មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្ថាបនា​ផ្លូវបេតុង​នៅ​មូល​ដ្ឋាន​​ជាច្រើន​ខ្សែ​ស្រប​នឹង​គន្លឹះ​អាទិភាព នៃ​យុទ្ធ​សាស្ត្រ​របស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពលរដ្ឋ

2025/12/11 03:40:53 pm        389
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមស្ថាបនាផ្លូវចាក់បេតុង ព្រម​ទាំង​កសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយ​លើក​កម្ពស់​កម្រិត​ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ហើយពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​ប្រែក្លា​យ​ផ្លូវ​ក្រាល​ក្រួស​ល្បាយ​ដី​ ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែនៅទូទាំងប្រទេស ដែល​កិច្ចខិ​តខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ ជាពិសេសនៅទីជនបទ។ជាក់ស្តែងក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងអភិវឌ្ឍន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារលើកកម្រិតគុណភាព និង​ស្ថាបនា​ផ្លូវ​ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ រួមមាន៖*គម្រោងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង លូ​មូល​មុខ​ពីរ​ចំនួន ១កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិត​នៅ​ពី​ភូមិ​ស្វាយ​ធំ ទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង (គម្រោងលេខ DRR-NC-2025-No.058,103044)។*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាង​សង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាហុក ទៅ​ភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខ DRR-NC-2024-No.014) (បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើ​ប្រាស់​ថវិកា​ជំពូក ២១។ក្នុងឱកាសតំណាងឯកឧត្ដមបណ្ឌិត ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាល បាន​នឹង​កំ​ពុង​ខិត​ខំ​អភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយ​បាន​ដាក់​ចេញ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។ឯកឧត្ដម​បានបន្តថា ទន្ទឹមនេះក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និ​ង​ជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រសំខាន់ៗគឺទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជា​ផ្លូវ​ក្រាល​កៅ​ស៊ូ​ពីរជាន់ និងផ្លូវបេតុង, ទី២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យ​បរិស្ថាន​ជន​បទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣៖ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាម​រយៈ​ការ​ជំរុញ​អភិវឌ្ឍ​សហគមន៍​ជន​បទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤៖ លើក​កម្ពស់​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និង​ទី៥​៖ ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​មន្ដ្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូល​រួម​ចំណែក​អនុវត្ត​ការងារ​ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ជាមួយនេះ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ជួយ​សម្រប​សម្រួល ក្នុងការស្ថាបនាផ្លូវនេះឱ្យបានចប់តាមផែនការ ជាមួយនឹងការសូមយោគយល់ ពី​ការ​ស្ថាបនា​នេះ នៅពេលមានការរំខានណាមួយ។ ព្រមទាំងស្នើ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម​ទប់​ស្កាត់ ​នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ ​ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បី​ធានា​ថា​អាចប្រើប្រាស់បានយូរអង្វែង។អាជ្ញាធរ និងប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីនេះ បានថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុង​មូល​ដ្ឋាន​របស់ពួកគេដែលការអភិវឌ្ឍនេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​ជាមួយ​នឹងការប្ដេជ្ញាចូលរួមធ្វើយ៉ាងណាឱ្យផ្លូវនេះដំណើរការស្ថាបនាដោយរលូន និង​ឆាប់បានប្រើប្រាស់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗបានស្រួល សុវត្ថិភាព និង​ឆាប់​រហ័ស​៕

ក្រសួងប្រៃសណីយ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្តេជ្ញាបន្តពង្រឹងវិស័យបច្ចេកវិទ្យាឌីជីថល

2025/12/11 03:05:29 pm        315
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Pierre MARCELLI នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement - AFD) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអនុវត្តអនុស្សរណៈ នៃការយោគយល់រវាងស្ថាប័នទាំងពីរដែលបានចុះហត្ថលេខាក្នុងអំឡុងព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកនាយក អំពីភាពជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ទស្សនវិស័យរបស់ក្រសួងក្នុងដំណើរ នៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាល និងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លើលពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជំរុញឱ្យធុរកិច្ច នៃបណ្តារដ្ឋសមាជិកកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។ ជាការឆ្លើយតប លោកនាយក បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីៗរបស់ក្រសួង ជាពិសេសអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលជាថ្នាលមួយទទួលបានភាពជោគជ័យ និងការចាប់អារម្មណ៍ពីសំណាក់ប្រទេសជាច្រើន ព្រមទាំងត្រូវបានប្រទេសមួយចំនួនក្នុងតំបន់យកជាគំរូ និងស្នើសុំយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកនាយក បានក៏សម្តែងការគាំទ្រ និងបន្តពិភាក្សាជាមួយ ក.ប.ទ. លើគម្រោងនានាដែលបាន និងកំពុងសិក្សារួមគ្នា៕

ពិព័រណ៍សៀវភៅកម្ពុជា រៀបចំឡើងដើម្បីជំរុញការអានកាន់តែប្រសើរឡើងថែមទៀត

2025/12/11 02:17:53 pm        174
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ខែធ្នូនេះ បាន​ប្រកាស​បើក​ដំណើរការជាផ្លូវការ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត”។ កម្ម​វិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅឆ្នាំ២០២៥ បានឱ្យដឹងថា នេះជា​លើក​ទី​១២​ហើយ ​ដែលពិព័រណ៍សៀវភៅបន្តរៀបចំឡើង ដើម្បីដាក់តាំង​បង្ហាញ​សៀវភៅ​ដែល​ចូល​រួម​ពី​អ្នក​និព​ន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងប្រទេសកម្ពុជា។ ក្រៅពី​ការ​តាំង​បង្ហាញ​សៀវ​ភៅ ​ក៏មានវេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបទ​បង្ហាញ​នានា​ទាក់​ទង​នឹងអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រជាដើម។ លោកបានបន្ថែមថា ជាពិសេស ដើ​ម្បីបណ្ដុះទម្លាប់ការអានរបស់ពលរដ្ឋកម្ពុជា។នៅក្នុងពិធីសម្ពោធបើកពិព័រណ៍សៀវភៅនាឱកាសនោះ ឯកឧត្តម ឧត្តមប្រឹក្សាព្រះមហាក្សត្រ ខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ​ការ​តាំង​ពិព័រណ៍​សៀវ​ភៅក​ម្ពុជា គឺទទួលបានការគាំទ្រច្រើនពីសាធារណជនជាច្រើន ហើយក៏បានក្លាយ​ជា​ព្រឹត្តិការណ៍​វប្បធម៌ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជន​ខ្មែរ​ឱ្យ​មាន​ទម្លាប់ក្នុង​ការ​អានសៀវភៅ ស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។ឯកឧត្តម បានគូសបញ្ជាក់ថា សៀវភៅ គឺជាធនាគារដ៏មហាសាលមួយដែលផ្ទុកនូវបញ្ញា គម្ពី​សាស្រ្តា ​ក្បួនខ្នាត ប្រមូលផ្តុំនូវចំណេះដឹង និងទស្សនៈនានា រាប់ទាំងពីសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាជាដើម។ ការអានសៀវភៅធ្វើឱ្យខួរក្បាលរីកលូតលាស់ ថ្កុំថ្កើង ហើយ​និង​ចង​ចាំ បង្កើនបរិយាកាសរីករាយ ជាពិសេសកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធិភាព។ពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០២៥ ទីតាំងស្ថិតនៅបរិវេណ អ៊ីលីហ្សេ នៃមជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ​ពិព័រណ៍នេះ មានស្តង់សៀវភៅចំនួនជិត៣០០ស្តង់ រួមជាមួយនឹង​សៀវភៅរា​ប់​ម៉ឺន​ក្បាល​៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា បង្វែរ​ការ​ចាប់​អារម្មណ៍​អំពី​ការ​រំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន

2025/12/11 02:03:30 pm        418
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​ប្រកាស​ទាត់​ចោល​នូវ​ខ្លឹមសារ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មានថៃ (សារព័ត៌មាន Amarin News, Thai Tribune និងArmy Military Force) ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើ​ប្រាស់​ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា អះអាងថា​ខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ ជា​ព័​ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត​ ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុង​គោល​ដៅ​បង្វែរ​កា​រចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បី​យក​លេស​ប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕

កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

2025/12/11 12:07:53 pm        423
បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និង​រចនាសម្ព័ន្ធប្រាសាទត្រូវបាន បំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះ​ជា​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។ នេះបើ​តាម​សេច​ក្តីថ្លែង​ការណ៍​ថ្កោល​ទោស​យោធា​ថៃ​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា។ តាមសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិត​នៅ​ភូមិ​សែន​មនោរម្យ​១ ​ឃុំ​គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំង បុរាណដ្ឋាន​អភិរក្ស​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់​ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែ​រក្សា​ការ​ពារ​ដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួល​រង​ការ​ខូច​ខាត​ពី​ធម្មជាតិ ​ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បន្តថ្កោល​ទោស​ចំពោះ​ទង្វើ​អសីល​ធម៌​មក​លើ​វិស័យ​វប្បធម៌​ដោយ​យោធា​ថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និង​ជា​ការបន្តមិនគោរពដល់អនុសញ្ញា នានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំង​អនុ​សញ្ញា​ឆ្នាំ​១៩៥៤ និងឆ្នាំ១៩៧២។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការ​ជំនាញ​អន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួម ថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញ​ឱ្យ​យោធា​ថៃ​បញ្ឈប់​ជា​បន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការ ឈ្លានពាន ដោយងាកមក​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជន​កម្ពុជា​ទាំង​អស់​សូម​កាន់​ទុក្ខ​ចំពោះ​ការ​ខូច​ខាត​ទាំង​ស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូ​វ​ទង្វើ​ឧក្រិដ្ឋកម្ម​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បំផ្លិច​បំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែ​ប្រាសាទ​នេះ​នៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុ​តាង​នៃ​សោកនាដ​កម្ម​វប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់​ស្កាត់​ទង្វើ​ឧក្រិដ្ឋកម្មនេះកុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕

​អ្នកនាំពាក្យ៖ ថ្ងៃនេះថៃឈ្លានពានកម្ពុជា ថ្ងៃក្រោយ​ថៃ​ក៏​អាច​ឈ្លាន​ប្រទេស​ដទៃ​ដែរ​ប្រសិន​បើ​គ្មាន​ចំណាត់​កា​រ​ណាមួយពីអន្តរជាតិ

2025/12/11 12:00:43 pm        269
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ថ្ងៃ​នេះ​ទាហានឈ្លានបានថៃ បានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ហើយប្រសិន​បើ​គ្មាន​សហគមន៍​អន្តរជាតិ​​ចាត់​វិធាន​ការ​ណា​មួយ​ទេ ​ថៃអាច​នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​ប្រទេស​ដទៃ​ទៀត​ដែល​ទន់​ខ្សោយ ដោយទង្វើនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល។ក្នុង​សន្និសីតសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពី​ស្ថានភាព​ព្រំដែន​ក្រោយ​ទាហាន​ឈ្លានពានថៃបាញ់ប្រហារមកលើកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើកឡើង​ថា កង​ទ័ព​ថៃ​បានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុង​នោះរួ​ម​មានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើ​ប្រាស់​ឧស្ម័ន​ពុល ​ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការ​បាញ់​អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាល​ឱ្យ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ច្រើន​ស្លាប់ ​និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើស​ច្បាស់​ជា​ច្រើន​ទៀត​។ លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា« សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយ​អនុញ្ញាត​ឱ្យ​ប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយមកជ្រើស​រើស​ការ​គំរាម និងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច អាចបន្ត​ទង្វើ​ឈ្លាន​ពានរបស់ខ្លួនដោយនិទណ្ឌភាព។ ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បី​ឱ្យ​កង​ទ័ព​ថៃ​ទទួលខុសត្រូវចំពោះខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែក​កង​ទ័ព​ថៃ​ក៏​អាចធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន ដែល​នេះ​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល»។លោកជំទាវម៉ាលី សុជាតា បានលើក​ឡើង​ទៀត​ថា​ បើ​ទោះ​បី​ជា​ថៃ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ច្បាស់​អន្តរជាតិ​រាប់​មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹម​តែមិ​ន​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោ​ទ​ប្រកាន់​កម្ពុជា​យ៉ាង​ង​ងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេស​ដើម្បី​បម្រើ​ដល់​ការ​ឈ្លាន​ពាន​លើ​ដែន​អធិបតេយ្យ​កម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ ជាមួយគ្នានេះកម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដក​កម្លាំង​ចេញ​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និង​ស្ថិរ​ភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ ​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅ​ក្រោម​ច្បាប់​អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដផងដែរ។សូម​បញ្ជាក់ថារហូតដល់ម៉ោងជាង១១នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារ ក្នុងដែន​អធិប​តេយ្យ​ស្រប​ច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្ត​ពោធិ៍​សាត់​។ ​ក្រោយបន្តឈ្លានពានពីសំណាក់ទាហានថៃនេះ កងកម្លាំងកម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បី​ការពារបូរណភាពទឹកដីរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពី​ការ​ឈ្លាន​ពាន​ដោយ​យោធាថៃ​មក​លើដែ​នអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

2025/12/11 11:04:11 am        607
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បាន​ចូល​រួម​ថ្លែង​ក្នុង​កិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្រប​សម្រួល​ជំនួយ​សង្រ្គោះ​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំង​ជំនួយ​សេដ្ឋកិច្ច​ពិសេស​" ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពី​ការ​ឈ្លាន​ពាន​ដោយ​យោធា​ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃ​បញ្ឈប់​អារិភាព​ជា​បន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួម​ទាំង​ការ​ប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំង​ស៊ីវិល​ផ្សេង​ទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បី​ឈ្លាន​ពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែល​កម្ពុជា​បាន​ប្រើ​ប្រាស់​សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់​រយៈ​ពេល​ជាង​២៤ម៉ោង៕

គណៈកម្មាធិការ ICC-Angkor និងសំបូរព្រៃគុក កំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប

2025/12/11 10:35:39 am        182
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននឹងកំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥នេះ។កិច្ចប្រជុំបច្ចេកទេសនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសុភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួសពីលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំងនិងលោកNAGASE Kensuke អនុប្រធានក្រុមបេសកកម្មនៃស្ថានទូតជប៉ុន។កិច្ចប្រជុំបច្ចេកទេស ដែលកំពុងប្រព្រឹត្តិទៅនេះ គឺក្រុមអ្នកជំនាញអន្តរជាតិ កំពុងពិនិត្យមើលទៅលើការអនុវត្តន៍ការងារនានាសម្រាប់ការអភិវឌ្ឍន៍នានា នៅក្នុងរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក។កិច្ចប្រជុំក៏បង្ហាញកង្វល់ជុំវិញការប៉ះពាល់ប្រាសាទដល់បុរាណ ដោយសារតែសង្គ្រាម នៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងផងដែរ។ បន្ថែមលើនេះកិច្ចប្រជុំក៏តាមដានក៏ពិនិត្យតាមដានឡើងវិញ ទៅលើរបាយការណ៍និងអនុសាសន៍របស់ក្រុមអ្នកជំនាញអាដហុក(ADHOC) ដែលបានដាក់ចេញស្ដីពីបច្ចេកទេសការជួសជុលប្រាសាទបុរាណនិងការងារអភិរក្សនានា ជាច្រើនកន្លែងកន្លងមក។សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននិងកំពុងបើកកិច្ចប្រជុំនេះ មានរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១២ខែធ្នូ។នៅថ្ងៃសុក្រទី១២ ខែធ្នូឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក និងបើកកិច្ចប្រជុំពេញអង្គលើកទី៣២៕

BREAKING NEWS (UPDATE) | ម៉ោង១០និង០៦នាទី យោធាថៃ​បាន​បើក​ការ​វាយ​ប្រហារ​មុន​មក​លើ​ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់

2025/12/11 10:30:23 am        453
នៅម៉ោងប្រមាណម៉ោង១០និង០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់​អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់​ក្រសួងការពារជាតិ។ក្រសួងការពារជាតិបន្តថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំង​ជាមួយ​សត្រូវ​ឈ្លាន​ពាន​យ៉ាង​ស្វិត​ស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។

ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគី​ថៃ​មក​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/11 10:13:24 am        355
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពី​បច្ចុប្បន្ន​ភាព​អំពី​សភាព​ការណ៍​នៃ​ការ​ឈ្លាន​ពានរ​បស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និង​យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ ស្ថានភាព នៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបើកការបាញ់ប្រហារមកលើ   កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ- ម៉ោង ១៥:០៥នាទី យោធាថៃបានប្រើប្រាស់រថក្រោះបុកចូលអានសេះ។- ម៉ោង ១៦:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន ២គ្រាប់។- ម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:២៥នាទី យោធាថៃបានវាយលុកខ្លាំងនៅភូមិសាស្រ្តភ្នំ៦៧៧ ផ្សារអូរផ្កាស្នេហ៍ និងភ្នំ៥០០ ប្រាសាទព្រះវិហារ តាស៊ឹម ៥មករា។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ០៤:៤០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយកាំភ្លើងធំចូល ប្រាសាទខ្នារ។- ម៉ោង ០៤:៥០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូន។- ម៉ោង ៥:០០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយរថក្រោះ បាញ់កាំភ្លើងធំ ចូលទីតាំងថ្មដូនយ៉ាងច្រើន។- ម៉ោង ៥:២០យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា នៅតំបន់មុខតាស៊ឹម។- ម៉ោង ៦:១៦នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយបាញ់កាំភ្លើងធំ កាំភ្លើងគំាទ្រចូលតំបន់អូរស្មាច់។- ម៉ោង ៦:៣៥នាទី យោធាថៃបានចាប់ផ្តើមបើកបាញ់ប្រហារមកលើកម្ពុជាចូលប្រាសាទតាក្របី។ ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបើកការបាញ់ប្រហារមកលើ   កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ -ម៉ោង ១៥:១២នាទី កម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារ និងព្យាយាមរុលចូលមកខាងភូមិសាស្រ្ត ភូមិជោគជ័យ។-ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះចូលភូមិសាស្រ្តស្រុកម៉ាឡៃ ក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៥:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំភូមិសាស្ត្រឃុំថ្មថា និងភូមិសាស្ត្រ អូរភ្លុកដំរី។- ម៉ោង ១៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើង១៥៥ម.ម ចំនួន ២គ្រាប់ចូលសាលាបឋម សិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក។- ចាប់ពីវេលាម៉ោង ១៥:៤៥នាទី រហូតដល់ម៉ោង ១៧:៣០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ ម.ម. បានបាញ់មកលើទីតាំងរបស់កម្ពុជា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង និងអូរភ្លុកដំរី។- ម៉ោង ១៧:៥០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំ នៅភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ១៨:២៨នាទី យោធាថៃបានបាញ់កាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្រ្តឃុំថ្មដា។- ម៉ោង ១៩:៤០នាទី រថក្រោះថៃសំដៅភូមិសាស្រ្តបឹងត្រកួន។- ម៉ោង ២១:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់មកទម្លាក់នៅភូមិសាស្ត្រឃុំថ្មដា ចំនួន ២ គ្រាប់។- ម៉ោង ២២:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១០៥មម និងដ្រូនពាំក្បាលគ្រាប់ បាញ់ទម្លាក់តាមបណ្ដាគោលដៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ១១គ្រាប់។គួរឱ្យកត់សម្គាល់ផងដែរថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន  ១០នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៦០នាក់។អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយនូវទង្វើដែលពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងសូមធ្វើការច្រាលចោលទាំងស្រុងនូវចោទប្រកាន់ មួលបង្កាច់ បំភ្លៃការពិតនិងគ្មានមូលដ្ឋានម្តងហើយម្តងទៀតពីភាគីថៃ ដែលក្លាយទៅជាទម្លាប់របស់កងទ័ពថៃ ដើម្បីយកមកធ្វើជាលេសបម្រើដល់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ចំណែកឯកម្ពុជាវិញនៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាពនិ ងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដនោះ។ជាក់ស្តែង កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត។ បើទោះបីជាបានប្រព្រឹត្តនូវអំពើខុសច្បាស់អន្តរជាតិរាប់មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹមតែមិនបានចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយអនុញ្ញាតឱ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយមកជ្រើសរើសការគំរាម និងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច អាចបន្តទង្វើឈ្លានពានរបស់ខ្លួនដោយនិទណ្ឌភាព។ ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃក៏អាចធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន ដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖ បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន  បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើ ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល  បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។ យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រម ព្រៀមបទ ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោម ច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ផងដែរថា «គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។សូមគូសបញ្ជាក់ផងដែរថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM