មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

កុមារ និងក្រុមគ្រួសាររងគ្រោះដោយពលកម្មជាង ១០០នាក់ នៅខេត្តសៀមរាប ទទួលបានអំណោយកញ្ចប់បំណិនជីវិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/12/01 08:29:44 pm        114
(ខេត្តសៀមរាប)៖ កុមារ និងក្រុមគ្រួសាររងគ្រោះដោយពលកម្មជាង ១០០នាក់ នៅស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី និងស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបានអំណោយកញ្ចប់បំណិនជីវិតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។កុមារ និងក្រុមគ្រួសារគោលដៅចំនួន ១៣០នាក់ (ស្រី៦៤នាក់) ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្ម នៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿងបានទទួលកញ្ចប់អំណោយរួមមាន សម្ភារសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ។  សូមបញ្ជាក់ថា គម្រោងកិច្ចអន្តរាគមន៍ស្នូល គឺជាកម្មវិធីមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដែលអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ក្នុងគោលបំណងកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការផ្តល់ឱកាសអប់រំ ជំរុញឱ្យកុមារមានឱកាសបន្តការសិក្សាដោយការផ្តល់វគ្គបំប៉នមុនពេលចូលរៀន ការលើកកម្ពស់សុខុមាលភាពកុមារដោយផ្តល់ការឧបត្ថម្ភអាហារ និងផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង កាបូប និងមធ្យោបាយធ្វើដំណើរដល់កុមារ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនទៀត៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

2025/12/01 08:05:40 pm        174
ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) ចំនួន ២៤២នាក់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក.ប.ទ. ប្រធាន ប.ប.ឌ. ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ត សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា នៃ ប.ប.ឌ. តំណាងអង្គទូត ដៃគូរអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងអាណាព្យាបាលប្រមាណជាង ៩០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងអាជីពការងារ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីមោទកភាពនៃស្នាដៃកូនខ្មែរ ដែលជាមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. ក្នុងការអភិវឌ្ឍថ្នាល verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។  មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗនិស្សិតជ័យលាភីទាំងអស់ និងផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតជ័យលាភីត្រូវខិតខំអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ បំពេញការងារដោយឧស្សាហ៍ព្យាយាម មានការទទួលខុសត្រូវខ្ពស់លើការងារ និងត្រូវប្រកាន់ខ្ជាប់ស្មារតីជាខ្មែរទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ស្នើ​សុំ​ឱ្យ​អង្គការ​កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាទាំងអស់

2025/12/01 07:38:54 pm        164
(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)​ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ជួប​ពិភាក្សា​ការងារជាមួយ លោក Gilles Carbonnier អនុ​ប្រធាន​អង្គការកាកបាទ​ក្រហម​អន្តរជាតិ។ ក្នុង​នោះ​ផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែល​ត្រូវ​បានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់​របស់យោធាថៃ។ ឯកឧត្តម ក៏បានស្នើ​ដល់​អង្គការ​កាកបាទក្រហមអន្តរជាតិ បន្តតាមដាន​សុខទុក្ខ​របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ​ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ឈ្វេងយល់ កាលានុវត្តភាពវិនិយោគ វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅកម្ពុជា

2025/12/01 07:34:00 pm        162
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារលើការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ជាមួយ លោក Jack Myint អនុប្រធានប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) សិក្សាឈ្វេងយល់ពី ស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅប្រទេសកម្ពុជា។លោក Jack Myint បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាធុរកិច្ច ជាក្រុមហ៊ុនអាម៉េរិកធំៗ និងល្បីដូចជា៖ Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners អញ្ជើញទស្សនកិច្ចនេះ។

ជនសង្ស័យជនចំនួន២៨នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រតិបត្តិការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ‎

2025/12/01 06:59:05 pm        859
រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ខាងលើ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន ៣៩គ្រឿង, CPU ចំនួន ១១គ្រឿង, ទូរសព្ទចំនួន១០០គ្រឿង និងស៊ីមកាតមួយចំនួនទៀតផងដែរ។  ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។‎ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី​

2025/12/01 06:53:19 pm        326
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តម ពិត ចំណាន បានចូលរួមសម្តែងការសោកស្តាយអាឡោះអាល័យជាទីបំផុត និងបានប្រគល់សារលិខិត របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលសារលិខិតមានខ្លឹមសារថា៖“ក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ខៀវ វណ្ណា និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាព ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត និងសាច់ញាតិជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ក្នុងការដឹកនាំ និងលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ និងបទពិសោធន៍ខ្ពស់ ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដោយការទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ទោះបីរូបកាយ ឯកឧត្តមសាស្ត្រាចារ្យ បានឃ្លាតឆ្ងាយទៅក៏ពិតមែន ប៉ុន្តែស្នាដៃ និងសមិទ្ធផលជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស ការងារមនុស្សធម៌ មានគុណតម្លៃដ៏ធំធេង នៅក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការរៀបចំកម្មវិធីវេទិកាពិភពលោក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ រៀងរាល់ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕”

រដ្ឋមន្ត្រីក្រសួងការងារ ជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល

2025/12/01 06:43:51 pm        247
ភ្នំពេញ៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។ផេកផ្លូវការរបស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថាឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សា និងស្វែងយល់បន្ថែមពីស្ថានភាព និងលក្ខខណ្ឌការងារក្នុងវិស័យកសិកម្មរបស់ប្រទេសអ៊ីស្រាអែលផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនសិក្ខាកាម និងសូមឱ្យបងប្អូនមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយយកអាសាគ្នា និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹង និងបទពិសោធ ដើម្បីបន្តការសិក្សានៅឆ្នាំទី២ ឬវិលត្រឡប់ទៅមាតុប្រទេសវិញ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានដែលបានទទួលយក និងផ្តល់ការគាំពារដល់សិក្ខាកាមខ្មែរមកធ្វើកម្មសិក្សាក្នុងវិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨៕

ក្រសួងសុខាភិបាល និង US-ASEAN លើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

2025/12/01 06:31:13 pm        126
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល US-ABC អមដំណើរ ដោយប្រធាន-តំណាងក្រុមហ៊ុន។  ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក លោក Jack Myint ចំពោះការវិនិយោគកន្លងមកក្នុងវិស័យសុខាភិបាលកម្ពុជា រួមមានការចុះបញ្ជីសម្ភារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំសុខភាពប្រជាជន។លោក Jack Myint ប្រធានគណៈប្រតិភូ US-ABC បានថ្លែងអបអរសាទរ និងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃវិស័យសុខាភិបាលកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត US-ABC ឱ្យពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការកសាងសមត្ថភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តសហគមន៍ និងពង្រីកកិច្ចសហប្រតិបត្តិការ ការថែទាំមនុស្សចាស់ ផ្នែកជំងឺ និងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាលគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ច US-ABC ដែលបានបញ្ជាក់ជំហរក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕

ADB អនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅ

2025/12/01 06:25:20 pm        97
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅធន់ និង មានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹក នៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី គឺជាគ្រួសារក្រីក្រ។លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។ខណៈពេលដែលប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើង ដើម្បីបំពេញតម្រូវការ និង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជា ស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួល ដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០.៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០% ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧.៨% ពី ៤.៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦.៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០។កម្មវិធីវិនិយោគនេះ ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វានឹងគាំទ្រការវិនិយោគជាអាទិភាព រយៈពេលខ្លី និងវែង ដើម្បីពង្រីកនិងធ្វើឱ្យមាននិរន្តរភាព នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងដែលធន់ លើកកម្ពស់សន្តិសុខទឹក និងពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវា។បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និង ភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និង បទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយដើម្បីធានាគុណភាពផលជះ និង និរន្តរភាពរបស់កម្មវិធីទាំងមូល។ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥០០ ០០០ ៕

រាជរដ្ឋាភិបាលនិងគ្រឹះស្ថានអប់រំឯកជន រួមគ្នាពង្រឹងគណនេយ្យករនិងសវនកម្ម ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មជំនាញ

2025/12/01 06:17:39 pm        109
ភ្នំពេញ៖ ឆ្លើយតបនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាការទទួលស្គាល់ និងជម្រុញរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍប្រទេសជាតិ និងការជំរុញកម្លាំងពលកម្មជំនាញ និងកំណើនសេដ្ឋកិច្ច អ្នកជំនាញនៃនាយកដ្ឋាននិយតករគណនេយ្យនិងសវនកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ រួមជាមួយគ្រឹះស្ថានឯកជន បានពង្រឹងបន្ថែមការអប់រំគណនេយ្យករជំនាញនិងសវនកម្មឱ្យកាន់តែរីកចម្រើនប្រកបដោយគុណភាព។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សា រវាងនិយ័តករគណនេយ្យនិងសវនកម្ម (ACSR) និងសាកលវិទ្យាល័យ ពាណិជ្ជាសាស្ត្រ អេស៊ីលីដា កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយតករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាគ្រឹះស្ថានសិក្សាដំបូងគេ ដែលបានផ្តល់ការអប់រំ កម្មវិធីសិក្សាគណនេយ្យករជំនាញនិងសវនកម្មដល់យុវជនកម្ពុជារាប់ម៉ឺននាក់ទូទាំងប្រទេស។សាកលវិទ្យាល័យពាណិជ្ជសាស្រ្តមួយនេះ បានយកចិត្តទុកដាក់ក្នុងការផ្តល់នូវសេវាអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលផ្តល់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងទូលំទូលាយ ស្វែងរកគុណវុឌ្ឍិទាក់ទងនឹងអាជីវកម្ម បំពាក់បំប៉នដល់ថ្នាក់គ្រប់គ្រងអាជីវកម្មនាពេលអនាគត និងរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា។លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសម្តែងមោទនភាពចំពោះវឌ្ឍនភាពដែលសាកលវិទ្យាល័យទទួលបាននាពេលនេះ តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សហគ្រិនភាពលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម ខណៈដែលសព្វថ្ងៃនេះ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព មានសិក្ខាកាមរាប់ពាន់នាក់បានមកសិក្សាវគ្គហ្វឹកហ្វឺនខ្លីៗ ក្នុងមួយឆ្នាំដោយសិក្សាពីជំនាញផ្សេងៗ រួមមានជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល ឯកឧត្តម ងី តាយី និងគណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ជឿជាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សាថា ជាស្ថាប័នទីមួយនិងដំបូងបង្អស់លើការបណ្តុះបណ្តាលកម្មវិធីគណនេយ្យករជំនាញកម្ពុជា Cambodian CPA ៕អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM