មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

អាជីវករផ្សារពង្រ អរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចដែលជួយរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ និងក្រៅផ្សារបានល្អ និងមានសោភ័ណភាព

2025/12/02 03:30:17 pm        145
កំពង់ឆ្នាំង៖ អាជីវករផ្សារពង្រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអរគុណដល់អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចទាំងអស់ដែលបានចុះមករៀបចំសណ្តាប់ធ្នាប់ខាងក្នុង និងខាងផ្សារក្រៅផ្សារពង្រនាំអោយមានផ្លូវចេញចូលស្រួល និងធំទូលាយជាងពេលមុន។អាជីវករផ្សារពង្របានអោយដឹងថា៖ កាលពីមិនទាន់រៀបចំសណ្តាប់ធ្នាប់ ទីធ្លាផ្ញើកង់ម៉ូតូមុខផ្សារមិនមានកន្លែងចតម៉ូតូឡានឡើយ ចំណែកផ្លូវខាងក្នុងផ្សារស្ទះពេលខ្លះមិនអាចចេញចូលបាន។ ចំពោះផ្លូវខាងក្រៅផ្សារវិញ គឺមានអាជីវករមួយចំនួនបានយកផ្លូវដាក់តាំងលក់ឥវ៉ាន់នាំអោយផ្លូវរួមតូចពិបាកម៉ូតូឡានបើកបរទៅមក។ក្រោយពីអាជ្ញាធរស្រុករលាប្អៀរ បានរៀបចំរួចឃើញថា ទាំងចំណតផ្ញើកង់ម៉ូតូឡានធំទូលាយល្អ ហើយផ្លូវខាងក្នុង និងខាងក្រៅផ្សារពង្រមិនស្ទះដូចពេលមុន នាំអោយមានភ្ញៀវចេញចូលផ្សារពង្របានច្រើនជាងមុន និងលក់ដាច់ មានសោភ័ណភាពស្អាតផងដែរ។ ពួកគាត់បានសំណូមពរដល់អាជីវករទាំងក្នុងផ្សារ មុខផ្សារ និងអាជីវករលក់ដូរតាមផ្លូវ១៤៤ទាំងអស់ រក្សាអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពអោយល្អស្អាត ដើម្បីអោយភ្ញៀវគាត់ចង់ចូលទិញឥវ៉ាន់ទាំងខាងក្នុង មុខផ្សារ ក៏ដូចខាងក្រៅផ្សារ។លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានថ្លែងថា៖ ផ្សារពង្រ គឺជាផ្សារមួយនៅតាមផ្លូវជាតិលេខ៥ កែងនឹងផ្លូវ១៤៤ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ផ្សារនេះមានអតិថិជនច្រើនមកពីខាងទន្លេ និងមួយចំនួនទៀតមកពីស្រុករលាប្អៀរ និងស្រុកទឹកផុសបានមកទិញឥវ៉ាន់របស់របរប្រើប្រាស់។ កន្លងមកសណ្តាប់ធ្នាប់នៅផ្សារពង្រ ត្រូវបានធ្លាក់ចុះ ដោយសារបងប្អូនអាជីវករមួយចំនួនបានលក់លើផ្លូវលេខ១៤៤ ធ្វើអោយស្ទះចរាចរទៅមក និងបាត់បង់សោភ័ណភាព ។ ដោយឡែកមុខផ្សារ និងខាងក្នុងផ្សារ បានកកស្ទះដើរមិនរួច។ នៅថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរស្រុករលាប្អៀរបានចុះរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពឡើងវិញ ហើយបានស្នើសុំអោយបងប្អូនអាជីវករទាំងអស់ជួយចូលរួមសំអាតអនាម័យបរិស្ថាន ត្រូវវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងមិនត្រូវនាំគ្នាយកផ្លូវធ្វើជាកន្លែងលក់ដូរនោះឡើយ ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា៕ កាំង ហុងវាស្នា

ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)

2025/12/02 02:47:59 pm        142
ចិន៖ ក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ នៃក្រុមហ៊ុន Geely Holding Group បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខានៅពេលនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។ កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនាគំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ និងសាស្រ្តាចារ្យ Devin Lu Dan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Geely Talent Development Group ជាហត្ថលេខីនៃ MoU នេះ។ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការចែករំលែកបទពិសោធន៍នោះ នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល ក៏បានជួបជាមួយក្រុមការងារក្រុមហ៊ុន Geely Holding Group ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលអនាគតផងដែរ។សូមបញ្ជាក់ថា ក្រុមហ៊ុន Geely Holding Group រួមមាន Geely Auto Group, Volvo Car Group, Lotus Group, Geely Technology Goup, Geely New Energy Commerical Vechicle Group ៕

កម្ពុជា-ប្រេស៊ីល នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន

2025/12/02 02:42:33 pm        78
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈកន្លងមកនេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈររហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមកជាមួយគ្នា។ការបង្ហាញជំហរលើការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរបែបនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ លោកជំទាវបានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ, លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមក ។ ក្នុងអាណត្តិការទូតនេះ, លោកជំទាវប្ដេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ និងសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ ព្រមទាំងបានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា។ សម្ដេចបវរធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។ សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និង រឹងមាំ។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, កសិកម្ម, បរិស្ថាន, ថាមពលកកើតឡើងវិញ, សុខាភិបាល និង សន្តិសុខ។ បន្ថែមពីនេះ, សម្តេចបវរធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដោយលោកជំទាវបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រឱ្យប្រទេសប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ៕

សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​បន្ថែម ខណៈពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ជាង ១ពាន់លានដុល្លារ

2025/12/02 02:37:23 pm        171
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យកម្ពុជា-កាណាដា បន្តពូនជ្រុំទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈពាណិជ្ជកម្មប្រទេសទាំងពីរនាពេលបច្ចុប្បន្នកើនដល់ជាង១ពាន់លានដុល្លារអាមេរិក។សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការីនៅដែលបានជួបសម្ដែងការគួរសមនាពេលនេះ។សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា នឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចបានសម្ដែងនូវក្តីរីករាយផងដែរចំពោះការវិលត្រឡប់របស់កាណាដាសារជាថ្មីក្នុងការដាក់នៃវាសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ឯកឧត្តមបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្តមបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។ឯកឧត្តមសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា កម្ពុជា និងកាណាដា ជាពិសេសឯកឧត្តមនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។ ឯកឧត្តមក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែក នយោបាយ និងការទូតរវាងកាណាដាននិងកម្ពុជា។ ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដានឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្មវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូតកាណាដាក៏បានសម្ដែងនូវក្តីអរគុណចំពោះសម្តេចតេជោសារជាថ្មី ជាពិសេសឯកឧត្តមចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ ឯកឧត្តមមិនមែនតែចាប់អារម្មណ៍តែពេលនេះនោះទេ គឺឯកឧត្តមបានចាប់អារម្មណ៍តាំងពីពេលដែលឯកឧត្តមនៅកាណាដាមកម៉្លេះ ហើយឯកឧត្តមបានសិក្សាអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោផងដែរ។ ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀត នៅអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថានៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់អ្នកវិនិយោគកាណាដាមកកាន់ព្រះរាជាណាចក្រកម្ពុជា។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសូមទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរថែមទៀត

2025/12/02 02:36:08 pm        81
ភ្នំពេញ៖ លោកជំទាវ Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរថែមទៀត។លោកជំទាវ ឯកអគ្គរដ្ឋទូតឆែក បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតឆែក និងសហការី ហើយសម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែក មកកាន់ប្រទេសកម្ពុជា ពោលគឺទំនាក់ទំនងរវាងកម្ពុជា និងឆែកតែម្ដង។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា និងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែកដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកជំទាវ និងសហការីចូលជួប និងសម្ដែងការគួរសម ក្នុងឱកាសនេះ។ លោកជំទាវលើកឡើងថា ក្នុងអាណត្តិដែលលោកជំទាវ ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឲ្យមានភាពរីកចម្រើន និងល្អប្រសើរ ពោលជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែកឲ្យកាន់តែរីកចម្រើន ជាពិសេស លោកជំទាវនឹងប្រឹងប្រែងកៀងគរអ្នកវិនិយោគ នៅក្នុងសាធារណរដ្ឋឆែកឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីស្វេងរកឱកាសក្នុងការវិនិយោគ។លោកជំទាវបានថ្លែងប្រាប់សម្ដេចតេជោថា នាពេលខាងមុខនេះអ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើកសិកម្ម គឺដំណាំម្រេចនៅកម្ពុជា។ លោកលោកជំទាវបានរំលេចថា នៅក្នុងខួបឱកាសខួប៧៥ លោកជំទាវនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានារួមទាំងការទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឲ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ។សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូរទំនាក់ទំនងការងាររវាងកម្ពុជា និងឆែក ប្រទេសទាំងពីរក៏ក្នុងក្របខណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែកនៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញ៉ាំងផ្លែផ្កាដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង៕ 

ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត

2025/12/02 02:06:11 pm        135
បណ្ដាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធំៗ បានប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលមានគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។ការបញ្ជាក់របស់បណ្ដាក្រុមហ៊ុនរបស់អាមេរិកបែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ ឯកឧត្តម Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។ បន្ថែមពីនេះ, តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតី បានលើកឡើងពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

ក្រុមការងារចុះមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមក្នុងមីទ្ទិញខួបទី៤៧ ទិវាកំណើតរណសិរ្ស នៅស្រុកសន្ទុក

2025/12/02 01:54:55 pm        72
ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ សរុបប្រមាណ ៤០០ នាក់ ចូលក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ ២ធ្នូ២០២៥)។ ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ កណ្ដាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ តំណាងលោកជំទាវបណ្ឌិត ជាសិរី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) ដោយក្នុងមិទ្ទិញនោះ ឯកឧត្តមបានអាននូវសុន្ទរកថា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៧ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំង ក្នុងនិងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យ ជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា អង្គការរណសិរ្សបានសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋអំណាច ក្នុងការប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ផង និងស្តារខឿនសេដ្ឋកិច្ចសង្គម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលបានបំផ្លាញខ្ទេចខ្ទីផង។ ឈរលើមូលដ្ឋាននៃកម្លាំងមហា សាមគ្គីជាតិនេះ យើងបានការពារដោយជោគជ័យ នូវការរស់ឡើងវិញរបស់ប្រជាជាតិ និងធ្វើឱ្យសង្គមជាតិបានរួចផុតពីដំណាក់កាល ដ៏លំបាកលំបិន មកកាន់ដំណាក់កាលរីកចម្រើន ជាជំហានៗរហូតមកដល់បច្ចុប្បន្ន។នៅក្នុងមិទ្ទិញនេះ, ឯកឧត្តមបានអំពាវនាវដល់មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសន្ទុក ទាំងអស់ ត្រូវចងចាំនូវគុណបំណាច់ «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, អតីតសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម, សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត ព្រោះថា រណសិរ្សនេះហើយដែលនាំមក នូវមហាជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង និងសូមចាត់ទុកស្ថាបនិកអង្គការរណសិរ្សនេះ ជាអ្នកមានគុណជាវីរៈជនអ្នក ស្នេហាជាតិយ៉ាងពិត ប្រាកដព្រោះថា មានតែស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរពីក្នុងស្ថានភាព ដ៏លំបាកលំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុត ពីគ្រោះមហន្តរាយ ប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិ ឆ្ពោះមករកភាពសម្បូររុងរឿង៕នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានចែកអំណោយរបស់លោកជំទាវបណ្ឌិត ជាសិរី ជូនដល់និវត្តន៍ជន ចំនួន២០ រូប រស់នៅក្នុងស្រុកសន្ទុកដែលម្នាក់ៗទទួលបានឃីតមួនិងថវិកា ៥ ម៉ឺនរៀល៕

សម្តេច ម៉ែន សំអន៖ ការយកចិត្តទុក្ខដាក់លើគ្រួសារកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខ គឺជាកម្លាំងចិត្តដល់កងទ័ពថាក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់

2025/12/02 01:50:09 pm        270
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកព្រះអំណោយ អំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអង្គារ៍ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។ព្រះអំណោយ អំណោយ ដែលចែកជូនដល់គ្រួសារកងទ័ព និងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ នាថ្ងៃនេះ ទទួលបានមកពីការសព្វព្រះហឬទ័យប្រទានរបស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងចូលរួមឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា គណៈកម្មការទី៨ ព្រឹទ្ធសភា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុមហ៊ុន ស៊ីបកូ (SIPCO) ក្រុមហ៊ុនវឌ្ឍនៈ-ជីបមុង ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាច្រើនទៀត៕

ធនាគារពិភពលោក ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពកាត់បន្ថយភាពក្រីក្រ និងជាដៃគូជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

2025/12/02 01:17:39 pm        147
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោកស្រី Tania Meyer នាយិកាធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារនៅកម្ពុជាកន្លងមក និងពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ នៅទីស្តីការក្រសួង។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារពិភពលោក (World Bank) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារ ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យនូវគម្រោងធំៗ និងសំខាន់ជាច្រើនក្នុងប្រទេស រួមទាំងលទ្ធផលសិក្សាពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងអាជីវកម្មនៅនឹងកន្លែង។ តាមរយៈលទ្ធផលកន្លងមក ដោយមានកិច្ចសហការល្អពីរាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់វិស័យទេសចរណ៍ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារពិភពលោក (WB) បានលើកពីគម្រោងរបស់ធនាគារដែលអាចគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតភាពជាដៃគូរវាងធនាគារពិភពលោក និងក្រសួងទេសចរណ៍។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកាដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសលើការចូលរួមជួយសហគមន៍អេកូទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា។

កម្ពុជានឹងមានមន្ទីរពិសោធន៍ទំនើបលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ

2025/12/02 01:07:25 pm        236
កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA Cambodia Office) បានបិទបញ្ចប់ការសិក្សាស៊ីជម្រៅលើគម្រោង “ពង្រឹងសមត្ថភាពស៊ើបអង្កេតកន្លែងកើតហេតុនិងវិទ្យាសាស្រ្តកោសល្យវិច័យរបស់នគរបាលកម្ពុជា” ដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ សុវត្ថិភាពសង្គម កសាងទំនុកចិត្តសាធារណជន និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េក្នុងទឹកប្រាក់សរុបចំនួន ១៣,៥ លានដុល្លារ អាមេរិក សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ (២០២៦–២០៣០)។  គម្រោងនេះ នឹងធ្វើទំនើបកម្មមន្ទីរពិសោធន៍សំខាន់ៗសម្រាប់បម្រើឲ្យវិស័យសន្តិសុខជាតិ រួមមានការវិភាគកោសល្យវិច័យឌីជីថល (Digital Forensics) ការវិភាគ DNA ការវិភាគក្រយៅដៃ ការវិភាគជីវសាស្រ្តនិងគីមីសាស្រ្ត ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី នគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងអគ្គស្នងការនគរ បាលជាតិ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងអំណរអគុណដល់សាធារណរដ្ឋកូរ៉េ តាមរយៈKOICA ដែលបានសម្រេចចិត្តជួយឧបត្ថម្ភគាំទ្រដល់គម្រោងដ៏មានសំខាន់នេះ។ តាមរយៈគម្រោងនេះ មន្ត្រីនគរបាល  កម្ពុជានឹងពង្រឹងសមត្តភាពលើការបោសសំអាតនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ (Cybersecurity and Online Scams) និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលកំពុងកើតឡើងនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតនៅលើសកលលោក។ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដែលជាអ្នកផ្តួចផ្តើមនិងសម្របសម្រួលគម្រោង បានបញ្ជាក់ថា គម្រោងនេះពិតមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិក្នុងយុគ្គសម័យឌីជីថល ដែលតម្រូវឲ្យមន្ត្រីនគរបាលមានសមត្ថភាពខ្ពស់និងមានឧបករណ៍ទំនើបៗសម្រាប់ការស្រាវជ្រាវ តាមដាន បង្ការឬទប់ស្កាត់និងបោសំអាតរាល់បទល្មើសនិងឧក្រិដ្ឋកម្ម ដែលកំពុងកើតឡើងនៅកម្ពុជា ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តឲ្យអគ្គស្នងការនគរបាលជាតិនិងបណ្ឌិត្យសភានគរបាលកម្ពុជា សហការគ្នានិងចូលរួមអនុវត្តគម្រោងឲ្យបានជោគជ័យ ដើម្បីឲ្យក្រសួងមហាផ្ទៃសម្រេចបានតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន (២០២៤-២០២៨) ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អ្នកស្រី ឆយ មុន ជុង (Choi Moon Jung) នាយិកាKOICA ប្រចាំកម្ពុជា បានលើកឡើងថា សាធារណរដ្ឋកូរ៉េ មានឆន្ទៈជួយពង្រឹងនិងលើកកម្ពស់គុណភាពនិងភាពត្រឹមត្រូវនៃដំណើរការស៊ើបអង្កេតកន្លែងកើតហេតុ និងកោសល្យវិច័យ ដោយប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យាទំនើប ដែលមន្ត្រីនគរបាល  កូរ៉េបាននិងកំពុងប្រើប្រាស់សម្រាប់ការទប់ស្កាត់នូវឧក្រិដ្ឋកម្មដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ន។ គម្រោងខាងលើក៏នឹងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េលើការប្រយុទ្ធបឆាំងឧក្រឹដ្ឋកម្មបច្ចេកវិទ្យានិងការឆបោកអនឡាញ ដែលបាននិងកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងអាយុជីវិតជនជាតិកូរ៉េ។ KOICA ប្តេជ្ញាថានឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើ វិស័យសន្តិសុខជាតិ ការកសាងទំនុកចិត្តសាធារណជន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលយូរអង្វែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM