អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ

ព័ត៌មានជាតិ

អត្រាជនមានពិការភាពនៅកម្ពុជាកើនដល់ជាង១លាន ៦សែននាក់ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម​ចម​មួយ

2025/12/04 09:26:18 am        180
ភ្នំពេញ៖ អត្រាជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១លាន ៦​សែន​នាក់​ ស្មើនឹង ៥,៥ភាគរយ នៃប្រជាពលរដ្ឋខ្មែរសរុបជាង ១៧លាននាក់ ខណៈ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក៏ជាដើមចមមួយ ធ្វើឲ្យមានកំណើនដែលគួរឲ្យព្រួយបារម្ភនេះ។ក្នុង​ទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយា​បន្ន​ពិការ​ភាព​លើ​គ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន​ប្រសាស​ន៍​ថា​ អត្រានៃចំនួនជនមានពិការភាពទាំងជាង ១លាន ៦សែននាក់នេះ ធ្វើឡើង​តាម​រយៈកា​រ​ជំរឿន​ប្រជាជន​កម្ពុជា​ កាលពីឆ្នាំ២០២៤ ដែលចំនួននេះ មានការកើនឡើងច្រើន បើធៀបទៅនឹង​ការ​ជំរឿន​កាលពីឆ្នាំ២០១៣ ដែលមានត្រឹមជាង ៣០ម៉ឺននាក់ប៉ុណ្ណោះ។ឯកឧត្តមបានបន្តថា មូលហេតុចម្បងៗ ដែលនាំឲ្យមានពិការភាព គឺបណ្ដាលមកពីជំងឺឆ្លង ជំងឺ​មិន​ឆ្លង​ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​​មិន​ទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា ជំងឺរ៉ាំរ៉ៃ បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមិនបានត្រឹមត្រូវ និងមូលហេតុផ្សេងៗទៀត ។ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ទាំងនេះ ជាកង្វល់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរ ដោះស្រាយ ដើម្បី​ធានាដល់ការរស់នៅប្រកបដោយសមធម៌ សេចក្តីថ្លៃថ្នូរ និងបរិយាបន្ន សម្រាប់​ជន​មាន​ពិការ​ភាព​ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលការណ៍គ្រឹះនៃអន្តរជាតិ “មិន​បោះ​បង់​ពលរដ្ឋ​ណា​ម្នាក់” ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យក ។ឯកឧត្តម ជា សុមេធី បានបន្ថែមថា ទន្ទឹមនឹងការកើនឡើន នៃជនមានពិការភាពនេះ រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្ដល់សេវាលទ្ធភាពពលកម្មគ្រប់ប្រភេទ ជូនជនមានពិការភាពចំនួនជាង ៧ម៉ឺន ៧ពាន់នាក់, ស្ដារលទ្ធភាពពលកម្មវេជ្ជសាស្ត្រជាង ៣ម៉ឺននាក់ ព្រមទាំងសាងសង់ ផ្ទះ​ជូន​ជន​មាន​ពិការភាពក្រីក្រនៅតាមសហគមន៍បានចំនួន ១២ខ្នង ។គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រសួងស្ថាប័នរដ្ឋចំនួន៤០ បានទទួល​យក​ជន​មាន​ពិការ​ភាពចូ​ល​បម្រើ​ការងារសរុបជាង ៧ពាន់នាក់ ស្មើនឹង ២.៤៨ភាគរយ ខណៈទាំងក្រសួង ស្ថាប័ន រដ្ឋ និ​ង​ផ្នែក​ឯក​ជន បានទទួលយកជនមានពិការភាព ចួលបម្រើការងារសរុបចំនួន ១៤ ៤០៧នាក់ ។ ជា​មួយគ្នានេះ សិស្សមានពិការភាពគ្រប់ភូមិសិក្សា និងគ្រប់ប្រភេទពិការភាពចំនួនជាង ៣​ម៉ឺន​នាក់​ បានទទួលសេវាអប់រំបរិយាបន្ន នៅក្នុងវិទ្យាល័យអប់រំពិសេសផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា​សម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃ​កិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា

2025/12/04 09:14:50 am        241
(ហ្សឺណែវ ប្រទេសស្វីស) ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃ​កិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។​ ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​អាជ្ញាធរ​មីន​ ក្នុង​ឱកាស​កម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី​ «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន»​ កាល​ពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ។ក្នុងសុន្ទរកថាបើកនៃកិច្ចពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី លី​ ធុជ​ លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងសកម្មភាពមីន និងក្លាយជាដៃគូសំខាន់ក្នុងការគាំទ្រដល់ប្រទេសផ្សេងទៀត ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគាំទ្រដែលកម្ពុជា ផ្តល់ទៅកាន់ប្រទេសរងគ្រោះដទៃ គឺដោយសារកម្ពុជាយល់ច្បាស់អំពីទុក្ខលំបាកដែលបង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយកម្ពុជាជឿជាក់ថា មានតែកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នាទេ ដែលអាចធ្វើឱ្យយើងសម្រេចបានគោលដៅមនុស្សធម៌របស់អនុសញ្ញាអូតាវ៉ា។ជាមួយ​គ្នានោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនធ្វេីការចោទប្រកាន់មក​លេី​កម្ពុជា​គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ឯកឧត្តមបញ្ជាក់ពីជំហររបស់កម្ពុជា ត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។ កិច្ចពិភាក្សានៃព្រឹត្តិការណ៍អម បានផ្តោតសំខាន់លើពីតួនាទីសំខាន់នៃការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ការអនុវត្តមាត្រា៥នៃអនុសញ្ញាអូតាវ៉ា អត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ គំរូកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានប្រសិទ្ធភាពខ្ពស់ និងការជំរុញដល់ការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាសម្រេចបានគោលដៅពិភពលោកមួយដែលគ្មានមីន។ កិច្ច​ពិភាក្សា​នេះ​ មាន​ការ​ចូលរួម​វាគ្មិនពីអង្គការ-ស្ថាប័នអន្តរជាតិសំខាន់ៗ និងរដ្ឋភាគីអនុសញ្ញាអូតាវ៉ា រួមមានអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) មជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) អាជ្ញាធរជាតិសកម្មភាពមីនកូឡុំប៊ី អង្គភាពគ្រប់គ្រងសព្វាវុធប្រទេសជប៉ុន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។

រាជរដ្ឋាភិបាលបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ខណៈ ICRC បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំង១៨រូបរបស់កម្ពុជា

2025/12/04 08:53:13 am        145
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥នេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាបានបន្តធ្វើការជាមួយយ៉ាងជិតស្និទ្ធជាមួយភីពាក់ព័ន្ធ ខណៈ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំង១៨រូបរបស់កម្ពុជា។នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។ តមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តី អំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន អ្នកនាំពាក្យក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់ព័ត៌មានបច្ចុប្បន្នភាពដូចតទៅ៖អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅ បាន រួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុង តំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើ ការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យ យោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើ មាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមាន ការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

2025/12/04 08:48:35 am        128
មន្រ្តីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យ ករណីធ្លាយឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ឆេង សុភារី ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញថា រោងចក្របានបញ្ចេញក្លិនអាក្រក់ (ឧស្ម័នអាម៉ូញាក់) បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ គឺល្មើសនឹងមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការវាស់កំហាប់ឧស្ម័នអាម៉ូញាក់នៅក្នុងទីតាំងរោងចក្រ ឃើញកម្រិតកំហាប់អាម៉ូញាក់ (NH3) ចំនួន 1.0 mg/m3 (ស្តង់ដារចំនួន 0.2 mg/m3) គឺល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះរោងចក្រដែលបានប្រព្រឹត្តល្មើស អនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបានតម្រូវឲ្យរោងចក្រ ធ្វើការតាមដានលើប្រព័ន្ធស្តុក និងបំពង់បង្ហូរឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ជាប្រចាំ ដើម្បីចៀសវាងបង្កបញ្ហាលេចធ្លាយសារធាតុអាម៉ូញាក់ជាលើកទី២ទៀត។ ជាមួយគ្នានេះរោងចក្រត្រូវស្នើសុំលិខិតបញ្ជាក់គុណភាពខ្យល់នៅក្នុងអគាររបស់រោងចក្រ ឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន៕

ត្រីជាច្រើនក្បាលបានងាប់នៅតាមទឹកអូរឈ្មោះ (អូរឬស្សី) ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

2025/12/04 08:37:37 am        513
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានត្រីជាច្រើនក្បាល បានងាប់នៅតាមទឹកអូរមួយឈ្មោះ (អូរឬស្សី) ដែលករណីនេះ អាជ្ញាធរស្រុកទឹកផុសបានសន្និដ្ឋានថា អាចមានសារធាតុពុលនៅក្នុងទឹកអូរនោះ។ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថហេតុ រដ្ឋបាលស្រុកទឹកផុស បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ជាមួយអូរ និងប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក មេត្តាផ្អាកប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលសិន ក្រុមការងារកំពុងយកទឹកទៅពិសោធន៍រកសារធាតុពុលសិន៕ កាំង ហុងវាស្នា

សិស្ស-និស្សិត ជិត២ពាន់នាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងការពារសារណាប្រឡងបញ្ចប់ការសិក្សា

2025/12/04 08:26:45 am        316
(ភ្នំពេញ)៖ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអប្បមាទនៃការប្រឡងបញ្ចប់របស់សិស្ស-និស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រួមជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពនានាក្នុងការការពារសារណា និងប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ សិស្ស-និស្សិតដែលត្រូវប្រឡងបញ្ចប់សរុបមានចំនួន ១.៨៦៧នាក់ (ស្រី ២៨៨នាក់) ក្នុងនោះរួមមាន៖កម្រិតបរិញ្ញាបត្របច្ចេកទេស សរុប ១.០៦៧នាក់ (ស្រី ១៥៤នាក់)កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុប ៦៩៤នាក់ (ស្រី ១២៥នាក់) កម្រិតសញ្ញបត្របច្ចេកទេស និងវិជ្ជាជីវៈ សរុប ១០៦នាក់ (ស្រី ៩នាក់)។ ចំនួនសិស្ស-និស្សិត ដែលបានប្រឡងបញ្ចប់នាពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញអំពីការកសាងបន្ថែមនូវមូលធនមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចជាតិ តាមរយៈការបំពេញការងារនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថានពាក់ព័ន្ធ ក៏ដូចជាការចូលរួមបង្កើតនូវមុខរបរ និងការងារបន្ថែម៕

ក្រសួងកសិកម្មជំរុញការតភ្ជាប់ទីផ្សារអង្ករថ្មីពីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន

2025/12/03 08:28:54 pm        177
នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជានិងហ្វីលីពីន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated ក្នុងគោលបំណងពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់បងប្អូនកសិករកម្ពុជា។ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបានសម្របសម្រួលឱ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីននិងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីននឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែលកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។ ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិកររបស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន៕

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន

2025/12/03 08:26:06 pm        195
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅ, នៅតាមសហគមន៍មូលដ្ឋាន តាមរយៈការស្តារ ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទ និងបានកំពុងលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បី ធានាការប្រើប្រាស់យូរអង្វែង។ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ជាង ២ ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អនូវលក្ខ ខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវា សង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋា ភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដោយបាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបាន ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ជំរុញដល់ដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន ជាក់ស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះ បានផ្តល់អត្ថប្រយោជន៍ដល់ការរស់ នៅក្នុងសហគមន៍ មានផ្លូវធ្វើដំណើរកាន់តែងាយស្រួល កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗជាដើម។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រឹងប្រែងលើការងារលើកកម្រិតគុណភាពផ្លូវ លើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ ភាគរយ។ ឯកឧត្តម លើកឡើងបន្ថែម ទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តមរដ្ឋមន្រ្តីបានយកចិត្តទុកយ៉ាងខ្លាំង ជាពិសេសផ្លូវជនបទទាំងនៅលើការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវ និងបានចាត់ទុកជាគន្លឹះ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍នេះ មិនថាទីក្រុង ទីប្រជុំជន ឬនៅតាមជនបទនោះឡើយ៕អត្ថបទ៖សុនរ៉ាឌី

​​ សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”

2025/12/03 08:15:19 pm        573
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបាន រម្លឹក និងបកស្រាយ ប្រវត្តិចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖ម្សិលមិញខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។នៅសល់ជាង ១ខែទៀតនឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។ចម្រៀងបទ “ឱភ្នំពេញអើយ” នៅតែជាការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។ ទឹកដៃនិពន្ធទំនុកច្រៀងដោយ បង កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំផលិតដោយ បង ជ័យ សោភា និងច្រៀងដោយ ក្មួយ សូ ចន្នី ពិតជាគួរឲ្យគោរព និងកោតសរសើរ។ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស ពីវិញ្ញាណក្ខន្ធ បង កែវ ចិន្តា បង ជ័យ សោភា ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថា គ្រួសារ បង កែវ ចិន្តា និងគ្រួសារ បង ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់បទ “ឱភ្នំពេញអើយ” ប៉ុន្តែនៅពេលខ្ញុំឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅក្នុងនោះបានបញ្ជាក់ថា ម្ចាស់ស្នាដៃបទ «ឱភ្នំពេញអើយ» គឺលោកអ៊ុំ ម៉ម ធឿន…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថា អាចមានបទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំងខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់ជាងគេ ដែលនៅទីនោះមានអង្គភាពសិល្បះទាំងបុរាណ ទាំងសម័យ និង បង ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿងដែលមិនអាចទៅរួចឡើយ។ (សិល្បះកងទ័ពសព្វថ្ងៃកកើតពី ខែកក្កដា ឆ្នាំ១៩៧៨ ដែលមានខ្ញុំជាបង្កើត) ចំណុចកាន់តែច្បាស់ បទនេះមិនអាចនិពន្ធមុនរំដោះភ្នំពេញបានឡើយ ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ “ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកក្នុងឱរា” “ភ្នំពេញដួងព្រលឹងជាទីស្នេហា បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា អង់អាចក្លាហាន” “ឱភ្នំពេញអើយ ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ អើយភ្នំពេញអើយ”ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់គ្រាន់ថា បទចម្រៀងនេះនិពន្ធក្រោយភ្នំពេញត្រូវបានរំដោះ មិនមែននៅ ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។ ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់ផ្សាយមុន ថ្ងៃ៧ មករា ១៩៧៩ ផងដែរ។ មកនិយាយពីប្រវត្តិបទនៃចម្រៀង “ឱភ្នំពេញអើយ” វេលាថ្ងៃត្រង់ ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញត្រូវបានរំដោះ ខ្ញុំមិនប្រាកដថា បង កែវ ចិន្តា សរសេរនៅពេលល្ងាច ឬពេលយប់ ៧ មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។ ល្ងាច ថ្ងៃ៨ មករា មានការប្រជុំដើម្បីចាត់តាំងរដ្ឋាភិបាល ដែលហៅថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែ បង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែ បង កែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។យប់ ថ្ងៃ ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួលទានបាយជាប់ជាមួយ បង កែវ ចិន្តា គាត់ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយសំឡេងរណសិរ្ស តាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។ព្រឹក ថ្ងៃ ៩ មករា ១៩៧៩ មានការប្រជុំ រដ្ឋាបាលលើកដំបូង ដើម្បីបែងចែកភារកិច្ច។ ក្រោយប្រជុំចប់ឃើញឃើញ បង ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ ទៅដល់ដើម្បីឆ្លងយោបល់ បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯ បង ជ័យ សោភា និយាយមកកាន់ខ្ញុំថា បង ហ៊ុន សែន នៅជួយយោបល់ផង។ ទម្លាប់ បង ជ័យ សោភា ហៅខ្ញុំថា “បង” ទោះគាត់មានអាយុច្រើនជាងខ្ញុំក៏ដោយ។បង ជ័យ សោភា ចាក់បទ “ឱ! ភ្នំពេញអើយ” ៣ដង។ ក្រោយស្តាប់រួច បង កែវ ចិន្តា ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជាបន្ថែមសម្លេងទ្រ។ ខ្ញុំមិនច្បាស់ថា បង ជ័យ សោភា ធ្វើតាមការណែនាំរបស់ បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែលអាចបំភ្លឺបាននោះ គឺ ក្មួយ សូ ចន្នី។ ប្រសិនបើគាត់ច្រៀងថតឡើងវិញមានន័យថា បង ជ័យ សោភា ធ្វើតាម បង កែវ ចិន្តា ប្រសិនបើមិនថតឡើងវិញ អាចថតតាមក្រោយទៀត ព្រោះចម្រៀងនេះត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។ដូចនេះតាមការស្មានរបស់ខ្ញុំ បង កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច ថ្ងៃ៧ ឬយប់ថ្ងៃ ៧ មករា។ ប្រគល់ឲ្យ បង ជ័យ សោភា រៀបភ្លេង និងផលិតនៅ ថ្ងៃ ៨ ឬយប់ថ្ងៃ ៨ មករា និងព្រឹកថ្ងៃ ៩ មករា ១៩៧៩ ម៉ោងជាង ១០ព្រឹក ឆ្លងយោបល់ បង កែវ ចិន្តា។តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នកនិពន្ធនៅពេលណា?ពេលចាក់ផ្សាយដំបូងមិនមាននិយាយពីអ្នកនិពន្ធទេ។ ចូលដល់ ខែកញ្ញា ឆ្នាំ១៩៧៩ គណប្រតិភូជាន់ខ្ពស់ដឹកនាំដោយ សម្តេច ហេង សំរិន ដែលរូបខ្ញុំ និង បង កែវ ចិន្តា អមដំណើរផងដែរទៅទស្សនកិច្ចនៅឡាវ។ ក្នុងពិធីជប់លៀង អ្នកចម្រៀងឡាវច្រៀងបទ “ឱ! ភ្នំពេញអើយ” ដោយអ្នកឧទ្ទេសនាមបកជាភាសាខ្មែរថាបទ “ឱ! ភ្នំពេញអើយ” និពន្ធដោយ សមមិត្ត កែវ ចិន្តា។ តាំងពីពេលនោះមក មិនមានអ្នកណាទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង ជ័យ សោភា ផងដែរ។ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅ លោក ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយព័ត៌មានខុសដោយអចេតនា ដែលថា លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង “ឱ! ភ្នំពេញអើយ” ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។ខ្ញុំសូម លោក chun sothy ធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។ ការខិតខំស្រាវជ្រាវ និងពន្យល់របស់ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅថ្ងៃក្រោយព្រោះបទចម្រៀង “ឱ! ភ្នំពេញអើយ” ជាបទចម្រៀងប្រវត្តិសាស្ត្រ៕

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង

2025/12/03 07:48:41 pm        158
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលទស្សនាស្វែងយល់ពីសមុច្ច័យ ដែលបានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្ត។ ក្នុងការជួបជុំសំណេះសំណាលជាមួយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ មន្រ្តីរាជការនៃមន្ទីរវប្បធម៌ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីរាជការនៃមន្ទីរវប្បធម៌ខេត្ត ក្នុងបេសកកម្មចូលរួមថែរក្សា ការពារនូវវប្បធម៌និងប្រពៃណី អត្តសញ្ញាណរបស់ជាតិ។បន្ទាប់ពីពិធីសំណេះសំណាលខាងលើ ក៏មានការសម្តែងនូវរបាំជូនពរ ដែលសម្តែងដោយសិស្សានុសិស្សបន្តវេនមកពីសាលានានា ក្នុងខេត្ត។ សូមបញ្ជាក់ថា សារមន្ទីរខេត្តកំពង់ឆ្នាំង ត្រូវបានដាក់តាំងបង្ហាញនូវសមុច្ច័យ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM