មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ក្រុមការងារចុះមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមក្នុងមិទ្ទិញខួបទី៤៧ ទិវាកំណើតរណសិរ្ស នៅស្រុកសន្ទុក

2025/12/02 06:23:51 pm        112
កំពង់ធំ ៖ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ សរុបប្រមាណ ៤០០ នាក់ ចូលក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ ២ធ្នូ២០២៥)។​ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ តំណាងលោកជំទាវបណ្ឌិត ជាសិរី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) ដោយក្នុងមិទ្ទិញនោះ ឯកឧត្តមបានអាននូវសុន្ទរកថា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៧ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំង ក្នុងនិងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យ ជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា អង្គការរណសិរ្សបានសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋអំណាច ក្នុងការប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ផង និងស្តារខឿនសេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលបានបំផ្លាញខ្ទេចខ្ទីផង។ ឈរលើមូលដ្ឋាននៃកម្លាំងមហា សាមគ្គីជាតិនេះ យើងបានការពារដោយជោគជ័យ នូវការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាល ដ៏លំបាកលំបិន មកកាន់ដំណាក់កាលរីកចម្រើន ជាជំហានៗរហូតមកដល់បច្ចុប្បន្ន។នៅក្នុងមិទ្ទិញនេះ, ឯកឧត្តមបានអំពាវនាវដល់មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ទាំងអស់ ត្រូវចងចាំនូវគុណបំណាច់ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, អតីតសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម, សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត ព្រោះថា រណសិរ្សនេះហើយដែលនាំមក នូវមហាជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង និងសូមចាត់ទុកស្ថាបនិកអង្គការរណសិរ្សនេះ ជាអ្នកមានគុណជាវីរៈជនអ្នក ស្នេហាជាតិយ៉ាងពិត ប្រាកដព្រោះថា មានតែស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរពីក្នុងស្ថានភាព ដ៏លំបាកលំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុត ពីគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិ ឆ្ពោះមករកភាពសម្បូររុងរឿង៕នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានចែកអំណោយរបស់លោកជំទាវបណ្ឌិត ជាសិរី ជូនដល់និវត្តន៍ជន ចំនួន២០ រូប រស់នៅក្នុងស្រុកសន្ទុកដែលម្នាក់ៗទទួលបានឃីតមួនិងថវិកា ៥ ម៉ឺនរៀល៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីកសិកម្ម វាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពង្រីកវិនិយោគវិស័យកសិកម្មកម្ពុជា

2025/12/02 05:30:58 pm        114
នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក Jack Myint និងតំណាងក្រុមហ៊ុនធំៗជាសមាជិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចំពោះចំណាប់អារម្មណ៍បោះទុន និងពង្រីកការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយលើកស្ទួយបច្ចេកទេសកសិកម្ម កាត់បន្ថយចំណាយថ្លៃដើម និងជួយបង្កើនគុណភាពនិងបរិមាណផលិតកម្ម ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រកួតប្រជែង ហើយអាចឆ្លើយតបនឹងតម្រូវការនិងស្តង់ដារខ្ពស់របស់ទីផ្សារធំៗដូចជាអាមេរិក។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសុទិដ្ឋិនិយម និងគូសបញ្ជាក់ថា កម្ពុជាត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្តែងចេញជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជំរុញវិស័យធុរកិច្ច និងផ្តល់ផលចំណេញទៅវិញទៅមកនៃប្រទេសទាំងពីរ៕

ប្រជាពលរដ្ឋនិងមន្ត្រីរាជការស្រុកលើកដែក ៖ បើគ្មានរណសិរ្ស ២ធ្នូនេះទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

2025/12/02 04:33:48 pm        101
(កណ្តាល): ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងយុវជន ក្នុងស្រុកលើកដែកខេត្តកណ្តាលបានប្តេជ្ញា ចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស ២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុត ។ ដោយពួកគាត់គ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ការប្តេជ្ញានេះបានធ្វើឡើងក្នុងខណះដែលគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកលើកដែកខេត្តកណ្តាលប្រារព្វមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ -២ធ្នូ ២០២៥) ក្រោមធិបតីភាពឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក តំណាងឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក នាថ្ងៃទី2ធ្នូ ឆ្នាំ 2025នេះ។ សមាជិក-សមាជិកាក្រុមប្រឹក្សាស្រុក-ឃុំ ភូមិ កងកម្លាំងទាំងបីប្រភេទ កង កម្លាំង CMAC មន្ត្រីសុខាភិបាល, យុវជន(ស.ស.យ.ក, កាកបាទក្រហម, កាយរឹទ្ធិ) និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលបានរួមគ្នាលើកដៃឡើងប្តេជ្ញាចិត្ត និង ចងចាំជានិច្ចនូវគុណបំណាច់របស់«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម ,សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងគ្រប់គ្នា ។ ព្រោះរណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជម្នះ៧មករាដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេច ក្តីស្លាប់និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹមនិងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង ។   អង្គមិទ្ទីងទាំងមូលបានចាត់ទុកអគ្គស្ថាបនិកអង្គការរណសិរ្សនេះជាអ្នក មានគុណជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះថាមានតែអគ្គស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរក្នុងស្ថានភាពដ៏លំបាក លំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុតពីទុក្ខពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិពីគំនរផេះ ផង់ ជាជំហានៗ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនានាពេលនេះ និងទៅអនាគត ។   ដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះបុព្វការីជន និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អង្គមិទ្ទិងសូមធ្វើសច្ចានិងប្តេជ្ញាចិត្តដូចជា ១- ប្តេជ្ញា ចងចាំជានិច្ចដោយចាត់ទុករណសិរ្ស២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា! ,២- ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីបភាពប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជនឲ្យអស់កម្លាំងកាយចិត្ត! ,៣- ប្តេជ្ញា! បំផុសចលនាសមាជិកសមាជិការណសិរ្សទប់ស្កាត់ឲ្យបានដាច់ខាត នូវរាល់សកម្មភាពទាំងឡាយដែលនាំឲ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍន៍!,៤- ប្តេជ្ញា! ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក!,៥- ប្តេជ្ញា! គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា!និងស្រែកប្តេជ្ញានូវពាក្យស្លោកព្រមៗគ្នាថា - ជយោ ! រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា!,- ជយោ! សុខសន្តិភាព និងការរអភិវឌ្ឍ, - មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព ដូចថ្ងៃនេះ! និង-សូមអរគុណសន្តិភាព! ៕ អត្ថបទ,ភារម្យ

មន្ត្រីជាន់ខ្ពស់កាណាដាសម្តែងការសោកស្តាយចំពោះការលំបាករបស់ប្រជានតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបង្ករដោយសង្រ្គាម និងកោតសរសើរភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន

2025/12/02 04:25:07 pm        99
ហ្សឺណែវ ស្វីស៖ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ទទួលជំនួបទ្វេភាគីជាមួយ លោក Jason Kelland មន្ត្រីជាន់ខ្ពស់កាណាដា ទទួលបន្ទុកកិច្ចការគោលនយោបាយ កិច្ចការមិនរីកសាយភាយអាវុធ និងកិច្ចការរំសាយអាវុធ។ ក្នុងជំនួបនេះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូត និងសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ព្រមទាំងបានថ្លែងអំណរគុណដល់កាណាដា ដែលបានគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និងបានស្នើឱ្យកាណាដាបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានជម្រាបប្រាប់ លោក Jason Kelland អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព។ ហេដ្ឋារចនាសម្ព័ន្ធសាធារណ ផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងប្រាសាទបុរណ ត្រូវទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារនេះ។ឯកឧត្ដម បញ្ជាក់ទៀតថា បច្ចុប្បន្ន ទោះជាស្ថានការណ៍បានធូរស្រាល ប្រជាជនភៀសខ្លួនបានត្រលប់ទៅផ្ទះសម្បែងវិញក៏ដោយ ក៏ការភ័យក្លាយនៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែង ថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។ លោក Jason Kelland បានសម្តែងការសោកស្តាយចំពោះការលំបាករបស់ប្រជានតាមតំបន់ព្រំដែន ដែលបង្ករដោយសង្រ្គាម។ លោក Jason Kelland កោតសរសើរភាពឈានមុខរបស់កម្ពុជា ក្នុងសកម្មភាពមីន ព្រោះកម្ពុជាមានយន្តការសម្របសម្រួលថ្នាក់ជាតិរឹងមាំសម្រាប់សកម្មភាពមីន និងបទពិសោធន៍ជាច្រើនទសវត្សរ៍ ដែលប្រទេសនានាគួររៀនសូត្រពីកម្ពុជា។ ជាមួយគ្នានោះ លោក Jason Kelland បានវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់កម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនមនុស្សធម៌ និងការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សាកល៕

ទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើន

2025/12/02 04:24:37 pm        136
ភ្នំពេញ ៖ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។​លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកជំទាវបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកជំទាវនឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចបវរធិបតី និងលោកជំទាវ បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។ជាកិច្ចបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកជំទាវឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា៕

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារជំពូក២១ នៅ ៣ខេត្ត

2025/12/02 04:19:59 pm        139
ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងនាយកដ្ឋានវិស្វកម្ម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។ ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ រួមមាន៖ ទី១. ការងារស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២.៤០៣ម៉ែត្រ នៅឃុំជ័យធំ និង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ ទី២. ការងារសាងសង់ទំនប់អាងទឹកពាម និងសាងសង់សំណង់សិល្បការ្យ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ ទី៣. ការងារជួសជុលទំនប់អាងទឹកស្រែល្អ និងសាងសង់សំណង់សិល្បការ្យ នៅក្នុងឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ និងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយចប់ធានាគុណភាពរយៈពេល ១២ខែ។ ជាលទ្ធផល ក្រុមការងារអន្តរក្រសួងបានវាយតម្លៃថា ប្រព័ន្ធទាំងបីខាងលើទទួលបានការជួសជុលថែទាំល្អប្រសើរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយសោភ័ណភាព ដោយតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីអាចធានាបាននូវគុណតម្លៃយូរអង្វែង សម្រាប់ជួយធ្វើឱ្យប្រសើរឡើងសេដ្ឋកិច្ច-សង្គម តាមរយ: ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតំបន់៕

រយៈពេល ១០ថ្ងៃ គ្រួសារកងទ័ពខេត្តឧត្ដរមានជ័យ ជាង ២៤០គ្រួសារ លក់ស្រូវបានជិត ១,២ ពាន់តោន

2025/12/02 04:19:04 pm        133
ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ២៤១គ្រួសារ ស្មើនឹង ១ ១៩៩ ៤៨៧គីឡូក្រាម ទទួលបានថវិកាសរុបចំនួន ១ ១៩៩ ៤៨៧ ០០០៛។ក្នុងនោះស្រូវផ្ការំដួលបានចំនួន ៣៣ គ្រួសារ ស្មើនឹង ១២១ ៣៤៩ គីឡូក្រាម ស្រូវនាងអំបានចំនួន ២៦១ គ្រួសារ ស្មើនឹង ១ ០៧៨ ១៣៨ គីឡូក្រាម។ក្រសួងកសិកម្មបានឱ្យដឹងបន្ថែមថា ក្នុងនោះ នៅថ្ងៃទី១ ខែវិច្ឆកានេះ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមន្រ្តីកសិកម្មសង្កាត់សំរោង បានបន្តចុះសម្របសម្រួលជាមួយ ក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ចំនួន ៥៣គ្រួសារ។ ស្រូវទាំងនោះមានដូចជាប្រភេទស្រូវនាងអំ និងស្រូវផ្ការំដួល សរុបបានចំនួន ១៩៥ ៩៥០គីឡូក្រាម ក្នុងតម្លៃ ១ ០០០រៀល/១គីឡូក្រាម។ គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា «ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា» ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណងនៃពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ គឺដើម្បីបង្កើនលទ្ធភាពបន្ថែមសម្រាប់ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានកាន់តែច្រើនជាងមុន ទូទាត់ប្រាក់បានលឿនរហ័សជូនកសិករ ជាពិសេសក្នុងកំឡុងពេលរដូវប្រមូលផលនេះ។ ការផ្តល់ទុនបន្ថែមនេះ សង្ឃឹមថាក៏នឹងអាចជួយសម្រួលដល់កត្តាមួយចំនួន ដែលកសិករអាចនឹងពិបាកក្នុងការគ្រប់គ្រង ដូចជារឿងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ការកើនឡើងនៃថ្លៃដើម បញ្ហាពិបាកស្វែងរកទីផ្សារ ជាពិសេសបញ្ហាកេងប្រវ័ញ្ចផ្សេងៗដែលអាចកើតមានឡើង៕

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន ១៤នាក់ ទៅសាលាដំបូងខេត្ត​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​ រក្សា​ទុក និង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

2025/12/02 04:17:27 pm        192
បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៧និង០៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​ចំណុច​ក្នុង​ចំការ ​ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បាន​ធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ការ​កាន់​កាប់​ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង​ការ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥ឆ្នាំ​។ក្នុងប្រតិបត្តិការណ៏នោះឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១៤នាក់ ដក​ហូត​សម្ភារៈ​វត្ថុ​តាង​រួម​មាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៥ថង់កិប ស្មើ​នឹង ៦១៦គ្រាប់ ទម្ងន់ ៦២,៦៤ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៦,៧៤ក្រាម, កាំភ្លើងវែង ចំនួន ០២ដើម (ប្រភេទAK-47 ស្វ័យបត់ ចំនួន ០១ដើម, ប្រភេទCKC ចំនួន ០១ដើម), ស្នាបាញ់គ្រាប់ឃ្លីដែក ចំនួន ០១ដើម, បង់​កាំភ្លើង​ចំនួន​០២, គ្រាប់កាំភ្លើងប្រភេទAK ចំនួន ១៤៤គ្រាប់, ដាវស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម, ទូរស័ព្ទ ចំនួន ១៤គ្រឿង រួមនឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុកម៉ាឡៃ​បាន​ឱ្យ​ដឹង​ថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេ​ពិត​ជា​ជាប់​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយ​សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជ​អាវុធ​ហត្ថ​ស្រុក​បាន​ កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី៕ ឃិន សារិទ្ធ

ឃុំ/សង្កាត់ចំនួន៩ក្នុងខេត្តស្វាយរៀងនៅឆ្នាំ២០២៨នឹងទទួលបានទឹកស្អាតប្រើប្រាស់

2025/12/02 03:46:49 pm        271
ស្វាយរៀង ៖ ប្រធានផ្គត់ផ្គង់ទឹកស្អាតស្រុកចន្ទ្រា ខេត្តស្វាយរៀង កញ្ញា សាន់ រក្សា នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv ឲ្យដឹងថានៅឆ្នាំ២០២៨ ខាងមុខក្រុមការងាររបស់កញ្ញា និងខិតខំតបណ្ដាញទឹកស្អាត ឲ្យបានរួចរាល់ សម្រាប់ផ្ដល់ជូនពលរដ្ឋ ប្រើប្រាស់ទាំង៥៣ភូមិ នៅក្នុងឃុំចំនួន៥របស់ស្រុកចន្ទ្រា និងសង្កាត់ចំនួន៤របស់ក្រុងបាវិត បន្ទាប់ពីក្រុមការងារផ្គត់ផ្គង់ទឹកស្រុកទទួលបានសិទ្ធពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍។កញ្ញា បានបញ្ជាក់បន្ថែមថាការដែលក្រុមការងារផ្គត់ផ្គង់ទឹកប្រកាសតបណ្ដាញ ចែកចាយទឹកបែបនេះដោយកន្លងមកក្រុមការងាររបស់កញ្ញា បានធ្វើការតបណ្ដាញបំពង់ទុនយោមេ ចែកចាយទឹក នៅតាមផ្លូវធំៗ រួចរាល់ហើយ ហើយរាល់ថ្ងៃនេះក្រុមការងារ បានបន្តចុះទៅតបណ្តាញទឹកតាមខ្នងផ្ទះ តាមគម្រោងក្នុងមួយវគ្គពី ៦ខែ ទៅ៩ខែ ចំនួន៣ឃុំ/សង្កាត់ ។ ​ ទាក់ទងទៅនិងការងារតបណ្តាញទឹកស្អាត លោកសូវ សុខ ចេតនា បានបញ្ជាក់បន្ថែមថា ចំពោះពលរដ្ឋដែលមានបណ្ណ័ក្រីក្រ ក្រុមការងារផ្គត់ផ្គង់ទឹក ត បណ្ដាញជូនដល់ខ្នងផ្ទះដោយមិនគិតកម្រៃ ត បណ្តាញ ពោលគឺក្រុមការងារផ្គត់ផ្គង់ ឲ្យតែក្រុមគាត់បង់តែថ្លៃសេវាប្រើប្រាស់ទឹក តែប៉ុណ្ណុះ ដោយឡែកសាលារៀនរបស់រដ្ឋការងារតបណ្តាញគឺ ក្រុមការងារ ត ជូនដោយឥតគិតថ្លៃ តែយកសេវាប្រើប្រាស់ទឹកពាក់កណ្តាល ឯស្ថាប័នរបស់រដ្ឋ ដែលមានទីតាំងនៅក្នុងស្រុក ហើយមានចេតនាចង់ប្រើប្រាស់ទឹកស្អាត ក្រុមការងារផ្គត់ផ្គង់ទឹក និង តបណ្ដាញភ្ជាប់ទឹកជូនដោយមិនគិតសេវា បន្ថែមនិងការប្រើប្រាស់ទឹកប្រចាំខែផងដែរ។ ​ពាក់ព័ន្ធជននិងការប្រើប្រាស់ទឹកស្អាតតំណាងពលរដ្ឋនៅក្នុងតំបន់ បានមានចំណាប់អារម្មណ៍ដោយសំដែងនូវការសប្បាយរីករាយចំពោះ រាជរដ្ឋាភិបាលក៏ដូចក្រសួង ដែលបានខិតខំគៀងគរប្រមូល ក្រុមអ្នកវិនិយោគមកបង្កើតទីតាំងបូមចម្រោះទឹកសម្រាប់ធ្វើការងារផ្គត់ផ្គង់ទឹកឲ្យពលរដ្ឋប្រើប្រាស់ ប្រកបដោយអនាម័យ ។ ​តាមរបាយការណ៍របស់មន្ទីរឧស្យាហកម្ម វិទ្យាសាស្ត្រ នវានុវត្តខេត្តស្វាយរៀង ដែល btv ទទួលបានតាមផ្សារ telegram គិតដល់ឆ្នាំ២០២៥ នេះទូទាំងខេត្តមមានស្ថានីបូមទឹករបស់រដ្ឋ និងឯកជនសរុបចំនួន ១០ ទីតាំងដែលមានវិសាលភាពផលិតទឹកក្នុងមួយថ្ងៃចំនួន៥ម៉ឺន ៨ពាន់ ២៤៨ម៉ែត្រគីប ដោយធ្វើការផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់ជិត ២ម៉ឺន គ្រួសារ។ ដោយ ៖ ភា សារិត​    

ក្រុមហ៊ុនក្នុងវិស័យមូលបត្រ ស្វែងរកកាលានុវត្តវិនិយោគលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា

2025/12/02 03:45:43 pm        188
ក្រុមហ៊ុន Cambodia Securities Plc សិក្សាស្វែងយល់អំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែង​រក​កាលា​នុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការលើវិស័យកម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋា​រចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥​នេះ បានទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំ​ដោយ​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Cambodia Securities Plc សមាសភាពគណៈប្រតិភូ រួមមាន តំណា​ង​ក្រុម​ហ៊ុនដែ​ល​មា​​នសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​មកកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែងរកកាលានុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការ ក្រៅពីវិស័យមូលបត្របន្ថែម។ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយ ចំនួនដែលកម្ពុជាខិតខំសម្រេចបានដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីក ចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើង ពីរបបលើកទឹកចិត្ត វិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួល និងការថែទាំ វិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ចំណែកនៅថ្ងៃទី១ ធ្នូ ម្សិលមិញនេះដែរ ឯកឧត្តម លឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងនោះឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបាន មកដំណើទស្សនកិច្ចនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅ បរទេសចំនួន ១៥ ព្រម ទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈ ផ្នែកច្បាប់ប្រមាណជាង ៣ ពាន់នាក់ ទន្ទឹមនេះ, ក្រុមហ៊ុនគ្រោងនឹង បើកការិយាល័យនៅប្រទស កម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM