ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

ព័ត៌មានជាតិ

អគ្គលេខាធិការរងរដ្ឋសភា នាំយក​ស្បៀងជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​សម្រាប់​បែង​ចែក​ជូន​ជន​ភៀស​សឹក​ និងកងទ័ព

2025/12/14 03:04:17 pm        276
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា ប្រគល់ជូន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍ សម្រាប់ចាត់ចែងចែកជូនដល់ វីរៈកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ នៅក្នុងខេត្តពោធិ៍សាត់។អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន ថវិកា២០.០០០.០០០រៀល, ឆៃប៉ូវ ២០០គីឡូក្រាម, បាយក្តាំង ១០កេស, ទឹកត្រី ២០០យួរ, ទឹកស៊ីអ៊ីវ ២០០យួរ, មីខ្លាឃ្មុំ ២០០កេស, ត្រីខ ២០កេស ,អង្ករ ២០០ការ៉ុង និងភួយ ១០០។ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា , ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និង ឯកឧត្តម រូហ្វី អូស្មាន អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ដែលបាននាំយកអំណោយមនុស្សធម៌ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ឯកឧត្តម បន្តថា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ និងសប្បរសជននានា បានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា ពុំទាន់មានភាពធូរស្រាលនៅឡើយ ដោយអាជ្ញាធរខេត្តបាននឹងកំពុង បែងចែកស្បៀងអាហារទៅដល់កងទព័ជួរមុខ ប្រជាពលរដ្ឋជាជនភៀសសឹក គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែងរងផលប៉ះពាលដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ៕ 

គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ ប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃ ដើម្បី​រួម​គ្នា​ជួយ​វីរ​កងទ័ព និងជនភៀសសឹក

2025/12/14 02:59:07 pm        228
ដោយសារទង្វើឈ្លានពានទឹកដីរបស់កម្ពុជា​ពីសំណាក់ភាគីថៃ បាន​ធ្វើ​ឱ្យ​បង​ប្អូន​អាជីវករ​លក់​ដូរ​នានា​ បានប្តេជ្ញាលក់ទំនិញមិនឡើងថ្លៃទេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា បាន​ទិញ​យកទៅជួយដល់វីរកងទ័ព និងជនភៀសសឹក ។បើកតាមការលើកឡើង របស់បងប្អូនអាជីវករ នៅផ្សារជម្ពូវ័ន២ ប្តេជ្ញា មិនលក់ដូរឡើងថ្លៃទេ គឺ​មាន​តែ​លក់បន្ធូរបន្ថយតម្លៃជាងមុនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ដែល​មក​ជួយ​ទិញយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជួយដល់ជនភៀសសឹក។ បងប្អូនអាជីវករ បាន​បន្ត​ទៀត​ថា គ្រានេះត្រូវតែរួបរួមគ្នា ជាមហាកម្លាំងសាមគ្គីតែមួយ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ។ ដូច្នេះ​ហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និង​ថ​វិកាជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែល​កំពុងនៅសមរភូមិមុខ ។ចំណែកលោក ម៉ិល បេត ប្រធានផ្សារជម្ពូវ័ន២ បានប្រាប់ថា តាមការចុះសង្កេត គឺបងប្អូនអាជីវករ ពុំ​បាន​លក់ដូរឡើងថ្លៃទេ ហើយបងប្អូនអាជីករ មានស្មារតីរួបរួមសាមគ្គីគ្នាល្អណាស់ ក្នុង​នោះ​ពួក​គាត់​ បាននាំគ្នានាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន យកមកជូនគណៈកម្មការផ្សារ ហើយ​គណៈកម្មការផ្សារបានដឹកទៅសាលាសង្កាត់ និងជូនដល់កងទ័ព នៅបន្ទាយ ង៧០ ដើម្បី​ដឹក​ជញ្ជូន​ដល់ដៃវីរកងទ័ព និងជនភៀសសឹក។ ហើយជាមួយគ្នានេះ លោក​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល និងនាំគ្នាជួយគំាទ្រដល់វីរកងទ័ព និង​ជនភៀសសឹក ត្រូវតែរួបរួមគ្នាជាមហាកម្លាំងសាមគ្គីតែមួយទំាងអស់គ្នា ។សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនអាជីវករ នៅតាមបណ្តាផ្សារផ្សេងៗទៀត សុទ្ធតែបាន​ប្តេជ្ញា​លក់​ទំនិញ មិនតម្លៃថ្លៃឡើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាព​បាន​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ក្នុងស្ថានភាពដែលភាគីយោធាថៃកំពុងឈ្លានពានកម្ពុជា និងកំពុងនាំគ្នា​ជួយ​គំាទ្រ​ដល់​វីវ​កង​ទ័ព​៕ អត្ថបទ៖ ពៅយី 

សម្ដេច ស ខេង អញ្ជើញសំណេះសំណាល និងនាំអំណោយផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តបាត់ដំបង

2025/12/14 02:46:27 pm        350
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញសំណេះសំណាលនិងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពចំនួន៤ទីតាំងនៅខេត្តបាត់ដំបង។ក្នុងឱកាសនោះ សម្ដេច ស ខេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹកដែលបានរងគ្រោះដោយសារការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។ក្នុងនាមតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្ដេច ស ខេង ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ថវិកាក៏ដូចជាធនធានផ្ទាល់ខ្លួនជូនរាជរដ្ឋាភិបាល និងតាមសប្បុរសជននានាបានយកមកផ្ដល់ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងទៀតដែលកំពុងរងគ្រោះដោយការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។ ជាមួយគ្នានោះ សម្ដេច ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសថៃ មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។សម្ដេច បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។បើតាមរបាយការណ៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបាត់ដំបងមានចំនួន១០.៣៣៩គ្រួសារ មនុស្សរាយ៣៣.៣០០នាក់បានស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាពដែលរដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលស្រុករៀបចំ។ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណជាអនេកប្បការចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងដែលជានិច្ចកាលសម្តេចតែងតែចូលរួមលើកទឹកចិត្ត និងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕

ពលរដ្ឋ និងអាជ្ញាធរនៅភ្នំពេញ បន្តរួបរួមគ្នាប្រមូលជំនួយជួយឧបត្ថម្ភទៅកាន់សមរភូមិមុខ

2025/12/14 02:20:50 pm        319
នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ កម្លាំងស្មារតីសាមគ្គីភាពក្នុងនាមឈាមជ័រជាខ្មែរ កាន់តែផុលផុសខ្លាំងក្លា ក្នុងការបន្តប្រមូលជំនួយ សម្រាប់ផ្តល់ជំនួយឧបត្ថម្ភទៅកាន់សមរភូមិមុខជូនវីរជនកងទ័ព និងបងប្អូនជនភៀសសឹក។ ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលខណ្ឌ៧មករា ក៏ដូចជាបងប្អូនសប្បុរសជន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំច្រកអំបុកសាមគ្គីតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន រួមទាំងសម្ភារៈ ស្បៀងអាហារ និងថវិកា ក្នុងការផ្តល់ជួយទៅកាន់វីរជនកងទ័ព នៃយើង និងបងប្អូនប្រជាជនភៀសសឹក ​ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង ។ ប្រជាពលរដ្ឋ ជាសប្បុរសជនដែលបានចូលរួមជាមួយសកម្មភាពសប្បុរស ក្នុងការផ្តល់​ជំនួយ​ឧបត្ថម្ភខាងលើ បានបង្ហាញការយល់ឃើញថា ​ក្នុងកាលៈទេសៈពេលនេះ ប្រជាជនកម្ពជា​ពុំអាច​នៅស្ងៀមឈរឱបដៃមើលប្រទេសជាតិខ្លួនឯងត្រូវបានចោរឈ្លានពាននោះឡើយ ដូច្នោះ​ហើយ​កម្លាំងសាមគ្គីភាព គឺជាផ្នែកដ៏សំខាន់បំផុតក្នុងការជួយគ្នា ដើម្បីការពារអធិបតេយ្យភាពទឹកដី ។ គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល៨ថ្ងៃហើយ ដែលកងកម្លាំងយោធា​ប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូល​មកក្នុងដែនអធិបតេយ្យភាព​របស់កម្ពុជា​យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ​ផ្ទះសម្បែងពលរដ្ឋ, ប្រជាជនរ៉ាប់ម៉ឺននាក់ ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ ៕ អត្ថបទ ៖ លីហេង

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត

2025/12/14 01:31:30 pm        383
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំ​សេចក្តី​សុខ​ជូន​ព្រះ​រា​ជា​ណាច​ក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។ ពិធី​បួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំង​ថ្នាក់​ដឹ​ក​នាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា។ ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែល​ជា​អ្នក​កសាង​ប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់​ទុក​មរតក​ដ៏​មាន​តម្លៃ ​សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់​មាតុភូមិ​កម្ពុជា​ទាំង​មូល និងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកង​ទ័ព​ខ្មែរ​គ្រប់​ៗ​ជំនាន់ ​ដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។ ក្រៅពីពិធីបួងសួង ដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះ​វិញ្ញាណ​ក្ខន្ធ​បុព្វ​បុរស វីរជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញទៅអុជធូបបួងសួង នៅ​តាម​ទី​សក្តិ​សិទ្ធិ​ជា​ច្រើន​កន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ ដើម្បីដាក់តាំងបង្ហាញសមិទ្ធិផលនានា ទាក់ទងនិងកិច្ចការអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរនិងមហាជនបានទស្សនាផងដែរ៕

អគ្គលេខាធិការដ្ឋានរដ្ឋសភាបែងចែកអំណោយថវិកាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរកងទ័ពតាមសមរភូមិជួរមុខនិងពលរដ្ឋភៀសសឹក

2025/12/14 01:11:53 pm        198
ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរប្រឆាំងការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលអំណោយជាថវិកាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគ បរិភោគជាច្រើនពីថ្នាក់ដឹកនាំរដ្ឋសភាសមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការ​នៃ​អគ្គលេខាធិការដ្ឋានរដ្ឋសភាទីប្រឹក្សាជំនួយការព្រមទាំងពីសប្បុរសជននានាសម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា។នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភាក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានចាត់ចែងដឹកជញ្ជូនជំនួយទាំងអស់នោះ ឆ្ពោះ ទៅកាន់បណ្តាខេត្តនានា ជាប់ព្រំដែនថៃ ដើម្បីផ្គត់ផ្គង់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។អំណោយនឹងប្រគល់ជូនអាជ្ញាធរខេត្តនីមួយៗដើម្បីធ្វើការបែងចែក តាមគោលដៅក្នុងនោះ មាន៖ ខេត្តព្រះវិហារទឹកប្រាក់ចំនួន២០លានរៀលខេត្តឧត្តរមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន២០លានរៀល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៥០លានរៀល និងខេត្តពោធិ៍សាត់ ទឹកប្រាក់ ចំនួន ២០លានរៀល ខេត្តកោះកុង ថវិកាចំនួន ២០លានរៀល ។ ចំណែកសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលខេត្ត នីមួយៗ ទទួល បានមានដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ អង្ករ ត្រីខ បាយក្តាំង អំបុក ភួយ និង សម្លៀកបំពាក់ជាដើម។អគ្គលេខាធិការដ្ឋានរដ្ឋសភា បានកំពុងទទួលអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ទៀតហើយនឹង ធ្វើការបែងចែក ទៅតាមតំបន់ផ្សេងៗទៀត។ ក្រៅពីការបែងចែកអំណោយ ខាងលើ នេះ ក្រុមការងាររបស់រដ្ឋសភាដោយមានការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភា បានអញ្ជើញចូល រួមពិធីបុណ្យសព និងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកថវិកា ជូនកងទ័ពជួរមុខនិងពលរដ្ឋកំពុង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលាជាដើម។យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិង មន្រ្តីរាជការរដ្ឋសភា សូមបួងសួង ដល់ទេវតា រក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោកសូមតាម ថែរក្សា ការពារកងទ័ពកម្ពុជារបស់យើងឱ្យជួបប្រទះតែសេចក្តីសុខជៀសផុតពីជំងឺដង្កាត់ទាំងឡាយហើយ ឈ្នះអស់ខ្មាំងសត្រូវ៕

លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

2025/12/14 12:21:04 pm        224
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និមន្ត និងរួមដំណើរដោយ គ្រូចៅអធិការវត្តចំនួន៣វត្តក្នុងស្រុក លោកជំទាវអ្នកតំណាង រាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីមេឃុំ បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ ជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ចំនួន១០២គ្រួសារ ស្ថិតនៅសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងឱកាសនោះដែរ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។អំណោយចែកជូននាឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ៣០គីឡូក្រាម , មី១កេស ,ទឹកបរិសុទ្ធ១យួរ, ទឹកត្រី១ដប , ទឹកស៊ីអុីវ១ដប , ត្រីឆ្អើរ១ថង់ ស្មើនឹង ៤ចង្កាក់ , ផ្អកត្រី ឬប្រហុក១កែវ , សៀង១យួរ , ភួយ១ , សារុង១ , និងថវិកា៤០,០០០រៀល៕

ក្រសួងបរិស្ថាន ចូលរួមលើកកម្ពស់សុខភាព និងអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាព ជនភៀសសឹកនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ

2025/12/14 12:06:44 pm        330
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះដល់ទីតាំងសុវត្ថិភាពមួយចំនួននៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ដើម្បីចូលរួម ពង្រឹងការធ្វើអនាម័យបរិស្ថាន ការទុដាក់សំរាម ការវិភាគលើគុណភាពទឹក និងគុណភាពខ្យល់។នៅមណ្ឌលសុវត្ថិភាពស្រែណូយ ស្ថិតនៅភូមិវត្តស្រែណូយ ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប មានប្រមាណជនភៀសសឹក ស្នាក់នៅ ៦០០គ្រួសារ មានប្រជាពលរដ្ឋ ប្រមាណ ២,១០០នាក់។ក្នុងឱកាសនោះក្រុមការងារបានតេស្តគុណភាពខ្យល់ ដោយបានយកឧបករណ៍ មកវិភាគនៅទីតាំងជនភៀសសឹកស្រែណូយ ដោយទទួលបានលទ្ធផល ល្អណាស់ PM2.5=12 µg/m³។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះ នៅក្បែរនោះដែលប្រជាជនភៀសសឹក បានប្រើប្រាស់ទឹកស្អាតជាប្រចាំ។ ក្រុមការងារបានរកឃើញលទ្ធផលនៃការធ្វើតេស្តគុណទឹកស្រះជាបឋម គឺស៊ីតុណ្ហភាព=25.96 °C, pH=7.28, និងDO=4.77 mg/L មិនទទួលរងការបំពុលនោះទេ។ ក្រុមការងារក៏បានយកសំណាកទឹកស្រះចំនួន១សំណាក ទៅវិភាគនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា អនាម័យនៅតាមមណ្ឌលសុវត្ថិភាពនានា មាន ការ ចូលរួមទុកដាក់សំរាម និងមានការចូលរួមពីសិស្ស យុវជន កុមារ និងជនភៀសសឹក បានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តដែលមានមណ្ឌលជនភៀសសឹក បានល្អ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានផ្តល់ជូនបន្ថែមលើធុងសំរាម ជូនដល់រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ ក្នុង១ខេត្ត ចំនួន៥០ ធុង និងមានបាវ ដើម្បីទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវ និងបង្កើនភាពស្អាត នៅតាមមណ្ឌលសុវត្ថិភាព។

ថៃនៅតែបន្តការរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព

2025/12/14 11:42:15 am        416
មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៨ថ្ងៃហើយដែលយោធាថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា ដោយរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខា និងជំរុញបន្ថែមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះថា ភាគីថៃនៅតែបន្តរំលោភបំពាននូវបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរ ដោយភាគីថៃ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី១៤ ខែធ្នូនេះ ដោយមិនរើសទីតាំង បាញ់សម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលលើដែនអធិបតេយ្យភាពកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់៕

មកទល់ព្រឹកនេះ យោធាថៃបន្តបាញ់ផ្លោងចូលតំបន់មួយចំនួន ក្នុងយោធភូមិភាគទី៤ និងទី៥ កម្ពុជា

2025/12/14 11:34:46 am        413
គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបាន និងកំពុងបន្តបាញ់ប្រហារចូលដីកម្ពុជាយ៉ាងខ្លាំង ក្នុងភូមិសាស្រ្ដយោធមភូមិភាគទី៤ និងទី៥ កម្ពុជា ក្នុងនោះមានកន្លែងខ្លះទាហានថៃ បានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងកម្ពុជា បានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទ សារព័ត៌មាននៅព្រឹកមិញនេះថា រហូតមកដល់ព្រឹកនេះយោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា​ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ​របស់ប្រទេសថៃ ប៉ុន្ដែកងកម្លាំងកម្ពុជាបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី​មិនឱ្យសត្រូវឈ្លានពានបានឡើយ។លោកជំទាវបានឱ្យដឹងថា នៅព្រឹកនេះ សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។ សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។ នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។ នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង។សូមបញ្ជាក់ថា ទង្វើដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់របស់ភាគីថៃឈ្លានពានដែន​អធិបតេយ្យ​ភាពកម្ពុជានេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM
លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន
06/03/2026 11:06 AM
លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន
06/03/2026 11:06 AM
កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី
06/03/2026 11:06 AM
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
06/03/2026 11:06 AM
ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង
06/03/2026 11:06 AM
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
06/03/2026 11:06 AM