មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញ​ឱ្យសេដ្ឋកិច្ចជាតិកើនឡើង»

2025/12/03 02:18:25 pm        276
"ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះ​ស្រ្តី​ជា​កម្លាំង​ចលករ​ដ៏សំខាន់មួយនៅក្នុងសង្គម។" នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា "ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង ។"លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តថា "សម្រាប់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី ។"សហគ្រិនស្រ្តីបានលើកឡើងថា បច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯង រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ ការណ៍នេះ គឺខុសពីសម័យមុនដែលស្រ្តីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូល។សហគ្រិនស្រ្តីរីករាយដែល «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ ព្រោះមជ្ឈមណ្ឌនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូប។«មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី» ហៅកាត់ «ម.ស.ស.ស» (WEE-DC) មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសេដ្ឋកិច្ចគ្រួសារ។ មុខងាររបស់មជ្ឈមណ្ឌលទាំង៤ចំណុចសំខាន់ៗរួមមាន៖ ទី១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រីទី៣. កម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍ទី៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល និងសេវាកម្មរបស់សហគ្រិនជាស្ត្រី នៅក្នុងស្រុក តំបន់ និង ជាសកល។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ និងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”៕

ក្រសួងការពារជាតិកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ជាថ្មីរបស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី

2025/12/03 02:11:02 pm        184
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ជាថ្មីរបស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ខណៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិ កម្ពុជាប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ក្រសួងការពារជាតិកម្ពុជាបាន ជម្រាបជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។ ក្រសួងការពារជាតិ បញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

ក្មេងទំនើង០៥នាក់ ត្រូវអាវុធហត្ថរាជធានីបង្ក្រាបអប់រំណែនាំករណីបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

2025/12/03 01:23:23 pm        316
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កសំឡេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ពាក់ព័ន្ធ០២ករណី ។ករណីទី១ ៖ កាលពីវេលាម៉ោង ២២ និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ និងម៉ូតូ ០៤គ្រឿង នៅចំណុច ផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ។ បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៤គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ រង់ចាំឲ្យម្ចាស់មកដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតា ទេីបប្រគល់អោយត្រលប់ទៅវិញ ។ ករណីទី២ ៖ នៅវេលាម៉ោង ១០និង ១០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត ៕តារាវុទ្ធី

និស្សិតកម្ពុជា និងនិស្សិតប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជួបគ្នា​ប្រកួត​ប្រជែង​លើ​គំនិត​ច្នៃប្រ​ឌិត​ថ្មី

2025/12/03 01:11:51 pm        352
ភ្នំពេញ៖ និស្សិតកម្ពុជា ដែលមកពីសាកលវិទ្យាល័យមួយចំនួន រួមទាំងនិស្សិតមកពីប្រទេស តំបន់អាស៊ានផ្សេងទៀត និងក្រៅតំបន់ បានជួបគ្នាប្រកួតប្រជែងលើគំនិតច្នៃប្រឌិតថ្មី (The University Incubator Consortium -UNIIC Demo Day 2025) នៅ​ទីតាំង​សាកល​វិទ្យាល័យ​ខេម​តិច ដោយមានការគាំទ្រនិងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា ។កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សត​ចំនួន១៥០​​នាក់ មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមាន៖ តំណាងពី​ប្រទេស​កម្ពុជា​៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រទេស​ឥណ្ឌូ​ណេស៊ី​ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ូសបេគីស្ថាន ប្រទេសឥណ្ឌា ប្រទេស​វៀតណាម ប្រទេសភីលីពីន និងប្រទេសម៉ាឡេស៊ី ។កម្មវិធីនេះ មានគោលបំណងបង្ហាញគម្រោងអាជីវកម្មប្រកបដោយគំនិតច្នៃប្រឌិត នវា​នុវត្តន៍​ក្នុង​តំបន់ និងប្រព័ន្ធអេកូឡូស៊ីនៃប្រទេសកម្ពុជា និងថ្នាក់តំបន់ ក៏ដូចជា​ជំរុញ​បណ្តាញ​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹកនាំ នៃសាកលវិទ្យាល័យដែលមកពីប្រទេសផ្សេងៗគ្នា ក៏ដូចជា ពង្រឹងនូវនវានុវត្តន៍ និង​គាំទ្រសហគ្រិនវ័យក្មេងក្នុងប្រទេស និងតំបន់ ។ នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ក្លាយ​ជា​អ្នក​ដឹក​នាំបច្ចេកវិទ្យានាពេលអនាគត និងនាំយកកម្ពុជាឆ្ពោះទៅរកធុរៈកិច្ចថ្មី ។ការប្រកួត​ដែលធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ជ័យលាភីនៃការធ្វើបទង្ហាញល្អ ក្រុម Tokkatot, CamTech University ប្រទេសកម្ពុជា, ជ័យលាភីនៃ Most Favorite startup ក្រុម Xeed (Bus2Go), Adamson University ពីប្រទេសភីលីពីន, ជ័យលាភីទី១ ក្រុម Ekspora, Universitas Trisakti, ប្រទេសឥណ្ឌូណេស៊ី, ជ័យលាភីទី២  ក្រុម Cuhati, Tra Vinh University , ប្រទេសវៀតណាម និងជ័យលាភីទី៣ ក្រុម Hiblaa, Occidental Mindora State Universityប្រទេសភីលីពីន សាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៦ រួមមានតំណាងពីប្រទេសកម្ពុជា សាកល​វិទ្យាល័យ​ខេមតិច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ, ឥណ្ឌូណេស៊ី Universitas Trisakti និង​Universitas Multimedia Nusantara, អាហ្វ្រិកខាងត្បូង University of Mpumalanga Sefako និងMakgatho Health Sciences University, កូរ៉េខាងត្បូង៖ វិទ្យាស្ថានAsian Society of Innovation & Policy, Uzbekistan Millat Umidi University, ឥណ្ឌា វិទ្យាស្ថាន Coimbatore Institute of Technology, វៀតណាម Tra Vinh University  និង Hung Vuong University Ho Chi Minh City, ភីលីពីន Western Philippines University, Adamson, University, សាកលវិទ្យាល័យ Mindoro State និងសាកលវិទ្យាល័យ Occidental Mindoro State College ប្រទេសម៉ាឡេស៊ី Asia Pacific University of Technology & Innovation ៕ អត្ថបទ បាន សុខរិទ្ធិ

មនុស្សវ័យចាស់ និងជនមានពិការភាព ធ្វើបច្ចុប្បន្នភាព ដើម្បីអាចបន្តបើកសាច់ប្រាក់ប្រចាំខែនៅឆ្នាំក្រោយ

2025/12/03 01:08:55 pm        158
មនុស្សវ័យចាស់អាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក៏ដូចជាជនមានពិការភាព ដែលរស់នៅក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ បានបន្តទៅធ្វើបច្ចុប្បន្នភាព នៅតាមឃុំ-សង្កាត់ដែលជិតកន្លែងខ្លួនស្នាក់នៅ។ ការធ្វើបច្ចុប្បន្នភាពនេះ ជាភាពចាំបាច់ ដើម្បីអាចបន្តបើកសាច់ប្រាក់ជាប្រចាំខែនៅឆ្នាំ ២០២៦ ខាងមុខ។ឈានចូលចុងឆ្នាំ ២០២៥នេះ មូលនិធិជាតិជំនួយសង្គម បានតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពជនមានពិការភាព ក៏ដូចជាមនុស្សវ័យចាស់ ចាប់ពីអាយុ ៦០ឡើងទៅ រស់នៅក្នុងគ្រួសារមានបណ្ណក្រីក្រ ត្រូវទៅធ្វើបច្ចុប្បន្នភាពនៅតាមឃុំ-សង្កាត់ណាក៏បានដែលជិតកន្លែងរស់នៅ។ ការធ្វើបច្ចុប្បន្ននេះ គឺកំណត់រយៈពេលពេញមួយខែ នៃខែធ្នូ ដែលតម្រូវឱ្យក្រុមគោលដៅទាំងពីរ ត្រូវទៅឃុំ-សង្កាត់ដោយផ្ទាល់ ដើម្បីធ្វើបច្ចុប្បន្នភាព និងត្រូវថតរូបជាថ្មី។ ករណី ជនមានពិការភាព និងមនុស្សចាស់ជរាពេក ពុំអាចធ្វើដំណើរបាន នោះក្រុមការងារឃុំ-សង្កាត់នឹងចុះទៅធ្វើបច្ចុប្បន្នភាពជូនដល់ខ្នងផ្ទះ។ គោលដៅសំខាន់ នៃការធ្វើបច្ចុប្បន្នភាពនេះ គឺដើម្បីអាចឱ្យក្រុមគោលដៅ បន្តបើកសាច់ប្រាក់ប្រចាំខែ នៅឆ្នាំ ២០២៦ ខាងមុខ។ ជាក់ស្ដែងនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥នេះ មនុស្សវ័យចាស់ជាច្រើន បានទៅធ្វើបច្ចុប្បន្នភាពនៅសាលាសង្កាត់ គោកឃ្លាង។ ភ្ជាប់ជាមួយស្នាមញញឹម ពួកគាត់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូជាខ្លាំង ដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសពលរដ្ឋមានជីវភាពខ្វះខាត ទោះស្ថិតកាលៈទេសៈណាក៏ដោយ។ លើសពីការទទួលបានថវិកាជាប្រចាំខែ គឺពួកគាត់ទទួលបានការថែទាំ ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ការទទួលបានថវិកាជាប្រចាំខែ និងការថែទាំសុខភាពនេះ ពិតជាមានគុណតម្លៃជាខ្លាំង សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ការគាំទ្រធ្វើឡើងក្រោមរូបភាពផ្សេងៗ រាប់បញ្ចូលទាំងការផ្ដល់ថវិកាជាប្រចាំខែ ការផ្ដល់សេវាថែទាំងសុខភាពដោយមិនគិតថ្លៃ ក៏ដូចជាការផ្ដល់ឱកាសសិក្សាជំនាញបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាដើម។ ផ្តោតលើការគាំទ្រជាថវិកាប្រចាំខែ សម្រាប់គ្រួសារមានបណ្ណក្រីក្រនេះ ទទួលបានការឧបត្ថម្ភថវិកាគោលពីរដ្ឋចំនួន ៣៤ ០០០រៀល ក្នុងមួយខែ។ បន្ថែមពីនេះ សម្រាប់គ្រួសារមានមនុស្សចាស់វ័យចាប់ពី ៦០ឆ្នាំឡើងទៅ ទទួលបានបន្ថែមចំនួន ២៨ ០០០រៀល ជនមានពិការភាពទទួលបាន ២៨ ០០០រៀល សិស្សចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ៩ទទួលបាន ២០ ០០០រៀល សិស្សចាប់ពីថ្នាក់ទី ១០ដល់ទី ១២ ទទួលបាន ៣០ ០០០រៀល និងជនផ្ទុកមេរោគអេដស៍ ទទួលបានថវិកាបន្ថែម ២៨ ០០០រៀល ជារៀងរាល់ខែផងដែរ។ អត្ថបទ៖ គឹមហុក   

គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សា​លើសេចក្តី​ព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ

2025/12/03 01:01:32 pm        148
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈ​កម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំអន្តរគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរសវនកម្មជាតិ ដើម្បីពិនិត្យសិក្សាលើ៖១.សេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។២.សេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ការរីកចម្រើនផ្លូវជនបទ បាននឹងកំពុងដើរស្របយុទ្ធសាស្ត្រគន្លឹះជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់ជីវភាពពលរដ្ឋ

2025/12/03 12:54:31 pm        240
ភ្នំពេញ៖ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយ​ផ្លូវ​ក្រាល​ក្រួស​ល្បាយ​ដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែ នៅទូ​ទាំ​ង​ប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុង​ដើរ​ស្រប​ទៅ​នឹង​គន្លឹះ​អាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយ​លើក​កម្ពស់ក​ម្រិត​ជីវភាពពលរដ្ឋ ជាពិសេសនៅទីជនបទ ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។ឯកឧត្តមបណ្ឌិតបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន គឺកំពុងប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកិច្ចការងារអភិវឌ្ឍន៍ និងថែទាំផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតែងតែចុះពិនិត្យនៅតាមបណ្តាខេត្តនានា លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីកចម្រើន ។ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់ គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដូច្នេះហើយបានជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅ​តាម​ជន​បទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ នូវ​ការ​ដឹក​លើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​រស់នៅ​អមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានា​ថា​អាច​ប្រើ​ប្រាស់​បានយូរអង្វែង។ក្នុងពេលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ប្រជាពលរដ្ឋរស់នៅអមសងផ្លូវទាំង ២គម្រោង បាន​សម្ដែង​នូវ​ការសប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ហើយជួយ​លើក​កម្ពស់​កម្រិត​ជីវភាព ជាមួយនឹងការប្ដេជ្ញាខិតខំចូលរួមថែទាំផ្លូវ ដើម្បីប្រើប្រាស់បានយូរ៕

មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសនៅតាមភូមិនានាបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម

2025/12/03 12:54:01 pm        171
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពនៅតាមខណ្ឌសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានចុះបាញ់ថ្នាំមូស នៅតាមសង្កាត់តាមភូមិនានា និងតាមសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានីដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម។លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ធ្នូនេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌទាំង១៤និងនៅតាមសាលារៀន។ លោកប្រធានបន្តថាសកម្មភាពនេះបានធ្វើឡើងជាប់ជាប្រចាំតាំងពីដើមខែមករាឆ្នាំ២០២៥មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូឆ្នាំ២០២៥នេះ ។ ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងបានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈនៅក្នុងមូលដ្ឋាន ខណ្ឌនានាក្នុងរាជធានីភ្នំពេញ៕ វ៉ាន់ដា

អតីតពលករមកពីថៃប្ដេជ្ញាមិនវិលត្រឡប់ទៅធ្វើការនៅថៃវិញទេ ខណៈ​កំពុង​ទទួល​បាន​ការងារ​សមរម្យ​ និងការយកចិត្តទុកដាក់ខ្ពស់ពីររដ្ឋាភិបាល

2025/12/03 12:45:53 pm        303
ក្រុមប្រជាពលរដ្ឋដែលធ្លាប់ធ្វើការងារនៅប្រទេសថៃ បច្ចុប្បន្នកំពុងទទួលបានការងារធ្វើនៅកម្ពុជា បាន​បង្ហាញ​ការប្ដេជ្ញាចិត្តថា ទៅថ្ងៃខាងមុខបើទោះបីជាបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ​វិល​ត្រឡប់​ទៅ​ប្រក្រតី​ភាព​ឡើងវិ​ញក៏ដោយ ក៏ពួកគាត់នឹងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតដែរ ដោ​យ​សារ​តែ​ការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ប្រាក់ឈ្នួលសមរម្យ ជាពិសេស​បាន​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ។នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ អ្នកស្រី តាន់ សុភាព ជា​អតីត​ពលករ​ខ្មែរ​ធ្វើការងារនៅប្រទេសថៃរយៈពេលប្រមាណជាង២ឆ្នាំ បច្ចុប្បន្នជាកម្មការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ដុងឌូ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា គិតមក​ដល់​ពេល​នេះគាត់និងស្វាមីបានវិលត្រឡប់ និងធ្វើការនៅ​ទឹក​ដី​កំណើត​វិញ​រយៈ​ពេល​ប្រមាណ​៥​ខែ​មក​ហើយ ក្រោមការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៅកែរោងចក្រ។ អ្នកស្រី បានឱ្យដឹងទៀតថា ការបំពេញការងារសព្វថ្ងៃនេះគឺមានភាពល្អប្រសើរ និងសប្បាយចិ​ត្ត​ជាង​ធ្វើ​ការ​នៅថៃដោយសារគ្មានការរើសអើង និងគ្មានសំពាធច្រើនដូចមុន ទាំងការរស់នៅ ការ​ដើរ​ហើរ​ និងការបំពេញការងារជាដើម។ដោយឡែក អ្នកស្រី ទូច សុមែន ជាអតីតពលករមកពីដូចគ្នា មានស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង បានលើកឡើងថា កន្លងមក អ្នកស្រីពិតជាមិនបានដឹងទេថា នៅកម្ពុជាមាន​ការងារ​ច្រើន​សម្បូរ​បែប ទើបសម្រេចចិត្តតាមសាច់ញាតិទៅធ្វើការនៅថៃ។ អ្នកស្រី បានបង្ហាញទឹកមុខសប្បាយចិត្ត និងអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់អតីតពលករខ្មែរទាំងអស់ ក្នុងការស្វែងរកការងារធ្វើបានភ្លាមៗក្រោយមកដល់ទឹកដីកំណើតដើមវិញ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា រហូតមកដល់ពេលនេះ មិនមានទទួលបានការរាយការណ៍ ឬបណ្តឹងណាមួយទេ ពីក្រុមអតីតពលករដែលកំពុងបំពេញការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពីព្រោះលោក និងក្រុមការងារសហជីពតាមមូលដ្ឋាន តែងតែសួរសុខទុក្ខជាប់ជានិច្ច តាមរយៈដោយផ្ទាល់ និងតាមរយៈទំនាក់ទំនងបណ្តាញសង្គមនានា អំពីការរស់នៅ និងការបំពេញការងារជាដើមនៅតាមរោងចក្រ សហគ្រាស។ពាក់ព័ន្ធរឿងខាងលើនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងការងារ នឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចធិបតី៖ សព្វថ្ងៃជនពិការភាពជាង១ម៉ឺននាក់ កំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន

2025/12/03 12:44:38 pm        143
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជន បានទទួលយកជនមានពិការភាព ចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងាររបស់ពួកគេ។តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយក ជនមានពិការភាពចូលបម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ដោយឡែក វិស័យឯកជនវិញ រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤៥២៧នាក់។ក្នុងសារលិខិតខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ហេតុនេះសរុបទាំង ក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន១៤៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន»។សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះ ស្ត្រី ចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់ផងដែរ៕អត្ថបទបានចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM