កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ

ព័ត៌មានជាតិ

មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥

2025/12/14 05:25:55 pm        271
មកទល់រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥នេះ យោធាថៃ បន្តបើក​ការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ក្នុងនោះយោធាថៃ បាន​ប្រើ​ប្រាស់​កាំ​ភ្លើងធំ រថក្រោះ ផ្លោងចូលដែនអធិបតេយ្យកម្ពុជា ក្រៅពី​នេះ​បាន​ប្រើ​ដ្រូន​ទម្លាក់​គ្រាប់​បែក​ចូល​ក្នុង​ភូមិជោគជ័យ និងព្រៃចាន់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បាន​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាននៅរសៀលនេះថា នៅទិសយោធភូមិភាគទី៤ ភាគីថៃ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់តាំងពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ១៦ រសៀលនៅថ្ងៃនេះ។ យោធាថៃ​បាន​បើក​ការ​បាញ់​ប្រហារកា​ន់តែខ្លាំងថែមទៀត នៅក្នុងភូមិសាស្រ្ដភ្នំខ្មោច តំបន់អានសេះ ប្រាសាទខ្នា ប្រាសាទ​ព្រះវិហារ និងជាំតែ ដោយប្រើប្រាស់កាំភ្លើងធំ និងផ្សែងពុល។ សកម្មភាព​របស់​យោធាថៃ​ នៅបន្តធ្វើការបាញ់ប្រហារ ដោយបន្តបាញ់សម្រុកបន្ថែមនៅភូមិសាស្រ្ដ ភ្នំខ្មោច បុស្ស​ស្បៅ ជាំតែ និងប្រាសាទខ្នា ដោយបានបាញ់កាំភ្លើងធំ ពីចម្ងាយ រថក្រោះបាញ់បំបុក និង​ដ្រូនទ​ម្លាក់​គ្រាប់​បែក នៅភូមិសាស្រ្ដ តាសឹម គោល៨ ជប់អង្គុញ ផ្ទះតាម៉ុក និងតាថាវ ដោយយោធាថៃ បាន​បាញ់​ចូលពីចម្ងាយបន្ថែមទៀត។ យោធាថៃបានវាយប្រហារបន្ត នៅភូមិសាស្រ្ដ ប្រាសាទ​តាក្របី ​ថ្មដូន ដោយប្រើប្រាស់កាំភ្លើងធំបាញ់ប្លោង និងប្រើប្រាស់ផ្សែងពុលបន្ថែមទៀត។ ចំណែក​ស្ថានការណ៍នៅទិសយោធភូមិភាគទី៥ បន្តបាញ់ប្រហារមកលើកម្ពុជា គិត​ចាប់​តាំង​ពីម៉ោង ១៣រសៀល រហូតដល់ម៉ោង ១៦ រសៀល ក្នុងភូមិសាស្រ្ដភូមិជោគជ័យ និងភូមិប្រៃចាន់ ដោយ​ប្រើ​ប្រាស់ដ្រូនទម្លាក់គ្រាប់បែក។ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃ បញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់​ការ​ផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវា​យ​ប្រហារ​ដោយ​មិន​រើស​គោល​ដៅ​មក​លើ​ជន​ស៊ីវិល ​និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធា​ថៃ​ត្រូវ​តែប​ង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះ​សន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាម​រយៈ​សកម្ម​ភាព​ជាក់​ស្ដែង ​ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន៕

ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់ ដោយសារ​ថៃឈ្លានពាន

2025/12/14 05:16:15 pm        659
ភ្នំពេញ៖ គិតចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង១សៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើ​ឈ្លាន​ពាន​រំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុនមកលើដែន​អធិបតេយ្យ​កម្ពុជា​របស់​ភាគី​ថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យ ប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​លើ​សុវត្ថិភាព​ប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាជាច្រើន ក្នុងនោះ ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់។យោងតាមសេចក្ដីប្រកាសព័ត៌មានបរស់ ស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់​ពី​ម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុនមកលើ​ដែន​អធិប​តេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យ ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាក្នុងនោះ មានពលរដ្ឋស្លាប់ និង​របួស​ចំនួន​១១នាក់ និងរបួសចំនួន៥៩នាក់។ចំណែក ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១១៧,១២០ គ្រួសារ (កើនឡើង ៣,០១៤ គ្រួសារ) ស្មើនឹងមនុស្ស ៣៩៤,៧០៦នាក់ (កើនឡើង ១០,៦០៥នាក់) ក្នុងនោះស្រី ២០៤,៨៨៩នាក់ និង កុមារ៩៥.៩៤៩នាក់។ តួរលេខនេះ អាច​មាន​ការ​ប្រែ​ប្រួល​ជា​បន្ត​បន្ទាប់​។ទង្វើឈ្លានពានរបស់ថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មានផ្ទះសំបែង និង​សម្ភារ​ប្រើ​ប្រាស់របស់ ប្រជាពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទ​បុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង បានកំពុង​រង​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់​ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការ វាយ​ប្រហារ​ដោយ​អាវុធ​គ្រប់​ធុន​ និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាង​មុតមាំ​លើ​យុទ្ធសាស្ត្រ​ការពារជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អគ្គ​ភស្តុភារ​ជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេចទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បាន​កំ​ពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

BREAKING NEWS | ម៉ោង១៦:០៤នាទី យោធាថៃបានបាញ់​ប្រហារ​មក​លើ​កម្ពុជា​ដោយ ​ប្រើប្រាស់​គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ

2025/12/14 05:06:20 pm        1096
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​បាន​បន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុង​ភូមិសាស្រ្ត​ប្រាសាទ​តាមាន់​ធំ ខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ។ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង១៦និង០៤នាទី យោធាថៃ​បាន​បាញ់​ប្រហារ​មក​លើ​កម្ពុជា​ដោយ​បង្កើន​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ភូមិ​សាស្ត្រ​ប្រាសាទ​តាមាន់ធំ។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕

សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុនប្រមាណ ១ពាន់ប្រាំរយនាក់ប្រមូលផ្តុំគ្នាប្រឆាំងការវាយប្រហារដ៏ឃោរឃៅរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់រងទុក្ខ

2025/12/14 04:21:12 pm        608
(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនប្រមាណ ១ ៥០០នាក់ បានប្រមូលផ្តុំគ្នាចំនួន ៦ទីតាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពានអធិបតេយ្យភាពកម្ពុជា។ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរទាំង៦ទីតាំងរួមមាននៅទីក្រុងតូក្យូ២ទីតាំង ខេត្តអូសាកា ខេត្តអាយឈិ ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តហ្វូគូអូកា។ តាមរយៈការប្រមូលផ្តុំនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់យោធាថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន។ទោះបីជាអាកាសធាតុត្រជាក់ស្ទើរសូន្យអង្សារ និងមានភ្លៀងធ្លាក់នៅទីតាំងមួយចំនួន ក៏អ្នកចូលរួមទាំងអស់បានស្រែកយ៉ាងក្លៀវក្លានូវពាក្យស្លោក និងកាន់បដាដែលបង្ហាញការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជាដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការបំផ្លាញសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យសហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន និងដាក់សម្ពាធដល់យោធាថៃឱ្យបញ្ឈប់ការវាយប្រហារយ៉ាងសាហាវឃោរឃៅនេះជាបន្ទាន់ ដើម្បីធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងសន្តិភាពនៅក្នុងតំបន់ទាំងមូល។សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បងប្អូនខ្មែរនៅប្រទេសជប៉ុនក៏បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា ចំនួន ២ទីតាំងផងដែរ គឺនៅទីក្រុងតូក្យូ និងខេត្តអូសាកា ប្រទេសជប៉ុន៕

អ្នកតំណាងរាស្រ្ដ ព្រះសង្ឃ និង​សប្បុរសជន​ប្រគល់​ស្បៀង​ដល់​កង​កម្លាំង​ជួរ​មុខ​យោធ​ភូមិភាគ​ទី៤

2025/12/14 03:56:00 pm        481
នៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២៥នេះឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប និងលោកជំទាវ រួមជាមួយព្រះសង្ឃដែលបាននិមន្តមកពីខេត្តកំពង់ចាម ព្រម​ទាំង​មានការចូលរួមពីសំណាក់ក្រុមហ៊ុនខ្សែ​កាបអ​ង្គរខេត្ត​សៀម​រាបបាន​ធ្វើ​ការ​ប្រគល់​នូវ​គ្រឿង​ឧបភោ​គ​បរិភោគ និងសម្ភារៈប្រើ​ប្រាស់ព្រ​ម​ទាំង​ថវិកា​ជូន​ដល់​កង​កម្លាំ​ងយោធ​ភូមិ​ភាគ​ទី៤ ដែល​កំពុ​ង​ឈរជើងការពារសមរភូមិតាមបន្ទាត់ព្រំដែន។ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ថ្លែងថា គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សង្គ្រាម ឬការបាត់បង់ជីវិតនោះទេ ប៉ុន្តែប្រទេសកម្ពុជាមា​ន​កាតព្វ​កិច្ច​ការពារ​អធិបតេយ្យ​ភាពរបស់ខ្លួនហើយប្រទេសកម្ពុជាមិនមែនជាអ្នកឈ្លានពានទេ ហើយក៏មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀងណាមួយដែរ គឺកងកម្លាំងកម្ពុជាយើងបានការពារខ្លួនប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​រំលោភបំពានពីសំណាក់ភាគីថៃ។ឯកឧត្តម អ្នកឧកញ៉ា ក៍បានថ្លែងកោត​សសើរ​នូវ​ស្មារតី និង​ទឹក​ចិត្ត​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា​របស់​អង្គ​ភាពទ័ពជួរមុខ និងប្រសិទ្ធ​ពរជ័យ​មហា​ប្រសើរ​ជូន​ចំពោះ​នាយ​ទាហាន និង​ពល​ទាហាន​ទាំង​អស់​ដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនក្នុងការ​ការពារ​បូរណភា​ព​ទឹក​ដី​ប្រឆាំង​នឹង​ការ​ឈ្លាន​ពានរបស់កងទ័ពថៃ។ ឯកឧត្តមបន្តថា ក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និង​សូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតី​អង់​អាច​ក្លាហានរ​បស់​បង​ប្អូន​កង​ទ័ព​ទាំង​អស់​ដែល​កំពុងប្រយុទ្ធ​ការពារទឹកដីរបស់យើង ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នា​រក្សា​សាមគ្គី​ភាព​ឯកភាព​រឹងមាំ និង​ជ្រោង​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​បូរណៈ​ភាព​ទឹក​ដី​ពី​សត្រូវឈ្លានពាន។ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ និងអរគុណ​ដល់​ព្រះសង្ឃ​ដែល​បាននិមន្តមកពីខេត្តកំពង់ចាម និងសប្បុរសក្រុមហ៊ុន​ខ្សែ​កាបអង្គរ​ដែល​បា​នដែ​ល​បាន​ចូល​រួម​ឧបត្ថម្ភគាំទ្រក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះ​សរ​ក្នុង​ការ​រួបរួម​ជាតិ​ខ្មែរជា​ធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

ពលរដ្ឋខេត្តកំពតរួមសាមគ្គីគ្នាដាល់អំបុកសម្រាប់ជូនដល់វីរកងទ័ពជួរមុខកំពុងច្បាំងការពារទឹកដី

2025/12/14 03:43:25 pm        542
បន្ទាប់ពីមានការស្នើសុំរបស់វីរៈកងទ័ពជួរមុខ ក៏ដូចជាសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេស​សម្តេចតេជោ និងសម្តេចធិបតី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ក្រុមយុវជនខេត្តកំពត បានរួមសាមគ្គីគ្នាដាល់អំបុកស្រូវថ្មី ដើម្បី​ផ្ញើ​ជូន​ទៅ​ដល់​វីរ​កង​ទ័ព​ជួរ​មុខ​ដែល​កំពុង​ឈរជើងច្បាំងបណ្ដេញចោរសៀម ដែលបាននឹងកំពុងឈ្លានពានមកលើអធិបតេយ្យ និង​បូរណភាពទឹកដីកម្ពុជា។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខេត្តកំពតបានលើកទឹកចិត្ត និង​បាន​បួងសួ​ង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​តាម​បី​បាច់​ថែ​រក្សាឲ្យវីរកងទ័ពកម្ពុជា មានសុខភាពល្អ មានសុវត្ថិភាព និងជ័យជម្នះ​លើ​ពួក​ចោរ​ឈ្លាន​ពាន​សៀម​លើ​គ្រប់សមរភូមិ។ សូមបញ្ជាក់ថា ក្រៅពីការផ្តួចផ្តើមនាំគ្នាដាល់អំបុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជា​ពលរដ្ឋ​ ព្រះសង្ឃ យុវជន ក៏បានចូលរួមបរិច្ចាគជាសម្ភារៈ ថវិកា គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត​ នៅតាមមូលដ្ឋាន ឃុំសង្កាត់ ស្រុកក្រុង និងនៅរដ្ឋបាលខេត្តផងដែរ ដើម្បីឧបត្ថម្ភគាំទ្រ និង​ជួយ​ដល់​វីរកងទ័ព និងបងប្អូនជនភៀសសឹកផងដែរ ៕

ឯកឧត្តម ឌិត ទីណា និងអ្នកឧកញ៉ា លាង ឃុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាពនៅខេត្តបន្ទាយមានជ័យ

2025/12/14 03:28:53 pm        408
នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណក្រុមហ៊ុន ជីបម៉ុង យ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែទាំនិងគាំពារប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យ៕

មកទល់ពេលនេះពលរដ្ឋភៀសសឹកកើនដល់ជាង ៣៨ម៉ឺននាក់ ខណៈ​ស្លាប់​១១​នាក់​ដោយ​សារ​ថៃ​ឈ្លានពាន

2025/12/14 03:11:00 pm        559
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះពលរដ្ឋភៀសសឹកជម្លៀសចេញពីព្រំដែនកម្ពុជា-ថៃ កើន​ដល់ជាង ៣៨ ម៉ឺននាក់ ក្នុងនោះមានកុមារជាង ១សែននាក់ ខណៈពលរដ្ឋស៊ីលស្លាប់ ១១ នាក់ និងរបួស ៥៩ នាក់ ដោយសារ​ថៃ​ឈ្លាន​ពាន​ប្រដាប់​អាវុធ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​រយៈ​ពេល​៨​ថ្ងៃ​មកនេះ។យោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយ​អំពើឈ្លានពានប្រដាប់អាវុធ ជាមុនពីសំណាក់ភាគីថៃចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូត​ដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាន​ឱ្យ​ដឹង​ថា ពលរដ្ឋស៊ីវិលស្លាប់កម្ពុជាស្លាប់មានចំនួន ១១ នាក់ និងរបួសចំនួន៥៩នាក់។ ខណៈ​មកទល់ពេលនេះ ពលរដ្ឋកំពុងភៀសសឹកនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមាន​ជ័យ​ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មាន​ជន​ភៀស​សឹក​សរុប​ ១១៤.១០៦ គ្រួសារ (កើន១.១៤០គ្រួសារ) ស្មើនឹងមនុស្ស ៣៨៤.១០១ នាក់ (កើន​៣.៨១៧នាក់) ក្នុងនោះស្ត្រីមានប្រមាណ២សែននាក់ និងកុមារប្រមាណ ១សែននាក់។ក្រៅ​ពី​នេះ តាមរយៈអំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ ជាមុន​មក​លើ​ដែន​អធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូបាន​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ក្នុងនោះបាន​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តស៊ីវិល៖ មានផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ ប្រជាពលរដ្ឋ អគារ​ក្រុម​ហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈ​ជា​ច្រើន​កន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសេវាជាមូលដ្ឋាន ដូចជា សេវា​រដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយ​សារ​តែ​ភាគីថៃបង្កើនការ វាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និង​ជឿ​ជាក់​យ៉ាង​​មុត​មាំ​លើ​យុទ្ធ​សាស្រ្ត​ការពារ​ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អគ្គ​ភស្តុភារ​ជាន់​ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេចទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បាន​កំពុង​ប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់​អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

អគ្គលេខាធិការរងរដ្ឋសភា នាំយក​ស្បៀងជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​សម្រាប់​បែង​ចែក​ជូន​ជន​ភៀស​សឹក​ និងកងទ័ព

2025/12/14 03:04:17 pm        276
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា ប្រគល់ជូន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍ សម្រាប់ចាត់ចែងចែកជូនដល់ វីរៈកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ នៅក្នុងខេត្តពោធិ៍សាត់។អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន ថវិកា២០.០០០.០០០រៀល, ឆៃប៉ូវ ២០០គីឡូក្រាម, បាយក្តាំង ១០កេស, ទឹកត្រី ២០០យួរ, ទឹកស៊ីអ៊ីវ ២០០យួរ, មីខ្លាឃ្មុំ ២០០កេស, ត្រីខ ២០កេស ,អង្ករ ២០០ការ៉ុង និងភួយ ១០០។ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ដែលបាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ឯកឧត្តម បន្តថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ និងសប្បរសជននានា បានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា ពុំទាន់មានភាពធូរស្រាលនៅឡើយ ដោយអាជ្ញាធរខេត្តបាននឹងកំពុង បែងចែកស្បៀងអាហារទៅដល់កងទព័ជួរមុខ ប្រជាពលរដ្ឋជាជនភៀសសឹក គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែងរងផលប៉ះពាលដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ៕ 

គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ ប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃ ដើម្បី​រួម​គ្នា​ជួយ​វីរ​កងទ័ព និងជនភៀសសឹក

2025/12/14 02:59:07 pm        228
ដោយសារទង្វើឈ្លានពានទឹកដីរបស់កម្ពុជា​ពីសំណាក់ភាគីថៃ បាន​ធ្វើ​ឱ្យ​បង​ប្អូន​អាជីវករ​លក់​ដូរ​នានា​ បានប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃទេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា បាន​ទិញ​យកទៅជួយដល់វីរកងទ័ព និងជនភៀសសឹក ។បើកតាមការលើកឡើង របស់បងប្អូនអាជីវករ នៅផ្សារជម្ពូវ័ន២ ប្តេជ្ញា មិនលក់ដូរឡើងថ្លៃទេ គឺ​មាន​តែ​លក់បន្ធូរបន្ថយតម្លៃជាងមុនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ដែល​មក​ជួយ​ទិញយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជួយដល់ជនភៀសសឹក។ បងប្អូនអាជីវករ បាន​បន្ត​ទៀត​ថា គ្រានេះត្រូវតែរួបរួមគ្នា ជាមហាកម្លាំងសាមគ្គីតែមួយ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ។ ដូច្នេះ​ហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និង​ថ​វិកាជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែល​កំពុងនៅសមរភូមិមុខ ។ចំណែកលោក ម៉ិល បេត ប្រធានផ្សារជម្ពូវ័ន២ បានប្រាប់ថា តាមការចុះសង្កេត គឺបងប្អូនអាជីវករ ពុំ​បាន​លក់ដូរឡើងថ្លៃទេ ហើយបងប្អូនអាជីករ មានស្មារតីរួបរួមសាមគ្គីគ្នាល្អណាស់ ក្នុង​នោះ​ពួក​គាត់​ បាននាំគ្នានាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន យកមកជូនគណៈកម្មការផ្សារ ហើយ​គណៈកម្មការផ្សារបានដឹកទៅសាលាសង្កាត់ និងជូនដល់កងទ័ព នៅបន្ទាយ ង៧០ ដើម្បី​ដឹក​ជញ្ជូន​ដល់ដៃវីរកងទ័ព និងជនភៀសសឹក។ ហើយជាមួយគ្នានេះ លោក​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល និងនាំគ្នាជួយគំាទ្រដល់វីរកងទ័ព និង​ជនភៀសសឹក ត្រូវតែរួបរួមគ្នាជាមហាកម្លាំងសាមគ្គីតែមួយទំាងអស់គ្នា ។សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនអាជីវករ នៅតាមបណ្តាផ្សារផ្សេងៗទៀត សុទ្ធតែបាន​ប្តេជ្ញា​លក់​ទំនិញ មិនតម្លៃថ្លៃឡើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាព​បាន​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ក្នុងស្ថានភាពដែលភាគីយោធាថៃកំពុងឈ្លានពានកម្ពុជា និងកំពុងនាំគ្នា​ជួយ​គំាទ្រ​ដល់​វីវ​កង​ទ័ព​៕ អត្ថបទ៖ ពៅយី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM