មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពជាង ១,៤ ម៉ឺននាក់ឱ្យ បម្រើការងារ

2025/12/03 12:36:32 pm        170
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទាំង​ក្រសួង ស្ថាប័នសាធារណៈ និង​វិស័យឯកជន​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​យក​ជន​មាន​ពិការ​ភាព​តាម​អត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ឱ្យបម្រើ​ការងារ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល និងអត្ថប្រយោជន៍សង្គមតាមមុខតំណែង តួនាទី និងការងារស្របតាមសមត្ថភាព និង​ទេព​កោសល្យរៀងៗខ្លួន។តាមរយៈសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោម​ប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍​បញ្ជាក់​ថា ​នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និង​សុខុមាល​ភាព​ជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន ៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ចំណែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ សម្ដេចធិបតីបានបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០ នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣ នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥ នាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពតាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

សម្ដេចធិបតី ណែនាំស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធ ១០ចំណុច​ក្នុង​ឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើកទី២៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព

2025/12/03 12:25:23 pm        258
ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នរដ្ឋ និងភាគីពាក់ព័ន្ធនូវអនុសាសន៍ចំនួន ១០ ចំណុច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព។អនុសាសន៍អំពាវនាវរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីរួមមាន៖១-ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។២- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឱ្យមាន ប្រសិទ្ធភាពនិងប្រសិទ្ធផល ដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយនិងកម្មវិធីអភិវឌ្ឍនានា របស់ខ្លួននិងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ។៣- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹង ប្រសិទ្ធភាពការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំនិងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាព ប្រែប្រួលជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័នដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្របទៅតាមបរិបទការងារនៃក្រសួង ស្ថាប័ន របស់ខ្លួន។៤- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួលខុសត្រូវ និងគ្រប់គ្រងសំណង់អគារនិងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ ជនមានពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទ អាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដោយ ឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។៥-ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មានឧបសគ្គ ឬការរើសអើងអ្វីឡើយ ឱ្យស្រមតាមប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើ មធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយ ដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បាន។៦- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នា ឱ្យបានល្អ បំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រនិងស្តារលទ្ធភាពពលកម្មតាមគំរូសង្គមប្រកបដោយ គុណភាពនិងដោយមិនគិតថ្លៃ ជូនជនមានពិការភាពដែលក្រីក្រដូចបានកំណត់នៅក្នុងគោលនយោបាយរបស់ រាជរដ្ឋាភិបាល។៧- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណ សំគាល់ជនមានពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គមនិងការទទួលបានផលប្រយោជន៍នានាពីសង្គម។៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឱ្យវិស័យឯកជន អង្គការសង្គមស៊ីវិល ទទួលយកជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់និងពិន័យអន្តរកាណ៍ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់សេវានានាដល់ ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការអន្តរវិស័យដែលមានស្រាប់គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាព ជនពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា។១០- អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវលើកផែនការសកម្មភាពនិងថវិកាទៅក្នុងផែនការអភិវឌ្ឍ ក្រុង ស្រុក និងឃុំ សង្កាត់ ដែលពាក់ព័ន្ធនឹងការងារបរិយាបន្នពិការភាព ស្របតាមលិខិតបទដ្ឋានស្តីពីការផ្ទេរ ធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្តារនីតិសម្បទា និង (៣) ពិនិត្យលទ្ធភាពក្នុងការគិតគូរផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ៕

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» នឹងបណ្តុះធុរកិច្ចថ្មីលើអាជីវកម្ម​ឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ

2025/12/03 11:58:55 am        84
នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងបន្តការ​ប្រកួត​ប្រែង​កម្ម​វិធី​បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ដោយផ្តោតលើតម្រូវការអាជីវកម្មដែលឆ្លើយតបទៅនិងទីផ្សារ ក្នុង​គោល​ដៅ​ជំរុញបង្កើតផលិតផលលើទីផ្សារឱ្យបានច្រើន ដើម្បីរួម ចំណែកក្នុងសេដ្ឋកិច្ច។ឯកឧត្តម​បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការ បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ឆ្នាំ២០២៦ នេះថា មជ្ឈមណ្ឌល​បណ្តុះ​ធុរ​កិច្ច​ថ្មី "តេជោ" គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយ​កសាង​ប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មី ជា​បន្ត​បន្ទាប់ ក្នុងការអភិវឌ្ឍធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬ​ផ្តួច​ផ្តើម​សកម្មភាពថ្មីៗបន្ថែម ទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះ​ស្មារតី ​ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។ឯកឧត្តមបណ្ឌិត បន្តថា ចំណែកនៅក្នុងរដូវកាលទី៦ ឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌល​នឹង​រៀបចំ​បណ្តុះធុរកិច្ចថ្មីនៅលើ អាជីវកម្មប្រហាក់ប្រហែលរដូវកាលទី៥ គឺការចាប់យក​បច្ចេក​វិទ្យា​ឌីជីថល​សម្រាប់ដំណោះស្រាយអាជីវកម្ម ដើម្បីឆ្លើយតបទៅនិង តម្រូវការទីផ្សារ​បច្ចុប្បន្ន​មាន​ដូច​ជា​៖ សន្តិសុខឌីជីថល, បច្ចេកវិទ្យាអគ្គិសនី ដោយដើរតាម បរិបថរបស់កម្ពុជា, ផ្លេតហ្វម​ថ្នាល​ឌីជីថល សម្រាប់បម្រើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលការអនុវត្តនេះបានធ្វើឡើង, ស្រប​តាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលបានបន្ថែមនូវផ្នែកបច្ចេកវិទ្យា។ឯកឧត្តមបណ្ឌិត តាំង ងួនលី លើកឡើងថា ជុំវិញការបណ្តុះធុរកិច្ចថ្មី ឬហៅថា Starup បើ​យោង​តាម​របាយការណ៍ ទាក់ទងការបណ្តុះ ធុរកិច្ចថ្មីនៅលើពិភពលោក គឺមានអត្រាប្រមាណជាង ៩០ ភាគរយ ទទួលនូវការបរាជ័យ។ ប៉ុន្តែសម្រាប់ការងារដែលមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” វិញ គិតមកដល់ពេលនេះក្រុមដែលជាប់ជ័យលាភីមានចំនួន ៣៦ ក្រុម ឃើញថា មានប្រមាណ ៥៥ ភាគរយ បាននិងកំពុងបន្តធ្វើអាជីវកម្ម និង ៤៥ ភាគរយផ្សេងទៀតបានក្ស័យធុន ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ក៏ពួកគាត់បាននិងកំពុងចាប់យកនូវ អាជីវកម្មផ្សេងៗ។ ចំពោះ​តាម​ការ​វាយ​តម្លៃ​ជារួ​ម, ធុរកិច្ចដែលបង្កើតក្រុមហ៊ុនថ្មីមានហានីភ័យក៏ដោយ ក៏មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅ​មានអត្រាជោគជ័យខ្ពស់នៅលើទីផ្សារកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​បង្ហាញ​ពី​ការ​ខូច​ខាត​ និង​ផលប៉ះពាល់​​រួម​ទាំង​ការ​ស្លាប់​កុមារ​ម្នាក់​ពី​គ្រាប់​បែកចង្កោមកើត​ចេញ​ពី​​កា​រវាយ​ប្រហារ​របស់​យោធាថៃ ជូនមិត្តអន្តរជាតិ

2025/12/03 11:57:10 am        153
ហ្សឺណែវ៖ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​ មីន​ បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ក្លាយ​ជា​ជន​ភៀស​សឹក​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ថៃ និង​ការ​ខូច​ខាត​លើ​ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ​​និង​ផល​ប៉ះពាល់​រយៈ​ពេល​យូរ។កម្ពុជា​បង្ហាញ​ពី​ការ​ខូច​ខាត​ និង​ផលប៉ះពាល់​​កើត​ចេញ​ពី​​កា​រវាយ​ប្រហារ​របស់​ថៃ នាពេលកន្លងមក រួម​ទាំង​ការ​ស្លាប់​កុមារ​ម្នាក់​ពី​គ្រាប់​បែកចង្កោម ដោយធ្វើឡើង​ជាមួយ​រដ្ឋភាគី​/រដ្ឋមិនមែន​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​ ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​អន្តរជាតិ​សំខាន់ៗ​ ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋភាគី​លេីក​ទី២២​ នៃ​អនុសញ្ញា​អូតាវ៉ា​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ដែលមាន​​ប្រទេស​ជប៉ុន​ជា​ប្រធាន​៕

កម្ពុជាបញ្ជូនមុខសញ្ញាពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន តាម «និវេទន៍ក្រហម» ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី

2025/12/03 11:45:57 am        178
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ និងមានការសហការយ៉ាងសកម្មពីកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី បានឈានដល់ការធ្វើការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះ។ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីដ៏ធ្ងន់ធ្ងរនេះ។ ក្នុងនោះកម្លាំងនាយកដ្ឋានចារកម្មបានធ្វើការឃាត់ខ្លួនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ ASTUTIK DEWI ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៤០នាទី ត្រង់ចំណុចសណ្ឋាគារ NOVOTEL ក្នុងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀតផងដែរ និងបានដកហូតរថយន្តម៉ាក PRIUS ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-9815។ក្រោយបញ្ចប់នីតិវិធីនៃការសាកសួរ និងរៀបចំឯកសារនានា ដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារបានបញ្ជូនមុខសញ្ញានិវេទន៍ក្រហមឈ្មោះ DEWI ASTUTIK ចេញពីអាកាសយានដ្ឋានមរតកតេជោ តាមយន្តហោះពិសេស នាវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រគល់ជូននគរបាលជំនាញ នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែនពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង

2025/12/03 10:59:06 am        55
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។  លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមផ្សេងៗទៀតផងដែរ ខណៈដែលការចំណាយប្រចាំថ្ងៃតិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើនលើការសន្សំសំចៃរបស់បងប្អូនប្រជាពលរដ្ឋ»។ បន្ថែមពីនេះ លោកបានរំលឹកផងដែរថានៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោក ស៊ុន មេសា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះបងប្អូនក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕

ប្រតិភូអាមេរិក-អាស៊ាន ឈ្វេងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ

2025/12/03 09:51:11 am        186
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ឈ្វេងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត រវាងកម្ពុជា-សហរដ្ឋអាមេរិក។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ បានទទួល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយឯកឧត្តម Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC អមដោយមន្រ្តីការទូតនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសក្តានុពលវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា សំដៅ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀត។ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសម្រេច បានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក ការបន្តលើកកម្ពស់តម្លាភាពក្នុងវិស័យធុរកិច្ច និងសុចរិតភាពហិរញ្ញវត្ថុ និងការបង្កើត បរិយាកាសវិនិយោគល្អ សម្រាប់ទាក់ទាញគម្រោងវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជាឱ្យបានកាន់តែច្រើន។ក្នុងជំនួបនេះ ឯកឧត្តម Ted Osius បានលើកឡើងពីកត្តាអំណោយផល នៃគោលនយោបាយគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបញ្ជាក់ពីការទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី សម្តេចធិបតី និងការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហ។ បន្ថែមលើនេះ សមាជិកគណៈប្រតិភូ US-ABC ដែលជាតំណាង ក្រុមហ៊ុនអាមេរិកធំៗ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏បានជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការនៅកម្ពុជា និងបញ្ជាក់ពីគម្រោង ពង្រីកប្រតិបត្តិការថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងអំណរគុណធនាគារជាតិនៃកម្ពុជា ដែលតែងផ្ដល់កិច្ចសហការ និងការគាំទ្រនាពេលកន្លងមក។ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូ US-ABC មកកាន់កម្ពុជា និងបានជម្រាបជូនពីប្រវត្តិសេដ្ឋកិច្ចកម្ពុជា និងវឌ្ឍនភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះដែរ លោកជំទាវ ក៏បានលើកឡើងពីបទពិសោធជោគជ័យ នៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដែលជាឧទាហរណ៍គំរូសម្រាប់បង្ហាញវិនិយោគិនសហរដ្ឋអាមេរិក ពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាឱកាសក្នុងការបង្កើនកិច្ច សហការក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

សម្តេច ម៉ែន សំអន ជួបសំណេះសំណាល និងនាំយកព្រះអំណោយចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩

2025/12/03 09:40:17 am        204
សម្តេច ម៉ែន សំអន បានថ្លែងថា ការយកចិត្តទុក្ខដាក់លើគ្រួសារកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខ គឺជាកម្លាំងចិត្តដល់កងទ័ព ថាក្រុមគ្រួសាររបស់ខ្លួន នៅជួរក្រោយទទួលបានការមើលថែដិតដល់។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកព្រះអំណោយ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលជាតិ ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។អំណោយដែលចែកជូនដល់គ្រួសារកងទ័ព និងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ នាពេលនេះគឺទទួលបានមកពីការសព្វព្រះហឬទ័យប្រទានរបស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងចូលរួមឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា គណៈកម្មការទី៨ ព្រឹទ្ធសភា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុមហ៊ុន ស៊ីបកូ (SIPCO) ក្រុមហ៊ុនវឌ្ឍនៈ-ជីបមុង ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាច្រើនទៀត៕

កម្ពុជាអំពាវនាវឱ្យ UNRC និងក្រុមការងារ UN ប្រចាំប្រទេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើ ៣ ចំណុច ក្នុងកិច្ចសន្ទនាអន្តរកម្មរវាងរដ្ឋសមាជិក

2025/12/03 09:34:03 am        182
នៅថ្ងៃទី២ ខែធ្នូ ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និង ជាតំណាង អចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចសន្ទនា អន្តរកម្មរវាងរដ្ឋសមាជិកអ.ស.ប. និងអ្នកសម្របសម្រួលអ.ស.ប.ប្រចាំប្រទេស (UN Resident Coordinator - UNRC) ដើម្បីពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងផ្លាស់​ប្តូរ​ទស្សនៈគ្នាអំពីការពង្រឹងប្រព័ន្ធអភិវឌ្ឍន៍អ.ស.ប. ក្នុងការគាំទ្រ​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព។នៅក្នុងឱកាសខាងលើ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ​រវាងរាជរដ្ឋាភិបាលកម្ពុជា និង អ.ស.ប. ហើយបានគូសបញ្ជាក់ពីតួនាទី​ដ៏​សំខាន់របស់អ.ស.ប. ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការរៀបចំយុទ្ធសាស្ត្រ​អន្តរកាល​ដោយ​រលូន សម្រាប់គម្រោងចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេស​អភិ​វឌ្ឍន៍​តិចតួច (LDC) នៅឆ្នាំ២០២៩។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យ UNRC និងក្រុមការងារអ.ស.ប. ប្រចាំប្រទេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើចំណុចចំនួន ៣ គឺ៖ (១) ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការកសាងសមត្ថភាព​ដល់​ប្រទេសដែលកំពុងចាកចេញពីឋានៈ LDCs (២) ការជំរុញអភិក្រមប្រកប​ដោយសមាហរណកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពធន់អាកាសធាតុ និងអភិបាលកិច្ចឌីជីថល ព្រមទាំង (៣) ការពង្រឹងភាពស៊ីសង្វាក់​គ្នានៃ​ប្រព័ន្ធអ.ស.ប. ដើម្បីធានាដល់ការកៀរគរធនធានប្រកបដោយប្រសិទ្ធភាព។

កម្ពុជាអរគុណអាល្លឺម៉ង់បន្តធ្វើជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកដោយសង្រ្គាមអស់ជាច្រើនទសវត្សរ៍

2025/12/03 09:30:58 am        158
 ហ្សឺណែវ, ស្វីស៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោក Stefan Delfs នាយកទទួលបន្ទុកផ្នែកសកម្មភាពមីនមនុស្សធម៌ នៃក្រសួងការបរទេសអាឡឺម៉ង់ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការដឹកនាំអនុសញ្ញាអូតាវ៉ាក្នុងភាពជាប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បានមកពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានធ្វើឱ្យជីវិភាពរស់នៅរបស់ប្រជាជន និងសហគមន៍ មានការរីកចំរើនជាងមុន។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ឯកឧត្ដម បញ្ជាក់ទៀតថា ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។ ជាមួយគ្នានោះ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបន្តឈរជាមួយកម្ពុជា និងធ្វើជាដៃគូយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលបន្សល់ទុកដោយសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ព្រមទាំងស្នើសុំឱ្យប្រទេសអាល្លឺម៉ង់បន្តគាំទ្រការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM