ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
គម្រោង LASED III របស់រាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពលរដ្ឋ ២៤១ គ្រួសារនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីចាកចេញពី (LDC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ព័ត៌មានជាតិ

កម្ពុជាដឹកនាំកិច្ចប្រជុំ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផល នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន

2025/12/04 04:57:33 pm        123
នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៤ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផល នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារអាដហុកទាំង ១១ប្រទេសសមាជិក និងលេខាធិការអាស៊ាន។កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ១. ធ្វើបច្ចុប្បន្នភាពធាតុចូលដែលទទួលបានពីអនុវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (AMS Sectoral Bodies) លើសេចក្តីព្រាងក្របខ័ណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន (Draft of ASCC Result Framework) ២. ពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលផ្តោតលើសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់វិធានយុទ្ធសាស្ត្រ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ផែនការការងាររបស់អនុវិស័យពាក់ព័ន្ធ និង ៣. កំណត់ចំណុចដៅ (Baselining) នៃសូចនាករសមិទ្ធកម្មគន្លឹះ ដោយរួមបញ្ចូលពេលវេលាច្បាស់លាស់ (Clear Timelines) សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។ក្នុងចំណោមវិធានយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១១២ សូចនាករសមិទ្ធកម្មគន្លឹះ (Key Performance Indicators) សរុបមកដល់ពេលនេះមានចំនួន១៨៤៣ ក្នុងនោះសូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រ (KPIs for Strategic Measure Level) សរុបមានចំនួន១៤០២ និងសូចនាករសមិទ្ធកម្មគន្លឹះកម្រិតលទ្ធផល (KPIs for Output Level) សរុបមានចំនួន៤៣២។គួរបញ្ជាក់ថា សូចនាករសមិទ្ធកម្មគន្លឹះស្ថិតក្នុងស្ថានភាពកំពុងអភិវឌ្ឍ ដូចជា៖ ១. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន៦០៧ និងសូចនាករសមិទ្ធកម្មគន្លឹះកម្រិតលទ្ធផលចំនួន៧២ ត្រូវបានស្នើឱ្យដកចេញ ២. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១០១ ត្រូវបានស្នើឱ្យបញ្ចូល រក្សាទុក និងផ្ទេរពីផែនការការងាររបស់អនុវិស័យពាក់ព័ន្ធ ៣. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១២៧ ត្រូវបានស្នើឱ្យប្រើប្រាស់ពាក្យ/ឃ្លាឱ្យបានច្បាស់លាស់ ៤. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១១៨ ត្រូវបានរៀបចំឱ្យមានសង្គតិភាពលើភាសា ដែនកំណត់ និងភាពច្បាស់លាស់ និង ៥. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួនចំនួន៥ ត្រូវបានស្នើឱ្យបញ្ចូលគ្នា។ ជាមួយគ្នានេះដែរ អនុសាសន៍សម្រាប់កិច្ចប្រជុំអាដហុកលើកទី១៤ នេះ មានចំនួន៣ រួមមាន៖ ១.ស្នើឱ្យមានការពិភាក្សាបន្ថែមជាមួយអ្នកជំនាញ ឬទីប្រឹក្សាបច្ចេកទេស ដើម្បីជួយក្រុមការងារអាដហុកនិងអនុវិស័យពាក់ព័ន្ធ កែលម្អសូចនាករសមិទ្ធកម្មគន្លឹះបន្ថែម ដោយផ្តល់និយមន័យ ទម្រង់អនុវត្ត ដើម្បីធានាបានភាពច្បាស់លាស់ និងគុណភាពបច្ចេកទេសក្នុងការវាស់វែងលទ្ធផល ២. ស្នើឱ្យលេខាធិការអាស៊ានពិភាក្សាជាមួយ Aus4ASEAN ដើម្បីជ្រើសរើសទីប្រឹក្សាបច្ចេកទេសពីរដ្ឋសមាជិកអាស៊ាន ដើម្បីជួយគាំទ្រការពិនិត្យសូចនាករសមិទ្ធកម្មគន្លឹះ នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន និង ៣.កំណត់កាលបរិច្ឆេទទទួលធាតុចូលសម្រាប់សូចនាករសមិទ្ធកម្មគន្លឹះ និងចំណុចដៅសម្រាប់ការវាស់វែងលើការអនុវត្ត៕

ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពទឹកលិចក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងណែនាំអាជ្ញាធរស្រុកត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ជួយដោះស្រាយឱ្យបានទាន់ពេលវេលា

2025/12/04 04:54:08 pm        130
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកលិចផ្លូវ សាលារៀន និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំឈើទាល ដោយត្រូវសហការគ្នាតាមដាន និងរាយការណ៍ឱ្យបានជាប់ជាប្រចាំមកខេត្ត ជាពិសេសក៏ត្រូវតែរៀបចំផែនការដើម្បីត្រៀមជួយដោះស្រាយបញ្ញានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។ឯកឧត្តម គួច ចំរើន បានណែនាំដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំមន្ទីរជំនាញ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកៀនស្វាយ ចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀង នៅក្នុងបរិវេណដីខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក និងស្ថានភាពរបស់ព្រែកឫស្សីស្រុក ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះដីផ្នែកខាងក្រោយរបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យឬស្សីស្រុក ដែលបានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកត្រូវយកដីមកចាក់បំពេញ និងត្រូវយកគ្រឿងចក្រមកឈូសឆាយឱ្យបានស្អាត និងកាយរំដោះទឹកចេញពីបរិវេណសាលាឱ្យបានឆាប់រហ័ស។ ដោយឡែកសម្រាប់ស្ថានភាពរបស់ព្រែកឬស្សីស្រុក ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកត្រូវសហការគ្នាចុះធ្វើនិយាមការទៅតាមបណ្ដោយព្រែក និងដាក់គ្រឿងចក្របណ្ដើរៗ ទុកសម្រាប់ធ្វើការកាយ និងស្ដារព្រែកនេះឱ្យបានល្អប្រសើឡើងវិញ កុំឱ្យមានការកកស្ទះ ដើម្បីទុករំដោះទឹកបញ្ជៀសការជនលិចសាលារៀន ផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀតនោះគឺ ពាក់ព័ន្ធនិងការចុះធ្វើនិយាមការ និងការដឹកគ្រឿងចក្រចូល គឺដាច់ខាតមិនត្រូវឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់ក្រុមការងារមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍ចំពោះបញ្ហាទឹកលិចក្នុងភូមិសាស្ត្រឃុំឈើទាលនេះបន្ថែមទៀត ត្រូវបន្តកិច្ចសហការគ្នាពិនិត្យស្ថានភាពទឹកលិចឱ្យបានជាប់ជាប្រចាំ ករណីចាំបាច់ត្រូវរាយការណ៍មកខេត្តឱ្យបានទាន់ពេលវេលាដើម្បីខេត្តជួយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសបាននូវការជន់លិច។

សិស្សថ្នាក់ទី៥ កម្ពុជា មានសមត្ថភាពប្រហាក់ប្រហែលសិស្សបញ្ចប់បឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍

2025/12/04 04:51:05 pm        219
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សា កម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) ដោយបានបង្ហាញថា សិស្សឆ្នើមកម្ពុជាកំពុងរៀននៅថ្នាក់ទី៥ ប៉ុណ្ណោះ ប៉ុន្តែពួកគេ មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សា ក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM។ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លេខាធិការដ្ឋាន SEAMEO បានប្រារព្ធពិធីផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ថ្នាក់តំបន់នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិត បឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។ ប្រទេសកម្ពុជាបានចូលរួមអនុវត្តរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM លើកទី១ នៅឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៤ ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ លទ្ធផលសំខាន់ៗរបស់កម្ពុជាក្នុងរបាយការណ៍ ថ្នាក់តំបន់ SEA-PLM ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖សិស្សកម្ពុជាទទួលពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (២៩០ ក្នុងឆ្នាំ២០១៩ កើនដល់ ២៩៦ ក្នុងឆ្នាំ២០២៤) និងពិន្ទុជាមធ្យមផ្នែកគណិតវិទ្យាកើនឡើង ១២ពិន្ទុ (២៨៩ ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ ក្នុងឆ្នាំ២០២៤)។ អត្រាសិស្សដែលមានសមត្ថភាពអំណានកម្រិតខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី ១១% ក្នុងឆ្នាំ២០១៩ ដល់១៨% ក្នុងឆ្នាំ២០២៤។ សិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ប៉ុណ្ណោះ ប៉ុន្តែពួកគេ មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សា ក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM។ ចំណែកផ្នែកគណិតវិទ្យា អត្រាសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ៥ ឡើងទៅ) បានកើនឡើងពី ៣៩% ក្នុងឆ្នាំ២០១៩ ដល់ ៦២% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមសិស្សទាំងនេះ អត្រាសិស្សឆ្នើមបានកើនឡើងពី១៩% នៅឆ្នាំ២០១៩ ដល់៤០% នៅឆ្នាំ២០២៤។ ទោះបីជាសិស្សឆ្នើមទាំងនេះកំពុងរៀននៅថ្នាក់ទី៥ ក៏ដោយ ក៏ពួកគាត់មានសមត្ថភាពធ្វើបានល្អប្រហាក់ប្រហែលនឹងសិស្ស ដែលនៅកម្រិតបញ្ចប់ការអប់រំនៅបឋមសិក្សាក្នុងបណ្តាប្រទេសដទៃទៀត ដែលបានចូលរួម។ព័ត៌មានពិស្ដារ៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖១០ខែឆ្នាំនេះទំហំពាណិជ្ជកម្មសរុបកម្ពុជាមានទំហំ ៥៣,៥៨ ប៊ីលានដុល្លារកើនឡើងប្រមាណ១៧ភាគរយ

2025/12/04 04:45:48 pm        109
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំណែកឯ ទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជា ដោយនៅក្នុងឆ្នាំ ២០២៥ នេះ យើងនឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។ គិតត្រឹមដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ទិន្នន័យនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ដែលជាការបំបែកកំណត់ត្រាម្តងរួចមកហើយ។ក្នុងកម្មវិធីសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល បានចែករំលែកអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist បញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ហើយនៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ផងដែរ។ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងរុញច្រាន កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈបង្កើនការនាំចេញ និងជំរុញវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារតំបន់ និងពិភពលោក៕

នគរបាលខណ្ឌកំបូលរក្សា​ទុកម៉ូតូ ៩គ្រឿងរយៈពេល ៣ខែ ក្រោយ​ដក​ហូត​ពី​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​លើដងផ្លូវសាធារណៈ

2025/12/04 04:44:49 pm        429
កម្លាំងនគរបាលខណ្ឌកំបូលបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ១៥នាក់ នៅចំណុចផ្លូវបេតុងជាប់ផ្លូវល្បឿនលឿន ដោយដកហូត ម៉ូតូ ៩គ្រឿងរក្សាទុករយៈពេល ៣ខែ ។នគរបាលខណ្ឌកំបូលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំផែនព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧  សហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ចុះបង្ក្រាបករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ១៥នាក់ កាលពីវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ នៅម្ដុំផ្លូវល្បឿនលឿន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅចំណុចផ្លូវបេតុង ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្រោយពីឃាត់បានសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទំនើងទាំង ១៥នាក់ យកទៅធ្វើការអប់រំ បញ្ឍប់រាល់សកម្មភាពទំនើងដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ។ ក្នុងសកម្មភាពនោះដែរសមត្ថិកិច្ចក៏បានអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា និងបានឱ្យកូនៗសុំទោសអាណាព្យាបាលចំពោះសមត្ថកិច្ច ទើបអនុញ្ញាតិឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។ ចំណែកម៉ូតូ ចំនួន ៩គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរយៈ ពេល ០៣ខែ ជាបណ្តោះអាសន្ន ។ ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ ស្ដាប់ដំបូន្មានឪពុក ម្ដាយ ។ ចំណែក អាណាព្យាបាល ក៏ត្រូវយកចិត្តទុកដាក់តាមដាន និងជួយអប់រំកូនៗកុំឱ្យក្លាយជាក្មេងទំនើងដែលសង្គមកំពុងមានការស្អប់ខ្ពើម ។ ដោយឡែកចំពោះប្រជាពលរដ្ឋ បើមានអ្វីចង់ឲ្យសមត្ថកិច្ចជួយ គឺអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 067 644 777 អធិការដ្ឋាននគរបាលខណ្ឌកំបូលនឹងត្រៀមជួយអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ៕តារាវុទ្ធី

ប្រទេសន័រវេស ចាត់ទុកកម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់​ក្នុងគោល​នយោបាយ​សកម្មភាព​មីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីន កម្ពុជាគឺជាតួអង្គ​មួយ​ដ៏​សំខាន់​សម្រាប់អនុសញ្ញាអូតាវ៉ា

2025/12/04 04:37:29 pm        234
(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបទ្វេភាគីជាមួយ លោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌ នៃក្រសួងការបរទេសន័រវេស។ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។ តាងនាមឱ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) គឺជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ទៀតថា ក្រៅពីសមិទ្ធផលក្នុងប្រទេស កម្ពុជា ក៏បានចូលរួមចំណែកក្នុងសកម្មភាពមីនសាកល តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ជាក់ស្តែងមានកូឡុំប៊ី និងអ៊ុយក្រែន ជាដើម។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានស្នើសុំឱ្យប្រទេសន័រវេសគាំទ្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពចែករំលែក និងជួយដល់ប្រទេសមានតម្រូវការចាំបាច់។ឯកឧត្តម បន្តទៀតថា ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣០ឆ្នាំ កម្ពុជាបានត្រៀមដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ហើយកម្ពុជាប្តេជ្ញាអនុវត្តន៍ឱ្យសម្រេចបាននូវគោលដៅស្របតាមផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩។ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ក៏បានរៀបរាប់អំពីបញ្ហាលំបាករបស់ប្រជាជនតាមបណ្តោយព្រំដែន ដោយសារការវាយប្រហាររបស់ថៃ រួមមានការប្រើគ្រាប់បែកចង្កោម ផ្សែងពុល ដែលទោះជាបច្ចុប្បន្ន ក្រោយសង្គ្រាមបានបញ្ចាប់ ប្រជាជន សត្វពាហនៈ បរិស្ថាន ប្រជាជននៅភ័យក្លាយដោយសារសំណល់ជាតិផ្ទុះទាំងនោះ។ ឯកឧត្តម បន្តទៀតថា កម្ពុជាត្រូវរែកពន់បន្ទុកដ៏ធំបន្ថែមទៀត ពោលគឺការបោសសម្អាតសំណល់ជាតិផ្ទុះ ពិសេសគ្រាប់បែកចង្កោម ដើម្បីធានាថាប្រជាជនភៀសខ្លួនដែលត្រលប់ទៅកាន់ផ្ទះសម្បែងវិញ អាចរស់នៅ និងធ្វើសកម្មភាពប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ លោកស្រី Anne Karine Jahren បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពមីន។ ន័រវេស ជាប្រទេសផ្តល់ជំនួយមែនពិត តែជោគជ័យសំខាន់ គឺដោយសារភាពជាម្ចាស់របស់កម្ពុជា ក្នុងនោះដែរ កម្ពុជាមានប្រព័ន្ធគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីនដ៏រឹងមាំ។ លោកស្រី Anne Karine Jahren បន្តទៀតថា កម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីនកម្ពុជា កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់មួយសម្រាប់អនុសញ្ញាអូតាវ៉ា៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងតភ្ជាប់ទីផ្សារក្នុងស្រុក

2025/12/04 04:33:00 pm        277
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ នេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេស គឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ "យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក" ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសាលសន្និបាត ភីអេច ហ្គ្រែនហល (PH Grand Hall) បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ។ព្រឹត្តិការណ៍ "ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា" លើកទី១៨ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត រស់រវើក សម្បូរបែប និងទាន់សភាពការណ៍ ជាមួយនឹងគោលបំណងក្នុងការជំរុញលើកកម្ពស់ ព្រមទាំងតាំងបង្ហាញនូវផលិតផល និងសេវាកម្មសក្តានុពលនានារបស់កម្ពុជា សំដៅបង្កើនការតភ្ជាប់ទីផ្សារក្នុងស្រុក និងបង្កើតឱកាសក្នុងការផ្គូផ្គងធុរកិច្ចជាតិ និងអន្តរជាតិ ក៏ដូចជាប្រើប្រាស់ជាវេទិកាសម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។ ការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មគុណភាពក្នុងព្រឹត្តិការណ៍នេះ គឺជាការផ្តល់ជម្រើសបន្ថែមដល់អ្នកប្រើប្រាស់ ដែលស្តែងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ណែនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ក្រៅពីការតាំងបង្ហាញស្តង់ផលិតផល និងសេវាកម្មដ៏សម្បូរបែបពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ព្រឹត្តិការណ៍នេះក៏មានរៀបចំកម្មវិធីអមសំខាន់ៗជាច្រើនដូចជា៖ វេទិកាស្តីពីវិស័យនាំចេញកម្ពុជា, (២)កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី "កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី", (៣)វេទិកាស្តីពីស្ត្រីក្នុងវិស័យពាណិជ្ជកម្ម , និង (៤)ពន្លាសេវាសាធារណៈកម្ពុជា ។ ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការសម្របសម្រួលវិនិយោគ ក្រសួងពាណិជ្ជកម្មបានផ្តល់កិត្តិយសអញ្ជើញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឱ្យចូលរួមតាំងបង្ហាញនូវសេវាសាធារណៈរបស់ខ្លួន ជាពិសេស ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅក្នុងពន្លាសេវាសាធារណៈកម្ពុជា នៃព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋាននាំមកនូវការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និងជាពិសេស ការផ្លាស់ប្តូរមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដ៏គួរឱ្យកត់សម្គាល់។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងជំរុញពាណិជ្ជកម្មអន្តរជាតិ ជាពិសេស ឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ និងអបអរសាទរជូនចំពោះការយកចិត្តទុកដាក់រៀបចំយ៉ាងស្វាហាប់របស់ក្រសួង ដែលនាំឱ្យពន្លាជាតិកម្ពុជាទទួលបាន "ពានរង្វាន់សំរឹទ្ធ" លំដាប់ថ្នាក់ពិភពលោក ផ្នែករចនាការតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន នាពេលកន្លងទៅ។តាមរយៈការរៀបចំដ៏ទំនើប ការតុបតែងដ៏ទាក់ទាញ និងការដាក់តាំងបង្ហាញផលិតផលប្រកបដោយគុណភាពខ្ពស់ នៅក្នុងពិព័រណ៍យ៉ាងមហោឡារឹកក្នុងឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹងថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យថ្មីនៃពាណិជ្ជកម្ម ពិសេសគឺបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស ព្រមទាំងតភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែម។ មួយផ្នែកទៀត ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះ នឹងអាចជួយឱ្យធុរជន ក៏ដូចជាវិនិយោគិនអន្តរជាតិ ជ្រាបបានកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា និងកញ្ចប់លើកទឹកចិត្តជាអាទិភាពនានា ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគ ឬចាប់ដៃគូធុរកិច្ចក្នុងការនាំយកផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕

សម្តេច ម៉ែន សំអន ៖ ស្នាក់ការថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ នឹង​លេច​រូប​រាង​នៅ​ពេលខាងមុខ

2025/12/04 04:25:11 pm        185
ពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជន កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។‎‎ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសផងដែរ។‎‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទៀប រួមជាមួយក្រុមការងារ បានរួមសហការជួយគ្នាយ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធិផលជាច្រើន នៅក្នុងខេត្តស្វាយរៀង ពិសេស ស្រុករមាសហែក ស្រុកស្វាយទៀប រួមមាន ៖ ការកសាងមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្នាក់ការបក្ស ជាដើម ដែលសកម្មភាពនេះ គណបក្សប្រជាជនកម្ពុជា ចងចាំមិនភ្លេច នូវស្នាដៃនិងសមិទ្ធិផលរាប់មិនអស់របស់ ឯកឧត្តម និងក្រុមការងារ ។ ដោយឡែកស្នាក់ការបក្សនេះ នឹងបានចូលរួមចំណែកក្នុងការបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការបម្រើការងាររបស់គណបក្សនៅមូលដ្ឋានផងដែរ ។ ‎‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវ​គោរពតាមបទដ្ឋាននៃសំណង់ សាងសង់ឲ្យមានភាពរឹងមាំ ជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ។‎‎គួររំលឹកផងដែរថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ មានទទឹង ៣១,៥ម៉ែត្រ x បណ្តោយ ១២ម៉ែត្រ បូកផ្នែកខាងមុខ ៨ម៉ែត្រ x ៨ម៉ែត្រ ដែលមានទំហំសរុប ៤៤២ម៉ែត្រការ៉េ៕

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ កោតសរសើរកងវិស្វកម្មតេជោ លើការងារស្ថាបនាផ្លូវនៅស្រុកម៉ាឡៃ

2025/12/04 04:15:08 pm        188
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប នៅលើការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅក្នុងស្រុកម៉ាឡៃ ដែលបានជំរុញការស្ថាបនាសម្រេចបាន ១០០% និងជាផ្លូវប្រកបដោយ គុណភាព ផ្តល់ជូនប្រជាពលរដ្ឋមានផ្លូវល្អសម្រាប់ធ្វើដំណើរ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ ខ្សែ ប្រវែង សរុបជិត ១០ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា, ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។ឯកឧត្តម បន្តថា ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណ- ភាពនៃជីវិតរស់នៅរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន, ជាក់ស្តែងការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ, ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន បានផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ដោយឯកឧត្តមដ្ឋមន្រ្តីតែងតែចុះពិនិត្យមើលជាប្រចាំ គម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដូចជា ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់អនាម័យ ជនបទជាដើម ដើម្បីប្រែក្លាយតំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបាន ខិតខំប្រឹងប្រែងនៅលើការងារស្ថាបនាផ្លូវសម្រេចបាន ១០០%, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញ ផ្លូវផ្សេងៗទៀតនោះឡើយ, ដោយបណ្តាញផ្លូវទាំងអស់នៅទូទាំងប្រទេស បាននិងកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងតាម សហគមន៍ និងសាធារណជនទូទៅ មានផ្លូវល្អ និងជាផ្លូវប្រទាក់ក្រឡា បង្កើតជាបរិយាកាសអំណោយផល ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងសង្គម៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីសុខាភិបាល «សុខភាពជាស្នូលមួយនៃការអភិវឌ្ឍជាតិ ហើយសុខភាពផ្លូវចិត្ត ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ»

2025/12/04 03:59:36 pm        115
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដើម្បីពិនិត្យវឌ្ឍនភាពនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវទស្សនាទានថា «សុខភាពផ្លូវចិត្ត ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ» ព្រមទាំងដាក់ចេញនូវ អនុសាសន៍ស្នូលសំខាន់ៗ ដោយត្រូវពង្រីកការយកចិត្តទុកដាក់ថែមទៀត ដើម្បីពង្រីកធនធានអមសុខភាព ដូចជាជំនាញកិច្ចការសង្គម។ ក្នុងនោះត្រូវពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ដោយសហការជាមួយគណៈគ្រូពេទ្យ និងស្វែងរកវិធីសាស្រ្ត ធ្វើការបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានណែនាំពីចំនុចគន្លឹះ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានជាក់លាក់ ដើម្បីពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឱ្យកាន់តែទូលំទូលាយថែមទៀត រៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យបានច្រើន។ ក្នុងនោះត្រូវគិតពីការងារយុទ្ធនាការអប់រំ សុខភាពផ្លូវចិត្ត និងគ្រឿងញៀន និងត្រូវជំរុញការងារស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តឱ្យបានច្រើន៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាសម្ព័ន្ធយោធា NATO ធ្វើទស្សនកិច្ចទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី
06/04/2026 12:06 PM
កម្ពុជាត្រូវការជ័យជម្នះដើម្បីស្ដារប្រជាប្រិយ ខណៈគ្រូប៊ូតង់ ចាត់ទុកជារឿងល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិយប់នេះ
06/04/2026 12:06 PM
អាមេរិក៖ ការចរចាជាមួយដាណឺម៉ាក និងដែនដីហ្គ្រីនឡែន អំពីការប្រើប្រាស់ដែនដីនេះសម្រាប់ការពាររួម «ស្ថិតក្នុងស្ថានភាពល្អ»
06/04/2026 12:06 PM
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបស្វាគមន៍អបអរសាទរក្រុមនារីដែលឈ្នះជើងឯកអាស៊ី
06/04/2026 12:06 PM
លោក Trump ប្រាប់មន្ត្រីជំនិតលោកថា លោកនឹងមិនបន្តសង្គ្រាមពេញបន្ទុកជាមួយអ៊ីរ៉ង់ទេ លុះត្រាតែកងទ័ពអាមេរិកត្រូវបានសម្លាប់
06/04/2026 12:06 PM
លោកTrump៖ លោកមានឆន្ទៈជួបជាមួយ លោក Ayatollah របស់អ៊ីរ៉ង់ ដែលនៅតែពាក់ព័ន្ធដ៏សកម្មក្នុងការចរចាផ្នែកការទូត
06/04/2026 11:06 AM
សភាអាមេរិកអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមនៅអ៊ីរ៉ង់ ក្នុងការជំទាស់ដ៏កម្រប្រឆាំងលោក Trump
06/04/2026 11:06 AM
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៨៧៦ នាក់ចូលរួមប្រកួតកីឡាឧត្តមសិក្សា និង​មធ្យម​សិក្សា​បចេ្ចកទេស ចុងសប្តាហ៍នេះ
06/04/2026 11:06 AM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
06/04/2026 11:06 AM
កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
06/04/2026 11:06 AM