មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

គ្រូ និងក្រុមហ៊ុនឯកជនអំពាវនាវអាណាព្យាបាលជំរុញកូនៗឱ្យរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជួយសង្គមជាតិ ស្របតាមគោលនយោបាយជាតិ

2025/12/02 11:50:39 am        201
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជនជាដៃគូ បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល លើកទឹកចិត្តកូនៗ ប្រសិនបើពុំទាន់មានលទ្ធភាពក្នុងការបញ្ជូនកូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូមជំរុញកូន ឬសាច់ញាតិឱ្យរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការជំរុញអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ។ ឯកឧត្តមនាយក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីអាណិត្តមុន រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំ គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ណាស់ទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសក្នុងអាណិត្តទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតកាន់តែសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស។ ខណៈដែលពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការប្រែប្រួល មានការយកចិត្តទុកដាក់ មានការអភិវឌ្ឍន៍ និងមានការចាប់អារម្មណ៍ច្រើនលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីសាធារណៈជន ក៏ដូចជាយុវជន សិស្ស និស្សិត។នៅក្នុងកម្មវិធីបើកបវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦ របស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ តំណាងក្រុមហ៊ុន សហគ្រាស មកពីវិស័យផ្សេងៗគ្នា បានធ្វើបទបង្ហាញ និងលើកទឹកចិត្តដល់អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ និងចាប់យកឱកាសនៃការសិក្សាជំនាញបច្ចេកទេស និង វិជ្ជាជីវៈឱ្យបានម៉ត់ចត់ ពីព្រោះថា ដើម្បីជោគជ័យក្នុងជីវិត យុវជនត្រូវមានចំណង់ ចំណេះ ជំនាញ អត្តចរិត និងចំណង់ទាក់ទង។ បន្ថែមពីនេះ យុវជនក៏គួរតែមានអត្តចរិតល្អ និងត្រូវគិតគូរ ដោយសារនៅក្នុងប្រព័ន្ធអប់រំ គឺតែងតែអប់រំយុវជនឱ្យមានចរិតសុភាពរាបសា រម្យទម ចេះគោរពចាស់ទុំ ដូច្នេះនៅក្នុងពិភពការងារ យុវជនត្រូវព្យាយាមអនុវត្តប្រកបដោយបញ្ញា។សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ទទួលបានការចុះឈ្មោះពីសិស្ស និស្សិត ដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) កម្រិតខ្ពស់ សរុបចំនួនប្រមាណ ១ ២០០នាក់ លើមុខជំនាញសំខាន់ៗ ដូចជា មេកានិចយានយន្ត, បរិក្ខាត្រជាក់, ការផ្សារអគ្គិសនីដោយធូបនិងឧស្ម័ន, ការជួសជុលនិងថែទាំរថយន្ត និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

១០ខែឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និង​ពីប្លាស្ទិក​មាន​ទឹកប្រាក់​សរុប​ជិត​២​ពាន់​លាន​ដុល្លារ

2025/12/02 11:50:32 am        204
កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងផលិតផលធ្វើពីប្លាស្ទិក នៅក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់ សរុបប្រមាណជិត ២ ពាន់លានដុល្លារ ដែល​ផលិត​ផល​ទាំ​ង​នេះ​បាន​គាំទ្រ​ដល់កំណើននៃការនាំចេញទំនិញសរុបរបស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ក្នុងនោះសម្រាប់ការរនាំចេញរយៈពេល ១០ខែ ឆ្នាំ​២០២៥ នេះ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទំហំទឹក ប្រាក់សរុបប្រមាណជិត ២៥ ពាន់​លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែល​បាន​នាំ​ចេញក្នុងរង្វង់ប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ជុំវិញការ​នាំ​ចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងប្លាស្ទិក បើយោងតាមបទបង្ហាញរបស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ នៅកម្ពុជា បាន​លើក​ឡើង​ឱ្យ​ដឹង​ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញសំបកកង់ថ្មី និងផលិត​ផល​ធ្វើ​ពី​កៅ​ស៊ូ ​មានទឹកប្រាក់ជិត ១ ១០០ លានដុល្លារ, កៅស៊ូធម្មជាតិ និងជ័ឈើធម្មជាតិ​ប្រហាក់​ប្រហែល​ជាង ៤២៤ លានដុល្លារ, កៅស៊ូសំយោគ និងកៅស៊ូបានពីប្រេង ផលិតជាបន្ទះ និង​សន្លឹក​ជា​ដើម ជាង ៥៧ លានដុល្លារ, គ្រឿងបន្ទាប់បន្សំធ្វើពីកៅស៊ូជាង ១៥ លានដុល្លារ។ ចំណែកការនាំចេញផលិតផលធ្វើពីប្លាស្ទិករួមមាន៖ សម្ភារៈសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក មានទឹកប្រាក់ជាង ១៦១ លាន ដុល្លារ, វត្ថុធ្វើពីប្លាស្ទិកសម្រាប់បម្រើការជញ្ជូន និងវេចខ្ចប់ ៦២ លាន​ដុល្លារ, សម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីវត្ថុផ្សេងទៀត ៥៩ លានដុល្លារ, បំពង់ទុយោ ទុយោបត់បាន និងគ្រឿងបន្ទាប់សន្សំ ជិត ១៥ លានដុល្លារ, សម្ភារៈតុអាហារ សម្ភារៈចង្ហ្រានបាយ និងដទៃទៀត ជិត ១៣ លានដុល្លារ និងកម្រាល ការ៉ូ ជញ្ជាំង និងពិដានធ្វើពីប្លាស្ទិក ជាង ៩ លាន​ដុល្លារផងដែរ។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើង​ជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ កើន​ឡើង​ជិត ១៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 11:37:59 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​​​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Markéta Kolc Hájková ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្តេចតេជោប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឆែក ចូលជួបសម្តែងការគួរសម

2025/12/02 11:31:04 am        158
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ាកេតា ខូល ហាចកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕

កម្ពុជា-អាម៉េរិក ស្វែង​រកយន្តការថ្មីៗ​ ដើម្បី​ជំរុញ​លំហូរ​ទុន​វិនិយោគ​ពី​អាមេរិក​មក​កម្ពុជា​បន្ថែម​ទៀត

2025/12/02 11:25:59 am        296
កម្ពុជា-អាម៉េរិកពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​សហរដ្ឋ​អាម៉េរិក មកកាន់ កម្ពុជាបន្ថែម និងការស្វែងរកមធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណង អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ២០២៥ បាន ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹក​នាំ​ដោយ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិក ចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និង​ជា​នាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោម​កិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុនអាម៉េរិក ធំៗជាច្រើន បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែល​ជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយ​បញ្ជាក់​ពី​កិច្ចខិតខំរបស់កម្ពុជា ក្នុងការកែទម្រង់ និងបង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​បរទេស តាមរយៈការអនុវត្តច្បាប់ស្តីពីការវិនិយោគ ដែល មានការលើកទឹកចិត្តជាច្រើន និង​បានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាម​ជា​ច្រក​តភ្ជាប់​វិនិយោគិន​អាម៉េរិក ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធី ពាក់ព័ន្ធនានា ជាពិសេស​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​សម្រាប់​ការ​ផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយ​នឹង​កិច្ច​សហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃ​ធនាគារ​ដៃគូ​។អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការ​ជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់ ​(FDI) ពីសហរដ្ឋ អាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត និងការ​ស្វែង​រក​មធ្យោបាយ​ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជនអាម៉េរិក ក្នុង​គោល​បំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរក៏​បាន​ផ្លាស់​ប្តូរ​ទស្ស​នៈ​លើ​កំណែ ​ទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការ​វិនិយោគ​ថ្មី និងការសម្របសម្រួលពាណិជ្ជកម្ម។ជុំវិញជំនួបខាង​លើ​នេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកា​ទំនាក់​ទំនង​រវាងរដ្ឋ និង​ឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម ​និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ ជំនួបនេះត្រូវបានរំពឹងថា នឹងបង្កើនទំនុក​ចិត្ត​របស់​វិនិយោគិន​អាម៉េរិកមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែល​នឹង​ក្លាយជា កម្លាំងចលករដ៏សំខាន់ សម្រាប់កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា​នា​ពេលអ​នាគត​៕ ​អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន-USABC សហការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា

2025/12/02 11:17:25 am        184
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​របស់​ក្រុម​ប្រឹក្សា​ធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំង​លោក​-លោក​ស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ច​សហ​ប្រតិបត្តិ​ក្នុង​វិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និង​កាលា​នុវត្តភាព​វិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតជាប្រធានប្រតិភូ បាន​កោត​សរសើរ​ និងវាយតម្លៃខ្ពស់អំពីការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាយ៉ាងលឿន និងក្នុង​រយៈ​ពេល​ខ្លី​ ចាប់តាំងពីឯកឧត្តមបានអញ្ជើញមកទស្សនាកម្ពុជាជាលើកដំបូងកាលពីឆ្នាំ១៩៩៦។ ទន្ទឹម​នឹង​នេះ​ដែរ​ ឯកឧត្តមប្រធានប្រតិភូ ក៏បានលើកឡើងពីការពេញចិត្តរបស់អ្នកវិនិយោគិនអាម៉េរិក ដែល​ជា​សមាជិកក្នុងការវិនិយោគនៅកម្ពុជាកន្លងមក និងការស្វែង​យល់​បន្ថែម​ទៀត​ពី​ស្ថាន​ភាព​ពិត​ និងកាលានុវត្តវិនិយោគបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា។ជាការឆ្លើយតបក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​កោត​សរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា ដែលបានអញ្ជើញពីក្រុមហ៊ុន ConocoPhillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែល​បាន​ជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែល​ពិត​ជា​កា​រ​បង្ហាញ​នូវ​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​លើកា​រ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​អាណត្តិ​របស់​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដល់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូស​បញ្ជាក់​ជូន​ប្រតិភូ​ពី​ការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ និងការធានា និងលើកទឹកចិត្តអ្នក​វិនិយោគ​ដែល​បាន​ដាក់​ចេញ​ដោយ​រា​ជ​រដ្ឋាភិបាល​កម្ពុជា សំដៅផ្តល់ទំនុក​ចិត្ត​ដល់​វិនិយោគិន​បរទេស​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ។ តាមរយៈ​កិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេស​កម្ពុជា​ ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និង​កាលា​នុវត្ត​ភាព​វិនិយោគ​ដ៏​ទាក់​ទាញ ​ដែលនឹងសហការរួមគ្នាធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរ និង​វិនិយោគិន​ពី​សហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់​ពី​ឱកាស​វិនិយោគ​ឱ្យកាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។សូមបញ្ជាក់ជូនថាក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំនូវក្រុមហ៊ុនអាម៉េរិកធំៗ ដែលប្រកប​អាជីវកម្ម​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ ក្រុមប្រឹក្សាមាន​ទីស្នាក់​ការ​កណ្ដាល​នៅ​រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យនៅទីក្រុងធំៗ ផ្សេងៗ ទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិកដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife​, Coca-Cola, Plug and Play, Vriens & Partners៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអនុញ្ញាតជូនឯកអគ្គរដ្ឋទូតប្រេស៊ីល​ប្រចាំ​កម្ពុជា​ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 10:58:37 am        177
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

2025/12/02 10:55:05 am        331
ភ្នំពេញ៖ ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំប្លង់គោល បង្កើតនូវសួនក​ម្សាន្ត​បន្ថែម​ក្នុង​ទីក្រុង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ដែល​អាចហាត់ប្រាណសមរម្យ និងធំទូលាយ ហើយក៏អាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត និង​ជំងឺ​ផ្សេងៗ។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែ​នដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការរៀបចំក្រុង ជាចំណុចដ៏សំខាន់មួយ ដែល​បញ្ហានេះក្រសួងក៏បង្កើតឲ្យមាននាយកដ្ឋានរៀបចំក្រុង ដោយផ្ដោតទៅលើការងារ មួយ​ចំនួន ក្នុងនោះបញ្ហាសំណង់មិនរៀបរយ ដែលក្រសួងកំពុងធ្វើ បញ្ហាកក់ស្ទះចរាចរណ៍ និង​បញ្ហា​មួយ​ចំនួនទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះការងាររៀបចំក្រុងនេះ ក៏ត្រូវ​គិត​ទៅ​លើ​ការ​បង្កើត​សួន​កម្សាន្ត​បន្ថែម ដែលបញ្ហានេះសម្ដេចធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់សុខភាពប្រជាពលរដ្ឋ ដែលក្នុងនោះសួនកម្សាន្ត បាន​ជួយ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​នូវ​បញ្ហា​ស្ត្រេស និងជំងឺទឹកនោមផ្អែមជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំក្រុងនេះ ជា​ពិសេស​ការ​រៀប​ចំ​បញ្ហាសំណង់​មិនរៀបរយ ក៏ជួយកាត់បន្ថយបញ្ហាអសន្តិសុខមួយចំនួន ដូចជា​បញ្ហា​គ្រឿង​ញៀន​ជា​ដើម ដោយអាជ្ញាធរអាចជួយពួកគេ ឲ្យរួចផុតពីគ្រឿងញៀន ហើយឈានទៅ​រក​ការ​រ​ស់​នៅ​មាន​សុភមង្គល និងមានការងារធ្វើសមរម្យ ។ មួយវិញទៀតការរៀបចំក្រុងនេះ ក៏មិនអាច​កាត់​ផ្ដាច់​ពី​ការរៀបចំឲ្យមានប្រព័ន្ធទឹក ភ្លើង និងផ្លូវគមនាគមន៍ឲ្យមានទៅដល់គ្រប់ច្រកល្ហក ។គួរបញ្ជាក់ថា នាពេលកន្លងទៅ ក្រសួងរៀបចំដែនដីក៏បានដាក់ផែនការ ក្នុង​ការ​រៀប​ចំ​ផ្លូវ​ធំ​ៗ​មួយ​ចំនួន​ នៅក្នុងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ ក្នុងការរំដោះចិញ្ចឹមផ្លូវ ឲ្យមាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ការដាំដើមឈើ ការរៀបចំសួនកម្សាន្ត កាយប្រព័ន្ធបង្ហូរទឹកស្អុយ និងបញ្ហា​ទុក​ដាក់​សំរាមឲ្យបានត្រឹមត្រូវជាដើម ។បញ្ហាទាំងអស់នេះ អាជ្ញាធរតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញកំពុងខិតខំធ្វើ ហើយ​ជា​ការ​លេច​ធ្លោរ​នោះ ​គឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើការងារទាំងអស់នេះ ដើម្បីជួយ​លើក​កម្ពស់​សោភ័ណ​ភាព​មូលដ្ឋាន លើកកម្ពស់បរិស្ថាន និងបញ្ចៀសការកក់ស្ទះចរាចរណ៍ជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ 

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាព​គណៈជំនាញ​របស់​គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការកណ្តាល អ.ន.ក

2025/12/02 10:15:29 am        241
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជា​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីប្រកាស​សមាសភាព​គណៈជំនាញ​របស់​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរៀបចំឡើង​នៅ​សាលប្រជុំ​ទី​ស្នាក់​ការ​កណ្ដាល ​អ.ន.ក ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2025/12/02 10:01:16 am        55
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតតែងតាំងកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM