អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុបបារាំងមានការអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែនជាមួយថៃ

2025/12/18 05:14:20 pm        154
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់លោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកកម្ពុជាក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។ក្នុងអំឡុងជំនួបសម្តែងការគួរសមខាងលើ ភាគីទាំងពីរ បានរីករាយស្វាគមន៍ចំពោះសន្ទុះដ៏វិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈាន់ដល់កម្រិតថ្មី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ព័ត៌មានស្តីពីការវិវត្តន៍ថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Benoît GUIDÉE បានចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែននេះ។ បន្ទាប់ពីជំនួបសម្តែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ម័គ្រចិត្តអន្តរជាតិនៃគម្រោងបម្លាស់ប្តូរ និងសាមគ្គីភាព និងសកម្មភាពអ្នកស្ម័គ្រចិត្តបារាំងនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងការលើកកម្ពស់បម្លាស់ប្តូរប្រជាជននិងប្រជាជន។

ប្រធានគណៈប្រតិភូថ្នាក់តំបន់ ICRC៖វីរកងទ័ពកម្ពុជាទាំង១៨រូបឋិតក្រោមការឃុំគ្រងរបស់ភាគីថៃមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

2025/12/18 04:57:09 pm        169
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងទទួលសារតាំងពីលោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរបស់ ICRC នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះផ្តោតសំខាន់លើកម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ និងជំនួយមនុស្សធម៌ផ្សេងៗក្នុងអំឡុងពេលមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។លោក Montani ក៏បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពីការចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន ១៨ រូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយកងទ័ពថៃ។ យោងតាមការចុះសួរសុខទុក្ខនេះ លោកបានបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកបានបញ្ជាក់បន្ថែមទៀតថា ICRC បានប្រគល់ជូនលិខិតជូនដំណឹងដល់គ្រួសាររបស់ទាហានទាំង ១៨រូប តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជាផងដែរ។

បច្ចុប្បន្នភាពអំពីស្ថាន​ការណ៍​នៅតា​ម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ពាក់ព័ន្ធ​ករណី​​យោធាថៃបន្តការ បាញ់​ប្រហារ និង​ឈ្លាន​ពាន​មក​លើ​ដែន​អធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥ គិត​មក​​ដល់​ថ្ងៃទី​១៨ធ្នូ ជាថ្ងៃទី១២ហើយ

2025/12/18 04:38:59 pm        368
នារសៀលថ្ងៃទី១៨ធ្នូនេះ ក្រសួងការពារជាតិកម្ពុជា បង្ហាញបច្ចុប្បន្នភាពអំពីស្ថាន​ការណ៍​នៅតា​ម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និង​ឈ្លាន​ពាន​មក​លើ​ដែន​អធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមក​ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:00នាទីព្រឹក រហូតដល់ម៉ោង ១៥:០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥    -   ម៉ោង ៨:១០នាទី យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។ - ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។ - ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។- ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច។ - ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។ - ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករា។ - គិតត្រឹមម៉ោង ១៤:០០នាទី សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទី រហូតដល់ម៉ោង ១៥:០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥-   ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។ -   ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ - ម៉ោង ១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ - ម៉ោង ១៣:៤២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ១៤:៣២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅក្នុង ភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅក្នុង ភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។- ម៉ោង ១៤:៤៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងដៃបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់។ ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕

មហាជនកម្ពុជា​គ្រប់ទិសទីកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព-March for Peace គាំទ្រសន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និង​កិច្ចព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា និងថៃ

2025/12/18 04:30:53 pm        516
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹក​នាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែល​ជា​ការ​ដើរ​ថ្មើរ​ជើង​ចម្ងាយ ៣គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បី​បង្ហាញ​ពីបំណង​របស់​កម្ពុជា​ដែល​ចង់​សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ម្តងហើយម្តងទៀត ​កងទ័ព​ថៃ​តែង​តែយ​ក​លេស​លាក់​បាំង​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួនមកលើអធិបយតេយ្យកម្ពុជា ដោយបំពានយ៉ាងកំរោលល្មើសច្បាប់អន្តរជាតិ

2025/12/18 04:10:13 pm        280
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននរសៀលនេះថា ម្តងហើយម្តង​ទៀត​ កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់​កម្បាំង​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួន​ មកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាង​កំរោល​ទៅ​លើ​ច្បាប់​អន្តរជាតិ។លោកជំទាវ បានថ្លែងថា ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួម​ទាំង​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ ដូចជាយន្តហោះចម្បាំង F-16 នា​វា​ចម្បាំង ​កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែង​ពុល​ដ្រូន​គ្រប់​ប្រភេទ​ និង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ទៀត​មក​វាយ​ប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជា​សម្បត្តិ​របស់​មនុស្ស​ជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋ​ដែល​បំផ្លាញ​សន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាង​ជាមួយ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​តំប​ន់​ទាំង​មូល​ដើម្បី​​បម្រើ​មហិច្ឆតា​ឈ្លាន​ពាន​មិន​ចេះ​ឆ្អែត​ឆ្អន់​រប​ស់​ខ្លួន​មក​លើ​ប្រទេស​ដែល​តូច​ និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ។​លោកជំទាវថ្លែងថា៖«យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃ​ការពិតមិនចេះចប់មិនចេះហើយ ហើយងា​ក​មក​រក​មាគ៌ាស​ន្តិភាព​ឡើង​វិញ​តាម​រយៈ​ការ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួន​គោរព​បទ​ឈប់​បាញ់​ដែល​ខ្លួន​បាន​បំពាន និង​អនុវត្ត​ឡើង​វិញ​នូវ​សេចក្តី​ថ្លែង​ការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ»។លោកជំទាវ​បានប្រាប់ទៅភាគីថៃថា កងទ័ពថៃត្រូវ​បង្ហាញ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ប្រក​ប​ដោយ​តម្លាភាព និង​សុឆន្ទះ​ដោយ​ស្តែង​ចេញ​តាម​រយៈ​ទង្វើ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​គោរ​ព​ច្បាប់​អន្តរជាតិឱ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារស័ព្ទនិងការភូតកុហកនោះទេ៕

អ្នកនាំពាក្យក្រសួងការងារ ជំរុញឲ្យ​អតីត​ពលករមកពីថៃ​ដែល​មាន​បំណុល​ប្រញាប់​រក​ការ​ងារ​ក្នុង​ស្រុក ដើម្បី​កសាងជីវភាពឱ្យកាន់តែប្រសើរ ខណៈការងារមានសម្បូរបែប ប្រាក់ឈ្នួលសមរម្យ អត្ថ​ប្រយោជន៍ច្រើន និងសុវត្ថិភាព

2025/12/18 03:32:38 pm        309
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានជំរុញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែល​មាន​បំណុល​សូម​ពិចារណាប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរឡើង ខណៈ​ដែលក្នុងស្រុកមានការងារយ៉ាងសម្បូរបែប អត្ថប្រយោជន៍ច្រើន ប្រាក់ឈ្នួលសមរម្យ និង​លក្ខ​ខណ្ឌការងារកាន់តែល្អប្រសើរ។លោកថ្លែងថា៖«សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់​រួស​រាន់​ស្វែង​រក​ការងារធ្វើនៅក្នុងស្រុក ដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារ​ក្នុង​ស្រុក​យើង​មាន​សម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេស យើង​មាន​លក្ខ​ខណ្ឌការងារកាន់តែល្អប្រសើរ»។បើតាមលោក ស៊ុន មេសា ការបំពេញការងារនៅក្នុងស្រុក គឺជាការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគថ្មីៗ ព្រមទាំងមានភាពកក់ក្តៅបាននៅជិតក្រុមគ្រួសារ ផ្ទុយពីការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលប្រឈមការរើសអើង គ្មានការផ្តល់តម្លៃ និងការធ្វើទុក្ខបុកម្នេញផ្សេងៗ ពីជនជ្រុលនិយមថៃ។ ហេតុនេះ អ្នកនាំពាក្យក្រសួងការងារជំរុញដល់បងប្អូនអតីតពលករទាំងអស់ធ្វើការងារក្នុងស្រុកដើម្បីសម្រួលជីវភាពឱ្យកាន់តែល្អប្រសើរ ប្រកបដោយមានសុវត្តិភាព។ បងប្អូនអតីតពលករ អាចស្វែងរកការងារក្នុងស្រុកដោយទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬទំនាក់ទំនងអាជ្ញាធរ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធទាំងអស់។សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ពលករខ្មែរមកពីប្រទេសថៃមានជាង៩០ម៉ឺននាក់ ដើម្បីឆ្លើយតបតម្រូវការការងាររបស់ពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើករួចមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៥០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន៕

BREAKING NEWS | នៅម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់ ១គ្រាប់ទៀតនៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ

2025/12/18 02:53:48 pm        587
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅម៉ោង ១៤:៤៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

BREAKING NEWS | នៅម៉ោងជិត៣រសៀលនេះយោធាថៃ បន្តប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់២គ្រាប់ក្នុងភូមិសាស្រ្ដក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ

2025/12/18 02:51:40 pm        507
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅម៉ោងជិត៣រសៀល ថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃ បន្តប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់២គ្រាប់ក្នុងភូមិសាស្រ្ដក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិកម្ពុជា បានញ្ជាក់ថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ក្នុងនោះ ម៉ោង ១៤:៣២នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ២គ្រាប់ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ និងចុះពិនិត្យ សន្តិសុខ សុវត្ថិភាព កម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នៅរសៀលនេះ

2025/12/18 01:30:53 pm        153
ភ្នំពេញ៖ កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ការដើរដើម្បីសន្តិភាព។ យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ធ្នូនេះ នៅសាលារាជធានីភ្នំពេញ។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណះនិងជាសមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ជាតំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរ មិនមានអ្វីរាំងស្ទះ។កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរគឺ ស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ឯកឧត្តមស្នើឱ្យអាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឲ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈពិសេសជុំវិញកន្លែងប្រារព្ធពិធី។ជាមួយនេះការពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវធ្វើឡើងផងដែរដើម្បីធានាថា សន្តិសុខ សុវត្ថិភាព សំរាប់មហាជនអ្នកចូលរួមក្នុងពិធីគឺបានល្អ១០០ភាគរយ។ ឯកឧត្ដម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា៖ក្នុងនាមអាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់ក៏ត្រូវពិនិត្យមើលបងប្អូនប្រជាពលរដ្ឋយើង ដែលចូលរួមក្នុងពិធីនេះផងដែរ ដោយមិនត្រូវឱ្យពួកគាត់ធ្វើសកម្មភាពអ្វីដែលជ្រុល ប្រាសចាកនូវអ្វីដែលជាគោលបំណងរបស់កម្មវិធីរបស់យើងចង់បានឡើយដូចជាការប្រមាទ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចកាយករូបថត ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជានោះទេ។  ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ ជាគម្រោងក្នុងពិធីនេះនឹងមានមហាជនចូលរួម ប្រមាណ៣ម៉ឺននាក់។ ដូច្នេះកងកម្លាំងរបស់យើងត្រូវអនុវត្តនូវអ្វីដែលជាគម្រោងផែនការដែលយើងបានគ្រោងទុក ហើយក្រោយកម្មវិធីត្រូវបានបញ្ចប់យើងក៏បានគិតគូរទៅដល់ការប្រមូលសំអាតសំរាមផងដែរ មានន័យថា កម្មវិធីបញ្ចប់នៅទីតាំងប្រារព្វពិធីគឺមិនមានសំរាម និងមានបរិស្ថានល្អប្រសើរជាធម្មតាឡើងវិញ។ឯកឧត្ដម សុខ សប្បាយណា ក៏បានលើកឡើងដែរថា៖ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួមប្រមាណ៣ម៉ឺននាក់ មិនមែនយើងខ្លាចគេឬយើងទន់ខ្សោយនោះទេតែយើងចង់បញ្ជាក់ថា៖យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងដោយសារសង្គ្រាម ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។គួរបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នូវបានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងផ្ទាល់ផងដែរ ដោយចាប់ផ្ដើមដើរត្រួតពិនិត្យពីផ្សាររាត្រី រហូតទៅដល់រង្វង់មូលសម្ដេចជួនណាតនិងបន្តទៅដល់វិមានឯករាជ្យដែលជាកន្លែងប្រារព្ធពិធីធំ ដើម្បីធានាថា អ្វីដែលជាគម្រោងដែលបានរៀបចំ គឺដាច់ខាត ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ៕

កម្ពុជាទទួលស្គាល់ចំពោះការរួមចំណែករបស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សម្រាប់កម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម

2025/12/18 12:24:58 pm        252
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV) នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមនៃវឌ្ឍនភាពវិស័យសកម្មភាពមីននិងបញ្ហាប្រឈមដែលនៅសេសសល់ វឌ្ឍនភាពនៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតបទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកក្នុងការផ្តល់ដីសុវត្ថិភាព ការកាត់បន្ថយហានិភ័យ និងការផ្តល់ឱកាសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។អាជ្ញាធរមីន ទទួលស្គាល់ចំពោះការរួមចំណែករបស់ CfRIV ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់លទ្ធផលយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែបោសសម្អាតផ្ទៃដីមានមីនជាច្រើនលានម៉ែត្រការ៉េប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺបានកាត់បន្ថយគ្រោះថ្នាក់ ជម្រុញឱ្យមានការអភិវឌ្ឍន៍ និង លើកកម្ពស់សេដ្ឋកិច្ចសង្គម។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងនោះរួមមានការ ៖ ការសិក្សាស្រាវជ្រាវទិន្នន័យមីនគ្រប់ជ្រុងជ្រោយនៅតាមខេត្តជាប់ព្រំដែន, ការឆ្លើយតបបន្ទាន់ទៅនឹងតំបន់មានហានិភ័យខ្ពស់, វិធានការបន្ទាន់ទៅនឹងភាពតានតឹងនៅជិតតំបន់ព្រំដែន, សំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជាដែលទទួលបានការអនុម័តជាឯកច្ឆ័នពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា, ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពមីន និងការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះការវិលត្រឡប់ជាថ្មីរបស់រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ដែលនឹងចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ហើយឯកឧត្តមចាត់ទុកការគាំទ្ររបស់ប្រទេសអ៊ីតាលី គឺជាការបន្ថែមកម្លាំងថ្មីដើម្បីឱ្យបេសកកម្មរបស់កម្ពុជា ឆាប់ទទួលជោគជ័យតាមគោលដៅដែលបានគ្រោងទុក។ ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ ជំរុញលើកទឹកចិត្តឱ្យគម្រោងបន្តយកចិត្តទុកដាក់នៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM