សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់អាជ្ញាធរបន្តឱ្យយកចិត្តទុកដាក់ចំពោះស្បៀង និងសុខុមាលភាពពលរដ្ឋភៀសសឹក

2025/12/15 09:58:30 am        146
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តាមណ្ឌលសុវត្ថិភាពភៀសសឹក ក្នុងខេត្តសៀមរាប, បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីចុះសួរទុក្ខ និងពិនិត្យដោះស្រាយពីតម្រូវការចាំបាច់ជូនងប្អូនប្រជាពលរដ្ឋភៀសសឹក។ឯកឧត្តម ទេសរដ្ឋមន្រ្តី កោតសរសើរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសម្របសម្រួល និងបង្កលក្ខណៈប្រសើរតាមបណ្តាមណ្ឌលសុវត្ថិភាពស្របពេលកំណើនជនភៀសសឹកកើនឡើង ពិសេសដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋភៀសសឹកមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា គិតមកទល់ពេលនេះ តាមរយៈជំនួយពីរាជរដ្ឋាភិបាល និងសប្បុរសជន ព្រមទាំងអង្គការដៃគូ បានបែងចែក និងផ្តល់ជូនជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ណែនាំដល់អាជ្ញាធរតាមបណ្តាជាប់ព្រំដែនថៃត្រូវពិនិត្យ និងបែងចែកជូនភៀសសឹកឱ្យបានត្រឹមត្រូវ ពិសេសត្រូវដោះស្រាយជាបន្ទាន់ចំពោះគ្រួសារណាដែលខ្វះខាត ឬទើបតែជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព។លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថាមតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀងសម្រាប់ទទួលទាន ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។ បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

កម្ពុជា-ចិនជំរុញការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ

2025/12/15 09:57:35 am        168
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានគាំទ្រ​ដល់​ភាគី​ចិន​ឱ្យ​រៀប​ចំក​ម្ម​វិធី“ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិននៅលើផ្លូវថ្មើរជើងតាមសួនច្បារ មាត់ទន្លេ រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌សិក្សាពីគ្នា ទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ។នៅក្នុងឱកាសនោះ លោកស្រី វ៉ា បុប្ផារី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីផ្តាស់ប្តូរ វប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំង២កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព ដ៏យូរអង្វែង និងរឹងមាំ រវាងប្រជាជននិងប្រជាជនកម្ពុជា ចិន ព្រោះវប្បធម៌ គឺជាស្ពានយ៉ាងរឹងមាំបំផុត ដែលបានតភ្ជាប់ បេះដូងប្រជាជនទាំងពីរតាំងពីបុរាណកាលមក។លោក ស្រីគួន ហុងអនុប្រធាន ក្រុមហ៊ុន China Intercontinental Press & Media Co., Ltd.បានលើកឡើងថា ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅពេលនេះ គឺជាការអនុវត្តជាក់ស្តែងមួយក្នុងការជំរុញការផ្លាស់ប្ដូររវាងអារ្យធម៌នៃប្រទេសទាំងពីរ ដោយមានការតាំងពិព័រណ៍វប្បធម៌ និងការធ្វើអន្តរកម្មបច្ចេកវិទ្យា យើងធ្វើឱ្យវប្បធម៌ចិននិងកម្ពុជា ក្លាយជាអ្វីដែលជាក់ស្តែង អាចមើលឃើញនិងគួរឱ្យចង់ស្វែងយល់។ឯកឧត្តម វិញ ប៊ុនអៀងជំនួយការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្ពុជា និងចិន មានមិត្តភាព ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ ។ កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” លើកនេះ បង្ហាញឱ្យឃើញថា កម្ពុជានិងចិន នឹងបន្តពួតដៃគ្នាថែរក្សាសម្បត្តិ វប្បធម៌របស់ខ្លួន និងជំរុញដល់សុខដុមរមនាជាសកលរវាងអរិយធម៌នានា និងស្រោចស្រពសន្តិភាពដោយវប្បធម៌សម្បូរបែប ។អ្នកចូលរួមកម្មវិធីនេះបានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលផ្តួចផ្តើមឱ្យមានកម្មវិធីដ៏ល្អនេះឡើងដើម្បីឱ្យប្រជាជននៃប្រទេសទាំងរកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ ស្លៀកពាក់ ម្ហូបអាហារ ការរស់នៅទៅវិញទៅមក។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ទូរទស្សន៍ជាតិកម្ពុជា អាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតនេះ មានការតាំងបង្ហាញនូវស្តង់ជាច្រើន ដោយភាគីចិនបានតាំង បង្ហាញសម្លៀកបំពាក់ហានហ្វូ, ការកាត់ក្រដាស, ការសរសេរអក្សរផ្ចង់ដោយជក់, និងម្ហូបអាហារដូចជា មីហិរ, ស៊ុបស៊ីឈួន, និងសៀវឡុវប៉ាវ ហើយផលិតផលកម្ពុជាវិញ មានចម្លាក់ស្បែក ការត្បាញស្លឹកត្នោត គ្រឿងប្រាក់ សូត្រខ្មែរ ស្លៀកពាក់សម្លៀកបំពាកប្រៃពៃណីខ្មែរ និងម្ហូបអាហារដូចជា នំបញ្ចុក, ឆាណាង, និងប្រហុកខ្ទិះ និងប្រគំភ្លេងបុរាណខ្មែរជាដើម៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណី កងកម្លាំងយោធា​ថៃបន្តការ​បាញ់​ប្រហារ​មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤

2025/12/15 09:51:55 am        254
ក្រសួងការពារជាតិកម្ពុជា បាន​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីក​រណី​កង​កម្លាំង​យោធា​ថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិត​ចាប់​ពី​ម៉ោង​ ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៩:១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។- ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។- ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។- ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះ នៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោង ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។ - ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល។- ចាប់ពីវេលាម៉ោង ៧:៣៥នាទីព្រឹក មកដល់ត្រឹមវេលាម៉ោង ៨:៣០នាទីព្រឹកនេះ យោធាថៃបានបន្ត បាញ់ផ្លោងចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាមក្របី និងប្រាសាទខ្នារ។- ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ទាហានឈ្លានពានថៃបង្កើនចំនួន F-16 និងគ្រាប់បែកចង្កោមបាញ់មកកម្ពុជា ប៉ុន្តែវីកងទ័ពកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ក្នុងកិច្ចការពារជាតិរបស់ខ្លួន

2025/12/15 09:37:41 am        744
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា រហូត ដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃ បានបន្តបង្កើនចំនួនយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម និងអាវុធធុនធ្ងន់ជាច្រើនបាញ់មកលើកម្ពុជាយ៉ាងសន្ធឹកសន្ធប ប៉ុន្តែវីរកងទ័ពកម្ពុជានៅ តែបន្តឈរជើងយ៉ាងរឹងមាំ និងមុះមុត អង់អាចក្លាហានបំផុត ក្នុងកិច្ចការពារនូវដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យទាហានឈ្លានពានថៃយកបាននោះឡើយ។សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីការឈ្លានពានរបស់ ថៃនោះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា រហូតមកដល់ថ្ងៃនេះគឺមានរយៈពេល៩ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា យ៉ាងព្រៃផ្សៃ និងឃោ ឃៅបំផុត ដោយទង្វើនេះបានរំលោកលើកិច្ចព្រមព្រៀងស្តីពីសន្តិភាពកូឡាឡាំពួរ និងច្បាប់អន្តរជាតិជាដើម។ លោកជំទាវឧត្តសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមទៀតថា ក្រោយទាហានឈ្លានពានថៃបើក ការបាញ់ប្រហារមកលើកម្ពុជាមកនោះ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥នេះ បានបណ្តាលឲ្យជនស៊ីវិល កម្ពុជាជាច្រើននាក់ស្លាប់ និងរងរបួស ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹករកកន្លែងសុវត្ថិភាព។តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទួច ឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតបាញ់ប្រហារសម្លាប់ជនស៊ីវិល និងកុមារកម្ពុជា ដោយបានប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យកម្ពុជា និងបន្តអំពាវនាវឲ្យភាគីថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជាជាបន្ទាន់ រួមទាំង ទទួចឲ្យថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជានេះផងដែរ៕អត្ថបទបានចក់

កម្ពុជាបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃថា «កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ»

2025/12/15 09:04:00 am        215
 ក្រសួងការពារជាតិបានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹងឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាព ការការពារអាយុជីវិតរបស់ជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ និងជាជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ជាអាទិភាពខ្ពស់បំផុត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ អ្នកនាំពាក្យ ក្រសួងការពារជាតិ។ អ្នកនាំពាក្យ ក្រសួងការពារជាតិ ថ្លែងថា៖«កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត»។ អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹងគោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលផ្តួចផ្តើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕

កម្ពុជាមិនមែនក្មេងបៀមដៃទេ ហើយប្រាប់ទៅថៃថា កម្ពុជាមានច្រកដឹកជំនិញតាមសមុទ្រចម្រុះស្របតាមច្បាប់ និងវិធានអន្តរជាតិ

2025/12/15 08:08:28 am        1959
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា លោក ផន រឹម បានលើកឡើងថា កម្ពុជាមិនមែន ជាក្មេងបៀមដៃនោះទេ ហើយសូមប្រាប់ទៅភាគីថៃថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិផងដែរ។ការឆ្លើយតបរបស់អ្ននាំពាក្យក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជារូបនេះ គឺបានធ្វើឡើងក្រោយយោធាថៃបានចេញបញ្ជាឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារៈយោធាដែលកំពុងដឹកជញ្ជូនចូលមកក្នុងប្រទេសកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ។អ្នកនាំពាក្យក្រសួងក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ផន រឹម បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ឃើញកាសែតថៃ ដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមានបិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកមកសំអាង ក្នុងគោលដៅចិញ្ចឹមបហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។លោកផន រឹម បានសង្កត់ធ្ងន់ថា« កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។ លោក បានប្រាប់ទៅភាគីថៃទៀតថា«កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ»៕ អត្ថបទបាន ចក់ 

បារាំងប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ

2025/12/14 08:53:40 pm        386
ភ្នំពេញ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត ដោយប្រកាសប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗនិងត្រឡប់ទៅរកការសន្ទនាវិញ។ យោងតាសេចក្តីថ្លែងការណរ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបញ្ជាក់ថា ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ ប្រទេសបារាំងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី៕

TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា

2025/12/14 07:58:44 pm        877
សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី១៤ខែធ្នូនេះថា ការបង្ហោះរបស់សម្ដេចកាលពីម្សិលមិញ គឺបានស្នើឱ្យ ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​កម្ពុជា-ថៃ គឺ​គួរ​ធ្វើតែតាមផ្លូវគោកប៉ុណ្ណោះ ផ្លូវអាកាសអាចធ្វើដំណើរបានធម្មតា។សម្ដេចតេជោបានសរសេរថា ម្សិលមិញ​ខ្ញុំ​បាន​បង្ហោះ​សារ​មួយ​ជូន​យោបល់​ចំពោះ​រាជ​រដ្ឋាភិបាល​ចំពោះ ករណី​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ព្រំដែន​គោក​គួរ​ត្រូវ​បាន​ផ្អាក​ដើម្បី​ធានា​សុវត្តិភាពទាំងប្រជាជនកម្ពុជា និងទាំងប្រជាជនថៃ។ អាច​មាន​ការ​ភាន់​ច្រឡំ ឬ​ចង់​បង្ករ​រឿង​ពី​ភាគី​ម្ខាង​ទៀត​ដែល​គិត​ថា​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ការផ្អាកការធ្វើដំណើរ​គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះព្រោះការប្រយុទ្ធ និងការឈ្លានពាន​មាន​ទូទាំង​ព្រំដែន​គោក​ទៅ​ហើយ​បន្ថែម​ដោយ​ផ្នែក​មួយ​ នៃតំបន់សមុទ្រ។ សម្រាប់ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នូវ​តែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា​ ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ»។សម្ដេច​តេជោបានបន្តថា អាស្រ័យហេតុនេះ​សូម​បង​ប្អូន​ប្រជា​ជន​ថៃ​ដែល​កំពុ​ង​រស់​នៅ​កម្ពុជា​អាច​ចាក​ចេញ​ពី​កម្ពុជា​តាមផ្លូវអាកាសនៅភ្នំពេញ ឬនៅសៀមរាប។ សម្រាប់​ប្រជាជន​ថៃដែ​ល​កំពុង​ធ្វើ​ការ​នៅ​ជិត​ព្រំដែន​វៀតណាម​អាច​ចេញ​ទៅតា​ម​វៀត​ណាម​ហើយ​រក​វិធី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​វិញ​។ ឯប្រជាជន​កម្ពុជា​ប្រសិន​ចង់​មក​កម្ពុជា​ក៏​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ផ្លូវ​អាកាស​នៅ​ទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។សម្ដេចតេជោ​បានបញ្ជាក់សារជាថ្មីថា យើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា ឬ​ប្រជាជនថៃនោះឡើយ។ អ្វីដែល​យើង​សូម​ឲ្យ​ផ្អាក​គឺ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​ជា​ចំណុច​គ្រោះថ្នា​ក់​ដល់​ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ និង​សូម​កុំ​យក​បំណង​ល្អរ​បស់​ខ្ញុំ​ដើម្បី​ការពារជិវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

កងទ័ពនារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់វីរកងទ័ព

2025/12/14 05:49:39 pm        611
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយារបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់វីរកងទ័ព នៃកងពលតូចថ្មើរជើងលេខ៣១ និងវរសេនាតូចលេខ៣១៤ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ដែលនេះបានបង្ហាញក្នុងស្មារតី "ខ្មែរតែមួយ" ដើម្បីរួមគ្នាជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃនៅសមរភូមិជួរមុខ។អំណោយទាំងអស់នេះ គឺជាការឆ្លើយតបដ៏ទាន់ពេលវេលាចំពោះការលំបាកខ្វះខាត នានាដែលកងទ័ពជួរមុខកំពុងជួបប្រទះក្នុងគ្រាដែលប្រទេសជាតិកំពុងរងការវាយប្រហារពីយោធថៃ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់វីរកងទ័ព លោកជំទាវ ចាយ ច័ន្ទរ៉ានី ក្នុងនាមតំណាងឧត្តមសេនីយ៍ទោ ជាមេបញ្ជាការ បានបង្ហាញយ៉ាងច្បាស់អំពី ស្មារតីជាតិនិយម និង សាមគ្គីភាព ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលតែងតែរួមគ្នា ជួយគាំទ្រ និងលើកកម្លាំងចិត្ត ដល់វីរកងទ័ពរបស់យើងនៅសមរភូមិជួរមុខ។ សកម្មភាពដ៏ប្រពៃនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងមូល មិនដែលព្រងើយកន្តើយចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង របស់កងទ័ព ដែលបានពលីកម្លាំងកាយចិត្ត ដើម្បីធានាសុវត្ថិភាព និងអធិបតេយ្យភាពរបស់ជាតិ៕

មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥

2025/12/14 05:25:55 pm        271
មកទល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥នេះ យោធាថៃ បន្តបើក​ការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ក្នុងនោះយោធាថៃ បាន​ប្រើ​ប្រាស់​កាំ​ភ្លើងធំ រថក្រោះ ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ក្រៅពី​នេះ​បាន​ប្រើ​ដ្រូន​ទម្លាក់​គ្រាប់​បែក​ចូល​ក្នុង​ភូមិជោគជ័យ និងព្រៃចាន់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បាន​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាននៅរសៀលនេះថា នៅទិសយោធភូមិភាគទី៤ ភាគីថៃ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់តាំងពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ១៦ រសៀលនៅថ្ងៃនេះ។ យោធាថៃ​បាន​បើក​ការ​បាញ់​ប្រហារកា​ន់តែខ្លាំងថែមទៀត នៅក្នុងភូមិសាស្រ្ដភ្នំខ្មោច តំបន់អានសេះ ប្រាសាទខ្នា ប្រាសាទ​ព្រះវិហារ និងជាំតែ ដោយប្រើប្រាស់កាំភ្លើងធំ និងផ្សែងពុល។ សកម្មភាព​របស់​យោធាថៃ​ នៅបន្តធ្វើការបាញ់ប្រហារ ដោយបន្តបាញ់សម្រុកបន្ថែមនៅភូមិសាស្រ្ដ ភ្នំខ្មោច បុស្ស​ស្បៅ ជាំតែ និងប្រាសាទខ្នា ដោយបានបាញ់កាំភ្លើងធំ ពីចម្ងាយ រថក្រោះបាញ់បំបុក និង​ដ្រូនទ​ម្លាក់​គ្រាប់​បែក នៅភូមិសាស្រ្ដ តាសឹម គោល៨ ជប់អង្គុញ ផ្ទះតាម៉ុក និងតាថាវ ដោយយោធាថៃ បាន​បាញ់​ចូលពីចម្ងាយបន្ថែមទៀត។ យោធាថៃបានវាយប្រហារបន្ត នៅភូមិសាស្រ្ដ ប្រាសាទ​តាក្របី ​ថ្មដូន ដោយប្រើប្រាស់កាំភ្លើងធំបាញ់ប្លោង និងប្រើប្រាស់ផ្សែងពុលបន្ថែមទៀត។ ចំណែក​ស្ថានការណ៍នៅទិសយោធភូមិភាគទី៥ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់​តាំង​ពីម៉ោង ១៣រសៀល រហូតដល់ម៉ោង ១៦ រសៀល ក្នុងភូមិសាស្រ្ដភូមិជោគជ័យ និងភូមិប្រៃចាន់ ដោយ​ប្រើ​ប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃ បញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់​ការ​ផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវា​យ​ប្រហារ​ដោយ​មិន​រើស​គោល​ដៅ​មក​លើ​ជន​ស៊ីវិល ​និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធា​ថៃ​ត្រូវ​តែប​ង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះ​សន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាម​រយៈ​សកម្ម​ភាព​ជាក់​ស្ដែង ​ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM