សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

កាណាដា ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងសម្របសម្រួលជាមួយប្រតិបត្តិករដោះមីនដែលបានដាក់សំណើសុំឱ្យកាណាដាគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន

2025/12/15 06:25:33 pm        140
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន។ ក្នុងនោះផងដែរ ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសកាណាដា គឹជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលសម្រេចបានក្នុងកិច្ចការបោសសម្អាតមីនអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងនោះផ្ទៃដីជាង ៣០០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់យកមកប្រើប្រាស់។ សមិទ្ធផលទាំងនេះ បានប្រែក្លាយដីចម្ការមីន ទៅជាដីចម្ការដាំដុះ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ឯកឧត្តម លី ធុជ បានគូសបញ្ចាក់ទៀតថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសកាណាដា ពិចារណាបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោសសម្អាតមីន ២០២៦-២០៣០ ដែលអង្គប្រជុំរដ្ឋភាគីលើកទី២២នៃអនុសញ្ញាអូតាវ៉ា ទើបបានអនុម័តថ្មីៗនេះ ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់របស់កម្ពុជា។ឯកឧត្តម Christian DesRoches បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ឆ្លើយតបនឹងសំណើសុំ ឯកឧត្តម Christian DesRoches ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងធ្វើជាអ្នកសម្របសម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលបានដាក់សំណើសុំឱ្យប្រទេសកាណាដា បន្តគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន។

ថៃពង្រីកការឈ្លានពានចូលដល់ទឹកដីខេត្តសៀមរាប និងបង្កើនការបាញ់ប្រហារនៅតំបន់មួយចំនួន

2025/12/15 06:21:06 pm        1013
ភ្នំពេញ ៖ មកទល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល៩ថ្ងៃហើយ ដែលថៃបានបើកការបាញ់ប្រហារឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា ខណៈនៅថ្ងៃនេះចាប់តាំងពីចាប់តាំងពីម៉ោង៤ព្រឹករហូតមកដល់រសៀថ្ងៃនេះ ភាគីថៃបានពង្រីកការបាញ់ប្រហាររបស់ខ្លួនចូលមកកាន់ដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្រ្ដភូមិភាគទី៤ដោបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប, និងបាញ់ប្រហារមកលើភូមិសាស្រ្ដមួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។  ​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមរយៈសន្នសីទសារព័ត៌មាននៅរសៀលនេះថា កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងទី៥ កម្ពុជា គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតមកដល់រសៀលនេះ ដោយបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់, ប្រាសាទខ្នារ, ចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់ធ, បាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន, ប្រាសាទតាក្របី និងបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល និងបាន ប្រើប្រាស់ យន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រស្ពានអូរជីកនៃព្រំប្រទល់ ស្រុកស្រីស្នំ និងទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃ បញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែង ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន៕

ការឈ្លានពានរបស់ថៃបណ្ដាលឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់១៥នាក់ ភៀសសឹកកើនជាង៤០ម៉ឺននាក់

2025/12/15 05:54:34 pm        1025
ភ្នំពេញ ៖ ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់ និងរបួស ៧៣ នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣ នាក់។ ​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែធ្នូនេះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាំងបំផុតចំពោះទង្វើសាហាវព្រៃផ្សៃរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា និងបានអំណាវនាវដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពអមនុស្សធម៌របស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្ដិវិធីជាចាំបាច់។ឯកឧត្តមបានបន្តថា សកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ដូចជាយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុលមលើកងទ័ព និងប្រជាជនស៊ីវិលកម្ពុជា បានកើនឡើងជាលំដាប់ ដែលនេះបញ្ជាក់យ៉ាងច្បាប់អំពីមហិច្ឆិកាល្មោភសង្គ្រាមរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមបញ្ជាក់ថា តាមរយៈសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ គិតចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ មលដល់ម៉ោង២រសៀលថ្ងៃទី១៥ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះពលរដ្ឋស្លាប់មានចំនួន១២នាក់ របួសចំនួន៧៤នាក់។ ចំណែកពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានកើនឡើងដល់ ១២០,៨១៤គ្រួសារ ស្មើនឹងមនុស្ស ៤០៣,៦០១នាក់ ក្នុងនោះស្ត្រីប្រមាណ ២សែន ៨ពាន់ នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់៕

កម្ពុជា-វៀតណាម ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកងទ័ព

2025/12/15 05:28:00 pm        1069
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ នឹងបច្ចេកវិទ្យា សៀមរាប ថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ ក៏បានបង្ហាញថា កម្ពុជា-វៀតណាម បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡៃ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (JC លើកទី២១) នៅខត្ត សៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ដោយភាគីទាំងពីរ បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាម ស្មារតីនៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។អំពីកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សា យន្តការសន្ទនាគោលនយោបាយការពារជាតិ និងឯកភាពអនុវត្តលិខិតូបករណ៍នានា នៃសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព រួមមានពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្ដុះបណ្តាលធនធាន មនុស្ស និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ភាគីទាំងពីរក៏បានប្ដេជ្ញាពង្រឹងការបណ្តុះបណ្តាល កងទ័ពរយៈពេលខ្លី និងរយៈពេលវែង ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំពេញសេចក្តីត្រូវការលើវិស័យការពារជាតិ ដែលកំពុងមានការវិវត្ត។ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា-ឡាវ-វៀតណាម រួមទាំងការបន្តកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ បីប្រទេស និងពិនិត្យលទ្ធភាពរៀបចំសកម្មភាពរួមសម្រាប់វិស័យការពារជាតិ និងយោធារវាងប្រទេសទាំងបី។គួរបញ្ជាក់ថា ពាក់ពន្ធ័នឹងកិច្ចការព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនគោក រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការសាទរ ចំពោះលទ្ធផលជាវិជ្ជមាននៃខណ្ឌសីមា និងការបោះបង្គោលព្រំដែន និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពន្លឿនការងារខណ្ឌសីមាក្នុងកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នានៅក្នុងការកសាងនូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕

មហាអំណាចចិន សង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចូលតុចរចាដើម្បីសន្តិភាព

2025/12/15 04:59:21 pm        546
ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕

សប្បុរជន៤ក្រុមចូលរួមឧបត្ថម្ភជាថវិកានិងអង្ករដល់កាកបាទក្រហមកម្ពុជាដើម្បីជួយគ្រួសារភៀសសឹក

2025/12/15 04:18:59 pm        121
ដោយមើលឃើញពីស្ថានភាពដ៏តានតឹងនៅតាមព្រំដែនកាន់តែខ្លាំងឡើងៗ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះ មានសប្បុរសជនចំនួន៤ក្រុមផ្សេងគ្នា បាននាំយកជាថវិកានិងអង្ករ មកបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ និង លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ នាទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជា។ សប្បុរសជនក្រុមទីនោះ១គឺ ក្រុមអាជីវករក្នុងរាជធានីភ្នំពេញចំនួន៦គ្រួសារ បានឧបត្ថម្ភអង្ករចំនួន១៥តោន និងថវិកា ចំនួន ៥.១០០ដុល្លារ, ២ ឯកឧត្តម សៀង បូរិន ទីប្រឹក្សាយុវជននៃសាលារៀនជំនាន់ថ្មី ឧបត្ថមថវិកាចំនួន ៩៩,៩៩៩ ម៉ឺនរៀល, ៣ សប្បុរសជនចូលរួមតាមរយៈក្រុម រត់រ៉ាន់ និង ក្លឹបឧបត្ថមអង្ករ ៣តោន និង ៩៨០ គីឡូក្រាម និងទី៤ ក្រុមហ៊ុន Dynith Commercial Co.,Ltd បានឧបត្ថមថវិកា ចំនួន១ម៉ឺនដុល្លារអាម៉េរិក។ ក្នុងឱកាសទទួលជួបសវនាការនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុម ទាំង៤ក្រុមខាងលើ ដែលបានចូលបរិច្ចាគអំណោយទាំងនេះ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកជួយទៅដល់ វីរៈកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី និងប្រជាជនភៀសសឹក រាប់ម៉ឺនគ្រួសារនៅតាមបន្ទាត់ព្រំដែន ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានា។ ជាមួយគ្នានេះលោកជំទាវ ក៏បានថ្លែងប្រាប់ទាំងអួលដើម ករ ទៅដល់ម្ចាស់ជំនួយទាំង៤ក្រុមខាងលើ អំពីសកម្មភាពដែលបានឃើញផ្ទាល់ភ្នែក នូវការរត់គេចរបស់ក្រុមគ្រួសារភៀស សឹក ពីគ្រាប់ផ្លោងរបស់ក្រុមយោធាថៃ ដែលបានបាញ់ផ្លោងមកលើដែនអធិបតីភាពកម្ពុជា យ៉ាងសាហាវឃោឃៅទីបំផុត ដែល ធ្វើឱ្យជាពិសេសក្មេងៗតូចៗ ចាស់ជរា និង ស្រ្តីមានផ្ទៃពោះមានទុក្ខលំបាកជាទីបំផុត។ក្រុមសប្បុរសខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យពួកគាត់បានចូលរួម ចែករំលែកការងារមនុស្សធម៌ ជាមួយប្រជាជនកម្ពុជា និងសូមកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នាមញញឹម ពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕អត្ថបទ៖ សំ ងីម

សិស្សភៀសសឹកជាង ២ ៣០០នាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង

2025/12/15 03:54:36 pm        134
តបតាមអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្រួលដល់សិស្សានុសិស្សភៀសសឹក នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងសហការី បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខជាមួយសិស្សានុសិស្សភៀសសឹកដែលនៅក្នុងខេត្តបាត់ដំបង។ មកដល់ពេលនេះ សិស្សចុះឈ្មោះចូលរៀនសរុប ២ ៣០៩នាក់ ស្រី ១ ៣៨៩នាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៥ ខែធ្នូនេះរួមមាន៖ មត្តេយ្យសិក្សាចំនួន ២៦សាលា បឋមសិក្សាចំនួន ១៧៤សាលា និង មធ្យមសិក្សាចំនួន ៧៥សាលា។ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បាននាំយកអំណោយជាសម្ភារសិក្សាចាំបាច់មួយចំនួន ដូចជា កាបូប ប៊ិចខ្មៅដៃ សៀវភៅសរសេរ សៀវសិក្សាគោល ដែលទទួលបានពីសប្បុរសជន និងក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ផ្ទាល់ដល់សិស្សានុសិស្សភៀសសឹក។ អ្វីដែលត្រូវការចាំបាច់បំផុតនៅពេលនេះ សម្រាប់សិស្សានុសិស្សភៀសសឹកទាំងអស់ គឺសម្ភារសិក្សា ព្រោះក្នុងកំឡុងពេលរត់ភៀសខ្លួនមក សិស្សានុសិស្សទាំងអស់មិនបានភ្ជាប់មកជាមួយនៅអ្វីសោះឡើយ។សូមអំពាវនាវដលគ្រឹះស្ថានសិក្សាទាំងអស់បន្តកិច្ចសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ទាំងអស់ដើម្បីចូលរួមសម្របសម្រួលគាំពារដល់សិស្សានុសិស្សដែលភៀសសឹក ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា។ ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមឱ្យមាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នក។ សូមចងចាំថា មានតែធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការស្នេហារជាតិដ៏មោះមុតប៉ុណ្ណោះទេ ទើបអាចពង្រឹងសសរទ្រូងប្រទេសជាតិ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ ជម្នះរាល់ការឈ្លានពានរបស់សត្រូវ ធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

ក្រសួងអប់រំ ជួយដល់កុមារមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន

2025/12/15 03:41:49 pm        112
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពី ការអប់រំបរិយាបន្ន ក្រោមប្រធានបទ« ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន»។ វេទិកានេះ ឆ្លុះបញ្ចាំងពីការលើកកម្ពស់វិស័យអប់រំ ជាពិសេសការអប់រំបរិយាបន្ន ដើម្បីធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ"ក្នុងឱកាសនេះ ឯកឧត្តមណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់អង្គវេទិកា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ៖ទី១. ពង្រឹងយន្តការបណ្តុះបណ្តាលគ្រូគរុកោសល្យ៖ ត្រូវបង្កើត និងពង្រឹងកម្មវិធីបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលមុនចូលបម្រើការងារដល់គ្រូទាំងអស់ ទាំងគ្រូអប់រំទូទៅ និងគ្រូអប់រំពិសេស ឱ្យមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណ និងការបង្រៀនកុមារមានពិការភាពគ្រប់ប្រភេទ។ទី២. បង្កើនកិច្ចសហការពហុភាគី៖ ជំរុញការចូលរួមពីមាតាបិតា អាជ្ញាធរដែនដី ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការដៃគូ ដើម្បីបង្កើតប្រព័ន្ធគាំទ្ររួមគ្នានៅថ្នាក់មូលដ្ឋាន និងសាលារៀន។ទី៣. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍៖ ស្រាវជ្រាវ និងអនុវត្តឧបករណ៍ បច្ចេកវិទ្យាជំនួយ និងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឱ្យការសិក្សាកាន់តែមានលក្ខណៈបរិយាបន្ន និងសមស្របតាមតម្រូវការរបស់កុមារម្នាក់ៗ។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តយកចិត្តទុក ដាក់ពង្រឹងសមត្ថភាពជាប្រចាំ ចេះចែករំលែក ផ្តល់ឱកាសរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធល្អៗពីគ្នាទៅវិញទៅមកពីវេទិកាថ្នាក់ជាតិលើកទី១៣នេះ ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការបង្រៀនសិស្សមានពិការភាព និងដើម្បីសម្រេចនូវចក្ខុវិស័យរួមរបស់យើង គឺទាំងអស់គ្នាទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត។គួរបញ្ជាក់ថា វេទិកានេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិអប់រំពិសេស ប្រតិភូមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត វិទ្យាល័យអប់រំពិសេស តំណាងអង្គការយូនីសេហ្វ អង្គការដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ សរុបចំនួន ២៤០នាក់ ស្រី ៩៧នាក់៕

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាម

2025/12/15 03:37:15 pm        151
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមកែលម្អជីវភាពប្រជាជន តាមរយៈការលើកកម្ពស់ គាំពារសង្គម ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធននៅកម្ពុជា។​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ចាម យុទ្ធនាការនេះ មានគោលបំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ច ជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ជុំវិញយុទ្ធនានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងជំរុញបន្តផ្សព្វផ្សាយនៅតាម បណ្តាខេត្តនានា ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាមនាពេលនេះ បានធ្វើឡើងដើម្បីបង្កើនការយល់ដឹងបន្ថែម អំពីអត្ថប្រយោជន៍នៃការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅលើកកម្ពស់អំពីគុណតម្លៃ ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និង ការងារចិញ្ចឹមជីវិតនៅកម្ពុជា។ សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីសំខាន់ណាស់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍ ក្នុងនោះការ ប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយការចាប់ ផ្តើមសកម្មភាព អាជីវកម្ម និងមុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឯង។ជុំវិញយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកនេះ បានផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានី ភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល និងនៅថ្ងៃទី១៥ នេះបានធ្វើឡើងនៅក្នុងទឹកដី ខេត្តកំពង់ចាម ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមយ៉ាងច្រើនកុះករ។ ចំណែកទាក់ទងការចុះបញ្ជីវិញ, បើគិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលសំណើចុះឈ្មោះចំនួន ២៣៤ ពាន់នៅទូទាំងប្រទេស ខណៈខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់ លេខ២ បន្ទាប់ពីរាជធានីភ្នំពេញផង៕អត្ថបទ៖ សុន រ៉ាឌី

ចាប់ពីម៉ោងជាង២១០ព្រឹករហូតដល់ម៉ោងនេះយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក, កាំភ្លើងធំបាញ់ផ្លោង និងរថក្រោះបាញ់បំបុកនៅទីតាំងភូមិសាស្ត្រថ្មដូន ប្រាសាទតាមាន់ និងជប់គគីរ

2025/12/15 03:12:46 pm        360
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីម៉ោង ១០:២០នាទី រហូតដល់ម៉ោងនេះ ថ្ងៃទី១៥ ខែធ្នូនេះ យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់ គ្រាប់បែក, កាំភ្លើងធំបាញ់ផ្លោង និងរថក្រោះបាញ់បំបុក ចំពោះទីតាំងភូមិសាស្ត្រថ្មដូន ប្រាសាទតាមាន់ និងជប់គគីរ យោធាថៃក៏នៅតែបន្តបាញ់ផ្លោងផងដែរ។ នេះបើតាម របាយការណ៍សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ១០:១១នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាល កម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM