឧត្តម និង សាកល បានឱ្យដឹងថា នៅថ្ងៃទី៩ និង ១១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នៅថ្ងៃទី១២ ខែធ្នូ សម្ដេចធិបតី ក៏បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានធ្វើតាមការលើកឡើងជាសាធារណៈរបស់ឯកឧត្តមថា នឹងទូរស័ព្ទមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណថ្នាក់ដឹកនាំទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ លើសពីនេះ សម្តេច បានយល់ព្រមចំពោះ បទឈប់បាញ់ដែលបានស្នើឡើងក្នុងអំឡុងពេលនៃការពិភាក្សាតាមទូរស័ព្ទ ហើយក៏បានអំពាវនាវ ឱ្យមានការវិលត្រឡប់ទៅអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួវិញ។ឯកឧត្តម និង សាកល បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ដោយជំរុញឱ្យ ភាគីទាំងពីរបញ្ឈប់រាល់ទម្រង់អរិភាព ជៀសវាងសកម្មភាពយោធាលើសពីនេះទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬការចល័តអង្គភាពប្រដាប់អាវុធ ដោយចាប់ផ្តើមពីម៉ោង១០ យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដើម្បីតម្លាភាព ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានស្នើឱ្យដាក់ពង្រាយ ហើយបេសកកម្ម AOT នឹងត្រូវបានគាំទ្រដោយការត្រួតពិនិត្យ នៃផ្កាយរណបដែលមានការបញ្ជាក់ដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។ លទ្ធផលពីការត្រួតពិនិត្យផ្កាយរណបនឹងត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានយល់ព្រមចូលរួមកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសថៃក៏បានយល់ព្រមចូលរួម កិច្ចប្រជុំនេះតាមការស្នើ ប៉ុន្តែឥឡូវបានស្នើសុំឱ្យពន្យារពេលទៅថ្ងៃក្រោយវិញ។ឯកឧត្តម និង សាកល បានលើកឡើងបន្ថែមថា ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ និងរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃបានប្រកាសថា ទ្វារសម្រាប់ការចរចាជាមួយ កម្ពុជាត្រូវបានបិទហើយប្រទេសថៃមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាពនៅឡើយទេ។ នៅថ្ងៃទី១៤ ខែធ្នូ នាយករដ្ឋមន្ត្រីថៃបាននិយាយថា «មិនមានកិច្ចព្រមព្រៀង បទឈប់បាញ់ទ»។ ស្រាប់តែនៅព្រឹកព្រលឹម ថ្ងៃទី១៤ ខែធ្នូ យន្តហោះចម្បាំងថៃ បានទម្លាក់គ្រាប់បែកបំផ្លាញ ស្ពានជ័យជំនះមួយ ស្ថិតនៅចម្ងាយជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ចំពោះ «ការមួលបង្កាច់ និងការអធិប្បាយនានា»៖ ភាគីថៃ អះអាងថា នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី «មិនបានលើកឡើងសោះឡើយអំពីបទឈប់បាញ់» ហើយថា កម្ពុជាបាន អធិប្បាយ «បំភាន់ការពិត»។ឯកឧត្តម និង សាកល បានបញ្ជាក់ថា ប៉ុន្តែជាការពិត គឺនៅក្នុងការសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១១ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាអំពីភាពចាំបាច់បន្ទាន់ក្នុងការបញ្ឈប់ អរិភាព ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ជាផ្លូវការចំពោះគំនិតផ្តួចផ្តើមនេះ។ សម្រាប់កម្ពុជា យើងយល់ថា បទឈប់បាញ់មួយត្រូវបានស្នើឡើងហើយនៅយប់នោះ។ សច្ចភាពសាមញ្ញមួយដែលថានោះជា «បទឈប់បាញ់» ឬ «ការបញ្ឈប់ការបង្កហេតុ» ដោយភាគីទាំងពីរក៏ដោយ ចេតនាគឺសំដៅស្ដារសន្តិភាពឡើងវិញ។ កម្ពុជា បាននិយាយថា «យល់ព្រម» ចំណែក ថៃ បានឆ្លើយថា «អត់ទេ»៕

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគ្រប់គ្រងសាធារណមតិបានប្រសើរមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងសង្គ្រាមសតិអារម្មណ៍មានប្រភពពីក្រៅប្រទេស ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/17 03:59:11 pm        247
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត (Disinformation/Malinformation) ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ គោលបំណងរបស់គេធ្វើបែបនេះ គឺម៉្យាងដើម្បីបង្កើតលេសថ្មីក្នុងការបន្តឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ម៉្យាងទៀតគឺដើម្បីបិទបាំងទង្វើអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងសន្តិភាព ហើយបង្វែរសាធារណមតិកុំឱ្យចាប់អារម្មណ៍លើបញ្ហាផ្ទៃក្នុងប្រទេសខ្លួន ដូចជាការបរាជ័យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ធ្ងន់ធ្ងរជាដើម។ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ដោយឯកឧត្តមបានរំលេចអំពីសារៈសំខាន់នៃតួនាទី និងការអនុវត្តវិធានការរបស់ក្រសួងនិងមន្ទីរព័ត៌មានរាជធានីខេត្តក្នុងការរក្សាស្ថិរភាព និងបរិយាកាសសាធារណមតិសុវត្ថិភាពក្នុង និងក្រៅស្រុក ខណៈសមរភូមិសាធារណមតិបានឈានចូលដល់សប្តាហ៍ទី២ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារឈ្លានពានជាថ្មីមកលើកម្ពុជា។ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។ឯកឧត្តមបានមានប្រសាសន៍រំលេចបច្ចុប្បន្នភាពថា ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ចំនួនជាង ១៦០ ករណី រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi ផងដែរ និងបានដាក់ចេញវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយពីបរិយាកាសព័ត៌មានរបស់យើង ទប់ស្កាត់កុំឱ្យមានការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្សាយព័ត៌មានពិត ដោយមានយោងប្រភពផ្លូវការច្បាស់លាស់ជាប្រចាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពនឹងនរខាងផ្លូវចិត្ត ស្ថិរភាពសតិអារម្មណ៍សាធារណៈ និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អំពីព្រឹត្តិការណ៍សង្គម ពិសេសគឺជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ។ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ឱ្យពង្រឹងការក្តាប់ស្ថានការណ៍ពាក់ព័ន្ធនឹងភាពតានតឹងនៅតាមបណ្តោយព្រំដែននិងប្រធានបទសំខាន់ៗមួយចំនួនទៀតតាមបណ្តាខេត្តឱ្យបានជាប់លាប់។ ឯកឧត្តមបានជំរុញមន្ទីរព័ត៌មានឱ្យពង្រឹងទំនាក់ទំនងការងារជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតស្តីពីការវិវត្តនៃស្ថានភាពព្រំដែន សារលើកទឹកចិត្តពលរដ្ឋនិងកងទ័ព សារជំរុញការបន្តជំនឿចិត្តលើការដឹកនាំ និងផ្សាយព្រឹត្តិការណ៍ពិតជុំវិញការបើកការវាយប្រហាររបស់ថៃ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ជូនពលរដ្ឋទូទាំងប្រទេស។សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គមទាំងអស់ ត្រូវអនុវត្តការងារដោយគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ព្រមទាំងផ្តល់ការសហការជាមួយអាជ្ញាធរក្នុងខេត្ត ស្រុក ឃុំពាក់ព័ន្ធ ក្នុងពេលចុះយក និងរាយការណ៍ព័ត៌មានទាំងនោះក្នុងទីតាំងតាមបណ្តោយព្រំដែន និងចូលរួមរក្សាសន្តិសុខជាតិ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសហគមន៍។ជាមួយគ្នានេះដែរ ឯកឧត្ដម បានតម្រង់ទិសបន្ថែមដល់មន្ត្រីមន្ទីរព័ត៌មានលើការងាររៀបចំបណ្តាញព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការឱ្យបានជិតស្និទ្ធបន្ថែមជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ និងបណ្តាញព័ត៌មានជាមួយយុវជនក្នុងខេត្ត ដើម្បីជំរុញការគ្រប់គ្រងព័ត៌មាននិងសាធារណមតិទាន់សភាពការណ៍ បត់បែន ចំគោលដៅ មានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពព័ត៌មានជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕

ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ

2025/12/17 03:28:28 pm        257
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការពិនិត្យលទ្ធផលរបាយការណ៍ប្រចាំឆ្នាំ២០២៥ នៃការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ធ្វើឡើងនៅសណ្ឋាគារ អេមព្រីសអង្គរ រីសត និងស្បា ខេត្តសៀមរាប ឧបត្ថម្ភថវិកាដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP)។លោកជំទាវរដ្ឋលេខាធិការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយសមិទ្ធផលទាំងនេះជាគុណបំណាច់ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីចាប់ពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន។ក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្ត ដល់អាជ្ញាធរបន្តអនុវត្តសកម្មភាពចុះសួរសុខទុកតាមផ្ទះ ដើម្បីស្វែងរក និងបញ្ជូនកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ មកទទួលសេវានៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា និងទៀងទាត់ ព្រមទាំងបន្តក្នុងរៀបចំព្រឹត្តការណ៍សហគមន៍ តាមរយៈការគៀងគរចលនានៅក្នុងសហគមន៍ ដើម្បីរៀបចំធ្វើបបរខាប់គ្រឿង និងឆ្លៀតឱកាសក្នុងការអប់រំ ដល់គ្រួសារដែលមានកូនអាយុក្រោម៥ឆ្នាំ ឱ្យបានខ្ជាប់ខ្ជួន ទោះគម្រោងបញ្ចប់ក្ដី ព្រោះបញ្ហាកង្វះអាហារូបត្ថម្ភ ជាឫសគល់ ដែលតែងតែកើតឡើងនៅក្នុងសហគមន៍។មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយរួម ដោយផ្អែកលើបញ្ហាប្រឈមជាក់ស្តែងនានាដែលបានជួបប្រទះក្នុងអំឡុងពេលកន្លងមក ដើម្បីពង្រឹង និងជំរុញការអនុវត្តគម្រោងដែលនៅសេសសល់   រយៈពេល ៦ខែខាងមុខនេះ ឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើង ថ្ងៃទី១៥ ១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណង គឺ ១. ពិនិត្យលើសមិទ្ធផល វឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២៥ និងផែនការ សកម្មភាពឆ្នាំ២០២៦, ២. កំណត់បាននូវបទពិសោធន៍ បញ្ហាប្រឈម និងកំណត់បានភាពជោគជ័យ, ៣. កំណត់ផែនការសកម្មភាពអាទិភាព នៃនិរន្តភាពរបស់គម្រោង។គម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអនុវត្តរួមគ្នារវាង ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ ដោយទទួលថវិកាពីធនាគាពិភពលោក, DFAT អូស្ត្រាលី, KFW អាល្លឺម៉ង់, GFF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគម្រោងគ្រប់កម្រិត និងការអនុវត្តយ៉ាងសស្រាក់ស្រាំរបស់អង្គភាពទទួលបន្ទុកនៃស្ថាប័នទាំង២ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានចាត់ទុកជាការវិនិយោគលើវិស័យសុខភាពសាធារណៈ សម្រាប់ ស្រ្តី និងកុមារ ដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែក ក្នុងការបង្កើនគុណភាព និងការមកប្រើប្រាស់សេវាអាហារូបត្ថម្ភ សុខភាពមាតា ទារក និងកុមារ ជាអាទិភាពនៅក្នុងខេត្តគោលដៅទាំង៩៕

ប្រាសាទជម ធ្លាប់ទ្រុឌទ្រោមខ្លាំងត្រូវបានបញ្ចប់គម្រោងជួសជុល ដោយក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា

2025/12/17 03:21:59 pm        516
ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថានភាពទ្រុឌទ្រោមខ្លាំង ចាប់ផ្តើមពីឆ្នាំ២០១៩ មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការផ្ដល់ព័ត៌មានពីអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ។លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជមបានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។ លោកបន្តថា គម្រោងនេះបានរើថ្មប្រាសាទទាំងស្រុង និងរៀបដំឡើងឡើងវិញ ហើយការរៀបឡើងវិញនេះ គេបានបន្ថែមថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបចំនួន ១១៣ដុំ ដាក់នៅទីតាំងដើមវិញ។អ្នកជំនាញការកូរ៉េ ក៏បានបង្ហាញពីអារម្មណ៍រីករាយ ក្រោយប្រាសាទជមមានរូបរាងពេញលេញ និងរឹងមាំឡើងវិញ ដែលធៀបមុនជួសជុល ប្រាសាទនេះទ្រុឌទ្រោមបាក់បែកខ្លាំងគួរឱ្យកត់សម្គាល់។ លោក Eo Jinkyu រំពឹងថា ភ្ញៀវទេសចរ រួមនឹងសាធារណជន នឹងបានចូលទស្សនាប្រាសាទនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបើកឱ្យចូលទស្សនាឡើងវិញ។ សូមបញ្ជាក់ថា មុនការជួសជុល ប្រាសាទជមមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងមានឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទ រហូតដល់គ្រឹះខាងក្រោម ការនេះធ្វើឱ្យដីគ្រឹះចុះខ្សោយ និងស្រុតចុះ។ ដើម្បីជួសជុលប្រាសាទនេះ ក្រុមការងារបានរើថ្មប្រាសាទនេះទាំងអស់ រួចរៀបផ្គុំឡើងវិញ និងបានស្វែងរកថ្មដែលបានបាត់ មកដាក់នៅទីតាំងដើមវិញ ដូចជាផ្តែរ សសរពេជ្រ និងស៊ុមទ្វារផ្នែកខាងក្រៅជាដើម៕

រដ្ឋបាលស្រុកជលគិរីខេត្តកំពង់ឆ្នាំង រួមសាមគ្គីកម្លាំងយុវជនសិស្សានុសិស្សលោកគ្រូអ្នកគ្រូចូលរួមដាល់អំបុកជូនវីរកងទ័ពជួរមុខ

2025/12/17 02:40:10 pm        125
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានរួមសាមគ្គីបុកអំបុកជូនវីរកងទ័ពជួរមុខដែលកំពុងឈជើងការពារបូរណភាពទឹកដីពីការរំលោភបំពានរបស់ទាហានថៃ មកលើដែនអធិបតេយ្យកម្ពុជា ៕ 

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣២៤គ្រួសារ ដែលកំពុងស្នាក់នៅខេត្តសៀមរាប

2025/12/17 02:02:36 pm        173
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣២៤គ្រួសារ កំពុងស្នាក់នៅខេត្តសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនជនភៀសសឹក និងការយកចិត្តទុកដាក់របស់សម្ដេច លើការដោះស្រាយទុក្ខលំបាករបស់បងប្អូន ដែលកំពុងភៀសខ្លួននាពេលនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប និងអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាព និងការជួយសម្រួលជូនដល់បងប្អូនភៀសសឹក។ សម្តេចបានបន្តទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន ក៏បានធ្វើឲ្យចលនាជាតិនិយមក៏បានកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។ ទន្ទឹមនឹងនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា។អំណោយដែលបានយកមកចែកជូនដល់ជនភៀសសឹកចំនួន ៣២៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ មី ១កេស កញ្ចប់គ្រឿងទេស និងសម្ភារប្រើប្រាស់ ១កញ្ចប់ ចេក ពងមាន់ ពងទា និង ថវិកា ៥ម៉ឺនរៀល កូនក្មេងទទួលបានថវិកា ៥ពាន់រៀល ចំណែកឯស្ត្រីមានផ្ទៃពោះទទួលបានថវិកា ១០ម៉ឺនរៀល៕

ក្រុមប្រឹក្សាសង្កាត់ស្ពានថ្ម បាននាំអំណោយ និងសម្ភារៈ របស់សប្បុរសជននានាជូនរដ្ឋាបាលខណ្ឌដង្កោ សម្រាប់ចែកជូនវិរកងទ័ព និងជនភៀសសឹកនៅជួរមុខ

2025/12/17 02:02:05 pm        124
ភ្នំពេញ ÷ ក្រុមប្រឹក្សាសង្កាត់ស្ពានថ្ម បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន របស់សប្បុរសជននានា បានប្រគល់ ជូនរដ្ឋបាលសាលាខណ្ឌដង្កោ ដើម្បីជួយកាត់បន្ថយកាលំបាករបស់រាជរដ្ឋាភិបាល និងគាំទ្រលើកកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ។ចៅសង្កាត់ស្ពានថ្ម លោក ហង្ស ជុំ សម្ដែងអារម្មក្តុកក្តួល ចំពោះទង្វើសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងធ្វើឲ្យជនស៊ីវិលរងរបួសជាច្រើននាក់ ។ ក្នុងនាមលោក និងក្រុមការងារ សូមសម្តែងគាំទ្រនូវប្រសាសន៍ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាននាវដល់បងប្អូនប្រជាពលរដ្ឋមហាគ្រួសារខ្មែរគ្រប់ទិសទី បន្តរួបរួមសាមគ្គីគ្នាជួយដល់បងប្អូនជនភៀសសឹក និងគាំទ្រលើកកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដើម្បីបណ្ដេចសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា លោកចៅសង្កាត់បន្តថា ក្រុមការងារសង្កាត់ស្ពានថ្ម នាំយកអំណោយដែលទទួលបានពីសប្បុរសជននានាក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម ជូនរដ្ឋបាលសាលាខណ្ឌដង្កោ ដើម្បីទុកជូនទៅដល់វិរកងទ័ព និងជនភៀសសឹក ដែលមានជាសម្ភារៈ និងថវិកាដូចខាងក្រោម៖ (អង្ករ ៥៧០គីឡូក្រាម -ទឹកសុទ្ធ(យួរ) 138យួរ-ទឹកសុទ្ធ(កេស) 15កេស-មី និង មីសួរ 30កេស -ទឹកដោះគោ ៣កេស -ខោទឹកនោម ១បេ -ខោអាវ ៣បេ -នំ ១១ស្បោង -ប្រហុកខ្ទិះ ១ឡាំង -ប្រហុក ៧កែវ -មុងភួយនិងកន្ទេល ៣ឈុត -សារុង ១ថង់ -ប្រេងខ្យល់ ១ថង់ -សាប៊ូបោកខោអាវ ១បេ -ទឹកត្រី ៣យួរ -ទឹកស៊ីអ៊ីវ ៤យួរ -ថវិកា ៣,០០០,០០០រៀលផងដែរ) ។ក្នុងនាមជាជ្ញាធរមូលដ្ឋាន សូមអំពាវនាវ ប្រជាពលរដ្ឋ និងសបុរសជនទាំងអស់ចូលរួមបរិច្ចាគ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាក្តី ដោយស្ម័គ្រចិត្ត«សមរភូមិក្រោយគាំទ្រសមរភូមិមុខ»និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពក្នុងគ្រាពេលប្រទេសជាតិ ជួបនឹងសង្រ្គាមឈ្លានពានពីយោធាថៃ។ ហើយក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរទាំងអស់ សូមជួយថែរក្សាទឹកដី និងសុខសុវត្ថិភាពរបស់វីរកងទ័ព រួមទាំងជនភៀសសឹកដែលកំពុងប្រឈមនៅតាមព្រំដែនឱ្យជួបតែសេចក្តីសុខ និងជ័យជម្នះជារៀងរហូត។អត្ថបទ៖  ពៅយី

ក្រុមធុរកិច្ចកំពុងស្វែងរកគន្លឹះថ្មីៗ ក្នុងបញ្ហាកំពុងប្រឈម ដើម្បីជំរុញដំណើរការអាជីវកម្មឱ្យរលូន

2025/12/17 01:32:33 pm        146
ភ្នំពេញ ÷ វិស័យឯកជន ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍ ការដោះស្រាយបញ្ហាប្រឈមចំពោះមុខនៅក្នុងអាជីវកម្ម ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ក្នុងគ្រាសៀមឈ្លានពាន និងការចាប់យកឱកាស ដើម្បីជំរុញបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាឲ្យកាន់តែមានភាពខ្លាំងក្លា។សហគ្រិនដែលម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសមកពីវិស័យផ្សេងៗ ថ្លែងនៅក្នុងវេទិកាម្ចាស់អាជីវកម្ម ជួបគ្នាក្នុងគ្រា សៀមឈ្លានពានកម្ពុជា នៅថ្ងៃល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការ អភិវឌ្ឍទីផ្សារការងារ, ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចបង្កើតថ្មី, សហគ្រិនភាពថ្មី និងការពង្រីកភាពប្រកួត ប្រជែងជាដើម ដោយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ជាក់ស្តែងបញ្ហាប្រឈមជម្លោះព្រំ ដែនដែលបង្កដោយភាគីថៃនេះ ពួកគាត់បាននិងកំពុងស្វែងរកនូវគន្លឹះពង្រឹងអាជីវកម្ម និងពាណិជ្ជកម្មបន្ថែម ដើម្បីចាប់យកឱកាស ក្នុងគ្រាលំបាក ឱ្យក្លាយទៅជាឱកាសជោគជ័យក្នុងអាជីវកម្ម។ ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបបញ្ហា ប្រឈមផ្ទួនៗដូចជា សង្រ្គាមរុស្សី-អ៊ុយក្រែន និងវិបត្តិនៃជំងឺកូវីដ-១៩ជាដើម ដែលធ្វើឱ្យមានការប៉ះពាល់នៅគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងបន្ទាប់សេដ្ឋកិច្ចបានកំពុងងើបឡើងវិញ កម្ពុជាក៏ជួបបញ្ហាប្រឈមនៃជម្លោះព្រំដែនដែលបង្កដោយភាគីថៃ បញ្ហានេះឃើញថា សហគ្រិនជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស បានកំពុងស្វែងរកអ្នកបង្ហាញផ្លូវ ដើម្បីត្រឹមខ្លួនទាំងផ្លូវចិត្ត ផ្លូវកាយ និងត្រៀមទាំងយុទ្ធសាស្រ្ត ដើម្បីនាំអាជីវកម្មពួកគាត់ឱ្យឆ្លងផុតក្នុង គ្រាលំបាកនេះ។  ឧកញ៉ា ចេង ខេង នាយកគ្រប់គ្រងវិស័យអចលនទ្រព្យក្នុងស្រុកមួយ លើកឡើងថា វិបត្តិអាចនាំឱ្យបាត់បង់ប្រាក់ចំណូល ការងារ អាជីវកម្ម ប៉ុន្តែបើយើងមានជំនាញ និងមានចក្ខុវិស័យច្បាស់លាស់ យើងចេះបត់បែនឱ្យឆ្លើយតបទៅនិងស្ថានការណ៍ យើង នឹងអាចប្រែក្លាយឱកាសទាំងនេះទៅរកភាពជោគជ័យបាន។ លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានចែករំលែកនូវចំណេះដឹងបទពិសោធន៍ និងបង្ហាញនូវគន្លឹះ ភាពជោគជ័យមួយចំនួន ដល់ម្ចាស់សហគ្រិនដែលជាម្ចាស់អាជីវកម្មបានស្វែងយល់បន្ថែម និងបានលើកឡើងថា ជុំវិញបញ្ហាអាជីវកម្ម នេះ មិនថាមានវិបត្តិ ឬគ្មានវិបត្តិស្ថានភាពអាជីវកម្មតែងតែខុសគ្នា ក្នុងនោះហិរញ្ញវត្ថុគឺជារឿងសំខាន់ ដោយត្រូវចាត់ចែងការចាយ វាយឱ្យបានត្រឹមត្រូវ និងជំរុញការលក់ផលិតផលដែលមានតម្រូវការលើទីផ្សារ ជាពិសេសការរួមគ្នាជាកំលាំងគ្នា និងធនធានដើម្បី ពង្រីកចលនាលើទីផ្សារឱ្យ ដំណើរការនិងខ្លាំងជាងមុន។ចំណែកឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងផងដែរថា បរិបថនេះ គឺជាបរិបថ បច្ចេកវិទ្យា ក្នុងនោះសម្រាប់អ្នកធ្វើអាជីវកម្ម ត្រូវតែពង្រឹងនូវសមត្ថភាព និងចាប់យកបច្ចេកវិទ្យាឲ្យបាន ដើម្បីជាមធ្យោបាយសម្រាប់ ការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន នៅក្នុងបំណាក់កាលដែលកំពុងប្រឈម ដើម្បីជំរុញដល់ដំណើរការអាជីវកម្មទៅដោយរលូន នឹងដើម្បីឈានទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

2025/12/17 01:07:41 pm        144
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នា២០២៥-២០៣០ ជាឯកសារ ដែលបានធ្វើបច្ចុប្បន្នកម្ម មានចក្ខុវិស័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពធន់ ពិពិធភាព បរិយាបន្ន និងនវានុវត្តន៍។ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ, ព្រមទាំងលោក Viay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មនៅកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី និងពីភាគីពាក់ព័ន្ធនៃស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើនរូប។យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ គឺជាឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នកម្មជាលើកទី៤ បន្ទាប់ពីបាន ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនាឆ្នាំ២០០១ ដោយមានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ ឈរនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកសារយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពធន់ ពិពិធភាព បរិយាបន្ន និងនវានុវត្តន៍ គោលដៅចម្បងៗរួមមាន៖ ជំរុញបរិយាបន្នហិរញ្ញវត្ថុ ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅគ្រប់សសរស្ដម្ភទាំងអស់ នៃ វិស័យហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

ចលនារួបរួមកម្លាំងសាមគ្គីគ្នារបស់គណៈកម្មការផ្សារអូរឬស្សី នៅតែផុលផុស ក្នុងការរៀបចំជំនួយ ជួយទៅសមរភូមិមុខ

2025/12/17 01:05:55 pm        266
ភ្នំពេញ៖ កម្លាំងចលនារួបរួមកម្លាំងសាមគ្គីគ្នារបស់អ្នកសមរភូមិក្រោយ នៅតែខ្លាំងក្លាក្នុងការរៀបចំជំនួយ បន្តជួយទៅកាន់សមរភូមិមុខ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ដឹកនាំដោយលោក ឡយ ស៊ាងអាង ប្រធានផ្សារ និងបងប្អូនអាជីវករ បានបន្តក្នុងការវេចខ្ចប់ រៀបចំសម្ភារ និងស្បៀងអាហារ ដើម្បីបញ្ជូនទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ជូនបន្តទៅកាន់សមរភូមិជួរមុខ ជូនដល់បងប្អូនជនភៀសសឹក និងវីរជនកងទ័ពរបស់កម្ពុជា ដែលកំពុងច្បាំងទប់ទល់ពីការឈ្លានពានរបស់ខ្មាំងសត្រូវ ។ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានឲ្យដឹងថា ជាប្រចាំថ្ងៃ គិតចាប់តាំងពីការឈ្លានពានឡើងកម្តៅកាន់តែខ្លាំងមក កម្លាំងសប្បុរសពីគ្រប់ទិសទី ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារនៅតែបន្តការផ្តល់ជំនួយ ជាថវិកា ស្បៀងអាហារ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់ជាបន្តបន្ទាប់មកកាន់គណៈគ្រប់គ្រងផ្សារ ។ ហើយក្រុមការងារគណៈកម្មការផ្សារ តែងតែបានរៀបចំចាត់ចែងបញ្ជូនទៅសាលារាជធានីភ្នំពេញ ជាប្រចាំថ្ងៃផងដែរ មានថ្ងៃខ្លះអាចបញ្ជូនទៅ០២ជើងក៏មានដែរ ព្រោះតែជំនួយច្រើន ។ បងប្អូនអាជីវករ ក៏បានចូលរួមជាស្បៀងអាហារ រួមទាំងចូលរួមបន្ថែមជាកម្លាំង ដើម្បីរៀបចំវេចខ្ចប់ស្បៀងអាហារ ដោយសម្តែងក្តីពេញចិត្តបំផុតចំពោះការចូលរួមចំណែកជាមួយទុក្ខលំបាករបស់ប្រទេសជាតិ ទោះមិនបានកាន់អាវុធទៅច្បាំងជាមួយចោរសៀមឈ្លានពានក្តី តែអ្វីដែលពួកគាត់អាចជួយបាននៅពេលនេះ គឺការរួបរួមកម្លាំងសាមគ្គីគ្នាជាថ្លុងមួយតែម្តង ។ គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១១ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ ,ប្រជាជនជាង៤០ម៉ឺននាក់ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM