មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជូនលិខិតសរសើរ ដល់ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា

2025/12/01 05:50:29 pm        117
ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន សម្រាប់ឆ្នាំ២០២៥ ជូន លោក សាកាណុ អ៊ីសសេ ទីប្រឹក្សាក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក សាកាណុ បានប្តេជ្ញាចិត្តលើកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ក្នុងវិស័យយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងជំនួយសម្រាប់ការអភិវឌ្ឍផ្នែកច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការដឹងគុណជាថ្មីចំពោះ លោក សាកាណុ ដែលបានចូលរួមចំណែកក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា និងជូនពរលោក សាកាណុ ទទួលបានជោគជ័យបន្ថែមទៀត៕

កម្ពុជាអំពាវនាវដល់រដ្ឋភាគីទាំងអស់ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយមិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌

2025/12/01 05:12:35 pm        149
(ហ្សឺណែវ-ស្វីស) តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសេចក្ដីថ្លែងការណ៍នោះ កម្ពុជាបានអំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាជឿជាក់ថា រដ្ឋភាគីទាំងអស់មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។ ជាពិសេស រួមគ្នាសម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ ដេីម្បីបោសសម្អាតអតីតកាល និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់មនុស្សជាតិ។ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ពីគោលការណ៍នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែលធ្វើឡេីងប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ចរបស់ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគីរហូតដល់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។ឯកឧត្ដម លី ធុជ លេីកឡេីងទៀតថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេសមួយចំនួន នៅបន្តរងគ្រោះដោយសារមីនដូចកម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះបីយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន។

ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤

2025/12/01 05:09:36 pm        126
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖   ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ   ២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ   ៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៤-ផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ឆ្នាំ២០២៥ សម្រាប់រាជធានី-ខេត្តទាំង២៥ នៅខេត្តសៀមរាប

2025/12/01 05:06:25 pm        137
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក លី សារី អភិបាលរងខេត្តសៀមរាប ប្រតិភូក្រសួងអបរំ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥។ឯកឧត្ដម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឱ្យដឹងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឆ្នាំ២០២៥ ធ្វើឡើងរយះពេលពីរថ្ងៃ គឺនៅពីថ្ងៃទី១-២ ខែធ្នូនេះ ដោយមានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន ២៣៦ នាក់ អញ្ជើញមកពីរាជធានីខេត្តចំនួន២៥។ ការប្រកួតតាមរូបមន្ត បែងចែកពូល និងជម្រុះ ដោយមាន ២វិញ្ញាសា ២នាក់ទល់ ២នាក់ បុរស និង ៣នាក់ទល់ ៣នាក់ ចម្រុះ។ថ្លែងបើកការប្រកួត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រកួតនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា ឱ្យមានការរីកចម្រើន និងមានការចូលរួមដកស្រង់បទពិសោធន៍ បច្ចេកទេស រឹតចំណងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា រាល់ការប្រកួតនីមួយៗ គឺដើម្បីដកស្រង់បទពិសោធន៍ វាស់ស្ទង់គុណផលបច្ចេកទេស ភាពសប្បាយរីករាយ ទទួលបានសុខភាពល្អ និងជៀសផុតពីភាពអសកម្មផ្សេងៗ នៅសង្គមផងដែរ។ ដោយកីឡាករ កីឡាការិនី សុទ្ធសឹងតែជាបុគ្គលិកអប់រំរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលអាចនឹងទទួលបានបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការថ្មី លើគ្រប់ផ្នែកបន្ថែមទៀត៕

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ទទួលជួបការសម្តែងការគួរសមប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (កម្ពុជា)

2025/12/01 05:03:17 pm        166
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបការសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា) ដើម្បីទទួលបានអនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងការលើកទឹកចិត្ត មុនចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេលខាងមុខ។ជំនួបនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំ និងប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ សរុបចំនួន ២៧រូប។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងការអបអរសាទរដល់យុវជនទាំងអស់ ដែលបានជាប់ជាយុវជនតំណាងកម្ពុជាក្នុងដំណើរការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន នៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ក្នុងនាមភាពជាអ្នកតំណាងកម្ពុជា ដោយផ្អែកលើការតាំងចិត្ត សមត្ថភាពពិតប្រាកដ និងភាពច្បាស់លាស់ជាអ្នកតំណាងប្រទេស។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យប្អូនៗយុវជនទាំងអស់ ចាប់យកឱកាសនេះដើម្បីបង្ហាញនូវសក្តានុពលរបស់កម្ពុជា ក៏ដូចជាទាញយកនូវបទពិសោធផ្សេងៗទៀត ដើម្បីចូលរួមបន្តអភិវឌ្ឍន៍ប្រទេសជាតិតាមចំណេះជំនាញរៀងៗខ្លួន។សូមជូនពរ ប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍(កម្ពុជា)ទាំងអស់ ទាំងថ្នាក់ដឹកនាំ ទាំងប្រតិភូយុវជនទទួលបានបានជោគជ័យក្នុងដំណើរនៃការចូលរួមកម្មវិធីនាថ្ងៃខាងមុខប្រកបដោយរលូន៕

រដ្ឋបាលខេត្ដសៀមរាបបើកឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងសំណូមពរដើម្បីយកសំណើរដោះស្រាយជូនក្រៅប្រព័ន្ឋតុលាការ

2025/12/01 04:57:24 pm        93
រដ្ឋបាលខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាខេត្ដ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ដែលធ្វើឡើងនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិនិងសំណូមពរ ដើម្បីអាចដោះស្រាយជូនពួកគាត់ក្រៅប្រព័ន្ធតុលាការ។លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងផ្សការព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសមាជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើការថែទាំ សុខភាព និងគ្រោះថ្នាក់ការងារជាយថាហេតុណាមួយ និងដើមី្បសម្រួលការកាត់បន្ថយបង់ថ្លៃព្យាបាលជូនបងប្អូនពេលទៅមណ្ឌលសុខភាពណាមួយ និងណែនាំ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍ កម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ 1.5លាននាក់ ដែលបានផ្តល់ឱកាសជូនដល់សិស្សានុសិស្ស ប្អូនៗ រៀនជំនាញឱ្យចេះពិតប្រាដក ក្នុងការងាយស្រួលស្វែងការងារធ្វើ ស្របតាមទៅអនុសាសន៏របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀនឱ្យចេះ ឱ្យចប់ មានការងារធ្វើ និងក៏ដូចជាការរឹតបន្តឹងការរំលោបបំពានដីក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន និងសួនកេសរកូល ដែលជាតំបន់ស្រាវជ្រាវ និងអភិរក្សសំខាន់របស់ខេត្ត។លោកអភិបាលរងខេត្ត ក៏បានបន្តថា បញ្ហាក្មេងទំនើង បញ្ហាអំពើហិង្សាទៅលើស្រ្តីនិងក្មេងស្រី បញ្ហាទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ទាក់ទងយេនឌ័រ ករណីគ្រឿងញៀន បារីអេឡិចត្រូនិច ត្រូវតែបង្ក្រាឱ្យបានទាន់ពេលវេលា និង ជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តឲ្យបាននៅភូមិ-ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាលចែកមកទាំង៧ចំនុច ឲ្យបានជាប់ជួនជានិច្ច និងដោះស្រាយបញ្ហាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងវេទិការនេះដែលទទួលយកមតិយោបល់ ឬកង្វល់ បញ្ហាប្រឈម ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានបញ្ហាមិនទាន់ដោះស្រាយរួច ឬមិនពេញចិត្តត្រង់ចំណុចណាមួយ អាចលើកមកបញ្ចេញមតិយោបល់ និងសំណូមពរណាមួយដែលអាជ្ញាធរ ឬ តាមរយៈរដ្ឋបាលខេត្ត អាចដោះស្រាយជូនក្រៅប្រព័ន្ឋតុលា និង រំលុតរាល់វិវាទដែលតែងកើតមាននៅក្នុងស្រុករបស់ខ្លួន ក្នុងការដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ឲ្យប្រកបដោយសន្តិវិធី និងមានប្រសិទ្ធិភាពខ្ពស់។សូមជម្រាបជូនថា វេទិការនេះ ក្រុមការងារទទួលបានសំណួរ សំណូមពរ សរុបចំនួន២៣ ពីប្រជាពលរដ្ឋ។ ក្នុងនោះសំណួរផ្ទាល់មាត់ចំនួន៩ ដោយបានមន្ត្រីជំនាញ និងឆ្លើយតបភ្លាមៗនៅនិងកន្លែង។ ដោយឡែក សំណួរសំណូមពរដែលលាយលក្ខណ៍អក្សរចំនួន១៤ ដោយនៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមការងារនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ព្រមទាំងនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនពេលក្រោយ៕

ក្រុមការងារចម្រុះឃាត់ខ្លួនបុរសសញ្ជាតិខ្មែរម្នាក់ក្នុងបទល្មើសរំលោភសេពសន្ថវៈជាច្រើនករណី និងបានប្រើប្រាស់បណ្តាញ Telegram ផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ (CSAM)

2025/12/01 04:54:33 pm        2623
ក្រុមការងារចម្រុះ "HOTEL 25" ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការធ្វើការស៊ើបអង្កេតទៅលើសកម្មភាពរបស់បុរសជាជនសង្ស័យម្នាក់ដែលរស់នៅស្រុកកំពង់ឆ្នាំង បន្ទាប់ពីបានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។"បុគ្គលម្នាក់នេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ។ ខ្ញុំសូមថ្លែងសរសើរចំពោះកិច្ចការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យ HSI ដែលបានគាំទ្រការស៊ើបអង្កេតនេះ និងឈានដល់ដំណាក់កាលឃាត់ខ្លួនមុខសញ្ញា។" - លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU)។ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់គ្រប់ស្ថាប័ន្នពាក់ព័ន្ធ ចំពោះកិច្ចការការពារកុមារ ពីជនប្រមាញ់នៅតាមប្រព័ន្ធអនឡាញ។ នេះជាសារដាស់តឿនទៅកាន់គ្រប់បុគ្គលដែលគិតថាកម្ពុជាពុំមានលទ្ធភាពស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើនរណាម្នាក់ផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ យើងនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះ។សូមថ្លែងអំណរគុណដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងស្ថាប័ន្នពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរមួយនេះ។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីសមត្ថភាព និងភាពប្តេជ្ញារបស់ប្រទេសកម្ពុជាក្នុងការការពារកុមារទាំងក្នុងប្រទេស និងតាមប្រព័ន្ធអនឡាញ។ ប្រភព៖ អង្គភាពការពារកុមារ (CPU)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រព្រឹតិ្តការណ៍ផ្លាស់ប្តូរវប្បធម៌អន្តរជាតិឆ្នាំ២០២៥

2025/12/01 04:35:59 pm        77
ភ្នំពេញ ៖ សមាគមវប្បធម៌ និងសុខភាពជប៉ុន បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៥។​លោក លឹម យូសួ អនុប្រធានកិច្ចការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ តួនាទីរបស់វប្បធម៌ បានក្លាយជារឿងសំខាន់ជាងពេលណាៗទាំងអស់។ វប្បធម៌ គឺជាស្ពានដែលភ្ជាប់ប្រជាជាតិនានា កសាងទំនុកចិត្ត និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ ខណៈពេលដែលអាស៊ានបន្តរីកចម្រើនក្នុងការឯកភាព និងកិច្ចសហប្រតិបត្តិការ ព្រឹត្តិការណ៍ដូចជាកម្មវិធីនេះជួយពង្រឹងការកោតសរសើររួមគ្នារបស់យើងចំពោះការបញ្ចេញមតិសិល្បៈ និងប្រពៃណីពិសេសៗដែលមាននៅទូទាំងតំបន់របស់យើង។ ចាប់ពីភាសា ម៉ូដ និងសិល្បៈសម្តែង រហូតដល់ទំនៀមទម្លាប់ ការនិទានរឿង និងតម្លៃដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ការបញ្ចេញមតិទាំងនេះរំលឹកយើងអំពីភាពសម្បូរបែបនៃអត្តសញ្ញាណអាស៊ានរួមរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រវេទិកាវប្បធម៌ដែលផ្តល់អំណាចដល់យុវជន លើកទឹកចិត្តដល់ភាពច្នៃប្រឌិត និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ។ ការរៀបចំព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជា ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងបង្កើតឱកាសដែលយុវជនអាចភ្លឺស្វាងមិនត្រឹមតែនៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងមហិច្ឆតា ភាពជាអ្នកដឹកនាំ និងសេវាកម្មដល់សហគមន៍របស់ពួកគេផងដែរ។ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះអ្នកចូលរួមទាំងអស់ និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះអាចធ្វើទៅបាន។ សូមឲ្យការប្រកួតនៅយប់នេះពោរពេញដោយភាពរីករាយ ការបំផុសគំនិត និងពេលវេលាដែលមិនអាចបំភ្លេចបាន។  នាឱកាសនោះលោកទីប្រឹក្សា MATSUDA Junsaku តំណាងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ពីរឆ្នាំមុន ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ពិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិឆ្នាំ ២០២៣ នៅកម្ពុជាត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា។ ភាពជោគជ័យនៃព្រឹត្តិការណ៍កាលពីឆ្នាំមុនបានកើតឡើងជាបន្តបន្ទាប់។ ហើយឥឡូវនេះ លោកមានសេចក្តីសោមនស្សរីករាយដែលសមាគមវប្បធម៌ និងសុខភាពជប៉ុនរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះម្តងទៀតនៅឆ្នាំនេះ។ ទំនាក់ទំនងទ្វេភាគីដែលមានរវាងជប៉ុន និងកម្ពុជា ត្រូវបានតម្លើងឋានៈទៅជាភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នៅពេលដែលយើងនិយាយអំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ វារួមបញ្ចូលទាំងការផ្លាស់ប្តូរវប្បធម៌។ ដោយផ្អែកលើវឌ្ឍនភាពដែលយើងសម្រេចបាន រដ្ឋាភិបាលនៃប្រទេសជប៉ុន នឹងបន្តលើកកម្ពស់យ៉ាងសកម្មនូវការផ្លាស់ប្តូរនៅក្នុងវិស័យនេះ។លោក សង្ឃឹមថាការសម្តែងផ្សេងៗនៅថ្ងៃនេះនឹងមានចំណាប់អារម្មណ៍យូរអង្វែងចំពោះអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ហើយនឹងបង្កើត និងលើកកម្ពស់កិច្ចសហការថ្មីៗដ៏សំខាន់រវាងប្រទេសយើងទាំងពីរក្នុងវិស័យវប្បធម៌។លោកស្រី TAJIMA Miwa នាយកប្រតិបត្តិនៃសមាគមវប្បធម៌ និងសុខភាពជប៉ុន សូមអបអរសាទរខួបលើកទី៧០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពកម្ពុជា-ជប៉ុន។ វាជាការរីករាយយ៉ាងខ្លាំងដែលអាចរៀបចំពិធីបុណ្យផ្លាស់ប្តូរវប្បធម៌អន្តរជាតិនៅទីក្រុងភ្នំពេញ ជាព្រឹត្តិការណ៍រំលឹកក្នុងឆ្នាំដ៏អស្ចារ្យនេះ អច្ឆរិយៈនៃវប្បធម៌ និងសិល្បៈលើសពីព្រំដែនជាតិ។ វាគឺជាទម្រង់ដ៏មានតម្លៃនៃការទូតវប្បធម៌ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ នឹងកាន់តែរឹងមាំ ហើយយើងសង្ឃឹមថានឹងមានសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចបន្ថែមទៀត។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជនទាំងអស់នៅភាគីជប៉ុន និងកម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យព្រឹត្តិការណ៍នេះអាចធ្វើទៅបាន៕អត្ថបទ រដ្ឋា 

កម្ពុជា-កូរ៉េ នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នៅថ្ងៃទី១៨ធ្នូ

2025/12/01 04:15:41 pm        641
អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នឹង​រៀបចំ​សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ ​ក្រោមប្រធានបទ “កសិកម្មវិលជុំរបស់កូរ៉េ និងការប្រែប្រួលសម្រាប់កម្ពុជា ដំណើរ​ទៅ​រក​អនាគត​កសិកម្ម​ចីរភាពកាលបរិច្ឆេទ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ​ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទោះបីជាពេលថ្មីៗនេះមានបញ្ហាមួយចំនួននៅកូរ៉េ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភអំពីការធ្វើដំណើរមកកម្ពុជា ក៏ប៉ុន្តែ ជឿជាក់ថា នេះគឺជាពេល​វេលា​ដែល​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ដូច្នេះកម្ពុជា-កូរ៉េ នឹងបន្តរៀបចំ សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ រួមគ្នាតាមកាលវិភាគដដែល បន្ទាប់ពីការរៀបចំ​ជោគជ័យ​របស់​សន្និសីទ​លើកទី១ កាលពីខែសីហាកន្លងមក ។សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញជនជាតិកូរ៉េ ដែលជាតំណាងឧស្សាហកម្មជី ខណៈ​ភាគីកម្ពុជា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង​បរិស្ថាន ​និងក្រសួងទេសចរណ៍ និងសហគមន៍កសិករ ។សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នឹងមានបទបង្ហាញពី គំរូកសិកម្មវិលជុំរបស់កូរ៉េ និង​ទិសដៅអនាគត ពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ និងកែច្នៃជីកំព្យូទ័រប្រភពពីសត្វចិញ្ចឹម, វិបត្តិ និងលក្ខខណ្ឌកសិកម្មជនបទកម្ពុជា ពីអ្នកជំនាញជនជាតិកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

គិតដល់ឆ្នាំនេះ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ អនុវត្តមូលនិធិវិនិយោគមានថវិកាសរុបជាង ២៩ លានដុល្លារ

2025/12/01 04:10:57 pm        121
ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស បានចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួនជាង ២៩ លានដុល្លារអាមេរិក ក្នុងនោះជាង ១៣ លានដុល្លារជាថវិការដ្ឋ និងជិត ១៦ ថវិកាពី ADB។​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថា្នក់ក្រោមជាតិ (ក.វ.ក) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលគ្រប់គ្រង “មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” លើកទី៥ ដោយកិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចជា៖ របាយការណ៍ វឌ្ឍនភាពអនុវត្តការងារពីឆ្នាំ២០១៧ ដល់២០២៥, សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាល ក្រុង-ស្រុក, និងផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦។“មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ផ្អែកលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ “មូលនិធិ” នេះជាយន្តការសម្រាប់ការលើក កម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ការលើកទឹកចិត្ត តាមរយៈការប្រកួតប្រជែង វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥, ការចូលរួមអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ មានថវិកាវិនិយោគសរុបចំនួន ២៩,៤ លានដុល្លារអាមេរិក ត្រូវបានបែងចែកជូន រដ្ឋបាលក្រុង ស្រុក ខណ្ឌជ័យ លាភីចំនួន១៤១។ ក្នុងនោះតាមរយៈ ថវិកាលើកទឹកចិត្តដែលទទួលបានពីការប្រកួតប្រជែង បានផ្តល់លទ្ធភាពបន្ថែមដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់ដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវបេតុង, ផ្លូវចាក់កៅស៊ូ DBST, ផ្លូវក្រួសក្រហម, ស្ពាន, លូ, សួនច្បារ, និងប្រឡាយទឹកជាដើម។ជាលទ្ធផល, អង្គប្រជុំបានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃ សមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង-ស្រុក(ថ្មី)” ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ដែលគោលការណ៍ណែនាំថ្មីនេះ នឹងត្រូវបានប្រើប្រាស់ ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើក កម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្រ្តមួយមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។អង្គប្រជុំក៏បានបន្តពិនិត្យ អំពីផែនការសកម្មភាព និងគម្រោងថវិកាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន ក.វ.ក។ ក្នុងឆ្នាំ២០២៦, លេខាធិការដ្ឋាន ក.វ.ក គ្រោងនឹងធ្វើការវាយតម្លៃសមិទ្ធកម្ម រដ្ឋបាលក្រុង-ស្រុក គោលដៅទូទាំងប្រទេស។ ក្នុងន័យនេះ, រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេចំនួន១៥ នឹងត្រូវបានជ្រើសរើសជារដ្ឋបាលក្រុង-ស្រុក ជ័យលាភី ដោយក្នុងមួយរដ្ឋបាលក្រុង-ស្រុក អាចនឹងទទួលបានថវិកាលើកទឹកចិត្តជាមធ្យមចំនួន៤១៣ លានរៀល៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM