សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
NEA បន្តរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យនៅខណ្ឌព្រែកព្នៅ

ព័ត៌មានជាតិ

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ បើកឱកាសឱ្យអ្នកលក់ និង​អ្នក​ទិញ​ជួប​គ្នា​ដោយ​ផ្ទាល់

2025/12/05 11:49:08 am        228
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាលើកទី១៥ហើយ ដែល​សមាគម​អ្នក​សាង​សង់​កម្ពុជា​បាន​រៀបចំ​ «ពិព័រណ៍ឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ» ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនជាតិ និង​អន្តរជាតិ បង្ហាញពីឧបករណ៍ និងសម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និង​អ្នក​ទិញ ​ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់។សន្និបាត​បូកសរុបការងារប្រចាំឆ្នាំរបស់សមាគមលើកទី១៥ និងពិធីសម្ពោធ​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ បានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អ្នក​ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ឯកឧត្តម ឃ្លាំង ហូត អភិបាល​រង​រាជ​ធានី​ភ្នំពេញ វិស័យឯកជន និងដៃគូពាក់ព័ន្ធជាច្រើនផ្សេងទៀត។អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងនៅក្នុងឱកាសបើកពិព័រណ៍នេះថា ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​នេះមានសារៈសំខាន់ណាស់សម្រាប់ជាការឆ្លើយតបទៅនឹងការរីកចម្រើន ការអភិវឌ្ឍ​វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ជាមួយនឹងការ​អភិវឌ្ឍ​នេះ ​តម្រូវការសម្ភារៈ បរិក្ខារ គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រឹម​ត្រូវ​តាម​ស្តង់​ដារ​សំណង់​ពិតជាចាំបាច់ ប៉ុន្តែដោយកម្ពុជាបច្ចុប្បន្ន នៅពុំទាន់មាន​រោង​ចក្រ​គ្រឿង​សំណង់​សម្បូរ​បែប​សម្រាប់​ផ្គត់ផ្គង់ឱ្យបានគ្រន់គ្រាន់នៅឡើយ ទើបសមាគមអ្ន​ក​សាង​សង់​កម្ពុជា​​រៀប​ចំ​ការ​ព្រឹត្តិការណ៍​នេះឡើង ដើម្បីផ្តល់ឱកាសដល់​ក្រុមហ៊ុន​សំណង់​ទាំង​អស់​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់។នៅក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋលេខា​ធិការ​ ឡៅ ទិព្វសីហា បានសម្តែង​ការ​កោត​សសើរ​ដល់​សមាគម​អ្នក​សាង​សង់​កម្ពុជា​ដែល​បាន​អនុវត្ត​បេសកម្មការងាររបស់ខ្លួន និងធ្វើជាដៃគូ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សំណង់​កាន់​តែ​រីក​ចម្រើនជាលំដាប់នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដោយសារសន្តិភាព និង​មាន​ភាពជឿជាក់លើការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើ​ឱ្យ​មាន​ស្ថេរភាព​និយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺរំពឹងទៀតថា វិនិយោគិនទាំងអស់ នឹងបន្ត​ការ​វិនិយោគ​ និង​ការអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យ ដូចជា អគារពាណិជ្ជកម្ម ផ្សារ​ទំនើប សណ្ឋាគារ ខុនដូ និងរោងចក្រ -ល- បន្ថែមទៀតបានយ៉ាងច្រើនជាពុំខាន។សូម​ជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៥ មានរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មាន​ការ​ចូល​រួមពីក្រុមហ៊ុនចំនួន៩៦ ស្មើនឹង ២៣៣ស្តង់ ដោយមានសម្ភារ បរិក្ខារ ព្រមទាំង​គ្រឿង​ចក្រ​សំណង់​ប្រមាណ ៥០០ប្រភេទ រួមទាំង ៣២ប្រភេទនៃសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ មកដាក់​តាំង​បង្ហាញ ដោយសម្ភារ និងបរិក្ខារ ព្រមទាំងគ្រឿងចក្រសំណង់ទាំងនេះ ជាផលិតផល​ដែល​បាន​ផលិត​នៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ចិន តៃវ៉ាន់ វៀតណាម កូរ៉េ ជប៉ុន ម៉ាឡេស៊ី បារំាង សិង្ហបុរី រុស្ស៉ី អាល្លឺម៉ង់ ស៊ុយអ៊ែត និងអារ៉ាប់រួម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ អ្នកស្ម័គ្រចិត្តគ្រប់រូបបានរួមកម្លាំង​សាមគ្គីភាព​គ្នា​ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព ​និងជួយជនរងគ្រោះ

2025/12/05 11:30:08 am        162
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញ​ការ​កោត​សរសើរ និងអបអរសាទរ ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោម​មូល​បទ​ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ខណៈសម្ដេច​បាន​ចាត់​ទុក​អ្នក​ស្ម័គ្រចិត្តគ្រប់រូបបានបំផុសចលនាកម្លាំងសាមគ្គីភាពដ៏រឹងមាំតាមគ្រប់រូបភាព ក្នុងបុព្វ​ហេតុ​ការពារ​សន្តិភាព និងជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនានានៅទូទាំងពិភពលោក។ តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោម​ម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមសម្ដេច​ផ្ទាល់​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ចូល​រួម​ជាមួយអង្គការសហប្រជាជាតិ និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហមក្នុងឱកាសការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៥នេះ ក្រោម​មូល​បទ សកល “នៅតាមមូលដ្ឋាន, គ្រប់ទីកន្លែង-Local, Everywhere” ដែលបង្ហាញ​ពី​បណ្តាញ​អ្នក​ស្ម័គ្រចិ​ត្តរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ដែល​មាន​វត្តមាន​ធ្វើ​ប្រតិបត្តិការ​នៅ​តាមសហគមន៍ មូលដ្ឋានគ្រប់ទីកន្លែងទូទាំងពិភពលោក។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ជារៀង​រាល់​ឆ្នាំ ​គឺជាឱកាស ដ៏សំខាន់មួយនៃការប្រាព្ធ ពិធីថ្លែងនូវការកោតសរសើរ និងកតញ្ញូតា​ធម៌​ចំពោះ​កម្លាំង​ស្ម័គ្រ​ចិត្តនៅជុំវិញពិភព ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយ ចិត្ត ពេលវេលា​ដ៏​មាន​តម្លៃ ​ចូលរួមខិតខំប្រឹងប្រែងក្នុង ប្រតិបត្តិការ​មនុស្ស​ធម៌​ជួយ​ដល់​អ្នក​រង​គ្រោះទាំ​ង​ឡាយ​ដោយ​សារ​តែការកើតមានសង្គ្រាម, ជម្លោះប្រដាប់ អាវុធ, អំពើហិង្សា, គ្រោះមហន្តរាយធម្មជាតិ, ជំងឺឆ្លង/​មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាព​ពិត​នៅ​តាម​មូល​ដ្ឋាន​របស់​អ្នក​ស្ម័គ្រ​ចិត្ត​យើងគ្រប់ៗរូប។ជាមួយនឹងការ​ប្រារព្ធរបស់សកលលោក កាកបាទក្រហមកម្ពុជាដែលមានកម្លាំងអ្នកស្ម័គ្រចិត្ត ជាង​៥​ម៉ឺននាក់ទូទាំងប្រទេស បានសម្រេចប្រារព្ធទិវាពិភពលោកនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោម​មូល​បទ​ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ដែលសម​ស្រប​ទៅ​នឹង​បរិការណ៍​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​គ្រប់​ឧបសគ្គ​ក្នុង​ការ​សម្រេច​បាន​យុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​ប្រកប​ដោយ​ចី​រភា​ព​ឆ្នាំ​២០៣០​ ហើយជាពិសេសទៅទៀតនោះ នៅក្នុង ឆ្នាំ២០២៥នេះ គឺការរួមកម្លាំង​សាមគ្គី​ភាព​ជា​ធ្លុង​មួយ​នៅក្នុងប្រទេស ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព ប្រក្រតីភាពនៃជីវភាពរស់នៅ ការ​អត់​ធ្មត់ ព្យាយាមក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដោយ សន្តិវិធី និង​តាម​ច្បាប់​អន្តរជាតិ​ជា​ធរមាន។ក្នុងនាមជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​សម្តែង​នូវ​ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបង-ប្អូនជន​រួម​ជាតិ​គ្រប់​មជ្ឈ​ដ្ឋាន​ក្នុង និងក្រៅប្រទេសមានទាំងបព្វជិត ទាំងគ្រហស្ត និងអង្គការ​ជាតិ​/អន្តរជាតិ​ជា​ច្រើន​ដែល​បាន​នាំ​គ្នាបំផុសចលនា ស្ម័គ្រចិត្ត រួមកម្លាំងសាមគ្គីភាព​ដ៏រឹងមាំតា​ម​គ្រប់​រូប​ភាព​តាម​ទេព្យ​កោសល្យ និងជំនាញរៀងៗខ្លួនក្នុង បុព្វហេតុការពារសន្តិភាព និងបូរណភាព​ទឹកដី​ប្រក​ប​ដោយ​សេច​ក្តី​ថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ ជួយ សម្រាលការលំបាករបស់គ្រួសារយុទ្ធជនរបួស ពលី បង-ប្អូនភៀសសឹក ដែលជារួមមានចាស់ជរា អ្នកមាន ពិការភាព ស្ត្រី កុមារ យុវជន សិស្សានុ​សិស្ស​។ល។ ស័ក្តិសមជាពលរដ្ឋនៃប្រទេសមួយមានអរិយធម៌ ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និង​មាន​សីលធម៌ល្អប្រពៃជាទីបំផុត និងជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថាកម្លាំង ស្ម័គ្រចិត្ត និងកម្លាំង​សាមគ្គី​ភាព​ផ្ទៃក្នុងគឺជាកត្តាកំណត់បាននូវសក្តានុពលរបស់ប្រទេស និងជាកត្តានាំមកនូវ ជ័យ​ជម្នះ ដូចពាក្យចាស់លោកពោលថា ចង្កឹះមួយបាច់គេកាច់ពុំបាក់ឡើយ។នៅចំពោះ​មុខសភាពការណ៍ខាងលើនេះ រួមជាមួយបទពិសោធន៍ជាក់ស្តែងនៅក្នុងប្រតិបត្តិការ មនុស្ស​ធម៌ជួយដល់គ្រួសារភៀសសឹក និងស្របទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិ​ត្យ​ពាក់​កណ្តាល​ទីនៃការ​អនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យល់ឃើញថា កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវតែបង្កើនទ្វេដងនូវសកម្មភាពចម្រុះវិស័យដែល ពង្រឹង​ភាព​ធន់​សហគមន៍​ ដែលក្នុងនោះ សាខា-អនុសាខានីមួយៗ ត្រូវតែយក ចិត្តទុកដាក់ក្នុងកា​រក​សាង​សមត្ថភាព​ជំនាញ​ដល់មន្ត្រីសាខា-អនុសាខា ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជា ប្រតិបត្តិករនៅ​តាម​សហគមន៍ និងយុវជនកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តករនៅតាមគ្រឹះស្ថានសិក្សា នូវ​ជំនាញ​សំខាន់ៗមានដូចជា៖ វិជ្ជាសង្គ្រោះបឋម, ការត្រៀមបង្ការ និង​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​, ការអប់រំ ថែទាំសុខភាពតាមសហគមន៍, គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌, ការ​ការ​ពារ​បដិរូប, ការបង្ការទប់ស្កាត់ គ្រោះថ្នាក់មីន-គ្រាប់បែកចង្កោម, ការធ្វើយុទ្ធនាការអនាម័យ-បរិស្ថាន​ស្អាត, ការចូលរួមទប់ស្កាត់ គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់មួយ និង​មាន​កញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាព ដូចភ្លៀងរលឹម នៅតាមមូលដ្ឋាន និងគ្រឹះស្ថាន​សិក្សា​របស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក “កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” មានប្រសិទ្ធភាព និង រួមចំណែកបង្ហាញពី កម្លាំង​នៅ​មូល​ដ្ឋាន មាននៅគ្រប់ទីកន្លែង៕

ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

2025/12/05 11:14:59 am        241
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន ថ្លែងឱ្យដឹងថា ខណៈក​ម្ពុជា​មាន​បញ្ហា​ព្រំដែន​ដែល​បង្ក​ដោយ​ប្រទេស​ជិត​ខាង ការដឹកជញ្ជូនតាមផ្លូវទឹក បាននិងកំពុងមានសកម្មភាពកើតឡើងយ៉ាងផុលផុស លើ​ពាណិជ្ជកម្មនាំទំនិញចេញ-ចូល ខណៈការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និង​បាន​ឆ្ងាយ​។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-ចូល ក្នុង​សិក្ខា​សាលា​ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្ម ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ជា​អន្តរជាតិថា អនុវិស័យដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យសេវាកម្មរបស់កម្ពុជា អនុវិស័យ នេះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយអនុវិស័យ​ទាំង​៣​នេះ ​បាននិងកំពុងចូលរួមចំណែកទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ច តាមរយៈ​ការ​ធ្វើ​ពាណិជ្ជក​ម្ម​ដឹក​ជញ្ជូន​ទំនិញ​នាំចេញ-ចូល។ លោក ជា ចាន់ដារ៉ា បន្តថា ទាក់ទងនិងការដឹកជញ្ជូនក្នុងវិស័យទាំង៣ខាងលើនេះ បច្ចុប្បន្ន​ឃើញ​ថា​ការ​ដឹកជញ្ជូនតាមផ្លូវទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ គាំទ្រដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ទំនិញ​ចេញ-​ចូល ព្រោះការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបាន ឆ្ងាយ ជាក់ស្តែង​មក​ដល់​ពេល​នេះ ខណៈដែលកម្ពុជាមានបញ្ហាព្រំដែនដែលបង្ករឡើងដោយប្រទេសជិតខាង ការ​ដឹកជ​ញ្ជូន​ទំនិ​ញតាមផ្លូវទឹក មានសកម្មភាពកាន់តែមមាញឹក និងបានកំពុងគាំទ្រ​ដល់​ការដឹក​ជញ្ជូ​ន​ក្នុង​ស្រុក ​ទៅដល់គោលដៅអ្នកប្រើប្រាស់ គឺមានសកម្ម ភាពយ៉ាងផុសផុសផងដែរ។ សូមបញ្ជាក់ថា ជុំវិញសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ នៅថ្ងៃទី៣ ធ្នូ កន្លង​មក​នេះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀប​ចំ​សិក្ខា​សាលា​ស្តីពី​កាត​ព្វ​កិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូន ទំនិញតាម​ផ្លូវ​ទឹក​ជា​អន្តរជាតិ ដើម្បីជាចំណេះដឹងដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បាន​ស្វែង​យល់​បន្ថែម ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក។ នេះ​ក៏​ជា​ការពង្រឹង និងក៏ជាការត្រៀមខ្លួនសម្រាប់អ្នក ប្រកបរបរដឹកជញ្ជូនក្នុងស្រុកផងដែរ និង​សម្រាប់​​ពេ​លខាងមុខ ខណៈដែលកម្ពុជាបាននិងកំពុងស្ថាបនាគម្រោងព្រែកជីកហ្វូណន តេជោ។ ក្នុង​នោះបន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរ វានឹងចូល​រួមចំណែកកាន់​តែ​ខ្លាំង​នៅ​ក្នុង​សកម្មភាព​ដឹក​ជញ្ជូន​ និងការចូលរួម ក្នុងកំណើនសេដ្ឋកិច្ចបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

និយ័តករគណនេយ្យផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញ និងការទទួលស្គាល់​គ្រឹះស្ថានសិក្សា

2025/12/05 10:54:19 am        159
និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងគុណភាព សមត្ថភាព ពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា និងសេចក្តីសម្រេចស្ដីពីគោលការណ៍ ទទួលស្គាល់គ្រឹះស្ថាន សិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្ដីពីគោលការណ៍ទទួលស្គាល់គ្រឹះ ស្ថានសិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពី៖ទី១. ផែន ការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញ ដោយបានបង្កើតឡើងស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងការ ទទួលស្គាល់តួនាទីនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ក្នុងការលើកកម្ពស់តម្លាភាព ទំនុកចិត្តវិនិយោគិន និងការចូលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ច។ ផែនការនេះដើរតួនាទីជាផែនទីបង្ហាញផ្លូវ ដើម្បីពង្រឹងគុណភាពសមត្ថភាព ពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ដោយធានាបាននូវការអនុលោមទៅតាមឧត្តមានុវត្តន៍អន្តរជាតិ ការបង្កើតផែនការអភិវឌ្ឍនេះដើម្បីពង្រឹងប្រសិទ្ធភាព និងសក្ដិសិទ្ធ ភាពនៃការគ្រប់គ្រងការអនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា និងដើម្បីធ្វើឱ្យវិញ្ញាបនបត្រគណនេយ្យជាតិមួយនេះឈានមុខ និងទទួលស្គាល់ ជាអន្តរជាតិ ក៏ដូចជាលើកកម្ពស់សហគមន៍អ្នកជំនាញវិជ្ជាជីវៈដែលមានក្រមសីលធម៌ និងសមត្ថភាពខ្ពស់។ទី២, សេចក្តីសម្រេចស្ដីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដែល មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សានៅកម្ពុជា និងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា សេចក្តីសម្រេចនេះមានគោលបំ ណងជាមូលដ្ឋានក្នុងការកំណត់នូវបុរេលក្ខខណ្ឌ និងតម្រូវការផ្សេងៗដែលគ្រឹះស្ថានសិក្សាត្រូវបំពេញ ដើម្បីទទួលបានសិទ្ធក្នុងការ ផ្តល់ការបណ្ដុះបណ្តាលកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាពីគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ជុំវិញសិក្ខាសាលានេះ, ឯកឧត្តម ងី តាយី បានលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាអភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញ គណនេយ្យ និងសវនកម្ម ដើរឱ្យទាន់ការវិវឌ្ឍរបស់បណ្ដាប្រទេសជឿនលឿនលើពិភពលោក និងការលើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យ លើមុខវិជ្ជា គណនេយ្យ និងសវនកម្មចាំបាច់មួយចំនួន ស្របតាមនិយាមអន្តរជាតិនិងវិធីសាស្ត្របង្រៀនជំនាញថ្មីៗ តាមរយៈការបណ្តុះបណ្តាល និងការបណ្ដុះបណ្ដាលបន្ត ជំរុញវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សា អ្នកបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សាអ្នកបច្ចេកទេស ផ្សេងទៀត ដែលមានគុណវុឌ្ឍប្រហាក់ប្រហែល ដែលកំពុងមានស្រាប់ និងជំរុញការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូ លើ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងកម្មវិធីសិក្សាអ្នកបច្ចេកទេសគណនេយ្យ។សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករ គណនេយ្យ និងសវនកម្ម និងជាអនុប្រធានប្រចាំការ គ.ក.គ.ក., ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគណៈធិបតី និងសមាជិក គ.ក.គ.ក., ប្រធាន អនុប្រធាន នៃអនុគណៈកម្មាធិការទាំង៣ និងលេខាធិការដ្ឋាន គ.ក.គ.ក, តំណាង និយ័តករបរធនបាលកិច្ច និយ័តករសន្តិសុខសង្គម, អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. អគ្គនាយកដ្ឋានពន្ធដារ បុគ្គលឯករាជ្យក្នុង វិស័យគណនេយ្យ និងសវនកម្ម សាកលវិទ្យាធិការ, និងសិស្ស-និស្សិត ប្រមាណជាងជាង៤៥០នាក់៕ អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនបី

2025/12/05 10:48:49 am        195
នៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៥ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។  ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖   ៣.១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ   ៣.២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ   ៣.៣.ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៤-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៥-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទី បន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ខាងលើនេះ៕

មន្រ្តីបរិស្ថាន និងសមត្ថកិច្ចខេត្តក្រចេះ​ចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ​នៅ​តំបន់​ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ

2025/12/05 10:41:37 am        180
ដោយមានការសហការនិងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និង​ប្រជា​ពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារបានចុះពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្រ្ទានដី យកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង៥កន្លែង រួមមាន: ១-ចំណុចពន្លឺពេជ្រ ២-ចំណុចអូរទឹកក្រហម ៣-ចំណុចសសរប្រាំបីជ្រុង ៤-ចំណុចទួលតាសេក និង៥-ទីតាំងចំណុចវាលយន្តហោះ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសស្រ្តខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ដ្រូន និងតម្លើងផែនទី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវកន្លែងដែលមានការកាប់រានដីព្រៃ ក្នុងពេលចុះបំពេញការងារនេះផងដែរ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា ទីតាំងទាំង៥ខាងលើ មានការកាប់រុករានដីព្រៃ និងដាំកូនកៅស៊ូ ដោយកន្លែងខ្លះមានអាយុ ៣ឆ្នាំ កន្លែងខ្លះមានអាយុ១ឆ្នាំ ឬតិចជាង១ឆ្នាំ និងកន្លែងខ្លះទើបកាប់រានថ្មីក្នុរយៈពេល ប្រមាណ២សប្តាហ៍មុន។ជាមួយគ្នានេះ ក្រុមការងារបានទទួលការចូលរួមគាំទ្របន្ថែម ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងបានអនុញ្ញាត្តឱ្យមន្ត្រីនគរបាលយុត្តិធម៌ដកហូត នូវវត្ថុចាប់យកមួយចំនួន ដូចជា ម៉ូតូ Honda Dream ចំនួន ២គ្រឿង កៅឡាក់ចំនួន១ បន្ទះសូឡាតូចនិងអំពូលភ្លើងហ្វា ចំនួន ១ឈុត និងថ្នាំកម្ចាត់ស្មៅចំនួន ១ធុង ចំណុះ ២០លីត្រ កមរក្សាទុក។ ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តក្រចេះ បាននិងកំពុងកសាងសំណុំរឿងករណីនេះ ដើម្បីបញ្ជូនទៅតុលាការ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន

2025/12/05 09:37:21 am        275
ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយ​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​អន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវ​ជ្រាវ​មក​​ពី១១​ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យ​មក​លើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់ ។ក្នុងកម្មវិធីបើកសន្និសីទ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឃៀង សុធី សាកលវិទ្យា​ធិការ នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា សន្និសីទសន្និសីទអន្តរជាតិ ASIP ផ្តោតសំខាន់លើអភិបាលកិច្ចនៃបច្ចេកវិទ្យាវៃឆ្លាត ក្រោមវេទិការ​ពិភាក្សា​ពី​គោល​នយោបាយ​នវានុវត្តន៍​ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយប្រធានបទក្នុងឆ្នាំនេះ គឺស្វែងរកដំណោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកលក្នុងការប្រើប្រាស់ និងគ្រប់គ្រងបញ្ញាសិប្បនិមិត្ត (AI) រ៉ូបូត ស្វ័យប្រវត្តិកម្ម និង​ប្រព័ន្ធ​ឌីជីថលប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាដល់ដំណើរការនវានុវត្តន៍ ភ្ជាប់ទៅ​នឹង​ក្រម​សីលធម៌ ពិចារណាដល់បញ្ហាសង្គម និងការដាក់នូវការអនុវត្តគោលការណ៍ជាដើម ។លោក​សាស្ត្រាចារ្យ បានបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាពីសំណាក់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត​នេះ​នឹងទទួលបាននូវលទ្ធផលល្អ រួមមានការពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការ​ស្រាវ​ជ្រាវ​ តាក់តែងគោលនយោបាយដែលផ្តោតលើអភិបាលកិច្ច បញ្ញាសិប្បនិម្មិត​(AI)​ប្រកប​ដោយ​ក្រម​សីលធម៌ ពង្រីកការស្រាវជ្រាវ និង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​អ្នក​ដឹក​នាំ​នវានុវត្តន៍​ក្នុង​តំបន់។ ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និង​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា ខណៈបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត រ៉ូបូត Quantum Computing និង​បច្ចេក​វិទ្យា​ខាង​ជីវសាស្រ្ត កំពុងមានសន្ទុះរីកចម្រើនខ្លាំង ។ឯកឧត្តមបន្តថា “វាមិនមែនជារឿងដែលថា តើបច្ចេកវិទ្យាទាំងនេះ នឹងកំណត់អនាគតរបស់យើង ឬ​អត់​នោះទេ ។ សំណួរពិតប្រាកដគឺថា តើយើងនឹងដឹកនាំ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ទាំង​នេះ​យ៉ាង​ណា ​ប្រកបដោយភាពឆ្លាតវៃ និងមានទំនួលខុសត្រូវ ដើម្បីបម្រើគោល​ដៅ​បង្កើន​វឌ្ឍនភាព​សម្រាប់​មនុស្សជាតិ” ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍ តាមរយៈផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០៣០ និងបាន​សង្កត់​ធ្ងន់​លើសារៈសំខាន់នៃការវិនិយោគលើមូលធនមនុស្ស និងសមត្ថភាពផ្នែក STEM ហើយ​ត្រូវ​តម្រង់ទិសការវិនិយោគ របស់កាន់តែស៊ីជម្រៅ លើការអភិវឌ្ឍមូលធនមនុស្ស ខណៈ សាកល​វិទ្យាល័យ​មិន​អាចធ្វើការងារនេះតែឯងបានទេ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល វិស័យសិក្សា​ស្រាវ​ជ្រាវ ឧស្សាហកម្ម និងដៃគូក្នុងតំបន់ពិតជាចាំបាច់។លោក​បណ្ឌិតKO Young Joo ជាប្រធានសង្គមអាស៊ីសម្រាប់នវានុវត្តន៍ និងគោលនយោបាយ បាន​ឲ្យ​ដឹងថា សន្និសីទ ASIP ដែលកំពុងប្រារព្ធនៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ ពិតជាមានអត្ថន័យ និង​អនុញ្ញាតឲ្យពួកយើងទទួលបាននូវបទពិសោធន៍ នៃកំណើនបច្ចេកវិទ្យានវានុវត្តន៍ និង​វិវត្តន៍​គោល​នយោបាយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងលើកតម្កើន និងជំរុញឲ្យមានការផ្លាស់ប្តូរ នៃ​គោលនយោបាយផ្សេងៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំប្រកបដោយគុណភាព និង​ធន​ធាន​មនុស្ស។លោកបានគូសបញ្ជាក់ថា នេះមិនត្រឹមតែជាសន្និសីទអប់រំប៉ុណ្ណោះទេ តែជាជួបជុំរវាង​អ្នក​ស្រាវ​ជ្រាវ​ សហគ្រិន អ្នកបង្កើតគោលនយោបាយ និងនិស្សិតក្នុងការផ្លាស់ប្តូរគំនិត ដើម្បីទប់​ស្កាត់​បញ្ហា​ប្រឈម​មុខនានាលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលកំពុងដាក់​ប្រើប្រាស់​ជា​ទូទៅ​ដូច​ជា​AI រ៉ូបូត និងវិស័យផ្សេងទៀត។ បេសកម្មនេះមានភាពច្បាស់លាស់ គឺព្យាយាម​អភិវឌ្ឍន៍​បច្ចេក​វិទ្យា ​និងវិទ្យាសាស្ត្រទំាងនេះប្រកបដោយចីរភាព ផ្តល់ការអភិវឌ្ឍមួយដ៏រីកចម្រើន និងភា​ព​ល្អ​ប្រសើរ​សម្រាប់អនាគតមនុស្សជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ

2025/12/05 09:17:07 am        204
ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងតំណាងសមាគម អង្គការ សង្គមស៊ីវិល ប្រមាណ៤០នាក់ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានបន្ថែមថា ទាំងនេះជាកិច្ចខិតខំដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិមុនៗ បន្តរហូតដល់អាណត្តិទី៧នេះ ហើយស្របពេលដែលក្រសួងបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយភាពប្រឈមថ្មីៗ ដើម្បីធានាសុវត្ថិភាព និងការការពារដល់ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ឯកឧត្ដម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។ជាមួយគ្នានេះ ការដាក់ចុះឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានផ្សេងៗ ត្រូវបានធ្វើឡើងដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភាពចម្រុះ គុណភាព និងបរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិ និងក្នុងក្របខណ្ឌច្បាប់ ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ឯកឧត្តមបានលើកឧទាហរណ៍មួយចំនួនដើម្បីជម្រាបជូនអ្នកចូលរួម ក្នុងនោះការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងលក្ខខណ្ឌគុណវុឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវបានធ្វើឡើង​ដើម្បីលើកកម្ពស់គុណតម្លៃ និងគុណភាពនៃវិជ្ជាជីវៈសារព័ត៌មាន ក្នុងក្របខណ្ឌនៃការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់ការផ្សាយព័ត៌មានពិត ត្រឹមត្រូវ ដោយក្រមសីលធម៌សំដៅរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងបែបថ្មីនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជម្រាបជូនអ្នកចូលរួមផងដែរថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥ នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។          តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ ឯកឧត្តមក៏បានរំលេចជូនអ្នកចូលរួមផងដែរ អំពីលំហសេរីភាពក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានវាយតម្លៃដោយផ្ទាល់ពីប្រតិបត្តិករក្នុងវិស័យនេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដោយលទ្ធផលបានបង្ហាញថាអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក្នុងបរិយាកាសងាយស្រួលសម្រាប់ចុះយកព័ត៌មាន ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។នៅក្នុងព្រឹត្តិការណ៍នោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងការអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងវិស័យសារព័ត៌មាន និងបានថ្លែងលើកទឹកចិត្តដល់សមាគម សង្គមស៊ីវិល និងអំពាវនាវដល់ដៃគូ តួអង្គពាក់ព័ន្ធ ឱ្យចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពសារព័ត៌មានក្នុងដែនក្របខណ្ឌច្បាប់ លិខិតបទដ្ឋានជាធរមាន និងដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមផងដែរឱ្យភាគីទាំងអស់លើកស្ទួយភាពជាដៃគូប្រកបដោយគុណភាព ជំរុញកិច្ចសហការដោយការបើកទូលាយចិត្ត ផ្តោតលើប្រយោជន៍រួមឱ្យបានជាអតិបរិមា ប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវ មានវិជ្ជាជីវៈពិតប្រាកដ ដើម្បីរួមគ្នាអភិរក្សកេរ្តិ៍ដំណែលប្រព័ន្ធផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែប្រសើរឡើងទាន់សម័យកាល ប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង៕

ការធ្វើជំរឿននៅតាមសាលារៀននឹងអនុវត្តចាប់ពីថ្ងៃទី១៦ខែធ្នូខាងមុខ ដោយផ្ដើម​ដំបូង​នៅ​ខណ្ឌ​ដូនពេញ

2025/12/05 09:13:43 am        255
ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានកំណត់យកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់​ការ​ចុះអនុវត្តការងារជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការអនុវត្តដំបូង នឹងធ្វើ​ឡើង​នៅ​គ្រឹះស្ថានសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជ​រដ្ឋាភិបាល​ បា​នដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាម​រចនា​សម្ព័ន្ធ​នៅគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិត មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ នឹង​ចាប់​ផ្តើម​នៅ​មូល​ដ្ឋាន​រាជ​ធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធានក្រុមការងារ​ចុះ​ជំរឿន​នៅ​តាម​គ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រ​ខណ្ឌដូនពេញ​នៃ​រដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​ឆ្ពោះទៅ​កា​ន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមភូមិសាស្ត្រខណ្ឌដូនពេញ។ កិច្ចប្រជុំនេះប្រព្រឹត្ត​​ទៅ​នៅ​វិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃ​ក្រុម​ការងារ​ចុះជំ​រឿនមន្ត្រីជាក់ស្តែង តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និង​កីឡារាជធានីភ្នំពេញ និងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយិកា​សាលា​។ឯកឧត្តមប្រធានក្រុមការងារ បាន​​កោត​សរសើរដល់ក្រុមការងារដែលបានយកចិត្តទុកដាក់បំផុត និង​សហការការងារយ៉ាងស្អិតរមួត ព្រមទាំងបានបញ្ចូលទិន្នន័យរួចរាល់ជាស្រេច ក្នុងការ​ចូល​រួម​ការ​ធ្វើ​ជំរឿ​នមន្ត្រីជាក់ស្តែងតាមពេលកំណត់។ ទន្ទឹមនេះ ឯកឧត្តមក៏បានបញ្ជាក់ថា ការធ្វើ​បច្ចុប្បន្ន​ភាព​រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនា​សម្ព័ន្ធ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ ចាប់ផ្តើមក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងមានការ​អញ្ជើញ​ជា​សហធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីបើកដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅ​តាម​រចនា​សម្ព័​ន្ធ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ នឹងជ្រើសរើសយក​វិទ្យាល័យ​មក​អនុវត្ត​។ ដោយស្ថានភាពភូមិសាស្ត្រសាលានៅក្នុងខណ្ឌ មានទីតាំងជិតៗគ្នា ដូច្នេះ​គណៈ​កម្មការ​ចុះ​ធ្វើជំរឿន បានសម្រេចកំណត់យកទីតាំងរួមមួយសម្រាប់ធ្វើជំរឿន ដើម្បីកុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បង្រៀន​សិស្សផងដែរ។គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មាន​ការ​ឯកភាព​គ្នា និងប្រើប្រាស់រួមគ្នា៕ អត្ថបទ៖ គឹម ហុក

ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុន ដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន

2025/12/05 08:55:32 am        226
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុនដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន។ការជំរុញខាងលើនេះ ក្នុងឱកាស ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តមណ្ឌលគិរី។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តមណ្ឌលគិរី។ក្នុងឱកាសនេះ ឯកឧត្តម ថង សាវុន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១២រូប និងសមាជិក-សមាជិកាចំនួន ២៧រូបទៀត។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោប្រធានសមាគម ព្រមទាំងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់យ៉ាងមុតមាំប្រគល់តួនាទី និងភារកិច្ច ដ៏មានសារៈសំខាន់នេះ ដើម្បីដឹកនាំ គ្រប់គ្រង គាំពារ និងគាំទ្របងប្អូនជាអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីពេលនេះតទៅ។ ឯកឧត្តម គន់ គីម គូសបញ្ជាក់ថា គោលបំណងចំបងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។នាឱកាសនេះ ឯកឧត្តម គន់ គីម បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវសកម្មជាងមុន ដើម្បីគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវចុះពិនិត្យជាក់ស្តែងចំពោះអតីតយុទ្ធជន និងនិវត្តជនណាដែលមានជីវភាពខ្វះខាត ដើម្បីឱ្យពួកគាត់ទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច។ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្ត ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវសម្របសម្រួល និងដោះស្រាយរាល់តម្រូវការនានា ដូចជា កិច្ចការគាំទ្រលើសេវាសុខុមាលភាពតាមរយៈប័ណ្ណ ប.ស.ស ជាដើម។ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតពីរាជរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
06/04/2026 01:06 PM
សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ
06/04/2026 01:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
06/04/2026 01:06 PM
NEA បន្តរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យនៅខណ្ឌព្រែកព្នៅ
06/04/2026 01:06 PM
ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម
06/04/2026 01:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
06/04/2026 01:06 PM
ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
06/04/2026 12:06 PM
ជនជាតិវៀតណាម ១៨០នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/04/2026 12:06 PM
Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ
06/04/2026 12:06 PM
មនុស្សរាប់ពាន់នាក់នៅអាហ្សង់ទីន តវ៉ាប្រឆាំងអំពើហិង្សាលើស្ត្រី ក្នុងពេលមានកំហឹងចំពោះការសម្លាប់ស្ត្រីជំទង់ម្នាក់
06/04/2026 12:06 PM