មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបអគ្គលេខាធិការរង UN ទទួលបន្ទុកនិសព្វាវុធការ អំពីបញ្ហាប្រឈមស្មុគស្មាញចំពោះបញ្ហាមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា

2025/12/02 12:58:38 pm        210
(ហ្សឺណែវ) ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកនិសព្វាវុធការ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះ កម្ពុជាបានប្រែក្លាយពីប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងការបោសសំអាត ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ បន្ថែមលើនេះ កម្ពុជាបន្តរួមចំណែកក្នុងការបោសសម្អាតមីន ក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រតិបត្តិករជាតិ-អន្តរជាតិប្រចាំកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនជាសកល តាមរយៈការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរងគ្រោះដោយសារមីនផ្សេងទៀត។ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ទៀតថា កម្ពុជាទទួលបានជោគជ័យលើវិស័យសកម្មភាពមីន គឺដោយសារការគាំទ្រយ៉ាងពេញទំហឹង និងឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ក្នុងនោះផងដែរ ក៏មានការចូលរួមចំណែកមិនអាចកាត់ថ្លៃបានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាចំពោះបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ព្រមទាំងត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការដោះស្រាយ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជា នឹងបន្តធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសុខសុវត្ថិភាព។លោកស្រី Izumi Nakamitsu បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកស្រី បានចាត់ទុកកិច្ចការបោសសម្អាតមីន គឺជាបន្ទុកដ៏ធំរបស់កម្ពុជាដែលត្រូវដោះស្រាយ។ ដោយឡែក ពាក់ព័ន្ធនឹងជម្លោះរវាងកម្ពុជា-ថៃ លោកស្រី Izumi Nakamitsu បានសំណូមពរឱ្យភាគីទាំងពីរធ្វើការដោះស្រាយដោយសន្តិវិធី៕

ក្រសួងមុខងារសាធារណៈ បើកវគ្គបណ្តុះបណ្ដាលវិធីសាស្រ្តអង្កេតលើការយល់ឃើញរបស់ពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពការផ្តល់សេវាសាធារណៈដល់មន្រ្តីអនុវត្តគម្រោង

2025/12/02 12:53:24 pm        221
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តនៃការធ្វើអង្កេតលើការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ» ដល់មន្រ្តីអនុវត្តគម្រោង។វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ, តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការតាមដានត្រួតពិនិត្យ និងវាយតម្លៃនៃទីស្តីការគណៈរដ្ឋមន្ត្រី, និង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សរុបចំនួនប្រមាណ ១៣០នាក់។ថ្លែងបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីគោលបំណងចំបងនៃ «គម្រោងធ្វើអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ» គឺដើម្បីប្រមូលព័ត៌មាន និងទិន្នន័យពីអ្នកដែលបានប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលដែលផ្តល់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចេញជាបន្ទាត់មូលដ្ឋាន(Baseline) និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ (Key Target Performance Indicators) ក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មនៃក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងមានគោលដៅដើម្បីពង្រឹងប្រសិទ្ធភាព និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោងទាំងអស់នឹងទទួលបានការយល់ដឹង ព័ត៌មាន និងពុទ្ធិថ្មីៗ ជាពិសេសសមត្ថភាពនៅក្នុងការអនុវត្តតួនាទីតាមការចាត់តាំង ដើម្បីសម្រេចលទ្ធផលបានល្អប្រសើរតាមការរំពឹងទុក ហើយលទ្ធផលនៃគម្រោងនេះគឺជាការទទួលបាននូវទិន្នន័យមួយដើម្បីកសាងជាបន្ទាត់មូលដ្ឋានជាក់លាក់ ជួយដល់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងគោលដៅកែលម្អសេវារដ្ឋបាលរបស់ខ្លួន ជួយប្រជាជនឱ្យកាន់តែប្រសើរ។គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្ដល់ការយល់ដឹងជារួមលើខ្លឹមសារនៃគម្រោងធ្វើអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងមានគោលបំណងសំខាន់ជាក់លាក់ និងច្បាស់លាស់ គឺការផ្តល់ចំណេះដឹង និងបទពិសោធដល់មន្ត្រីជំនាញដែលជាប្រតិបត្តិករ ចំនួន៩០នាក់ ដែលនឹងត្រូវចុះអនុវត្តជាក់ស្ដែងក្នុងការធ្វើអង្កេតនេះ តាមរយៈវាគ្មិនតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវាគ្មិនមកពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដោយប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលផង និងវិធីសាស្ត្របង្ហាត់បង្ហាញ និងបង្រៀនអនុវត្តជាក់ស្តែងនៅលើកម្មវិធីដែលមានក្នុងឧបករណ៍បច្ចេកទេសទំនើបផងដែរ (Training and Coaching Approach)។សូមជម្រាបថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ នឹងមានកម្មវិធីចុះអនុវត្តសាកល្បងការធ្វើអង្កេតនៅតាមអង្គភាព និងប្រជាពលរដ្ឋនៅគោលដៅក្នុងភូមិសាស្ត្រមួយចំនួនមុននឹងចុះប្រតិបត្តិការជាក់ស្ដែង និងជាផ្លូវការនៅតាមរាជធានី-ខេត្ត ចំនួន៨ ដែលបានកំណត់រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពត ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប។

កាណាដាសន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍថាមពលស្អាត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

2025/12/02 12:42:45 pm        213
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួប សម្តែងការគួរសម ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីផែនការសកម្មភាព ដែលក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសលើភាពស្អាត ដែលទទួលបានការគាំទ្រនឹងចូលរួមពីប្រជាពលរដ្ឋជាង ១៤ លាននាក់ ក្នុងការប្ដេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ហើយបានធ្វើឱ្យមូលដ្ឋានស្អាតជាបណ្តើរៗ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងកំពុងដាក់ចេញនូវការបណ្តុះទម្លាប់ស្អាត ជាមួយសិស្សានុសិស្សនៅតាមសាលារៀន ដោយបានចែកធុងសំរាម ឱ្យពួកគាត់ចេះទុកដាក់សំរាម ញែកសំរាមឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រសួងមានគម្រោងបង្កើតទីលានទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកប្រយោជន៍សេដ្ឋកិច្ចចេញពីសំរាម និងសំណល់ប្លាស្ទិក។ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងកោតសរសើរប្រជាជនកម្ពុជារាប់លាននាក់ ដែលបានចូលរួមប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការរួមចំណែកសំខាន់ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានធ្វើការចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា បង្កើតថាមពលស្អាត ការកែឆ្នៃសំណល់។ល។ ឯកអគ្គរដ្ឋទូតប្រទេសកាណាដា បានបន្ថែមទៀតថា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រទេសកាណាដាកំពុងពិនិត្យនៅកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត៕

កូនផ្សោតកើត​ថ្មីមួយទៀតនៅអន្លង់កាំពី ខណៈបច្ចុប្បន្នសត្វផ្សោតទន្លេមេគង្គកើនដល់១១២ក្បាល

2025/12/02 12:32:21 pm        162
កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។ គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១របស់កម្ពុជា ដែលពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧៩៤៣ ០១១ ៣៥៥៨៨៣ ០៩៩ ៧៩១៩១៩ ០៩២ ៩១៨១៤៤ និង ០១៧ ៨១៨៣៨២៕

ឯកឧត្តម គន់ គីម អញ្ជើញប្រគល់លិខិតតែងតាំង​សមាសភាព​គណៈជំនាញ​របស់​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក ចំនួន ១៦រូប

2025/12/02 12:30:32 pm        180
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់លិខិតតែងតាំងជូនសមាសភាពគណៈជំនាញរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១៦រូប ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្នាក់ការកណ្ដាល អ.ន.ក ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម ប៉ែន បូណា៖ បុគ្គល អ៊ុ សំអាន មិនមែនជាអ្នកជំនាញព្រំដែនទេ តែជាអ្នកជំនាញខាងនិយាយភូតកុហក ញុះញង់ និងធ្លាប់ជាប់ពន្ធនាគាររឿងព្រំដែន

2025/12/02 12:27:45 pm        215
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមុខបញ្ជាក់ចំៗថា បុគ្គលឈ្មោះ អ៊ុ សំអាន មិនមែនជាអ្នកជំនាញព្រំដែនអីទេ ប៉ុន្ដែបុគ្គលនេះគឺជាអ្នកជំនាញខាងនិយាយភូតកុហក និងញុះញង់រឿងព្រំដែន។ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មួយរយៈចុងក្រោយនេះមានបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានសួរពីបុគ្គលឈ្មោះ អ៊ុ សំអាន ក្រោយបានឃើញបុគ្គលរូបនេះតែងតែបង្គោះរឿងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូដ្ឋានច្បាស់លាស់ភាគច្រើនយកប្រភពពីប្រទេសថៃ ហើយមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ខណៈបុគ្គលនេះគ្មានចំណេះដឹងបន្ដិចសោះលើកិច្ចការងារព្រំដែននេះ។ ឯកឧត្តមបានបញ្ជាក់ថារឿងបញ្ហាព្រំដែនកម្ពុជា-ថៃនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជា បានចេញពន្យល់បកស្រាយស្របតាមបច្ចេកទេស និងច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់រួចហើយ។ ប៉ុន្ដែបុគ្គលឈ្មោះ អ៊ុ សំអាន មិនចោលចរឹតជ្រុលនិយម បានបន្តធ្វើសកម្មភាពនិយាយញុះញង់ និងបង្កើតព័ត៌មានមិនពិតជាបន្តបន្ទាប់លើកិច្ចការងារព្រំដែននេះ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេដែលកំពុងរត់ភៀសខ្លួននៅក្រៅស្រុក។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឲ្យយោបល់ទៅក្រុមបុគ្គល អ៊ុ សំអាន នេះថាបើ អស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់ស្វែងយល់អំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោល និងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅពន្យល់បន្តដល់លោកនិងក្រុមលោក។ សម្ដេចធិតី ជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕

សត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់ កើនឡើងច្រើន​ដែលជាផ្នែក​មួយ​យ៉ាង​សំខាន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

2025/12/02 12:23:56 pm        226
បាត់ដំបង៖ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់​ឆ្នាំ២​០២៥នេះ សត្វ​ស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ខណៈ​បន្ទាយសត្វស្លាប​ដ៏ធំមួយ​នេះ​មិន​ត្រឹម​តែ​ជា​ជម្រក​ធម្មជាតិ​ដ៏មាន​សុវត្ថិភាព​សម្រាប់​សត្វ​ស្លាប​ទឹក​ដ៏កម្រ និងជិតផុតពូជរាប់ម៉ឺនក្បាលប៉ុណ្ណោះទេ ថែម​ទាំង​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ប្រកប​ដោយនិរន្តរភាពដ៏គួរឱ្យចាប់អារម្មណ៍។លោក កត បូរ៉ាន ថ្លែងឱ្យដឹងបន្ថែមថា តំបន់រ៉ាមសារព្រែកទាល់​មាន​សត្វ​ជាង​១០០​ប្រភេទ​កំពុង​រស់​នៅ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ការ​គ្រប់​គ្រង​បាន​ល្អ​ដោយ​មាន​ការ​សហការ​គ្នា​ជាមួយនឹ​ង​កង​ទ័ព​ហើយ​ក្នុង​រយៈពេលជាង​មួយ​ឆ្នាំ​នេះ​ការ​គ្រប់គ្រង​តំបន់រ៉ា​មសារ​ព្រែក​ទាល់​គឺ​បាន​ជោគជ័យ​ដោយ​ការ​កើន​ឡើង​នៃសត្វស្លាបមានប្រភេទសត្វធំដូចជា ទុង តាដក់ ននៀលនៅរដូវកាល​នៃកា​រ​បន្ត​ពូជ​។ លោក កត បូរ៉ាន គូសបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វស្លាបជា​មួយ​គ្នា​នោះ​ការ​ថែ​រក្សា​អភិរក្សមានភាពល្អប្រសើរជាងមុនៗបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។លោកប្រធានមន្ទីរបរិស្ថាន ថ្លែងឱ្យដឹងបន្ថែមថា សម្រាប់​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ទី​នេះ​អាច​ជិះ​ទូក​តាម​ព្រៃ​លិចទឹក និងឡើងលើប៉ម​សង្កេតការណ៍​ដើម្បី​គយគន់​សត្វ​ស្លាប​ក្នុង​ចម្ងាយ​ជិត​ដោយ​សារ​ឆ្នាំ​នេះ​ទឹកទន្លេឡើងធំជាងបណ្ដាឆ្នាំមុនៗ។លោក កត បូរ៉ាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​អញ្ជើញ​ទៅ​ទស្សនាកម្សាន្តនៅតំបន់អភិរក្សសត្វស្លាបឱ្យបានច្រើនកុះករ ។សូមជម្រាបថា តំបន់​សត្វស្លាប​រ៉ាម​សារ​ព្រែក​ទាល់​មិន​មែន​គ្រាន់​តែ​ជា​កន្លែង​ទស្សនា​កម្សាន្ត​នោះ​ទេ ​ប៉ុន្តែជាទីកន្លែង​ដែល​ផ្តល់​បទ​ពិសោធន៍​ដ៏​ជ្រាល​ជ្រៅដ​ល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ស្វែង​យល់​ពី​ទំនាក់​ទំនង​រវាងមនុស្ស ធម្មជាតិ និងវប្បធម៌។អាជ្ញាធរពាក់ព័ន្ធ និងអង្គការអភិរក្ស​នៅ​តែ​បន្ត​ធ្វើ​ការ​យ៉ាង​យក​ចិត្តទុកដាក់ ដើម្បីធានាថាការរីកចម្រើននៃវិស័យទេសចរណ៍នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន ​និងមិនបង្កផលប៉ះពាល់ដល់ជីវៈចម្រុះ និងជម្រកសត្វស្លាប។​ តំបន់​ព្រែក​ទាល់​កំពុង​តែ​ដើរ​តួនា​ទី​យ៉ាង​សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍​ធម្មជាតិរបស់​កម្ពុ​ជា​ឱ្យ​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ស​ម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់​នេះ​ជា​ជម្រក​បន្ត​ពូជ​ចុង​ក្រោយ​នៅអា​ស៊ី​អាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបដែលរងការ គំរាមកំហែងលើពិភពលោកពីរប្រភេទគឺ ទុង​ប្រផេះ ​និងរនាលស។ លើសនេះទៀតតំបន់នេះជាជម្រកពង កូនសត្វ​ស្លាប​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​សម្រាប់​ប្រភេទសត្វស្លាប ដែលទទួលរងការគំរាមកំហែងលើ ពិភពលោកចំនួន​៦​ប្រភេទ​ទៀត​គឺ​ សត្វស្មោញ ត្រដក់តូច ពពូលទឹក ត្រយ៉ងខ្លួនស រនាលពណ៌ និងអកត្រីក្បាលប្រផេះ និង​ជា​ជម្រក​ពងកូនរបស់សត្វត្រដក់ធំ ធំជាងគេទីពីលើពិភពលោក៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

2025/12/02 12:13:29 pm        332
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់។ ពិធីនេះមានការចូលរួមពីសមាជិក សមាជិកាជាភ្ញៀវកិត្តិយសចូលរួមប្រមាណ ៧០០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញ។ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៤៧នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដើម្បីស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។គួរជម្រាបជូនថា ថ្ងៃ២ធ្នូ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ រណសិរ្សតែងយកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវ របស់ប្រជាជនដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់បញ្ញត្តិជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរ ពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យនិងដោះស្រាយ។ រណសិរ្សបានកំណត់ចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

វេទិកានយោបាយអាស៊ី-អឺរ៉ុប៖ សន្តិភាព​គឺជាមូលដ្ឋាន​គ្រឹះ​នៃវឌ្ឍនភាព​របស់​មនុស្ស​ជាតិ​ទាំង​អស់​ ដើម្បីវិបុលភាព និងសុខុមាលភាព

2025/12/02 12:03:53 pm        104
ភ្នំពេញ៖ កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីបានចេញសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស និង​បង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ដើម្បី វិបុលភាព និងសុខុមាលភាព។ តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែស បានបញ្ជាក់ថា គណៈប្រតិភូចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៦​ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានជួបជុំក្នុងស្មារតីសាមគ្គីភាព និងការ​យោគយល់​គ្នា​ទៅវិញទៅមក នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោមប្រធានបទ «សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនៅអាស៊ីនិងអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំមុនៗនៅទីក្រុងសេអ៊ូល (ឆ្នាំ២០១៧) ទីក្រុង ឡុងដ៍ (២០១៨) ទីក្រុងកូឡុំបូ (ឆ្នាំ២០១៩) ទីក្រុងប្រាក (ឆ្នាំ២០២២) និងទីក្រុងកដ្ឋមណ្ឌូ (ឆ្នាំ២០២៣)។ យើងសូមស្វាគមន៍តំណាងគណបក្សនយោបាយមកពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅ អាស៊ី (ICAPP) និងក្រុមគណបក្សនយោបាយមកពីសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ចូលរួមក្នុងកិច្ចប្រជុំនេះ។កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងខ្លាំង ដែលស្តែងចេញ តាមរយៈការកើនឡើងនៃភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមចំពោះសន្តិភាព និង ស្ថិរភាពដែលកំពុងលេចចេញជារូបរាងឡើង។ ស្ថានភាពតានតឹង ការបាត់បង់នូវទំនុកចិត្ត និងការកើនឡើង នៃជម្លោះរវាងប្រទេស ធ្វើឱ្យយន្តការពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ចុះអន់ថយ និងធ្វើឱ្យមនុស្សជាតិជួបទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។កិច្ចប្រជុំក៏បានបង្ហាញការជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ ដើម្បី វិបុលភាព និងសុខុមាលភាព។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងច្បាប់នីតិរដ្ឋនោះទេ ប៉ុន្តែសន្តិភាពអាចសម្រេចបាន តាមរយៈការទូត និងកិច្ចសន្ទនា ដោយផ្អែកលើ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ យើងសូមបញ្ជាក់បន្ថែមថា លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពពង្រឹងគ្នាវិញទៅមក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំ និង ចៀសវាសដាច់ខាតពីការប្រើប្រាស់កម្លាំងជាមធ្យោបាយក្នុងការដោះស្រាយជម្លោះ។កិច្ចប្រជុំ AEPF សង្ឃឹមថា តំបន់អឺរ៉ាស៊ីនឹងក្លាយទៅជាតំបន់ដែលប្រទេសជាតិរួមរស់ជាមួយគ្នាដោយសន្តិភាព និងសមភាព ដែលលទ្ធិប្រជាធិបតេយ្យផ្តល់សិទ្ធិអំណាចដល់ប្រជាជនទាំងអស់ក្នុងការកំណត់នូវជោគវាសនា របស់ខ្លួន និងដែលកិច្ចសន្ទនានិងការតភ្ជាប់មានប្រៀបជាងការបែងចែក ព្រមទាំងសូមអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់ឱ្យពង្រឹងនូវយន្តការបង្ការជម្លោះ ការសម្របសម្រួលជម្លោះ និង ការផ្សះផ្សារឡើងវិញ។ យើងសូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយបរិយាបន្ន ដែលទទួល យកភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន។ សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវតែបង្កើតឡើង ដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួមគ្នា មិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់នោះទេ។កិច្ចប្រជុំក៏ទទួលស្គាល់ថា គណបក្សនយោបាយអាចដើរតួនាទីជាកម្លាំងរក្សាស្ថិរភាព ក្នុងការលើកកម្ពស់ កិច្ចសន្ទនារវាងមនោគមវិជ្ជាខុសៗគ្នា ជំរុញភាពអត់ឱន និងច្រានចោលភាពជ្រុលនិយមគ្រប់ទម្រង់ទាំងអស់។កិច្ចប្រជុំបានគាំទ្រចំពោះគំនិតផ្តួចផ្តើមជាក់ស្តែង រួមទាំងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសនានា ដែលលើកកម្ពស់ ការជឿជាក់គ្នាទៅវិញទៅមក និងពង្រឹងការទុកចិត្តគ្នារវាងតំបន់ រួមទាំងការប្រាស្រ័យទាក់ទងគ្នារវាងតំណាង គណបក្សនយោបាយ តាមរយៈកិច្ចសន្ទនានិងកម្មវិធីគោលនយោបាយ សំដៅលើកកម្ពស់មេដឹកនាំនយោបាយ ជំនាន់ក្រោយ។កិច្ចប្រជុំបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភា PACE ក្នុងការការពារ សន្តិសុខប្រជាធិបតេយ្យ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ICAPP ក្នុងការលើក កម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោម បណ្តាគណបក្សនយោបាយ ដោយមិនគិតពីមនោគមវិជ្ជារបស់គណបក្សនយោបាយទាំងនោះ៕

វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN

2025/12/02 11:58:17 am        242
ភ្នំពេញ៖ កិច្ចប្រជុំនៃវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦ the 6th Meeting of the Asia-Europe Political Forum (AEPF) កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង​ប៊ុយដាប៉ែស ប្រទេសហុងគ្រី បានស្នើឱ្យភាគីជម្លោះនានាគោរព​ចំពោះកិច្ច​ព្រមព្រៀង​សន្តិភាពនានា ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់អន្តរជាតិ, ដោះស្រាយជម្លោះដោយការទូត និងកិច្ចសន្ទនាចៀសវាងពីការប្រើប្រាស់កងកម្លាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងទទួលយកភាពខុសគ្នារវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាពិសេស អរិយធម៌ ដើម្បីកសាងសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦ បានឱ្យដឹងថា តាមការចាត់តាំងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានដឹកនាំ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចូលរួម «វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦» ដែលរៀបចំដោយគណបក្សសម្ព័ន្ធស៊ីវិលហុងគ្រី (Fidesz) កាលពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមប្រធានបទ «សន្តិភាព និងប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី» ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងស្ថាប័នស្រាវជ្រាវចំនួន ២៩ គណបក្សមកពីចំនួន ២៤ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប។ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងគណបក្សសម្ព័ន្ធស៊ីវិលហុងគ្រី រួមទាំង ឯកឧត្តម László Kövér ប្រធានរដ្ឋសភា បានលើកឡើងអំពីគោលជំហរយុទ្ធសាស្ត្ររបស់ហុងគ្រី សម្រាប់តំបន់អឺរ៉ាស៊ីនៅក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោកថ្មី ដោយហុងគ្រីអាចដើរតួនាទីស្នូលជាស្ពាន តភ្ជាប់ទំនាក់ទំនង នយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យាឌីជីថល វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងទ្វីបអាស៊ីនិងអឺរ៉ុប និងលោកខាងកើតនិងលោកខាងលិច។ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការតភ្ជាប់អន្តរវប្បធម៌ និងអន្តរអរិយធម៌ រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដោយយកអត្តសញ្ញាណ និងគុណតម្លៃរួមជាស្នូល កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការទូតវប្បធម៌ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ការគោរពចំពោះ តម្លៃមនុស្សជាតិ និងសន្តិសហវិជ្ជមាន ដើម្បីសន្តិភាព តម្លៃលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពរួម។កិច្ចប្រជុំបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងប៊ុយដាប៉ែសដែលបានសង្កត់ធ្ងន់ថា សន្តិភាពនៅតំបន់អឺរ៉ាស៊ីត្រូវកសាងឡើងមិនមែនដោយសារភាពភ័យខ្លាច ឬការគាបសង្កត់ទេ ប៉ុន្តែដោយសារភាពជាដៃគូ សមភាព និងសន្តិសុខរួម ព្រមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិពាក់ព័ន្ធ ពង្រឹងយន្តការដោះស្រាយ និងសម្របសម្រួលជម្លោះ និងការផ្សះផ្សាឡើងវិញ។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងនីតិរដ្ឋបានទេ។ កិច្ចប្រជុំបានស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា ធម្មនុញ្ញអង្គការ សហប្រជាជាតិនិងច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយការទូត និងកិច្ចសន្ទនា ចៀសវាងពីការប្រើប្រាស់កងកម្លាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការតាមព្រំដែន ព្រមទាំងទទួលយកភាពខុសគ្នារវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ជាពិសេស អរិយធម៌ ដើម្បីកសាងសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។ក្នុងឱកាសនេះផងដែរមូលនិធិមិត្តភាពនៃការតភ្ជាប់របស់ហុងគ្រី (Friends of Connectivity Foundation) ក៏បានប្រគល់ «ពានរង្វាន់នៃការតភ្ជាប់ - Grand Prize of Connectivity Award» លើកដំបូងបង្អស់ជូន ឯកឧត្តម សួស យ៉ារ៉ា ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (អាណត្តិឆ្នាំ២០១៩-២០២៥) ដែលបានចូលរួម ចំណែកក្នុងការតភ្ជាប់ទំនាក់ទំនងកម្ពុជា-ហុងគ្រី និង និងអាស៊ី-អឺរ៉ុប ក៏ដូចជាពានរង្វាន់នៃការតភ្ជាប់ផ្នែកការទូត វប្បធម៌ និងការប្រកួតប្រជែងជូនឥស្សរជនផ្សេងទៀតមកពីចិន ហុងគ្រី និងឥណ្ឌា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM