មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

2025/12/03 09:27:24 am        177
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ បើតាមលិខិតដដែល, ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តការលើកលែងទិដ្ឋាការនេះ ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។បន្ថែមលើសពីនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើ និងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តងនាពេលអនាគត។

រដ្ឋមន្រ្តីកសិកម្ម វាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពង្រីកវិនិយោគវិស័យកសិកម្មកម្ពុជា

2025/12/03 09:19:15 am        164
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក Jack Myint និងតំណាងក្រុមហ៊ុនធំៗជាសមាជិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។ ក្នុងជំនួបពិភាក្សា កាលពីនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចំពោះចំណាប់អារម្មណ៍បោះទុន និងពង្រីកការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយលើកស្ទួយបច្ចេកទេសកសិកម្ម កាត់បន្ថយចំណាយថ្លៃដើម និងជួយបង្កើនគុណភាពនិងបរិមាណផលិតកម្ម ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រកួតប្រជែង ហើយអាចឆ្លើយតបនឹងតម្រូវការនិងស្តង់ដារខ្ពស់របស់ទីផ្សារធំៗដូចជាអាមេរិក។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសុទិដ្ឋិនិយម និងគូសបញ្ជាក់ថាកម្ពុជា ត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្តែងចេញជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជំរុញវិស័យធុរកិច្ច និងផ្តល់ផលចំណេញទៅវិញទៅមកនៃប្រទេសទាំងពីរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

ស៊ីម៉ាក់ រកឃើញគ្រាប់បែកចង្កោម២៥គ្រាប់ ប្រភេទ M46 ដែលជាផលប៉ះពាល់ដោយសារសង្គ្រាមបន្សល់ទុក កាលពីថ្ងៃ ២៤-២៨ ខែកក្កដា ២០២៥

2025/12/03 08:16:36 am        664
កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាព ស៊ីម៉ាក់ បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម។ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែកចង្កោម ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖១. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី២. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។៣. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី។សូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ។សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារ៉ា អាយុ១០ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ៕

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីស និងស្នើបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2025/12/03 07:43:23 am        173
 នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Zoë Poznicek មន្ត្រីទទួលកម្មវិធីបោសសម្អាតមីនមនុស្សធម៌ នៃក្រសួងការបរទេស ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងការទូត និងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC)។ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីស។ ការរួមចំណែករបស់រដ្ឋាភិបាលស្វីសចំពោះការបោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព។ កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ និងបន្តគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីន។ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានជម្រាបប្រាប់ លោកស្រី Zoë Poznicek អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាដើម។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយសន្តិភាព៕

ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារគណបក្សស្រុកចន្ទ្រា ប្រារព្ធពិធីអបអរសាទរខួប៤៧ឆ្នំា ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ

2025/12/03 07:12:08 am        328
ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុម ការងារគណបក្សប្រជាជនកម្ពុជា នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ។សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។សូមបញ្ជាក់ផងដែរថា ក្រោយប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូនេះ ឯកឧត្តម ម៉ឹង សំផន និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ខេត្តសា្វយរៀង ក៏បានពិសារបាយសាមគ្គី ដើម្បីបញ្ជាក់អំពីសាមគ្គីភាពរបស់កូនខ្មែរ ក្នុង ការរំលឹកគុណ និងអរគុណចំពោះទិវាកំណើត២ធ្នូនេះផងដែរ៕

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ

2025/12/02 08:37:35 pm        156
នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Jack Myint នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ដីគោក និងភារៈធារីស្ដីទីរបស់ស្ថានទូតអាមេរិកនៅកម្ពុជា លោកស្រី Bridgette Walker និងក្រុមហ៊ុនអាមេរិកចំនួន ១២ ដើម្បីជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។ក្នុងជំនួបនេះ សហប្រធានគណៈប្រតិភូទាំងពីររូបបានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីចំពោះការទទួលស្វាគមន៍ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តកិច្ចសហការ ជាពិសេសក្រោយពេលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពន្ធបដិការជាមួយសហរដ្ឋអាមេរិក។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកអំពីទស្សនវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដោយផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាសសរស្ដម្ភ។ បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកដល់ក្រុមហ៊ុនដែលបានចូលរួមបានដឹងអំពីវឌ្ឍនភាពសំខាន់ៗនៃការកសាងទំនុកចិត្តឌីជីថលនៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសាយប័រនិងកិច្ចការពារទិន្នន័យបុគ្គល។ក្នុងឱកាសនេះដែរ លោក Jack Myint បានណែនាំសមាសភាពទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិថ្មីរបស់ US-ABC ប្រចាំនៅកម្ពុជា ដែលជាវត្តមានលើកដំបូងនៃបុគ្គលិក US-ABC ប្រចាំនៅកម្ពុជាផ្ទាល់ក្នុងប្រវត្តិបួនទសវត្សរ៍របស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរការចូលកាន់តួនាទីថ្មីរបស់ទីប្រឹក្សាយុទ្ធសាស្ត្រ US-ABC និងបង្ហាញការគាំទ្រដល់បេសកកម្មថ្មីរបស់លោក។

រដ្ឋមន្រ្តីសុខាភិបាល៖ ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់ចូលរួមគ្រប់បេសកម្មរបស់វិស័យសុខាភិបាល

2025/12/02 08:00:11 pm        201
ថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានថ្លែងថា ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កំលាំងកាយនិងចិត្តចូលរួមបំពេញគ្រប់បេសកម្មរបស់វិស័យសុខាភិបាលក៍ដូចជាបេសកម្មរបស់ជាតិ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមសាស្ត្រាចារ្យ ដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១៤៣នាក់។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឺកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន ១. ធ្វើជាអ្នករំលឹកអោយមានសន្ទុះការងារជាប្រចាំ ២. ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល និង ៣. ត្រូវមានទេពកោសល្យក្នុងការពន្យល់ភាគីពាក់ពន្ធ័និងប្រជាជនអោយអោយបានយល់ពីការងារគ្រប់គ្រងសុខភាព។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់មួយបន្ថែមទៀត របស់អ្នកដឹកនាំវិស័យសុខាភិបាល ដែលអ្នកដឹកនាំគ្រប់រូបត្រូវនាំមកនូវរូបភាពល្អនៃភាពជាអ្នកដឹកនាំ គ្រប់ពេលវេលា (ទាំងអាកប្បកិរិយា សំដី និងខ្លឹមសារ) មកបង្ហាញជាសាធារណៈនៅក្នុងដំណើរនៃការដឹកនាំក្នុងគោលនយោបាយដែលត្រឹមត្រូវ។អ្នកដឹកនាំគ្រប់រូបត្រូវព្យាយាមចូលរួមទាំងកំលាំងកាយ និងចិត្តនៅក្នុងគ្រប់បេសកម្មទាំងអស់របស់អង្គភាពរបស់ខ្លួន ហើយក៏ត្រូវបង្ហាញរូបភាពល្អនៃភាពជាអ្នកដឹកនាំនេះ ទាំងនៅក្នុងអង្គភាព ក្នុងវេទិការអន្តរអង្គភាព និងនៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឺក អ្នកដឹកនាំតាមឋានានុក្រមខិតខំ ដោះស្រាយបញ្ហានៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ជាកិច្ចបន្ត មានបទបង្ហាញចំនួន២ត្រូវបានរៀបចំ។ក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញពីសមិទ្ធិផលសុខាភិបាលក្នុងខេត្តបាត់ដំបង និង ក្រុមការងារនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងក៍បានបង្ហាញពីPDIA សម្រាប់ការបង្កើនសេវាពិគ្រោះជំងឺក្រៅរបស់មន្ទីរពេទ្យ។ជាចុងបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៍បានផ្តល់នូវអនុសាសន៍ ឱ្យអ្នកដឹកនាំទាំងអស់ ធ្វើជាគំរូល្អដល់បុគ្គលិករបស់ខ្លួន និងខិតខំជួយបុគ្គលិកធម្មតាម្នាក់ៗ ឱ្យប្រែក្លាយទៅជាបុគ្គលិកគន្លឺះ ក្នុងការជួយអភិវឌ្ឍអង្គភាពនាពេលបច្ចុប្បន្ន និងពេលអនាគត៕

គណៈប្រតិភូចម្រុះកម្ពុជា ចូលរួមកម្មវិធីអាស៊ីប៊ែកឡាំង ក្នុងចំណោម ៦៣ប្រទេសទ្វីបអឺរ៉ុប និងអាស៊ី

2025/12/02 07:13:25 pm        156
ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម កម្មវិធីអាស៊ីប៊ែកឡាំងឆ្នាំ២០២៥ ក្រោមប្រធានបទ "ការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍" ចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់ (GIZ) ប្រចាំកម្ពុជា។ សមាសភាពគណៈប្រតិភូកម្ពុជា រួមមាន តំណាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុនធុរកិច្ចថ្មីក្នុងវិស័យផ្សេងៗដូចជា Vp.Start (បច្ចេកវិទ្យាថាមពល), Pilltech (បច្ចេកវិទ្យាសុខាភិបាល), Bookmebus ( បច្ចេកវិទ្យាដឹកជញ្ជូន) និង Konektagri (បច្ចេកវិទ្យាកសិកម្ម)។ ធុរកិច្ចថ្មីកម្ពុជាក៏មានឱកាសធ្វើបទបង្ហាញនិងតាំងពិពណ៌ពីសេវាកម្មនវានុវត្តន៍របស់ខ្លួននៅក្នុងកម្មវិធីផងដែរ។ កម្មវិធីនេះមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ស្ថាបនិកធុរកិច្ចថ្មី អ្នកវិនិយោគ និងអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសកលប្រហែល ១៧០០នាក់ មកពី ៦៣ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ី។ ឯកឧត្តមក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សារៀបចំដោយ ក្រសួងបរិវត្តកម្មឌីជីថល និងទំនើបកម្មរដ្ឋាភិបាល ក្រោមប្រធានបទ "ការផ្តល់ជូនអាជីវកម្មបច្ចេកវិទ្យាអឺរ៉ុប៖ កំណើនឌីជីថលសម្រាប់អាស៊ី" ដើម្បីចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងឱកាសវិនិយោគអាស៊ី-អឺរ៉ុប និងកិច្ចពិភាក្សារៀបចំដោយ GIZ ក្រោមប្រធានបទ"សិក្ខាសាលាស្តីពីនវានុវត្តន៍ឌីជីថលបៃតង" ផងដែរ។ការចូលរួមកម្មវិធីនេះ ផ្តល់ឱ្យប្រតិភូកម្ពុជានូវ៖- ការផ្សព្វផ្សាយពីសេវាកម្មនវានុវត្តរបស់ធុរកិច្ចថ្មីកម្ពុជាលើឆាកអន្តរជាតិ- ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងអ្នកវិនិយោគ អាឡឺម៉ង់ និងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត- ការស្វែងយល់ពីបទពិសោធន៍ថ្មីៗទាក់ទងគោលនយោបាយស្តីពីធុរកិច្ចថ្មី ការផ្តល់មូលនិធិ និងការជំរុញនវានុវត្តន៍។

​ មេត្រីភាពរវាងខេត្តហ៊្វូជៀន ប្រទេសចិន និងរាជធានីភ្នំពេញ នឹងជំរុញទំហំការវិនិយោគនៅភ្នំពេញកាន់តែមានកម្រិតធំជាងមុន

2025/12/02 06:45:42 pm        170
ភ្នំពេញ ៖ តាមរយៈនៃចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២១មក រវាងខេត្តហ៊្វូជៀន ប្រទេសចិន និងរាជធានីភ្នំពេញ នឹងជំរុញទំហំការវិនិយោគនៅភ្នំពេញឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត។ខេត្តហ៊្វូជៀននៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជធានីភ្នំពេញ ជាខេត្ត-រាជធានី ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២១ នឹងគ្រោងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគនៅភ្នំពេញឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀន បានវិនិយោគទុនច្រើនរួចមកហើយនៅរាជធានីភ្នំពេញក៏ដោយនោះ។នេះជាការបង្ហាញឱ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រវាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្វាង ឈុន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនានៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។ក្នុងជំនួបនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាព និងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។ រាជធានីភ្នំពេញមានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនឹងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណនតេជោ ដែលទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនតាមផ្លូវទឹកនាពេលខាងមុខ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ ៣៥ ឆ្នាំចុះ មានប្រមាណជា៦០% ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ដូច្នេះឯកឧត្ដមស្នើសុំឱ្យខេត្តហ៊្វូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។ សំរាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។ជាការឆ្លើយតបឯកឧត្តម ហ្វាង ឈុន ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ៊្វូជៀន ផងដែរ ដោយឯកឧត្តមបញ្ជាក់ថា ខេត្តហ៊្វូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ហ្វាង ឈុន បានបន្តថា ក្នុងរយៈពេល៨ខែនេះ ខេត្តហ៊្វូជៀនបាននាំទំនិញចូលមកកម្ពុជាចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ៊្វូជៀន គឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ៊្វូជៀន ក៏ជាខេត្តដែលផលិត និងនាំរថយន្តអគ្គិសនីចេញទៅលក់នៅក្រៅប្រទេសជាច្រើន។ឯកឧត្តម ហ្វាង ឈុន បានមានប្រសាសន៍ថា ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះឯកឧត្ដមជំរុញឱ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុននៅខេត្តហ៊្វូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។  ឯកឧត្ដមបញ្ជាក់ថា ជនជាតិចិននៅទីក្រុងហ៊្វូជៀនបានមកអ្វើជំនួញនៅកម្ពុជា មានប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឱ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញ និងខេត្តហ៊្វូជៀន បានឯកភាពគ្នាក្នុងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋបាលខណ្ឌច្បារអំពៅ យកផ្លូវជាតិលេខ១ ជាផ្លូវអាទិភាពដំបូងដែលចាំបាច់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវ

2025/12/02 06:33:59 pm        460
រាជធានីភ្នំពេញ ៖ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌច្បារអំពៅ បានសម្រេចយកផ្លូវជាតិលេខ១ ជាផ្លូវអាទិភាពដំបូងដែលចាំបាច់ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវសាធារណៈសម្រាប់ថ្មើរជើង ឲ្យមានប្រសិទ្ធិភាព មុនឈានដល់ការទៅអនុវត្តផ្លូវនានាដទៃផ្សេងទៀតនៅក្នុងមូលដ្ឋាន ។ លោកជ ចាន់ស៊ាង អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ បានប្រាប់ឲ្យដឹងថា ៖ កិច្ចការងាររៀបចំសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈដើម្បីសោភ័ណ្ឌភាព ពិសេសការរំដោះចិញ្ចើមផ្លូវទុកសម្រាប់ឲ្យពលរដ្ឋថ្មើរជើងបាន គឺទាមទារការចូលរួមខ្ពស់ណាស់ ពីបណ្តាអ្នកពាក់ព័ន្ធ ពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង ។ លោកអភិបាលរងបន្ថែមថា ៖ មុនឈានដល់ការចុះអនុវត្តវិធានការរដ្ឋបាល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានផ្សព្វផ្សាយតាមរយៈការចេញសេចក្តីជូនដំណឹង និងចុះជម្រាបប្រជាពលរដ្ឋដោយផ្ទាល់មាត់ និងលាយលក្ខ័អក្សរផងដែរ ដើម្បីឲ្យពួកគាត់មានការចូលរួម ជាមួយការអនុវត្តនេះឲ្យមានប្រសិទ្ធិភាព ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌនេះ គឺមានរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥មក ។ លោកជ ចាន់ស៊ាង បន្ថែមថា ៖ ការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជាតិលេខ១នេះ គឺនឹងចាប់ផ្តើមពីគល់ស្ពានព្រះមុន្នីវង្សចាស់ថ្មី រហូតទៅដល់ព្រមប្រទល់ទឹកដីខេត្តកណ្តាល ។ ក្រោយរៀបចំផ្លូវជាតិមួយនេះ បានល្អស្អាតរួចរាល់ រដ្ឋបាលខណ្ឌនឹងបន្តសហការជាមួយរដ្ឋបាលសង្កាត់ពាក់ព័ន្ធចុះទៅរៀបចំផ្លូវអាទិភាពជាបន្តបន្ទាប់ផ្សេងទៀតផងដែរ ។ ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោកអភិបាលរង សង្ឃឹមជឿជាក់មុតមាំថា បងប្អូនប្រជាពលរដ្ឋ និងបណ្តាអ្នកប្រកបអាជីវកម្មរកស៊ីទទួលទាននានា ដែលនៅប្របសងខាងផ្លូវជាតិលេខ១ នឹងចូលរួមគោរពអនុវត្តទៅតាមគោលការណែនាំ និងគោលការណ៍រៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរខណ្ឌទាំងអស់គ្នា ក្នុងគោលបំណងធ្វើឲ្យទីក្រុងស្អាត មានសោភ័ណ្ឌភាព និងរបៀបរៀបរយល្អ ។ ទន្ទឹមនឹងការរៀបចំខាងលើនេះដែរ បងប្អូនប្រជាពលរដ្ឋ សម្តែងក្តីរីករាយក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ និងដងផ្លូវសាធារណៈ ព្រោះពួកគាត់ ក៏ចង់បានផ្លូវធំទូលាយស្អាតល្អ បង្កលក្ខណះងាយស្រួលដល់ការរស់នៅ ការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីទទួលទានជាដើម ។ គួររំលឹកថា ៖ ទាក់ទិននឹង បញ្ហាសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈនេះដែរ កាលពីពេលកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការក្រើនរំលឹកខ្ពស់ទៅកាន់អាជ្ញាធរទាំង១៤ខណ្ឌ និងផ្សាររដ្ឋទាំង២៥ ឲ្យបន្តការយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតល្អ ធានាភាពល្អប្រសើរ ពិសេសការងាររំដោះចិញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ទុកសម្រាប់ការថ្មើរជើង គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធិភាព ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM